ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥៩ ៖ ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក


មេរៀនទី ១៥៩

ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក

បុព្វកថា

នៅថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​កា​រប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ណែនាំ​អំពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ សេចក្ដីប្រកាស​នេះ ចេញមកពី​គណៈ​ប្រធាន​ទីមួយ និងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ប្រកាស​ទៅកាន់ពិភពលោក​អំពី​បទដ្ឋាន និងគោលលទ្ធិ​របស់ព្រះអម្ចាស់​អំពី​ក្រុមគ្រួសារ ។ សេចក្ដី​ប្រកាស​ក៏​ផ្ដល់​នូវការ​ទូន្មាន​ផងដែរ សម្រាប់ជា​ការ​ពង្រឹង​ដល់ក្រុមគ្រួសារ និង​ការព្រមាន​អំពី​លទ្ធផល​នៃ​ការបែកបាក់​ក្រុមគ្រួសារ ។

កំណត់ចំណាំ ៖ សូម​ប្រាកដ​ថា​សិស្ស​ម្នាក់​ៗ​មានអត្ថបទ «ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »មួយច្បាប់ ។ ឯកសារ​នេះ អាច​រកបាន​នៅទំព័រ ១២៩ នៃ​ទស្សនាវដ្ដី Ensignលីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០១០, នៅក្នុងកូនសៀវភៅ កាតព្វកិច្ចចំពោះ​ព្រះ និង ការ​អភិវឌ្ឍ​ខ្លួន និង​នៅក្នុងកូនសៀវភៅ ពិតចំពោះ​សេចក្ដីជំនឿក្រោម​ពាក្យ «គ្រួសារ » និង​នៅ LDS.org។ អ្នក​ក៏អាច​រក​ឃើញសំណៅនៃ​សេចក្ដីប្រកាស​អំពីគ្រួសារនៅក្នុង​សេចក្ដីបន្ថែម​នៃសៀវភៅ​សិក្សានេះ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានចេញ​សេចក្ដីប្រកាស​មួយ​ទៅកាន់​ពិភពលោក​ អំពី​ក្រុមគ្រួសារ ។

ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរ ពាក្យ និង​ឃ្លាទាំងឡាយ ដូច​ខាង​ក្រោម​ នៅលើ​ក្ដារខៀន ៖

សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ

ការលែងលះគ្នា

អាពាហ៍ពិពាហ៍​ភេទដូចគ្នា

ភេទ

ការ​មានកូន

ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍

តួនាទី​របស់​ម្ដាយ

តួនាទី​របស់ឪពុក

ការ​ពន្លូតកូន

សូម​ចាប់ផ្ដើម​បង្រៀន​ដោយសួរសំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មាន​អ្នករាល់គ្នា​ប៉ុន្មាននាក់​ដែល​មាន​សំណួរ ឬ​បានដឹង​ថា​នរណា​ម្នាក់​មានសំណួរ​ទាក់ទង​នឹង​វិបត្តិមួយ ឬ​ច្រើន​នៅខាង​លើ​ក្ដារខៀន​នេះ សូមលើកដៃ ?

  • តើយើងអាច​រក​ឃើញ​ការ​ណែនាំ​របស់​ព្រះអម្ចាស់ អំពី​ប្រធាន​បទទាំងនេះ​នៅឯណា ?

សូមចែកចាយ​សំណៅ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដល់​សិស្ស ។ ( អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​លេខ​ត្រង់​កថាកណ្ឌក្នុងសេចក្ដីប្រកាស ដើម្បីពួកគេអាចផ្ទៀងតាមដោយងាយស្រួល នៅពេលអ្នក​យោងទៅលើកថា​កណ្ឌ​ផ្សេងៗ ) ។ សូម​ពន្យល់​ថា ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាស​អំពី​សេចក្ដីប្រកាស​នេះ​នៅថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ១៩៩៥ នៅ​ក្នុងការ​ប្រជុំ​សមាគម​សង្គ្រោះទូទៅ​មួយ ។ មុនពេលប្រធាន ហ៊ិងគ្លី អាន​សេចក្ដីប្រកាស​នេះ លោក​បាន​ថ្លែង​អំពីមូលហេតុ​មួយចំនួន​ថា​ហេតុអ្វី​ក៏ពិភពលោក​ត្រូវការ​នូវសេចក្ដីពិត​ទាំងឡាយក្នុង​សេចក្ដីប្រកាស​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ហ៊ិងគ្លី ឲ្យ​ឮៗ ៖ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​មូលហេតុ​ដែលពិភពលោក​ត្រូវការ​ចាំបាច់​នូវ​សេចក្ដីប្រកាស​នេះ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« មាន​សេច​ក្ដី​ពុំទៀងត្រង់ជាច្រើន​ត្រូវ​បាន​បង្ហាញ​ថាជា​សេចក្ដីពិត ដោយមាន​នូវការ​បោកបញ្ឆោត​ដ៏ច្រើន​អំពី​បទដ្ឋាន និងគុណតម្លៃ ហើយមាន​នូវការទាក់ទញចិត្ត និង​ការ​ល្បួង​យ៉ាង​ច្រើន​ដែល​បានដុះ​ស្នឹម​ក្នុងពិភពលោកបន្តិចម្តង ៗ ដែលយើង​បាន​មាន​អារម្មណ៍​ថា​ត្រូវធ្វើការ​ព្រមាន ហើយ​ព្រមានទុកជាមុន ។ បន្ថែមពី​លើ​នេះ យើង​ជាគណៈប្រធានទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឥឡូវ​នេះ​បានចេញ​នូវ​សេចក្ដីប្រកាស​មួយ​ចំពោះសាសនាចក្រ និង​ពិភពលោក​ ជា​សេចក្ដីប្រកាស និងការ​បញ្ជាក់ជា​ថ្មី​អំពី​បទដ្ឋាន គោលលទ្ធិ និង​ការ​អនុវត្ត​ទាំងឡាយ ដែលទាក់ទង​ទៅនឹង​ក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ​នៃ​សាសនាចក្រ បាន​ថ្លែង​ដដែលៗ​នៅពេញប្រវត្តិ​សាសនាចក្រ » («Stand Strong against the Wiles of the World,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ) ។

  • ហេតុអ្វីក៏សេចក្ដីប្រកាសនេះត្រូវបានចេញ​ឲ្យ​ដល់​សាសនាចក្រផង និងពិភពលោក​ផងដូច្នេះ ?

សូម​ពន្យល់​ថា នៅពេល​យើង​សិក្សា « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » យើង​អាច​ទទួលបាន​ចម្លើយ​ចំពោះ​សំណួរជាច្រើនស្ដីអំពីគ្រួសារ ។ ដើម្បីជួយសិស្ស​ស្គាល់ពីគោលលទ្ធិ ដែលនឹង​ជួយពួកគេ​ឲ្យ​យល់កាន់តែ​ច្បាស់​បន្ថែមទៀតអំពីប្រធាន​បទ​ដែលបានរៀបរាប់​នៅលើ​ក្ដារខៀន សូម​អញ្ជើញសិស្ស​ប្រាំ​នាក់ឲ្យផ្លាស់វេន​គ្នា​អាន​ឲ្យឮៗ​ចេញមកពី​កថាកណ្ឌ ១-៥ នៃ​សេចក្ដីប្រកាស ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយស្វែងរក​គោលលទ្ធិ​ដែល​ទាក់ទង​នឹង​ប្រធាន​បទ​នៅលើ​ក្ដារខៀន ។ សូម​ឈប់​បន្ទាប់ពីអានមួយកថាកណ្ឌ​ម្ដង ដើម្បីអនុញ្ញាត​ឲ្យ​សិស្ស​រាយការណ៍នូវ​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យគូស​ចំណាំ​គោលលទ្ធិ ដែល​ពួកគេ​រកឃើញ​នៅលើ​សេចក្ដីប្រកាស​អំពីក្រុម​គ្រួសារ​របស់ពួកគេ ។

នៅពេលសិស្ស​រាយការណ៍ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀនអំពី គោលលទ្ធិ​ដែលពួកគេ​ស្គាល់។ សិស្ស​អាច​ប្រាប់ ហើយ​សរសេរ​នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖

អាពាហ៍ពិពាហ៍​រវាង​បុរស​ និង ស្ត្រី​គឺ​តែងតាំង​ឡើង​ដោយ​ព្រះ កថាកណ្ឌទី ១] ។

គ្រួសារ គឺជា​ផ្នែកសំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​កថាកណ្ឌទី ១]។

ភេទ​ប្រុស​ស្រី គឺ​ជា​លក្ខណៈពិសេសនៃ​អត្តសញ្ញាណ​និង គោលបំណងសំខាន់​មួយនៃ​បុគ្គល​ម្នាក់ៗ ចាប់​តាំង​ពី​មុន​កើត​មក​ ជីវិតនេះ ជីវិត​រមែង​ស្លាប់ និង នៅ​អស់​កល្ប​ជានិច្ចកថាកណ្ឌទី ២]។

ផែនការ​នៃ​សុភមង្គល ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្រុមគ្រួសារ​ចេះ​តែ​បន្ដ​រហូត​ហួស​ពី​សេចក្ដីស្លាប់កថាកណ្ឌទី ៣]។

បទបញ្ញត្តិ​របស់ព្រះសម្រាប់​ប្តី និង ប្រពន្ធ ដើម្បី​បង្កើត​កូនចៅ​ឲ្យចម្រើន​ជា​ច្រើនឡើង​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី នោះ​នៅតែ​ឲ្យប្រតិបត្តិ​នៅឡើយកថាកណ្ឌទី ៤] ។

ព្រះបាន​បញ្ជា​ឲ្យ​រក្សា អំណាចដ៏​ពិសិដ្ឋ​នៃ​ការ​បង្កើតកូនចៅ ប្រើបាន​សម្រាប់តែ​រវាង​តែ​បុរសម្នាក់ និង​ស្ត្រីម្នាក់ ដែលបាន​រៀបអាពាហ៍ពិពាហ៍​យ៉ាង​ពេញ​ច្បាប់​ជា​ប្ដី​ និង​ប្រពន្ធ​ប៉ុណ្ណោះ [ កថាកណ្ឌទី ៤] ។

ការ​បង្កបង្កើត​ជីវិត​រមែងស្លាប់ គឺជា​ផ្នែក​មួយដ៏ពិសិដ្ឋ និ​ង​សំខាន់​នៃ​ផែនការ​របស់ព្រះវរបិតាសួគ៌ [ កថាកណ្ឌទី ៣ និង ៥ ] ។

នៅពេលសិស្ស​រាយការណ៍​គោលលទ្ធិនិមួយៗ​ដែលពួកគេ​បាន​ស្គាល់ សូម​ប្រើ​សំណួរ​មួយ ឬ​ច្រើនដូច​ខាង​ក្រោម​ដើម្បី​សួរ​តាមដាន ដើម្បីជួយ​ដល់ពួកគេ​យល់​គោលលទ្ធិ​កាន់តែ​ច្បាស់ ។

  • តើ​គោលលទ្ធិ​នេះ ទាក់ទង​នឹង​ប្រធាន​បទ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ដើម្បី​យល់​អំពី​គោលលទ្ធិ​នេះ ?

  • តើ​ការ​យល់ដឹង និងការ​ជឿ​ទៅលើ​គោលលទ្ធិនេះ អាច​មានឥទ្ធិពល​ទៅលើ​ការ​សម្រេចចិត្ត​ដែលអ្នក​ធ្វើ​យ៉ាង​ដូចម្ដេច ?

បើសិស្ស​ពុំ​ប្រាប់​អំពីគោលលទ្ធិណា​មួយ​ដែលបាន​រៀបរាប់ខាង​លើ​ទេ សូមជួយ​ពួកគេ​រកកន្លែង​នោះ ហើយពិភាក្សា​វា ។

សេចក្ដីប្រកាស​អំពីក្រុមគ្រួសារ ជួយ​យើង​ស្ថាបនា​ក្រុមគ្រួសារ​ដោយជោគជ័យ ។

​សូមអញ្ជើញសិស្ស​ឲ្យគិតអំពី​អ្វី​ដែលពួកគេ​ចង់​ឲ្យក្រុមគ្រួសារ​នា​ពេលអនាគត​របស់ពួកគេប្រែក្លាយ ។

  • តើ​សកម្មភាព​ ចរិតលក្ខណៈ អាកប្បកិរិយា និង​ជំនឿ​ប្រភេទ​ណា ដែលអ្នកគិត​ថា​នឹង​នាំ​សុភមង្គល​កើតមានដល់​ក្រុមគ្រួសារ​នាពេលអនាគត​របស់អ្នក ?

សូម​បែងចែក​សិស្សឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ។ សូម​អញ្ជើញ​ក្រុមនិមួយៗ​អានកថាកណ្ឌទី ៦-៧ ក្នុង​សេចក្ដីប្រកាស​អំពីក្រុមគ្រួសារ​ឲ្យឮៗ​ជា​មួយគ្នា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែលអាច​ជួយពួកគេ​សម្រេច​បានសុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគេ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម​ទៅដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ៖

  • តើសុភមង្គល​នៅក្នុង​ក្រុមគ្រួសារអាច​សម្រេច​ទៅបាន​ល្អ​បំផុត​យ៉ាង​ដូចម្ដេច ? (សិស្ស​គប្បី​ប្រាប់នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ សុភមង្គលនៅក្នុង​ជីវិត​គ្រួសារ​អាច​សម្រេច​ទៅបាន​ល្អ​បំផុត នៅ​ពេលផ្ដោត​ទៅលើ​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលកាណ៍​នេះ នៅក្នុងច្បាប់​នៃ​សេចក្ដីប្រកាស​អំពីក្រុមគ្រួសារ​របស់​ពួកគេ ) ។

  • ស្របតាម​កថាកណ្ឌទី ៦ និង ៧ តើ​គោលការណ៍​មួយចំនួនណាខ្លះ ដែល​ជួយ​ក្រុមគ្រួសារ​រកបាន​សុភមង្គល ? ( សូម​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្តារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិភាក្សា​អំពីសំណួរ​ដូច​ខាង​ក្រោមជាមួយគ្នា​នៅក្នុង​ក្រុមតូចៗ​របស់ពួកគេ ។ សូម​ផ្ដល់​ដល់​ក្រុមនីមួយៗ​នូវ​ច្បាប់​ចម្លង​នៃ​សំណួរ ឬ​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន ។

តើ​គំរូអ្វី​ខ្លះ​ដែលអ្នកបាន​មើល​ឃើញ​ក្រុមគ្រួសារ​បាន​ធ្វើតាម​ការបង្រៀន​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ?

ហេតុអ្វី​អ្នកគិត​ថា​ក្រុមគ្រួសារ​ដែល​ធ្វើតាម​ការ​បង្រៀនទាំងនេះ​គឺ​ទំនង​ជា​មានភាព​សប្បាយរីករាយ​ច្រើន​ដូច្នេះ ?

កំណត់ចំណាំ ៖ ដោយសារ​តែ​ភាព​រំញោច និងលក្ខណៈ​នៃ​ទំនាក់ទំនង​ក្រុម គ្រួសារ​មានភាព​ផ្សេងគ្នា សូម​កុំ​អញ្ជើញ​សិស្ស​ដែល​ពិភាក្សា​អំពីសកម្មភាព​ដូច​ខាងក្រោម​ឮៗឡើយ ។ តែ​ផ្ទុយទៅវិញ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​នឹកគិត​ទៅលើ​ការ​បង្រៀនទាំងនេះ​ដោយខ្លួនគេម្នាក់ៗ ហើយពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​កែលម្អ ។

បន្ទាប់ពី​ក្រុម​មានពេលពិភាក្សា​គ្នា​អំពីសំណួរ​ទាំងឡាយ​ហើយ សូម​ឲ្យសិស្ស​ពិចារណា​អំពី​ការបង្រៀនណាមួយ នៃការបង្រៀន​ទាំងនេះ​ ដែលពួក​គេ​រស់នៅ​តាម​ ក្នុងក្រុមគ្រួសា​រ​របស់ពួកគេ និង​ពី​របៀប​ដែលអាច​បន្ថែម​សុភមង្គល​ដល់​ក្រុមគ្រួសារ​របស់ពួកគេ ។ សូម​អញ្ជើញសិស្ស​ឲ្យគិត​ពិចារណា​ថា​តើការ​បង្រៀន​ណា​មួយ នៅក្នុង​សេចក្ដីប្រកាស​នេះ ដែល ពួកគេ​អាច​រស់នៅតាម​បានល្អ​ប្រសើរ​ ក្នុងការ​ខិតខំ​ដើម្បី​នាំ​ឲ្យមានសុភមង្គល​ចំពោះ​ពួកគេ និង​ក្រុមគ្រួសារ​ពួកគេ​កាន់តែ​ខ្លាំង​ឡើង ។ អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវគោលដៅ​មួយ អំពី​របៀប​ដែលពួកគេ​ដាក់ផែនការ​រស់នៅ​តាម​ការ​បង្រៀនទាំងនេះ​នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគេ​កាន់តែ​ល្អប្រសើរ ។

បើ​មានពេល សូម​ជ្រើសរើស​សំណួរ​មួយ ឬ​ច្រើនដូច​ខាង​ក្រោម ដើម្បីពិភាក្សា​ជា​រួម ៖

  • នៅពាក់កណ្ដាលចុងក្រោយនៃកថាកណ្ឌទី ៧ តើ​ការទទួលខុសត្រូវ​របស់​ឪពុក​មាន​អ្វីខ្លះ ? តើ​អ្នកបានមើលឃើញ​ឪពុក​អ្នក ឬ​ឪពុក​ដទៃទៀត បានបំពេញ​តាម​ការ​ទទួលខុសត្រូវ​ទាំងនេះ​តាម​វិធីណា​ខ្លះ ?

  • នៅ​ពាក់កណ្ដាលចុងក្រោយនៃកថាកណ្ឌ ទី ៧ តើ​ការទទួលខុសត្រូវចម្បង​របស់​ម្ដាយ​មាន​អ្វីខ្លះ ? តើ​អ្នកបានមើលឃើញ​ម្ដាយ​អ្នក ឬម្ដាយ​ដទៃទៀត បានបំពេញ​តាម​តួនាទីនេះ​តាម​វិធីណា​ខ្លះ ?

  • តើ​ទំនួលខុសត្រូវ​ទាំងនេះ​ត្រូ​វបាន​ផ្ដល់​ឲ្យ​ដោយ « បាន​តែងតាំង​ឡើង​ដោយព្រះ » មានន័យ​យ៉ាងណា ? ( វា​ត្រូវ​បាន​បង្កើតឡើង​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង ) ។ ហេតុអ្វី​ក៏អ្នកគិត​ថា កិច្ចការ​នេះ​សំខាន់​ដើម្បី​យល់ដឹង ?

  • តើឃ្លា​ណា​មួយនៅក្នុង​កថាកណ្ឌទី ៧ ដែលជួយ​យើងឲ្យ​យល់​អំពី​របៀប​ដែល​ឪពុក និង​ម្ដាយ​ គឺ​ត្រូវ​ជួយគ្នាទៅវិញទៅមក​ ? ( សិស្ស​គប្បី​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ ឪពុក និង​ម្ដាយ​មានកាតព្វកិច្ច​ដើម្បីជួយគ្នាទៅវិញទៅមក ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ការទទួលខុសត្រូវ​ក្នុងគ្រួសារ​របស់ពួកគេ )

  • ហេតុអ្វី​ក៏អ្នក​គិត​ថា វា​សំខាន់​អ្វីម្ល៉េះ សម្រាប់ម្ដាយ និង​ឪពុក​ដើម្បី​យល់​ថា ពួកគេ​ជា​ដៃគូ​ស្មើភាព​គ្នា​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​នូវ​របៀប​ដែលពួកគេ​បានមើលឃើញ​ម្ដាយ និងឪពុក​ធ្វើការ​ជាមួយគ្នា ជា​ដៃគូ​ស្មើភាព ។

នៅពេលសិស្ស​ពិភាក្សា​អំពី​តម្រូវការ​ចំពោះឪពុក និង​ម្ដាយដើម្បី​គាំទ្រ​ដល់គ្នា​ទៅវិញទៅ​មក នោះអ្នក​អាចនឹង​ចង់បង្វែរ​ចំណាប់អារម្មណ៍​របស់ពួកគេ​ ទៅយកចិត្ត​ទុកដាក់លើ​ប្រយោគ​ដូចខាងក្រោម​នៅជិត​ចុងបញ្ចប់​កថាកណ្ឌទី ៧ ៖ « អសមត្ថភាព មរណភាព ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ » ។ សូម​អះអាង​នឹង​សិស្ស​ថា ព្រះអម្ចាស់​បានញាណដឹង​អំពីស្ថានភាព​ទាំងនេះ​ ហើយ​ថា​ទ្រង់​ប្រទានពរ​ដល់ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ នៅពេល​ពួកគេ​ខិតខំ​បំពេញតាម​កាតព្វកិច្ចរបស់​ពួកគេ ។

  • ស្របតាម​ប្រយោគ​ចុង​ក្រោយ​នៃ​កថាកណ្ឌទី ៧ តើ​មាននរណា​ផ្សេងទៀត អាច​ជួយដល់​ម្ដាយ និងឪពុក​នៅក្នុង​ទំនួលខុសត្រូវ​របស់ពួកគេ ? ( សាច់ញាតិ​ក្រុមគ្រួសារ។ អ្នកអាច​ចង្អុល​បង្ហាញ​ថា កូនៗ​ក៏អាច​ជួយឪពុក​ម្ដាយរបស់ពួកគេ​ផងដែរ ។)

សូម​ពន្យល់​ថា​គ្រប់គ្រួសារ មាន​ភាពលំបាក​រៀងៗ​ខ្លួន ប៉ុន្តែ​គ្រួសារ​ទាំង​នោះ អាច​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្វែងរក​សុភមង្គល​បាន ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន​កថាកណ្ឌ​ទី ៨ និង ៩ អំពីសេចក្ដីប្រកាស​ក្រុមគ្រួសារ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ ស្វែងរក​នូវ​អ្វីដែល​នឹ​ងកើតឡើង​ បើសិនជា​យើង​ពុំ​បំពេញ​តាម​ទំនួលខុសត្រូវ​របស់​យើង​នៅក្នុងក្រុមគ្រួសារ​យើងនោះ ។

  • តើអ្វីខ្លះ​នឹង​កើតឡើង​ បើយើង​បដិសេធ​ទំនួលខុសត្រូវ​ក្នុងគ្រួសារ​របស់​យើង ? (​សិស្ស​គប្បី​បង្ហាញ​អារម្មណ៍​ថា ព្រះអម្ចាស់​នឹងធ្វើ​ឲ្យយើង​ទទួលខុសត្រូវ បើយើង​ពុំ​បំពេញ​តាម​ទំនួលខុសត្រូវ​របស់​យើង​នៅក្នុង​ក្រុមគ្រួសារ​នោះ​ទេ ។ ពួកគេ​អាច​ចង្អុល​បង្ហាញ​ផងដែរ​ថា ការបែកបាក់​ក្រុមគ្រួសារ នឹង​នាំ​ទៅរកគ្រោះមហន្តរាយ ) ។

  • តើទំនួលខុសត្រូវ​អ្វីខ្លះ ដែល​អ្នកគិត​ថា​ កូនចៅ​មាននៅក្នុង​គ្រួសារ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​បំពេញ​ទំនួលខុសត្រូវ​របស់ពួកគេ នៅក្នុង​ក្រុមគ្រួសារ ។ បើអ្នក​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គោលដៅ​មួយ​ ដើម្បីរស់នៅ​ឲ្យកាន់​តែ​ល្អប្រសើរ តាម​ការ​បង្រៀន​មកពី​សេចក្ដីប្រកាស​អំពីក្រុមគ្រួសារ​ នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់ នៅពេលពួកគេ​ព្យាយាម​ដើម្បី​សម្រេច​គោលដៅរបស់ពួកគេ ។

សូមបញ្ចប់​ដោយ​ការសុំ​ឲ្យ​សិស្ស​ពីរបីនាក់ចែកចាយ​ទីបន្ទាល់​របស់ពួកគេ អំពី​សេចក្ដីពិតណា​ក៏ដោយ ដែល​ត្រូវបានបង្រៀន​នៅក្នុង​មេរៀននេះ​ ។ អ្នក​ក៏អាច​ចែកចាយ​ទីបន្ទាល់របស់​អ្នកផងដែរ​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៅក្នុង​សេចក្ដីប្រកាស​អំពី​ក្រុមគ្រួសារ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់

​ដកស្រង់​វគ្គ​បទគម្ពីរ​ចំនួនពីរ​ចេញ​មកពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក»​ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ សំខាន់​នៅក្នុង​ផែនការ​របស់ព្រះវរបិតាសួគ៌ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អាពាហ៍ពិពាហ៍សុចរិត គឺជា​បទបញ្ញត្តិ​មួយ ហើយ​ជា​ជំហាន​ដ៏សំខាន់​មួយ​នៅក្នុង​ដំណើរ​ការ​នៃការ​បង្កើត​ទំនាក់​ទំនង​គ្រួសារ​ជាទីស្រឡាញ់ ដែលចេះតែ​បន្ត​រហូត​ ហួស​ពី​សេចក្តី​ស្លាប់ ។

« មូលហេតុ​ខាង​គោលលទ្ធិ​ដ៏​រំភើបចំនួន​ពីរ ជួយ​យើង​យល់​អំពី​មូលហេតុ​ដែលអាពាហ៍ពិពាហ៍​ដ៏អស់កល្បជានិច្ច​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតា ។

« មូលហេតុទី ១ ៖ ធម្មជាតិ​នៃវិញ្ញាណ​ភេទប្រុស និងភេទ​ស្រី បំពេញកង្វះគ្នាទៅវិញទៅមក និង​ជួយគ្នាទៅវិញទៅ​មក​ឲ្យ​ល្អ​ឥតខ្ចោះ ហេតុដូច្នោះ​ហើយ បុរស និង​ស្ត្រី គឺមានបំណង​ចង់​រីកចម្រើន​ទៅជាមួយ​គ្នា​ឆ្ពោះ​ទៅរក​ភាព​តម្កើងឡើង ។

លក្ខណៈ​ដ៏អស់កល្បជានិច្ច និង​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​អាច​ត្រូវ​បាន​យល់​ដឹង​ពេញ​លេញ តែ​នៅក្នុង​បរិបទ​ដ៏រុង​រឿង​នៃ​ផែនការ​របស់ព្រះវរបិតាសម្រាប់​កូនចៅ​របស់​ទ្រង់​ប៉ុណ្ណោះ ។…

« ‹ភេទ​ប្រុស​ស្រីគឺជាលក្ខណៈពិសេស​នៃ​អត្ថសញ្ញាណ និងគោលបំណងសំខាន់មួយ​នៃ​បុគ្គល​ម្នាក់ៗចាប់​តាំង​ពីជីវិតមុន​ ជីវិត​នេះ ហើយ​ដល់អស់កល្បជានិច្ច › ហើយ​នៅក្នុង​រង្វាស់​ដ៏ធំ វា​កំណត់​ថា​យើងគឺជា​នរណា ហេតុអ្វី​យើង​នៅ​លើ​ផែនដីនេះ ហើយ​តើ​យើងធ្វើ​អ្វី និង​ប្រែក្លាយទៅជា​អ្វី ។ សម្រាប់គោលបំណង​ដ៏ទេវភាព វិញ្ញាណ​ភេទប្រុស និងភេទស្រី គឺខុសគ្នា ហើយ​ច្បាស់លាស់ និង​បំពេញ​ឲ្យគ្នាទៅវិញទៅមក ។

« បន្ទាប់ពីផែនដី​ត្រូវ​បាន​បង្កើតឡើង អ័ដាម ត្រូវ​បាន​ដាក់នៅក្នុង​សួនច្បារ​អេដែន ។ សំខាន់បំផុត ព្រះបានមានបន្ទូលថា វា ‹មិនល្អ​ទេ​ដែល​បុរស​នេះ​ត្រូវ​នៅ​តែ​ម្នាក់​ឯង › (លោកុប្បត្តិ ២:១៨,ម៉ូសេ ៣:១៨) ហើយ​អេវ៉ា បានក្លាយទៅជា​ដៃគូ​ និង​អ្នកជំនួយ​របស់អ័ដាម ។ ការ​រួមបញ្ចូលគ្នា​ដ៏ពិសេស​នៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ មនសិការ និង​សតិ​អារម្មណ៍​របស់​មនុស្ស​ទាំង​ប្រុស និង​ស្រី គឺត្រូវការ​ជាចាំបាច់​ដើម្បី​អនុវត្ត​នៅក្នុងផែនការ​នៃ​សុភមង្គល ។​ បើ​តែ​ឯកឯង មិនថា​បុរស ឬ​ស្ត្រី​ទេ គេពុំអាច​បំពេញ​គោលបំណង​នៃ​ការ​បង្កបង្កើត​របស់​ពួកគេ​បានឡើយ ។

« តាម​ផែនការ​របស់ព្រះ បុរស និង​ស្ត្រី គឺ​មានបំណង​ដើម្បី​រីកចម្រើន​ជាមួយគ្នា​ឆ្ពោះទៅរក​ភាព​ល្អ​ឥតខ្ចោះ និងភាពពេញលេញនៃ​សិរីល្អ ។ ដោយសារ​ភាពខុសគ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន បុរស និង ស្ត្រី​គ្រប់រូប​នាំ​មក​កាន់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នូវ​ទស្សនវិស័យ និង បទពិសោធន៍​ដ៏​ពិសេស ។ បុរស និង​ស្ត្រី​បរិច្ចាគ​ផ្សេងៗគ្នា ប៉ុន្តែ​ស្មើភាព​គ្នា​ដើម្បី​មានភាព​តែមួយ និង​សាមគ្គីភាព​ ដែល​ពុំអាច​សម្រេច​បាន​តាម​របៀប​ផ្សេង​នោះទេ ។ បុរស​បំពេញ និង​ធ្វើ​ឲ្យ​ស្រ្ដី​បាន​គ្រប់លក្ខណ៍ ហើយ​ស្ត្រីបំពេញ និង​ធ្វើ​ឲ្យបុរស​បាន​គ្រប់លក្ខណ៍ នៅពេលពួកគេ​រៀនពីគ្នា ហើយពង្រឹង និង​ប្រទានពរ​ដល់គ្នាទៅវិញទៅមក​នោះ ។ ‹ ប៉ុន្តែ ក្នុង​ព្រះអម្ចាស់​នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ ។(កូរិនថូស​ទី ១ ១១:១១; បន្ថែម​អក្សរទ្រេត) ។

« មូលហេតុ​ទី ២ ៖ តាម​ផែនការ​របស់ព្រះ បុរស​ម្នាក់ និងស្ត្រី​ម្នាក់ ចាំបាច់​ត្រូវ​នាំ​កូនចៅ​មក​ក្នុង​ជីវិតរមែង​ស្លាប់ ហើយ​ផ្ដល់​នូវ​ជម្រក​សម្រាប់​ចិញ្ចឹម និង​បីបាច់រក្សា​កូនៗ​ឲ្យ​ល្អបំផុត ។

« បទបញ្ញត្តិ​ត្រូ​វបាន​ប្រទាន​តាំង​ពីបុរាណ​ដល់​អ័ដាម និង​អេវ៉ា ដើម្បី​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែនដី​ នៅតែ​បន្ដ​មាន​សព្វថ្ងៃនេះ ។ « ព្រះទ្រង់បានបញ្ជា​ថា អំណាច​ដ៏ពិសិដ្ឋ​នៃ​ការបង្កើតកូនចៅ​គឺ​ត្រូវ​ប្រើ​បានសម្រាប់​តែរវាងប្រុស ស្រី ដែលបានរៀប​អាពាហ៍​ពិពាហ៍​ពេញ​ច្បាប់ ជាប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។… មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​មនុស្ស នោះបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ ដូច្នេះ អាពាហ៍ពិពាហ៍រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ គឺ​ជា​ច្រក​ដែល​ត្រូវ​បាន​អនុញ្ញាត​ ដែល​អាច​ឲ្យវិញ្ញាណ​មុនជីវិត​លើ​ផែនដី​នេះ​ចូល​មក​ក្នុង​ជីវិត​រមែង​ស្លាប់​បាន ។ ការ​ចៀសវាង​ពីការ​រួមភេទ​មុនរៀបអាពាហ៍ពិពាហ៍​ និង​ការ​មាន​ភក្ដីភាព​ទាំង​ស្រុង​នៅក្នុង​អាពាហ៍ពិពាហ៍ ជួយ​ការពារ​ដល់​ភាពបរិសុទ្ធ​នៃ​ច្រក​ផ្លូវ​ដ៏ពិសិដ្ឋ​នេះ ។

« គេហដ្ឋាន​ដែលមានស្វាមី និងភរិយា​ជាទីស្រឡាញ់​ និង​ស្មោះត្រង់ គឺជាទីជម្រក​ដ៏​អស្ចារ្យ​ក្រៃលែង ដែល​កូនៗ អាច​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ក្នុងក្ដី​ស្រឡាញ់ និង​សុចរិតភាព ហើយ​ជា​កន្លែង​ដែល​តម្រូវការ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់កូនៗ​អាច​ត្រូវ​បាន​បំពេញ ។ ក៏ដូចជាលក្ខណៈ​ពិសេស ទាំង​បុរស​ និង​ស្ត្រី បរិច្ចាគ​ដើម្បី​បំពេញបង្គ្រប់​នូវ​ទំនាក់ទំនង​អាពាហ៍​ពិពាហ៍​ដែរ ដូច្នេះ​លក្ខណៈ​ដដែល​នោះ គឺ​សំខាន់​ដើម្បីចិញ្ចឹម​បីបាច់ ថែទាំ និង​បង្រៀន​ដល់​កូនចៅ » («Marriage Is Essential to His Eternal Plan,» Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨២-៨៤ ) ។

ជំហរ​របស់សាសនាចក្រ​ចំពោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

« សាសនាចក្រ​បាន​បង្ហាញ​ពី​លក្ខណៈ​ខុស​គ្នា​រវាង​ការប្រតិព័ទ្ធ និង ឥរិយាបថ​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ខណៈ​ដែល​មាន​អារម្មណ៍ និង ទំនោរចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា​ នោះ​ពុំ​មែន​ជា​អំពើ​បាប​ទេ តែ​ការចូលរួម​ក្នុងទង្វើ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ទេ​តើ ទើប​ខុស​នឹង ‹ គោលការណ៍​ខាង​គោលលទ្ធិ ដែល​ផ្អែក​លើ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ … ថា​អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រីម្នាក់ គឺ​ចាំបាច់​ចំពោះ​ផែនការ​នៃ​អង្គដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ › [« សេចក្ដីថ្លែងការណ៍​របស់​គណៈប្រធាន​ទី​មួយ ស្ដីអំពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា »] ។

« ដោយ​ហេតុ​តែ​សាសនាចក្រ​ជឿ​ថា អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូនចៅ​គឺ ‹ ត្រូវ​អនុវត្ត​រវាង​តែ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​ច្បាប់​ជា​ស្វាមី និង ភរិយា​តែ​ប៉ុណ្ណោះ … ទំនាក់​ទំនង​ណា​ផ្សេង​ទៀត រួមមាន​ទាំង​បុគ្គល​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា គឺធ្វើ​ឲ្យ​ស្ថាបនាក្រុម​គ្រួសារ​ដែល​បាន​បង្កើត​ឡើងដ៏​ទេវភាព ត្រូវ​ចុះ​អន់ថយ › ។ ដោយ​ហេតុ​នោះ​ហើយ សាសនាចក្រ​ចង់ប្រកាស​ស្របច្បាប់​ ដែល​កំណត់​អាពាហ៍ពិពាហ៍​ថា​ជា​ការរួម​រស់នឹង​គ្នា​ នៃ​បុរសម្នាក់ និង ស្ត្រីម្នាក់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ‹ការ​ការពារ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ពុំ​ដក​កាតព្វកិច្ច​ជា​គ្រីស្ទាន​របស់​សមាជិក​សាសនាចក្រ› មិន​ឲ្យ​ស្រឡាញ់ មិនឲ្យមាន​សណ្ដានចិត្ត​ល្អ និងមិនឲ្យ​មាន​មនុស្សធម៌​ចំពោះមនុស្ស​គ្រប់គ្នានោះទេ › [ «The Divine Institution of Marriage» ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០៨mormonnewsroom.org] » («»LDS.org)​ ។