មេរៀនទី១៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៥
បុព្វកថា
ទោះជាម៉ាទីន ហារិស បានធ្វើឲ្យបាត់ឯកសារសរសេរដោយដៃចំនួន១១៦ ទំព័រក្ដី ក៏អំឡុងពេលនៃរដូវក្ដៅ នៃឆ្នាំ១៨២៨ លោកបានបន្ដចង់ជួយនៅក្នុងការនាំចេញមកនៃព្រះគម្ពីរមរមនដែរ ។ នៅខែមិនា ឆ្នាំ១៨២៩ ម៉ាទីន បានធ្វើដំណើរពីផ្ទះរបស់លោក នៅរដ្ឋនូវយ៉ោក ដើម្បីសួរសុខទុក្ខយ៉ូសែប និងអិមម៉ា ស៊្មីធ នៅភូមិហាម៉ូនី រដ្ឋផេនសិលវេញ៉ា ។ ខណៈដែលនៅទីនោះ ម៉ាទីន បានស្នើរសុំធ្វើជាសាក្សីម្នាក់ថា យ៉ូសែប មានផ្ទាំងចំណារមាស ។ យ៉ូសែប ស៊្មីធ បានទូលសួរទៅព្រះអម្ចាស់ ហើយបានទទួលវិវរណៈ ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា គោលលទ្ធិ និង សេចក្ដីសញ្ញា ៥ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានប្រកាសថា សាក្សីបីនាក់ នឹងត្រូវបានហៅឲ្យថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមន ហើយបានប្រាប់ដល់ម៉ាទីន អំពីអ្វី ដែលគាត់ត្រូវធ្វើ ដើម្បីសមនឹងក្លាយជាសាក្សីម្នាក់នៃសាក្សីទាំងនេះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១-២២
ព្រះអម្ចាស់នឹងនាំព្រះបន្ទូលរបស់ទ្រង់ចេញមកនៅថ្ងៃចុងក្រោយ ហើយសាក្សីទាំងឡាយ នឹងថ្លែងទីបន្ទាល់
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើមានអ្វីមួយ ដែលអ្នកបានគ្រាន់តែឮអំពីវា ប៉ុន្តែចង់មើលឃើញដោយផ្ទាល់ភ្នែកឬទេ ? ហេតុអ្វីអ្នកចង់មើលឃើញផ្ទាល់ភ្នែក ?
បន្ទាប់ពីសិស្សពីរបីនាក់បានឆ្លើយរួច សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលម៉ាទីន ហារិស ចង់មើលឃើញដោយខ្លួនគាត់ ។ បន្ទាប់ពីសិស្សបានប្រាប់នូវអ្វីដែលម៉ាទីន ចង់មើលឃើញហើយ នោះអ្នកអាចនឹងសួរពួកគេ ប្រសិនបើពួកគេចង់មើលឃើញផ្ទាំងចំណារមាសឬទេ ។ សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ ពន្យល់អំពីចម្លើយរបស់ពួកគេ ។
ដើម្បីជួយសិស្សយល់ពីមូលហេតុដែល ម៉ាទីន ស្វែងរកសាក្សីបន្ថែមអំពីផ្ទាំងចំណារដែលមាននោះ សូមពន្យល់ថា នៅខែមិនា ឆ្នាំ១៨២៩ ម៉ាទីន បានរៀបចំធ្វើដំណើរពីផ្ទះរបស់គាត់នៅរដ្ឋនូវយ៉ោក ទៅសួរសុខទុក្ខយ៉ូសែប និង អិមម៉ា ស៊្មីធ នៅភូមិហាម៉ូនី រដ្ឋផេនសិលវេញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់គាត់ លូស៊ី ហារិស ពុំសប្បាយចិត្តចំពោះពេលវេលា និងប្រាក់កាសដែលប្ដីរបស់គាត់ បានផ្ដល់សម្រាប់ការបោះពុម្ពព្រះគម្ពីរមរមនទេ ។ គាត់ខឹងនឹងយ៉ូសែប ស៊្មីធ ដែលបានបដិសេធនឹងសំណើរពីខាងដើមរបស់គាត់ដើម្បីមើលផ្ទាំងចំណារមាសផងដែរ ។ គាត់បានធ្វើសំណុំឯកសារច្បាប់ប្ដឹងទាស់នឹងយ៉ូសែប ហើយបានប្រមូលមនុស្សមួយក្រុមដែលស្ម័គ្រចិត្តធ្វើទីបន្ទាល់ថា លោកកុហកអំពីរឿងផ្ទាំងចំណារ ។ បន្ថែមពីលើការគំរាមគំហែងប្ដឹងទាស់នឹងយ៉ូសែប មនុស្សទាំងនោះ បានព្រមានម៉ាទីនថា បើគាត់ពុំចូលរួមនឹងពួកគេធ្វើទីបន្ទាល់សង្ស័យអំពីការបោកបញ្ឆោត និងការក្លែងបន្លំរបស់យ៉ូសែប ស៊្មីធ ទេនោះម៉ាទីននឹងជាប់ទោសជាមួយយ៉ូសែប ហើយនឹងត្រូវជាប់គុគជាមួយយ៉ូសែបដែរ ។ ស្របនឹងពេលនោះម៉ាទីន ពុំធ្លាប់ឃើញផ្ទាំងចំណារមាសផ្ទាល់ផង ទោះជាគាត់បានធ្វើជាអ្នកសរសេរឲ្យយ៉ូសែបក្ដី ។ បន្ទាប់ពីបានធ្វើដំណើរទៅដល់ផ្ទះរបស់យ៉ូសែប ម៉ាទីន បានបង្ហាញពីបំណងរបស់គាត់ដើម្បីទទួលបានសាក្សីបន្ថែមមួយអំពីភាពពិតប្រាកដនៃផ្ទាំងចំណារមាស ។ គាត់អាចនឹងជឿថា បើគាត់អាចមើលឃើញផ្ទាំងចំណារផ្ទាល់ នោះ គាត់នឹងត្រៀមខ្លួនដើម្បីថ្លែងទីបន្ទាល់នៅក្នុងតុលាការអំពីវត្តមានរបស់ផ្ទាំងចំណារ ហើយស្រាយបំភ្លឺកេរ្ត៏ឈ្មោះរបស់គាត់ និងយ៉ូសែប ស៊្មីធ ដែលឥតជាប់ជំពាក់នឹងការបោកបញ្ឆោតអ្វីនោះទេ ។ បន្ទាប់ពីយ៉ូសែប បានស្ដាប់ចំពោះសំណើររបស់ម៉ាទីន ដើម្បីឃើញផ្ទាំងចំណារ នោះលោកបានទូលសូមព្រះអម្ចាស់ ហើយបានទទួលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២-៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលព្រះអម្ចាស់ បានប្រាប់យ៉ូសែប ស្ម៊ីធ ឲ្យតបនឹងសំណើររបស់ម៉ាទីន ហារិស ។
-
តើព្រះអម្ចាស់បានប្រាប់យ៉ូសែប ឆ្លើយតបនឹងម៉ាទីន យ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏យ៉ូសែប ស៊្មីធ ពុំអាចបង្ហាញផ្ទាំងចំណារដល់ ម៉ាទីន ហារិស ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីមូលហេតុដែលព្រះអម្ចាស់ ពុំអនុញ្ញាតឲ្យបង្ហាញផ្ទាំងចំណារមាសចំពោះពិភពលោក ។ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធានយ៉ូសែប ហ្វីលឌិង ស៊្មីធ ៖
« ជាញឹកញាប់ នៅពេល [ មនុស្ស ]… ស្ដាប់រឿងអំពីការចេញមកនៃព្រះគម្ពីរមរមន នោះពួកគេសួរបើផ្ទាំងចំណារមាននៅក្នុងសារមន្ទីរខ្លះ ដែលអាចឲ្យពួកគេអាចមើលឃើញដែរឬទេ ។ មនុស្សដែលមានការបំពាក់បំប៉នខាងវិទ្យាសាស្ត្រមួយចំនួន [ ស្មាន ] ថាបើមានអ្នកប្រាជ្ញាអាចមើលឃើញ និងពិសោធន៏ អាន ហើយរៀនពីផ្ទាំងចំណារ នោះពួកគេនឹងថ្លែងទីបន្ទាល់ពីសេចក្ដីពិត និងសច្ចៈសីលភាពរបស់យ៉ូសែប ស្ម៊ីធ ហើយពិភពលោកទាំងមូលនឹងបានផ្លាស់ប្រែចិត្តជឿ » (Church History and Modern Revelation, 2vols. [១៩៥៣ ],១:៤០ ) ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមអញ្ជើញដៃគូនីមួយៗ ផ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:៥–១០ ឲ្យឮៗ រកមើលមូលហេតុដែលព្រះអម្ចាស់បានប្រាប់យ៉ូសែប ស្ម៊ីធ កុំឲ្យបង្ហាញផ្ទាំងចំណារដល់លោកិយ៍ ។
-
តើព្រះអម្ចាស់មានហេតុផលអ្វី ដែលយ៉ូសែប ស្ម៊ីធ ពុំគួរបង្ហាញផ្ទាំងចំណារដល់លោកិយនោះ ? ( បើមនុស្សមិនជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានបើកសម្ដែងតាមរយៈយ៉ូសែប ស្ម៊ីធ នោះពួកគេនឹងមិនជឿ ទោះជាពួកគេបានឃើញផ្ទាំងចំណារក្ដី [ សូមមើល គ. និង ស. ៥:៧ ]; ព្រះអម្ចាស់ រក្សាផ្ទាំងចំណារកុំឲ្យពិភពលោកឃើញសម្រាប់គោលបំណងដ៏ឈ្លាសវៃ [ សូមមើលគ. និង ស. ៥:៩ ] ) ។
-
តើអ្នករៀនអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១០អំពីការហៅជាពិសេសរបស់យ៉ូសែប ស៊្មីធ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់សេចក្ដីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់ បានហៅយ៉ូសែប ស៊្មីធ ឲ្យនាំព្រះបន្ទូលទ្រង់ទៅកាន់ពិភពលោក ។ អ្នកអាចឲ្យយោបល់សិស្សឲ្យសរសេរសេចក្ដីពិតនេះ នៅក្នុងគម្ពីររបស់ពួកគេនៅជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១០ ) ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីមានទីបន្ទាល់អំពីសេចក្ដីពិតនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងធ្វើដើម្បីគាំទ្រដល់ទីបន្ទាល់របស់យ៉ូសែប ស៊្មីធ អំពីព្រះគម្ពីរមរមន ។ បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេបានរៀន សូមសរសេរសេចក្ដីពិតនៅលើក្ដារខៀន ៖ ទីបន្ទាល់នៃពួកសាក្សីបីនាក់ នឹងឈរជាភស្ដុតាងអំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១១–១៥ ដោយស្ងៀមស្ងាត់ រកមើលនូវអ្វីដែលពួកសាក្សីបីនាក់នឹងស្ដាប់ឮ មើលឃើញ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើវាជាប្រយោជន៍យ៉ាងដូចម្ដេច ដើម្បីដឹងថា បន្ថែមពីលើ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានហៅសាក្សីបីនាក់ ដែលបានឃើញផ្ទាំងចំណារហើយបានស្ដាប់ឮព្រះអម្ចាស់ប្រកាសពីសេចក្ដីពិតពេញលេញនោះ ?
សូមពន្យល់ថា បន្ថែមពីលើការដឹកនាំយ៉ូសែប ស៊្មីធ និងសាក្សីបីនាក់ឲ្យថ្លែងទីបន្ទាល់ នោះព្រះអម្ចាស់បានផ្ដល់មធ្យោបាយផ្សេងទៀត ដែលយើងអាចដឹងពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១៦–១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានសន្យានឹងអ្នកទាំងឡាយដែលជឿទៅលើព្រះគម្ពីរមរមន ។
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងបញ្ជូនអ្វីខ្លះ មកដល់ពួកអ្នកទាំងឡាយដែលជឿតាមព្រះបន្ទូលទ្រង់នោះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់ពីគោលការណ៍ដូចខាងក្រោម ៖ បើយើងនឹងជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងបញ្ជាក់ពីសេចក្ដីពិតតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ) ។
ដើម្បីជួយដល់សិស្សក្នុងថ្នាក់មើលឃើញពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិតដែលបានបង្ហាញនៅខាងលើ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ សូមឲ្យសិស្សស្ដាប់អ្វីដែលយើងគួរធ្វើ ពេលយើងបានទទួលទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន ។
« យើងម្នាក់ៗត្រូវការមានទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង អំពីព្រះគម្ពីរមរមន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មកទីបន្ទាល់របស់យើង ផ្គួបជាមួយនឹងព្រះគម្ពីរមរមន គួរតែចែកចាយជាមួយនឹងអ្នកដទៃដើម្បីពួកគេអាចដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរអំពីសេចក្ដីពិតពេញលេញរបស់វា » ( The Book of Mormon and the Doctrine and Covenants, » Ensign ខែ ឧសភា ឆ្នាំ១៩៨៧, ទំព័រ ៨៤ ) ។
សូមឲ្យពេលដល់សិស្សពីរបីនាទីដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរមរមន (១) ទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះគម្ពីរមរមន ឬ (២)អ្វីដែលពួកគេអាចធ្វើ ដើម្បីទទួលបាន ឬពង្រឹងភាពជាសាក្សីរបស់ពួកគេ ថាព្រះគម្ពីរមរមនពិត ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២១–២២ ឲ្យឮៗ ដោយដាក់ជំនួសឈ្មោះ « យ៉ូសែប » ជាឈ្មោះផ្ទាល់របស់ពួកគេ ។ សូមឲ្យសិស្សទន្ទេញចាំនូវអ្វីដែលព្រះអម្ចាស់កំពុងបង្រៀននៅក្នុងគម្ពីរទាំងនេះ ។
-
តើមនុស្សម្នាក់ អាចចៀសវាងពីការស្ដាប់តាម« ការបញ្ចុះបញ្ចូលរបស់មនុស្ស » ដោយរបៀបណា ?
-
តើព្រះអម្ចាស់បានសន្យាដល់យ៉ូសែប ស្ម៊ីធ ថា លោកនឹងទទួលបានអ្វីបើលោកស្មោះត្រង់-- ទោះបីជាលោក ត្រូវគេ « សម្លាប់ » ក៏ដោយនោះ ? ( ជីវិតដ៏នៅអស់កល្បជានិច្ច ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៣-៣៥
ម៉ាទីន ហារិស អាចត្រូវបានហៅជាសាក្សីម្នាក់នៃសាក្សីទាំងបីនាក់ បើគាត់ប្រែចិត្ត
បើអាចធ្វើទៅបាន សូមបង្ហាញសិស្សនូវអំពូលភ្លើងមួយ ( ឬគូររូបអំពូលភ្លើងនៅលើក្ដារខៀន ) ។ សូមសួរថាយើងត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យអំពូលភ្លើងភ្លឺ ។ បន្ទាប់មកដាក់អំពូលភ្លើងក្នុងចង្កៀងភ្លើង ។ ដោតភ្លើងរួចចុចកុងតាក់បើក ។ សូមពន្យល់ថា វាក៏ដូចជាជំហានមួយចំនួនដើម្បីបើកភ្លើងឲ្យអំពូលភ្លើងភ្លឺដែរ ម៉ាទីន ហារិស បានដឹងថា នឹងមានជំហានមួយចំនួនដើម្បីទទួលសាក្សីអំពីផ្ទាំងចំណារ ដែលលោកមានបំណងប្រាថ្នាចង់បានពីព្រះអម្ចាស់ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៣–២៤ ដោយស្ងៀមស្ងាត់ រកមើលការសន្យាបន្ថែមដែលព្រះអម្ចាស់បានប្រទានដល់ម៉ាទីន ហារិស ដោយប្រើពាក្យបើ និងពាក្យ ខណៈនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរអ្វីដែលពួកគេរកឃើញនៅលើក្តារខៀន ។ សិស្សអាចសរសេរអ្វីដូចជា « បើម៉ាទីន ហារិស នឹងអធិស្ឋានដោយរាបសារ សេចក្ដីជំនឿ និងដោយស្មោះត្រង់ ខណៈនោះ ព្រះអម្ចាស់នឹងប្រទានឲ្យគាត់មើលផ្ទាំងចំណារ ដូចដែលគាត់ប្រាថ្នាចង់មើលហើយ » ។ សូមចង្អុលបង្ហាញថា តាមរយៈការសន្យានេះ ព្រះអម្ចាស់ បានផ្ដល់ឱកាសដល់ ម៉ាទីន ហារិស ដើម្បីធ្វើជាសាក្សីម្នាក់អំពីព្រះគម្ពីរមរមន ។
-
តើអ្នកគិតថា ការអធិស្ឋានដោយរាបសារ សេចក្ដីជំនឿ និងដោយស្មោះត្រង់ មានន័យយ៉ាងណា ?
ដើម្បីជួយសិស្សស្គាល់សេចក្ដីពិតមួយ ចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៤សូមឲ្យពួកគេឡើងវិញនូវសេចក្ដីថ្លែងការ « បើ-ខណៈនោះ » នៅលើក្ដារខៀន តាមរបៀបមួយដែលអាចអនុវត្តចំពោះ យើងទាំងអស់គ្នា ។ សិស្សគួរតែបង្ហាញអ្វីមួយដែលស្រដៀងគ្នាទៅនឹងសេចក្ដីពិតដូចខាងក្រោម ៖ បើយើងអធិស្ឋានដោយស្មោះដោយរាបសារ និងសេចក្ដីជំនឿ ខណៈនោះយើងអាចទទួលបានចម្លើយស្របតាមបំណងប្រាថ្នាសុចរិតរបស់យើង ។
-
តើអ្នកគិតថា ការអធិស្ឋានដោយរាបសារ សេចក្ដីជំនឿ និងដោយស្មោះត្រង់ អាចរៀបចំយើងទទួលចម្លើយមកពីព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកស្ដាប់ ឬផ្ដល់ការអធិស្ឋានមួយ ដែលអ្នកមានអារម្មណ៍ថា ត្រូវបានផ្ដល់ឲ្យដោយភាពរាបសារ សេចក្ដីជំនឿ និងដោយស្មោះត្រង់នោះ ? តើអ្វីដែលធ្វើឲ្យការអធិស្ឋាននេះ ខុសពីការអធិស្ឋានផ្សេងទៀត ដែលអ្នកបានស្ដាប់ឮ ឬផ្ដល់ការអធិស្ឋាននោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៥-២៦ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលនូវអ្វីដែលព្រះអម្ចាស់ បានរំពឹងឲ្យម៉ាទីន ហារិស ធ្វើបន្ទាប់ពីការក្លាយជាសាក្សីម្នាក់ចំពោះព្រះគម្ពីរមរមន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៧-២៨, ៣២ ដោយស្ងៀមស្ងាត់ រកមើលការប្រឹក្សានិងការព្រមានបន្ថែមដែលព្រះអម្ចាស់បានប្រទានដល់ម៉ាទីន ហារិស ។
-
តើព្រះអម្ចាស់ប្រឹក្សា និងព្រមានអ្វីខ្លះ ដល់ម៉ាទីន ហារិសឲ្យធ្វើ ?
-
តើព្រះអម្ចាស់ មានបន្ទូលថាអ្វីខ្លះ នឹងកើតឡើងចំពោះ ម៉ាទីន ហារិស បើគាត់ពុំបន្ទាបខ្លួន និង « ទទួលសាក្សីមួយ » ( គ. និង ស. ៥:៣២) មកពីព្រះអម្ចាស់ទេនោះ ?
-
តើយើងអាចប្រៀបធៀបការប្រឹក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:៣២ទៅនឹងខ្លួនយើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរនូវរាល់អារម្មណ៍ដែលកើតមានដល់ពួកគេ អំឡុងមេរៀននាថ្ងៃនេះ ។ អ្នកអាចនឹងលើកទឹកចិត្តពួកគេឲ្យផ្ដោតទៅលើការផ្លាស់ប្ដូរជាក់លាក់ ដែលពួកគេទទួលអារម្មណ៍ថា ពួកគេចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរ ដើម្បីអធិស្ឋានឲ្យកាន់តែរាបសារ ដោយសេចក្ដីជំនឿ និងកាន់តែស្មោះ ដើម្បីពួកគេអាចទទួលបានចម្លើយមកពីព្រះអម្ចាស់កាន់តែល្អប្រសើរ ។