ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៣០-៥០


មេរៀន​ទី ៣៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣០-៥០

បុព្វកថា

មិន​យូរ​ប៉ុន្មាន​ពីមុន​ពេល​សន្និសីទ​សាសនាចក្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ១៨៣០ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​នៅក្នុង​វត្តមាន​របស់​អែលឌើរ​ប្រាំ​មួយ​រូប ។ តាមរយៈ​វិវរណៈ ពួក​អែលឌើរ​ទាំងនេះ បានរៀន​អំពី ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា និង​អំពី​ការ​ប្រោសលោះ​ពីការ​ធ្លាក់ ដោយ​សារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣០-៤៥

ព្រះអង្គ​សង្គ្រោះ ប្រកាស​ថា ទ្រង់​បានប្រោសលោះ​យើង​ពីការ​ធ្លាក់ ហើយ​ថា​ទ្រង់​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ពីអំពើបាប​របស់យើង

សូម​ចែកចាយ​ស្ថានភាព​ដូចខាង​ក្រោម​ជាមួយ​សិស្ស​របស់​អ្នក រួច​ហើយ​សួរ​សំណួ​រដែល​មានដូចខាង​ក្រោម ៖

សូម​នឹកស្រម៉ៃ​ថា មិត្ត​ម្នាក់​របស់​អ្នក​មក​រក​អ្នក ហើយ​មាន​អារម្មណ៍​បាក់ទឹកចិត្ត​បន្ដិចបន្ដួច ។ នៅពេល​អ្នក​សួរ​ថា ហេតុអ្វី​ក៏​នាង​បាក់ទឹកចិត្ត នាង​ប្រាប់​អ្នក​ថា នាង​ពុំ​ដឹង​ថា​បើការ​ធ្វើជា​មនុស្ស​ល្អ​នោះ​តើមាន​តម្លៃ​ដើម្បី​ខំប្រឹង​ឬក៏​អត់​នោះ​ទេ ។ នាង​ពន្យល់​ថា ទោះជា​នាង​បាន​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​នានាក្ដី ក៏​នាង​ពុំ​ឃើញ​ថា​ជីវិត​របស់នាង​បាន​ល្អ​ប្រសើរ​ជាង​ជីវិត​របស់​មិត្ត​ភក្ដិ​នាង ដែល​ជ្រើសរើស​ធ្វើ​អំពើបាប​នោះដែរ ។ បន្ថែម​ពី​លើ​នោះ នាង​បាន​ចង្អុល​បង្ហាញ​ថា គ្មានអ្វី​ដែល​អាក្រក់​បាន​កើត​ឡើង​ដល់មិត្តភក្ដិ​របស់នាង ដោយសារ​តែ​ការជ្រើសរើស​ខុស​របស់ពួកគេ​ផង​ហ្នឹង ។

  • តើ​អ្នកអាច​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​មិត្ត​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ នៅពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ដែលអាច​ជួយ​ពួកគេ​ឆ្លើយតប​ចំពោះ​កង្វល់​របស់​មិត្ត​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣១–៣២ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ ដើម្បីជួយសិស្ស​យល់​អំពី​ការ​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ សូម​ពន្យល់​ដូច​ខាង​ក្រោម មុនពេល​សិស្ស​អាន​វា​ឮៗ ៖

នៅ​ការ​បង្កបង្កើត អ័ដាម អេវ៉ា ផែនដី និង​វត្ថុ​សព្វសារពើរនៅ​លើ​ផែនដី គឺ​ស្ថិត​នៅក្នុងសភាព​ខាង​វិញ្ញាណ ។ ទោះ​ជា​អ័ដាម និង​អេវ៉ា មាន​រូបកាយ​ក្ដី ក៏​ពួកគាត់​ពុំ​ស្ថិត​នៅក្រោម​សេចក្ដីស្លាប់ដែរ ហើយ​អាច​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ​ជានិរន្ដរ៍ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាចំណែក​នៃ​ផែនការ​របស់ព្រះវរបិតាសួគ៌ រាល់ការបង្កបង្កើត​របស់ទ្រង់ នឹង​ក្លាយទៅ​ជា​ខាង​សាច់ឈាម ។ ជាពាក្យ​ម្យ៉ាង​ទៀត​គឺ​ថា ពួកគេ​នឹង​ក្លាយ​ជា​បណ្ដោះអាសន្ន ហើយ​ស្ថិត​នៅ​ក្រោម​សេចក្ដីស្លាប់ ។ បន្ទាប់ពី​ការ​រស់ឡើងវិញ នោះពួកគេ​នឹង​ត្រឡប់ទៅ​សភាពជា​វិញ្ញាណ-- មានរូបកាយ តែ​មានជីវិត​អមត​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤-៣៥ ។ សូម​ឲ្យ​សិស្ស​រក​មើល​វិធី​ដែលព្រះអម្ចាស់​ទតមើល​បទបញ្ញត្តិ​ ដែលទ្រង់​ប្រទាន​ដល់​យើង ។

  • តើព្រះអម្ចាស់បាន​ពិពណ៌នា​អំពីបទបញ្ញត្តិ​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ រាល់បទបញ្ញត្តិ​របស់ព្រះ​ទាំងអស់ គឺ​ខាង​វិញ្ញាណ ។ សូម​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​នឹង​ពន្យល់​អំពី​ការ​ប្រកាស​របស់ព្រះអម្ចាស់​ថា រាល់បទបញ្ញត្តិ​ទាំងអស់​របស់ទ្រង់ គឺ​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ? តើ​គំរូ​មួយចំនួន​នៃ​ពរជ័យ​ខាង​វិញ្ញាណ ដែល​កើត​មាន នៅពេល​យើង​រក្សា​បទបញ្ញត្តិ​មានអ្វីខ្លះ ?

នៅពេល​សិស្ស​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងនេះ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា បទបញ្ញត្តិ​ជាច្រើន ដូចជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ និង​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ដឹកនាំ​ទៅរក​ពរជ័យ​ខាង​សាច់​ឈាម ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ដឹកនាំ​ទៅ​រក​ពរជ័យ​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង ។ ខណៈ​ដែលពរជ័យ​ខាង​សាច់​ឈាម​នឹង​បញ្ចប់​នៅទីបំផុត​នោះ នោះ​ពរជ័យ​ខាង​វិញ្ញាណ​នឹង​នៅ​មាន​ជារៀងរហូត ។

  • តើ​គោលលទ្ធិ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន អាចជួយ​មិត្ត​របស់អ្នក​នៅក្នុង​ស្ថានភាព​ដែល​បាន​ពិភាក្សា​នៅ​ដើម​មេរៀន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៦-៣៩ ដោយ​ការ​ពន្យល់​ថា ពួកអារក្ស បាន​បះបោរ​ទាស់​នឹង​ព្រះ​នៅក្នុង​ពិភព​ជា​វិញ្ញាណមុនជីវិត​នេះ ហើយ​នាំ « បំបែរ​មួយភាគ​បី​នៃ​ពួកពល​បរិវារ​ស្ថានសួគ៌​ចេញ » ។ ដោយ​សារ​តែ​អារក្ស និង​ពួក​អ្នកដើរ​តាម​វា បានបះបោរ​ទាស់ នោះ​ពួកវា​ត្រូវ​បាន​បណ្ដេញ​ចេញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៩ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​មូលហេតុ ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួកអារក្ស​ល្បួង​យើង ។​

  • ហេតុអ្វី​ក៏​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​អារក្ស​ល្បួង​យើង​ដូច្នេះ ? ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​យើង ដើម្បី​មាន​ការ​ជ្រើសរើស​រវាង​សេចក្ដីល្អ និង​សេចក្ដីអាក្រក់ ?

ដើម្បី​រៀបចំ​សិស្ស​ឲ្យពិភាក្សា​អំពី​សេចក្ដីពិត​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤០-៤៥សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៣៥ព្រះអម្ចាស់​បាន​ប្រាប់​អំពីបទបញ្ញត្តិ​មួយ ដែល​ទ្រង់​បានប្រទាន​ដល់អ័ដាម​នៅក្នុង​សួរច្បារ​អេដែន ( សូម​មើល​ផងដែរ គ និង ស ២៩:៤០ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​បទបញ្ញត្តិ​នេះ​ដោយស្ងាត់ស្ងៀម​នៅក្នុង ម៉ូសេ ៣:១៦-១៧ ។

  • តើ​បទបញ្ញត្តិ​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បានប្រទាន​ដល់អ័ដាម ? ( ព្រះអម្ចាស់​បាន​បញ្ជាអ័ដាម មិន​ឲ្យ​បរិភោគ​ផ្លែ​ឈើ​នៃ​ដើម​ដឹងខុសត្រូវ​ឡើយ ) ។ តើ​ព្រះអម្ចាស់​មានបន្ទូល​ថា​អ្វីខ្លះ​នឹង​កើតឡើង បើ​អ័ដាម​រំលង​ក្រិត្យវិន័យ​នេះ ? ( អ័ដាម នឹង​ស្លាប់ ។ ចាប់​តាំង​ពី​ថ្ងៃ​នៃការ​រំលង​របស់​លោក អ័ដាម បាន​ស្ថិត​ក្រោម​ការស្លាប់​ខាង​រូបកាយ និង​ការ​ស្លាប់​ខាង​វិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤០--៤១ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អត្ថន័យ​នៃ​ឃ្លា « សេចក្ដីស្លាប់​ខាង​វិញ្ញាណ » ។

  • យោង​តាម​ខគម្ពី​រនេះ តើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ជាអ្វី ? ( សិស្ស​គួរ​តែ​បង្ហាញ​នូវ​គោលលទ្ធិ​ដូចខាង​ក្រោម ៖ សេចក្ដីស្លាប់​ខាង​វិញ្ញាណ​គឺ​ជា​ការ​ត្រូវ​បាន​ដក​ចេញ​ពី​វត្តមាន​របស់ព្រះ ) ។

ដើម្បីជួយសិស្ស​យល់​អត្ថន័យ​នៃ​ឃ្លា « សេចក្ដីស្លាប់ទីមួយ » នៅក្នុង​ខ ៤១ សូម​ពន្យល់​ថា មាន​សេចក្ដីស្លាប់ខាង​វិញ្ញាណ​ពីរ ។ ទីមួយ គឺជា​លទ្ធផល​មកពី​ការ​ធ្លាក់ និងជា​ការ​បណ្ដោះអាសន្ន ។ ទីពីរ គឺ​លទ្ធផល​មួយ​នៃ​ការ​មិន​ប្រែចិត្ត​ពី​អំពើ​បាប ហើយ​នឹង​នៅជាប់​ជាមួយ អ្នកទាំងឡាយ​ដែល​ធ្លាក់​ចុះ មិន​ប្រែចិត្ត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤២ ។ សូមសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ស្វែងរក​ប្រភេទនៃ​សេចក្ដីស្លាប់​ផ្សេង​ទៀត ដែល​កើត​មាន ដោយសារ​តែ​ការ​រំលង​របស់​អ័រដាម ។

  • តើ​ប្រភេទ​នៃ​សេចក្ដីស្លាប់​ផ្សេងទៀត កើត​មានមក​ដោយសារ​តែ​ការ​រំលង​របស់អ័ដាម​មាន​អ្វីខ្លះ ? ( សេចក្ដីស្លាប់​ខាង​សាច់ឈាម ឬ​ជាពាក្យ​ម្យ៉ាង​ទៀតថាជា សេចក្ដីស្លាប់​ខាង​រូបកាយ ។ សេចក្ដី​ស្លាប់ គឺ​ជា​ការ​បំបែក​​វិញ្ញាណ និង​រូបកាយចេញ​ពីគ្នា ។

ដើម្បីជួយ​សិស្ស​យល់​អំពីលទ្ធផល​នៃ​ការ​ធ្លាក់​សម្រាប់​មនុស្ស​លោក​ទាំង​អស់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ហេលេមិន ១៤:១៦ ដោយ​ស្ងាត់​ស្ងៀម ។ សូម​ពួកគេ​ឲ្យ​ប្រាប់​ថា​នរណា​ដែល​ទទួល​បទពិសោធន៍ពីលទ្ធ​ផលនៃការ​រំលង​របស់​អ័ដាម ។

  • តើ​នរណា​ទទួល​បទពិសោធន៍មកពីការ​ធ្លាក់​របស់​លោក​អ័ដាម ? ( មនុស្ស​លោក​ទាំងអស់ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេលេមិន ១៤:១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ខ​នេះ បាន​និយាយ​អំពី​របៀប​ដែល​លទ្ធផល​នៃ​ការ​ធ្លាក់​របស់​អ័ដាម​នឹង​ត្រូវ​បាន​យកឈ្នះ ។

  • តើ​លទ្ធផល​នៃ​ការ​ធ្លាក់រ​បស់​អ័ដាម​នឹង​ត្រូវ​បាន​យកឈ្នះ​យ៉ាង​ដូចម្ដេច ? តើ​នរណា​នឹង​ទទួល​បាន​ពរជ័យ​ទាំង​នេះ ?

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូចខាង​ក្រោម​នៅ​លើក្ដារខៀន ៖ អាលម៉ា ៣៣:២២, ៤២:២៣ ។ សូម​ពន្យល់​ថា មនុស្ស​ទាំងអស់​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់ព្រះ​សម្រាប់​ការ​ជំនុំជម្រះ ប៉ុន្ដែ​ពុំ​មែន​មនុស្ស​ទាំងអស់​នឹង​សក្ដិសម​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់ទ្រង់​ជា​រៀងរហូត​នោះទេ ។ រួច​ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​ដោយស្ងាត់ស្ងៀម​នូវ​វគ្គ​បទគម្ពីរ​ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន រក​មើល​ភស្ដុតាង​នៃសេចក្ដីពិត​នេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៣–៤៤ ឲ្យ​ឮៗ ។ សូម​ចង្អុល​បង្ហាញ​អំពី​ការ​ប្រកាសថា អ្នកទាំងឡាយ​ដែល​ « ពុំ​ជឿ » ទៅលើ​ព្រះគ្រីស្ទ « ពុំ​អាច​ត្រូវ​បាន​ប្រោសលោះ​ពី​ការ​ធ្លាក់​ខាង​វិញ្ញាណ​របស់ពួកគេ​ឡើយ » ។ ចូ​រពន្យល់​ថា ថ្វីដ្បិត​តែ​មនុស្ស​ទាំងអស់នឹងត្រូវ​បាន​ប្រោសលោះ​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​អេវ៉ា​ក្ដី ក៏​អ្នកទាំងឡាយ​ដែល​បដិសេធ​ពុំ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្តទេ នោះ​នឹង​ពុំ​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​ធ្លាក់ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់ពួកគេ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤២–៤៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​វិធី​ដែល​យើងអាច​ត្រូវ​បាន​សង្គ្រោះ​ពី​លទ្ធផល​នៃ​អំពើ​បាប​ផ្ទាល់ខ្លួន​របស់​យើង ។

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រូវ​បាន​សង្គ្រោះ​ពី​លទ្ធផល​នៃ​អំពើបាប​របស់​យើង​ផ្ទាល់​បាន ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញ​នូវ​គោលលទ្ធិ​ដូចខាង​ក្រោម ៖ តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ផ្ដល់​ការ​អភ័យ​ទោស និង​ជីវិត​អស់កល្ប​ជានិច្ច​ចំពោះ​មនុស្ស​ទាំងអស់ ដែល​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់ពួកគេ ។ សូម​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​អេវ៉ា គឺ​មាន​ចំណែក​នៃ​ផែនការ​របស់ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​របស់​យើង ។ ថ្វី​ដ្បិត​តែ​យើង​បាន​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ​ពីមុន​យើង​កើត​មក​ក្ដី ក៏​យើង​ម្នាក់ៗ​ចាំបាច់​ត្រូវ​មក​កាន់​ផែនដី ទទួល​រូបកាយ​ខាង​សាច់ឈាម ហើយរៀន​តាមរយៈ​បទពិសោធន៍​ដើម្បី​ប្រើសិទ្ធិ​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ ស្ថានភាព​ខាង​វិញ្ញាណ​របស់​យើង នៅពេល​យើង​ទទួល​ជីវិត​ដ៏អស់កល្ប​ជានិច្ច នឹង​មាន​សភាព​អស្ចារ្យជាង​ស្ថានភាព​ខាងវិញ្ញាណ ដែល​យើង​បាន​ទទួល​ពិសោធន៍​នៅក្នុង​ពិភព​ជា​វិញ្ញាណ​ក្នុង​ជីវិតមុន​ឆាក​ជីវិត​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ការពន្យល់​ដូច​ខាង​ក្រោម មកពីកូនសៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ៖

« អមតភាព គឺ​ជា​ជីវិត​ដែល​អាច​រស់​នៅជា​និរន្តរ៍​ក្នុង​ស្ថានភាព​ដែល​បាន​រស់​ឡើង​វិញ ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​គ្រប់រូប​នឹង​ទទួល​បាន​អំណោយ​នេះ ។ ជីវិត​ដ៏អស់កល្បជានិច្ច ឬ​ភាព​លើក​តម្កើង គឺ​ដើម្បី​ទទួល​កន្លែង​មួយ​នៅក្នុង​កម្រិត​ដ៏ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ដែល​យើង​នឹង​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ ហើយ​បន្ដ​ជា​ក្រុមគ្រួសារ ( សូមមើល គ និង ស ១៣១:១–៤ ) ។ ដូចជា​ជីវិត​អមតភាពផងដែរ អំណោយទាន​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​មានឡើង តាមរយៈដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វាតម្រូវ​ឲ្យមាន ‹ ការ​គោរព​តាម​ក្រិត្យវិន័យ និង​ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ › ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣) » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោងនៃ​ដំណឹងល្អ [ ២០០៤ ], ៥២ ) ។

ដើម្បីជួយសិស្ស​យល់​ពី​សារៈសំខាន់​នៃការ​ធ្វើ​ការ​ជ្រើសរើស​ដែល​នឹង​ជួយ​ពួកគេ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់ព្រះអង្គ​សង្គ្រោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការ​ទូន្មាន​ដូចខាង​ក្រោម​មកពី ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« សូម​កុំ​ដាក់​ជីវិត​ដ៏អស់កល្បជានិច្ច​របស់អ្នក​ក្នុង​គ្រោះ​ថ្នាក់​ឡើយ ។ ប្រសិន​បើ​អ្នកមានបាប កាលណា​អ្នក​ត្រឡប់មករក​ផ្លូវ​វិញកាន់តែឆាប់ នោះ​អ្នក​នឹង​រក​ឃើញនូវ​ភាព​សុខសាន្ដ​ដ៏​ផ្អែម​ល្ហែម និង​ក្ដី​អំណរ​ដែល​កើត​មានមកជាមួយ​នឹង​អព្ភូតហេតុ​នៃការ​អភ័យទោស ។

« …អ្នកមាន​នូវ​អំណាច​មរតក​កូន​ច្បង​ដ៏​ថ្លៃថ្លា​មួយ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​នគរ​របស់​ព្រះវរបិតា​យើង គឺជា​គោលដៅ​របស់​អ្នក ។ គោលដៅ​បែប​នោះ ពុំ​អាច​សម្រេច​បាន តាមរយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​លើ​ភាព​រុងរឿង​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​សេចក្ដី​សុចរិត​ពេញ​មួយ​ជីវិត ដែលមានរួម​ចំណែក​ទាំង​​ការ​ជ្រើសរើស​ដ៏ឈ្លាសវៃ ព្រមទាំង​មានគោលបំណងដ៏ខ្ជាប់ខ្ជួន និង ឧត្តមគតិ​ដ៏​ខ្ពង់ខ្ពស់​ផង​ដែរ ។ វា​គឺដូចជា​អ្វី​គ្រប់​យ៉ាង​ដែល​មាន​តម្លៃ​បំផុត​ផងដែរ រង្វាន់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រឹងប្រែង ។

« … សូម​យើង​ពោរពេញ​ដោយ​អំណរគុណ​ចំពោះ​ការ​ជ្រើសរើស ត្រឹមត្រូវ និង​ទទួល​យក ការទទួលខុសត្រូវ ទៅលើ​ជម្រើស និង​សូម​គិត​អំពី លទ្ធផល នៃ​ការ​ជ្រើសរើស » ( « ជម្រើស​ទាំងបី​នៃ​អក្សរ ក » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៦៩-៧០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦-៥០

ព្រះអង្គ​សង្គ្រោះ ប្រកាស​ថា កុមារតូចៗ និងអ្នកទាំងឡាយ​ដែល​ពុំ​មាន​ការ​យល់​ដឹង គឺត្រូវបាន​សង្គ្រោះ​តាមរយៈ​ដង្វាយ​ធួន​របស់ទ្រង់ ។

សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦-៥០យើង​មើល​ឃើញ​ថា លទ្ធផល​នៃ​ការ​រំលង​ក្រិត្យវិន័យ​របស់ព្រះ គឺ​ខុសគ្នា​ពី​កុមារ​តូចៗ និង​អ្នកទាំងឡាយ​ដែល​ពុំ​ដឹងខុសត្រូវ​នៅចំពោះព្រះភក្ត្រព្រះ ។ យើង​ក៏​មើល​ឃើញ​ពី​ព្រះចេស្ដារ​ដ៏មហិមា និង​ក្ដីមេត្តាករុណា​របស់ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦–៤៧ ឲ្យឮៗ ។

  • តើ​ការណ៍​នេះ​មានន័យ​យ៉ាង​ណា ចំពោះកុមារ​តូចៗ​ដែល​ស្លាប់​ទៅ មុនពេល​ពួកគេ​មានអាយុប្រាំបីឆ្នាំ​នោះ ? ( ពួកគេ​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល ។ សូមមើលផងដរ គ និង ស ១៣៧:១០ ។ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា យោងតាម​ការ​បកប្រែ​របស់ យ៉ូសែប ស៊្មីធ លោកុប្បត្តិ ១៧:១១ [ នៅក្នុង Bible appendix ] និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥កុមារ​តូចៗ​ចាប់​ផ្ដើម​ក្លាយជា​មនុស្ស​ដឹងខុសត្រូវ​នៅចំពោះ​ព្រះអម្ចាស់ ពេល​ពួកគេ​មានអាយុ​ប្រាំបី​ឆ្នាំ ។ សម្រាប់​ការបង្រៀន​បន្ថែម​ស្ដីអំពី​ប្រធានបទ​នេះ សូមមើល មរ៉ូណៃ ៨ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:១០ ) ។

  • តើ​វគ្គ​បទគម្ពីរ​នេះ ពង្រីក​ការ​យល់ដឹង​របស់អ្នក​អំពី​ដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ដើម្បីបញ្ចប់មេរៀន សូមអញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៩ ដោយស្ងាត់ស្ងៀម ហើយពិចារណា​អំពី​ការ​រំពឹង​ទុក​របស់ព្រះអម្ចាស់​ចំពោះពួកគេ​ដោយ​ផ្ទាល់ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ ដើម្បីចែកចាយ​ថាវា​មានន័យ​យ៉ាង​ណា​ចំពោះពួកគេ​ដើម្បី​អាច​ត្រឡប់ទៅកាន់វត្តមាន​របស់ព្រះវរបិតាសួគ៌ ហើយ​បន្ដ​នៅ​ទីនោះ​ដ៏អស់កល្បជានិច្ច ។ បន្ទាប់ពី​សិស្ស​ពីរបីនាក់បាន​ឆ្លើយតប​ហើយ សូមលើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ធ្វើការ​ជ្រើសរើស ដែល​នឹង​អាច​ជួយ​ពួកគេ​ឲ្យ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​ដ៏អស់កល្បជានិច្ច ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣០-៥០ ។

តារាង​ខាង​ក្រោម ពិពណ៌នា​អំពី​ការផ្លាស់ប្ដូរ​ដែល​កើត​មាន​មកលើ​អ័ដាម និង​អេវ៉ា ដោយសារ​តែ​ពួកគេ​បាន​ទទួលទាន​ផ្លែឈើ​ហាមឃាត់ ៖

ពីមុនការ​ធ្លាក់

បន្ទាប់ពីការ​ធ្លាក់

  1. គ្មាន​សេចក្ដី​ស្លាប់​ខាងវិញ្ញាណ​ទេ អ័ដាម និងអេវ៉ា នឹង​រស់នៅ​ជារៀងរហូត បើ​ពួកគេ​ពុំ​បាន​ធ្វើ​រំលង​ទេនោះ ( សូមមើលនីហ្វៃទី ២ ២:២២ ) ។

  2. គ្មាន​សេចក្ដីស្លាប់​ខាង​វិញ្ញាណទេ ពួកគេ​បានរស់នៅ​ក្នុង​វត្តមាន​របស់ព្រះ ។

  3. គ្មាន​ការ​រីកចម្រើន​ឆ្ពោះ​ទៅរក​ភាព​លើក​តម្កើង​ទេ ( សូមមើល នីហ្វៃទី ២ ២:២២ ) ។

  4. ពួកគេ​ពុំ​អាច​មាន​កូនចៅ ( សូមមើល នីហ្វៃទី ២ ២:២៣ ) ។

  5. ពួកគេ​នៅ​ក្នុង​ភាព​ល្ងង់ខ្លៅ ពុំ​ដឹង​អំពើល្អ ឬ​អំពើអាក្រក់ទេ ពុំស្គាល់​ក្ដីអំណរ ឬ​ទុក្ខវេទនា​នោះ​ទេ ( សូមមើល នីហ្វៃទី ២ ២:២៣ ) ។

  1. អ្វីៗ​គ្រប់យ៉ាង​នឹង​ក្លាយជា​ជីវិត​រមែង​ស្លាប់ ហើយ​អាច​ស្លាប់​ខាង​រាងកាយ ( សូមមើល នីហ្វៃទី ២ ៩:៦ ) ។

  2. អ័ដាម និង អេវ៉ា ត្រូវ​បាន​បណ្ដេញ​ចេញ​ពីវត្តមាន​របស់ព្រះ ហើយ​ប្រែ​ក្លាយ​ជា​ស្លាប់​ខាង​វិញ្ញាណ ( សូមមើល គ និង ស ២៩:៤០-៤២ ) ។

  3. ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច ស្របតាម​ផែនការ​របស់ព្រះវរបិតាសួគ៌ កើត​មាន​ឡើង​បាន ( សូមមើល ម៉ូសេ ៥:១១ ) ។

  4. ពួកគេ​អាច​មានកូនចៅ ( សូមមើល ម៉ូសេ ៤:២២, ៥:១១ ) ។

  5. ពួកគេ​បាន​ស្គាល់​ល្អ និង​អាក្រក់ ហើយអាច​ទទួល​បទពិសោធន៍​នៃសេចក្ដីអំណរ និង​ទុក្ខវេទនា ( សូមមើល ម៉ូសេ ៥:១១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤-៣៥ ។ លទ្ធផល​នៃ​ការគោរពប្រតិបត្តិ ឬ​ការ​មិនគោរព​ប្រតិបត្តិ​តាមក្រិត្យវិន័យ​របស់ព្រះ

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ច្បាប់​ខាង​ធម្មជាតិ និង​ច្បាប់​ខាង​វិញ្ញាណ ដែល​គ្រប់គ្រង​ជីវិត ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពីមុន​គ្រឹះ​នៃ​ពិភពលោក​ទៅទៀត ។… វា​គឺអស់កល្បជានិច្ច ដែល​ជា​លទ្ធផល សម្រាប់​ទាំង​ការគោរព​ប្រតិបត្តិ ឬ​ការ​មិនគោរពប្រតិបត្តិ ។ វា​ពុំ​ផ្អែក​ទៅលើហេតុ​ខាង​សង្គម ឬ​ខាង​នយោបាយ​ឡើយ ។ វា​ពុំ​អាច​ផ្លាស់ប្ដូរ​បានឡើយ ។ គ្មាន​ការ​ដាក់សម្ពាធ គ្មាន​ការ​តវ៉ា គ្មាន​ច្បាប់​ណា​អាច​ផ្លាស់ប្ដូរ​វា​បានឡើយ » ( For Time and All Eternity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ២២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤១ ។ « សេចក្ដីស្លាប់ចុង​ក្រោយបំផុត ដែល​ជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​អំពី​សេចក្ដីស្លាប់​ខាងវិញ្ញាណ​ទីពីរ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« សេចក្ដីស្លាប់ទីពីរ គឺ​ខាង​វិញ្ញាណ វា​គឺ​ជា​ការ​បណ្ដេញ​ចេញ​ពីវត្តមាន​របស់ព្រះ​អម្ចាស់ ។ វា​មានភាព​ស្រដៀងគ្នា​ទៅនឹង​សេចក្ដីស្លាប់​ខាងវិញ្ញាណទីមួយ ដែល​បាន​ដាក់​ទៅ​លើ​មនុស្ស​គ្រប់រូប ដែល​បាន​ស្ថិត​នៅ​ក្នុង​ការ​ឥតប្រែចិត្ត ហើយ​ដែលពុំ​បានទទួល​យកដំណឹងល្អ ។ អ្នកទាំងឡាយ​ដែល​បាន​រងទុក្ខ​នឹង​សេចក្ដីស្លាប់ខាងវិញ្ញាណ​ទីមួយ ឬ​បាន​ចាកចេញ​ពីវត្តមាន​របស់ព្រះ ដែលមាន​ឯកសិទ្ធិ​នៃ​ការប្រោសលោះ​ពី​សេចក្ដីស្លាប់​នេះ តាមរយៈ​ការ​គោរព​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ តាមរយៈ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ពួកគេត្រូវ​បាន កើត​ម្ដងទៀត ហើយ​ត្រឡប់ មក​ក្នុង​ជីវិត​ខាងវិញ្ញាណវិញ ហើយ​តាមរយៈ​ការ​បន្ដគោរពប្រតិបត្តិ​របស់ពួកគេ​ដល់ទីបំផុត នោះ​ពួកគេ​នឹង​ក្លាយជា​អ្នក​ទទួលទាន​ពរជ័យ​ទាំងឡាយ​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច នៅក្នុង​នគរសេឡេ​ស្ទាល​របស់​ព្រះ ។

« អ្នកទាំងឡាយ​ដែល​បាន​ទទួលសេចក្ដី​ស្លាប់​ទីពីរ គឺ​ជា​អ្នកទាំងឡាយ​ដែល​បាន​មាន​ពន្លឺ​ខាងវិញ្ញាណ ហើយ​ដែលបាន​បះបោរ​ទាស់នឹង​ពន្លឺនោះ ។ អ្នកទាំងនេះ បន្ដស្ថិត នៅក្នុង​អំពើបាប​របស់ពួកគេ​ក្នុង​ការ​បណ្ដេញ​ចេញ​របស់ពួកគេ​នោះ » ( Doctrines of Salvation បាន​បោះពុម្ព​ដោយ Bruce R. McConkie, វ៉ុល​ទី ៣ [ ១៩៥៤–៥៦], ២:២២២–២៣ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦-៤៧ ។ « កូន​ក្មេង​តូចៗ​ត្រូវ​បាន​ប្រោសលោះ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សេចក្ដីសង្គ្រោះ​សម្រាប់​កូន​ក្មេង​តូចៗ មុន​ពេល​ពួកគេ​ដឹងខុសត្រូវ​ចំពោះ​ព្រះថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« នៅក្នុង​ចំណោមភាពពិត​នៃ​ដំណឹងល្អ​ដ៏​រុងរឿង​ទាំងអស់ ដែល​ព្រះបាន​ប្រទាន​ឲ្យ​រាស្ត្រ​របស់ទ្រង់​នៅទីនោះ គឺ​ជា​គោលលទ្ធិ​ដ៏​ផ្អែមល្ហែម​ដែល​កម្រ​មាន បានបំពេញ​ព្រលឹង​យ៉ាង​ខ្លាំង ហើយ​បាន​ញែក​ព្រលឹង​ទាំងឡាយ​ជា​បរិសុទ្ធ ដែល​ប្រកាស​ថា--កូន​ក្មេង​តូចៗ នឹង​ត្រូវ​បាន​សង្គ្រោះ ។ ពួកគេមាន​ជីវិតរស់នៅក្នុង​ព្រះគ្រីស្ទ ហើយ​នឹង​ទទួលបាន​ជីវិត​ដ៏អស់កល្បជានិច្ច ។ សម្រាប់ពួកគេ អង្គភាព​គ្រួសារ​នឹង​នៅមាន​បន្ដ ហើយ​ភាព​ពេញ​លេញ​នឹង​ជា​របស់ផងនៃពួកគេ ។ គ្មានពរជ័យ​ណា នឹង​ត្រូវ​បានដក​ចេញ​នោះ​ទេ ។ ពួកគេ​នឹង​ក្រោកឡើង​នៅ​ក្នុង​សិរីល្អ​នៃ​ជីវិត​រមែង​ស្លាប់ រីកចម្រើនធំ​ដឹង​ក្ដី ហើយ​រស់នៅ​ជា​រៀងរហូត​នៅក្នុង​ស្ថានសួគ៌​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​-- អ្វីៗ​គ្រប់យ៉ាង​គឺកើត​មាន​តាមរយៈគុណូបការៈ និងសេចក្ដីមេត្តាករុណា និង​ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏បរិសុទ្ធ អ្វីៗ​ទាំងអស់​គឺ​មក​ដោយសារ​ពលិកម្ម​ដ៏ធួន​របស់ទ្រង់ ដែល​បាន​សុគត​ដើម្បី​យើង​អាច​រស់​ឡើងវិញ…

« តើកូន​ក្មេង​តូចៗ​ទាំងអស់ បាន​សង្គ្រោះ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​នគរ​សេឡេស្ទាល​ឬ ?​

« ចំពោះ​សំណួរ​នេះ ចម្លើយ​គឺ​ថ្លែង​ថា បាទ ឮៗ ដែលសូរ​ឮខ្ទរ​ម្ដង​ហើយម្ដង​ទៀត ចាប់ពី​ចុង​មេឃ​ម្ខាង​ទៅ​ចុង​មេឃ​ម្ខាង​ទៀត ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​រឿង​នោះទៅ​ដល់​ពួកសិស្ស​របស់ទ្រង់ ។ មរមន បាន​ថ្លែង​ម្ដងហើយ​ម្ដងទៀត ។ មាន​ព្យាការី​ជាច្រើន​បាន​ថ្លែង​អំពី​វា ហើយ​វា​សំខាន់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ទាំង​មូល ។ បើ​វា​ពុំ​សំខាន់ដូច្នោះ​ទេ នោះ​ការ​ប្រោសលោះ​នឹងមាន​ដែន​កំណត់​នៅក្នុង​ការ​អនុវត្ត​វា​ពុំខាន​ឡើយ ។ ដូច្នោះ ដូច​ដែល​យើង​រំពឹង​ចង់បាន ការ​និមិត្ត​របស់​យ៉ូសែប​ស្ម៊ីធ អំពី​នគរ​សេឡេស្ទាល មាន​នូវ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា ៖ ‹ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កូន​ក្មេង​ទាំងអស់ ដែល​បាន​ស្លាប់​មុន​គ្រប់​អាយុ​ទទួលខុសត្រូវ នោះ​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល​នៅ​ស្ថានសួគ៌​ដែរ › ។ [គ. និង ស. ១៣៧:១០] ។…

« តើ​ពួកគេ​ត្រូវ​បាន​សង្គ្រោះ​ដោយរបៀប​ណា ហើយហេតុអ្វី ?

« ពួកគេ​ត្រូវ​បាន​សង្គ្រោះ​តាមរយៈ​ដង្វាយ​ធួន និង​ដោយ​សារ​ពួកគេ​ពុំ​មាន​អំពើ​បាប ។ ពួកគេ​មកពីព្រះ​ក្នុង​ភាពបរិសុទ្ធ គ្មាន​អំពើបាប ឬ ស្នាម​ប្រឡាក់​ជាប់​នឹង​ពួកគេ​អំឡុង​ជីវិត​រមែង​ស្លាប់ទេ ហើយ​ពួកគេ​ត្រឡប់​ទៅរកអង្គ​បង្កបង្កើត​របស់ពួកគេ​​ក្នុងភាព​បរិសុទ្ធ ។ មនុស្ស​ដែលដឹងខុស​ត្រូវ ត្រូវ​តែ​បាន​បរិសុទ្ធ​តាមរយៈ​ការប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក និង​ការ​គោរពប្រតិបត្តិ ។ អ្នក​ទាំងឡាយ​ដែល​ពុំ​មាន​ការ​ដឹងខុសត្រូវចំពោះ​អំពើបាប ពុំ​មានការ​ធ្លាក់​ខាងវិញ្ញាណ​ឡើយ ហើយ​ពុំចាំបាច់​ត្រូវ​បាន​ប្រោសលោះ​ពី​ការ​ធ្លាក់​ខាង​វិញ្ញាណ ដែល​ពួកគេ​ពុំ​ធ្លាប់​ទទួលបទពិសោធន៍​នោះ​ឡើយ ។​ ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កូន​ក្មេង​តូចៗ​គឺមានជីវិត​រស់​នៅក្នុង​ព្រះគ្រីស្ទ ។ ព្រះអម្ចាស់មា​ន​បន្ទូល​ថា ‹ កូន​ក្មេង​តូចៗ ត្រូវ​បាន​ប្រោសលោះ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ តាមរយៈ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​យើង › ។ គ និង ស ២៩:៤៦ ) » ។ « The Salvation of Little Children, »  Ensign, ខែ មេសា ឆ្នាំ ១៩៧៧, ទំព័រ ៣, ៤–៥ ) ។