មេរៀនទី ១
ផែនការនៃសេចក្តីសង្រ្គោះ
សេចក្តីផ្តើម
ប្រធាន ប៊យ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានណែនាំដល់គ្រូបង្រៀនថ្នាក់សិក្ខាសាលាឲ្យបង្ហាញដោយសង្ខេបពីទិដ្ឋភាពទូទៅអំពីផែនការនៃសេចក្ដីសង្គ្រោះនៅពេលចាប់ផ្ដើមថ្នាក់ក្នុងឆ្នាំនីមួយៗ ៖
« ទិដ្ឋភាពទូទៅសង្ខេបអំពី ‹ ផែនការនៃសុភមង្គល › … បើត្រូវបានផ្ដល់ឲ្យនៅពេលចាប់ផ្ដើម ហើយត្រឡប់ទៅមើលជាញឹកញាប់ នោះវានឹងមានតម្លៃមហិមាចំពោះសិស្សរបស់អ្នក ។…
« មនុស្សវ័យក្មេងងឿងឆ្ងល់ថា ‹ ហេតុអ្វី ? ›-- ហេតុអ្វីក៏យើងត្រូវបានបញ្ជាឲ្យ ធ្វើ រឿងមួយចំនួន ហើយរឿងមួយចំនួនទៀត មិន តម្រូវឲ្យធ្វើដូច្នេះ ? ចំណេះដឹងអំពីផែនការនៃសុភមង្គល ទោះជាក្នុងទម្រង់យ៉ាងសង្ខេប ក៏វាអាចធ្វើឲ្យគំនិតមនុស្សវ័យក្មេងឆ្ងល់ថា ‹ ហេតុអ្វី › » ដែរ ( « ផែនការនៃសុភមង្គលដ៏មហិមា » [ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនាស៊ី.អ៊ី.អែស ថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩៣ ]LDS.org) ។
មេរៀននេះផ្ដល់ជាទិដ្ឋភាពទូទៅសង្ខេបមួយអំពី ផែនការនៃសេចក្ដីសង្គ្រោះ ។ វាផ្ដោតទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែល « ជាកត្តាចម្បង និងជាគ្រឹះដ៏សំខាន់ ហើយជាគោលលទ្ធិមេនៃផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមា និងអស់កល្បជានិច្ច » ( ជែហ្វ្រី អ័រ ហូឡិន Missionary Work and the Atonement» Ensign ខែមិនា ឆ្នាំ ២០០១ ទំព័រ ៨ ) ។
យោបល់សម្រាប់ការបង្រៀន
ផែនការរបស់ព្រះវរបិតាសួគ៌គឺជាផែនការនៃសុភមង្គល
អញ្ជើញសិស្សឲ្យអាន ម៉ូសេ ១:៣៩ ឮៗ ។ ( ឬសិស្សអាចសូត្រវា បើពួកគេទន្ទេញចាំហើយ ) ។ សូមឲ្យសិស្សមើលតាម និងរកមើលនូវអ្វីដែលព្រះវរបិតាសួគ៌បានមានបន្ទូល ដែលជាគោលបំណងនៃកិច្ចការរបស់ទ្រង់ ។ សូមសរសេរសេចក្ដីថ្លែងដូចខាងក្រោមនៅលើក្ដារខៀន ៖ គោលបំណងនៃផែនការរបស់ព្រះវរបិតាសួគ៌ គឺដើម្បីផ្ដល់មាគ៌ាមួយសម្រាប់យើង ទទួលបានជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើជីវិតអមតៈ និងជីវិតអស់កល្បជានិច្ចខុសគ្នាយ៉ាងដូចម្តេច ? ( ជីវិតអមតៈ គឺជាការរស់នៅជារៀងរហូតក្នុងស្ថានភាពដែលរស់ឡើងវិញមួយ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដែលមនុស្សគ្រប់រូប នឹងទទួលបានអំណោយទាននេះ ។ ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពតម្កើងឡើង គឺជាការរស់នៅក្នុងវត្តមានរបស់ព្រះជារៀងរហូតជាមួយនឹងក្រុមគ្រួសាររបស់យើង អំណោយទាននេះក៏បានមកតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែរ ប៉ុន្តែមានតែចំពោះអ្នកទាំងឡាយដែលគោរពតាមច្បាប់ និងពិធីបរិសុទ្ធនានានៃដំណឹងល្អប៉ុណ្ណោះ ) ។
ដើម្បីជួយសិស្សឲ្យយល់ពាក្យ « ជីវិតដ៏នៅអស់កល្បជានិច្ច » សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការដូចខាងក្រោម ដោយអែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
«ជីវិតរបស់ព្រះ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដែលជីវិតដ៏នៅអស់កល្បជានិច្ច គឺជាជីវិតរបស់ព្រះការបញ្ជាក់នេះ គឺមានន័យដូចគ្នា » (Mormon Doctrineបោះពុម្ពជាលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៧ ) ។
-
តើពរជ័យមួយចំនួនដែលត្រូវបានប្រទានឲ្យអ្នកទាំងឡាយដែលទទួលជីវិតដ៏នៅអស់កល្បជានិច្ចមានអ្វីខ្លះ ?
សូមគូស ឌីយ៉ាក្រាមខាងក្រោមនេះលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យចម្លងឌីយ៉ាក្រាម ឬកត់ត្រាក្នុងសៀវភៅកត់ចំណាំរបស់ពួកគេ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នៅពេលពួកគេរៀនអំពីផែនការនៃសេចក្ដីសង្គ្រោះក្នុងមេរៀននេះ ។
សូមពន្យល់ថា នៅក្នុងជីវិតមុនជីវិតលើផែនដីរបស់យើង យើងរស់នៅជាវិញ្ញាណក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌របស់យើង ។ នៅទីនោះយើងរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌ សម្រាប់សុភមង្គលរបស់យើង និងរៀនអំពីរបៀបដែលផែនការនឹងជួយយើង សម្រេចគោលបំណងរបស់ទ្រង់សម្រាប់យើង ( សូមមើលគ&ស ១៣៨:៥៥–៥៦; អ័ប្រាហាំ ៣:២២–២៨) ។
-
តើយើងខុសគ្នាពីព្រះវរបិតាសួគ៌យើងកាលពីជីវិតមុនកើតលើផែនដីដីយ៉ាងដូចម្ដេចខ្លះ ? ( ទ្រង់មានរូបកាយ និងលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះមួយ ។ យើងពុំមាន ) ។
-
នៅក្នុងជិវិតមុនកើតលើផែនដី តើព្រះវរបិតាសួគ៌ បានបង្ហាញដល់យើងអ្វីខ្លះ ដើម្បីជួយយើងទទួលបានជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ចនោះ ? ( ផែនការនៃសេចក្តីសង្គ្រោះ ) ។
សូមពន្យល់ថា យើងប្រើពាក្យ ជីវិតរមែងស្លាប់ សំដៅទៅលើជីវិតរបស់យើងនៅលើផែនដី ។ ដូចបានបង្ហាញនៅក្នុង ឌីយ៉ាក្រាមអប បន្ថែមទៅលើក្ដារខៀន រូបពងក្រពើរតំណាងឲ្យជីវិតលើផែនដី ហើយដាក់ស្លាកវាដោយពាក្យ ជីវិតរមែងស្លាប់ ។ គូរសញ្ញាព្រួញពី ជីវិតមុនជីវិតលើផែនដីទៅរក ជីវិតរមែងស្លាប់ ។
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោម ៖
-
តើហេតុអ្វីក៏យើងចាំបាច់ត្រូវចាកចេញពីវត្តមានរបស់ព្រះ ដើម្បីប្រែក្លាយឲ្យកាន់តែដូចជាទ្រង់យ៉ាងដូច្នេះ ? ( ចម្លើយរបស់សិស្សអាចរួមមានដូចខាងក្រោម ៖ ដើម្បីទទួលរូបកាយ ដើម្បីរៀន និងដើម្បីរីកចម្រើន តាមរយៈការប្រើសិទ្ធិជ្រើសរើសរបស់យើង ) ។
បន្ទាប់ពីសិស្សពីរបីនាក់បានឆ្លើយរួចហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឭៗនូវការពន្យល់ដូចខាងក្រោមនេះ ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ថា ៖
រូបភាពប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល« ព្រះបានប្រទានផែនការមួយឲ្យយើង ។ ទ្រង់បានបញ្ជូនយើងទាំងអស់គ្នាមកកាន់ផែនដី ដើម្បីទទួលរូបកាយ និងដើម្បីទទួលបទពិសោធន៍ ហើយរីកចម្រើន » (The Teachings of Spencer W. Kimball,ed. Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ២៥ ) ។
-
យោងតាមប្រធាន ឃឹមបឹល តើមានមូលហេតុអ្វីខ្លះបានជាព្រះបញ្ជូនយើងមកកាន់ផែនដី ? ( ពេលសិស្សឆ្លើយ ពួកគេគួរតែប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ ព្រះបានបញ្ជូនយើងមកកាន់ផែនដី ដើម្បីទទួលរូបរាងកាយ និងដើម្បីទទួលបទពិសោធន៍ ហើយរីកចម្រើនឡើង )។
-
តើឧបសគ្គនៃការល្បួង ជំងឺ ភាពសោកសៅ ការឈឺចាប់ ការបាក់ទឹកចិត្ត អសមត្ថភាព និងការលំបាកក្នុងជីវិតរមែងស្លាប់ដទៃទៀត ដើរតួក្នុងកិច្ចខិតខំរបស់យើង ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចអ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៩-២០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់អានតាម និងប្រាប់អំពីឧបសគ្គនានា ដែលអាចរារាំងយើងមិនឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើឧបសគ្គអ្វីខ្លះ ដែលយើងជួបប្រទះក្នុងជីវិតរមែងស្លាប់ ដែលអាចរារាំងយើងមិនឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ? ( ពេលសិស្សឆ្លើយ សូមជួយពួកគេឲ្យប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ អំពើបាប រារាំងយើងមិនឲ្យប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយមិនឲ្យត្រឡប់ទៅរស់នៅជាមួយទ្រង់។ សូមមើលផងដែរ ម៉ូសេ 6:57 ដែលបង្រៀនថា តាមរយៈការប្រែចិត្ត នោះយើងអាចត្រឡប់មករស់នៅជាមួយនឹងព្រះ ) ។
នៅលើក្ដារខៀន សូមសរសេរពាក្យ អំពើបាប នៅលើឌីយ៉ាក្រាម ជិតនឹងពាក្យ ជីវិតរមែងស្លាប់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី ១០:២១ ឲ្យសិស្សផ្សេងទៀតអាន ម៉ូសេ ៦:៥៧ ហើយសិស្សម្នាក់ទៀតអាន អាលម៉ា ៤១:១០-១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់តាមដាន រកមើលមូលហេតុដែលអំពើបាបរារាំងយើងមិនឲ្យប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ស្របតាមខគម្ពីរទាំងនេះ តើហេតុអ្វីបានជាអំពើបាបរារាំងយើងមិនឲ្យប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងមិនឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ចដូច្នេះ ? ( សិស្សអាចផ្ដល់ចម្លើយផ្សេងៗគ្នា ។ សូមជួយពួកគេឲ្យស្គាល់ពីសេចក្ដីពិតដូចខាងក្រោម ៖ គ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅក្នុងវត្តមានរបស់ព្រះបានឡើយ) ។
សូមឲ្យសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សម្នាក់កាន់រូបភាពរបស់ព្រះយេស៊ូវ កំពុងនៅក្នុងសួនច្បារគេតសេម៉ានីឡើង (សៀវភៅរូបភាពដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៥៦ សូមមើលផងដែរ LDS.org) ហើយសិស្សម្នាក់ទៀតកាន់រូបភាពនៃការឆ្កាង ( ទំព័រ ៥៧ ) ។ សូមអញ្ជើញសិស្សទីបីអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០-៤២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីអ្វីដែលព្រះវរបិតាសួគ៌ បានប្រទានដល់យើង ដើម្បីយើងអាចយកឈ្នះលើអំពើបាប ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០–៤២ តើអ្វីខ្លះ ដែលធ្វើឲ្យយើងអាចយកឈ្នះលើអំពើបាបបាន ? ( សិស្សអាចឆ្លើយពាក្យផ្សេងៗគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់សេចក្ដីពិតដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខ ហើយត្រូវបានឆ្កាងដើម្បីអំពើបាបនៃមនុស្សគ្រប់រូប ) ។
សូមអញ្ជើញសិស្សដែលកាន់រូបភាពឲ្យពន្យល់អំពីព្រឹត្តការអ្វីក្នុងរូបភាពរបស់ពួកគេ ទាក់ទងនឹងលទ្ធភាពរបស់យើងដើម្បីយកឈ្នះលើឥទ្ធិពលនៃអំពើបាប ។ សូមបង្ហាញរូបភាពនៅលើក្ដារខៀន ដូចបង្ហាញនៅក្នុងឌីយ៉ាក្រាមអមនោះ ។
សូមសរសេរសេចក្ដីយោងបទគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ គ. និង ស. ១៨:២២-២៣;គ. និង ស. ២៥:១៣, ១៥ ។ សូមឲ្យសិស្សធ្វើការជាគូៗ ។ សូមឲ្យដៃគូម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២២-២៣ ហើយសុំឲ្យដៃគូម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣,១៥ ។ សូមឲ្យពួកគេទាំងពីរនាក់រកមើលអ្វីដែលយើងត្រូវតែធ្វើដើម្បីអាចទទួលបានព្រះចេស្ដាលាងសម្អាតនៃដង្វាយធួន ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមអញ្ជើញពួកគេឲ្យចែកចាយនឹងដៃគូរបស់ខ្លួនអំពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលពរជ័យនៃពលិកម្មធួនរបស់ទ្រង់ ? ( ចម្លើយ អាចរួមមាន ការបង្ហាញសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក ការទទួលព្រះវិញ្ញាណបរិសុទ្ធ ការស៊ូទ្រាំនៅក្នុងសេចក្ដីជំនឿ ការរក្សាសេចក្ដីសញ្ញា និងការគោរពបទបញ្ញត្តិ ។ ដូចបានបង្ហាញនៅក្នុងឌីយ៉ាក្រាមបន្ទាប់ សូមគូរព្រួញចេញពីឆ្វេងទៅស្ដាំ កាត់ពីខាងក្រោមរង្វង់ពងក្រពើរ ។ សូមសរសេរចម្លើយរបស់សិស្សឲ្យស្របនឹងព្រួញនោះ ) ។
សូមសង្ខេបចម្លើយរបស់សិស្ស តាមរយៈការថ្លែងទីបន្ទាល់ថា បើយើងគោរពប្រតិបត្តិចំពោះគោលការណ៍ និងពិធីបរិសុទ្ធនានានៃដំណឹងល្អ នោះយើងអាចយកឈ្នះលើអំពើបាប តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា នៅពេលយើងធ្វើ និងរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក នោះយើងត្រូវបានអភ័យទោសដោយក្ដីមេត្តាពីអំពើបាបរបស់យើង បើយើងប្រែចិត្ត ។ បន្ថែមពីលើនោះ តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមានជំនួយជាប្រចាំថ្ងៃក្នុងការដើរនៅលើផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើព្រះបានជួយអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកិច្ចខិតខំប្រចាំថ្ងៃរបស់អ្នក ដើម្បីរស់នៅតាមដំណឹងល្អយ៉ាងដូចម្ដេច ?
ចូរពន្យល់ថា បន្ថែមពីលើអំពើបាប នោះមានឧបសគ្គទីពីរ ដែលយើងត្រូវតែយកឈ្នះ ដើម្បីយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសួរសិស្ស បើពួកគេអាចប្រាប់អំពីឧបសគ្គទីពីរនោះបាន ។
បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសេរ សេចក្ដីស្លាប់ខាងរូបកាយ នៅលើឌីយ៉ាក្រាមនៅជិតនឹងពាក្យ អំពើបាប ។ សូមអញ្ជើញសិស្សម្នាក់ឲ្យពន្យល់ពីអ្វីកើតឡើងចំពោះវិញ្ញាណ និងរូបកាយរបស់យើង បន្ទាប់ពីយើងស្លាប់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៣-៣៤ ឲ្យឮៗ ហើយឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២ ឮៗ ។ សូមសួរសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលចម្លើយចំពោះសំណួរដូចខាងក្រោម ៖
-
តើការបំបែកជានិរន្ដន៍នៃវិញ្ញាណ និងរូបកាយរបស់យើង នឹងក្លាយជាឧបសគ្គមួយ ពុំឲ្យយើងប្រែក្លាយដូចជាព្រះយ៉ាងដូចម្ដេច ? ( សិស្សគួរតែប្រាប់ពីគោលលទ្ធិដូចខាងក្រោម ៖ យើងពុំអាចក្លាយដូចជាព្រះវរបិតាសួគ៌ដោយគ្មានរូបកាយជាសាច់ និងឆ្អឹងនោះទេ ) ។
សូមបង្ហាញសិស្សក្នុងថ្នាក់នូវរូបភាពរបស់ ម៉ារា និងព្រះយេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់ (សៀវភៅរូបភាពសិល្បៈដំណឹងល្អលេខ ៥៩ សូមមើលផងដែរLDS.org) ហើយសុំសិស្សម្នាក់ឲ្យពន្យល់នូវអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាព ។ បន្ទាប់មកសុំឲ្យសិស្សម្នាក់អាន អាលម៉ា ១១:៤២-៤៤ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយប្រាប់នូវអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ដើម្បីយើងអាចយកឈ្នះលើឧបសគ្គនៃសេចក្ដីស្លាប់ខាងរូបកាយ ។
-
ស្របតាមខគម្ពីរទាំងនេះ តើព្រះយេស៊ូវគ្រីស្ទ បានធ្វើអ្វីខ្លះ ដើម្បីប្រាកដថា យើងអាចយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយ ? ( ជួយសិស្សឲ្យប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ដោយសារតែការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់រូប នឹងបានរស់ឡើងវិញ ហើយនឹងរស់នៅជារៀងរហូត ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៤-១៧ ។
-
តើ « សេចក្ដីសង្ឃឹមនៃការរស់ឡើងវិញដ៏រុងរឿង » អាចនាំសេចក្ដីអំណរមកដល់អ្នក និងគ្រួសារអ្នកយ៉ាងដូចម្ដេចខ្លះ ?
សូមរំឭកសិស្សថា ជីវិតអមតៈ គឺជាអំណោយទានមួយ ដែលមនុស្សគ្រប់រូបនឹងទទួលបាន ។ ទោះជាយ៉ាងណា ជីវិតអស់កល្បជានិច្ច គឺជាអំណោយទានរបស់ព្រះអម្ចាស់ ចំពោះតែអ្នកទាំងឡាយណាដែលគោរពតាមច្បាប់ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អទ្រង់ប៉ុណ្ណោះ ។ សូមដាក់រូបភាព ម៉ារា និងព្រះយេស៊ូវគ្រីស្ទដែលបានមានព្រះជន្មរស់ នៅលើក្ដារខៀន ជិតនឹងរូបភាពផ្សេងទៀត ។ សូមសរសេរ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នៅពីខាងលើរូបភាពទាំងបី ។
សូមគូសរង្វង់មួយទៀត នៅពីខាងលើរង្វង់ពងក្រពើរ ហើយដាក់ស្លាកវាថា ជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមគូរព្រួញបញ្ឈរមួយចេញពីចុងព្រួញនៅខាងក្រោមឌីយ៉ាក្រាមទៅរកពាក្យ ជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមឲ្យសិស្សសង្ខេបនូវអ្វីដែលពួកគេបានរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌ ដើម្បីសុភមង្គលរបស់យើង ។ សូមអញ្ជើញពួកគេឲ្យស្វែងរកឱកាសមួយ ដើម្បីបង្រៀនអំពីផែនការនៃសុភមង្គលទៅកាន់សមាជិកគ្រួសារ ឬមិត្តម្នាក់ ។
ដើម្បីបញ្ចប់មេរៀន សូមពន្យល់សិស្សថា នៅក្នុងការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា នោះពួកគេនឹងរៀនសេចក្ដីពិតជាច្រើនទៀត ដែលទាក់ទងទៅនឹងផែនការនៃសុភមង្គល ។ មេរៀននេះ ត្រូវបានបង្ហាញតែទិដ្ឋភាពទូទៅសង្ខេបមួយប៉ុណ្ណោះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលសិស្សក្នុងថ្នាក់បានពិភាក្សាគ្នានៅក្នុងមេរៀននេះ ។
សេចក្តីអធិប្បាយនិង ព័ត៌មានសាច់រឿង
ដង្វាយធួន គឺជាចំនុចចម្បងនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ថា ៖
រូបភាពអែលឌើរ ដាល្លិន អេក អូក« ពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានហៅថាជា ‹ព្រឹត្តការណ៍ដ៏រុងរឿងបំផុតមួយនៃព្រឹត្តការណ៍ទាំងអស់ ចាប់តាំងពីដើមនៃការបង្កបង្កើត រហូតដល់យុគសម័យនៃភាពអស់កល្បជានិច្ចគ្មានទីបញ្ចប់ › ។ [ Bruce R McConkie The Promised Messiah The First Coming of Christ ( ឆ្នាំ ១៩៨១ ) ទំព័រ ២១៨ ] ។…
« ពលិកម្មនោះ—ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ— គឺជាចំណុចចម្បងនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ » («Sacrifice» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១៩ ) ។
មេរៀនទាំងឡាយនៃជីវិតរមែងស្លាប់
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ឧបសគ្គនានាអំឡុងជីវិតរមែងស្លាប់ អាចដុសខាត់យើង ៖
រូបភាពអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន« ការរៀនស៊ូទ្រាំក្នុងគ្រានៃការខកចិត្ត ការរងទុក្ខ និងសោកសៅ គឺជាផ្នែកនៃការបំពាក់បំប៉នការងាររបស់យើង ។ ជាញឹកញាប់ បទពិសោធន៍ទាំងនេះហាក់បីដូចជាពិបាកទ្រាំទ្រ តែវាក៏ជាប្រភេទនៃបទពិសោធន៍ជាក់លាក់ ដែលពង្រីកការយល់ដឹងរបស់យើង ស្ថាបនាចរិកលក្ខណៈរបស់យើង ហើយបង្កើនសេចក្ដីមេត្តារបស់យើងចំពោះអ្នកដទៃ » (Come What May, and Love It » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ ) ។
ព្រះគម្ពីរមរមន បង្រៀនថា គោលបំណងមួយនៃគោលបំណងនានានៃជីវិតរមែងស្លាប់ គឺដើម្បីទទួលពិសោធន៍នៃក្ដីអំណរ៖ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » (នីហ្វៃទី ២ ២:២៥) ។
ព្រះវរបិតាសួគ៌រង់ចាំការវិលត្រឡប់របស់យើង
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងទីបន្ទាល់អំពីព្រះទ័យប្រាថ្នារបស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ម្នាក់ៗ ឲ្យវិលត្រឡប់ទៅវត្តមានទ្រង់វិញថា ៖
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន« យើងស្វែងរកសិរីល្អសេឡេស្ទាល ។ យើងមានបំណងរស់នៅក្នុងទីវត្តមានរបស់ព្រះ ។ យើងចង់បានសមាជិកភាពដែលមានគ្រួសារដ៏អស់កល្បជានិច្ច ។ ពរជ័យដូច្នេះ គឺត្រូវបានទទួលមកតាមរយៈការស្វែងរក ការព្យាយាម ការប្រែចិត្តពេញមួយជីវិត ហើយទីបំផុតទទួលបានជោគជ័យ ។
« ព្រះវរបិតាសួគ៌របស់យើងរីករាយចំពោះអ្នកទាំងឡាយដែលរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ទ្រង់ក៏ព្រួយព្រះទ័យចំពោះកូនដែលវង្វេង, យុវវ័យយឺតយ៉ាវ, យុវវ័យចចេស និង ឪពុកម្ដាយគ្មាន ការទទួលខុសត្រូវផងដែរ ។ លោកចៅហ្វាយមានបន្ទូលដោយទន់ភ្លន់ទៅអ្នកទាំងនេះ ប្រាកដណាស់ ចំពោះមនុស្សទាំងអស់ថា ៖ «សូម ត្រឡប់មកវិញ ។ ត្រឡប់មក ។ មករកយើងចុះ ។ សូមមកផ្ទះ ។ សូមមកតាមខ្ញុំ › ។
«…ក្នុងនាមជាសាក្សីពិសេសរបស់ទ្រង់ ខ្ញុំសូមថ្លែងទីបន្ទាល់ដល់អ្នកថា ទ្រង់មានព្រះជន្មរស់ ហើយថាទ្រង់រង់ចាំយើងឲ្យត្រឡប់ទៅវិញដោយជោគជ័យ » (« The Race of Life »Ensign ឬ លីអាហូណា ខែឧសភា ឆ្នាំ ២០១២ ទំព័រ ៩៣ ) ។
« ប្រែក្លាយជាអ្វីដែលព្រះវរបិតាសួគ៌ មានព្រះរាជបំណងចង់ឲ្យយើងប្រែក្លាយ »
អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា ៖
រូបភាពអែលឌើរ ដាល្លិន អេក អូក« ការជំនុំជំរះចុងក្រោយ គឺពុំគ្រាន់តែជាការវាយតម្លៃមួយនៃការបូកសរុបនៃសកម្មភាពល្អ និងសកម្មភាពអាក្រក់--ដែលយើងបានធ្វើប៉ុណ្ណោះនោះទេ ។ វាជាការទទួលស្គាល់មួយអំពីឥទ្ធិពលនៃទង្វើ និងគំនិតរបស់យើងនៅចុងបំផុត—ជាអ្វីដែលយើងបាន ប្រែក្លាយ ។ វាមិនគ្រប់គ្រាន់ទេសម្រាប់នរណាម្នាក់ ដែលគ្រាន់តែធ្វើអ្វីមួយដោយគ្មានការគិតពិចារណាអំពីវានោះ ។ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទំាងឡាយ នៃដំណឹងល្អ គឺមិនមែនជាបញ្ជីនៃការដាក់ប្រាក់ ដែលតម្រូវឲ្យដាក់នៅក្នុងគណនីសួគ៌ាមួយចំនួននោះទេ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផែនការមួយដែលបង្ហាញយើងពីរបៀបដើម្បីប្រែក្លាយជាអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងប្រែក្លាយ » (The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២)។
តើជីវិតអមតៈ និងជីវិតអស់កល្បជានិច្ចខុសគ្នាយ៉ាងដូចម្តេច ?
អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បានបង្រៀនថា ៖
រូបភាពអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន« ជីវិតដ៏នៅអស់កល្បជានិច្ច…គឺជាអ្វីមួយដែលខុសពី [ ជីវិតអមតៈ ] ទាំងស្រុង ។ ជីវិតអមតៈគឺគិតអំពីចំនួន ។ ជីវិតអស់កល្បជានិច្ច គឺគិតអំពីគុណភាព ។
« ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាចំណុចខ្ពស់បំផុតនៃជីវិត ។ ក្នុងនាមជាកូនចៅខាងវិញ្ញាណរបស់ព្រះ បងប្អូន និងខ្ញុំ គឺជាអ្នកទទួលមរតកចំពោះជោគវាសនាដែលពុំអាចកាត់ថ្លៃបាននេះ ជាអ្នកផ្ដល់ប្រយោជន៍ចំពោះអនាគតដ៏រុងរឿងមួយ ជាអ្នកទទួលព្រះគុណ ។
« បើជីវិតអមតៈ គឺជាកិច្ចការរបស់ព្រះ នោះជីវិតដ៏នៅអស់កល្បជានិច្ច គឺជាសិរីល្អរបស់ព្រះ » ( « តើជីវិតអមតៈ និង ជីវិតអស់កល្បជានិច្ចខុសគ្នាយ៉ាងដូចម្តេច ? ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ ) ។