មេរៀនទី ៤៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១
បុព្វកថា
នៅក្នុងខែធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បានបញ្ជាដល់ពួកបរិសុទ្ធឲ្យផ្លាស់ទៅរដ្ឋ អូហៃអូ ជាកន្លែងដែលពួកគេនឹងទទួលក្រឹត្យវិន័យរបស់ទ្រង់ ( សូមមើលគ. និង ស. ៣៧:៣,៣៨:៣២ ) ។ លីម៉ាន ខូព្លី ជាសមាជិកម្នាក់នៃសាសនាចក្រ ក្នុងរដ្ឋ អូហៃអូ បានផ្តល់ឲ្យដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន និងក្រុមគ្រួសាររបស់ពួកគេនូវ « ផ្ទះ និងស្បៀងអាហារ » ( សេចក្ដីផ្ដើម កណ្ឌគ. និង ស. ៤១ ) ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤១នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៨៣១ មិនយូរប៉ុន្មានបន្ទាប់ពីលោកបានមកដល់រដ្ឋ អូហៃអូ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានណែនាំព្យាការី និងអ្នកដឹកនាំសាសនាចក្រដទៃទៀតឲ្យអធិស្ឋានដើម្បីទទួលក្រឹត្យវិន័យរបស់ទ្រង់ ។ បន្ថែមពីលើនោះ ទ្រង់បានបញ្ជាក់ពីកន្លែងដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន គួររស់នៅ ហើយបានហៅ អែតវឺត ប៉ាទ្រិច ឲ្យធ្វើជាប៊ីស្សពទីមួយនៃសាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១-៦
ព្រះអម្ចាស់បង្រៀនថា ពួកសិស្សដ៏ពិតនឹងរក្សាក្រឹត្យវិន័យរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលនាំមកនូវក្តីរីករាយ ឬស្វែងរកសេចក្ដីអំណរនៅក្នុងការធ្វើរឿងអ្វីមួយ ។
-
តើអ្នករីករាយ ឬពេញចិត្តក្នុងការធ្វើអ្វីខ្លះ ?
-
តើអ្នកគិតថាព្រះអម្ចាស់សព្វព្រះហឬទ័យនៅក្នុងការធ្វើអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីអ្វីដែលព្រះអម្ចាស់ សព្វព្រះហឬទ័យនៅក្នុងការធ្វើនោះ ។
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់សព្វព្រះហឬទ័យក្នុងការធ្វើអ្វី ? ( ប្រទានពរដល់រាស្ត្រទ្រង់ « ព្រះពរដ៏ប្រសើរបំផុត ជាងព្រះពរទាំងអស់ » ) ។
នៅពេលសិស្សឆ្លើយតប សូមសរសេរសេចក្ដីថ្លែងការមិនពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ សព្វព្រះហឬទ័យប្រទានពរដល់យើង នៅពេល…
-
យោងតាមខ ១ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលពរជ័យទាំងឡាយ ដែលព្រះអម្ចាស់មានព្រះទ័យប្រទានដល់យើង ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថាប្រុងស្ដាប់មានន័យថា ស្ដាប់ដោយយកចិត្តទុកដាក់ ហើយគោរពតាម ។ សូមប្រើចម្លើយរបស់សិស្ស បំពេញគោលការណ៍នៅលើក្ដារខៀន ៖ ព្រះអម្ចាស់សព្វព្រះហឬទ័យប្រទានពរដល់យើង នៅពេលយើងស្ដាប់ ហើយគោរពតាមទ្រង់ ។ អ្នកអាចនឹងចង់លើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ ឬឃ្លាទាំងឡាយ ដែលបង្រៀននូវគោលការណ៍នេះនៅក្នុងគម្ពីររបស់ពួកគេ ) ។
សូមឲ្យសិស្សពិចារណាថាតើពួកគេធ្លាប់មានបទពិសោធន៍នៃក្ដីអំណរ ជាលទ្ធផលមកពីការធ្វើអ្វីមួយសម្រាប់អ្នកដទៃម្នាក់ទៀតដែរឬទេ ។ សូមអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ចែកចាយពីបទពិសោធន៍របស់ពួកគេ ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលព្រះអម្ចាស់សព្វព្រះហឬទ័យប្រទានពរដល់អ្នក ចំពោះការស្ដាប់តាមទ្រង់នោះ ?
សូមរំឭកសិស្សថា ព្រះអម្ចាស់ បានបញ្ជាឲ្យពួកបរិសុទ្ធទៅប្រមូលគ្នីគ្នានៅក្នុងរដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធមួយចំនួនដែលផ្លាស់ទៅរដ្ឋ អូហៃអូ បានធ្វើដូច្នោះដោយការលះបង់ ។ ពួកគេបានលក់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងតម្លៃថោក ឬចាកចេញពីផ្ទះ និងទ្រព្យសម្បត្តិដោយពុំបានលក់ដូរសោះ ហើយចេញទៅរដ្ឋអូហៃអូ ដោយការគោរពប្រតិបត្តិតាមបញ្ជា ដែលព្រះអម្ចាស់បានប្រទានឲ្យ តាមរយៈព្យាការីរបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវដំណើររឿងដូចខាងក្រោម អំពី លូស៊ី ម៉ាក ស្ម៊ីធ ( ម្ដាយរបស់ព្យាការី យ៉ូសែប ស៊្មីធ ) ហើយនឹងក្រុមមួយនៃសមាជិកសាសនាចក្រ ដែលគាត់បានដឹកនាំទៅកាន់រដ្ឋ អូហៃអូ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់មើលគំរូមួយអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកបរិសុទ្ធ នៅពេលពួកគេបានស្ដាប់តាមបញ្ជារបស់ទ្រង់ ដើម្បីផ្លាស់ទីទៅរដ្ឋ អូហៃអូ ៖
លូស៊ី ម៉ាក ស្ម៊ីធ បានដឹកនាំក្រុមមួយដែលមានសមាជិកសាសនាចក្រចំនួន ៨០ នាក់ចេញពី ភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ទៅកាន់រដ្ឋ អូហៃអូ ។ នៅពេលពួកគេធ្វើដំណើរតាមទូកនៅតាមព្រែកជីក កាយូកា និង សេនីកា ទៅ បាហ្វាឡូ រដ្ឋ នូវ យ៉ោក នោះលូស៊ី បានរំឭកដល់ពួកបរិសុទ្ធថា ពួកគេកំពុងធ្វើដំណើរតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដូចជាលីហៃពីជំនាន់ដើម ពេលគាត់បានចាកចេញពីយេរូសាឡិម ។ គាត់បានឲ្យដំបូន្មានដល់ពួកបរិសុទ្ធថា បើពួកគេនឹងស្មោះត្រង់ នោះពួកគេ « មានមូលហេតុដូចគ្នា ដើម្បីរំពឹងទុកនូវពរជ័យទាំងឡាយនៃព្រះ » ( សូមមើលHistory of Joseph Smith by His Mother,បានបោះពុម្ពដោយ Preston Nibley [ឆ្នាំ ១៩៥៨], ទំព័រ ១៩៥–៩៦;Church History in the Fulness of Times Student Manual,បានបោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៩១ ) ។
នៅពេលពួកគេបានធ្វើដំណើរទៅដល់ បាហ្វាឡូ ពួកគេបានរកឃើញថាកំពង់ផែត្រូវបានស្ទះដោយទឹកកក រារាំងមិនឲ្យទូកចេញចូលបាន ។ « បន្ទាប់ពីអស់រយៈពេលដ៏រន្ធត់ជាច្រើនថ្ងៃនៅ បាហ្វាឡូ នោះកុមារតូចៗមួយចំនួនចាប់ផ្តើមឈឺ ហើយមនុស្សជាច្រើនក្នុងក្រុមបានស្រេកឃ្លាន ហើយបាក់ទឹកចិត្ត ។ ពួកគេបានបង់ថ្លៃដើម្បីអង្គុយនៅលើដំបូលទូក ដោយដាក់ឥវ៉ាន់របស់ពួកគេនៅលើទូក ហើយបានទទួលកន្លែងជ្រកបណ្ដោះអាសន្ន សម្រាប់ស្ត្រី និងកុមារតូចៗ រហូតដល់ព្រឹកស្អែកឡើង ។ នៅពេលពួកគេត្រឡប់មកទូកវិញ លូស៊ី បានបញ្ចុះបញ្ចូលដល់ក្រុមដែលកំពុងតែនៅទួញសោក សុំឲ្យព្រះអម្ចាស់បំបាក់ផ្ទាំងទឹកកកកម្រាស់ម្ភៃហ្វីត ដែលកកនៅកំពង់ផែនោះ » (Church History in the Fulness of Times Student Manual,៩២ ) ។
លូស៊ី បានដាស់តឿនដល់ក្រុមរបស់គាត់ឲ្យមានសេចក្ដីជំនឿទៅលើព្រះ ហើយបានសន្យាថា បើពួកគេនឹងមានសាមគ្គីភាពនៅក្នុងការអធិស្ឋាន ហើយសុំឲ្យព្រះបំបែកផ្ទាំងទឹកកក ដែលកកកំពង់ផែនោះ នោះវានឹងបានសម្រេច ។ លូស៊ី បានពិពណ៌នាអំពីអ្វីដែលបានកើតឡើងបន្ទាប់ទៀតថា ៖ « រំពេចនោះ មានសំឡេងមួយបន្លឺឡើង ដូចជាផ្គរលាន់ ។ អ្នកបើកទូកបានស្រែកថា ‹ អ្នកគ្រប់គ្នាសូមទៅកាន់កន្លែង › ។ ដុំទឹកកកនោះបានបែកប្រេះចេញ ដោយទុកច្រកតូចមួយសម្រាប់ទូក ហើយនៅពេលទូកបានឆ្លងកាត់តាមផ្លូវតូចចង្អៀតនោះ ពោងទឹកបានរហែកដោយសារតែទង្គិចនឹងមុខបែករបស់ទឹកកក ។… យើងបានឆ្លងផុតតែបន្ដិច មុនពេលដែលទឹកកកមកជាប់គ្នាវិញម្ដងទៀតនោះ » ( សូមមើលHistory of Joseph Smith by His Mother,ទំព័រ ១៩៧-២០៥ ) ។
-
តើពួកបរិសុទ្ធទាំងនេះបង្ហាញសេចក្ដីជំនឿទៅលើព្រះអម្ចាស់នៅក្នុងស្ថានភាពលំបាកនេះយ៉ាងដូចម្ដេច ? តើស្ថានភាពនេះបង្ហាញថា ព្រះអម្ចាស់បានដឹងជាមុនអំពីយើង ហើយនឹងជួយយើងយកឈ្នះលើការលំបាកទាំងនោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:២-៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវការណែនាំ ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរនៃសាសនាចក្រ ។
-
តើព្រះអម្ចាស់បញ្ជាឲ្យពួកអែលឌើរនៃសាសនាចក្រធ្វើអ្វីខ្លះ ? ( ទ្រង់បានបញ្ជាពួកគេឲ្យជួបជុំគ្នាដើម្បីធ្វើសេចក្តីព្រមព្រៀងគ្នា អធិស្ឋានដោយសេចក្ដីជំនឿ ទទួលក្រឹត្យវិន័យរបស់ទ្រង់ ហើយមើលថាក្រឹត្យវិន័យរបស់ទ្រង់ត្រូវបានរក្សាដោយសមាជិកនៃសាសនាចក្រ ) ។
-
យោងតាមខ ៣ តើគោលបំណងនៃក្រឹត្យវិន័យដែលពួកអែលឌើរត្រូវទទួលគឺជាអ្វី ?
-
តើការទទួលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អាចជាពរជ័យមួយចំពោះពួកបរិសុទ្ធនៅក្នុងរដ្ឋ អូហៃអូ យ៉ាងដូចម្ដេច ?
សូមចង្អុលបង្ហាញថា « ក្រឹត្យវិន័យ » ដែលព្រះអម្ចាស់សំដៅទៅលើនោះ គឺក្រិត្យវិន័យដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ ជាក្រឹត្យវិន័យ នៃព្រះអម្ចាស់ចំពោះសាសនាចក្រ ។ សូមពន្យល់ដល់សិស្សថា ពួកគេនឹងសិក្សាក្រឹត្យវិន័យនេះលម្អិតនៅក្នុងមេរៀនក្រោយ ។
ដើម្បីរៀបចំសិស្សឲ្យពិពណ៌នាអំពីសេចក្ដីពិតសំខាន់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន ៖ អ្នកជឿនិងពួកសិស្ស ។
-
តើគោលគំនិតទាំងពីរនេះដូចគ្នាតាមរបៀបណា ? តើវាអាចខុសគ្នាតាមរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ ឲ្យឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលអំពីពួកសិស្សរបស់ទ្រង់ ។
-
យោងតាមខគម្ពីរនេះ តើលក្ខណៈមួយរបស់ពួកសិស្សនៃព្រះអង្គសង្គ្រោះគឺជាអ្វី ? ( អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំពាក្យ ឬឃ្លាទាំងឡាយ ដែលបង្រៀននូវគោលការណ៍ដូចខាងក្រោម ៖ ពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទ ទទួលបានក្រឹត្យវិន័យរបស់ទ្រង់ ហើយគោរពតាម ) ។
-
ហេតុអ្វីបានជាវាសំខាន់ ដែលពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវថែរក្សាបទបញ្ញត្តិ ហើយពុំគ្រាន់តែបានដឹងពីបទបញ្ញត្តិនោះ ?
ដើម្បីជួយសិស្សអនុវត្តគោលការណ៍នេះ សូមអញ្ជើញពួកគេឲ្យរំឭកបទដ្ឋាននៅក្នុងកូនសៀវភៅដើម្បីកម្លាំងនៃយុវជនដោយខ្លួនគេផ្ទាល់ ។ សូមឲ្យពួកគេជ្រើសរើសបទដ្ឋានមួយ ហើយសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ អំពីអ្វីដែលពួកគេចង់ធ្វើដើម្បីរស់នៅតាមបទដ្ឋាននោះបានកាន់តែប្រសើរជាងមុនបន្ដិច ។ ( សូមអះអាងនឹងសិស្សថា នេះគឺជាសកម្មភាពផ្ទាល់ខ្លួនមួយ ហើយពួកគេនឹងពុំសុំឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយអ្នកដទៃទេ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៧-៨
ព្រះអម្ចាស់ ណែនាំពួកបរិសុទ្ធឲ្យស្ថាបនាគេហដ្ឋានមួយ ដែលព្យាការីអាចរស់នៅ ហើយបកប្រែ
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៧-៨ដោយការពន្យល់ថា ព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យផ្គត់ផ្គង់គេហដ្ឋានមួយ ដែលព្យាការី និងគ្រួសាររបស់លោក អាចរស់នៅ ហើយយ៉ូសែប អាចបន្ដកិច្ចការរបស់លោកក្នុងការបកប្រែព្រះគម្ពីរប៊ីប ។ ព្រះអម្ចាស់ក៏ផ្ដល់នូវការណែនាំសង្ខេបផងដែរចំពោះស៊ីឌនី រិកដុន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩-១២
ព្រះអម្ចាស់ហៅ អែតវើត ប៉ាទ្រិច ឲ្យធ្វើជាប៊ីស្សពទីមួយនៃសាសនាចក្រ
សូមអញ្ជើញសិស្សឲ្យនឹកស្រម៉ៃថា វួដរបស់ពួកគេត្រូវការប៊ីស្សពថ្មីម្នាក់ ។ សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩-១០ដោយខ្លួនគេ រកមើលអ្វីដែលជាប់ទាក់ទងនៅក្នុងការហៅបម្រើជាប៊ីស្សពម្នាក់ ។
-
យោងតាមខគម្ពីរនេះ តើមានអ្វីខ្លះ ដែលជាប់ទាក់ទងនឹងការហៅបម្រើនៃប៊ីស្សពថ្មី ? ( ប៊ីស្សព ត្រូវបានហៅដោយព្រះ បានគាំទ្រដោយសំឡេងរបស់សមាជិក ហើយបានតែងតាំងដោយសិទ្ធិអំណាចត្រឹមត្រូវ ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ប៊ីស្សពក្នុងវួដសព្វថ្ងៃនេះ ពុំត្រូវបានបញ្ជាឲ្យចំណាយពេលទាំងអស់របស់ពួកគាត់ « ធ្វើការឲ្យព្រះវិហារ » ដូចដែលព្រះអម្ចាស់បានហៅ អែតវឹត ប៉ាទ្រិចឲ្យធ្វើនោះទេ ) ។
-
តើដែលត្រូវបាន « តែងតាំងដោយសំឡេងនៃសាសនាចក្រ » មានន័យយ៉ាងណា ? ( វាមានន័យថា សមាជិកនៃសាសនាចក្រ បានផ្ដល់ការគាំទ្ររបស់ពួកគេ ឬគាំទ្រមនុស្សដែលត្រូវបានហៅដោយព្រះ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលលក្ខណៈដែលអែតវឹត ប៉ាទ្រិច មាន ដែលនឹងជួយគាត់នៅក្នុងការហៅរបស់គាត់ ។
-
តើមានលក្ខណៈអ្វីខ្លះ ដែលអែតវឹត ប៉ាទ្រិច មាន ដែលអាចជួយគាត់នៅក្នុងការហៅបម្រើរបស់គាត់ ? ( នៅពេលសិស្សឆ្លើយ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឧបាយកលគឺប្រកបដោយការបោកបញ្ឆោត ឬការលាក់ពុត ។ ហេតុដូច្នោះហើយ ការ « គ្មានឧបាយកល » មានន័យថាជាការស្មោះត្រង់ និងដោយស្មោះអស់ពីចិត្ត ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមាន ដែលព្រះអម្ចាស់បានប្រទានឲ្យនៅចុងបញ្ចប់នៃវិវរណៈនេះ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីប្រយ័ត្នក្នុងរបៀបដែលយើងកាន់ភ្ជាប់នូវព្រះបន្ទូលទាំងឡាយរបស់ព្រះអង្គសង្គ្រោះនោះ? ( អ្នកអាចនឹងចង់ពន្យល់ថា ចំពោះយ៉ូសែប ស៊្មីធ និងអ្នកដទៃ នេះគឺជាបទបញ្ញត្តិមួយដើម្បីរក្សាបទគម្ពីរ ) ។ តើការណ៍នេះទាក់ទងនឹងអ្វីដែលយើងបានរៀនអំពីពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ « រាល់ថ្ងៃយើងសម្រេចចិត្តទៅលើកម្រិតនៃភាពជាសិស្សរបស់យើង » (My Servant Joseph, »Ensignខែ ឧសភា ឆ្នាំ ១៩៩២, ទំព័រ ៣៩ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលសេចក្ដីពិតទាំងឡាយ ដែលពួកគេបានរៀននៅក្នុងមេរៀននេះ អាចជួយពួកគេក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែល្អ ។