មេរៀនទី ៦៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៣៣
បុព្វកថា
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៨៣១ តិចជាងពីសប្ដាហ៍បន្ទាប់ពីព្រះអម្ចាស់បានកំណត់ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាចំណុចកណ្ដាលនៃស៊ីយ៉ូន នោះយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨ ។ វិវរណៈនេះត្រូវបានប្រទានឲ្យជាចម្លើយតបចំពោះអ្នកទាំងឡាយណាដែលរំភើបចិត្តចង់ដឹងអំពីព្រះហឬទ័យរបស់ព្រះ ស្ដីអំពីពួកគេស្ថិតនៅក្នុងទឹកដីថ្មីនេះ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានទូន្មានដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ ទោះស្ថិតនៅក្នុងទុក្ខវេទនារបស់ពួកគេក្តី ហើយបានពន្យល់ថា ហេតុអ្វីបានជាទ្រង់បញ្ជូនពួកបរិសុទ្ធឲ្យទៅស៊ីយ៉ូន ។ ព្រះអម្ចាស់ក៏បានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យប្រើសេរីភាពរបស់ពួកគេដើម្បីនាំមកនូវសេចក្ដីសុចរិតផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៥
ព្រះអម្ចាស់ទូន្មានដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ទោះស្ថិតនៅក្នុងទុក្ខវេទនារបស់ពួកគេក្តី
មុនពេលថ្នាក់ចាប់ផ្ដើម សូមសរសេរពាក្យបច្ចុប្បន្ននិងអនាគតនៅលើក្ដារខៀន ។
សូមចាប់ផ្ដើមថ្នាក់រៀនដោយការសុំឲ្យសិស្សគិតអំពីឧបសគ្គដ៏បំផុត ដែលពួកគេកំពុងប្រឈមមុខក្នុងពេលថ្មីៗនេះក្នុងជីវិតពួកគេ ។
-
តើការគិតអំពីអនាគតរបស់អ្នក នៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ អាចជួយអ្នកឲ្យដោះស្រាយចំពោះឧបសគ្គទាំងឡាយដែលអ្នកកំពុងប្រឈមមុខនាពេលនេះយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីឧបសគ្គទាំងឡាយដែលពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានជួបប្រទះក្នុងឆ្នាំ ១៨៣១ ដែលអាចនឹងបណ្ដាលឲ្យពួកគេមួយចំនួនមានការបាក់ទឹកចិត្ត ។
នៅក្នុងខែមករា ឆ្នាំ ១៨៣១ ពួកអ្នកផ្សពផ្សាយសាសនាបានរកឃើញ អាមេរិកកាំងដើម ដេឡាវែ កំពុងរស់នៅក្នុងទឹកដីជនជាតិអាមេរិកកាំងដើមហួសទៅភាគខាងលិចនៃព្រំប្រទល់រដ្ឋ មិសសួរី ។ អាមេរិកកាំងដើម ដេឡាវែ មានចំណាប់អារម្មណ៍រៀនដំណឹងល្អដែលមាននៅក្នុងព្រះគម្ពីរមរមន ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកអ្នកផ្សព្វផ្សាយសាសនាពុំទទួលបានការអនុញ្ញាត ដើម្បីចូលទៅក្នុងទឹកដីអាមេរិកកាំងដើម ហើយផ្សាយដំណឹងល្អ និងដោយសារតែមានការជំទាស់មកពីភ្នាក់ងារអាមេរិកកាំងដើម ក្នុងមូលដ្ឋាន និងពួកគ្រូគង្វាល នោះពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រ ត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីនោះ ។ ពេលនោះពួកអ្នកផ្សព្វផ្សាយសាសនាបានប៉ុនប៉ងបង្រៀនដល់អ្នកតាំងលំនៅជនជាតិស្បែកសនៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី និងតំបន់នៅជុំវិញ ប៉ុន្តែមានអ្នកផ្លាស់ប្រែចិត្តជឿតិចជាងដប់នាក់ បានចូលរួមក្នុងសាសនាចក្រនៅត្រឹមខែ កក្កដា ឆ្នាំ ១៨៣១ ។ នៅពេលពួកអែលឌើរ នៃសាសនាចក្រមកពីអូហៃអូ បានចាប់ផ្ដើមទៅដល់រដ្ឋ មិសសួរី នៅខែ កក្កដា ឆ្នាំ ១៨៣១ នោះពួកគេមួយចំនួនបានខកចិត្តចំពោះអ្វីដែលពួកគេរកឃើញ ។ ពួកគេមួយចំនួនបានរំពឹងថានឹងមើលឃើញសហគមន៍នៃអ្នកជឿ រីកចម្រើនយ៉ាងឆាប់រហ័ស និងមានទីលំនៅមួយដែលត្រូវបានរៀបចំដើម្បីទទួលសមាជិកសាសនាចក្រដែលបានធ្វើអន្ដោប្រវេសន្ដ៍ចូលមក ។ ពួកគេមួយចំនួនតូចសម្ដែងអំពីកង្វល់ដោយសារតែដែនដីនៅក្នុងអ៊ិនឌីប៉ែនដែនស៍ ពុំបានអភិវឌ្ឍ ។ បន្ថែមពីលើនោះ មានបងប្អូនប្រុសមួយចំនួន បានលើកទឹកចិត្តឲ្យស្នាក់នៅក្នុងរដ្ឋមិសសួរី ហើយទិញដីដើម្បីរៀបចំស៊ីយ៉ូនសម្រាប់ពួកបរិសុទ្ធដែលនឹងមកដល់ពេលក្រោយទៀត ។
-
ហេតុអ្វីអ្នកគិតថាស្ថានភាពនេះ អាចធ្វើឲ្យបាក់ទឹកចិត្តដល់សមាជិកសាសនាចក្រមួយចំនួនយ៉ាងដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកអែលឌើរ ដែលអាចនឹងបានជួយពួកគេឲ្យដោះស្រាយបញ្ហាដែលពួកគេប្រឈមមុខ ។
-
តើព្រះអម្ចាស់បានប្រាប់អ្វីខ្លះដល់ពួកអែលឌើរ ?
-
តើអ្នកនឹងសង្ខេបសេចក្ដីពិតនៅក្នុងខ ២ យ៉ាងដូចម្ដេច ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖យើងនឹងត្រូវបានប្រទានពរ បើយើងរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ រង្វាន់ដ៏អស់កល្បជានិច្ចរបស់យើង នឹងមានកាន់តែច្រើន បើយើងបន្ដស្មោះត្រង់នៅក្នុងទុក្ខវេទនា ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះ នៅខ ២ ) ។
សូមយោងទៅលើពាក្យបច្ចុប្បន្ននិងអនាគតនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកអែលឌើរអំពីបច្ចុប្បន្នភាព និងអនាគតភាពរបស់រាស្ត្រទ្រង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
ស្របតាមខ ៣ តើជាញឹកញាប់យើងមើលពុំឃើញ ឬពុំយល់អ្វីខ្លះ នៅពេលយើងឆ្លងកាត់សេចក្ដីទុក្ខវេទនា ?
សូមចង្អុលបង្ហាញថា ខគម្ពីរទាំងនេះហាក់ដូចជាបញ្ជាក់ថា ព្រះអម្ចាស់ចង់ឲ្យពួកអែលឌើរមើលរំលងនូវការសាកល្បងទាំងឡាយ ដែលពួកគេកំពុងស៊ូទ្រាំ ហើយឲ្យផ្ដោតទៅលើអនាគតដ៏រុងរឿង ដែលពួកគេនឹងទទួលពិសោធន៍ជំនួសវិញ បើពួកគេនៅស្មោះត្រង់ ។ សារលិខិតរបស់ព្រះអម្ចាស់ចំពោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចជួយយើងឲ្យស៊ូទ្រាំនឹងឧបសគ្គនានា តាមរយៈការរក្សាផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើពរជ័យទាំងឡាយដែលបានសន្យាដល់អ្នកទាំងឡាយណាដែលស៊ូទ្រាំនឹងសេចក្ដីទុក្ខវេទនាដោយស្មោះត្រង់ ។
-
តើការទុកចិត្តថាព្រះអម្ចាស់នឹងប្រទានពរដល់អ្នក ជួយអ្នកឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខវេទនាដោយស្មោះត្រង់បានយ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវបានប្រទានពរចំពោះការនៅស្មោះត្រង់អំឡុងពេលមានសេចក្ដីទុក្ខវេទនានោះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីឧបសគ្គដ៏ធំបំផុត ដែល ពួកគេកំពុងតែជួបក្នុងពេលថ្មីៗនេះម្ដងទៀត ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ដនៅស្មោះត្រង់ចំពោះដំណឹងល្អ ទោះជាមានឧបសគ្គនានាក្ដី ដើម្បីពួកគេអាចទទួលបានរង្វាន់ដែលព្រះអម្ចាស់មាននៅក្នុងឃ្លាំងសម្រាប់ពួកគេ ទាំងក្នុងពេលនេះ និងនៅក្នុងភាពអស់កល្បជានិច្ច ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៦-១៣
ព្រះអង្គសង្គ្រោះពន្យល់អំពីមូលហេតុដែលទ្រង់បានបញ្ជូនពួកបរិសុទ្ធទៅស៊ីយ៉ូន
សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកធ្លាប់ត្រូវបានគេសុំឲ្យធ្វើអ្វីមួយ ប៉ុន្តែអ្នកពុំយល់ពីមូលហេតុដែលអ្នកត្រូវបានសុំឲ្យធ្វើរឿងនោះដែរឬទេ ? តើរឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ?
-
ផ្ទុយទៅវិញ តើអ្នកធ្លាប់មាននរណាម្នាក់មកសុំឲ្យអ្នកធ្វើអ្វីមួយ ហើយក៏បានជួយអ្នកឲ្យយល់ពីមូលហេតុដែលត្រូវធ្វើដូច្នោះដែរឬទេ ? តើការដឹងពីមូលហេតុធ្វើឲ្យមានភាពខុសគ្នាយ៉ាងណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានបើកសម្ដែងនូវមូលហេតុមួយចំនួនរបស់ទ្រង់ ដែលបញ្ជូលមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៦-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលព្រះអម្ចាស់បានប្រទានឲ្យ ក្នុងការបញ្ជូនមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៩-១៣ដោយពន្យល់ថា មូលហេតុមួយដែលព្រះអម្ចាស់បញ្ជូនមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន គឺដើម្បីរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងខទាំងនេះ ព្រះអម្ចាស់ បានសំដៅទៅលើរឿងប្រៀបធៀបព្រះគម្ពីរសញ្ញាថ្មី ដែលបង្រៀនថា មនុស្សនៅគ្រប់ជាតិសាសន៍នឹងត្រូវបានអញ្ជើញឲ្យមកទទួលទានពរជ័យទាំងឡាយនៃដំណឹងល្អ ។
-
តើការដឹងថាពួកគេកំពុងរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ បានជួយពួកអែលឌើរឲ្យនៅស្មោះត្រង់នៅក្នុងសេចក្ដីទុក្ខវេទនារបស់ពួកគេយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-២៣
ព្រះអម្ចាស់ពិពណ៌នាអំពីទំនួលខុសត្រូវរបស់ប៊ីស្សព ហើយបញ្ជាឲ្យពួកបរិសុទ្ធរក្សាច្បាប់ដែនដី
សូមរំឭកសិស្សថាព្រះអម្ចាស់បានហៅប៊ីស្សព អែតវឹត ប៉ាទ្រិច ឲ្យដឹកនាំកិច្ចខិតខំដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់បានណែនាំដល់ប៊ីស្សព ប៉ាទ្រិច និង ស៊ីឌនី ហ្គីលប៊ើត ឲ្យបន្ដនៅក្នុងរដ្ឋ មិសសួរី ដើម្បីគ្រប់គ្រងលើទ្រព្យសម្បត្តិសាសនាចក្រ ហើយទិញដីនៅក្នុង និងនៅជុំវិញ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧:៧-៨ ) ។ សូមពន្យល់ថា នៅពេលពួកបរិសុទ្ធបានរៀបចំដើម្បីទិញដី នោះប៊ីស្សព ប៉ាទ្រិច បានទាស់សម្ដីនឹង យ៉ូសែប ស៊្មីធ អំពីគុណភាពដីដែលត្រូវបានជ្រើសរើស ។ គាត់មានអារម្មណ៍ថាដីនៅកន្លែងផ្សេង គួរតែត្រូវបានទិញជំនួសវិញ ។ ការពុំចុះសម្រុងគ្នានេះនាំឲ្យព្រះអម្ចាស់ ស្តីបន្ទោស។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានប្រាប់ដល់ប៊ីស្សព ប៉ាទ្រិច ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
សូមនាំសិស្សឲ្យត្រឡប់ទៅគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣។ តើសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុងខគម្ពីរនោះបានជួយប៊ីស្សព ប៉ាទ្រិច ជ្រើសរើសប្រែចិត្តឈប់ទាស់សម្ដីនឹងព្យាការី អំពីដីចំណែកណាដែលគួរតែទិញយ៉ាងដូចម្ដេច ?
ចូរពន្យល់ដល់សិស្សក្នុងថ្នាក់ថា ប៊ីស្សព ប៉ាទ្រិច បានទទួលយកការស្ដីបន្ទោសរបស់ព្រះអម្ចាស់ដោយរាបសា ហើយបាបរបស់គាត់ត្រូវបានអភ័យទោស។
-
តើសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ អាចជួយយើងឆ្លើយតបចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយសេចក្ដីជំនឿ ជាជាងដោយការមិនជឿ និងសេចក្ដីងងឹតនៅក្នុងដួងចិត្តបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៦-២០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ប៊ីស្សព ប៉ាទ្រិច អំពីតួនាទីរបស់គាត់ ក្នុងនាមជាប៊ីស្សព និងទំនួលខុសត្រូវរបស់គាត់ដើម្បីជួយស្ថាបនាស៊ីយ៉ូន ។
-
យោងតាមខគម្ពីរទាំងនេះ តើទំនួលខុសត្រូវរបស់ប៊ីស្សពគឺជាអ្វី ?
-
តើវិធីមួយចំនួនអ្វីខ្លះ ដែលពួកប៊ីស្សពត្រូវវិនិច្ឆ័យដល់រាស្ត្ររបស់ព្រះអម្ចាស់នាពេលសព្វថ្ងៃនេះ ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២១-២៣ដោយពន្យល់ថា ព្រះអម្ចាស់រំពឹងឲ្យយើងរក្សាច្បាប់នៃដែនដី រហូតដល់ទ្រង់យាងមក ហើយគ្រងរាជ្យអំឡុងសហសវត្សរ៍ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៤-៣៣
ព្រះអម្ចាស់ទូន្មានពួកបរិសុទ្ធឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ
សូមបង្ហាញស្ថានភាពដូចខាងក្រោមទៅដល់សិស្សក្នុងថ្នាក់ ៖
សូមស្រម៉ៃថា នៅពេលអ្នកកំពុងដើរតាមផ្លូវ អ្នកបានឃើញមនុស្សចំណាស់ម្នាក់ដួល ។ តើចំនុចខាងក្រោមណាមួយ ដែលអ្នកគួរធ្វើ ?
-
រង់ចាំឲ្យព្រះវិញ្ញាណបំផុសគំនិតអ្នកឲ្យជួយ ។
-
រង់ចាំឲ្យនរណាម្នាក់ទៀតប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ ។
-
រង់ចាំមើលបើសិនជាមាននរណាម្នាក់ផ្សេងទៀតនឹងមកជួយ ។
-
ជួយដល់មនុស្សដែលដួលនោះភ្លាមៗ ។
បន្ទាប់ពីសិស្សបានឆ្លើយតបរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏វាសំខាន់ដើម្បីជួយមនុស្សម្នាក់ដោយពុំចាំបាច់រង់ចាំការដឹកនាំពីមនុស្សម្នាក់ផ្សេងទៀត ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦-២៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលការណ៍ទាំងឡាយដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ នៅពេលពួកគេជួបនឹងការលំបាកក្នុងការស្ថាបនាទីក្រុងស៊ីយ៉ូន ។ ( អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « អ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ » [គ. និង ស. ៥៨:២៦] សំដៅទៅលើនរណាម្នាក់ដែលពុំធ្វើសកម្មភាព ចាំរហូតទាល់តែពួកគេត្រូវបានតម្រូវឲ្យធ្វើដូច្នោះ ) ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករកឃើញនៅក្នុងខ ២៦-២៨ ? ( សិស្សអាចនឹងឆ្លើយតប ជាមួយសេចក្ដីពិតដូចខាងក្រោមថា ៖ យើងមានអំណាចដើម្បីជ្រើសរើសធ្វើសកម្មភាពសម្រាប់ខ្លួនយើង ។ បើយើងរង់ចាំព្រះអម្ចាស់ប្រាប់អ្វីៗគ្រប់យ៉ាងដល់យើងថាគួរធ្វើអ្វីនោះ នោះយើងនឹងបាត់បង់រង្វាន់យើងហើយ ។ បើយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើរឿងទាំងឡាយដែលនាំមកនូវសេចក្ដីសុចរិត នោះយើងនឹងទទួលបានរង្វាន់ ។ សូមប្រើពាក្យរបស់សិស្ស សរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន ) ។
-
តើខគម្ពីរទាំងនេះសំដៅទៅលើ « រង្វាន់» អ្វីខ្លះ ? តើការធ្វើអ្វីៗដែលល្អៗដោយសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់យើង ជះឥទ្ធិពលលើរបៀបដែលយើងទទួលជីវិតអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
-
តើវិធីមួយចំនួនដែលអ្នកអាចប្រើដោយអន្ទៈសារក្នុងការធ្វើល្អនៅគេហដ្ឋានមានអ្វីខ្លះ ? នៅសាលាមានអ្វីខ្លះ ? នៅក្នុងវួដ ឬសាខារបស់អ្នកមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលពួកគេត្រូវបានប្រទានពរឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៩-៣៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលកើតឡើងចំពោះអ្នកទាំងឡាយដែលពុំប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ឬនរណាដែលសង្ស័យចំពោះបទបញ្ញត្តិរបស់ព្រះ ។
-
តើមានអ្វីខ្លះកើតឡើងចំពោះអ្នកទាំងឡាយដែលពុំប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ឬនរណាដែលសង្ស័យចំពោះបទបញ្ញត្តិរបស់ព្រះ ?
-
តើមនុស្សមួយចំនួនឆ្លើយតបយ៉ាងដូចម្ដេច នៅពេលពួកគេពុំទទួលបានពរជ័យ ដោយសារតែភាពខ្ជិលច្រអូស ឬការមិនគោរពប្រតិបត្តិរបស់ពួកគេនោះ ? តើមានការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានឲ្យដល់បុគ្គលជាក់លាក់ក្នុងខ ៣៣?
សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការប្រើសិទ្ធិសេរីភាពរបស់យើងដើម្បីធ្វើល្អ ។ សូមអញ្ជើញសិស្សឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើអ្វីមួយល្អ ពីមុនជួបគ្នាម្ដងទៀត ។ សូមប្រាប់សិស្សថា ពួកគេនឹងមានឱកាសមួយដើម្បីចែកចាយនូវអ្វីដែលពួកគេបានធ្វើជាចំណែកនៃមេរៀនក្រោយ ។