មេរៀនទី ៥៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០
បុព្វកថា
នៅពេលយ៉ូសែប ស៊្មីធ បានមកដល់ទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ លោកបានសង្កេតឃើញថា « មានសញ្ញាណចម្លែកខ្លះៗ និងវិញ្ញាណក្លែងបន្លំ មាននៅក្នុងចំណោម » ពួកបរិសុទ្ធមួយចំនួន ។ លោកបានចាប់ផ្ដើមបង្រៀនដោយ « ការដាស់តឿង និង … ដោយប្រាជ្ញា » ដើម្បីយកឈ្នះលើរឿងទាំងនេះ ( សូមមើល History of the Church, ១:១៤៦ ) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត បានត្រឡប់មកពីបេសកកម្មមួយ ហើយបានសង្កេតឃើញមានឥរិយាបទស្រដៀងគ្នានេះ នៅក្នុងសាខាជាច្រើននៃសាសនាចក្រ នៅក្រៅទីក្រុងខឺតឡង់ ។ លោក និងពួកអែលឌើរដទៃទៀត បានទៅរក យ៉ូសែប ស៊្មីធ ដើម្បី ទទួលការណែនាំ ( សូមមើល History of the Church ១:១៧០ ) ។ នៅក្នុងខែឧសភា ឆ្នាំ ១៨៣១ ព្យាការីបានទូលសួរដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យបង្រៀន និងទទួលយកដំណឹងល្អដោយព្រះវិញ្ញាណ នៃសេចក្ដីពិត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៩
ព្រះអម្ចាស់ព្រមានដល់ពួកអែលឌើរនៃសាសនាចក្រអំពីវិញ្ញាណក្លែងបន្លំ
សូមឲ្យសិស្សនឹកស្រម៉ៃថា កំពុងចូលរួមក្នុងការប្រជុំសាក្រាម៉ង់មួយដែលមានសមាជិកមជ្ឈិមវ័យក្នុងសាសនាចក្រមួយចំនួន កំពុងឈរនៅលើកៅអី ហើយនិយាយឮៗ ខណៈដែលអ្នកដទៃទៀតកំពុងរមៀលខ្លួននៅលើកម្រាលឥដ្ឋនោះ ។
-
តើអ្នកនឹងមានអារម្មណ៍បែបណា ? តើអ្នកគិតថាមានអ្វីខ្លះនឹងកើតឡើងចំពោះព្រះវិញ្ញាណ ដែលស្ថិតនៅក្រោមស្ថានភាពដូច្នេះ ? ( សូមប្រាកដថា ការពិភាក្សានេះពុំក្លាយទៅជាការរិះគន់អំពីសាសនាមួយ ដែលមនុស្សចូលរួមនៅក្នុងសកម្មភាពដូច្នោះ ) ។
សូមពន្យល់ថា នៅពេល យ៉ូសែប ស៊្មីធ បានមកដល់ទីក្រុងខឺតឡង់ ជាលើកដំបូង លោកបានឃើញថា ពួកបរិសុទ្ធមួយចំនួនបានត្រូវបញ្ឆោត ក្នុងគ្រាមួយ ពេលដែលពួកគេពុំមានថ្នាក់ដឹកនាំច្រើន ។ ជាលទ្ធផល « មានសញ្ញាណចម្លែកខ្លះៗ និងវិញ្ញាណក្លែងបន្លំ មាននៅក្នុងចំណោម » ពួកគេ (History of the Church, ១:១៤៦ ) ។ សមាជិកថ្មីនៅក្នុងតំបន់ទីក្រុងខឺតឡង់ បានណែនាំអំពីសកម្មភាពចម្លែកៗ ឮៗ ហើយភាន់ច្រឡំនៅក្នុងកម្មវិធីថ្វាយបង្គំរបស់ពួកគេ ។ សកម្មភាពទាំងនេះ បានបង្វក់អារម្មណ៍របស់មនុស្ស ប៉ុន្ដែពួកគេពុំត្រូវបានស្អាងឡើងទេ ។ ពួកអែលឌើរនៃសាសនាចក្រមួយចំនួន ពុំយល់នូវអ្វីដែលបានកើតឡើងទេ ដូច្នេះពួកគេបានសុំនូវការទូន្មានពីព្យាការី ។ លោកបានទូលសួរដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈមួយដែលនឹងជួយឲ្យពួកបរិសុទ្ធបានស្អាងដល់គ្នាទៅវិញទៅមក នៅពេលពួកគេបានបង្រៀន និងរៀនសេចក្ដីពិតនៃដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលប្រភពនៃឥទ្ធិពលនេះនៅក្នុងចំណោមពួកអ្នកបរិសុទ្ធ ។
-
តើប្រភពនៃឥទ្ធិពលនេះគឺជាអ្វី ?
-
ស្របតាម ខ ៣ ហេតុអ្វីក៏សាតាំងចង់បោកបញ្ឆោតពួកបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤-៩ ដោយស្ងាត់ស្ងៀម រកមើលការព្រមានរបស់ព្រះអម្ចាស់ អំពីមនុស្សមួយចំនួននៅក្នុងចំណោមសមាជិកសាសនាចក្រនៅរដ្ឋ អូហៃអូ ។
-
តើបន្ទូលអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីសមាជិកសាសនាចក្រមួយចំនួននៅជំនាន់នេះ ?
-
តើមនុស្សលាក់ពុតជាអ្វី ? តើការលាក់ពុតផ្ដល់អំណាចដល់មារសត្រូវយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់មានបន្ទូលថា អ្វីនឹងកើតឡើងដល់មនុស្សលាក់ពុត ? ( សូមមើល គ. និង ស. ៥០:៦, ៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១០-៣៦
អ្នកកាន់បព្វជិតភាព ត្រូវបានណែនាំអំពីរបៀបដើម្បីបង្រៀន និងរៀនតាមរយព្រះវិញ្ញាណ
សូមសរសេរ សំណួរខាងក្រោម នៅលើក្តារខៀន ៖
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនេះ ។ សូមកត់ត្រាចំណុចសំខាន់ៗរបស់ពួកគេនៅលើក្ដារខៀនក្រោមសំណួរនិមួយៗ ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាពីរក្រុម ។ សូមអញ្ជើញក្រុមទីមួយអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-២០ ដោយស្ងាត់ស្ងៀម រកមើលចម្លើយចំពោះសំណួរទីមួយ ។ សូមអញ្ជើញក្រុមផ្សេងទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-២០ ដោយស្ងាត់ស្ងៀម រកមើលចម្លើយចំពោះសំណួរទីពីរ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
តើធាតុនៃការបង្រៀន និងការរៀនដំណឹងល្អអ្វីខ្លះ ត្រូវបានលើកឡើងដដែលៗនៅក្នុងខគម្ពីរទាំងនេះ ? ( តម្រូវការសម្រាប់មានព្រះវិញ្ញាណ ) ។
-
តើតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានថ្លែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៤មានអ្វីខ្លះ ? ( សិស្សគួរតែបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គលួងលោមចិត្ត ហើយថា ព្រះវិញ្ញាណបរិសុទ្ធបង្រៀនសេចក្ដីពិត ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បីបង្រៀនដំណឹងល្អ « ដោយព្រះវិញ្ញាណ » ? (គ. និង ស. ៥០:១៤) ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីបង្រៀន « តាមរបៀបផ្សេង » ? (គ. និង ស. ៥០:១៧) ។
សូមឲ្យសិស្សគិតអំពីឱកាសទាំងឡាយដែលពួកគេត្រូវបង្រៀនដំណឹងល្អ ។ ពួកគេអាចគិតអំពីការបង្រៀននៅផ្ទះ ជាមួយមិត្តភក្ដិ នៅក្នុងថ្នាក់សិក្ខាសាលា នៅព្រះវិហារ ឬជាគ្រូបង្រៀនតាមផ្ទះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ទាំងឡាយដែលពួកគេមាន នៅពេលពួកគេមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកគេនៅក្នុងការបង្រៀនដំណឹងល្អ ឬការចែកចាយទីបន្ទាល់របស់ពួកគេ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ទទួល [ពាក្យនៃសេចក្ដីពិត ] ដោយព្រះវិញ្ញាណនៃសេចក្ដីពិតនោះ » ? (គ. និង ស. ៥០:១៩) ។ តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីទទួលវាតាម « វិធីផ្សេង » នោះ ? (គ. និង ស. ៥០:១៩) ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលដំណឹងល្អឲ្យបានកាន់តែល្អប្រសើរ នៅពេលវាត្រូវបានបង្រៀនដោយព្រះវិញ្ញាណ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវរឿងដូចខាងក្រោម ដែលបានប្រាប់ដោយអែលឌើរ ចាក អេក. ហ្គូស្លីន នៃពួកចិតសិបនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវគំនិតអំពីរបៀបដែលយើងអាចទទួលបានពាក្យសម្ដីនៃសេចក្ដីពិតតាមព្រះវិញ្ញាណកាន់តែល្អប្រសើរ ។
« តើអ្នករាល់គ្នាប៉ុន្មាននាក់ ដែលមាន ‹ អាការៈធុញទ្រាន់ › អំឡុងពេលម៉ោងប្រជុំសាក្រាម៉ង់ ? អ្នកដឹងអំពីអាការៈនោះថា ៖ ការឱនជ្រុប ការអង្គុយច្រត់ចង្ការ អង្គុយច្រត់ដៃលើជង្គង់ ឈ្ងោកមើលទៅឥដ្ឋជាដើម ។ តើអ្នកធ្លាប់មានឥរិយាបថបែបនេះ ដែលជា ជម្រើសរបស់អ្នក ទោះជាការប្រជុំនោះមានការចាប់អារម្មណ៍ ឬ អត់ដែរឬទេ ?…
« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍អំពីការថ្វាយបង្គំបែបនោះថា ‹ ជាការទទួលខុសត្រូវផ្ទាល់ខ្លួនមួយ ហើយទោះជាអ្វីដែលត្រូវបានថ្លែងចេញពីវេទិកាក៏ដោយ ប្រសិនបើបុគ្គលម្នាក់មានបំណងថ្វាយបង្គំព្រះអម្ចាស់តាមវិញ្ញាណ និង តាមសេចក្ដីពិត នោះគាត់អាចធ្វើដូចនោះបាន ។… ប្រសិនបើការប្រជុំនោះជាការធ្វេសប្រហែសចំពោះអ្នក អ្នកបានបរាជ័យហើយ ។ គ្មាននរណាម្នាក់អាចថ្វាយបង្គំជំនួសអ្នកបានឡើយ អ្នកត្រូវតែចាំទទួលព្រះអម្ចាស់ដោយខ្លួនអ្នកផ្ទាល់ › ។ ( Ensign ខែ មករា ឆ្នាំ ១៩៧៨ ទំព័រ ៥ ) ។
« យុវវ័យម្នាក់បានប្រាប់អំពីបទពិសោធន៍ដំបូង ដែលគាត់មានអំពីវិញ្ញាណនៃការថ្វាយបង្គំ ។ គាត់ពុំសូវមានភាពសកម្ម ក្នុងការកាន់បព្វជិតភាពអើរ៉ុនរបស់គាត់ឡើយ អស់រយៈពេលជាច្រើនឆ្នាំ ។ នៅពេលគាត់ចូលរួមការប្រជុំសាក្រាម៉ង់ ជាធម្មតាគាត់អង្គុយនៅខាងក្រោយជាមួយក្រុមមិត្តភក្ដិរបស់គាត់ ហើយគាត់ពុំបានធ្វើជាគំរូល្អក្នុងការមានគារវភាពឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃមួយគាត់បានមកយឺតពេល ហើយពុំមានកន្លែងអង្គុយក្បែរមិត្តភក្ដិរបស់គាត់នោះទេ ។ គាត់បានអង្គុយតែឯង ហើយនោះជាលើកទីមួយហើយនៅក្នុងជីវិតរបស់គាត់ដែលអង្គុយតែឯង គាត់បានបិទភ្នែកពេលអធិស្ឋាន គាត់បានច្រៀងទំនុកតម្កើង គាត់បានស្ដាប់ការអធិស្ឋានសាក្រាម៉ង់ ហើយគាត់បានយកចិត្តទុកដាក់លើអ្នកឡើងនិយាយ ។ នៅពេលអ្នកឡើងនិយាយទីមួយ និយាយបានប្រហែលពាក់កណ្ដាល គាត់ឃើញថា ទឹកភ្នែកគាត់បានស្រក់ពីភ្នែករបស់គាត់ ។ ដោយការអៀនប្រៀនបន្តិច គាត់បានសម្លឹងមើលទៅជុំវិញខ្លួនដោយប្រុងប្រយ័ត្ន ប៉ុន្តែ គ្មាននរណាម្នាក់មានអារម្មណ៍រំជួលដូចជាគាត់ឡើយ ។ គាត់ពុំបានដឹងថា មានអ្វីបានកើតឡើងចំពោះគាត់នោះទេ ប៉ុន្តែ បទពិសោធន៍នោះបានកែប្រែជីវិតរបស់គាត់ ។ អំឡុងពេលការប្រជុំនោះហើយ ដែលគាត់បានចាប់ផ្ដើមត្រៀមខ្លួនយ៉ាងប្រាកដប្រជាខាងវិញ្ញាណដើម្បីបម្រើបេសកកម្ម ។ គាត់ បានដឹងពី អ្វីមួយ ហើយជាកុសលល្អ គាត់បានធ្វើតាម ហើយគាំទ្រអារម្មណ៍ទាំងនោះ » (Yagottawanna »Ensign ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៤៦ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយតើផ្នែកណាមួយនៃរឿងនេះ ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ បន្ទាប់ពីពួកគេពីរបីនាក់បានចែកចាយរួចហើយ នោះអ្នកអាចនឹងចង់ផ្ដល់យោបល់ថា ពួកគេសរសេររបៀបជាក់លាក់មួយ ដែលពួកគេអាចកែលម្អនៅក្នុងការខិតខំរបស់ពួកគេដើម្បីរៀនដោយព្រះវិញ្ញាណ ។
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ថាតើពួកគេកំពុងតែបង្រៀន ឬកំពុងតែរៀនដោយព្រះវិញ្ញាណឬទេ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២១-២២ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលការណែនាំរបស់ព្រះអម្ចាស់អំពីរបៀបដើម្បីធ្វើដូចនេះ ។
-
តើមានអ្វីកើតឡើងខ្លះ នៅពេលយើងបង្រៀន និងរៀនដោយព្រះវិញ្ញាណ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ស្អាងឡើង ហើយត្រេកអរជាមួយគ្នា » ? តើអ្នកទទួលបទពិសោធន៍នេះនៅពេលណា ?
-
តើអ្នកនឹងសង្ខេបការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-២២ ដោយរបៀបណា ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងបង្រៀន និងរៀនដោយព្រះវិញ្ញាណ នោះយើងយល់ពីគ្នាទៅវិញទៅមក ហើយយើងត្រូវបានស្អាងឡើង ហើយត្រេកអរជាមួយគ្នា ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៣-២៥ ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលភាពផ្ទុយគ្នារវាងអ្វីដែលកើតឡើង នៅពេលមនុស្សបង្រៀនដោយព្រះវិញ្ញាណ និងអ្វីដែលកើតឡើងនៅពេលមនុស្សបង្រៀន ហើយរៀនតាម « តាមមាគ៌ាណាមួយទៀត » (គ. និង ស. ៥០:១៧) ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះអម្ចាស់ពិពណ៌នាអំពីការបង្រៀនដែលពុំស្អាងគ្នាឡើងយ៉ាងដូចម្ដេចខ្លះ ?
-
តើព្រះអម្ចាស់ពិពណ៌នាអំពីការបង្រៀនដែល « មកពីព្រះ »យ៉ាងដូចម្ដេចខ្លះ ? (គ. និង ស. ៥០:២៤) ។ តើទ្រង់មានបន្ទូលថាយើងនឹងត្រូវបានប្រទានពរយ៉ាងដូចម្ដេច នៅពេលយើងទទួលការបង្រៀនដូច្នេះ ?
-
តើគោលលទ្ធិអ្វីខ្លះ ត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ អ្វីដែលមកពីព្រះជាពន្លឺ ហើយស្អាងគ្នាឡើង តែអ្វីដែលមិនមកពីព្រះ នាំឲ្យមានការច្របូកច្របល់ និងភាពងងឹត ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើអ្នកធ្លាប់ដឹងថា អ្វីមួយដែលអ្នកបានស្ដាប់ឮ មើលឃើញ ឬបានជួបពុំមែនមកពីព្រះនៅពេលណា ? តើព្រះវិញ្ញាណជួយអ្នកឲ្យស្គាល់រឿងនោះយ៉ាងដូចម្ដេច ?
ចូរពន្យល់ទៅសិស្សថា ពួកគេនឹងស្ដាប់ឮ ហើយមើលឃើញសារទាំងឡាយ ដែលមានបំណងចង់បំផ្លាញសេចក្ដីជំនឿរបស់យើង ។ គោលការណ៍ទាំងឡាយ ដែលពួកគេកំពុងរៀននៅថ្ងៃនេះ អាចជាកំផែងការពារពួកគេទប់ទល់នឹងសារទាំងនោះ ។ អ្នកអាចនឹងចង់ចែកចាយបទពិសោធន៍មួយ ដែលអ្នកមាន នៅពេលព្រះវិញ្ញាណបានជួយអ្នកឲ្យញែកដឹងថា សារមួយពុំមែនមកពីព្រះ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៦-៣៦ ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រឹក្សានឹងអ្នកកាន់បព្វជិតភាពទាក់ទងនឹងអំណាច និងទំនួលខុសត្រូវទាំងឡាយ ដែលមានមកជាមួយនឹងការតែងតាំងរបស់ពួកគេ ។ ទ្រង់មានបន្ទូលថា អ្នកកាន់បព្វជិតភាពទាំងឡាយ គឺត្រូវបម្រើអ្នកដទៃ និងរក្សាខ្លួនពួកគេឲ្យបរិសុទ្ធ ។ នៅពេលពួកគេធ្វើដូច្នេះ ព្រះអម្ចាស់ នឹងប្រទានអំណាចដល់ពួកគេដើម្បីយកឈ្នះលើវិញ្ញាណក្លែងបន្លំ ដូចជាវិញ្ញាណទាំងឡាយដែលរកឃើញមាននៅក្នុងចំណោមពួកបរិសុទ្ធមួយចំនួន នៅគ្រាដែលវិវរណៈនេះ ត្រូវបានប្រទានឲ្យនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៣៧-៤៦
ព្រះអម្ចាស់លើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យបន្ដរីកចម្រើននៅក្នុងព្រះគុណ និងសេចក្ដីពិត ហើយទ្រង់អះអាងដល់ពួកគេថា ទ្រង់គង់នៅជាមួយពួកគេ ។
សូមដាក់បង្ហាញរូបភាព ការអធិស្ឋានជាគ្រួសារ (សៀវភៅសិល្បៈដំណឹងល្អ [ឆ្នាំ ២០០៩ ] ទំព័រ ១១២, សូមមើលផងដែរ LDS.org)។ សូមចង្អុលទៅក្មេងប្រុសតូចជាងគេ ហើយសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកអាចនឹកស្រម៉ៃពីកុមារាតូចនេះបម្រើបេសកកម្មពេញម៉ោង នៅពេលគាត់ធំឡើងដែរឬទេ ? តើរូបភាពនេះផ្ដល់មានយោបល់អ្វីខ្លះ ដែលគាត់អាចនឹងត្រៀមខ្លួនដើម្បីបម្រើ ?
-
សូមពិចារណាអំពីកិច្ចការ ដែលព្រះអម្ចាស់មាននៅក្នុងឃ្លាំងសម្រាប់យើងម្នាក់ៗ តើយើងដូចកុមារាតូចនេះ តាមរបៀបណាខ្លះ ?
សូមចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៣៧-៤០ មាននូវការប្រឹក្សារបស់ព្រះអម្ចាស់ចំពោះពួកអែលឌើរមួយចំនួន ដែលមានវត្តមាន នៅពេលវិវរណៈនេះត្រូវបានទទួល ។ សូមអញ្ជើញសិស្សម្នាក់អាន ខ ៤០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការប្រឹក្សា ដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យពួកអែលឌើរទាំងនេះ ។
-
ស្របតាម ខ ៤០ហេតុអ្វីក៏ព្រះអម្ចាស់ហៅអ្នកកាន់បព្វជិតភាពទាំងនេះ ថា « ជាកុមារតូចៗ » ដូច្នេះ ? តើយើងដូចជាកុមារតូចៗទាំងនេះយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា « ចម្រើនឡើងក្នុងព្រះគុណ » មានន័យយ៉ាងណា ? តើអ្នកគិតថា ចម្រើនឡើង « ក្នុងការចេះដឹងពីសេចក្ដីពិត » មានន័យយ៉ាងណា ?
-
តើយើងអាចរៀនអ្វីខ្លះមកពីខនេះ អំពីពរជ័យទាំងឡាយដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងទទួល ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ព្រះអង្គសង្គ្រោះ ចង់ឲ្យយើងរីកចម្រើននៅក្នុងព្រះគុណ និងក្នុងការចេះដឹងពីសេចក្ដីពិត ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤១-៤៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យនៃការលួងលោមចិត្ត និងការធានាអះអាង ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរទាំងនេះ និងចំពោះយើង ។
-
តើវាមានន័យយ៉ាងណា នៅពេលព្រះអម្ចាស់មានបន្ទូលថា « អ្នកជារបស់ផងយើង » ? តើការអះអាងនេះអាចជួយយើងកុំឲ្យ « ភ័យខ្លាច » យ៉ាងដូចម្ដេច ? (គ. និង ស. ៥០:៤១) ។
-
តើការសន្យាផ្សេងទៀតនៅក្នុងខគម្ពីរទាំងនេះ មានអត្ថន័យយ៉ាងណាខ្លះចំពោះអ្នក ?
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុងមេរៀនថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យបង្រៀន និងរៀនដោយព្រះវិញ្ញាណកាន់តែពេញលេញបន្ថែមទៀត ។