ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៦៥; គោលលទ្ធិ និង សេចក្តីសញ្ញា ២ ( មេរៀន​ទី ២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៦៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២ ( មេរៀន​ទី ២ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍ ដែល​សិស្ស​បាន​រៀន​នៅពេល​ពួកគេ​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–៦៥ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២ ( មេរៀន​ទី ២ ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០)

សិស្ស​បាន​រៀន​ពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​នៅក្នុង​ការព្យាយាម​ចង់​ដឹង​ថា​សាសនាចក្រ​ណា​មួយ​ដែល​ពិត បើសិនយើង​សូម​ដល់​ព្រះ​ក្នុង​សេចក្ដី​ជំនឿ នោះ​ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ ពួកគេ​បាន​ផ្តោតលើ​សេចក្តីពិត​ដែល​ថា​ យ៉ូសែប ស៊្មីធ បានឃើញ​ព្រះ​ជាព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ចេញ​ពី​បទពិសោធន៍របស់​យ៉ូសែប ស្ម៊ីធ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ព្រះ​គឺ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះជន្ម​រស់ ហើយ​ថា​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះកាយ​ដាច់ដោយ​ឡែក និង ទីទៃ​ពី​គ្នា ។ ក្រៅ​ពីនោះ សិស្ស​បាន​ឃើញ​ថា ប្រសិនបើ​យើង​ស្វែងរក​យ៉ាងស្មោះត្រង់នូវជំនួយ​ពី​ព្រះ​ កាល​សាតាំង​ព្យាយាម​បំបាក់​ទឹកចិត្ត​យើង នោះ​ព្រះ​អាច​ជួយ​រំដោះ​យើង​បាន ។

ថ្ងៃ​ទី ២ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦)

​ចេញ​ពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ ​សិស្ស​បាន​រៀន​ថា អំឡុង​ពេល​លំបាក យើង​អាច​ទាញយក​ភាពរឹងមាំ​ចេញ​ពី​គំរូ​នៃបុគ្គល​ស្មោះត្រង់​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ ។ តាមរយៈ​ការសិក្សា​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ បាន​ដោះស្រាយ​នឹង​ការបៀតបៀន ដែល​លោក​បាន​ជួប​ប្រទះបន្ទាប់​ពី​ការនិមិត្ត​លើក​ដំបូង នោះ​សិស្ស​បាន​រៀន​ពី​គោលលទ្ធិ និង គោលការណ៍​ដែល​អាច​ជួយ​ពួកគេ​ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ឧបសគ្គ ដោយ​សារ​ទីបន្ទាល់​របស់​ពួកគេ ។ ក្រៅពី​នោះ​សិស្ស​បាន​រៀន​ថា​ តាមរយៈ​ការអនុវត្ត​តាម​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះ​គម្ពីរ នោះ​យើង​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​នៃ​សេចក្ដីពិត ។

ថ្ងៃ​ទី ៣ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៤; គោលលទ្ធិ និង សេចក្តីសញ្ញា ២)

យ៉ូសែប ស៊្មីធ​មាន​បំណង​ប្រាថ្នា​ចង់​ដឹង​ពីគោលជំហរ​របស់​លោក​ចំពោះ​ព្រះ ។ លោក​បានទទួលស្គាល់​កំហុស និង ភាព​ទន់ខ្សោយ​របស់​ខ្លួន ហើយ​មាន​ការសោកស្តាយ ។ ដូច​យ៉ូសែប ស្ម៊ីធ ដែរ នៅពេល​យើង​ទទួលស្គាល់​អំពើបាប​របស់យើង ហើយ​មានអារម្មណ៍​សោកស្ដាយ​ចំពោះ​វា នោះ​យើង​អាច​អធិស្ឋាន​ទៅ​កាន់ព្រះវរបិតាសួគ៌​ទូលសុំ​ការ​អភ័យទោស​បាន ។ សិស្ស​បាន​រៀន​ពី ទស្សនកិច្ចរបស់​មរ៉ូណៃ​ជាមួយ​យ៉ូសែប ស្ម៊ីធ ហើយ​បាន​រៀន​ថា​ព្រះ​មាន​កិច្ចការ​មួយ​ឲ្យ​យ៉ូសែប ស្ម៊ីធ ធ្វើ​ដែល​នឹង​ផ្សព្វផ្សាយ​ទូទាំង​ផែនដី ។ កិច្ចការ​នោះ​រួម​មាន ការស្តារ​អំណាច​ផ្សារភ្ជាប់​របស់​អេលីយ៉ា​ឡើង​វិញ​នៅ​លើ​ផែនដី​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃ​ទី ៤ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៥–៦៥)

សិស្ស​បាន​ពិចារណា​ពី​ការសន្យា​របស់​មរ៉ូណៃ​ចំពោះ យ៉ូសែប ស៊្មីធ ថា​ផ្ទាំង​ទាំងនោះ​នឹង​ត្រូវបាន​ការពារ ​ហើយ​ពួកគេ​បាន​រៀន​ថា​នៅពេល​យើង​មាន​ទំនួល​ខុសត្រូវ និង រក្សាទំនួល​ខុសត្រូវ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ការការពារ និង ជំនួយ​របស់​ទ្រង់ ។ នៅពេល​សិស្ស​បាន​សិក្សា​ដំណើរ​រឿង​របស់​ ម៉ាទីន ហារីស បាន​ចម្លងតួអក្សរ​នៅ​ផ្ទាំង​មាស និង ការបកប្រែ​ទៅ​ឲ្យ​សាស្ត្រាចារ្យ អ័នថុន និង បណ្ឌិត​មិចឆែល នោះ​ពួកគេ​បាន​រៀន​ថា ការព្យាករណ៍​របស់​អ្នក​បម្រើ​នៃ​ព្រះអម្ចាស់​នឹង​កើត​ឡើង ។

សេចក្តីផ្ដើម

មេរៀននេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ី​ជម្រៅ​ ​ពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ។ វា​ក៏​បាន​ផ្តល់​ឱកាស​មួយ​ដល់​ពួកគេ​ឲ្យ​រៀន​ពី​ការខំប្រឹងប្រែង ​ដើម្បី​ស្វែរក​រក​ចម្លើយ​ចំពោះ​សំណួរ ហើយ​មាន​អំណរគុណ​ចំពោះ​តួនាទី​របស់​ខ្លួន​នៅក្នុង​ការរៀន​សូត្រ​ដំណឹង​ល្អផងដែរ ។ សិស្ស​នឹង​រៀន​ពី​របៀប​ដើម្បី​ពង្រឹង​ទីបន្ទាប់​របស់​ពួកគេ ប្រឆាំង​នឹង​ការបៀតបៀន និង ឧបសគ្គ​នានា​ដែល​ពួកគេ​អាច​ជួប ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-២០

ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​អង្គទ្រង់ដល់​យ៉ូសែប ស្ម៊ីធ

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​ដែល​ពួកគេ​ចង់​បាន​ចម្លើយ​ខាង​វិញ្ញាណ ឬ សំណួរ​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ ។ បន្ទាប់មក សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ?

សូម​រំឭក​ថា​កាលនោះ​យ៉ូសែប ស្ម៊ីធ​មាន​អាយុ​ប្រហែល​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែរ នៅពេល​លោក​បាន​មាន​កង្វល់​ពី​សំណួរ​ដ៏​សំខាន់ ហើយ​បាន​ចាប់ផ្តើម​ស្វែងរក​ចម្លើយ ។ ដោយសារ​បទពិសោធន៍​របស់​យ៉ូសែប​ពិតជាពិសេស​ នោះព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​វា​កើត​ឡើង​នោះ​គឺ​ជា​គំរូ​មួយ​ដល់​ពួកយើង​ថា យើង​អាច​ធ្វើតាម​លោក​ដើម្បី​ទទួល​ជំនួយ និង ចម្លើយ​ពី​ព្រះ ។

អ្នកអាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា « ខ្ញុំ​បាន​ចេះ​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា » យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មួយ​ក្រុមៗ​មាន​គ្នា​ពីរ ឬ បី​នាក់ ។ សូម​ឲ្យ​ក្រុម​និមួយៗ​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១២, ១៤–១៥, ដោយ​រក​មើល​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដើម្បី​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ សូម​អញ្ជើញ​ក្រុម​និមួយៗ​ឲ្យ​ផ្តល់​អ្នក​តំណាង​ក្រុម​មក​មុខ​ក្តារខៀន ដើម្បី​សរសេរ​ពី​ចំណុច​សំខាន់​មួយ​ដែល​ក្រុម​របស់​ខ្លួន​រក​ឃើញ ។ សូម​ប្រាប់​សិស្ស​កុំ​ឲ្យ​សរសេរ​អ្វី​ដែល​មានដូចគ្នា​នៅ​លើ​ក្តារខៀន​ឡើយ ។ ប្រសិនបើសិស្ស​មាន​ការលំបាក​ក្នុង​ការស្វែងរក​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ នោះ​អ្នក​អាច​ជួយ​ពួកគេ ដោយ​ផ្តល់​យោបល់​មួយ​ចំនួន​ខាង​ក្រោម​នេះ ៖ យ៉ូសែប បាន​គិត​ពិចារណា​យ៉ាង​ម៉ត់ចត់ ( គិត ) បាន​ចូលរួម​ការប្រជុំ​សាសនាចក្រ បាន​សិក្សា​ការបង្រៀន​ពី​បក្សនិកាយ​ផ្សេងៗ បាន​សិក្សា​ព្រះគម្ពីរ បាន​អធិស្ឋាន​ដោយ​ការប្តេជ្ញាចិត្ត ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​រៀនពី​យ៉ូសែប ស្ម៊ីធ អំពី​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រៀន​កិច្ចការ​ខាង​វិញ្ញាណ​នោះ ? ( ទោះ​ជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​ពី​គ្នា​ក្តី ​ពួកគេ​គួរ​តែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ការររៀន​សូត្រ​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ផ្ទាល់​ខ្លួន​របស់​យើង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ខិតខំ​អស់​ពី​ចិត្ត​ដើម្បី រៀន​សេចក្តី​ពិត​ខាង​វិញ្ញាណ ?

  • តើ​ការអនុវត្ត​គោលការណ៍​នេះ​អាច​ជួយ​អ្នក​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញានា​ផ្ទាល់​ខ្លួន​បាន​ដោយ​របៀប​ណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន យ៉ូសែប ស៊្មីធ– ប្រវត្តិ ១:១៦-១៧ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ក្នុង​ព្រះគម្ពីរ​របស់​ខ្លួន ហើយ​រកមើល​អ្វី​ដែល​យ៉ូសែប​បាន​ជួបប្រទះ​នៅ​ពេល​លោក​បាន​ខិតខំ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​នោះ ។

  • យោង​តាម ខ ១៧តើ​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ​នរណា ? ( សូម​ប្រាកដ​ថា យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះ​យេស៊ូវគ្រីស្ទ) ។

  • តើ​លោក​បាន​រៀន​អ្វី​ខ្លះ​អំឡុង​ពេល​នៃ​ការនិមិត្ត​នេះ​អំពី​តួអង្គ​ទាំង​ពីរ​នេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ដែល​បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការនិមិត្ត​ដំបូង​នេះ ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« ព្រឹត្តការណ៍​ដ៏​ធំបំផុត ដែល​បាន​កើតឡើង​នៅក្នុងពិភពលោក ចាប់​តាំង​ពី​ការ​រស់ឡើងវិញ​នៃ​ព្រះរាជបុត្រា​របស់ព្រះ ដែលយាងចេញពី​ផ្នូរ និង​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ នោះ​គឺ​ការយាង​មក​របស់ព្រះវរបិតា និង​ព្រះរាជបុត្រា​មកជួប​ក្មេង​ប្រុស យ៉ូសែប ស៊្មីធ » (Gospel Doctrine, ការបោះពុម្ព​ទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៩៥ ) 

  • តើ​ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់ ដើម្បីមាន​ទីបន្ទាល់​ថា​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ពិត​បាន​បង្ហាញ​អង្គទ្រង់ដល់​យ៉ូសែប ស្ម៊ីធ​មែន ?

សូម​អញ្ជើញ​សិស្សឲ្យ​អាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៨-២០ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀន​សម្រាប់​ខ្លួន​លោក ដោយសារ​តែ​ការខិតខំ​របស់​លោក​ដើម្បី​ធ្វើវា​ដោយ​សេចក្តីជំនឿ ។ បន្ទាប់មក សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យ៉ូសែប​បាន​រៀន​អ្វី​ខ្លះ​សម្រាប់​ខ្លួន​លោក ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅពេល​យើង​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ហើយ​បន្ទាប់​មក​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​អាន ? ( ចម្លើយ​អាច​រួមមាន​សេចក្តីពិត​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​សិក្សា​ព្រះបន្ទូល​របស់ព្រះ​ដោយ​ឧស្សាហ៍ព្យាយាម ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នោះ​យើង​អាច​ដឹង​សេចក្ដីពិត​នៃ​ដំណឹង​ល្អ​ដោយ​ខ្លួន​យើងផ្ទាល់ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើក្ដារខៀន ហើយ​អញ្ជើញ​ឲ្យ​សិស្ស​សរសេរ​វា​ចូលក្នុង​គែម​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​សេចក្តីពិត​នេះ​អាច​ជួយ​មិត្តម្នាក់ ឬ សមាជិក​គ្រួសារ​ដែល​មាន​សំណួរ​អំពី ដំណឹង​ល្អ​ដោយ​របៀប​ណា ?

  • តើ​សេចក្តពិត​នេះ​អាច​ជួយ​អ្នក​ឆ្លើយ​នឹង​សំណួរ និង កង្វល់​នានា​ដោយ​របៀប​ណា ?

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០-៦៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២

យ៉ូសែប ស៊្មីធ បាន​រៀបការ​ជាមួយ​អិមម៉ា ហែល ទទួល​ផ្ទាំងមាស ហើយ​បាន​ចាប់ផ្តើមការ​បកប្រែ

សូម​ឲ្យ​សិស្ស​រំឭក​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យ៉ូសែប ស្ម៊ីធ បន្ទាប់​ពីការនិមិត្ត​ដំបូងរបស់លោក ។ សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា​បទពិសោធន៍​ដែល​ព្យាការី​បាន​ជួប​ការបៀតបៀន​ដ៏​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ប្រាប់​មនុស្ស​ដទៃ​ពី​ការនិមិត្ត​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ឃ្លា​ចុងបញ្ចប់​នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ដែល​ចាប់ផ្ដើម​ជាមួយ​ឃ្លា « មើល​ទៅ​ហាក់​បី​ដូចជា ។…» ។ បន្ទាប់​មក​សូម​សួរ​សំណួរ​ខាង​ក្រោម​ដល់​សិស្ស ៖

  • តាមរយៈយ៉ូសែប ស៊្មីធ ហេតុអ្វី​បាន​ជា​លោក​ទទួលបទ​ពិសោធន៍​នៃការ​បៀតបៀន​ដ៏​ធំ​នេះ តាំង​ពីវ័យក្មេង​ដូច្នេះ ? ( ការបៀតបៀន​ចេញ​មក​ពី​អំណាច​សាតាំង ដោយសារ​វា​ស្គាល់​ថា​យ៉ូសែប ស្ម៊ីធ ជា « អ្នក​ឆាឆៅ និង​ជា​អ្ន​ក​រំខាន​នគរ​របស់​[ សាតាំង ] ») ។

  • តើ​មាន​ស្ថានភាព​មួយ​ចំនួន​ណា​ខ្លះ​ដែល​អ្នក ឬ មនុស្ស​ដទៃ​ដែល​អ្នក​ស្គាល់​អាច​មាន​បទពិសោធន៍​នៃ​ការបៀតបៀន​នៅ​សព្វថ្ងៃ​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៤-២៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ ​ដើម្បី​ទទួល​កម្លាំង​អំឡុង​គ្រាលំបាកទាំងនោះ ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​អំឡុង​គ្រាលំបាក ដើម្បី​ទទួល​បាន​កម្លាំង​បន្ត​នៅ​ស្មោះត្រង់​នោះ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ។ សូម​ប្រាកដ​ថា​ពួកគេ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ អំឡុង​គ្រា​លំបាក យើង​អាច​ទាញ​យក​កម្លាំង​មកពី​គំរូ​របស់បុគ្គល​ស្មោះត្រង់នានា​នៅក្នុង​បទគម្ពីរ) ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើក្ដារខៀន ហើយ​អញ្ជើញ​ឲ្យ​សិស្ស​សរសេរ​វា​ចូលក្នុង​គែម​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​រំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៥, ដោយ​ស្វែង​រក​មើល​ពាក្យ ឬ ឃ្លា ដែល​អាច​ផ្តល់​ក្តីក្លាហាន ឬ កម្លាំង​ដល់​ពួកគេ​ ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ក្នុង​ពេល​មាន​ការបៀតបៀន ។ បន្ទាប់​ពី​សិស្ស​ប្រាប់​ពី​ឃ្លា​ដែល​ពួកគេ​រកឃើញ​អ្នក​អាចផ្តល់​យោបល់​ថា​ពួកគេ​អាច​គូស​ចំណាំ​ឃ្លា « ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ។

សូម​សួរ​សិស្ស​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ឃ្លានេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ អំពីការ​និមិត្ដ​ដំបូង ?

  • តើ​ឃ្លា​នេះ​អាច​ជួយ​អ្នក​ដោយរបៀប​ណា នៅពេល​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​មាន​ឧបសគ្គ​ចំពោះ​ទីបន្ទាល់ ឬ បៀតបៀន​អ្នក​ដោយសារ​តែ​សេចក្តីជំនឿ​រប​ស់អ្នក ?

សូម​បញ្ចប់​មេរៀន​នេះ ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍ ឬ អារម្មណ៍​របស់​ខ្លួន​អំពី​សេចក្តីពិត​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣–៧; ១០; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧)

តើ​ឯកសារ​ទាំង ​១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​ដែល​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​រួច​បាន​បាត់ ហើយ​ពុំ​បាន​ទទួល​វិញ​ដោយ​របៀប​ណា ? នៅពេល​សិស្ស​សិក្សា​មេរៀន​បន្ទាប់ នោះ​ពួកគេ​នឹង​រៀន​អំពី​ម៉ាទីន ហារីស និង ការបាត់​ឯកសារ​សរសេរ​ដោយ​ដៃ ។ ពួកគេ​ក៏នឹង​រៀន​ផងដែរ​អំពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដល់​អស់​អ្នក​ដែល​មាន​បំណង​បម្រើ​ព្រះ ។