ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥-១១៦


មេរៀនទី ១២៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥-១១៦

បុព្វកថា

នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។ នៅ​ក្នុង​នោះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ឈ្មោះ​របស់​សាសនាចក្រ និង​បាន​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ( គ. និង ស. ១១៥:៥ ) ហើយ​បាន​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ភូមិ​ហ្វាវេសត៍ ។ នៅ​ថ្ងៃ​ទី ១៩ ខែ ​ឧសភា ឆ្នាំ ១៨៣៨ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៦ដែល​បាន​រកឃើញ​ថា ស្ព្រីង ហិល រដ្ឋ មិសសួរី ថា​ជា អ័ដាម អុនដៃ អាម៉ាន ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១-៦

ព្រះអម្ចាស់​បញ្ជាឲ្យសមាជិកនៃសាសនាចក្ររបស់ទ្រង់ឲ្យ « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ »

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម ​នៅលើ​ក្ដារខៀន ៖

  1. តើ​ឈ្មោះ​របស់​អង្គការ​នេះ​បង្ហាញ​ពី​អ្វី ?

  2. តើ​នរណា​ជា​អ្នក​ដឹកនាំ​អង្គការ​នេះ ?

  3. តើ​អង្គការ​នេះ​ធ្វើ​អ្វី​ខ្លះ ?

សូម​តាំង​បង្ហាញ​ឈ្មោះ ឬ ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន ឬ អង្គការ​សមរម្យ​មួយ​ចំនួន ដែល​សិស្ស​របស់​អ្នក​ទំនង​ជា​ស្គាល់ ។ សូម​ឈប់​មួយ​សន្ទុះ​បន្ទាប់​ពី​ការបង្ហាញស្លាក​សញ្ញា​មួយនោះៗ ហើយ​សូម​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ដែល​បាន​សរសេរ​លើ​ក្តារខៀន​នោះ ។

សូម​បង្ហាញ​ឈ្មោះ និង ស្លាកសញ្ញា​របស់​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ឲ្យរក​មើល​ចម្លើយ​ចំពោះ​សំណួរទាំងឡាយ​នៅ​លើ​ក្តារខៀន ដែល​ទាក់ទង​នឹង​ឈ្មោះ​របស់​សាសនាចក្រ​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១–៣ ដោយ​ពន្យល់​ថា វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ដល់​បុរស​ទាំងអស់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង ខ ១–២ និង ចំពោះ​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤ ដោយ​ស្ងាត់ស្ងៀម រកមើល​ឈ្មោះ​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ឡើង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​សិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ សូមសរសេរឈ្មោះនៃសាសនាចក្រនៅ​លើ​ក្តារខៀន ដូច​ខាង​ក្រោម ៖

សាសនាចក្រ

នៃ​ព្រះយេស៊ូវគ្រីស្ទ

នៃ​ពួក​បរិសុទ្ធ

ថ្ងៃ​ចុង​ក្រោយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ឈ្មោះ​របស់​សាសនាចក្រ សូម​អញ្ជើញ​សិស្សឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​គិត​ពី​អត្ថន័យ​នៃ​ពាក្យ ឬ ឃ្លា​និមួយៗ​ដែល​បាន​សរសេរ​នៅលើ​ក្តារខៀន ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ការយល់​ដឹង​របស់​ខ្លួន​ទាក់ទង​នឹង​អត្ថន័យ​នៃ​ពាក្យ ឬ ឃ្លា​និមួយៗ​នោះ ។ បើសិន​សិស្ស​ត្រូវការ​ជំនួយ​អ្នក​អាច​ចង់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ពាក្យ​ថា សាសនាចក្របង្ហាញ​ពី​គោលជំហរ​ពិសេស​នៃ​សាសនាចក្រ​ដែល​បាន​ស្តារឡើង​វិញ​ក្នុង​ចំណោម​សាសនា​នានា​នៃ​ពិភពលោក ។

« ពាក្យ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទប្រកាស​ថា វា​ជា​សាសនាចក្រ​របស់​ទ្រង់ ។…

«នៃ​ថ្ងៃ​ចុងក្រោយពន្យល់​ថា វា​ជា​សាសនាចក្រ​តែមួយ​នឹង​សាសនាចក្រ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ឡើង​ក្នុង​ពេល នៃ​ការ​គ្រប់គ្រង​ខាង​សាច់ឈាម​របស់​ទ្រង់ ហើយ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។…

«ពួក​បរិសុទ្ធ …សំដៅ​យ៉ាង​សាមញ្ញ​លើ​អស់​អ្នក​ណា​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​បរិសុទ្ធ​ដោយ​ចុះ​សេចក្តី​សញ្ញា​ធ្វើ​តាម​ព្រះគ្រីស្ទ » (The Importance of a Name »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨០ ) ។

  • តើសេចក្តីពិត​សំខាន់​ណា​ខ្លះ ដែល​បង្ហាញ​ដោយ​ឈ្មោះ​របស់​សាសនាចក្រ​នោះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៥ ឲ្យ​ឮៗ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ចង់​បាន​ពី​អស់​អ្នក​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះពី​យើង​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ?

  • តើ​អ្នក​គិត​ថា « សូម​ក្រោក ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » មានន័យ​ដូចម្ដេច ក្នុង​នាម​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ?

  • យោង​តាម ខ ៥,តើ​ពរជ័យ​អ្វី​ខ្លះ​នឹង​បាន​ប្រទាន​ដល់​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់​ឲ្យ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅនោះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ បើសិន​យើងក្រោកឡើង ហើយ បញ្ចាំងពន្លឺចេញទៅនោះ​ពន្លឺ​របស់​យើង​នឹង​ក្លាយ​ជា​បមាណីយ​ដល់​សាសន៍​នានា ។ អ្នក​អាច​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​គោលការណ៍​នេះ​នៅក្នុង ខ ៥) ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលការណ៍​នេះ​កាន់តែ​ប្រសើរ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា ពន្លឺ ឬ គំរូ​របស់​យើង​អាច​ក្លាយ​ជា « បមាណីយ​ដល់​សាសន៍​នានា ? » ( បមាណីយ​គឺ​ជា​ទង់ជ័យ ឬ បដា​មួយ​ដែល​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​ប្រមូល​ផ្តុំ​មួយ ឬ និមិត្តរូប​នៃ​ការបំផុស​ខាង​វិញ្ញាណ ។ គំរូ​របស់​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ អាច​បំផុស​គំនិត​មនុស្ស​ដទៃ ហើយ​នាំ​ពួកគេ​ឲ្យ​ខិតជិត​ព្រះអម្ចាស់ ) ។

  • តើ​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ខាង​ក្រោម​នេះ​ដែល​ឲ្យ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ អាច​ទាក់ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពន្លឺ​របស់​យើង​អាច​ជួយ​មនុស្ស​ដទៃ សូមអញ្ចើញ​សិស្ស​ម្នាក់ឲ្យ​អាន ដំណើររឿង​ខាង​ក្រោមដែល​បាន​ចែកចាយ​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វាស្ត នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ជា​ច្រើន​ឆ្នាំ​មុន ខនស្ទែន ជា​និសិត្ស​គិលានុបដ្ឋា​ម្នាក់​ត្រូវ​បាន​ចាត់​ឲ្យ​ព្យាយាម​ជួយ​ស្រ្តី​ម្នាក់​ដែល​មាន​របួស​ជើង​នៅ​ក្នុង​គ្រោះថ្នាក់​មួយ ។ ស្ត្រីម្នាក់​នោះ​បាន​បដិសេធ​ជំនួយ​ផ្នែកពេទ្យ ដោយសារតែគាត់​មាន​បទពិសោធន៍​មិន​ល្អ​ជាមួយ​នរណា​ម្នាក់​នៅ​មន្ទីរពេទ្យ ។ គាត់​មាន​ការ​ភ័យ​ខ្លាច ហើយ​បាន​ដក​ខ្លួន​ចេញ​ពី​សង្គម ។ លើក​ទីមួយ​ដែល ខនស្ទែន បាន​ទៅ​ផ្ទះ​គាត់ ស្រី្ត​រងរបួស​នោះ​បាន​បញ្ជា​ឲ្យ​នាង​ចេញ ។ នៅក្នុង​ការព្យាយាម​លើក​ទីពីរ គាត់​ពុំ​អនុញ្ញាត​ឲ្យ ខនស្ទែន ចូល​មក​ឡើយ ។ ប៉ុន្តែ​ឥឡូវ​នេះ​ជើង​របស់​ស្ត្រី​នោះ​បាន​មាន​ដំបៅ​កាន់តែ​ធំ​ឡើងៗ ហើយ​មាន​សាច់​មួយ​ចំនួន​បាន​រលួយ ។ ប៉ុន្តែ គាត់​នៅ​តែ​មិន​ចង់​ទទួល​ការ​ព្យាបាល ។

« ខនស្ទែន បាន​អធិស្ឋាន​ពី​រឿង​នោះ ហើយ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយ​មក នាង​បានទទួល​ចម្លើយ ។ នាង​បាន​យក​ទឹក​លាងរបួស ទៅ​ជាមួយ​នៅពេល​នាង​ទៅ​លើក​ក្រោយ ។ ដោយសារ​តែ​វា​មិន​ធ្វើ​ឲ្យ​ឈឺ ស្ត្រី​ចំណាស់​នោះ​បាន​ព្រម​ឲ្យ​នាង​ប្រើ​វា​នៅ​លើ​ជើង​គាត់ ។ ហើយ​ពួកគេ​បាន​និយាយ​អំពី​ការព្យាបាល​ដែល​ប្រាកដ​ប្រជា​ជាង​នេះ ។ ខនស្ទែន បាន​អះអាង​នឹង​គាត់​ថា មន្ទីរ​ពេទ្យ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​គាត់​ស្នាក់នៅ​យ៉ាង​សុខស្រួល ។ មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយ​មក ស្ត្រី​នោះ​មាន​ចិត្ត​ក្លាហាន​ទៅ​មន្ទីរពេទ្យ ។ នៅ​ពេល ខនស្ទែន ទៅ​សួរសុខទុក្ខ​គាត់ ស្ត្រី​នោះ​បាន​ញញឹម ហើយ​បាន​និយាយ​ថា ‹ ក្មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​គំនិត › ។ ហើយ​គាត់​បាន​សួរ ខនស្ទែន ដោយ​មិន​បាន​រំពឹង​ទុក​ថា ‹ តើ​ក្មួយ​ជា​សមាជិក​របស់​សាសនាចក្រ​មួយ​ណា​ដែរ ? › ខនស្ទែន បាន​ប្រាប់​គាត់​ថា នាង​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ស្ត្រី​នោះ​បាន​និយាយ​ថា ៖ ‹ ខ្ញុំ​ដឹង​ហើយ ។ ខ្ញុំ​ដឹង​ថា ក្មួយ​ត្រូវ​បាន​បញ្ជូន​មក​ខ្ញុំ តាំងពី​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បាន​ឃើញ​ក្មួយ ។ មាន​ពន្លឺ​មួយ​នៅ​លើ​មុខ​របស់​ក្មួយ ដែល​ខ្ញុំ​បាន​សម្គាល់​ឃើញ​មាន​នៅ​លើ​មុខ​របស់​អ្នក​ដទៃ​ទៀត ដែល​មាន​ជំនឿ​ដូច​ក្មួយ ។ ខ្ញុំ​ត្រូវ​ទុកចិត្ត​លើ​ក្មួយ › ។

« ជើង​ដំបៅ​របស់​គាត់​បាន​ជាសះស្បើយ​ទាំងស្រុង​ក្នុង​រយៈពេល​បីខែ ។ សមាជិក​នៅ​វួដ​ដែល​ស្ត្រី​ចំណាស់​នោះ​រស់នៅ​បាន​ធ្វើ​ផ្ទះ និង ជួសជុល​រានហាល​របស់​គាត់ ។ ពួកអ្នកផ្សព្វផ្សាយសាសនា​បាន​ជួប​ជាមួយ​គាត់ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយមក​គាត់​បាន​ជ្រមុជទឹក [ សូមមើល Constance Polve ] « A Battle Won » New Era, ខែ មេសា ឆ្នាំ ១៩៨០ ទំព័រ ៤៤–៤៥ ] ។ ការណ៍​ទាំងនេះ ដោយសារតែ​គាត់​បាន​កត់សម្គាល់​ពី​ពន្លឺ​ដែល​មាន​លើ​មុខ​របស់​និស្សិត​គិលានុបដ្ឋាយិកា​ក្មេង​នោះ » (The Light in Their Eyes » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។

  • តើ​ខុនស្តេន​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី « ក្រោក​ឡើង​ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ? »

  • តើ​ពន្លឺ​នៅ​លើ​មុខ​របស់​ខុនស្តេន​គឺជា​បមាណីយ​ដល់​ស្ត្រី​របួស​នោះ​យ៉ាង​ដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត និង ពី​សារៈសំខាន់​នៃ​គោលការណ៍​នេះ សូមអញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​ជា​គំរូ​ល្អ​អំពី​ការក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ចែកចាយ​ពី​អ្នក​ដែល​ពួកគេ​បាន​គិត និង របៀប​ដែល​គំរូ​របស់​បុគ្គល​ម្នាក់​នោះ​ក្លាយ​ជាពរជ័យ​មួយ​សម្រាប់​ពួកគេ ។ នៅពេល​អ្នក ស្តាប់ ចម្លើយ​របស់​ពួកគេ សូម​សួរ​សំណួរ​តាមដាន​នានា​ដែល​នឹង​បំផុស​គំនិត​សិស្ស​ឲ្យ​ចែកចាយ​បន្ថែម​ពី​អ្វី​ដែល​ពួកគេ​កំពុងគិត និង ទទួល​អារម្មណ៍ ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រែក្លាយ​កាន់តែ​ជា​បមាណីយ​ដល់​មនុស្ស​ដែល​នៅជុំវិញ​ខ្លួន​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​សាសនាចក្រ​នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន ? ( បន្ទាប់ពី​សិស្សឆ្លើយហើយ សូម​សរសេរ​សេចក្តីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ៖ យើង​ប្រមូល​ផ្តុំ​គ្នា​ទៅ​ស្តេក​នៃ​ស៊ីយ៉ូន​សម្រាប់​ការការពារ និង ជាទីជម្រក

  • តើ​យើង​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​យើងពីអ្វីខ្លះ ? តើយើងចាំបាច់​ត្រូវការ​ទីជម្រកគេចពីអ្វី​ខ្លះ ? តើ​អ្នក​បាន​ឃើញ​ការប្រមូល​ផ្តុំ​គ្នា​ក្នុង​នាម​ជា​ពួកបរិសុទ្ធ ជួយ​យើង​ការពារ​ខ្លួន​យើង និង ស្វែងរក​ទីជម្រក​យ៉ាង​ដូចម្តេចខ្លះ ?

សូមអញ្ជើញ​សិស្សឲ្យ​គិត​ពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​បាន​ទទួល​ផលប្រយោជន៍​មក​ពី​ការប្រមូល​គ្នា​ជាមួយ​ពួក​បរិសុទ្ធ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពន្លឺ​របស់​ពួកគេ​បញ្ចាំង​ចេញ​ទៅ ដូច្នេះ​មនុស្ស​ដទៃ​អាច​ត្រូវបាន​នាំ​ទៅរក​ភាពសុខសាន្ត សុវត្ថិភាព និង ទីជម្រក​ដែល​ផ្តល់​ឲ្យ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៧-១៩

ព្រះអម្ចាស់​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​ទីក្រុង ហ្វាវេស ហើយ​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ

សូម​ពន្យល់​ថា​របៀប​មួយ​ដែល​យើង​អាច​ទទួល​បាន​ការការពារ​ពី​ព្រះអម្ចាស់ និង សុវត្ថិភាព​គឺ​តាមរយៈ​ការ​ថ្វាយបង្គំ​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​ចាប់​ផ្តើម​ប្តូរ​ទីលំនៅ​ទៅ​ហ្វាវេស រដ្ឋ មិសសួរី នៅ​ក្នុង ឆ្នាំ ១៨៣៦ ថ្នាក់​ដឹកនាំ​សាសានាចក្រ បាន​រៀបចំ​ផែនការ​កសាង​ព្រះវិហារ​បរិសុទ្ធ​មួយ​ស្រដៀង​ទៅ​នឹង​ព្រះវិហារ​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ ទោះបី​ជា​ដី​មួយ​ចំនួន​ត្រូវ​បាន​ជីក​ហើយក្តី ក៏ការសាងសង់​បន្ថែម​ត្រូវពន្យា​ពេល រហូត​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​អាចទទួល​សេចក្តី​ណែនាំ​បន្ថែម​ទៀត​ពី​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះឆន្ទៈ​របស់​ទ្រង់​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​ជា​ផ្នែក​មួយ​នៃ​វិវរណៈ​ដែល​មាន​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៧-១៦ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា​ព្រះវិហារ​បរិសុទ្ធ​មួយ​គួរតែ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ហ្វា វេស ស្របតាម​គំរូ​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​គណៈប្រធាន​ទីមួយ ។ ព្រះអម្ចាស់​ក៏​បាន​ផ្តល់​ព្រះឱវាទដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ មិន​ឲ្យ​ជំពាក់​បំណុល​គេ​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:១៧-១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ក្រោមការ​ណែនាំ​របស់​យ៉ូសែប ស្ម៊ីធ នៅ​ហ្វា វេស និង នៅ​តំបន់​ក្បែរៗ​នោះ ។

  • តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​នៅ​ហ្វា វេស ? តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​ពួកគេ​ធ្វើ​ក្រោម​ការណែនាំ​របស់​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​តំបន់​ជុំវិញ ហ្វា វេស ?

  • យោង​តាម ខ ១៩, តើ​គុណសម្បត្តិ​អ្វី​ខ្លះ​ដែល​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​នេះ​មាន​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​លើ​ផែនដី​នេះ ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ប្រធាន​នៃ​សាសនាចក្រ​កាន់​កូនសោ​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ) ។ អ្នក​អាច​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំ​ឃ្លា​ដែល​បង្រៀន​គោលលទ្ធិ​ទាំង​នេះនៅ ខ ១៩ ) ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​សំណួរ​នៅ​លើ​ក្តារខៀន ហើយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​របៀប​ដែល​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦:១

ព្រះអម្ចាស់​បាន​បញ្ជាក់​ថា អ័ដាម អុនដៃ អាម៉ាន គឺ​ជា​ទីតាំង​នៃ​កន្លែង​ប្រជុំ​នា​ពេល​អនាគត​រវាង​ព្រះអម្ចាស់ និង ប្រជារាស្ត្រ​របស់​ទ្រង់

សូម​ពន្យល់​ថា យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៨ ហើយ​បាន​ពិនិត្យមើលតំបន់​នានា​នៅ​ជុំវិញ ហ្វា វេស ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តីណែនាំ​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៦ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ឈ្មោះ​នៃ​ទីតាំង​ដែល​យ៉ូសែប​បាន​ពិនិត្យ​មើល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៦:១ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​អំពី ស្ព្រីង ហិល រដ្ឋ មិសសួរី ។ អ្នក​អាច​ណែនាំ​ឲ្យ​សិស្ស​បើក​ទៅ ផែនទី និង រូបភាព​នៃ អ័ដាម អុនដៃ អាម៉ាន​នៅ​ខាង​ក្រោយ​ព្រះគម្ពីរ​របស់​ពួកគេ ( សូមមើល ផែនទីប្រវត្តិសាស្ត្រ​សាសនាចក្រ ផែនទី​ទី ៥ « មិសសួរី អិលលីណោយ និង អៃអូវ៉ា តំបន់​នៃ ស.រ.អា. » និង រូបថត​ប្រវត្តិសាសនាចក្រ រូបថត​ទី ១០ « អ័ដាម អុនដៃ អាម៉ាន ») ។

រូបភាព
ផែនទី រដ្ឋ មិសសួរី ភាគ​ខាង​លិច

សូម​ពន្យល់​ថា វិវរណៈ​នេះ​ប្រាប់​ពី​ទីតំាង​នៃ​ការបំពេញ​ការព្យាករណ៏​នាអនាគត​ដែល​បាន​ព្យាករណ៍​តាំង​ពី​បុរាណ​ដោយ​ព្យាការី​ដានីយ៉ែល ( សូមមើល ដានីយ៉ែល ៧:៩–១០, ១៣–១៤) ។ ការព្យាករណ៍​នោះ​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ចុងក្រោយ​ដែល​ព្រះអង្គ​សង្គ្រោះ និង អ័ដាម នឹង​មក​ផែនដី ហើយ​ធ្វើ​ជា​អធិបតី​លើ​ការប្រជុំ​មួយ​ពីមុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពិភពលោក​ទាំង​មូល ( សូមមើល គ. និង ស. ២៧:៥–១៤) ។ សូម​គិត​អំពី​ការ​បញ្ចូល​មេរៀន​ដោយ​ឲ្យ​សិស្ស​ច្រៀង​ទំនុកតម្កើង​បទ « Adam-ondi-Ahman » (ទំនុក​តម្កើង លេខ ៤៩ ) ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:១១-១២ ។ ព្រះវិហារ​បរិសុទ្ធ​នៅ ហ្វា វេស

ទោះបី​ជា​ពួកបរិសុទ្ធ​មាន​ឆន្ទៈ​កសាង​ព្រះវិហារ​បរិសុទ្ធ​នៅ ហ្វា វេស​ក្តី ពួកគេ​ពុំ​អាច​ធ្វើ​វា​បាន​ឡើយ ។ យោង​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ពួកគេ​បាន​ចាក់​ថ្មសីមា​នៅ​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៨៣៨ ។ ប៉ុន្តែ​ពួកគេ​ពុំ​អាច​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ដូច​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំនោះទេ ( សូមមើល គ. និង ស. ១១៥:១១), ដោយសារ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ភាស​ខ្លួន​ចេញ​ពី​រដ្ឋ មិសសួរី​នៅ​ខែ កុម្ភៈ​នៃ​ឆ្នាំ​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវក​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​កាន់​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​វិញ នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ក្នុង​ការគោរព​តាម​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៥, នៅពេល​ពួកគេ​បាន​ចាកចេញ​ទៅ​បម្រើ​បេសកកម្ម​របស់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦:១ ។ តើ​ពាក្យ​ថា « អ័ដាម អុនដៃ អាម៉ាន »​ មាន​ន័យ​ដូចម្ដេច ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« អាម៉ាន គឺ​ជា​ឈ្មោះ​មួយ​ដែល​ព្រះ​បាន​ស្គាល់​ថា​ជា​អ័ដាម ។ អ័ដាម អុនដៃ អាម៉ាន ជា​ឈ្មោះ​មួយ​ដែល​បាន​ប្រែ​មក​ពី​ភាសា​ដ៏​បរិសុទ្ធ​របស់​អ័ដាម​ទៅ​ជា​ភាសា​អង់គ្លេស ដែល​ជា​ឈ្មោះ​មួយ​ដែល​មិន​បាន​ប្រទាននូវ​ការបើក​សម្តែង​ដល់​យើង ឲ្យបកប្រែ​នៃ​ពាក្យ​នោះឲ្យបានត្រឹមត្រូវ​ឡើយ ។ ដូច​ដែល​យើង​អាច​វិនិច្ឆ័យ​បាន—ហើយ​ទស្សនៈ​នេះ​បាន​មក​ពី​បងប្អូន​ប្រុស​ជំនាន់​មុនៗ​ដែល​ទាក់ទង​នឹង​យ៉ូសែប ស្ម៊ីធ ដែល​ជា​មនុស្ស​ដំបូង​គេ​ប្រើ​ឈ្មោះ​នេះ​នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ—អ័ដាម អុនដៃ អាម៉ាន មាន​ន័យ​ថា​ជា​ទីតាំង ឬ ដែនដី​របស់​ព្រះ​ដែល​អ័ដាម​បាន​រស់នៅ» (Mormon Doctrine, ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៩–២០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦:១ ។ « អ័ដាម​នឹង​មក​ជួប​ប្រជាជន​របស់​លោក »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​អំពី​ពេល​ដែល​អ័ដាម​នឹង​មក​ជួប​ប្រជាជន​របស់​លោក ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ការប្រមូល​ផ្តុំ​នៃ​កូនចៅ​របស់​អ័ដាម​នេះ ដែល​មាន​រាប់ពាន់​នាក់ និង រាប់ម៉ឺន​នាក់​ត្រូវបាន​ជួបជុំ​គ្នា​នៅ​ក្នុងការជំនុំជម្រះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត​ដែល​ពិភពលោក​ដ៏​ច្របូកច្របល់​នេះ​ធ្លាប់​បាន​ឃើញ ។ នៅក្នុង​សន្និសីទ ឬ ក្រុមប្រឹក្សា​នេះ អស់​អ្នក​ដែល​កាន់កូនសោ​នៃ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ នឹង​រាយការណ៍​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន ។ អ័ដាម​នឹង​ធ្វើ​ដូច្នោះ​ដែរ ហើយ​បន្ទាប់​មក​លោក​នឹង​ប្រគល់​សិទ្ធិ​អំណាច​ទាំងអស់​ដល់​ព្រះគ្រីស្ទ ។ បន្ទាប់​មក អ័ដាម នឹង​បញ្ជាក់​នៅ​ក្នុង​ការហៅ​បម្រើ​របស់​ខ្លួន​ថា ជា​ព្រះអម្ចាស់លើ​ពូជពង្ស​របស់​ខ្លួន ហើយ​នឹង​ប្រគល់​ឲ្យ និង គ្រង​មកុដ​អស់​កល្ប​ជា​ផ្លូវការ​នៅ​ក្នុង​ការហៅ​បម្រើ​ជា​អធិបតីនេះ ។ បន្ទាប់មក​ព្រះគ្រីស្ទ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ថាជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ។ យើង​មិន​ដឹង​ថា​មាន​រយៈពេល​យូរ​ប៉ុណ្ណា​នៃ​ពេល​ប្រមូល​ផ្តុំ​នេះ​ឡើយ ឬ មាន​សម័យ​ប្រជុំ​ប៉ុន្មាន​ដែល​នឹង​ធ្វើ​នៅ​ក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​នេះ​ដែរ ។ វា​ល្មម​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា​វា​ជា​ការប្រមូល​ផ្តុំ​នៃ​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ​តាំង​ពី​ការចាប់ផ្តើម​នៃ​ផែនដី​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ដែល​នឹង​មាន​របាយការណ៍ ហើយ​អស់​អ្នក​ដែល​បាន​ផ្តល់​( ទេពកោសល្យ ) នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ នឹង​ប្រកាស​ពី​កូនសោ និង ការបម្រើ​របស់​ពួកគេ ហើយ​រាយការណ៍​អំពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ស្របតាម​ដំណើរ​រឿង​ខ្លួន ។ ការជំនុំជម្រះ​នឹង​ត្រូវ​បាន​ប្រគល់​ដល់​ពួកគេ ព្រោះ​នេះ​គឺ​ជា​ការប្រមូល​ផ្តុំ​ពួក​សុចរិត អស់​អ្នក​ដែល​បាន​កាន់ និង បាន​កាន់​កូនសោ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ ។ ​វាមិនមែន​ជា​ការការជំនុំជម្រះ​ដល់​ពួក​ទុច្ចរិត​ឡើយ ។ នៅពេល​អ្វីៗ​គ្រប់​យ៉ាង​ត្រូវបាន​រៀបចំ ហើយ​គ្រប់កូនសោ និង អំណាច​ត្រូវ​បាន​ដាក់​តាម​លំដាប់​ហើយ​ជាមួយ​នឹង​របាយការណ៍​ពេញលេញ និង ល្អ​ឥតខ្ចោះ​ពី​មនុស្ស​ម្នាក់ៗ​ដែល​មាន​ទំនួល​ខុសត្រូវ បន្ទាប់​មក​ព្រះគ្រីស្ទ​នឹង​ទទួល​របាយការណ៍​ទាំង​នេះ ហើយ​ត្រូវ​បាន​ប្រទានតំណែង ​ជា​អ្នក​គ្រប់គ្រង​ច្បាប់ដ៏​ត្រឹមត្រូវ​នៅ​លើ​ផែនដី​នេះ ។ នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំនេះ លោក​នឹង​ទទួល​កន្លែង​លោក​ដោយ​រួបរួម​សំឡេង​ជាមួយ​មនុស្ស​ទាំង​រាប់ពាន់​នាក់​ដែល​តាមរយៈ​សិទ្ធិ​នៃ​បព្វជិតភាព​នឹង​មាន​ការប្រមូល​ផ្តុំ​នេះ ។ ការណ៍​នេះ​នឹង​កើត​មុន​ថ្ងៃ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នៃ​ពួក​ទុច្ចរិត ហើយ​នឹង​រៀបចំ​សម្រាប់​រជ្ជកាល​នៃ​សហស្សវត្សរ៍ » (The Progress of Man [ ឆ្នាំ ១៩៥២ ] ទំព័រ ៤៨១–៨២ ) ។

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ទ្រង់ [ ព្រះគ្រីស្ទ ] នឹង​យាង​មក​ដោយ​សម្ងាត់​ជួបនឹង​ព្យាការី និង សាវក​របស់​ទ្រង់​ដែល​មាន​ជីវិត​រស់នៅ ។ អស់​អ្នក​ដែល​កាន់​កូនសោ និង អំណាច​ព្រមទាំង​សិទ្ធិ​អំណាច​នានា​នៅ​គ្រប់​សម័យ​កាល​ទាំងអស់​ចាប់​តាំង​ពី​អ័ដាម​ដល់​ពេល​បច្ចុប្បន្ន​នេះ​នឹង​មាន​វត្តមាន​ផងដែរ ។ ហើយ​លើស​ពីនោះ​ទៀត ពួក​សមាជិក​សាសនាចក្រ​ដែល​ស្មោះត្រង់​ទាំងអស់​ដែល​កំពុង​នៅ​រស់ និង ពួកបរិសុទ្ធ​ស្មោះត្រង់​ទាំងអស់​នៃ​គ្រប់​សម័យ​បុរាណ​នឹង​មាន​វត្តមាន​ផងដែរ ។ វា​នឹង​ក្លាយ​ជា​ក្រុមជំនុំ​ដ៏​ធំ​អស្ចារ្យ​នៃ​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់ ដែល​បាន​ជួបជុំ​គ្នា​នៅ​លើ​ភពផែន​ដី​ទាំងមូល ។ វា​នឹង​ក្លាយ​ជា​ការប្រជុំ​សាក្រាម៉ង់ ។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ជំនុំជម្រះ​សម្រាប់​ពួក​ស្មោះត្រង់​គ្រប់​សម័យ​កាល​ទាំងអស់ ។ ហើយ​វា​នឹង​កើតឡើង​នៅ​ក្នុង​ឃុំ ដាវីស រដ្ឋ មិសសួរី នៅ​កន្លែង​មួយ​ដែល​ហៅ​ថា អ័ដាម អុនដៃ អាម៉ាន » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៧៨–៧៩ ) ។