មេរៀនទី ៦០
គោលលទ្ធិ និង សេចក្ដី សញ្ញា ៥៦
បុព្វកថា
អ៊ែសរ៉ា ធេយ័រ ត្រូវបានចាត់ឲ្យរស់នៅ និងធ្វើការ ជាមួយនឹង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ នៅចម្ការរបស់ ហ្រ្វេដឌើរីក ជី វិល្លាម នៅក្រុងខឺតឡង់ រដ្ឋ អូហៃអូ ។ បងប្រុស ធេយ័រ ក៏បានជួយបង់សងបំណុលមួយចំនួនដែលជំពាក់ថ្លៃដីផងដែរ ។ នៅដើមខែមិថុនា ឆ្នាំ ១៨៣១ គាត់ និង ថូម៉ាស ប៊ី ម៉ាស ត្រូវបានហៅឲ្យបម្រើបេសកកម្មទៅកាន់រដ្ឋ មិសសួរី ( សូមមើល គ និង ស ៥២:២២) ។ ដោយសារតែភាពឆ្មើងឆ្មៃ និងភាពអត្មានិយម បងប្រុស ធេយ័រ ពុំបានត្រៀមខ្លួនដើម្បីចេញដំណើរជាមួយ បងប្រុស ម៉ាស ទេ ។ នៅក្នុងវិវរណៈបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦បានទទួលនៅថ្ងៃទី ១៥ ខែ មិថុនា ព្រះអម្ចាស់បានលុបចោលនូវការហៅបម្រើរបស់បងប្រុស ធេយ័រ ហើយបានចាត់តាំងដៃគូថ្មីដល់បងប្រុស ម៉ាស ។ ព្រះអម្ចាស់បានព្រមានទាស់នឹងភាពឆ្មើងឆ្មៃ ហើយបានបង្រៀនដល់ពួកបរិសុទ្ធថា ទ្រង់មានអ្វីៗយ៉ាងច្រើនសម្រាប់ពួកគេ ប្រសើជាងដីធ្លី និងប្រាក់កាសទៅទៀត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-១៣
ព្រះអម្ចាស់បានលុបចោលនូវការហៅបម្រើបេសកកម្មរបស់បងប្រុស ធេយ័រ ហើយព្រមានដល់គាត់ឲ្យប្រែចិត្ត
សូមសួរសិស្សប្រសិនបើពួកគេមានស្គាល់នរណាម្នាក់ដែលលះបង់អ្វីដែលសំខាន់ ដើម្បីគោរពតាមបទបញ្ញត្តិមួយរបស់ព្រះអម្ចាស់ ។ ( ឧទាហរណ៍ អាចរួមមានទាំងនរណាម្នាក់ដែលពលិកម្ម ដើម្បីចូលរួមក្នុងសាសនាចក្រ ទៅបេសកកម្ម ឬគោរពតាមបទដ្ឋានជាក់លាក់របស់សាសនាចក្រ ) ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវគំរូរបស់ពួកគេ ។
សូមពន្យល់ថា នៅក្នុងខែមិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានហៅ អ៊ែសរ៉ា ធេយ័រ ឲ្យបម្រើបេសកកម្មនៅរដ្ឋ មិសសួរី ជាមួយនឹង ថូម៉ាស ប៊ី ម៉ាស ។ កង្វល់របស់បងប្រុស ធេយ័រ អំពីទ្រព្យសម្បត្តិ និងលុយកាក់បានបណ្តាលឲ្យគាត់ពុំបានរៀបចំខ្លួនចាកចេញឡើយ ពេលបងប្រុស ម៉ាស បានត្រៀមខ្លួនរួចរាល់នោះ ដូច្នេះបងប្រុស ម៉ាស បានទៅជួបយ៉ូសែប ស្ម៊ីធ សួរអំពីអ្វីដែលត្រូវធ្វើ ។ នៅពេលព្យាការីបានទូលសូមដល់ព្រះអម្ចាស់ នោះព្រះអម្ចាស់បានឆ្លើយតបមកកាន់លោកជាមួយនឹងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៦ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំង ឡាយ ដែលបានបដិសេធក្នុងការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះ អំពីអ្នកទាំងឡាយណាដែលបដិសេធក្នុងការគោរពតាមបញ្ញត្តិរបស់ទ្រង់ ?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន៖ ដើម្បីបានសង្គ្រោះ នោះយើងត្រូវតែ …
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ ស្របតាម ខ ២ ។ សិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ដើម្បីបានសង្គ្រោះ នោះយើងត្រូវតែផ្ទុកឈើឆ្កាងរបស់យើង ធ្វើតាមព្រះអង្គសង្គ្រោះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ( សូមបំពេញគោលការណ៍នៅលើក្តារខៀន ) ។
-
តើអ្នកគិតថា « ផ្ទុកឈើឆ្កាងរបស់យើង » មានន័យយ៉ាងដូចម្ដេច ? ( ដើម្បីជួយសិស្សយល់អំពីឃ្លានេះ អ្នកអាចនឹងចង់អញ្ជើញពួកគេឲ្យអានការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃគម្ពីរម៉ាថាយ ១៦:២៤ មាននៅក្នុង ម៉ាថាយ ១៦:២៤ លេខយោង ង)
-
តើបទបញ្ញត្តិអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានឲ្យ ដែលតម្រូវឲ្យអ្នកផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយធ្វើការលះបង់ដើម្បីគោរពប្រតិបត្តិ ? ( គំរូមួយចំនួន អាចរកបាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ) ។
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួល ឬនឹងទទួលបាន ដោយសារអ្នកជ្រើសរើសគោរពប្រតិបត្តិតាម ?
សូមសួរថា តើមនុស្សនៅក្នុងឧទាហរណ៍ដូចខាងក្រោម អាចផ្ទុកឈើឆ្កាងរបស់គេ ហើយគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់តាមវិធីណា ៖
-
យុវជនម្នាក់កំពុងឈានចូលដល់អាយុ ដែលគាត់អាចនឹងបម្រើបេសកកម្មបាន ។ គាត់បារម្ភអំពីអ្វីៗដែលគាត់នឹងទុកចោល នៅពេលគាត់ចេញទៅបម្រើ ។
-
យុវនារីម្នាក់ដឹងថា យុវវ័យនៅក្នុងវួដនាងនឹងទៅទស្សនាព្រះវិហារបរិសុទ្ធក្នុងរយៈពេលពីរបីខែទៀត ប៉ុន្តែនាងពុំមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ។ មានអ្វីមួយកើតឡើងក្នុងជីវិតរបស់នាងក្នុងពេលនេះ ដែលរារាំងនាងមិនឲ្យទទួលបានប័ណ្ណនោះ ។
សូមពន្យល់ថា បើយើងជ្រើសរើសមិនផ្ទុកឈើឆ្កាងរបស់យើងទេ នោះយើងអាចនឹងបាត់បង់ឱកាសដើម្បីប្រទានពរដល់អ្នកដទៃ ហើយទទួលពរជ័យសម្រាប់ខ្លួនយើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៣-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែលបានកើតឡើង ដោយសារ អ៊ែសរ៉ា ធេយ័រ ពុំបានត្រៀមខ្លួនទៅរដ្ឋ មិសសួរី ។ មុនពេលសិស្សអាន អ្នកអាចនឹងចង់ពន្យល់ថា ពាក្យ លុបចោល មានន័យថាដកចេញ ឬបដិសេធ ។
-
តើ អ៊ែសរ៉ា ធេយ័រ បានបាត់បង់អ្វីខ្លះ ដោយសារតែគាត់ពុំត្រៀមខ្លួនជាស្រេចដើម្បីទៅ ? ( គាត់បានបាត់បង់ឱកាសរបស់គាត់ដើម្បីបម្រើបេសកកម្ម ក៏ដូចជាការទទួលពរជ័យដែលនឹងកើតមានផងដែរ ) ។
-
ស្របតាម ខ ៤តើព្រះអម្ចាស់អាចធ្វើអ្វីខ្លះជាមួយនឹងបទបញ្ញត្តិដែលទ្រង់ប្រទានឲ្យ ? ( សិស្សគួរតែប្រាប់ពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់ អាចប្រទានបទបញ្ញត្តិមួយ ឬដកបទបញ្ញត្តិនោះចេញ ពេលទ្រង់ទតឃើញថាសមស្រប ) ។
សូមសួរដល់សិស្ស បើសិនជាពួកគេអាចគិតអំពីឧទាហរណ៍ចេញមកពីបទគម្ពីរ ឬប្រវត្តិសាសនាចក្រ អំពីការប្រទានបទបញ្ញត្តិ និងការដកបញ្ញត្តិចេញរបស់ព្រះអម្ចាស់ ។ ខាងក្រោមនេះ គឺជាឧទាហរណ៏មួយចំនួន ៖
-
បន្ទាប់ពីព្រះអម្ចាស់បានប្រទានក្រឹត្យវិន័យខ្ពស់ជាងដល់ម៉ូសេ និងរាស្ត្ររបស់ទ្រង់ នោះកូនចៅអ៊ីស្រាអែល បានបះបោរ ហើយចាប់ផ្ដើមថ្វាយបង្គំរូបគោមាស ។ ក្រោយមក ព្រះអម្ចាស់បានប្រទានដល់ពួកគេនូវក្រឹត្យវិន័យទាបជាង ។ ( សូមមើល និក្ខមនំ ៣២-៣៤, ការបកប្រែដោយ យ៉ូសែប ស៊្មីធ និក្ខមនំ ៣៤:១-២, គ និង ស ៨៤:២៣-២៧) ។
-
អំឡុងពេលការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ទ្រង់បានបញ្ជូនពួកសាវកទៅកាន់តែសមាជិកនៃវង្សអ៊ីស្រាអែលប៉ុណ្ណោះ ( សូមមើល ម៉ាថាយ ១០:៥) ។ មិនយូរប៉ុន្មានបន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ នោះទ្រង់បានប្រាប់ដល់ពួកសាវកឲ្យផ្សាយដំណឹងល្អទៅគ្រប់ជាតិសាសន៍ទាំងអស់ ( សូមមើល ម៉ាថាយ ២៨:១៩) ។
-
នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធជំនាន់មុនមួយចំនួនឲ្យអនុវត្តពហុពន្ធភាព ។ ព្យាការី យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀតជាច្រើនបានរកឃើញថា បទបញ្ញត្តិនេះពិបាក ប៉ុន្តែពួកគេបានគោរពតាម ។ បន្ទាប់ពីការទទួលបានវិវរណៈ នោះប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានចេញសេចក្តីប្រកាសដែលត្រូវបានទទួលយកដោយសាសនាចក្រ ជាការអនុញ្ញាតជាផ្លូវការ ហើយគោរពតាម នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៨៩០ ។ ការណ៍នេះ នាំទៅរកការបញ្ចប់នូវការអនុវត្តនៃពហុពន្ធភាពក្នុងសាសនាចក្រ ( សូមមើល សេចក្ដីប្រកាសជាផ្លូវការ ទី ១ ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៦-៧ ដោយការពន្យល់ថា ព្រះអម្ចាស់ក៏បានផ្លាស់ប្ដូរការហៅបម្រើបេសកកម្មរបស់ សេឡា ជេ គ្រិពហ្វិន និង នូវែល ណៃត ផងដែរ ។ សូមរំឭកសិស្សថា ដោយសារការលំបាកជាច្រើនដែលបណ្ដាលឡើងដោយ លីម៉ាន ខូព្លី នៅក្នុង ថមសុន រដ្ឋ អូហៃអូ នោះពួកបរិសុទ្ធនៅខូលស្វិល ត្រូវបានដឹកនាំឲ្យផ្លាស់ទីទៅរដ្ឋ មិសសួរី ។ ពួកគេបានសួរព្យាការី យ៉ូសែប ស៊្មីធ បើសិនជាពួកគេអាចធ្វើការផ្លាស់ប្ដូរដោយមាន នូវែល ណៃត ដឹកនាំពួកគេ ដូចដែលគាត់ធ្លាប់ធ្វើ ចាប់តាំងពីចាកចេញពីខូលស្វិល ។ នូវែល ណៃត ត្រូវបានហៅបម្រើជាមួយ សេឡា ជេ គ្រិពហ្វិន ពីមុនការលំបាកទាំងនេះ ( សូមមើល គ. និង ស. ៥២:៣២) ដើម្បីព្រះអម្ចាស់ដឹកនាំសេឡា ជេ គ្រិពហ្វិន ឲ្យជំនួសកន្លែងរបស់ អ៊ែសរ៉ា ធេយ័រ ធ្វើជាដៃគូរបស់ ថូម៉ាស ប៊ី ម៉ាស រួចហើយ នូវែល ណៃត បន្ដនៅជាមួយពួកបរិសុទ្ធនៅ ខូលស្វិល ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៨-១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានបញ្ជា អ៊ែសរ៉ា ធេយ័រ ឲ្យធ្វើ បន្ទាប់ពីការហៅបម្រើបេសកកម្មរបស់គាត់ ត្រូវបានលុបចោល ។
-
តើព្រះអម្ចាស់មានបន្ទូលថា អ្វីនឹងកើតឡើងដល់ អ៊ែសរ៉ា ធេយ័រ បើគាត់បានប្រែចិត្ត ? តើនឹងមានអ្វីកើតឡើង ប្រសិនបើគាត់មិនព្រមប្រែចិត្តវិញ ?
សូមពន្យល់ថា អ៊ែសរ៉ា បានជ្រើសរើសប្រែចិត្ត ហើយប្រាំពីរខែក្រោយមក គាត់ត្រូវបានហៅឲ្យបម្រើម្ដងទៀត ជាអ្នកផ្សព្វផ្សាយសាសនាជាមួយនឹង ថូម៉ាស ប៊ី ម៉ាស ( សូមមើល គ. និង ស. ៧៥:៣១) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-២០
ព្រះអម្ចាស់ព្រមានដល់ពួកបរិសុទ្ធឲ្យទាស់នឹងដួងចិត្តលោភលន់ និងឆ្មើងឆ្មៃ
សូមឲ្យសិស្សនឹកស្រម៉ៃថា ពួកគេមានមិត្តម្នាក់ដែលធ្វើអំពើបាប ហើយកំពុងមានអារម្មណ៍សោកស្ដាយ ។ មិត្តនោះបានមករកពួកគេ ហើយសួរថា« តើខ្ញុំចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីប្រែចិត្ត ? » សូមទុកពេលឲ្យសិស្សពិចារណា ហើយឆ្លើយតប ។ បន្ទាប់ពីពួកគេបានឆ្លើយតបហើយ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអាកប្បកិរិយា និងសកម្មភាព ដែលរារាំងអំពើបាបរបស់យើងពីការអភ័យទោស ឬអត់ទោស ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-១៥តើអាកប្បករិយា ឬសកម្មភាពបែបណា ដែលរារាំងអំពើបាបរបស់យើងពីការអភ័យទោស ឬអត់ទោស ?
-
តើអ្នកគិតថាឃ្លា « ស្វែងរកដំបូន្មានតាមអំពើចិត្តរបស់ខ្លួន » មានន័យយ៉ាងណា ? តើឃ្លា « ចិត្តរបស់អ្នកទាំងឡាយពុំបានស្កប់ស្កល់ឡើយ » ផ្ដល់ជាយោបល់អ្វីខ្លះ ? ( វាមានន័យថា ពុំពេញចិត្តនឹងអ្វីដែលអ្នកមាន ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពី ខ ១៤ និង ១៥ អំពីអ្វីដែលចាំបាច់ដើម្បីប្រែចិត្ត ហើយទទួលបានការអភ័យទោសនោះ ? ( សិស្សអាចនឹងប្រាប់នូវគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គូសបញ្ជាក់នូវសេចក្ដីពិតដូចខាងក្រោម ៖ ការប្រែចិត្តរួមមានទាំងការគោរពតាមដំបូន្មានរបស់ព្រះអម្ចាស់ ហើយងាកចេញពីបំណងប្រាថ្នាពុំសុចរិត ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតនេះនៅក្នុងគម្ពីររបស់ពួកគេជិត គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-១៥) ។
-
ហេតុអ្វីក៏ការគោរពប្រតិបត្តិ និងការងាកចេញពីភាពមិនសុចរិត វាចាំបាច់នៅក្នុងការប្រែចិត្តពិត ?
សូមពន្យល់ថា ការប្រែចិត្តពុំគ្រាន់តែជាការធ្វើតាមជំហានៗដែលតម្រូវឲ្យមានការផ្លាស់ប្ដូរដួងចិត្តទាំងស្រុងនោះទេ-- វាជាការតាំងចិត្តមួយដើម្បីគោរពព្រះអម្ចាស់ ហើយងាកចេញពីគ្រប់រឿងមិនសុចរិតទាំងឡាយ ។ នៅពេលវិវរណៈនេះត្រូវបានទទួល វាបង្ហាញថា ភាពអត្មានិយម និងភាពឆ្មើងឆ្មៃ របស់ អ៊ែសរ៉ា ធេយ័រ បានរារាំងគាត់មិនឲ្យគោរពតាមការទូន្មានរបស់ព្រះអម្ចាស់ ។
-
តើភាពឆ្មើងឆ្មៃរបស់មនុស្សម្នាក់ ជះឥទ្ធិពលដល់សមត្ថភាពរបស់ពួកគេដើម្បីមានដួងចិត្តផ្លាស់ប្រែយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៦-១៧ ជាមួយដៃគូ ។ សូមឲ្យដៃគូម្នាក់រកមើលរបៀបដែលដួងចិត្តពុំផ្លាស់ប្រែ អាចមាននៅក្នុងខ្លួនមនុស្សម្នាក់ដែលមានទ្រព្យ ។ សូមឲ្យដៃគូម្នាក់រកមើលរបៀបដែលដួងចិត្តពុំផ្លាស់ប្រែ អាចមាននៅក្នុងខ្លួនមនុស្សម្នាក់ដែលក្រីក្រ ។ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេរកឃើញចំពោះដៃគូរបស់ពួកគេ បន្ទាប់មកពិភាក្សានូវសំណួរដូចខាងក្រោមជាមួយគ្នា ( អ្នកអាចនឹងចង់សរសេរវានៅលើក្ដារខៀន ) ៖
-
តើអ្នកអាចឃើញនូវភាពស្រដៀងគ្នាអ្វីខ្លះ រវាងដួងចិត្តមិនផ្លាស់ប្រែ ទាំងអ្នកមាន និងអ្នកក្រ ?
-
ហេតុអ្វីក៏ភាពលោភលន់អាចមានទូទៅ ទាំងក្នុងពួកអ្នកមាន និងអ្នកក្រយ៉ាងដូច្នេះ ?
សូមដល់សិស្សឲ្យពិចារណាថា ពីពេលដែលពួកគេបានឃើញទង្វើទាំងនេះបង្ហាញនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬនៅក្នុងជីវិតមនុស្សទាំងឡាយដែលពួកគេស្គាល់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យដែលពិពណ៌នាអំពីដួងចិត្តនៃអ្នកទាំងឡាយដែលនឹងត្រូវបានប្រទានពរ ។
-
ស្របតាម ខ ១៨តើយើងគួរតែមានដួងចិត្តដូចម្តេច? តើការមានដួងចិត្តសង្រេងមានន័យដូចម្តេច ? ចុះចំណែកឯវិញ្ញាណទន់ទាបវិញយ៉ាងម៉េចដែរ ? ( ពាក្យទាំងនេះ បង្ហាញពីភាពរាបសា និងការចុះចូលនឹងព្រះអម្ចាស់ ) ។
-
បើដួងចិត្តរបស់យើងកំណាញ់ ឬមានអំនួត តើយើងអាចផ្លាស់ប្ដូរយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៩-២០ ជាមួយដៃគូរបស់ពួកគេ ។ សូមឲ្យពួកគេរកមើលពរជ័យទាំងឡាយដែលព្រះអម្ចាស់បានសន្យាដល់អ្នកទាំងឡាយដែលមានដួងចិត្តរាបសា ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សថា ពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ អ្នកទាំងឡាយណាដែលមានដួងចិត្តរាបសា នឹង…
-
ស្របតាម ខ ១៨-២០តើពរជ័យអ្វីខ្លះ ជួយបំពេញប្រយោគនៅលើក្ដារខៀន ? ( នៅពេលសិស្សប្រាប់អំពីពរជ័យដែលបានប្រាប់នៅក្នុងខគម្ពីរទាំងនេះ សូមសរសេរវានៅលើក្ដារខៀន ។ អ្នកអាចនឹងចង់ពន្យល់ថា ពាក្យ ឲ្យរង្វាន់ សំដៅទៅលើរង្វាន់សម្រាប់ទង្វើល្អ និងទណ្ឌកម្មសម្រាប់ទង្វើមិនសុចរិត ) ។
សូមពន្យល់ថា នៅក្រោមក្រឹត្យវិន័យនៃការថ្វាយ ចំណែកដែលត្រូវបានផ្ដល់ទៅឲ្យបុគ្គលម្នាក់ៗ ឬគ្រួសារ ស្របតាមស្ថានភាពរបស់ពួកគេ ដែលត្រូវបានហៅថា « កេរ្ដិ៍អាករ » (គ. និង ស. ៥៧:៧) ។ វាទំនងដូចជាអំឡុងពេលការអនុវត្តក្រឹត្យវិន័យនេះដំបូង មានពួកបរិសុទ្ធមួយចំនួន ដូចជា អ៊ែសរ៉ា ធេយ័រ បានបែរទៅជាមានភាពរំភើបហួសប្រមាណអំពីការទទួលបាន « កេរ្ដិ៍អាករ » របស់ពួកគេ ។
សូមសរសេរពាក្យ កេរ្ដិ៍អាកររបស់ខ្ញុំ នៅជិតនឹងពរជ័យទាំងឡាយដែលបានសរសេរនៅលើក្ដារខៀន ។
-
ចេញមកពីអ្វីដែលយើងបានសរសេរ តើអ្នកនឹងសង្ខេបពរជ័យទាំងឡាយដែលព្រះអម្ចាស់បានមានក្នុងឃ្លាំងសម្រាប់អ្នកទាំងឡាយដែលមានដួងចិត្តរាបសាយ៉ាងដូចម្ដេច ? ( សិស្សអាចប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ អ្នកទាំងឡាយដែលមានដួងចិត្តរាបសានឹងទទួលគ្រងផែនដី ) ។
-
តើពរជ័យទាំងឡាយដែលបានពិពណ៌នានៅក្នុង ខ ១៨-២០ ប្រៀបធៀបទៅនឹងទ្រព្យសម្បត្តិ និងប្រាក់ដែល អ៊ែសរ៉ា ធេយ័រ និងពួកបរិសុទ្ធជំនាន់មុនដទៃទៀត អាចនឹងមានចិត្តរំភើបនឹងរបស់នោះ យ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់អំពី ពរជ័យ ឬ « កេរ្ដិ៍អាករ » ដែលព្រះអម្ចាស់មានក្នុងឃ្លាំងសម្រាប់យើង នៅពេលយើងបដិសេធរាល់សេចក្ដីមិនសុចរិតចេញពីខ្លួនយើង ហើយតាំងចិត្តធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:២។ ផ្ទុកឈើឆ្កាងរបស់យើង ហើយដើរតាមព្រះអម្ចាស់ ធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន មានប្រសាសន៍អំពីការរំពឹងទុកសម្រាប់យុវជនឲ្យលះបង់អ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបម្រើបេសកកម្ម ។
« ស្ដីអំពីការបម្រើបេសកកម្ម ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បានមានប្រសាសន៍ថា ‹ តើវាអត្មានិយម និងទុទិដ្ឋិនិយមយ៉ាងណា បើយុវជនម្នាក់ធំឡើងដឹងក្ដី បានចំណាយពេលរៀបចំខ្លួនសម្រាប់ការងារក្នុងជីវិតរបស់គាត់ និងអាជីពរបស់គាត់ ហើយពុំស្ម័គ្រចិត្តដើម្បីបម្រើដល់អង្គបង្កបង្កើតរបស់គាត់នៅក្នុងកិច្ចការនេះ ដែលជាការបម្រើដ៏សំខាន់បំផុតនៅក្នុងពិភពលោក › ( Regional Representatives’ seminar, ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ១៩៧៧) ។
« យុវជនអើយ សេចក្ដីថ្លែងការណ៍ដោយប្រធាន ឃឹមបឹល នេះ គួរតែជាបាវចនាផ្ទាល់ខ្លួនរបស់អ្នក ៖ « បុរស អិល.ឌី.អេស គ្រប់រូបដែលមានភាពសក្ដិសម ហើយមានលទ្ធភាព គួរតែបំពេញបេសកកម្ម » (Ensign ខែ ឧសភា ឆ្នាំ ១៩៧៤, ទំព័រ ៨៧ ) ។ យើងសុំឲ្យអ្នកធ្វើការលះបង់ ។ យើងហៅវាដូច្នោះដោយសារចង់បាននាមកាន់តែល្អសម្រាប់វា ។ វាគឺជាការវិនិយោគមួយ ។ ចូលខ្លួនធ្វើការនេះ ជាការបម្រើដ៏អស្ចារ្យបំផុតក្នុងពិភពលោក ។ សូមកុំគេចវេសពីទំនួលខុសត្រូវ ។ សូមកុំជំទាស់នឹងមនសិកាឡើយ ។ យើងសូមអញ្ជើញអ្នកឲ្យចូលរួមក្នុងកងទ័ព … ដែលមានចំនួនកើតឡើងជារៀងរាល់ថ្ងៃ ។ កិច្ចការរបស់អ្នក គឺជាការប្រកាសសារនៃការស្ដារឡើងវិញទៅដល់ពិភពលោក ។ សូមដឹងចុះថា អ្នកទទួលបាននូវទំនុកចិត្ត និងសេចក្ដីស្រឡាញ់របស់យើង ។ យើងរំពឹងឲ្យអ្នកធ្វើបេសកកម្មនោះ » ( This Is a Day of Sacrifice »Ensignខែ ឧសភា ឆ្នាំ ១៩៧៩, ទំព័រ ៣៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៤។ ព្រះអម្ចាស់ចេញបញ្ជា ហើយដកបញ្ជាវិញ
ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវគំនិតអំពីរបៀបដែលព្រះអម្ចាស់ ពេលខ្លះ ផ្លាស់ប្ដូរការដឹកនាំ ដែលបានប្រទានដល់សាសនាចក្រ ។ ប្រធាន ផាកកឺ បានលើកទឹកចិត្តដល់សមាជិកឲ្យទុកចិត្តទៅលើដំណើរការនៃវិវិរណៈដែលបានប្រទានដល់ពួកសាវក ហើយទទួលយកការផ្លាស់ប្ដូរទាំងឡាយនៅក្នុងការអនុវត្ត និងទម្រង់ការនានានៅពេលវាត្រូវបានបើកសម្ដែង ៖
« ការផ្លាស់ប្ដូរទាំងឡាយនៅក្នុងអង្គភាព ឬទម្រង់ការ គឺជាទីបន្ទាល់មួយថា វិវរណៈកំពុងតែមានសព្វថ្ងៃ ។ ខណៈដែលគោលលទ្ធិ គឺស្ថិតនៅដដែល តែវិធីសាស្ត្រ និងទម្រង់ការទាំងឡាយពុំស្ថិតនៅដដែលទេ ។…
« ផែនការដំណឹងល្អ ត្រូវបានបើកសម្ដែងមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯនេះបន្ដិច ឯណោះបន្ដិច ។ ហើយវាបន្ដថា ៖ ‹ យើងជឿថា ទ្រង់នឹងនៅបន្ដបើកសម្ដែងនូវរឿងដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ › ។ (ម និង ស ១:៩) ។
« នឹងមានការផ្លាស់ប្ដូរជាច្រើននៅពេលអនាគតក៏ដូចជាក្នុងពេលអតីតកាលដែរ ។ ទោះជាថ្នាក់ដឹកនាំ បានធ្វើការផ្លាស់ប្ដូរ ឬ បន្ដធ្វើវា គឺពឹងផ្អែកទាំងស្រុងទៅលើការណែនាំដែលពួកគាត់បានទទួល តាមរយៈវិវរណៈ ដែលត្រូវបានស្ថាបនាឡើងតាំងពីដើមដំបូង ។
« គោលលទ្ធិនឹងបន្ដនៅខ្ជាប់ខ្ជួន អស់កល្ប រីឯអង្គភាព កម្មវិធី និងទម្រង់ការទាំងឡាយ នឹងត្រូវផ្លាស់ប្ដូរដូចដែលដឹកនាំដោយទ្រង់ ដែលជាម្ចាស់នៃសាសនាចក្រនេះ ។
« ហើយនៅទីបំផុត អ្វីដែលត្រូវបានប្រទានឲ្យបានមកដល់ ព្រោះព្រះអម្ចាស់បានមានបន្ទូល ‹ ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា › ។ (គ. និង ស. ១:៣៨) ។ យើងស្គាល់សំឡេងទ្រង់នៅពេលទ្រង់មានបន្ទូល » (Revelation in a Changing World »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១៥, ១៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-១៥ ។ ដើម្បីបានអភ័យទោសពីអំពើបាប
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានគូសបញ្ជាក់អំពីលទ្ធផលនៃការទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្តដ៏ពេញលេញតាមរយៈការប្រែចិត្តថា ៖
« ការប្រែចិត្តតម្រូវឲ្យមានភាពម៉ឺងម៉ាត់ក្នុងគោលបំណង និងមានឆន្ទៈស៊ូទ្រាំ ឆ្លងកាត់ការឈឺចាប់ ។ សូមព្យាយាមបង្កើតបញ្ជីអំពីជំហានជាក់លាក់នៃការប្រែចិត្ត នោះអាចជាប្រយោជន៍ខ្លះៗ ប៉ុន្តែវាក៏អាចនាំទៅរកវិធីគូសធីកដោយស្វ័យប្រវត្តិដែលគ្មាននូវអារម្មណ៍ ឬការផ្លាស់ប្ដូរពិត ។ ការប្រែចិត្ត ពុំមែនជារឿងរាក់កំផែលនោះទេ ។…
« ដោយមានជំនឿទៅលើព្រះប្រោសលោះ និងព្រះចេស្ដារបស់ទ្រង់ នោះក្ដីអស់សង្ឃឹមដ៏ធ្ងន់ធ្ងរ ត្រឡប់ទៅជាមានក្ដីសង្ឃឹមវិញ ។ ដួងចិត្ត និងបំណងប្រាថ្នារបស់មនុស្សម្នាក់ផ្លាស់ប្ដូរ ហើយអំពើបាបក្លាយជារឿងកាន់តែគួរខ្ពើមឆ្អើម ។ ដំណោះស្រាយដើម្បីបោះបង់ចោល និងបញ្ឈប់អំពើបាប ហើយជួសជុលឡើងវិញនូវការខូចខាត ដែលពួកគេបានបណ្ដាលឲ្យកើតមាន ឥឡូវនេះបានបង្កើតនៅក្នុងដួងចិត្តថ្មី អាចធ្វើទៅបានដោយពេញលេញ ។ ដំណោះស្រាយនេះ នឹងធំឡើងយ៉ាងឆាប់ចូលទៅក្នុងសេចក្ដីសញ្ញានៃការគោរពប្រតិបត្តិដល់ព្រះ ។ ដោយមានសេចក្ដីសញ្ញាស្រាប់ នោះព្រះវិញ្ញាណបរិសុទ្ធ សារទូតនៃព្រះគុណព្រះ នឹងនាំមកនូវភាពធូរស្បើយ និងការអភ័យទោស » (The Divine Gift of Repentance, »Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១, ទំព័រ ៤០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៩។ ព្រះអម្ចាស់នឹងនាំយករង្វាន់មកជាមួយសម្រាប់អ្នកដែលមានដួងចិត្តរាបសា
សេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បង្រៀនអំពីគោលការណ៍នៃការឲ្យរង្វាន់ ដែលរួមមាននៅក្នុងការសន្យានៃការឲ្យរង្វាន់មកពីព្រះអង្គសង្គ្រោះថា ៖
« ព្រះអម្ចាស់ឲ្យរង្វាន់ដល់ពួកស្មោះត្រង់ចំពោះរាល់ការបាត់បង់ទាំងអស់ ។ អ្វីដែលត្រូវបានដកចេញពីអ្នកទាំងឡាយណាដែលស្រឡាញ់ព្រះអម្ចាស់ នឹងត្រូវបានផ្តល់បន្ថែមដល់ពួកគេវិញតាមមាគ៌ារបស់ទ្រង់ផ្ទាល់ ។ ខណៈដែលវាពុំកើតមាននៅគ្រាដែលយើងប្រាថ្នាចង់បាន នោះពួកអ្នកស្មោះត្រង់នឹងដឹងថា រាល់គ្រប់ដំណក់ទឹកភ្នែកនឹងត្រឡប់ទៅជាដំណក់ទឹកភ្នែកនៃអំណរ និងការដឹងគុណរាប់មិនអស់វិញ » (« Come What May, and Love It » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។