មេរៀនទី ៧៥
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១
បុព្វកថា
នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ ១៨៣១ អូលីវើរ ខៅឌើរី បានទទួលការចាត់តាំងមួយដើម្បីនាំយកឯកសារសរសេរដោយដៃសម្រាប់ព្រះគម្ពីរនៃព្រះបញ្ញត្តិមកពីរដ្ឋ អូហៃអូ ទៅកាន់ រដ្ឋមិសសួរី ។ នៅរដ្ឋ មិសសួរី វិលលាម ដ័បុលយូ ហ្វែប្ស នឹងបោះពុម្ពព្រះគម្ពីរនៅក្នុងរោងពុម្ពរបស់គាត់ ។ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានចាត់តាំង យ៉ូហាន វិតមើរ ឲ្យធ្វើជាដៃគូធ្វើដំណើររបស់ អូលីវើរ ហើយបានបញ្ជាគាត់ឲ្យបន្ដនៅក្នុងកាតព្វកិច្ចរបស់គាត់ ក្នុងនាមជាអ្នកប្រវត្តិសាស្ត្រសាសនាចក្រ ( សូមមើលគ. និង ស. ៦៩) ។ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានតែងតាំងបុរសប្រាំមួយនាក់ ឲ្យបម្រើជាអ្នកកាន់កាប់ត្រួតត្រាលើវិវរណៈ ( សូមមើលគ. និង ស. ៧០) ។ នៅក្នុងខែ ធ្នូ ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបញ្ជា យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យបម្រើបេសកកម្មមួយ ដើម្បីលុបបំបាត់ចោលនូវអារម្មណ៍អមិត្តទាស់នឹងសាសនាចក្រ ហើយត្រៀមផ្លូវសម្រាប់វិវរណៈ និងបទបញ្ញត្តិជាច្រើន ដែលត្រូវបោះពុម្ព ( សូមមើលគ និង ស ៧១) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩
ព្រះអម្ចាស់បើកសម្ដែងពីសារៈសំខាន់នៃការរក្សាប្រវត្តិសាស្ត្រ
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖តើធ្លាប់មាននរណាម្នាក់ ទុកចិត្តអ្នកដោយផ្ញើររបស់មានតម្លៃឲ្យអ្នកមើលថែដែរឬទេ ?
នៅពេលចាប់ផ្ដើមមេរៀន សូមផ្ដល់ពេលដល់សិស្សឲ្យគិតអំពីសំណួរនៅលើក្ដារខៀន ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកត្រូវបានគេទុកចិត្តឲ្យធ្វើអ្វីខ្លះ ? តើការទុកចិត្តនោះ មានឥទ្ធិពលលើការយកចិត្តទុកដាក់របស់អ្នកទៅលើរបស់មានតម្លៃនោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញឲ្យសិស្សម្នាក់អានឲ្យឮៗនូវការណែនាំ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែល អូលីវើរ ខៅឌើរី ត្រូវបានទទួលនូវការទុកចិត្ត ។
-
តើអូលីវើរ ខៅឌើរី ត្រូវបានទទួលនូវការទុកចិត្តលើអ្វីខ្លះ ?
-
បើអ្នកត្រូវបានទទួលនូវការទុកចិត្តឲ្យថែទាំវត្ថុមានតម្លៃទាំងនេះ តើអ្នកនឹងមើលថែវាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការប្រឹក្សា ដែលព្រះអម្ចាស់បានផ្ដល់ឲ្យ ទាក់ទងនឹងវត្ថុមានតម្លៃទាំងនេះ ។
-
ហេតុអ្វីក៏អ្នកគិតថា វានឹងជាការឈ្លាសវៃ ដើម្បីមានមនុស្សច្រើនជាងម្នាក់ដើម្បីកាន់វត្ថុមានតម្លៃទាំងនេះ ?
សូមពន្យល់ថា ព្រះអម្ចាស់ ទុកព្រះទ័យលើ យ៉ូហាន វិតមើរ នូវទំនួលខុសត្រូវសំខាន់ផ្សេងទៀត បន្ថែមពីលើការជួយ អូលីវើរ នាំយកវិវរណៈ និងប្រាក់កាសទៅរដ្ឋ មិសសួរី ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យផ្លាស់វេនគ្នាអានឮៗ ដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:៣-៨ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីផ្សេងទៀតដែលព្រះអម្ចាស់បានទុកចិត្តដល់ យ៉ូហាន វិតមើរ ឲ្យធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចនឹងចង់រំឭកសិស្សថា យ៉ូហាន វិតមើរ ត្រូវបានហៅបម្រើជាអ្នកកត់ត្រា និងអ្នកប្រវត្តិសាស្ត្រសាសនាចក្រ នៅដើមឆ្នាំ ១៨៣១ ( សូមមើលគ. និង ស. ៤៧) ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:៣ តើព្រះអម្ចាស់បានបញ្ជា យ៉ូហាន វិតមើរឲ្យកត់ត្រាអ្វីខ្លះ ?
-
ស្របតាមខ ៨ ហេតុអ្វីបានវាសំខាន់ដើម្បីឲ្យ យ៉ូហាន វិតមើរ កត់ត្រាប្រវត្តិសាសនាចក្រ ?
សូមពន្យល់ថា ចាប់តាំងពីជំនាន់ យ៉ូសែប ស៊្មីធ អ្នកដឹកនាំសាសនាចក្រ បានព្យាយាមធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់ឲ្យកត់ត្រា « ការណ៍ដ៏សំខាន់ៗទាំងឡាយ… ពីសាសនាចក្រ » ដោយឧស្សាព្យាយាម (គ. និង ស. ៦៩:៣) ។ ពួកគេបានរក្សា « គ្រប់ការទាំងអស់ដែលនឹងទៅជាការល្អដល់សាសនាចក្រ » (គ. និង ស. ៦៩:៨) ទោះជាពេលដែលការណ៍ទាំងនោះមួយចំនួនអាចនឹងបណ្ដាលឲ្យមានការខ្មាស់អៀនខ្លះៗក្ដី ។ ឧទាហរណ៍ គោលលទ្ធិ និង សេចក្ដីសញ្ញា អាចមាននូវវិវរណៈមួយចំនួន ដែលព្រះអម្ចាស់បានវាយផ្ចាលពួកអ្នកដឹកនាំសាសនាចក្រជំនាន់មុន ( សូមមើលគ. និង ស. ៣:៥-៩,៩៣:៤១-៥០) ។ សព្វថ្ងៃនេះ អ្នកប្រវត្តិសាស្ត្រសាសនាចក្រ នៅក្រោមការដឹកនាំនៃគណៈប្រធានទីមួយ ដឹកនាំកិច្ចខិតខំនៃការិយាល័យផ្នែកប្រវត្តិសាស្ត្រសាសនាចក្រ ឲ្យរក្សាប្រវត្តិត្រឹមត្រូវមួយ « នៃរឿងសំខាន់ៗទាំងអស់ » ។
ដើម្បីជួយសិស្សស្គាល់ពីគោលការណ៍មួយនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:៣, ៨សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់រំពឹងឲ្យរក្សាប្រវត្តិសាស្ត្រសម្រាប់ជាការល្អនៃ …
សូមសួរសិស្សថាតើពួកគេនឹងបំពេញសេចក្ដីថ្លែងការណ៍នេះ អាស្រ័យទៅលើខ ៣និងខ ៨ តាមរបៀបណា ។ នៅពេលពួកគេឆ្លើយតប សូមបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ៖ ព្រះអម្ចាស់រំពឹងឲ្យរក្សាប្រវត្តិសាស្ត្រសម្រាប់ជាការល្អនៃសាសនាចក្រ និងជំនាន់ដែលកំពុងពេញវ័យ ។ អ្នគអាចនឹងចង់ឲ្យប្រាកដថា សិស្សបានយល់ថា ឃ្លា « ជំនាន់ដែលកំពុងពេញវ័យ » សំដៅទៅលើពួកគេ ដែលជាយុវវ័យនៃសាសនាចក្រ ។
-
តាមគំនិតរបស់អ្នក តើប្រវត្តិសាសនាចក្រ និងប្រវត្តិផ្ទាល់ខ្លួន មានប្រយោជន៍ដល់សាសនាចក្រយ៉ាងដូចម្ដេច ? តើវាផ្ដល់ប្រយោជន៍ដល់ជំនាន់ដែលកំពុងពេញវ័យយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សគិតអំពីដំណើររឿងមកពីប្រវត្តិសាស្ត្រសាសនាចក្រ ឬប្រវត្តិគ្រួសាររបស់ពួកគេ ដែលបានជួយដល់ពួកគេ ។ សូមបំបែកសិស្សជាគូរៗ ហើយសុំឲ្យពួកគេចែកចាយដំណើររឿងរបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។ ក៏សុំឲ្យពួកគេនិយាយអំពីរបៀបដែលដំណើររឿងទាំងឡាយ មានឥទ្ធិពលលើពួកគេ ។ ឬអ្នកអាចនឹងចង់អញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយដំណើររឿងទាំងឡាយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០
ព្រះអង្គសង្គ្រោះបានតែងតាំងអ្នកកាន់កាប់ត្រួតត្រាឲ្យមើលថែវិវរណៈទាំងឡាយរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យអានស្ងាត់ៗនូវការណែនាំ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០ ហើយរកមើលនូវអ្វីដែលប្រវត្តិរបស់ យ៉ូសែប ស៊្មីធ បានថ្លែងអំពី គោលលទ្ធិ និង សេចក្តីសញ្ញា (ពីដើមត្រូវបានហៅថា ព្រះគម្ពីរនៃព្រះបញ្ញត្តិ ) ។
-
តើព្យាការីពិពណ៌នាអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើលឈ្មោះនៃអ្នកដឹកនាំសាសនាចក្រប្រាំមួយនាក់ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់ទៀតឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:២-៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រទានដល់បុរសទាំងប្រាំមួយនាក់នេះ ។
-
តើទំនួលខុសត្រូវអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រគល់ទៅឲ្យបុរសទាំងប្រាំមួយនាក់ ? ( ពួកគេគឺត្រូវកាន់កាប់ត្រួតត្រាលើវិវរណៈ និងបទបញ្ញត្តិទាំងឡាយ ) ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:៤ តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះ ថាទ្រង់នឹងតម្រូវឲ្យបុរសទាំងនេះធ្វើអ្វីខ្លះនៅក្នុងថ្ងៃនៃការជំនុំជំរះ ? ( ទ្រង់នឹងតម្រូវនូវដំណើររឿងមួយអំពីការកាន់កាប់ត្រួតត្រារបស់ពួកគេ ។ ជាពាក្យម្យ៉ាងទៀត ទ្រង់នឹងសុំឲ្យពួកគាត់រាយការណ៍អំពីការបម្រើរបស់ពួកគាត់ ) ។
-
តើការណ៍នេះផ្ដល់ជាយោបល់អំពីអ្វីដែលព្រះអម្ចាស់នឹងតម្រូវពីយើងនៅថ្ងៃនៃការជំនុំជំរះអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយតប សូមជួយពួកគេឲ្យស្គាល់សេចក្ដីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងឲ្យយើងទទួលខុសត្រូវ ចំពោះកាតព្វកិច្ចទាំងឡាយ ដែលទ្រង់បាន ទុកព្រះទ័យមកលើយើង ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ មានឥទ្ធិពលទៅលើរបៀបដែលយើងឆ្លើយតបចំពោះការហៅ និងការចាត់តាំងទាំងឡាយក្នុងសាសនាចក្ររបស់យើង យ៉ាងដូចម្ដេច ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:៥-១៨ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រាប់ដល់បុរសទាំងប្រាំមួយនាក់ឲ្យកាន់កាប់ត្រួតត្រាលើវិវរណៈទាំងឡាយ « ជាមុខងាររបស់ពួកគេនៅក្នុងសាសនាចក្រនៃព្រះ គឺដើម្បីចាត់ចែងការណ៍ទាំងនោះ និងរឿងរ៉ាវទាំងនោះ មែនហើយ គឺផលប្រយោជន៍ដែលបានមកពីការណ៍ទាំងនោះ » (គ. និង ស. ៧០:៥) ។ ស្របទៅតាមក្រឹត្យវិន័យនៃការថ្វាយ រាល់ចំណូលដែលពួកគេបានទទួល ដែលលើសពីតម្រូវការរបស់ពួកគេ គឺត្រូវប្រគល់ទៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់ ដើម្បីមើលថែទាំដល់ជនក្រីក្រ ( សូមមើលគ. និង ស. ៧០:៧) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១
ព្រះអម្ចាស់បង្រៀន យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពីរបៀបឆ្លើយតបចំពោះការរិះគន់ដល់សាសនាចក្រ
សូមសួរដល់សិស្សបើមានពួកគេណាម្នាក់ធ្លាប់ស្ដាប់ឮការរិះគន់អំពីសាសនាចក្រ ។ អ្នកអាចនឹងគិតអញ្ជើញសិស្សពីរបីនាក់ឲ្យប្រាប់អំពីបទពិសោធន៍របស់ពួកគេ ។
-
តើរបៀបត្រឹមត្រូវដើម្បីឆ្លើយតបចំពោះការរិះគន់អំពីសាសនាចក្រមានអ្វីខ្លះ ?
ដើម្បីជួយសិស្សយល់អំពីបរិបទនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៧១សូមអញ្ជើញសិស្សម្នាក់ឲ្យអានព័ត៌មានដូចខាងក្រោមឲ្យឮៗ ( ឬអានឃ្លាដោយខ្លួនឯង ) ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលសាសនាចក្រ និងអ្នកដឹកនាំ ត្រូវបានគេរិះគន់នៅគ្រានៃវិវរណៈនេះត្រូវបានផ្ដល់ឲ្យ ។
អែសរ៉ា ប៊ូត គឺជាអតីតអាចារ្យពួកមេតូឌីស ដែលបានក្លាយជាសមាជិកសាសនាចក្រ បន្ទាប់ពីបានអានព្រះគម្ពីរមរមន បាននិយាយជាមួយយ៉ូសែប ស្ម៊ីធ ហើយបានធ្វើជាសាក្សីនៃការព្យាបាលមួយ ។ គាត់បានធ្វើដំណើរជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ទៅកាន់រដ្ឋ មិសសួរី ប៉ុន្តែបានខកចិត្ត នៅពេលគាត់ពុំអាចធ្វើអព្ភូតហេតុដើម្បីបញ្ចុះបញ្ចូលអ្នកដទៃជឿសេចក្ដីពិតបាន ។ បន្ថែមពីលើនោះ ប៊ូត ពុំជឿថា ទង្វើររបស់ យ៉ូសែប ស៊្មីធ សមរម្យដើម្បីធ្វើជាព្យាការី ឬអ្នកដឹកនាំខាងវិញ្ញាណនោះទេ ។ គាត់បានរិះគន់ដល់ យ៉ូសែប ស៊្មីធ យ៉ាងខ្លាំង បានចាកចេញពីសាសនាចក្រ ហើយបានសរសេរសំបុត្ររិះគន់ប្រាំបួនច្បាប់ដល់សាសនាចក្រ និងពួកអ្នកដឹកនាំ ។ សំបុត្រទាំងនេះ បានបោះពុម្ពនៅក្នុងកាសែតមួយ ដែលហៅថាOhio Star, (តារាអូហៃអូ) បាននាំមនុស្សមួយចំនួនឲ្យមានអារម្មណ៍ពុំចូលចិត្តសាសនាចក្រ និងអ្នកដឹកនាំទាំងឡាយ ។ ប្រវត្តិរបស់ ព្យាការី យ៉ូសែប ស៊្មីធ បានហៅការសរសេររបស់ អែសរ៉ា ប៊ូត ថាជា « លំដាប់សំបុត្រ ដែលលាបពណ៌ ការក្លែងបន្លំ និងបំណងឥតប្រយោជន៍ដើម្បីបំផ្លាញកិច្ចការនៃព្រះអម្ចាស់ បានបើកឲ្យឃើញនូវភាពទន់ខ្សោយ ភាពទុច្ចរិត និង ភាពល្ងង់របស់គាត់ [ប៊ូត] ហើយបានបង្កើននូវការរំឭកខ្លួនគ្រាន់តែរឿងដ៏ខ្មាស់អៀននេះ ដើម្បីឲ្យពិភពលោកមានការងឿងឆ្ងល់ » (History of the Church ១:២១៦-១៧ ) ។ ស៊ីម៉ូនស៍ រៃឌើរ ជាសមាជិកដែលមានការអាក់អន់ចិត្តម្នាក់ទៀត បានផ្ដល់ច្បាប់ចម្លងនៃវិវរណៈមួយចំនួនទៅឲ្យអ្នកកាសែតផ្សេងទៀត ដោយប៉ុនប៉ងធ្វើឲ្យមនុស្សបាក់ទឹកចិត្តពុំចូលរួមក្នុងសាសនាចក្រ ។
សូមពន្យល់ថា ការរំខានដែលបណ្ដាលមកពី អែសរ៉ា ប៊ូត និង ស៊ីម៉ូនស៍ រៃឌើរ បានក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:១-៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើ ដើម្បីរម្ងាប់នូវអារម្មណ៍អមិត្ត ដែលជាលទ្ធផលមកពីអត្ថបទកាសែត ។
-
ស្របតាមខ ១តើព្រះអម្ចាស់ណែនាំ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើអ្វីខ្លះ ដើម្បីរម្ងាប់អារម្មណ៍អវិជ្ជមានរបស់ប្រជាជនអំពីសាសនាចក្រ ? ( ពួកគេត្រូវប្រើបទគម្ពីរ និងព្រះចេស្ដានៃព្រះវិញ្ញាណ ដែលព្រះអម្ចាស់នឹងប្រទានដល់ពួកគេ ) ។
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីការណែនាំនេះ អំពីរបៀបដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់សាសនាចក្រ ? ( ទោះជាសិស្សអាចនឹងផ្ដល់ចម្លើយត្រឹមត្រូវជាច្រើនក្ដី សូមប្រាកដថាពួកគេបានប្រាប់គោលការណ៍ដូចខាងក្រោម ៖ នៅពេលមនុស្សរិះគន់សាសនាចក្រ យើងអាចឆ្លើយតបដោយការចែកចាយសេចក្ដីពិតចេញមកពីបទគម្ពីរ ហើយធ្វើតាមការដឹកនាំពីព្រះវិញ្ញាណ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើយើងអាចធ្វើអ្វីខ្លះនាពេលឥឡូវនេះ ដើម្បីឆ្លើយតបចំពោះការរិះគន់ទាស់នឹងសាសនាចក្រ ឬអ្នកដឹកនាំ ?
ដើម្បីជួយសិស្សយល់អំពីសារៈសំខាន់នៃការមានការណែនាំពីព្រះវិញ្ញាណ នៅពេលពួកគេឆ្លើយតបចំពោះការរិះគន់ទាស់នឹងសាសនាចក្រ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវរបៀបដែលព្រះវិញ្ញាណអាចជួយយើងឆ្លើយតបចំពោះការរិះគន់ទាស់នឹងសាសនាចក្រ ។
« ពេលយើងឆ្លើយតបនឹងអ្នកដទៃ កាលៈទេសៈនីមួយៗនឹងខុសគ្នា ។ សំណាងល្អ ព្រះអម្ចាស់ជ្រាបពីដួងចិត្តនៃអ្នកចោទប្រកាន់យើង និង របៀបដែលយើងអាចឆ្លើយតបទៅកាន់ពួកគេវិញដោយមានប្រសិទ្ធភាពបំផុត ។ ក្នុងនាមជាសិស្សដ៏ពិតស្វែងរកការណែនាំមកពីព្រះវិញ្ញាណ នោះពួកគេទទួលបានការបំផុសគំនិតដែលទាក់ទងនឹងរឿងប្រឈមនីមួយៗ ។ ហើយនៅគ្រប់ការប្រឈមនីមួយៗ សិស្សដ៏ពិតឆ្លើយតបតាមរបៀបដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់The Price of Discipleship » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៥-១១ ឲ្យឮៗ។ សូមឲ្យសិស្សរកមើលការប្រឹក្សា និងការលួងលោមចិត្ត ដែលព្រះអម្ចាស់បានប្រទានដល់អ្នកទាំងឡាយដែលឆ្លើយតបចំពោះការរិះគន់ទាស់នឹងសាសនាចក្រ ។
-
តើមានការប្រឹក្សាអ្វីខ្លះ ដែលអ្នកឃើញនៅក្នុងខ ៧?
សូមពន្យល់ថា ស៊ីឌនី រិកដុន បានគោរពតាមការប្រឹក្សារបស់ព្រះអម្ចាស់ ហើយបានអញ្ជើញ អែសរ៉ា ប៊ូត ឲ្យចូលរួមនឹងគាត់នៅក្នុងទីក្រុង រ៉ាវែនណា ជាកន្លែងដែលពួកគេនឹងពិភាក្សាជាសាធារណៈអំពីសំបុត្រដែល អែសរ៉ា បានបញ្ជូនទៅឲ្យអ្នកកាសែត ។ ស៊ីឌនី ក៏បានសំណូមពរឲ្យ ស៊ីម៉ូនស៍ រៃឌើរ ពិភាក្សាជាសាធារណៈអំពីព្រះគម្ពីរមរមន ។ បុរសទាំងពីរនាក់ ពុំទទួលយកការអញ្ជើញនោះទេ ។ ស៊ីឌនី នៅតែថ្លែងទីបន្ទាល់អំពីសេចក្ដីពិត នៅ រ៉ាវែនណា និងទីតាំងផ្សេងទៀត ។
-
តើការប្រឹក្សានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:៨-១០ ជាការលួងលោមចិត្តដល់អ្នកទាំងឡាយដែល ឆ្លើយតបទៅនឹងរិះគន់ទាស់នឹងសាសនាចក្រយ៉ាងដូចម្ដេចខ្លះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីត្រៀមខ្លួនកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ទាស់នឹងសាសនាចក្រ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសាសនាចក្រ និងអ្នកដឹកនាំ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:៣, ៨។ « គាត់គួរបន្ដនូវការសរសេរ និងការកត់ប្រវត្តិ »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការសរសេរប្រវត្តិផ្ទាល់ខ្លួន ៖
កំណត់ហេតុរបស់អ្នក គឺជារឿងជីវិតរបស់អ្នក ដូច្នេះគួររក្សាទុកដោយប្រុងប្រយ័ត្ន ។ អ្នកគឺពិសេស ហើយអាចមានហេតុការណ៍ជាច្រើននៅក្នុងបទពិសោធន៍របស់អ្នក ដែលថ្លៃថ្នូ និងគួរឲ្យគោរពច្រើនជាងរឿងដែលបានកត់ត្រានៅក្នុងជីវិតអ្នកផ្សេងៗទៀត ។ អាចនឹងមានរឿងដែលត្រូវឆ្លុះបញ្ចាំងបំភ្លឺនៅទីនេះ និងរឿងនៃភាពស្មោះត្រង់នៅទីនេះ ។…
« រឿងរបស់អ្នកគួរតែសរសេរក្នុងពេលនេះ ខណៈដែលវានៅថ្មីៗ ហើយមាននូវព័ត៌មានលម្អិតពិត ។…
« តើអ្នកអាចធ្វើអ្វីខ្លះឲ្យកាន់តែល្អប្រសើរសម្រាប់កូនរបស់អ្នក និងចៅរបស់អ្នកជាងកំណត់ត្រាអំពីដំណើររឿងជីវិតរបស់អ្នក ភាពជោគជ័យរបស់អ្នកយកឈ្នះលើមារសត្រូវ ការរួចពីការធ្លាក់ ការរីកចម្រើនរបស់អ្នកនៅពេលអ្វីៗហាក់ដូចជាខ្មៅងងឹត ភាពរីករាយរបស់អ្នក នៅពេលដែលនៅទីបំផុតអ្នក បានជោគជ័យនោះ?…
« សូមយកសៀវភៅកត់ត្រាមួយមក … ជាកំណត់ហេតុមួយដែលនឹងជាប់បានយូរ ហើយប្រហែលជាមានពួកទេវតានឹងដកស្រង់ចេញពីវាសម្រាប់អស់ទាំងភាពអស់កល្បជានិច្ច ។ សូមចាប់ផ្ដើមនៅថ្ងៃនេះ ហើយសរសេរនៅក្នុងវានូវអ្វីដែលកើតមានឡើងចំពោះអ្នក គំនិតដ៏ជ្រាលជ្រៅរបស់អ្នក ភាពជោគជ័យរបស់អ្នក និងការបរាជ័យរបស់អ្នក មនុស្សដែលអ្នកទំនាក់ទំនង និងជ័យជំនះរបស់អ្នក ចំណាប់អារម្មណ៍ និងទីបន្ទាល់របស់អ្នក » (The Angles May Quote from It »New Era ខែ តុលា ឆ្នាំ ១៩៧៥ ទំព័រ ៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១។ បេសកកម្មរបស់យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងរដ្ឋ អូហៃអូ
ប្រវត្តិរបស់ យ៉ូសែប ស៊្មីធ រួមមាននូវការពិពណ៌នាមួយអំពីរបៀបដែល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានធ្វើកិច្ចការដើម្បីបំពេញតាមបញ្ជារបស់ព្រះអម្ចាស់ ដើម្បីរម្ងាប់អារម្មណ៍អមិត្តចំពោះសាសនាចក្រ ដែលបានបង្កើតឡើង ដោយសារតែអត្ថបទកាសែត ដែលបានសរសេរដោយ អែសរ៉ា ប៊ូត ៖
« ចាប់ពីគ្រានេះរហូតដល់ថ្ងៃទី ៨ ឬ ទី ១០ នៃខែមករា ឆ្នាំ ១៨៣២ រូបខ្ញុំ និងអែលឌើរ រិកដុន បានបន្ដផ្សាយនៅក្នុង ស្សាល្លឺវីលី រ៉ាវែនណា និងកន្លែងផ្សេងទៀត ដាក់សេចក្ដីពិត ថ្លែងទីបន្ទាល់អំពីបុព្វហេតុនៃព្រះអង្គប្រោសលោះរបស់យើង ដែលបង្ហាញថា ថ្ងៃនៃការសងសឹកនឹងមកដល់នៅជំនាន់នេះ ដូចជាចោរមកនៅពេលយប់ ដែលប្រកាន់ពូជសាសន៍ ភាពងងឹតងងល់ ខ្មៅងងឹតបំពេញនៅក្នុងគំនិតរបស់មនុស្សជាច្រើន ហើយបានបណ្ដាលឲ្យពួកគេធ្វើទុក្ខបុកម្នេញដល់សាសនាចក្រពិត ហើយបដិសេធពន្លឺពិត ដោយយើងបានធ្វើនូវមធ្យោបាយជាច្រើនដើម្បីរម្ងាប់អារម្មណ៍រំជើបរំជួល ដែលកំពុងតែកើតមានដោយសារតែសំបុត្រអាស្រូវ ដែលត្រូវបានបោះពុម្ពនៅក្នុងOhio Starនៅ រ៉ាវែនណា ដោយមនុស្សក្បត់សាសនាឈ្មោះអ៊ែសរ៉ា ប៊ូត ដែលប្រាប់មកមុនមកនោះ » ( នៅក្នុងHistory of the Church១:២៤១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១។ ស៊ីម៉ូនស៍ រៃឌើរ
នៅពេល ស៊ីម៉ូនស៍ រៃឌើរ បានរៀនអំពីសាសនាចក្រពីដំបូង គាត់បាននៅតែពុំទាន់សម្រេចចិត្តថាតើគាត់ចង់ទទួលបុណ្យជ្រមុជទឹកឬអត់ ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ១៨៣១ គាត់បានអានកាសែតមួយអំពីដំណើររឿងនៃការបំផ្លិចបំផ្លាញនៃទីក្រុង ប៉េកាំង ប្រទេសចិន ហើយបានចាំថា ក្មេងស្រីមរមនម្នាក់ បានទាយទុកអំពីការបំផ្លិចបំផ្លាញនៃទីក្រុងនោះ កាលពីប្រាំមួយសប្ដាហ៍មុន ។ បទពិសោធន៍នេះ បាននាំគាត់ឲ្យចូលរួមសាសនាចក្រ ។
មិនយូរប៉ុន្មាន បន្ទាប់ពី ស៊ីម៉ូនស៍ បានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះគាត់ត្រូវបានតែងតាំងជាអែលឌើរ ។ គាត់បានទទួលសំបុត្រមួយច្បាប់ដែលបានចុះហត្ថលេខាដោយ ព្យាការីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដែលថ្លែងថា វាគឺជាព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដោយបានធ្វើឲ្យដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា គាត់គួរតែផ្សាយដំណឹងល្អ ។ ទាំងនៅក្នុងសំបុត្រដែលគាត់បានទទួល និងនៅក្នុងសំបុត្រផ្លូវការឲ្យផ្សាយដំណឹងល្អ ទោះជាយ៉ាងណា ឈ្មោះរបស់គាត់ត្រូវបានប្រកបថារីឌើរជំនួសឲ្យរៃឌើរ ។ ដោយសារតែការប្រកបឈ្មោះខុស ស៊ីម៉ូនស៍ បានចាប់ផ្ដើមសង្ស័យចំពោះ វិវរណៈទាំងឡាយនៃយ៉ូសែប ស៊្មីធ និងការហៅរបស់លោក ក្នុងនាមជាព្យាការីនៃព្រះ ។ ទីបំផុត ស៊ីម៉ូនស៍ បានចាកចេញពីសាសនាចក្រ ។ ខណៈដែលប្រតិកម្មរបស់គាត់ចំពោះការប្រកបឈ្មោះខុស គឺពុំមែនជាមូលហេតុតែមួយគត់នៃការក្បត់សាសនារបស់គាត់ទេ វាជាដើមហេតុ ។ បន្ទាប់ពីការក្បត់សាសនារបស់គាត់ ស៊ីម៉ូនស៍ រៃឌើរ បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកមនុស្សអាក្រក់ ដែលបានចាក់ជ័រ និងរោមសត្វលើ យ៉ូសែប ស៊្មីធ នៅខាងក្រៅផ្ទះរបស់ យ៉ូហាន និង អេលសា ចនសុន នៅយប់ថ្ងៃទី ២៤-២៥ ខែ មិនា ឆ្នាំ ១៨៣២ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:៧។ ការជួយអ្នកដទៃឲ្យយល់អំពីសេចក្ដីពិត
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រទានការប្រឹក្សាដូចខាងក្រោមអំពីរបៀបដើម្បីឆ្លើយតបចំពោះមនុស្សដែលរិះគន់សាសនាចក្រថា ៖
«ក្នុងនាមជាសិស្សដ៏ពិត ការបារម្ភដ៏ចម្បងរបស់យើង ត្រូវតែអំពីសុខុមាលភាពរបស់អ្នកដទៃ មិនមែនការការពារតែអំពីខ្លួនយើងនោះទេ ។ សំណួរ និងការរិះគន់ផ្ដល់ដល់យើងនូវឱកាសមួយ ដើម្បីឈោងទៅជួយអ្នកដទៃ និងបង្ហាញថា ពួកគេសំខាន់ចំពោះព្រះវបិតាសួគ៌របស់យើង និងចំពោះយើងផងដែរ ។ គោលបំណងរបស់យើងគួរតែជួយពួកគេឲ្យយល់អំពីសេចក្ដីពិត មិនមែនការពារតែអាត្មាខ្លួនឯង ឬ ទទួលបានពិន្ទុនៅក្នុងការជជែកវែកញែកអំពីទ្រឹស្ដីនោះទេ ។ ទីបន្ទាល់ដ៏ស្មោះត្រង់របស់យើង គឺជាចម្លើយដ៏មានឥទ្ធិពលបំផុតដែលយើងអាចឲ្យទៅដល់អ្នកដែលចោទប្រកាន់យើង ។ ហើយទីបន្ទាល់ដូច្នេះ អាចកើតមានតែនៅក្នុងសេចក្ដីស្រឡាញ់ និងភាពរាបសាប៉ុណ្ណោះ » (« Christian Courage: The Price of Discipleship, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៧៣–៧៤) ។
អែលឌើរ ម៉ាវិន ជេ អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រឹក្សាថា ៖
« ប្រហែលជាយើងនឹងពុំអាចគេចផុតពីអ្នកដែលប្រឆាំងនឹងពួកមរមនដោយបើកចំហរទាំងស្រុងនោះទេ ។ ហេតុដូច្នោះហើយ យើងលើកទឹកចិត្តសមាជិករបស់យើងទាំងអស់ ឲ្យចៀសវាងពីការក្លាយទៅជាអ្នកប្រឆាំងនឹងពួកអ្នកប្រឆាំងនឹងពួកមរមន » (Pure Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៦៣ ) ។