មេរៀនទី ៨១
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨១-១១៩
បុព្វកថា
មេរៀននេះពិភាក្សាចំពោះការនិមិត្តអំពីសិរីល្អទេឡេស្ទាល ដែលបានបង្ហាញដល់ យ៉ូសែប និង ស៊ីឌនី រិកដុន ដូចបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦។ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានពិពណ៌នាអំពីអ្វីដែលពួកលោកបានរៀនអំពីអ្នកទាំងឡាយដែលនឹងទទួលគ្រងនគរទេឡេស្ទាល និងអំពីលទ្ធផលនៃការបដិសេធទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកក៏បានពិពណ៌នាអំពីរបៀបដែលនគរទេឡេស្ទាលខុសពីនគរសិរីល្អផ្សេងៗទៀតផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨១-១១២
ព្រះអម្ចាស់បង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវការនិមិត្តមួយអំពីនគរទេឡេស្ទាល
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា មានមិត្តម្នាក់ដែលជាសមាជិកនៃជំនឿគ្រីស្ទសាសនាផ្សេងទៀត និយាយទៅកាន់ពួកគេថា « គ្រូគង្វាលរបស់ខ្ញុំបានប្រាប់យើងថា បន្ទាប់ពីយើងស្លាប់ទៅ នោះយើងអាចនឹងទៅស្ថានសួគ៌ ឬទៅស្ថាននរក ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំល្អគ្រប់គ្រាន់ដើម្បីទៅស្ថានសួគ៌ឥឡូវនេះទេ ប៉ុន្តែខ្ញុំក៏ពុំមានអារម្មណ៍ថា ខ្ញុំអាក្រក់ខ្លាំង ដែលគួរទៅស្ថាននរកនោះដែរ ។ តើសាសនារបស់អ្នកបង្រៀនអ្វីខ្លះ អំពី ស្ថានសួគ៌ និងស្ថាននរក ? »
-
តើអ្នកនឹងឆ្លើយតបចំពោះមិត្តរបស់អ្នកយ៉ាងណាដែរ ?
សូមបង្ហាញឌីយ៉ាក្រាម ដកស្រង់មកពីមេរៀន ៧៨ ដែលហៅថាគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ៖ ការចែងអំពីការនិមិត្ត »ឬអញ្ជើញសិស្សឲ្យដកនូវច្បាប់ចម្លងនៃឌីយ៉ាក្រាមផ្ទាល់ខ្លួនរបស់ពួកគេចេញមក ) ។ នៅពេលសិស្សពិភាក្សាផ្នែកដែលនៅសល់នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦សូមលើកទឹកចិត្តដល់ពួកគេឲ្យស្វែងរកសេចក្ដីពិត ដែលអាចនឹងជួយមិត្តម្នាក់នេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨១-៨៣, ១០១, ១០៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាអំពីមនុស្សដែលនឹងទទួលគ្រងនគរទេឡេស្ទាល ។
-
តើពាក្យ និងឃ្លាអ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីមនុស្សដែលនឹងគ្រងនគរទេឡេស្ទាល ? (អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថាគ្រូមន្ដអាគម គឺជាមនុស្សម្នាក់ដែលចូលរួមក្នុងសកម្មភាពទាំងឡាយដែលអញ្ជើញឲ្យមានឥទ្ធិពលនៃវិញ្ញាណអារក្សមក ។ ពួកកំផិតគឺជាមនុស្សម្នាក់ដែលចូលរួមក្នុងអំពើបាបខាងផ្លូវភេទ ) ។
-
ស្របតាមខ ៨២ និង ១០១មនុស្សមួយចំនួននឹងគ្រងនគរទេឡេស្ទាលដោយសារពួកគេបានបដិសេធទទួលយកពរជ័យដ៏មហិមាដែលបានប្រទានដល់ពួកគេ ។ តើពរជ័យអ្វីខ្លះដែលពួកគេបានបដិសេធ ? ( ពួកគេបានបដិសេធទីបន្ទាល់ពីព្រះយេស៊ូវ និងដំណឹងល្អដោយស្ម័គ្រចិត្ត ។ ដោយសារពួកគេបដិសេធព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ នោះពួកគេបដិសេធឱកាសដើម្បីប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយត្រូវបានលាងសម្អាតតាមរយៈដង្វាយធួននោះ ។ នៅពេលសិស្សពិភាក្សាអំពីសំណួរនេះ អ្នកអាចនឹងចង់រំឭកពួកគេអំពីអ្វីដែលពួកគេបានរៀននៅមេរៀនមុនៗអំពីការមានភាពក្លាហានចំពោះទីបន្ទាល់អំពីព្រះយេស៊ូវ ។ សូមចង្អុលបង្ហាញថា សិរីល្អ ដែលយើងគ្រងនឹងអាស្រ័យទៅលើរបៀបដែលយើងទទួលទីបន្ទាល់នេះ [ សូមមើលគ. និង ស. ៧៦:៥០–៥១, ៦៩, ៧៨–៧៩, ៨១–៨២, ១០១] ) ។
-
ស្របតាមខ ៨៣តើអ្នកទាំងឡាយដែលនឹងទទួលគ្រងនគរទេឡេស្ទាលខុសពីពួកកូនអន្ដរធានយ៉ាងដូចម្ដេច ? ( ពួកគេពុំបានធ្វើបាបដែលពុំអាចអភ័យទោសនៃការបដិសេធព្រះវិញ្ញាណបរិសុទ្ធនោះទេ [ សូមមើលគ និងស ៧៦:៣៥] ) ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៨៤-៨៥, ១០៤-១០៦ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលនឹងកើតឡើងចំពោះមនុស្សទុច្ចរិត មុនពេលពួកគេអាចទទួលបានសិរីល្អទេឡេស្ទាល ។
-
តើអ្វីខ្លះនឹងកើតឡើងចំពោះពួកទុច្ចរិត ពីមុនពួកគេនឹងត្រូវបានប្រោសលោះ ហើយអនុញ្ញាតឲ្យទទួលគ្រងនគរទេឡេស្ទាល ? ( សូមជួយសិស្សឲ្យប្រាប់នូវសេចក្ដីពិតដូចខាងក្រោម ៖អ្នកទាំងឡាយដែលទទួលគ្រងនគរទេឡេស្ទាល ត្រូវតែរងទុក្ខក្នុងនរកពីមុនពួកគេត្រូវបានប្រោសលោះដោយព្រះអង្គសង្គ្រោះ ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សយល់អំពីអត្ថន័យនៃពាក្យនរកសូមពន្យល់ថា បទគម្ពីរប្រើពាក្យនេះតាមរបៀប យ៉ាងហោចណាស់ ពីរយ៉ាង ។ ទីមួយ នរក គឺជាផ្នែកនៃពិភពវិញ្ញាណដែលបានគ្រងដោយពួកទុច្ចរិត ហើយវាមានពិតមែន ប៉ុន្តែជាស្ថានភាពបណ្ដោះអាសន្ននៃទណ្ឌកម្ម និងការរងទុក្ខខាងវិញ្ញាណ ។ ទីពីរ ពេលខ្លះបទគម្ពីរប្រើពាក្យនរកសំដៅទៅលើស្ថានភាពជាអចិន្ត្រៃយ៍នៃទណ្ឌកម្ម និងការរងទុក្ខសម្រាប់ពួកកូនអន្ដរធាន ។ ( សូមមើល BibleDictionary « Hell » សេចក្ដីណែនាំដល់ព្រះគម្ពីរ« Hell »scriptures.lds.org ) ។
-
តើពាក្យនៅក្នុងខ ៨៤-៨៥ និង ១០៤-១០៦ពិពណ៌នាអ្វីខ្លះ អំពីការរងទុក្ខដែលពួកទុច្ចរិតនឹងទទួលបទពិសោធន៍បន្ទាប់ពីពួកគេស្លាប់ទៅ ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា នៅក្នុងខ ១០៥ឃ្លា « ភ្លើងដ៏ឆេះអស់កល្បជានិច្ច » គឺបង្ហាញពីការប្រៀបធៀប ដែលសំដៅទៅលើការរងទុក្ខរបស់ពួកទុច្ចរិត ដែលនឹងគ្រងនគរទេឡេស្ទាល ។ វាពុំមានន័យថា ការរងទុក្ខរបស់ពួកគេនឹងគ្មានទីបញ្ចប់នោះឡើយ ។ សូមមើលគ. និង ស. ១៩:៤-១២) ។
សូមគូសបញ្ជាក់ថា ស្ថានភាពទាំងឡាយនៅក្នុងស្ថាននរក ចំពោះអស់អ្នកដែលនឹងគ្រងនគរទេឡេស្ទាលបានទទួលបទពិសោធន៍ ដោយគ្រាន់តែទទួលបណ្ដោះអាសន្នប៉ុណ្ណោះ ។ ដោយសារតែបុគ្គលម្នាក់ៗទាំងនេះ នឹងមិនប្រែចិត្ត ហើយអនុវត្តពរជ័យនៃដង្វាយធួននៅក្នុងជីវិតរបស់ពួកគេ នោះពួកគេនឹងបន្ដស្ថិតនៅក្នុងស្ថាននរក ពេញមួយសហស្សវត្សរ៍ បង់ថ្លៃទោសកំហុសសម្រាប់អំពើបាបរបស់ពួកគេតាមរយៈអ្វីៗដែលពួកគេរងទុក្ខ ។
-
តើឃ្លាអ្វីខ្លះ ចេញមកពីខ ៨៥ និង ១០៦ដែលបង្រៀនថា នរកនឹងជាស្ថានភាពបណ្ដោះអាសន្នមួយ សម្រាប់អ្នកទាំងឡាយដែលនឹងគ្រងនគរទេឡេស្ទាល ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់រកលទ្ធផលនៃការរងទុក្ខ ដែលពួកទុច្ចរិតនឹងទទួលពិសោធន៍នៅក្នុងស្ថាននរក ៖
« ការរងទុក្ខនេះនឹងជាមធ្យោបាយមួយនៃការលាងសម្អាត ឬការបស្សុទ្ធ ហើយតាមរយៈវា នោះពួកទុច្ចរិត នឹងនាំមកនូវស្ថានភាពមួយដែលពួកគេអាចនឹងនៅ ដែលតាមរយៈការប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទ នោះគេទទួលបាននូវជីវិតអមតៈ ។ វិញ្ញាណ និងរូបកាយរបស់ពួកគេនឹងត្រូវបានផ្គុំគ្នាសារជាថ្មី ហើយពួកគេនឹងរស់នៅក្នុងនគរទេឡេស្ទាល ។ ប៉ុន្តែការរស់ឡើងវិញនេះ នឹងពុំកើតមានទេ រហូតទាល់តែចុងបំផុតនៃលោកិយ » ( Doctrines of Salvation ចងក្រងដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:២៩៨ ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១០៦-១០៨ដោយពន្យល់ថា ពួកទុច្ចរិតនឹងរងទុក្ខចំពោះអំពើបាបរបស់ពួកគេរហូតដល់ព្រះយេស៊ូវគ្រីស្ទ បញ្ចប់កិច្ចការរបស់ទ្រង់ ហើយលើកនគរនៃព្រះនៅលើផែនដីទៅថ្វាយព្រះបិតាទ្រង់ ។ ពេលនោះ ព្រះគ្រីស្ទ នឹងត្រូវបំពាក់មកុដដោយសិរីល្អ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១០៩-១១១ ឲ្យឮៗ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់ទៀតឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលនឹងកើតឡើងនៅពេលអ្នកទាំងឡាយដែលត្រូវគ្រងនគរទេឡេស្ទាល មកខាងមុខបល្ល័ង្គនៃព្រះដើម្បីជំនុំជំរះនោះ ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១០តើមានអ្វីនឹងកើតឡើង នៅពេលមនុស្សទាំងនេះ ត្រូវបាននាំទៅខាងមុខបល្ល័ង្គនៃព្រះដើម្បីជំនុំជំរះនោះ ? ( ពួកគេនឹងលុតជង្គង់ចុះ ហើយទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់ពួកគេ ) ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១១និង១៣៧:៩តើព្រះអម្ចាស់នឹងជំនុំជំរះផ្អែកទៅលើរឿងអ្វីខ្លះ ?
សូមពន្យល់ថាទោះជាខ ១១១សំដៅជាក់លាក់ទៅលើអ្នកទាំងឡាយដែលនឹងគ្រងនគរទេឡេស្ទាលក្ដី ក៏សេចក្ដីពិតបានបង្រៀននៅក្នុងខនេះ អនុវត្តចំពោះមនុស្សគ្រប់រូបផងដែរ ។
-
ស្របតាមខ ១១១តើកត្តាអ្វីខ្លះ នឹងកំណត់អំពីនគរនៃសិរីល្អដែលយើងនឹងគ្រងនោះ ? ( សូមជួយសិស្សស្គាល់នូវគោលលទ្ធិដូចខាងក្រោម ៖នគរនៃសិរីល្អ ដែលយើងគ្រង នឹងត្រូវបានកំណត់ដោយទង្វើរបស់យើងនៅក្នុងជីវិតនេះ និងបំណងប្រាថ្នានៃដួងចិត្តរបស់យើង ។ អ្នកអាចសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើគោលលទ្ធិនេះមានឥទ្ធិពលទៅលើការជ្រើសរើសរបស់អ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨៦-៨៩, ៩៨, ១១២ដោយស្ងាត់ស្ងៀម ហើយរកមើលពាក្យ និងឃ្លាដែលពិពណ៌នាអំពីជីវិតអមតមានទម្រង់យ៉ាងណា ចំពោះអ្នកទាំងឡាយដែលគ្រងនគរទេឡេស្ទាល ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើពាក្យ និងឃ្លាទាំងនោះបង្ហាញសេចក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន ការដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩១-៩៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរបៀបដែលនគរនៃសិរីល្អប្រៀបផ្ទឹមនឹងគ្នា ។
-
តើសិរីល្អនៃនគរសេឡេស្ទាល ខុសពីសិរីល្អនៃនគរទេរេទ្រាល និងទេឡេស្ទាលយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងអំពីសេចក្ដីពិតដូចខាងក្រោម ៖សិរីល្អនៃនគរសេឡេស្ទាលល្អលើសលប់ជាងសិរីល្អនៃនគរទេរេទ្រាល និងនគរទេឡេស្ទាល )។
-
ស្របតាមខ ៩២-៩៥តើពរជ័យអ្វីខ្លះនឹងកើតមានចំពោះអ្នកទាំងឡាយដែលទទួលការលើកតម្កើងនៅក្នុងនគរសេឡេស្ទាល ? តើពរជ័យទាំងឡាយនេះ ប្រៀបធៀបនឹងពរជ័យទាំងឡាយដែលនឹងត្រូវបានផ្ដល់ទៅដល់អ្នកទាំងឡាយដែលគ្រងនគរទេឡេស្ទាលយ៉ាងដូចម្ដេចដែរ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១៣-១១៩
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពន្យល់អំពីរបៀបដែលអ្នកដទៃអាចទទួលបានចំណេះដឹងដែលពួកលោកបានទទួល
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១៣-១១៩ដោយពន្យល់ថា បន្ទាប់ពីការពិពណ៌នាអំពីការនិមិត្តនេះ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានថ្លែងថា ព្រះអម្ចាស់បានបញ្ជាពួកលោកកុំឲ្យសរសេរនូវអ្វីៗទាំងអស់ដែលពួកលោកត្រូវបានបើកបង្ហាញឲ្យឃើញនោះឡើយ ។ ពួកលោកក៏បានពន្យល់ផងដែរនូវអ្វីដែលយើងត្រូវធ្វើដើម្បីអាចមើលឃើញ និងយល់នូវអាថ៌កំបាំងនៃនគរនៃព្រះ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១៦-១១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលយើងអាចមើលឃើញ និងយល់នូវអាថ៌កំបាំងនៃនគរនៃព្រះ ។
-
ស្របតាមខទាំងនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមើលឃើញ និងយល់នូវអាថ៌កំបាំងនៃនគរនៃព្រះ ? ( សូមមើលផងដែរ គ. និង ស. ៧៦:៥-១០ ) ។
ដើម្បីជួយសិស្សពន្យល់ និងថ្លែងទីបន្ទាល់អំពីគោលលទ្ធិនានា ដែលពួកគេបានរៀនមកពីការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦សូមរំឭកពួកគេអំពីសំណួរដែលពួកគេបានពិភាក្សានៅពេលចាប់ផ្ដើមថ្នាក់រៀនថា ៖ « តើសាសនារបស់អ្នកបង្រៀនអ្វីខ្លះ អំពី ស្ថានសួគ៌ និងស្ថាននរក ? » សូមបំបែកសិស្សជាគូៗ ហើយសុំឲ្យពួកគេធ្វើការជាមួយគ្នាដើម្បីបង្កើតជាគម្រោងមួយអំពីរបៀបដែលពួកគេអាចឆ្លើយតបចំពោះសំណួរនេះ ។ សូមប្រាប់ពួកគេថា បន្ទាប់ពីរយៈពេលពីរបីនាទីមក នោះដៃគូនិមួយៗនឹងមានឱកាសដើម្បីចែកចាយនូវចម្លើយរបស់ពួកគេដល់គូផ្សេងៗទៀត ។
ដើម្បីជួយសិស្សនៅក្នុងការរៀបចំរបស់ពួកគេ សូមចែកសំណួរដូចខាងក្រោម ឬសរសេរសំណួរនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់រៀន ៖
តើព្រះអម្ចាស់បើកសម្ដែងអ្វីខ្លះ អំពីស្ថានសួគ៌ និងស្ថាននរក នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦?
តើភាពខុសគ្នារវាងនគរសិរីល្អនិមួយៗមានអ្វីខ្លះ ?
តើភាពខុសគ្នាអ្វីខ្លះ នឹងកើតមានដោយសារជម្រើសដែលបានធ្វើឡើងពីសំណាក់អ្នកទាំងឡាយដែលគ្រងនគរទាំងនេះ និងអ្នកទាំងឡាយដែលពុំគ្រងនគរនៃសិរីល្អណាមួយនោះ ?
តើការពិតអ្វីខ្លះដែលអ្នកបានដឹងអំពីព្រះអង្គសង្គ្រោះ និងតួនាទីរបស់ទ្រង់នៅក្នុងសេចក្ដីសង្គ្រោះរបស់យើង ?
សូមផ្ដល់យោបល់ដល់សិស្សឲ្យពិចារណាសំណួរទាំងនេះ នៅពេលពួកគេរៀបចំដើម្បីពន្យល់នូវអ្វីដែលសាសនាចក្របង្រៀនអំពីស្ថានសួគ៌ និងស្ថាននរក ។ បន្ថែមពីលើនោះ សូមឲ្យសិស្សប្រើសេចក្ដីយោងបទគម្ពីរយ៉ាងហោចណាស់ឲ្យបានពីរ ដកស្រង់ចេញមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ជាផ្នែកនៃការពន្យល់របស់ពួកគេ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញដៃគូនិមួយៗធ្វើការជាមួយដៃគូផ្សេងទៀត ។ សូមអញ្ជើញដៃគូមួយបង្រៀនដល់សិស្សពីរនាក់ផ្សេងទៀតដោយប្រើគម្រោងរបស់ពួកគេ ។ នៅពេលដៃគូនៃសិស្សទីមួយ មានឱកាសដើម្បីពន្យល់គោលលទ្ធិរួចហើយ សូមអញ្ជើញដៃគូទីពីរឲ្យបង្រៀនម្តង ។ បន្ទាប់ពីសិស្សបានបញ្ចប់ការបង្រៀនហើយ អ្នកអាចនឹងអញ្ជើញពួកគេឲ្យចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀន ។
ដើម្បីជួយសិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀនមកពីការសិក្សាអំពីនគរនៃសិរីល្អ សូមសរសេរប្រយោគពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបំពេញបញ្ចប់ប្រយោគនោះនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀន ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេថា ៖
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀនមកពីការសិក្សាអំពីនគរនៃសិរីល្អ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ៖
ខ្ញុំដឹង…
ខ្ញុំចង់…
ខ្ញុំនឹង…
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពនេះ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាថាតើការជ្រើសរើស ដែលពួកគេកំពុងធ្វើ នឹងនាំឲ្យពួកគេសក្ដិសមដើម្បីគ្រងនគរសេឡេស្ទាលដែរឬទេ ។ ក៏សូមលើកទឹកចិត្តដល់ពួកគេឲ្យស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បីធ្វើការផ្លាស់ប្ដូរនានាដែលពួកគេមានអារម្មណ៍ថា ពួកគេចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរនោះ ។ សូមពិចារណាធ្វើការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលអ្នកបានរៀនមកពីការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨៤។ ស្ថាននរក
សេចក្ដីណែនាំដល់ព្រះគម្ពីរ ពន្យល់ពីការប្រើប្រាស់ពាក្យស្ថាននរកនៅក្នុងបទគម្ពីរនានាថា ៖
« វិវរណៈថ្ងៃចុងក្រោយ បានថ្លែងអំពីស្ថាននរក យ៉ាងហោចណាស់ នៅក្នុងន័យពីរយ៉ាង ។ ទីមួយ វាគឺជាលំនៅដ្ឋានបណ្ដោះអាសន្ននៅក្នុងពិភពវិញ្ញាណសម្រាប់អ្នកទាំងឡាយណាដែលមិនគោរពប្រតិបត្តិនៅក្នុងជីវិតរមែងស្លាប់ ។ ក្នុងន័យនេះ ស្ថាននរកមានទីបញ្ចប់មួយ ។ វិញ្ញាណនៅទីនោះ នឹងត្រូវបានបង្រៀនដំណឹងល្អ ហើយពេលខ្លះ បន្ទាប់ពីការប្រែចិត្តរបស់ពួកគេ នោះពួកគេនឹងរស់ឡើងវិញទៅកម្រិតមួយនៃសិរីល្អដែលពួកគេសក្ដិសមនឹងទៅ ។ អ្នកទាំងឡាយណាដែលនឹងពុំប្រែចិត្តទេ ប៉ុន្តែក៏ពុំមែនជាពួកកូនអន្ដរធានទេនោះ នឹងបន្ដស្ថិតនៅក្នុងស្ថាននរក ពេញមួយសហសវត្សន៍ ។ បន្ទាប់ពីទណ្ឌកម្មក្នុងរយៈពេលរាប់ពាន់ឆ្នាំនេះ នោះពួកគេនឹងត្រូវបានរស់ឡើងវិញទៅក្នុងសិរីល្អនៃទេឡេស្ទាល (គ. និង ស. ៧៦:៨១-៨៦,៨៨:១០០-១០១) ។
« ទីពីរ វាគឺជាទីតាំងអចិន្ត្រៃយ៍នៃអ្នកទាំងឡាយដែលពុំត្រូវបានប្រោសលោះដោយដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ក្នុងន័យនេះ ស្ថាននរក គឺអចិន្ត្រៃយ៍ ។ វាគឺសម្រាប់អ្នកទាំងឡាយណាដែលនៅមាន ‹ ភាពស្មោកគ្រោកដដែល › (គ. និង ស. ៨៨:៣៥, ១០២) ។ នេះគឺជាកន្លែងដែលសាតាំង ពួកទេវតាវា និងពួកកូនអន្ដរធាន-- ជាអ្នកទាំងឡាយដែលបដិសេធព្រះបុត្រា បន្ទាប់ពីព្រះបិតាបានបើកសម្ដែងដល់ពួកគេ-- នឹងរស់នៅដ៏អស់កល្បជានិច្ច (គ. និង ស. ៧៦:៤៣-៤៦) » (សេចក្ដីណែនាំដល់ព្រះគម្ពីរ« ស្ថាននរក »scriptures.lds.org ) ។
អែលឌើរ ប្រូស អរ ម៉ាក់ខនគី បានមានប្រសាសន៍ដូចខាងក្រោមអំពីស្ថាននរក ៖
« ផ្នែកនោះនៃពិភពវិញ្ញាណ បានគ្រងដោយវិញ្ញាណទុច្ចរិត ដែលកំពុងរង់ចាំថ្ងៃនៃការរស់ឡើងវិញរបស់ពួកគេនៅទីបំផុត ដែលត្រូវបានហៅថាស្ថាននរក ។ នៅចន្លោះនៃសេចក្ដីស្លាប់ និងការរស់ឡើងវិញរបស់ពួកគេ ព្រលឹងនៃមនុស្សទុច្ចរិតទាំងនេះ ត្រូវបានបណ្ដេញចេញចូលទៅក្នុងស្ថានងងឹតសូន្យសុង ជាការអស់សង្ឃឹមដ៏ងងឹតនៃពិភពបាតដាល នៅក្នុងរណ្ដៅនរករង់ចាំវិញ្ញាណទុច្ចរិត ចូលក្នុងស្ថាននរក ។ ពួកគេរងទុក្ខនៅក្នុងទណ្ឌកម្មនៃទុក្ខទោស នៅទីនោះពួកគេច្របូកច្របល់នឹងការសងសឹកនៃភ្លើងដ៏អស់កល្បជានិច្ច នៅទីនោះត្រូវបានរកឃើញថាមានការយំសោក និងការស្រែកទ្រហោយំ និងការសង្កៀតធ្មេញ នៅទីនោះមានកំហឹងដ៏សន្ធោរសន្ធៅនៃក្ដីពិរោធរបស់ព្រះ ត្រូវបានចាក់ស្រោចទៅលើមនុស្សទុច្ចរិត ។ (អាលម៉ា ៤០:១១-១៤គ. និង ស. ៧៦:១០៣-១០៦) ។…
« បន្ទាប់ពីការរស់ឡើងវិញរបស់ពួកគេ មានមនុស្សច្រើនសន្ធឹកសន្ធាប់បានរងទុក្ខនៅក្នុងស្ថាននរក នឹងឆ្លងទៅក្នុងនគរទេឡេស្ទាល ហើយនៅសល់ទាំងប៉ុន្មាន នឹងត្រូវបណ្ដាសារជាពួកកូនអន្ដរធាន នឹងបណ្ដេញចេញឲ្យទៅទទួលទាននៃភាពមិនចេះចប់មិនចេះហើយនៃសេចក្ដីទុក្ខជាមួយនឹងអារក្ស និងពួកទេវតារបស់វា ។…
« ដូច្នេះ សម្រាប់អ្នកទាំងឡាយដែលទទួលគ្រងនៃសេចក្ដីសង្គ្រោះ ខ្លះៗ ដែលរួមមានមនុស្សទាំងអស់ លើកលែងតែពួកកូនអន្ដរធាន (គ. និង ស. ៧៦:៤៤) ស្ថាននរក មានទីបញ្ចប់ » (Mormon Doctrineបោះពុម្ពជាលើកទី ២ [ឆ្នាំ ១៩៦៦] ទំព័រ ៣៤៩, ៣៥០, ៣៥១ សូមមើលផងដែរDoctrine and Covenants Student Manualបោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០១ ], ១៦៥–១៦៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨៥, ១០៦។ ការប្រោសលោះមនុស្សទុច្ចរិត
ប្រធាន ព្រិកហាំ យ៉ង់ បានពន្យល់អំពីរបៀបដែលមនុស្សមួយចំនួននៅក្នុងជំនាន់របស់លោកឆ្លើយតបចំពោះសេចក្ដីពិតថា ពួកទុច្ចរិតភាគច្រើននឹងត្រូវបានប្រោសលោះ ហើយពុំរងទុកក្នុងស្ថាននរកជារៀងរហូតទេនៅទីបញ្ចប់នោះ ៖
« នៅពេលព្រះបានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនថា មានកន្លែងមួយត្រូវបានរៀបចំសម្រាប់មនុស្សទាំងអស់ ស្របតាមពន្លឺដែលពួកគេបានទទួល និងការបដិសេធអំពើអាក្រក់របស់ពួកគេ និងការអនុវត្តអំពើល្អ នោះវាគឺជាការសាកល្បងដ៏ធំមួយចំពោះមនុស្សជាច្រើន ហើយមនុស្សមួយចំនួនបានក្បត់សាសនា ដោយសារតែព្រះពុំដាក់ទណ្ឌកម្មជារៀងរហូតដល់មនុស្សគ្មានសាសនា និងទារកតូចៗ ប៉ុន្តែបែរជាមានកន្លែងទទួលសេចក្ដីសង្គ្រោះមួយ ក្នុងពេលមួយ មនុស្សទាំងអស់ នឹងត្រូវប្រទានពរដោយសារភាពស្មោះត្រង់ គុណធម៌ និងសេចក្ដីពិតពេញលេញ ទោះជាពួកគេនៅក្នុងព្រះវិហារណាមួយ ឬក៏អត់នោះទេ ។ វាគឺជាគោលលទ្ធិថ្មីមួយចំពោះជំនាន់នេះ ហើយមានមនុស្សជាច្រើនបានជំពប់ដួល » (Teachings of Presidents of the Church: Brigham Young[ ឆ្នាំ ១៩៩៧ ],ទំព័រ ២៩២) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩២-៩៥។ « សិរីល្អនៃសេឡេស្ទាល គឺល្អវិសេសជាងអ្វីៗទាំងអស់… »
អែលឌើរ អួរសុន ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីភាពខុសគ្នារវាងការត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល និងការទទួលគ្រងនគរសិរីល្អផ្សេងទៀតថា ៖
« មានភាពខុសគ្នាយ៉ាងខ្លាំងរវាងការត្រូវបានសង្គ្រោះនៅក្នុងនគរមួយចំនួន ដែលមានសិរីល្អខ្លះៗ សុភមង្គលខ្លះៗ និង ការត្រូវបានសង្គ្រោះនៅក្នុងនគរដែលព្រះបិតាយើងគង់នៅ ។…
« ព្រះបិតារបស់យើង ដែលគង់នៅក្នុងស្ថានសួគ៌ដ៏ខ្ពស់ ហើយព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ទទួលគ្រងកម្រិតដ៏ខ្ពស់បំផុតនៃសិរីល្អនៅក្នុងភាពអស់កល្បជានិច្ច ។ ទ្រង់គ្រប់អង្គ ត្រូវបានគ្រងលើគ្រប់ភាពពេញលេញ នៃសិរីល្អ ។ ពួកទ្រង់មានសុភមង្គលពេញលេញ ព្រះចេស្ដារពេញលេញ បញ្ញាពេញលេញ ពន្លឺ និងសេចក្ដីពិត ហើយពួកទ្រង់គ្រប់គ្រងក្រឹត្យវិន័យលើគ្រប់នគរផ្សេងៗទៀតទាំងអស់ក្នុងសិរីល្អដែលទាបជាង មានសុភមង្គលតិចជាង ហើយមានព្រះចេស្ដាតិចជាង ។… ដំណឹងល្អគឺមានបំណងដើម្បីលើកដម្កើងកូនចៅមនុស្សឲ្យទៅដល់កម្រិតនៃសិរីល្អដូចគ្នានោះ ដែលព្រះបិតារបស់យើង និងព្រះរាជបុត្រារបស់ទ្រង់គង់នៅ » (Deseret News, ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៨៨០, ទំព័រ ៦៤២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩៩-១០១។ « ពួកគេទាំងនេះគឺជាពួករបស់ប៉ុល និងរបស់អ័ប៉ុឡូស និងរបស់កេផាស »
ប៉ុល បានសរសេរទៅកាន់ពួកកូរិនថូស ដើម្បីថ្កោលទោសចំពោះភាពពុំចុះសម្រុងគ្នាថា ៖
« ឱ បងប្អូនអើយ ពីព្រោះមានពួកអ្នក …បានប្រាប់ខ្ញុំ តែងតែមានសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា ។
« គឺថា អ្នករាល់គ្នានិមួយៗ ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ ។
« ដូច្នេះ តើព្រះគ្រីស្ទបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី? តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជដោយនូវឈ្មោះប៉ុលឬអី ? » ( កូរិនថូសទី ១ ១:១១–១៣ ) ។
មានពាក្យស្រដៀងគ្នាថ្លែងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩៩-១០១សំដៅទៅលើអ្នកទាំងឡាយដែលពុំមានភាពចុះសម្រុងជាមួយព្រះយេស៊ូវគ្រីស្ទ ឬពួកព្យាការីរបស់ទ្រង់ ។ មនុស្សមួយចំនួននឹងនិយាយថា ពួកគេដើរតាមព្រះយេស៊ូវគ្រីស្ទ ឬពួកព្យាការីជាក់លាក់ ប៉ុន្តែមនុស្សទាំងនេះបានបដិសេធព្រះអង្គសង្គ្រោះដោយស្ម័គ្រចិត្ត ហើយបានបដិសេធដើម្បីទទួលយកដំណឹងល្អរបស់ទ្រង់ ឬដើរតាមពួកព្យាការីរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១៣-១១៦។ យ៉ូសែប ស៊្មីធ បានមើលឃើញអ្វីជាច្រើននៅក្នុងការនិមិត្តនេះជាងអ្វីដែលបានសរសេរទុក
យោងទៅលើការនិមិត្តដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ព្យាការីយ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ៖
« ខ្ញុំអាចពន្យល់លើសពីនោះរាប់រយដងថែមទៀត អំពីសិរីល្អនៃនគរទាំងឡាយ ដែលបានបើកសម្ដែងមកដល់ខ្ញុំនៅក្នុងការនិមិត្ត ដែលខ្ញុំត្រូវបានអនុញ្ញាតឲ្យឃើញ និងមនុស្សដែលបានត្រៀមខ្លួនដើម្បីទទួលយក » ( នៅក្នុងHistory of the Church ៥:៤០២) ។