ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៤៨ ៖ ការធ្វើដំណើរ​ឆ្លងកាត់រដ្ឋ អៃអូវ៉ា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១-១៨


មេរៀនទី ១៤៨

មេរៀនទី ១៤៨ ៖ ការធ្វើដំណើរ​ឆ្លងកាត់រដ្ឋ អៃអូវ៉ា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១-១៨

បុព្វកថា

នៅខែ​កុម្ភៈ ឆ្នាំ ១៨៤៦ ពួកបរិសុទ្ធ​បាន​ចាប់​ផ្ដើម​ចាកចេញពី​ទី​ក្រុង​ណៅវូ ហើយធ្វើដំណើរទៅ កាន់​ទិស​ខាងលិច​ឆ្លង​កាត់​រដ្ឋ អៃអូវ៉ា ។ ព្រិកហាំ យ៉ង់ បានទទួលវិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦នៅវិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា នៅខែមករា ឆ្នាំ ១៨៤៧ ។ មេរៀន​នេះ ពិភាក្សា​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១-១៨ដែល​រួមមាន​នូវកា​រទូន្មាន​របស់ព្រះអម្ចាស់​ ដើម្បីជួយ​ពួក​បរិសុទ្ធ​រៀបចំ​ខ្លួន​ ហើយ​ត្រៀម​ខ្លួន​ដើម្បី​បន្ដ​ការ​ធ្វើដំណើរ​ទៅកាន់​ទិស​ខាង​លិច ។

យោបល់​សម្រាប់​ការបង្រៀន

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ឆ្លងកាត់រដ្ឋ អៃអូវ៉ា ហើយ​បានបង្កើត​ទីស្នាក់ការ​កណ្ដាល​នៅ​វិនទើរ ខ្វរទើរ្ស

សូម​ចងកន្សែង​បិទ​ភ្នែក​សិស្ស​ម្នាក់ ហើយ​ដាក់​គាត់​នៅ​ម្ខាង​នៃ​បន្ទប់​រៀន ។ បន្ទាប់​មក​សូម​រៀបចំ​របស់របរមួយ​ចំនួន​នៅក្នុង​ថ្នាក់​ឡើង​វិញ សូម​ធ្វើ​វា​ឲ្យ​ឮសំឡេង​ដូច្នេះ​សិស្ស​អាចប្រាប់​ថា​ឥវ៉ាន់​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង ។ សូម​ឲ្យ​សិស្ស​ដែល​ត្រូវបាន​បិទមុខ​នោះ​ជ្រើសរើស​មិត្ត​រួម​ថ្នាក់​ម្នាក់​ឲ្យ​និយាយ​ប្រាប់ ដើម្បី​ជួយ​គាត់​ដើរ​ទៅ​ដល់​ជ្រុង​ម្ខាង​ទៀត​នៃ​បន្ទប់ ។ នៅពេល​សិស្ស​ជ្រើសរើស​នរណា​ម្នាក់​ហើយ​នោះ សូម​សួរ ៖

  • ហេតុអ្វី​អ្នក​ជ្រើសរើសបុគ្គល​ម្នាក់​នោះ ?

  • តើការទុកចិត្ត​របស់យើង​ទៅលើមនុស្សម្នាក់ទៀត មានឥទ្ធិពលទៅលើរបៀបដែលយើងធ្វើតាមការណែនាំរបស់ពួកគេដោយ​យកចិត្តទុកដាក់​យ៉ាង​ដូចម្ដេច?

សូម​ឲ្យ​អ្នកប្រាប់ផ្លូវនោះផ្តល់ទិសដៅនានា ដើម្បីឲ្យសិស្ស​ដែល​មានកន្សែងចងបិទ​ភ្នែក​នោះ នឹង​អាច​ដើរ​ដោយ​សុវត្ថិភាព​ទៅកាន់​ផ្នែកម្ខាង​ទៀត​នៃ​ថ្នាក់រៀន ។ ក្រោយមក​សូម​បង្គាប់​សិស្ស​ទាំង​ពីរ​នោះ​ឲ្យ​ត្រឡប់​ទៅ​អង្គុយ​វិញ ។

សូមអញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម អំពី​ការធ្វើ​ដំណើរ​របស់​ពួក​បរិសុទ្ធ​ចេញពី​ទីក្រុង​ណៅវូ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​អំពីរបៀប​នានា​នៃ​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​អាច​មាន ដែល​ស្រដៀង​នឹង​បទពិសោធន៍​នៃ​សិស្ស​ដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​ដើរ​ឆ្លង​ក្នុង​បន្ទប់រៀន​នោះ ។

ក្រោម​ការគម្រាមកំហែង​ដ៏​សាហាវ​ព្រៃផ្សៃ​មក​ពីពួក​ជនកំណាច​ក្នុង​មូលដ្ឋាន នោះពួក​បរិសុទ្ធ​បាន​ចាប់​ផ្តើម​ចាកចេញ​ពី​ទីក្រុង​ណៅវូ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​ដោយ​ឆ្លងកាត់​រដ្ឋ​អៃអូវ៉ា ។ « ការចាកចេញ​ពី​ទីក្រុង​ណៅវូ​គឺជា ទង្វើ​មួយ​នៃ​សេចក្តីជំនឿ​របស់​ពួក​បរិសុទ្ធ ។ ពួកគេ​បាន​ចាកចេញ​ទៅ​ដោយ​ពុំដឹង​ពី​ទីកន្លែង​ពិតប្រាកដ​ថា​នឹង​ទៅ​ទីណា ឬ នៅពេល​ណា​ពួកគេ​នឹង​ទៅ​ដល់​កន្លែង​មួយ​ដែល​ពួកគេ​អាចបោះទីតាំង​រស់នៅ​បាន​ឡើយ ។ ពួកគេ​គ្រាន់តែដឹង​ថា​ពួកគេត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ​អិលលីណោយ ដោយសារ​មារសត្រូវ​របស់​ខ្លួន ហើយ​ថា​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​បាន​ទទួល​វិវរណៈ​ដើម្បី​បោះ​ទីតាំង​នៃ​ជនភាសខ្លួន​នៅ​កន្លែង​មួយ​នៅក្នុង​តំបន់ រ៉កគី ម៉ោនធីន ​» (Church History in the Fulness of Times Student Manual, ការបោះពុម្ពលើក​ទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ៣០៩ ) ។

  • តើបទពិសោធន៍​របស់ពួកបរិសុទ្ធ​ក្នុងការ​ចាកចេញពី​ទីក្រុង​ណៅវូ ស្រដៀងគ្នា​ទៅនឹង​បទពិសោធន៍​របស់សិស្ស ដែល​ត្រូវ​បាននាំ​ដើរ​កាត់​បន្ទប់រៀន​យ៉ាងដូចម្ដេច ? ( បទពិសោធន៍ទាំងពីរ បានពឹងផ្អែក​ទៅលើ​ចក្ខុវិស័យ និងការដឹកនាំ​របស់​មនុស្ស​ម្នាក់ ដែលពួកគេ​ទុកចិត្ត​ឲ្យជួយ​ពួកគេ​ទៅ​ដល់​ទិសដៅរបស់ពួកគេ ) ។

  • តើយើងអាច​រៀនអ្វី​ខ្លះមកពី​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​អំពី​ការ​ចាកចេញពី​ទីក្រុង​ណៅវូ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​សម្ដី​ផ្សេង ប៉ុន្តែ​ពួកគេ​គប្បី​បង្ហាញ​នូវ​គោលការណ៍​ដូចខាងក្រោម ៖​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង នៅពេល​យើង​ធ្វើតាម​ការ​ទូន្មាន​ និង​ការ​ដឹកនាំ​របស់ពួកអ្នកដឹកនាំ​សាសនាចក្រ​របស់​យើង )

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿងដូច​ខាងក្រោម​អំពី​ វីល្លាម ក្លេតុន ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​គំរូ​នៃ​សេចក្ដីជំនឿរបស់​បងប្រុស​ក្លេតុន ។

« វីល្លាម ក្លេតុន ត្រូវ​បាន​ហៅ​ឲ្យ​នៅក្នុ​ងក្រុមទីមួយ​ដើម្បី​ចាកចេញ​ពី​ទីក្រុង​ណៅវូ ហើយ​ទុកចោ​ល​ភរិយា​របស់គាត់ ឌីអាន់ថា ឲ្យ​នៅ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ​រយៈពេល​តែមួយខែ​មុនពេល​គាត់​សម្រាល​កូន​ដំបូង​របស់គាត់​ប៉ុណ្ណោះ ។ ការ​ធ្វើដំណើរ​ឆ្លងកាត់​ដីល្បាប់ និង​បោះជំរុំ​នៅក្នុង​ត្រសាល​ត្រជាក់ បាន​ធ្វើ​ឲ្យគាត់​ព្រួយបារម្ភ និង​មានការ​មួរម៉ៅ ដោយសារ​គាត់​បារម្ភ​អំពី​សុខុមាលភាព​របស់​ឌីអាន់ថា ។ រយៈពេលពីរ​ខែ​ក្រោយមក គាត់​នៅតែ​ពុំ​បាន​ដឹង បើសិនថា​នាង​បាន​សម្រាល​ [កូន] ​ដោយសុវត្ថិភាព​ ឬអត់ ប៉ុន្តែ​នៅទីបំផុត គាត់​បាន​ទទួល​ពាក្យ​ប្រកប​ដោយអំណរ​ថា ‹ កូន​ប្រុស​ដ៏​ត្រលុកត្រលន់​ › បាន​កើត​មក​ហើយ ។ រំពេច​ដែលគាត់បាន​ឮ​ដំណឹង​នោះភ្លាម វិល្លាម​បាន​អង្គុយ​ចុះ ហើយ​បាន​និពន្ធបទ​ចម្រៀង​មួយបទ ដែល​ពុំគ្រាន់តែ​មាន​អត្ថន័យ​ពិសេស​ចំពោះ​គាត់តែប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក្លាយទៅជា​ភ្លេង​ជាតិ​ដ៏បំផុស​គំនិត ហើយ​ប្រកប​ដោយការ​ដឹងគុណ​ដល់​សមាជិកនៃ​សាសនាចក្រ​ជាច្រើនតំណរ ។ ចម្រៀង​នោះ​មានចំណងជើង​ថា ‹ មក មក ពួកបរិសុទ្ធ ›» (Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ], ទំព័រ ៧១) ។

សូម​អញ្ជើញសិស្សក្នុងថ្នាក់​ឲ្យច្រៀង​បទជាមួយគ្នា​នៅ​វគ្គ​បី​ដំបូង​នៃ​បទ « មក ​មក ​ពួកបរិសុទ្ធ » (ទំនុក​តម្កើងទំព័រ ១៨ ) ។ ( ឬ​ទាក់ទង​នឹង​សិស្ស​ម្នាក់ ឬ​សិស្ស​មួយ​ក្រុម​ជា​មុន ហើយអញ្ជើញ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ច្រៀង​វគ្គ​បីដំបូង​នៃ​ទំនុក​តម្កើង​នេះ ) ។ មុនពេល​ទំនុក​តម្កើង​ត្រូវបាន​ច្រៀង សូម​សិស្ស​ឲ្យរកមើល ឬ​ស្ដាប់​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​ជំនឿ​របស់ពួកបរិសុទ្ធ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នឹង​ទំនុកចិត្តទៅលើ​ពួក​អ្នកដឹកនាំរបស់​ពួកគេ ។

បន្ទាប់ពី​វគ្គ​បី​ដំបូង​ត្រូវ​បាន​ច្រៀង សូម​សួរ​ថា ៖

  • តើ​ទំនុកតម្កើង​នេះ​បង្ហាញ​ពី​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទំនុកចិត្ត​ទៅលើពួក​អ្នកដឹកនាំ​របស់ពួកគេ​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានឮៗអំពី​ដំណើរ​រឿងដូច​ខាងក្រោម​របស់​ អួរសុន ប្រាត្ត និង ខាធើរិន ស្ពែនស៊ើរ ។ សូម​ឲ្យសិស្ស​ស្ដាប់​រកមើល​គំរូ​នៃ​សេចក្ដីជំនឿ​ និង​ទំនុកចិត្ត​របស់​ស្ពែន​ស៊ើរ ។

« បន្ទាប់ពី​ចាក​ចេញ​ពី​ទីក្រុងណៅវូ [ខាធើរិន] ទន់ខ្សោយ ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​សារ​តែ​ទុក្ខលំបាក​ជាច្រើន​ដែល​នាង​បានជួប​ប្រទះ ។ ស្វាមី​ដ៏ប្រកបដោយទុក្ខព្រួយ បានសរសេរសំបុត្រអង្វរករដល់ឪពុកម្ដាយ​របស់​ភរិយា សុំ​ឲ្យ​ពួកគាត់ទទួលនាងទៅនៅនឹងពួកគាត់ ទម្រាំតែពួក​បរិសុទ្ធ​រកបាន​កន្លែង​នឹងនរ​មួយ ។ ចម្លើយ​បាន​តប​មក​ថា ‹ សូម​ឲ្យ​នាង​បោះបង់​ចោល​ជំនឿ​ដ៏​គួរខ្មាស់​អៀន​របស់​នាង​នោះ​ចោល​ទៅ ទើប​នាង​អាច​ត្រឡប់​មក​នៅ​ជាមួយ​យើង​វិញ បើ​មិន​ដូច្នោះទេ នាង​ពុំ​អាច​មក​វិញ​ឡើយ › ។

« នៅ​ពេល​សំបុត្រ​ត្រូវ​បាន​អាន​ឲ្យ​នាង​ស្ដាប់ នោះ​នាង​បាន​សុំ​ឲ្យ​ស្វាមី​នាង​បើក​ព្រះគម្ពីរ​ប៊ីប​របស់​គាត់​ទៅ​គម្ពីរ​នាង​រស់ ហើយ​អាន​ជំពូក​ទីមួយ ខ​ទី​ដប់​ប្រាំ​មួយ និង​ដប់ប្រាំ​ពីរ ៖ ‹ សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នកម្ដាយ​នឹង​វិលទៅវិញ លែង​តាម​អ្នកម្ដាយ​នោះឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ ។ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ › » ( Memoirs of John R. Young: Utah Pioneer ១៨៤៧ [ ឆ្នាំ ១៩២០ ] ទំព័រ ១៧-១៨ ) ។ ខាធើរិន​ ស្ពែនស៊ើរ បាន​ស្លាប់​នៅ​មិនយូរ​ប៉ុន្មាន​ក្រោយមក ។

សូម​អញ្ជើញសិស្ស​ឲ្យ​ច្រៀង​វគ្គ​ទីបួន​នៃ​បទ « មក មក ពួកបរិសុទ្ធ » ។ សូម​ឲ្យ​ពួកគេ​គិតអំពី​របៀប​ដែល​ពាក្យ​ពេចន៍ទាំងនោះនៅក្នុង​វគ្គ​នេះ ទាក់ទង​នឹង​ខាធើរិន ស្ពែនស៊ើរ ។ បន្ទាប់ពី​ពួកគេ​បាន​ច្រៀង​វគ្គនេះ​រួច​ហើយ សូម​សួរ​ថា ៖

  • តើ​ពាក្យ​នៃ​វគ្គ​នេះ ទាក់ទង​នឹង​ខាធើរិន ស្ពែនស៊ើរ យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​ដាក់គោលដៅ​មួយ​ដើម្បីអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើតាម​ដំបូន្មាន​ និងការ​ដឹកនាំ​របស់​ពួកអ្នកដឹកនាំ​សាសនាចក្រ​របស់ពួកគេ​កាន់តែ​ល្អ​ប្រសើរ ។

សូម​អញ្ជើញសិស្ស​ឲ្យ​បើក​ទៅ​ផែនទី ទី ៦ (« ដំណើរ​នៃសាសនាចក្រទៅទិស​ខាង​លិច ») នៅក្នុងវគ្គ​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រនៃ​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​រកមើលទីក្រុង ណៅវូ និង វិនទើរ ខ្វរទើរ្ស ។ សូម​ពន្យល់​ថា ដោយសារតែ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង និង​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នោះ​ពួកបរិសុទ្ធ​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ​នៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ បានចំណាយពេលបួនខែធ្វើដំណើរឆ្លងកាត់រដ្ឋអៃអូវ៉ាចម្ងាយ ៤៨០គីឡូម៉ែត្រ ។ ល្បឿននៃ​ការធ្វើដំណើរ​របស់​ក្រុមនេះ​មាន​ការយឺតយ៉ាវ ដោយសារ​តែ​លក្ខខណ្ឌ​ទាំង​នេះ និង ដោយសារ​ពួកគេ​បាន​បាត់បង់​ការបម្រើ​ពីបុរសៗ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង ៥០០ ​នាក់ ។ បុរស​ទាំង​នេះ ដែល​បាន​ស្គាល់​ថា​ជាកងវរសេនា​តូចមរមន បាន​ស្តាប់​តាម​ការអំពាវ​នាវ​របស់​ប្រធាន​ យ៉ង់​ឲ្យ​ចូល​បម្រើ​កងទ័ព​សហរដ្ឋ ដើម្បី​រក​ប្រាក់​ជួយ​ដល់​សមាជិក​សាសនាចក្រ​ដែល​ក្រីក្រ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ។ ការបូជា​នេះ​បាន​ជួយយ៉ាង​ច្រើន ប៉ុន្តែវា​ក៏​បាន​បន្សល់​ទុក​នូវ​ក្រុមគ្រួសារ​ជា​ច្រើន​ឲ្យ​គ្មាន​ស្វាមី និង ឪពុកក្នុង​ការធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ផងដែរ​ ។ ដោយ​គិត​ពី​ការធ្វើដំណើរយ៉ាងយឺត​នោះ អ្នកដឹកនាំ​សាសនាចក្រ​បាន​សម្រេចចិត្ត​មិន​បន្ដ​ដំណើរទៅ​ភាគខាងលិច​នៃ​ភ្នំរ៉កគី ម៉ោនធីន​ឡើយ​រហូត​ដល់​រដូវ​ផ្ការីក​ឆ្នាំ ១៨៤៧ ។ ពួកលោក​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ ឲ្យ​បោះទីលំនៅសម្រាក​សម្រាប់​រដូវ​រងា​នោះ ។ ការបោះទីលំនៅ​ដ៏ធំបំផុត​មួយ ត្រូវបាន​ធ្វើ​ឡើង​នៅ​វិនធើរ ខ្វតធើរ​នៅ​ភាគ​ខាង​លិច​នៃ​ដង​ទន្លេ​មិសសួរី ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​រដ្ឋណេប្រាស្កា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​សង្ខេប​ខាងក្រោម​ដែល​ពិពណ៌នា​អំពី​វិនធើរ ខ្វតធើរ​ និង ការបោះទីលំនៅ​បណ្តោះអាសន្ន​ផ្សេងៗ​ទៀត ៖

ពួកបរិសុទ្ធ​ជាច្រើន​បានរស់នៅ​ក្នុងផ្ទះ​ដាច់ៗ​ពីគ្នា និង នៅក្នុងខ្ទម​ដែល​ធ្វើ​ពីឈើ និង ដី ។ មាន​មនុស្ស​ជាច្រើន​ដែល​ខ្វះជម្រក​ជ្រក​ពី​អាកាស​ធាតុ​ត្រជាក់​នេះ ។ ជម្ងឺដូចជា គ្រុនចាញ់ ជម្ងឺរលាក​សួត ជម្ងឺ​របេង អាសន្នរោគ និងជំងឺ​កង្វះ​វីតាមីនស៊ី ដែលជា​លទ្ធផល​នាំ​ឲ្យ​មានការ​ឆ្លង​រាលដាល និង​បណ្ដាល​ឲ្យ​ស្លាប់ ។ មានមនុស្ស​ច្រើនជាង​ប្រាំពីរ​រយ​នាក់​បាន​ស្លាប់ នៅក្នុង​ការ​បោះជំរុំ​នៅ​ចុង​បញ្ចប់​នៃ​រដូវ​ត្រជាក់​ទីមួយ ។ ( សូមមើល កេរដំណែល​របស់​យើង ៧១–៧២; ៣១៩-២០) ។

  • បើ​អ្នក​បាន​នៅជាមួយនឹង​ពួកបរិសុទ្ធ​នៅ វិនទើរ ខ្វរទើរ្ស តើ​អ្នកមានអារម្មណ៍​យ៉ាងណា ពេល​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើដំណើរ​រាប់រយ​ម៉ែល​បន្ដទៅទៀត​នោះ ?

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៦:១-១៨

ព្រះអម្ចាស់​បានប្រឹក្សា​ឲ្យពួកបរិសុទ្ធ​រៀបចំ​ខ្លួន​គេ ហើយ​ត្រៀម​ខ្លួន​ដើម្បី​បន្ដ​ការ​ធ្វើដំណើរ​ទៅកាន់​ទិស​ខាង​លិច

សូមសុំ​សិស្ស​ឲ្យ​ស្រាវជ្រាវ​នៅក្នុង​សេចក្ដីណែនាំ​កណ្ឌគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦រកមើល​កាលបរិច្ឆេទ​ដែល​វិវរណៈនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១ ឲ្យឮៗ ។

  • តើអ្នកគិត​ថា​វា​អាច​នឹង​ជួយដល់ពួកបរិសុទ្ធយ៉ាង​ដូចម្ដេច ពេល​ដឹង​ថា ព្រះអម្ចាស់​បាន​បន្ដ​បើក​សម្ដែង​ពី​ព្រះទ័យ​របស់ទ្រង់​ចំពោះពួកគេ​នោះ ? ( ចម្លើយ​អាច​រួមមានថា វិវរណៈ​នេះ បានជួយពួកគេ​ដឹង​ថា ព្រះអម្ចាស់​បាន​ដឹង​អំពី​ពួកគេ ថា​ទ្រង់​នឹង​ជួយពួកគេ​បន្ដ​ដំណើរ​ទៅទិស​ខាង​លិច ហើយ​ថា​ទ្រង់​មានបន្ទូល​តាមរយៈ​ប្រធាន ព្រិកហាំ យ៉ង់ ដូចជា​ទ្រង់​បាន​មានបន្ទូល​តាមរយៈ ព្យាការី​យ៉ូសែប ស្ម៊ីធ ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឲ្យឮៗនូវគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:២-៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ដើម្បី​រៀបចំ​បន្ដ​ការធ្វើ​ដំណើរ​ទៅ​ភាគ​ខាងលិច​របស់​ពួកគេ ។

  • តើ​ក្រុមនិមួយៗ​ត្រូវបាន​រៀបចំ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​អ្នកគិត​ថា វា​មាន​ប្រយោជន៍​ដើម្បី​រៀបចំ​ពួកបរិសុទ្ធ​ជា​ក្រុមៗ​ជាមួយ​នឹង​អ្នក​ដឹកនាំ​ដែល​បាន​ជ្រើសតាំង​ដូច្នេះ ? តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង របៀប​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយតបចំពោះ​សំណួរ​ទាំងនេះ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រៀបចំ​ពួកបរិសុទ្ធ​របស់​ទ្រង់​ទៅជា​ក្រុមៗ ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​អាចត្រូវបាន​ដឹកនាំ និង​ត្រូវបាន​យកចិត្ត​ទុកដាក់​ថែទាំ​ )​ ។

  • តើខ ៤ផ្ដល់​យោបល់​អំពី​របៀប​ដែលពួកបរិសុទ្ធ​នឹង​ទទួល​បាន​កម្លាំង​យ៉ាង​ដូចម្ដេចខ្លះ ?

សូម​ពន្យល់​ថា ដោយសារ​តែ​ជម្ងឺ និង​ការស្លាប់​នៅ វិនទើរ ខ្វរទើរ្ស និង​ជំរុំ​ដែលនៅជុំវិញ នោះមាន​ក្រុមគ្រួសារ​ជាច្រើន និង​បុគ្គល​ម្នាក់ៗ​ជាច្រើនរូប​ត្រូវការ​ជំនួយ​ខាង​ហិរញ្ញវត្ថុ ដើម្បីពួកគេ​អាច​បន្ដ​ដំណើរ​ទៅ​ទិស​ខាង​លិច​បាន ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ពួកគេ​ឲ្យ​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:៦-១១​រកមើល​ជាមួយគ្នានូវរបៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​បាន​មើល​ថែ​ដល់អ្នកទាំងឡាយ​ដែល​ខ្វះខាត ។ ពីមុនសិស្ស​អាន​វគ្គ​នេះ សូម​ពន្យល់​ថា ពុំ​មែន​ពួកបរិសុទ្ធ​ទាំងអស់បាន​ចាកចេញ​ពី វិនទើរ ខ្វរទើរ្ស នៅក្នុងពេល​តែមួយ​ទេ ។ ឃ្លា « អស់​អ្នក​ដែល​ត្រូវនៅ » នៅក្នុង ខ ៦ សំដៅលើ​ពួក​បរិសុទ្ធ​ដែល​បន្ត​នៅ​មួយ​រយៈពេល​ទៀត​នៅ​វិនធើរ ខ្វតធើរ​ និង ជំរំ​ជុំវិញ​នោះ ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​នៅក្នុង ខ ៦–១១ ដែល​បង្ហាញ​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​មើលថែទាំ​ដល់​អស់អ្នក​ដែល​ខ្វះខាត​នោះ ?

  • តើមាន​ពាក្យ​អ្វី​នៅ​ក្នុង ខ ៧ ដែល​សំដៅ​ទៅ​លើ​មនុស្ស​ដែលរៀប​ចំ​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​នោះ ? ( ពួក​អ្នក​ត្រួសត្រាយ ) ។

សូម​សរសេរ​ និយមន័យ​ខាង​ក្រោម​នេះ​ នៅ​លើ​ក្តារខៀន ។ ( វា​ត្រូវបាន​ដកស្រង់​ចេញពី Oxford English Dictionary, ការបោះពុម្ព​លើកទីពីរ [ ឆ្នាំ ១៩៨៩ ] « pioneer » ) ។

អ្នក​ត្រួសត្រាយ ៖ មនុស្ស​ដែល​ដើរ​ទៅ​មុន​ ដើម្បីរៀបចំ ឬ ​បើក​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដើរ​តាម ។

  • យោងតាម ខ ១១, តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អស់អ្នកដែលនឹងជួយមនុស្ស​ដទៃ​ដែល​ខ្វះខាត និង រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ ? តើ​យើង​អាច​រៀន​អ្វី​ចេញ​ពី​ការណ៍​នេះ ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នកអាច​នឹង​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ជួយ​ដល់​អ្នកដទៃ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​ពួកគេ ៖

  • តើ​នរណា​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ​ដើម្បី​ឲ្យអ្នកបានរីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ?

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ។ បន្ទាប់មក​សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹងសិស្សក្នុងថ្នាក់ ។

  • តើអ្នកនឹង​ធ្វើ​អ្វី​ខ្លះ ដើម្បីក្លាយជា​អ្នក​ត្រួសត្រាយ--ដើម្បីជួយ​អ្នកដទៃ​ដែលខ្វះខាត ហើយ​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​ឲ្យពួកគេបានរីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១២-១៨ដោយ​ពន្យល់​ថា ព្រះអម្ចាស់បានបញ្ជា​ដល់ពួកអ្នក​បម្រើ​របស់ទ្រង់​ឲ្យ​បង្រៀន​វិវរណៈ​នេះ​ដល់ពួកបរិសុទ្ធ ។

សូម​បញ្ចប់ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​សេចក្ដីពិត​ទាំងនោះ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៦:៧, ៩។ ការ​រៀបចំផ្លូវ​សម្រាប់​អ្នកដទៃ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« វចនានុក្រម​មួយ​ បាន​ឲ្យ​និយមន័យ​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់​ថាជា ‹ មនុស្ស​ដែល​ដើរ​ទៅ​មុន​ ដើម្បីរៀបចំ ឬ ​បើក​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដើរ​តាម › [Oxford English Dictionary, បាន​បោះពុម្ព​លើក​ទី ២ (ឆ្នាំ ១៩៨៩ ), « pioneer »] ។ តើ​យើង​អាច​ប្រមូល​នូវ​សេចក្ដី​ក្លាហាន និង ការ​តាំង​ចិត្ត​ដ៏​ខ្ពស់​ដែល​ចង្អុល​បង្ហាញ​ពី​ចរិត​លក្ខណៈ​ពួក​អ្នក​ត្រួសត្រាយ​នៅ​ជំនាន់​មុន​បាន​ដែរ​ទេ ? តើ​អ្នក និង ខ្ញុំ ពិត​ជា​អាច​ក្លាយ​ជា​ពួក​អ្នក​ត្រួសត្រាយ​បាន​ដែរ​ទេ ?

« ខ្ញុំ​ដឹង​ថា យើង​អាច​ធ្វើ​បាន ។ ឱ ពិភពលោក​ត្រូវការ​ពួក​អ្នក​ត្រួស​ត្រាយ​សព្វ​ថ្ងៃ​នេះ​ខ្លាំង​ណាស់ ! » (« The World Needs Pioneers Today, » Ensign, ខែ កក្កដា ឆ្នាំ ២០១៣, ទំព័រ ៥ ) ។

អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​ប្រាប់​ដំណើរ​រឿង​មួយ​អំពី​អ្វី​ដែលពួកបរិសុទ្ធ​បានធ្វើ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់អ្នកទាំង​ឡាយ​ដែល​នឹង​ដើរ​តាម​ក្រោយ ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« អ្វីៗ​ទាំងអស់ត្រូវ​បាន​រៀបចំ​ដោយសុខុដុម និងមានរបៀប​រៀបរយ រួច​ក្រុម​បោះជំរុំ​បាន​បន្ដ​ទៅមុខទៀត ។ ពេល​ទៅដល់កន្លែង​មួយ​នៅ​ដៃនៃ​ទន្លេ​ហ្គ្រាន្ដ យើង​បាន​បោះលំនៅ​ជ្រកកោនមួយរយៈ ដោយព្រោះបាន​ធ្វើដំណើរ​យ៉ាង​ច្រើន​នៅក្នុង​ព្យុះភ្លៀង​ដ៏ធំ​ពុំចេះ​ដាច់ ក្នុងភក់ជ្រាំ ។ នៅទីនេះ​យើង​បាន​ធ្វើ​របង​ព័ទ្ធជុំវិញ ហើយបាន​ដាំ​ចម្ការ​ជា​សាធារណៈ​មួយ​ក្នុង​ទំហំ​ដី​រាប់​រយ​ហិចតា ហើយ​បាន​ចាប់​ផ្ដើម​តាំង​ទីលំនៅ សម្រាប់ជា​ការល្អ​ដល់អស់អ្នក​មួយចំនួន​ដែល​បន្ដ​នៅ និង​សម្រាប់អ្នក​ទាំងឡាយ​ដែល​នឹង​មកពី​ទីក្រុង​ណៅវូ ​តាម​ក្រោយ​យើង ។ យើងបាន​ហៅទីនោះ​ថា‹ហ្គាដិន ក្រូវ›»(Autobiography of Parley P. Pratt,ed. Parley P. Pratt Jr. [ឆ្នាំ ១៩៣៨ ], ទំព័រ ៣៤២) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៨ ។ កងទ័ព​មរមន

នៅក្នុង​ខែ​ឧសភា ឆ្នាំ ១៨៤៦ ចេស ស៊ី លីថល ជា​អ្នកតំណាង​មួយរូប​របស់សាសនាចក្រ បានជួប​នឹង​មន្ត្រី​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ វ៉ាស៊ីនតោន ឌី.ស៊ី ។ សាសនាចក្រ​បាន​សួរ​ថា តើ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ផ្ដល់​ជា​កិច្ចការ​ ឬ​សេវាកម្មខ្លះ​ដល់​រដ្ឋាភិបាល​នៅក្នុង​ការ​ផ្លាស់ប្ដូរ​ជា​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ពួកបរិសុទ្ធ​ ដែលបាន​ធ្វើអន្ដោប្រវេស្ដន៍​ទៅ​កាន់​ទិសខាងលិចដែរ​ឬទេ ។ សភា​សហរដ្ឋ​អាមេរិក ទើបតែ​បាន​ប្រកាស​សង្គ្រាម​ច្បាំង​នឹង​ប្រទេស​ម៉ិកស៊ីកូ ហើយ​ប្រធាន ជេម ផូក បាន​ពិភាក្សា​ជាមួយ​នឹង​ ជេស៊ី ស៊ី លីតថល អំពី​គំនិត​ដែល​ថា ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ដែលជា​បុរស​អាច​ចូល​បម្រើ​ក្នុងកងទ័ព​សហរដ្ឋ​អាមេរិក ហើយ​ប្រើ​ថវិកា​របស់ពួកគេ​ដើម្បីជួយ​ដល់ពួកបរិសុទ្ធ​ដែលកំពុងធ្វើដំណើរ ។ ខណៈ​ដែល​ពួកបរិសុទ្ធ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា នោះអ្នក​រើស​កងទ័ព​សហរដ្ឋ​អាមេរិក បាន​សុំ​ឲ្យសមាជិក​សាសនាចក្រ​ទៅបម្រើ​ក្នុង​សង្គ្រាម​រវាង​អាមេរិក និង​ម៊ិកស៊ីកូ ។ ដំបូងឡើយ ពួកបរិសុទ្ធ​បាន​បដិសេធ ប៉ុន្ដែ​ប្រធាន ព្រិកហាំ យ៉ង់ បាន​លើក​ទឹកចិត្ត​ឲ្យបុរស​ចូល​បម្រើ​ ជា​វិធីមួយដើម្បី​រក​បាន​ប្រាក់​ ដើម្បីប្រមូល​ផ្ដុំ​ជនក្រីក្រ​មកពី​ទីក្រុង​ណៅវូ ហើយជួយ​ពួកបរិសុទ្ធ​ដើម្បី​ផ្លាស់ទៅ​ទិស​ខាងលិច ។ ដោយ​សារតែ​ការ​ប្រឹក្សា​របស់ ប្រធាន ព្រិកហាំ យ៉ង់ នោះមាន​បុរស​ច្រើនជាង ៥០០ នាក់​បាន​ចូល​បម្រើ​កងទ័ព​សហរដ្ឋ​អាមេរិក ។ ក្រុម​នេះ​ត្រូវ​បាន​ហៅ​ថា កងទ័ព​មរមន ។ ស្រ្តី និងកុមារ​តូចៗ​មួយចំនួន​ បាន​ធ្វើ​ដំណើរ​ទៅជាមួយ​នឹង​កងទ័ព នៅពេល​ពួកគេ​បានចេញដំណើរជាក្បួនជាង ២០០០ ម៉ែល​ទៅកាន់​រដ្ឋ កាលីហ្វូញ៉ា ប៉ែកខាង​ត្បូង ជាកន្លែង​ដែលពួកគេ​បម្រើ​ជា​កងទ័ព​ការពារតំបន់​ដែល​វាយ​ឈ្នះ​ ។

នៅថ្ងៃទី ៤ ខែ​កក្កដា ឆ្នាំ ១៨៤៦ ដានីយ៉ែល ប៊ី រ៉សុន បានកត់ត្រា​ថា ៖ « ខ្ញុំ​មានអារម្មណ៍​តូច​ចិត្ត​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ទុក​ឲ្យ​ខ្ញុំ​ត្រូវ​បាន​គេ​វាយ​ឆ្មក់ ហើយ​បណ្ដេញ​ចេញពី​ផ្ទះ ។ ខ្ញុំ​បាន​និយាយ​ដោយ​ឈ្លើយ​ថា ‹ ខ្ញុំ​នឹង​ឃើញ​ពួកគេ​ទាំងអស់​ត្រូវ​បណ្ដាសារ ហើយ​នៅ​ក្នុង​ស្ថាននរក › ។ ខ្ញុំ​នឹង​ពុំ​ចូល​បម្រើទ័ព​ទេ ។ នៅ​តាម​ផ្លូវ​ទៅមាត់ច្រាំង​ យើងបានជួប​នឹង​ប្រធាន ព្រិកហាំ យ៉ង់, ហ៊ីប៊ឺ ស៊ី ឃឹមបឹល និង ដ័បុលយូ រីឆាដ ត្រឡប់មកវិញ អំពាវនាវ​រើស​អ្នក​បម្រើ ។ ពួកលោកបាន​មានប្រសាសន៍​ថា សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល អាស្រ័យទៅលើ​កំណើន​កងទ័ព ។ នៅពេលខ្ញុំ​ស្ដាប់ឮ​អំពីការណ៍នេះ ខ្ញុំបាន​ផ្លាស់ប្ដូរ​គំនិត ។ ខ្ញុំ​មានអារម្មណ៍​ថា វា​គឺជា​កាតព្វកិច្ចរបស់​ខ្ញុំ​ដើម្បីទៅ » ( នៅក្នុង Norma Baldwin Ricketts, The Mormon Battalionឆ្នាំ ១៩៩៦],ទំព័រ ១៣ ) ។