មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦–៤០; នៅរដ្ឋអូហៃអូ ( មេរៀនទី ៩ )
សេចក្តីផ្ដើម
ព្រះអម្ចាស់ពុំគ្រាន់តែណែនាំពួកបរិសុទ្ធឲ្យប្តូរទីលំនៅទៅរដ្ឋអូហៃអូតែប៉ុណ្ណោះទេ ទ្រង់ក៏បានប្រទានព្រះឱវាទដល់ពួកគេនូវរបៀបប្រាស្រ័យទាក់ទងគ្នានឹងគ្នា ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនអំពីការបញ្ជារបស់ព្រះយេស៊ូវគ្រីស្ទឲ្យមានសាមគ្គីភាព ហើយផ្តល់តម្លៃឲ្យមនុស្សដទៃដូចយើងផ្តល់តម្លៃដល់ខ្លួនឯងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៨
ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យមានសាមគ្គីភាព
សូមចែកសិស្សជាពីរក្រុម ហើយឲ្យវត្ថុចម្រុះផ្សេងគ្នាដល់ក្រុមនិមួយៗ ដែលអាចប្រើវាដើម្បីសាងសង់អគារ ( វត្ថុទាំងនោះរួមមានដូចជា ឈើដុំតូចៗ ពែងក្រដាស ឬ ប្រអប់ទទេតូចៗ ) ។ សូមប្រាកដថាមានមួយក្រុមត្រូវទទួលវត្ថុទាំងនោះច្រើនជាង ឬ ធំជាងក្រុមផ្សេងទៀត ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ សូមធ្វើប៉មមួយឲ្យខ្ពស់តាមដែលអាចធ្វើបានដោយប្រើវត្ថុទាំងនេះ ។ សូមកុំនិយាយថាសកម្មភាពនេះគឺជាការប្រកួត ឬ និយាយឲ្យពួកគេសាងសង់ប៉មពីរឡើយ ។ សិស្សទំនងជាគិតថា ក្រុមទាំងពីរកំពុងប្រកួតប្រជែងគ្នា ។ ប្រសិនបើពួកគេសួរសំណួរថា តើពួកគេគួរតែធ្វើការរួមគ្នា ឬ ធ្វើការតែតាមក្រុមរៀងៗខ្លួន នោះគ្រាន់តែប្រាប់ពួកគេថានូវគោលបំណងនោះម្តងទៀតថា ៖ ពួកគេត្រូវសាងសង់ប៉មមួយឲ្យបានខ្ពស់តាមតែអាចធ្វើបាន ។
សូមទុកពេលមួយនាទីដើម្បីឲ្យពួកគេបញ្ចប់កិច្ចការនេះ ។ បន្ទាប់ពីសកម្មភាពនេះ សូមឲ្យពួកគេវាយតម្លៃថាតើនរណាគឺជា « អ្នកឈ្នះ » ។ បន្ទាប់ពីសិស្សបានចែកចាយគំនិតរបស់ខ្លួនហើយ សូមប្រាប់ពួកគេថា ដើម្បីកំណត់ថាពួកគេបានជោគជ័យប៉ុណ្ណានៅក្នុងសកម្មភាពនេះ នោះពួកគេនឹងត្រូវតែសិក្សាឱវាទរបស់ព្រះអម្ចាស់ដែលបានប្រទានឲ្យពួកបរិសុទ្ធ នៅពេលពួកគេត្រូវបានរៀបចំខ្លួនឲ្យប្តូរទីលំនៅទៅរដ្ឋ អូហៃអូ ។ សូមអញ្ជើញសិស្សឲ្យរកមើលការយល់ដឹងពីសកម្មភាពនេះ ទៅនឹងជីវិតរបស់ពួកគេផងដែរ នៅពេលពួកគេសិក្សាការណែនាំរបស់ព្រះអម្ចាស់ ចំពោះពួកបរិសុទ្ធកាលពីជំនាន់មុន ។
សូមឲ្យសិស្សនឹកឡើងវិញអំពីមូលហេតុ ដែលព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យប្រមូលផ្តុំគ្នាទៅរដ្ឋអូហៃអូ ។ ( ប្រសិនបើចាំបាច់ សូមលើកទឹកចិត្តពួកគេឲ្យរំឭកការកត់ចំណាំរបស់ខ្លួននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧–៣៨ និង នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ) ។ ចម្លើយរបស់សិស្សគួរតែរួមមានទាក់ទងនឹង គ្រោះថ្នាក់ដែលពួកបរិសុទ្ធកំពុងជួបប្រទះនៅទីក្រុងនូវ យ៉ោក ព្រមទាំងពរជ័យដែលព្រះអម្ចាស់បានសន្យាថា ប្រទានដល់ប្រជារាស្ត្ររបស់ទ្រង់នៅពេលពួកគេបានប្រមូលផ្តុំគ្នារដ្ឋអូហៃអូ ។
សូមពន្យល់ថា ព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធទាក់ទងនឹងការប្តូរទីលំនៅរបស់ពួកគេទៅរដ្ឋអូហៃអូ នោះទ្រង់បានប្រទានព្រះឱវាទដល់ពួកគេស្តីពីរបៀបដែលពួកគេត្រូវប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣-២៥ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវឃ្លាមួយ ដែលបង្រៀនពីរបៀប ដែលយើងអាចប្រព្រឹត្តិចំពោះមនុស្សដទៃទៀត ។
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលថា ឲ្យយើងគួរតែប្រព្រឹត្តិចំពោះមនុស្សដទៃយ៉ាងដូចម្តេច ?
-
តើអ្នកគិតថា ការគោរពបងប្អូនខ្លួនដូចជាខ្លួនឯងផ្ទាល់ មានន័យយ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ យើងត្រូវឲ្យតម្លៃអ្នកដទៃឲ្យបានច្រើនដូចជាយើងឲ្យតម្លៃដល់ខ្លួនយើងដែរ )
-
តើមានអ្វីកើតឡើងខ្លះពេលមនុស្សគិតថា ខ្លួនគេមានតម្លៃច្រើនជាង ឬល្អប្រសើរជាងអ្នកដទៃនោះ ?
-
តើពរជ័យអ្វីខ្លះអាចត្រូវបានប្រទានមកដល់យើង ក្នុងនាមជាសាសនាចក្រទាំងមូល ឬ ជាបុគ្គលផ្ទាល់ នៅពេលយើងពុំចាត់ទុកខ្លួនយើងថាមានតម្លៃជាងអ្នកដទៃនោះ ?
សូមលើកក្រណាត់ស្អាត និង កន្ទបមួយដុំឡើង ។ សូមសួរសិស្សថា តើពួកគេចង់យកក្រណាត់ណាមួយមកស្លៀក ? សូមពន្យល់ថា ដើម្បីជួយពួកបរិសុទ្ធឲ្យយល់ពីគោលការណ៍នេះ ព្រះអម្ចាស់បានប្រទានបានប្រទាននូវរឿងប្រៀបប្រដូចមួយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៦ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលរបៀបដែលបុរសក្នុងរឿងប្រដូចនេះ បានប្រព្រឹត្តចំពោះកូនប្រុសៗរបស់ខ្លួន ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកគឺជាកូនប្រុសដែលទទួលបានកន្ទបនោះ ?
-
តើកូនប្រុសដែលទទួលបានសម្លៀកបំពាក់អាចធ្វើអ្វីខ្លះដើម្បីកែលម្អស្ថានភាពនេះបាន ? ( គាត់គួរតែចែករំលែកនូវអ្វីដែលគាត់មានជាមួយនឹងកូនប្រុសដែលទទួលបានតិចជាងខ្លួន ) ។
-
តើអ្នកគិតថាមានសារលិខិតអ្វីដែលព្រះអម្ចាស់បង្រៀនពួកយើងនៅក្នុងរឿងប្រដូចនេះ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៧ ដោយស្ងាត់ស្ងៀម ហើយរកមើលគោលការណ៍មួយ ដែលព្រះអម្ចាស់ចង់ឲ្យយើងយល់ចេញពីរឿងប្រដូចនេះ ។ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ក្បែរគោលការណ៍ទីមួយដែលអ្នកបានសរសេរ ៖ ប្រសិនបើយើងមិនរួមគ្នាតែមួយទេ នោះយើងមិនមែនជាប្រជារាស្ត្ររបស់ទ្រង់ឡើយ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំ ពាក្យនៅក្នុងគម្ពីររបស់ពួកគេ ដែលបង្រៀនពីគោលការណ៍នេះ ។
-
នៅក្នុងបរិបទនៃ ខ ២៧តើពាក្យ « រួមគ្នាតែមួយ » មានន័យយ៉ាងណា ? ( ដើម្បីមានសាមគ្គីភាពនឹងមនុស្សដទៃ នឹងជាមួយព្រះអម្ចាស់នៅក្នុងសេចក្ដីសុចរិត ) ។
-
តើការឲ្យតម្លៃអ្នកដទៃឲ្យច្រើនដូចជាយើងឲ្យតម្លៃលើខ្លួនយើង អាចជួយយើងឲ្យប្រែក្លាយទៅជារួមគ្នាតែមួយយ៉ាងដូចម្ដេច ? តើការណ៍នេះអាចជួយយើងក្លាយទៅជារួមគ្នាតែមួយនឹងព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏អ្នកគិតថា យើងពុំអាចក្លាយជារាស្ត្ររបស់ព្រះអម្ចាស់បានឡើយ ប្រសិនបើយើងពុំបានរួមគ្នាតែមួយនោះ ?
សូមពន្យល់ថា សមាជិកសាសនាចក្រជំនាន់មុន ដែលត្រូវបានហៅឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ គឺមានជីវប្រវត្តិផ្សេងៗគ្នា ។ អ្នកខ្លះជាម្ចាស់ចម្ការដ៏មានជោគជ័យ ហើយត្រូវបានគេគោរពរាប់អាននៅក្នុងសហគមន៍របស់ពួកគេ ខណៈដែលអ្នកដទៃទៀតមានទ្រព្យបន្ដិចបន្ដួច ហើយត្រូវបានចាត់ទុកថាមានវណ្ណៈទាបក្នុងសង្គម ។
-
តើគោលការណ៍ទាំងឡាយនៅលើក្ដារខៀន បានប្រទានពរដល់ពួកបរិសុទ្ធនៅពេលដែលពួកគេប្រមូលគ្នីគ្នាជាមួយនឹងសមាជិកដទៃទៀតនៃសាសនាចក្រនៅក្នុងរដ្ឋអូហៃអូ យ៉ាងដូចម្ដេច ?
សូមនិយាយពីសកម្មភាពនៃការសាងសង់ប៉ម នៅពេលចាប់ផ្ដើមមេរៀន ។ សូមឲ្យសិស្សនិយាយពីគោលបំណងនៃការសាងសង់ប៉មនោះឡើងវិញ ( សាងសង់ប៉មឲ្យខ្ពស់តាមដែលពួកគេអាចធ្វើបាន ) ។
-
តើយើងបានសាងសង់ប៉ម ឲ្យខ្ពស់តាមដែលយើងអាចធ្វើបានដែរឬទេ ? ( ប្រសិនបើក្រុមទាំងពីរបញ្ចូលបំណែករបស់ខ្លួនចូលគ្នា នោះពួកគេអាចសង់ប៉មបានខ្ពស់មែន ។ ប្រសិនបើក្រុមមួយៗធ្វើការរៀងខ្លួន នោះពួកគេប្រហែលជាអះអាងថា ពួកគេបានសាងសង់ប៉មរបស់ខ្លួនបានខ្ពស់តាមដែលពួកគេអាចធ្វើបាន ) ។
-
ផ្អែកលើព្រះឱវាទរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨, តើរបៀបដ៏ល្អបំផុតអ្វីខ្លះដែលប្រើប្រាស់ដើម្បីសាងសង់ប៉មឲ្យខ្ពស់តាមដែលអាចធ្វើបាន ? ( ចូលរួមគ្នាជាក្រុមតែមួយ ហើយបញ្ចូលនូវអ្វីៗដែលយើងត្រូវបានផ្តល់ឲ្យ ដើម្បីកសាងប៉មមួយ ) ។
-
តើស្ថានភាពមួយចំនួនណាខ្លះនៅក្នុងជីវិតនេះ ដែលយើងអាចត្រូវបានល្បួងឲ្យគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងស្វែងរកការស្ថាបនា និង លើកស្ទួយមនុស្សដទៃដែលនៅជុំវិញខ្លួនយើង ?
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់ពីរបៀបដែលបទបញ្ញត្តិឲ្យរួមគ្នាតែមួយ ទាក់ទងទៅនឹងបទបញ្ញត្តិរបស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់ឲ្យប្រមូលផ្ដុំគ្នា ។ អ្នកអាចផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះ ឲ្យសិស្សម្នាក់ៗដើម្បីពួកគេអាចផ្ទៀងតាម ។
« យើងបានដឹងមកពីបទបពិសោធន៍ដែលថាក្ដីអំណរកើតមាន នៅពេលយើងត្រូវបានប្រទានពរជាមួយនឹងភាពសាមគ្គីគ្នា ។… បំណងប្រាថ្នា [ ព្រះវរបិតាសួគ៌របស់យើង ] គឺត្រូវបានប្រទានដល់យើងនូវបំណងដ៏ពិសិដ្ឋឲ្យមានសាមគ្គីភាពដែលវាចេញមកពីក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
« ទ្រង់ពុំអាចប្រទានវាដល់យើងម្នាក់ៗនោះទេ ។ ក្ដីអំណរនៃសាមគ្គីភាព ដែលទ្រង់ចង់ប្រទានឲ្យយើងយ៉ាងខ្លាំងនោះ គឺមិនឲ្យយើងតែម្នាក់ឯងទេ ។ យើងត្រូវតែស្វែងរកវា ហើយនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មានវា ជាមួយនឹងអ្នកផ្សេងទៀត ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលព្រះជម្រុញយើងឲ្យប្រមូលផ្ដុំគ្នា ដូច្នេះទើបទ្រង់អាចប្រទានពរដល់យើង ។ ទ្រង់ចង់ឲ្យយើងរួបរួមគ្នានៅក្នុងក្រុមគ្រួសារ ។ ទ្រង់បានបង្កើតថ្នាក់ វួដ និងសាខាជាច្រើន ហើយបានបញ្ជាយើងឲ្យជួបជុំគ្នាជារឿយៗ ។ នៅក្នុងការរួបរួមគ្នាទាំងនោះ ដែលព្រះបានរៀបចំសម្រាប់យើង នោះជាឱកាសដ៏អស្ចារ្យរបស់យើង ។ យើងអាចអធិស្ឋានហើយធ្វើការស្វែងរកភាពសាមគ្គី ដែលនឹងនាំយើងនូវសេចក្ដីអំណរ និងពង្រីកអំណាចរបស់យើងដើម្បីបម្រើ » (« Our Hearts Knit as One » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦៩ ) ។
-
យោងតាមប្រធាន អាវរិង ហេតុអ្វីព្រះអម្ចាស់ចង់ឲ្យយើងរួបរួមគ្នា ?
-
តើលោកបានមានប្រសាសន៍ថាសាមគ្គីភាពនាំពរជ័យអ្វីខ្លះមកកាន់យើង ?
-
តើសេចក្ដីថ្លែងការរបស់ប្រធាន អាវរិង ជួយយើងឲ្យយល់ពីមូលហេតុដែលយើងត្រូវរួបរួមគ្នាជាក្រុមគ្រួសារយ៉ាងដូចម្ដេច ? ជាសមាជិកសាសនាចក្រយ៉ាងដូចម្ដេច ? ជាសិស្សថ្នាក់សិក្ខាសាលាមួយយ៉ាងដូចម្ដេច ?
-
តើពរជ័យអ្វីខ្លះ ដែលកើតមានមកពីការប្រមូលផ្តុំគ្នាជាមួយមនុស្សដទៃដែលអ្នកបានទទួលនោះ ?
សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី ដើម្បីសរសេរនៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ខ្លួន អំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីរួមគ្នាតែមួយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ជាមួយយុវជន និងយុវនារីនៅក្នុងកូរ៉ុម និងថ្នាក់រៀននៅព្រះវិហាររបស់ពួកគេ ហើយនឹងជាមួយព្រះអម្ចាស់ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ អ្នកអាចនឹងចង់ចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យនៃការួបរួមគ្នាតែមួយជាមួយគ្នា និង ការផ្តល់តម្លៃដល់មនុស្សដទៃ ដូចដែលយើងផ្តល់តម្លៃឲ្យខ្លួនយើង ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០
ព្រះអម្ចាស់ផ្តល់ការអញ្ជើញទៅដល់ យ៉េម្ស ខូវិល
សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញថា នរណាគឺជាយ៉េម្ស ខូវិល ហើយថាតើមានអ្វីបានកើតឡើងចំពោះគាត់ ដោយការអានក្បាលកណ្ឌ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ និង ៤០ ។ នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៨៣១ យ៉េម្ស ខូវិល ត្រូវបានបញ្ជាដោយព្រះអម្ចាស់ឲ្យទទួលបុណ្យជ្រមុជទឹក ( សូមមើល គ. និង ស. ៣៩:១០) ។ ប៉ុន្តែគាត់ពុំបានគោរពតាមការសន្យារបស់ខ្លួនដើម្បីធ្វើតាមការបញ្ជារបស់ព្រះឡើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សនិយាយពីមូលហេតុដែល យ៉េម្ស ខូវិល បានបដិសេធការអញ្ជើញរបស់ព្រះអម្ចាស់ចំពោះគាត់ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយ ពីអ្វីដែលពួកគេបានរៀនចេញពីខគម្ពីរទាំងនេះអំពីសារៈសំខាន់នៃការរក្សាសេចក្តីសញ្ញា ដែលពួកគេបានធ្វើជាមួយព្រះអម្ចាស់ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤១-៤៤)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួននៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១-៤៤, អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាសំណួរខាងក្រោម ៖ តើគ្រោះថ្នាក់នៃការតម្រេកសម្រើបចង់បានមានអ្វីខ្លះ ? តើយើងគួរតែបង្រៀននៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ដោយរបៀបណា ? តើសេចក្តីស្លាប់នឹងមានរសជាតិយ៉ាងដូចម្តេចចំពោះអស់អ្នកដែលសុចរិត ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ សិស្សនឹងមានឱកាសរៀនពីចម្លើយរបស់ព្រះអម្ចាស់ ចំពោះសំណួរទាំងនេះ ព្រមទាំងរៀនអំពីក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ ។