មេរៀនទី ៩០
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧
បុព្វកថា
នៅពេញ ឆ្នាំ ១៨៣២ ព្យាការីយ៉ូសែប ស្ម៊ីធ និងសមាជិកសាសនាចក្រដទៃទៀត ទំនងជាបានរៀនតាមរយៈរបាយការណ៍កាសែតអំពីការរងទុក្ខដែលកំពុងតែបោសសម្អាតផែនដី ។ ឧទាហរណ៍ ពួកលោកបានដឹងអំពីជម្លោះ នៃភាពជាទេសករ នៅក្នុងសហរដ្ឋ ហើយពួកលោកក៏បានដឹងអំពីបញ្ហាទាស់នឹងពន្ធសហព័ន្ធនៅក្នុង រដ្ឋសៅខារូឡាញណា ។ ព្យាការីបានថ្លែងថា « រូបរាងនៃបញ្ហាទាំងឡាយ នៅក្នុងចំណោមជាតិសាសន៍នានា កាន់តែបង្ហាញរូបរាងច្បាស់នៅជំនាន់នេះ ជាងនៅជំនាន់មុន ដែលពីដំបូងសាសនាចក្រចេញពីទីរហោស្ថាន »(Teachings of Presidents of the Church: Joseph Smith[ឆ្នាំ ២០០៧] ទំព័រ ២៤៩) ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ ដែលឥឡូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ដែលរួមមានទាំងការព្យាករណ៍អំពីសង្គ្រាម និងការជំនុំជម្រះ ដែលនឹងចាក់ស្រោចមកលើគ្រប់ជាតិសាសន៍នៅថ្ងៃចុងក្រោយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១-៨
តាមរយៈយ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានព្យាករថា សង្គ្រាមនឹងចាក់ស្រោចមកលើគ្រប់ជាតិសាសន៍ទាំងអស់
សូមចាប់ផ្ដើមបង្រៀនដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើទំនាយ ខុសគ្នាជាមួយនិងការព្យាករ ដូចម្តេច ? ( ទំនាយគឺជាគំនិតមួយអំពីអ្វីដែលអាចនឹងកើតមានឡើងនាពេលអនាគត ។ ផ្ទុយទៅវិញ ការព្យាករណ៍ គឺជាការប្រកាសអំពីទីសម្គាល់ ឬព្រឹត្តការណ៍មួយក្នុងពេលអនាគតដូចដែលបានបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមសរសេរឈ្មោះដូចខាងក្រោមនៅលើក្ដារខៀន ៖ណូអេ, យ៉ូសែប នៃស្រុកអេស៊ីព្ទ, លីហៃ និងសាំយ៉ូអែលសាសន៍លេមិន ។ ( អ្នកក៏អាចចង់ដាក់តាំងរូបភាពនៃពួកព្យាការីទាំងនេះផងដែរ ) ។ សូមអញ្ជើញសិស្សឲ្យថ្លែងនូវពាក្យព្យាករដោយពួកព្យាការីបុរាណម្នាក់ៗទាំងនេះ ។ ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ណូអេ បានព្យាករអំពីទឹកជំនន់, យ៉ូសែបនៃស្រុកអេស៊ីព្ទ បានព្យាករថា នឹងមានរយៈពេលប្រាំពីរឆ្នាំសម្បូរសប្បាយ ហើយបន្ទាប់មកនឹងមានគ្រោះទុរភិក្សរយៈពេលប្រាំពីរឆ្នាំ, លីហៃបានព្យាករថា យេរូសាឡិមនឹងត្រូវបំផ្លាញ ហើយ សាំយូអែលជាសាសន៍លេមិន បានព្យាករអំពីទីសម្គាល់ និងព្រឹត្តការណ៍ទាំងឡាយដែលនឹងកើតមានជាមួយនឹងការប្រសូត្រ និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរពាក្យយ៉ូសែប ស៊្មីធនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១-៤ដោយស្ងាត់ស្ងៀម ហើយរកមើលការព្យាករណ៍មួយ ដែលបានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ ថានឹង « កើតឡើងនៅពេលឆាប់ៗ » ? ( សង្គ្រាម នឹងកើតឡើងនៅពេលឆាប់ៗ ដោយចាប់ផ្ដើមជាមួយនឹងការបះបោរនៅរដ្ឋ សៅខារូឡាញណា ដែលនឹងនាំឲ្យមានការស្លាប់ និងទុក្ខវេទនាដល់ព្រលឹងជាច្រើន ) ។
-
តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញមកពីខ ១-៤ ? ( បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះអម្ចាស់អាចបើកសម្ដែងអំពីអនាគតកាលដល់យើង តាមរយៈពួកព្យាការីរបស់ទ្រង់ ) ។
-
តើការដឹងថា ព្រះអម្ចាស់បើកសម្ដែងអនាគតកាលតាមរយៈពួកព្យាការីជាពរជ័យមួយចំពោះសាសនាចក្រយ៉ាងដូចម្ដេច ? តើការណ៍នេះអាចជាពរជ័យមួយដល់អ្នក និងគ្រួសារអ្នកយ៉ាងដូចម្ដេច ?
សូមសុំសិស្សឲ្យស្រាវជ្រាវនៅក្នុងសេចក្ដីណែនាំកណ្ឌគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧រកមើលកាលបរិច្ឆេទដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ។ បន្ទាប់មកសូមសង្ខេបកថាកណ្ឌដូចខាងក្រោម ឬអញ្ជើញសិស្សម្នាក់ឲ្យអានវាឲ្យឮៗ ៖
យ៉ូសែប ស៊្មីធ បានដឹងអំពីជម្លោះខាងនយោបាយរវាងរដ្ឋ ខារូឡាញណា និងរដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិកអំពីពន្ធនាំចូល ។ ( តម្លៃគយ គឺជាពន្ធនៃការនាំចូល ) ។ ដោយសារតែប្រជាជននៃរដ្ឋ សៅខារូឡាញណា ពឹងផ្អែកទៅលើផលិតផលនាំចូល ច្រើនជាងប្រជាជននៅរដ្ឋភាគខាងជើង នោះពួកគេគិតថា តម្លៃគយរបស់រដ្ឋពុំត្រឹមត្រូវ ហើយថាពួកគេត្រូវបានប្រមូលដោយចេតនា លើរាល់ការចំណាយនៃភាគខាងត្បូង ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលនៅរដ្ឋ សៅខារូឡាញណា បានបង្កើតច្បាប់មួយដែលមិនអាចទទួលយកបាន ឬ ទុកជាមោឃៈ ដែលជាច្បាប់រដ្ឋ ហើយប្រជាជនរដ្ឋ សៅខារូឡាញណា ជាច្រើន បានចាប់ផ្ដើមត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាល ។ ប្រធានាធិបតីនៃសហរដ្ឋ បានពោលអះអាងថា គាត់នឹងរក្សាច្បាប់នៃសហរដ្ឋ ដោយកងកម្លាំង ។ ក្នុងខែ ធ្នូ ឆ្នាំ ១៨៣២ សារព័ត៌មានពាសពេញសហរដ្ឋ បានចុះផ្សាយអំពីទំនាស់នេះ ។ គឺនៅពេលនេះហើយ ដែល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ដែលបានព្យាករថា « សង្គ្រាមទាំងឡាយ… នឹងកើតឡើងនៅពេលឆាប់ៗដូច្នេះថា គឺចាប់ផ្ដើមនឹងការបះបោរពីរដ្ឋ សៅខារូឡាញណា » ( គ. និង ស. ៨៧:១ ) ។ នៅដើមឆ្នាំ ១៨៣៣ មិនយូរប៉ុន្មានបន្ទាប់ពីការព្យាការណ៍នេះ ត្រូវបានផ្ដល់ឲ្យ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដោះស្រាយបញ្ហាជាមួយនឹងរដ្ឋសៅខារូឡាញណា ដោយសន្ដិភាព ។ មនុស្សមួយចំនួនបានជឿថា វិបត្តិបានកន្លងផុតទៅហើយ ប៉ុន្តែវាគ្រាន់តែឈប់បណ្ដោះអាសន្នប៉ុណ្ណោះ ហើយរដ្ឋសៅខារូឡាញណា នឹងនៅតែបះបោរ ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច បើពាក្យសម្ដីរបស់ព្យាករី ពុំត្រូវបានបំពេញតាមរបៀបដែលអ្នករំពឹងទុក ?
សូមចង្អុលបង្ហាញថាបទគម្ពីរយោងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១ លេខយោងគ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំលេខយោងនេះ ។ សូមឲ្យសិស្សបើកទៅគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២-១៣ហើយសុំឲ្យសិស្សម្នាក់អានខគម្ពីរទាំងនេះឲ្យឮៗ ។
-
តើ យ៉ូសែប ស៊្មីធ បានបញ្ជាក់ឡើងវិញនៅក្នុងការព្យាករណ៍នេះអំពីអ្វីខ្លះ? ( ថាសង្គ្រាមនឹងកើតឡើងនៅក្នុងរដ្ឋ សៅខារូឡាញណា ) ។
សូមអញ្ជើញសិស្សឲ្យយោងទៅលើសេចក្ដីណែនាំកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០ហើយប្រាប់អំពីឆ្នាំ ដែល យ៉ូសែប ស៊្មីធ បានផ្ដល់នូវការប្រកាសជាថ្មីអំពីការព្យាករណ៍នេះនៅក្នុងកណ្ឌ ៨៧។
-
តើឆ្នាំណា ដែល យ៉ូសែប ស៊្មីធ បានប្រកាសឡើងវិញអំពីការព្យាករណ៍នៅក្នុងកណ្ឌទី ៨៧ ? ( ឆ្នាំ ១៨៤៣ ) ។
សូមរំឭកសិស្សថា វិបត្តិរវាងរដ្ឋភិបាលសហរដ្ឋអាមេរិក និង រដ្ឋ សៅខារូឡាញណា ត្រូវបានដោះស្រាយតាំងពី ១០ ឆ្នាំ មុនមកម្ល៉េះ នៅក្នុងឆ្នាំ ១៨៣៣ ។
-
តើការប្រកាសឡើងវិញអំពីការព្យាករណ៍របស់ យ៉ូសែប ស៊្មីធ ដែលលោកបានទទួល ១០ ឆ្នាំមុន អាចបង្រៀនអ្នកអំពីសេចក្ដីជំនឿរបស់លោកអ្វីខ្លះ ? ( ទោះជាប្រជាជនមួយចំនួនបានអះអាងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីក្លែងក្លាយក្តី តែលោកបានបន្ដរក្សាសេចក្ដីជំនឿទៅលើការព្យាករណ៍ ដែលព្រះអម្ចាស់បានបើកសម្ដែងតាមរយៈលោក ) ។
បន្ទាប់មកសូមអានកថាកណ្ឌដូចខាងក្រោម ឬសុំសិស្សម្នាក់ឲ្យអានវាឲ្យឮៗ ។ ( អ្នកអាចនឹងចង់ថតចម្លងវាសម្រាប់សិស្សដើម្បីដាក់ក្នុងគម្ពីររបស់ពួកគេ ) ។
នៅឆ្នាំ ១៨៦១ សង្គ្រាមប៉ែកខាងត្បូងបានចាប់ផ្ដើមផ្ទុះឡើងទៅលើកងទ័ពសហព័ន្ធសហរដ្ឋអាមេរិក ដែលបោះទីតាំងនៅ ហ្វត សាំតើរ នៅ សាឡេស្ដុន ហាប៊ើរ រដ្ឋ សៅខារូឡាញណា ។ នៅរដ្ឋប៉ែកខាងត្បូងផ្សេងទៀត បានចូលរួមនឹងរដ្ឋ សៅខារូឡាញណា ក្នុងសង្គ្រាមស៊ីវិលទាស់នឹងរដ្ឋប៉ែកខាងជើង ។ ពេលនោះ រដ្ឋប៉ែកខាងត្បូងបានសុំជំនួយពីអាណាចក្រអង់គ្លេស ។ បន្ថែមពីលើនោះ មានមនុស្សជាច្រើនដែលត្រូវបានចាប់ជាឈ្លើយនៅប៉ែកខាងត្បូង បានចូលកងទ័ពនៅខាងជើង ហើយបានវាយទាស់នឹងចៅហ្វាយដើមរបស់ពួកគេ ។ សង្គ្រាមស៊ីវិលរបស់អាមេរិក បានមានរយៈពេលយូរអង្វែង រហូតដល់ឆ្នាំ ១៨៦៥ ហើយជាលទ្ធផល គឺមានទាហានស្លាប់ប្រហែលជា ៦២០ ០០០ លាននាក់ ( អ្នកប្រវត្តិសាស្ត្រមួយចំនួនបានប៉ាន់ស្មានថា មានច្រើនដល់ទៅ ៧៥០ ០០០ លាននាក់ ) ។
-
តើការបំពេញនូវការព្យាករណ៍នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧អាចបង្រៀនយើងអំពី យ៉ូសែប ស៊្មីធ អ្វីខ្លះ ? ( ចម្លើយអាចរួមមានថា ការព្យាកររបស់ យ៉ូសែប ស៊្មីធ គឺពិត ហើយថា លោកគឺជាព្យាការីម្នាក់របស់ព្រះ ) ។ បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖យ៉ូសែប ស៊្មីធ គឺជាព្យាការីពិតរបស់ព្រះ ) ។
អ្នកអាចនឹងចង់ថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីពិត ។ បន្ទាប់មកសូមពន្យល់ថា បន្ថែមពីលើព្រឹត្តការណ៍ទាំងឡាយដែលបានបើកសម្ដែងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១-៤ ព្រះអម្ចាស់បានព្យាករណ៍តាមរយៈ យ៉ូសែប ស៊្មីធ អំពីរឿងផ្សេងៗដែលនឹងកើតឡើង ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៦-៧ដោយខ្លួនគេ ហើយប្រាប់អំពីព្រឹត្តការណ៍ផ្សេងទៀត ដែលព្រះអម្ចាស់បានមានបន្ទូលថា នឹងកើតឡើងនៅក្នុងថ្ងៃចុងក្រោយ ។
-
តើព្រឹត្តការណ៍អ្វីខ្លះ ដែលព្រះអម្ចាស់បានមានបន្ទូលថា នឹងកើតមានឡើងនៅក្នុងថ្ងៃចុងក្រោយ ?
-
ស្របតាមខ ៦ និង ៧តើមូលហេតុមួយចំនួនដែលរឿងទាំងនេះនឹងកើតឡើងគឺជាអ្វី ?
សូមជួយសិស្សឲ្យយល់ថា « ការវាយផ្ចាល ដោយព្រះហស្ថ» របស់ព្រះ សំដៅទៅលើភាពពិតដែលថា ព្រះអម្ចាស់បានប្រើការជំនុំជម្រះរបស់ទ្រង់ ដើម្បីបំផុសឲ្យកូនចៅរបស់ទ្រង់បានប្រែចិត្តពីអំពើបាបរបស់ពួកគេ ( សូមមើល ហេលេមិន ១២:៣) ។ បន្ថែមពីលើនោះ ការជំនុំជម្រះមួយចំនួនដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ នឹងកើតមានឡើង នៅពេលព្រះអម្ចាស់ដាក់ទោសដល់ពួកទុច្ចរិត ចំពោះការប្រព្រឹត្តអយុត្តិធម៌របស់ពួកគេដល់ពួកសុចរិត ។
សូមបញ្ជាក់ថា គ្រប់ការណ៍ព្យាករ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ត្រូវបាន ឬនឹងត្រូវបានបំពេញ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨ដើម្បីរៀនអំពីអ្វីដែលព្រះបានដឹកនាំយើងឲ្យធ្វើដូច្នោះ ដែលយើងនឹងបានត្រៀមខ្លួនសម្រាប់សង្គ្រាម និងគ្រោះមហន្ដរាយ ដែលនឹងកើតមានចំពោះផែនដីនៅថ្ងៃចុងក្រោយ ។
-
តើព្រះអម្ចាស់បានបញ្ជាយើងឲ្យធ្វើអ្វីខ្លះ ? ( សិស្សគប្បីប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖យើងត្រូវឈរនៅទីបរិសុទ្ធ ហើយកុំរើឡើយ រហូតដល់ព្រះអម្ចាស់យាងមក ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើទីបរិសុទ្ធមួយចំនួនណាខ្លះ ដែលអាចផ្ដល់សេចក្ដីសុខសាន្ដ និងសុវត្ថិភាពដល់យើងនោះ ? ( អ្នកអាចនឹងចង់ឲ្យសិស្សសរសេរចម្លើយរបស់ពួកគេនៅលើក្តាខៀន ។ ចម្លើយអាចរួមមាន គេហដ្ឋាន, ព្រះវិហារ, ព្រះវិហារបរិសុទ្ធ និងថ្នាក់សិក្ខាសាលា ) ។
សូមចង្អុលបង្ហាញថា ទីបរិសុទ្ធទាំងឡាយ គឺជាទីតាំងទាំងឡាយដែលយើងអាចដឹងពីវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលជួយយើងខិតទៅកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយរៀនអំពីទ្រង់ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីឈរនៅទីបរិសុទ្ធ និង « កុំរើឡើយ » នោះ (គ. និង ស. ៨៧:៨) ?
-
តើមនុស្សម្នាក់អាចនឹងរើចេញពីទីបរិសុទ្ធទាំងនេះបានយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍ថា ត្រូវបានប្រទានពរនូវសេចក្ដីសុខសាន្ដ និងសុវត្ថិភាពដោយការឈរនៅទីបរិសុទ្ធមួយនៃទីបរិសុទ្ធទាំងនេះ យ៉ាងដូចម្ដេច ?
សូមពន្យល់ថា បន្ថែមពីលើទីតាំងខាងរូបកាយ ដែលបរិសុទ្ធ « ទីបរិសុទ្ធទាំងឡាយ » អាចមានទាក់ទងទៅនឹងរបៀបដែលយើងរស់នៅ ច្រើនជាងទីកន្លែងដែលយើងរស់នៅ ។ បើយើងរស់នៅសក្ដិសមមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូជាប្រចាំ នោះមានន័យថា យើងឈរនៅក្នុងទីបរិសុទ្ធទាំងឡាយហើយ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យធ្វើឲ្យដួងចិត្តរបស់ពួកគេក្លាយជាទីបរិសុទ្ធ ដែលពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ នៅពេលពួកគេអញ្ជើញព្រះវិញ្ញាណចូលមកក្នុងជីវិតរស់នៅរបស់ពួកគេ នោះពួកគេអាចអនុញ្ញាតឲ្យទ្រង់មានឥទ្ធិពលលើគេហដ្ឋានរបស់ពួកគេ ហើយធ្វើឲ្យពួកគេក្លាយជាទីបរិសុទ្ធ ។
-
តើអ្នកអាចព្យាយាមដើម្បីធ្វើឲ្យដួងចិត្តរបស់អ្នកក្លាយជាទីបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើវិធីមួយចំនួនដែលអ្នកអាចជួយធ្វើឲ្យគេហដ្ឋារបស់អ្នកក្លាយជាទីបរិសុទ្ធមានអ្វីខ្លះ ? ( ចម្លើយអាចរួមមាន ការគាំទ្រដល់ការអធិស្ឋានជាគ្រួសារ និងការសិក្សាព្រះគម្ពីរ និងការមានសណ្ដានចិត្តល្អនឹងសមាជិកគ្រួសារទាំងឡាយ ) ។
-
បើព្យាការីទៅមើលបន្ទប់របស់អ្នក តើលោកនឹងមើលឃើញវាជាទីបរិសុទ្ធមួយដែរឬទេ ? ចុះអ្នកវិញ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ នូវអ្វីមួយដែលពួកគេនឹងធ្វើដើម្បីឈរនៅក្នុងទីបរិសុទ្ធកាន់តែស្មោះត្រង់ ហើយកុំរើចេញពីទីនោះ ។ បន្ទាប់ពីសិស្សបានបញ្ចប់ការសរសេរហើយ អ្នកអាចនឹងចង់សុំពួកគេមួយចំនួនឲ្យចែកចាយគោលដៅរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តដល់សិស្សទាំងអស់ឲ្យធ្វើតាមគោលដៅដែលពួកគេបានដាក់នោះ ។ បន្ទាប់មកអ្នកអាចនឹងចង់បញ្ចប់មេរៀនដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានពិភាក្សានៅក្នុងមេរៀននេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៣ ។ រដ្ឋនៅប៉ែកខាងត្បូង នឹងសុំជំនួយពីអាណាចក្រអង់គ្លេស
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរថា ៖
រូបភាពអែលឌើរ ជេម អ៊ី ថាលម៉េហ្គ« ខណៈដែលគ្មានសម្ព័ន្ធមិត្រដោយបើកចំហររវាងរដ្ឋប៉ែកខាងត្បូង និងរដ្ឋាភិបាលអង់គ្លេសត្រូវបានបង្កើតឡើង នោះឥទ្ធិពលរបស់អង់គ្លេសបានផ្ដល់ជំនួយជាប្រយោល ហើយលើកទឹកចិត្តដោយមុតមាំដល់ពួកប៉ែកខាងត្បូង ហើយការធ្វើដូចនេះ បង្កើតឲ្យមានភាពស្មុគស្មាញជាអន្ដរជាតិដ៏ធ្ងន់ធ្ងរ ។ កប៉ាល់យោធាត្រូវបានសាងសង់ឡើង ហើយបានបំពាក់នៅកំពង់ផែអង់គ្លេសជាប្រយោជន៍ឲ្យសហសម្ព័ន្ធរួម ហើយនោះជាកត្តាដែលបណ្តាលឲ្យមានការល្មើសនឹងច្បាប់នៃអព្យាក្រឹត្យភាព ដែលបានធ្វើឲ្យអាណាចក្រអង់គ្លេសត្រូវចំណាយថវិកាអស់ដប់ប្រាំលានដុល្លារកន្លះ ដែលជាចំនួនសរុបត្រូវបានប្រគល់ទៅឲ្យសហរដ្ឋនៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅ ហ្គីវីណា (ប្រទេសស្វីស) ដែលជាការសម្រេចរបស់ក្រុមប្រឹក្សាអជ្ញាកណ្តាល ចំពោះការទាមទារជម្ងឺចិត្តរបស់ អាឡាបាម៉ា។ សហសម្ព័ន្ធរួម បានតែងតាំងអភិបាលជាច្រើនរូបឲ្យទៅអាណាចក្រអង់គ្លេស និងប្រទេសបារាំង ដែលអភិបាលទាំងនេះ គឺត្រូវបានចាប់ខ្លួនបង្ខំដោយមន្ត្រីសហរដ្ឋមកពីនាវាដុតធ្យូងរបស់អង់គ្លេស ដែលពួកគេបានធ្វើដំណើរនោះ ។ ទង្វើនេះ បានគំរាមគំហែងនាំទៅរកសង្គ្រាមរវាងជាតិសាសន៍នេះ និងអាណាចក្រអង់គ្លេស ដែលរដ្ឋាភិបាលសហរដ្ឋត្រូវតែសារភាពថាបានធ្វើពិតមែន » ( មាត្រានៃសេចក្ដីជំនឿបានបោះពុម្ពលើកទី ៤៩ [ ឆ្នាំ ១៩៦៨ ] ទំព័រ ២៥-២៦ សូមមើលផងដែរ Doctrine and Covenants Student Manual,បានបោះពុម្ពលើកទី ២ [Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ១៩៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៣-៤។ ការបំពេញនៃការព្យាករណ៍បន្ថែម
តារាងនៅខាងក្រោមនេះ មានគូសចំណាំនូវការលម្អិតបន្ថែមអំពីការព្យាករណ៍ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ និងរបៀបមួយចំនួនដែលការព្យាករណ៍ទាំងនេះត្រូវបានបំពេញ ៖
ការព្យាករណ៍ |
របៀបមួយចំនួនដែលការព្យាករណ៍នេះត្រូវបានបំពេញ | |
---|---|---|
« ជាតិសាសន៍ដទៃទៀត សូម្បីតែជាតិសាសន៍នៃអាណាចក្រអង់គ្លេស … ក៏ត្រូវសុំជំនួយពីជាតិសាសន៍ដទៃទៀតដែរ ដើម្បីជួយការពារពួកគេទប់ទល់នឹងជាតិសាសន៍ដទៃទៀត ហើយពេលនោះហើយដែលសង្គ្រាមត្រូវបានចាក់មកលើគ្រប់ជាតិសាសន៍ទាំងអស់ » |
សង្គ្រាមលោកលើកទី ១ និងសង្គ្រាមលោកលើកទី ២ បានកើតឡើងនៅពេលដែលជាតិសាសន៍ទាំងឡាយបានសុំជំនួយពីជាតិសាសន៍ផ្សេងៗ ឲ្យជួយពួកគេការពារខ្លួន ។ នៅក្នុងសង្គ្រាមទាំងនេះ អាណាចក្រអង់គ្លេសបានហៅឲ្យជាតិសាសន៍ដទៃទៀតមកជួយ ។ | |
« ជាច្រើនថ្ងៃក្រោយមក នោះពួកទាសករនឹងបះបោរឡើងទាស់នឹងចៅហ្វាយរបស់ខ្លួន » |
នៅពេលវិវរណៈនេះត្រូវបានប្រទានឲ្យ ភាពជាទាសករពុំមែនមានតែនៅក្នុងសហរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅកន្លែងផ្សេងៗនៃពិភពលោកផងដែរ ។ នៅសតវត្សរ៍ទី ១៩ និងទី ២០ ពួកទាសករ ឬអ្នកទាំងឡាយដែលស្ថិតនៅក្នុងសេវកភាព បានក្រោកឡើងទាស់នឹងចៅហ្វាយរបស់ពួកគេ ហើយបានច្បាំងដើម្បីសេរីភាពរបស់ខ្លួន ។ |
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨ « សូមអ្នករាល់គ្នាឈរនៅក្នុង ទីបរិសុទ្ធទាំងឡាយ ហើយសូមកុំរើឡើយ»
អែលឌើរ ដាល្លិន អេក អូក បានបង្រៀនអំពីរបៀបជាច្រើនដែលយើងអាចឈរនៅក្នុងទីបរិសុទ្ធថា ៖
រូបភាពអែលឌើរ ដាល្លិន អេក អូក« តើយើងកំពុងធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ឲ្យ ‹ ឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយសូមកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ ដ្បិតមើលចុះ ថ្ងៃនោះនឹងមកដល់យ៉ាងឆាប់រហ័ស › ? ( គ. និង ស. ៨៧:៨) ។ « តើ ‹ទីកន្លែងបរិសុទ្ធ› ទាំងនោះគឺជាអ្វី ? ពិតហើយ ទីកន្លែងទាំងនោះ រួមមានដូចជា ព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញា ដែលត្រូវរក្សាទុកដោយស្មោះត្រង់នៅក្នុងនោះ ។ ពិតហើយ ទីកន្លែងទាំងនោះ រួមមានដូចជា គេហដ្ឋាន ដែលកូនៗ ត្រូវបានចិញ្ចឹមបីបាច់ ហើយឪពុកម្តាយត្រូវបានគោរព ។ ពិតហើយ ទីកន្លែងទាំងនោះ រួមមានដូចជា ទីតាំងនៃកាតព្វកិច្ចរបស់យើង ដែលត្រូវបានចាត់តាំងដោយអ្នកមានសិទ្ធិអំណាចបព្វជិតភាព រួមមាន បេសកកម្ម និងការបម្រើដែលបានបំពេញដោយស្មោះត្រង់នៅក្នុងសាខា វួដ និងស្ដេកទាំងឡាយ » (Preparation for the Second Coming,»Ensignឬលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០ ) ។
ស៊ីស្ទើរ ស្សែរ៉ុន ជី ឡាសិន នៃគណៈប្រធានយុវនារីទូទៅ បានមានប្រសាសន៍អំពីអត្ថន័យដើម្បីឈរនៅក្នុងទីបរិសុទ្ធ ៖
រូបភាពស៊ីស្ទើរ ស្សែរ៉ុន ជី ឡាសិន« ការឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ គឺមានន័យថាជាការមានដៃគូល្អ ទោះជាអ្នកនៅតែម្នាក់ឯង ឬនៅជាមួយអ្នកដទៃ ។ វាគឺជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធគឺជាដៃគូរបស់យើង --ដោយម្នាក់ឯង ឬនៅក្នុងហ្វូងមនុស្ស ។ នៅពេលយើងកំណត់ក្នុងខ្លួនយើងថា យើងនឹងគ្រប់គ្រងគំនិត និងសកម្មភាពរបស់យើង ហើយធ្វើឲ្យបានល្អបំផុតតាមដែលយើងអាចធ្វើទៅបាន នោះជីវិតដ៏ល្អបំផុតនឹងកើតមានចំពោះយើង ។…
« … មិនថាមានអ្វីកើតឡើងនៅជុំវិញខ្លួនអ្នកទេ អ្នកអាចអនុវត្តនូវការបង្កើតបរិយាកាសផ្ទាល់ខ្លួន ដែលបានពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។…
« ទីបរិសុទ្ធទាំងឡាយអាចជាកន្លែងណាក៏ដោយដែលអ្នកនៅ -- តែម្នាក់ឯង ឬនៅក្នុងហ្វូងមនុស្សមួយក្រុម ជាមួយមនុស្សចម្លែក និងជាមួយមិត្តភក្ដិ ។… មានរឿងជាច្រើនដែលអ្នកអាចធ្វើដើម្បីនាំភាពបរិសុទ្ធមកកាន់កន្លែងធម្មតាៗបាន » (Standing in Holy Places»Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៩១, ៩២ ) ។