មេរៀនទី ១១៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧
បុព្វកថា
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បានជួបជាមួយទីប្រឹក្សានៃគណៈប្រធានទីមួយរបស់លោក គណៈប៊ីស្សពមកពីទីក្រុង ខឺតឡង់ រដ្ឋ មិសសួរី ឪពុករបស់លោក និងស្មៀនរបស់លោក នៅបន្ទប់ជាន់ខាងលើនៃព្រះវិហារបរិសុទ្ធខឺតឡង់ដែលជិតនឹងសាងសង់រួច ។ បុរសទាំងប៉ុន្មាននាក់នេះ បានជួបជុំគ្នាសម្រាប់ការគ្រប់គ្រងនៃពិធីបរិសុទ្ធក្នុងការរៀបចំខ្លួនសម្រាប់ការឧទ្ទិសព្រះវិហារបរិសុទ្ធ ។ ក្នុងពេលនោះ ព្យាការីបានឃើញការនិមិត្តមួយពីនគរសេឡេស្ទាល ហើយបានឮព្រះអម្ចាស់ប្រកាសពីរបៀបដែលទ្រង់នឹងកាត់សេចក្ដីអ្នកដែលបានស្លាប់ ដោយគ្មានចំណេះដឹងនៃដំណឹងល្អ ។ វ៉ារិន ផារីស ដែលជាស្មៀនរបស់ យ៉ូសែប ស៊្មីធ នៅពេលនោះបានកត់ត្រាការនិមិត្តនៅក្នុងសៀវភៅកំណត់ហេតុរបស់ព្យាការី ។ ផ្នែកមួយនៃកំណត់ត្រាក្នុងការនិមិត្តនោះ ក្រោយមកត្រូវបានបញ្ចូលនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ ១៣៧ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១-៦
យ៉ូសែប ស៊្មីធ បានឃើញការនិមិត្តនៃនគរសេឡេស្ទាល
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ។ ( អ្នកអាចអញ្ជើញពួកគេឲ្យសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ) ។
-
តើនរណាគេខ្លះដែលជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ? តើហេតុអ្វីបានជាពួកគេសំខាន់ចំពោះអ្នក ?
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីគិតហើយ អញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
តើហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នកក្នុងការដឹងថា មនុស្សដែលអ្នកស្រឡាញ់ នឹងមានឱកាសដើម្បីរស់នៅក្នុងនគរសេឡេស្ទាលនោះ ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ មាននូវការពិពណ៌នាពីការនិមិត្តរបស់ យ៉ូសែប ស៊្មីធ ថាលោកបានឃើញនគរសេឡេស្ទាល ។ នៅក្នុងការពិពណ៌នានេះ លោកបានប្រាប់ឈ្មោះបុគ្គលមួយចំនួនដែលលោកបានឃើញនៅទីនោះ ។ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីណែនាំកណ្ឌក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧ ដើម្បីរៀនពីប្រវត្តិនៃវិវរណៈនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលពាក្យ និងឃ្លាដែលពិពណ៌នាពីនគរសេឡេស្ទាល ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៥-៦ ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់មនុស្សដែល យ៉ូសែប ស៊្មីធ បានឃើញនៅក្នុងនគរសេឡេស្ទាល ។
-
តើ យ៉ូសែប ស៊្មីធ បានឃើញនរណានៅក្នុងនគរសេឡេស្ទាល ? ( ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ អ័ដាម អ័ប្រាហាំ ម្ដាយ និងឪពុករបស់យ៉ូសែប និង អាលវិន ជាបងប្រុសរបស់ យ៉ូសែប ។ វាអាចមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ឪពុក និងម្ដាយរបស់ យ៉ូសែប នៅរស់នៅឡើយទេក្នុងពេលនោះ តាមពិតទៅឪពុករបស់លោកកំពុងនៅក្នុបន្ទប់នោះជាមួយលោក កាលលោកបានឃើញការនិមិត្តនោះ ។ វាមានន័យថា ការនិមិត្តនោះ លោកមិនបានឃើញអ្នកដែលនៅនគរសេឡេស្ទាលរួចហើយនោះទេ ប៉ុន្តែជាការនិមិត្តពីអ្នកដែលនឹងទៅទីនោះ )។
-
ស្របតាម ខ ៦តើហេតុអ្វីបានជា យ៉ូសែប មានការញាប់ញ័រពេលលោកបានឃើញថា អាលវិនជាបងប្រុសរបស់លោកនឹងនៅក្នុងនគរសេឡេស្ទាលនោះ ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតពីមូលហេតុ ដែលបទពិសោធន៍នេះមានអត្ថន័យជាពិសេសសម្រាប់ យ៉ូសែប ស៊្មីធ សូមអញ្ជើញសិស្សឲ្យអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖
យ៉ូសែប ស៊្មីធ ស្រឡាញ់ និងកោតសរសើរ អាលវិន ជាបងប្រុសរបស់លោកខ្លាំងណាស់ ។ អាលវិន ក៏ស្រឡាញ់ យ៉ូសែប ដែរ ហើយគាត់បានគាំទ្រ យ៉ូសែប ក្នុងការរៀបចំខ្លួនដើម្បីទទួលផ្ទាំងចំណារមាសពីទេវតា មរ៉ូណៃ ។ នៅខែ វិច្ឆិកា ឆ្នាំ ១៨២៣ កាល អាលវិន អាយុ ២៥ ឆ្នាំ ហើយយ៉ូសែបអាយុ ១៧ ឆ្នាំ អាលវិនស្រាប់ធ្លាក់ខ្លួនឈឺជាទម្ងន់ ។ នៅពេលស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ហើយវាបង្ហាញថាគាត់នឹងស្លាប់ឆាប់ៗ នោះលោកបានទូន្មានយ៉ូសែបថា ៖ « បងចង់ឲ្យប្អូនក្លាយជាក្មេងល្អ ហើយធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់ប្អូនដើម្បីទទួលកំណត់ត្រា ។ សូមមានសេចក្តីស្មោះត្រង់ក្នុងការទទួលការណែនាំ ហើយរក្សាគ្រប់បទបញ្ញត្តិដែលបានប្រទានមកដល់ប្អូន » ( ដកស្រង់ចេញពី Teachings of Presidents of the Church: Joseph Smith [ឆ្នាំ ២០០៧] ទំព័រ ៤០១ សូមមើលផងដែរ Church History in the Fulness of Times Student Manual បោះពុម្ពលើកទី ២ [Church Educational System manual ឆ្នាំ ២០០៣]ទំព័រ ៤១–៤២ ) ។
ការស្លាប់របស់ អាលវិន បាននាំមកនូវការសោកសៅយ៉ាងខ្លាំងដល់គ្រួសារ ស្ម៊ីធ ។ អាចារ្យក្នុង ភូមិ ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក បានចាត់ចែងពិធីបុណ្យសពរបស់ អាលវិន ។ « ដោយសារ អាលវិន មិនធ្លាប់ជាសមាជិកនៅក្នុងក្រុមជំនុំរបស់លោកអាចារ្យនោះ គាត់បានឆ្លៀតបង្រៀនថា អាលវិន និងមិនត្រូវបានសង្គ្រោះឡើយ ។ វិល្លាម ស្ម៊ីធ ដែលជាប្អូនប្រុសរបស់ យ៉ូសែប បានរំឭកឡើងថា ៖ ‹ [អាចារ្យ] … បានប្រកាសយ៉ាងច្បាស់ថា [អាលវិន] បានចុះឋាននរក ដោយសារអាលវិនមិនមែនជាសមាជិកព្រះវិហារ ប៉ុន្តែគាត់ជាក្មេងល្អ ហើយឳពុកខ្ញុំមិនពេញចិត្តចំពោះរឿងនេះទេ›» ( ដកស្រង់ចេញពី ទំព័រ ៤០១, ៤០៣ ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីអារម្មណ៍របស់ យ៉ូសែប ស្ម៊ីធ កាលលោកឃើញ អាលវិន នៅក្នុងនគរសេឡេស្ទាល ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧: ៧-១០
ព្រះអម្ចាស់បើកសម្ដែងពីរបៀបដែលទ្រង់នឹងកាត់សេចក្ដីមនុស្សដែលស្លាប់ ដោយគ្មានចំណេះដឹងនៃដំណឹងល្អ
សូមសរសរសំណួរដូចខាងក្រោម នៅលើក្ដារខៀន ៖ តើហេតុអ្វីបានជា អាលវិន អាចចូលក្នុងនគរសេឡេស្ទាលបាន ទោះបីជាលោកមិនបានទទួលបុណ្យជ្រមុជទឹក ពេលដែលលោកនៅរស់ក៏ដោយ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧: ៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលសេចក្ដីពិតដែលជួយឆ្លើយនឹងសំណួរនៅលើក្ដារខៀន ។
-
តើសេចក្ដីពិតអ្វី ដែលព្រះអម្ចាស់បើកសម្ដែងដល់ យ៉ូសែប ស៊្មីធ ដែលអាចឆ្លើយនឹងសំណួរនៅលើក្ដារខៀន ? ( សិស្សគួរប្រាប់នូវសេចក្ដីពិតដូចខាងក្រោម ៖ មនុស្សទាំងអស់ដែលស្លាប់ដោយគ្មានចំណេះដឹងនៃដំណឹងល្អ អ្នកដែលនឹងទទួលយកដំណឹងល្អ នឹងស្នងនគរសេឡេស្ទាលទុកជាមរតក ។)
-
តើសេចក្ដីពិតនេះអាចលួងលោកដល់អ្នក ដែលមានមនុស្សជាទីស្រឡាញ់បានស្លាប់ដោយគ្មានចំណេះដឹងនៃដំណឹងល្អ យ៉ាងដូចម្ដេច ?
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧-៨ មុនទ្រង់បានបើកសម្ដែងគោលការណ៍នៃការធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណៈជន ។ សិស្សនឹងសិក្សាវិវរណៈនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណៈជន នៅក្នុងមេរៀនបន្ទាប់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀន អំពីវិធីដែលទ្រង់នឹងកាត់សេចក្ដីមនុស្សទាំងអស់ ។
-
ស្របតាម ខ ៩តើព្រះអម្ចាស់នឹងកាត់សេចក្ដីយើងដោយរបៀបណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងកាត់សេចក្ដីយើង តាមកិច្ចការរបស់យើង និងបំណងនៃដួងចិត្តរបស់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា បំណងប្រាថ្នារបស់យើង និងកិច្ចការរបស់យើងមានសារៈសំខាន់ទាំងពីរ ?
សូមអានឧទាហរណ៍និមួយៗ ដូចខាងក្រោមឲ្យឮៗ ។ បន្ទាប់ពីឧទាហរណ៍និមួយៗ សូមឲ្យសិស្សឆ្លើយតបទៅនឹងសំណួរនេះ ៖
-
តើឧទាហរណ៍នេះ បង្ហាញពីសារៈសំខាន់នៃបំណងប្រាថ្នារបស់យើង ក៏ដូចជាកិច្ចការរបស់យើងយ៉ាងដូចម្ដេច ?
-
សមាជិកនៃសាសនាចក្រម្នាក់ មានបំណងប្រាថ្នាសុចរិត ដើម្បីរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីការបម្រើយ៉ាងស្មោះត្រង់នៅក្នុងសាសនាចក្រពេញមួយជីវិត សមាជិកម្នាក់នេះស្លាប់ដោយគ្មានឱកាស ដើម្បីផ្សារភ្ជាប់ជាស្វាមីភរិយានៅក្នុងព្រះវិហារបរិសុទ្ធទេ ។
-
យុវជនម្នាក់រក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់គាត់យ៉ាងខ្ជាប់ខ្ជួន ហើយបំពេញតួនាទីបព្វជិតភាពអើរ៉ុនរបស់ខ្លួន ។ គាត់មានបំណងប្រាថ្នាដ៏មុតមាំ ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ប៉ុន្តែមិនអាចធ្វើដូច្នោះបាន ដោយសារតែពិការភាព ។
-
យុវនារីម្នាក់ មានការគុំគួននឹងយុវនារីម្នាក់ទៀត ។ នាងធ្វើពុតជារាក់ទាក់ ប៉ុន្តែចង់ឲ្យមានរឿងអាក្រក់កើតឡើងចំពោះយុវនារីម្នាក់ទៀតនោះ ។
-
យុវជនម្នាក់ មានគំនិតលោភលន់ ហើយគេមិនបានស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីផ្លាស់ប្ដូរគំនិត និងអារម្មណ៍ដែលមិនត្រឹមត្រូវរបស់ខ្លួនឡើយ ។
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តើអ្នកប្រាកដដែរឬទេ ថានឹងពុំមានទោសនៅក្រោមក្រឹត្យវិន័យនៃព្រះ បើយើងគ្រាន់តែចៀសវាងចេញពីអំពើអាក្រក់នោះ ? ចុះបើសិនជាអ្នករីករាយនឹងគំនិត និង បំណងប្រាថ្នាដែលអាក្រក់ទៅវិញនោះ ?
« តើអារម្មណ៍សម្អប់ នឹងមិនត្រូវបានលើកឡើងនៅថ្ងៃនៃការជំនុំជម្រះទេឬអី ? ចុះការច្រណែនវិញ ? ចុះការលោភចង់បាននោះ ?…
« ចម្លើយរបស់យើងទៅនឹងសំណួរបែបនោះ បង្ហាញពីអ្វីដែលយើងអាចហៅថា ដំណឹងអាក្រក់ ថាយើងអាចមានអំពើបាប ទោះបីមិនបានប្រព្រឹត្តក្តី ដោយគ្រាន់តែគិតតាមអារម្មណ៍ និងបំណងនៃដួងចិត្តរបស់យើងប៉ុណ្ណោះ ។
« វាក៏មានដំណឹងល្អផងដែរ ។ ក្រោមក្រឹត្យវិន័យរបស់ព្រះ យើងអាចត្រូវបានផ្ដល់រង្វាន់ឲ្យសម្រាប់សេចក្ដីសុចរិត ទោះជាយើងមិនបានធ្វើអ្វីដែលទាក់ទងនឹងពរជ័យទាំងនោះក៏ដោយ ។
« ពេលនរណាម្នាក់ចង់ធ្វើអ្វីមួយសម្រាប់ឪពុកក្មេករបស់ខ្ញុំ ប៉ុន្តែត្រូវបានបង្អាក់ដោយសារស្ថានភាពណាមួយ គាត់និងនិយាយថា ‹ អរគុណ ។ សម្រាប់បំណងល្អរបស់អ្នក › ។ ស្រដៀងគ្នានោះដែរ ខ្ញុំជឿថា ព្រះវរបិតាសួគ៌របស់យើងនឹងទទួលយកបំណងប្រាថ្នាពិត ចេញពីបេះដូងរបស់យើង ជំនួសឲ្យសកម្មភាពដែលពុំអាចធ្វើទៅបានដោយពិតនោះទេ » (The Desires of Our Hearts,”Ensign, ខែ មិថុនា ឆ្នាំ ១៩៨៦,ទំព័រ ៦៦ ) ។
-
តើវាមានឥទ្ធិពលដល់អ្នកយ៉ាងណាដែរ ដោយដឹងថាអ្នកនឹងត្រូវបានកាត់សេចក្ដីស្របតាមកិច្ចការ និងបំណងប្រាថ្នានៃដួងចិត្តរបស់អ្នក ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១០ ឲ្យឮៗ ហើយឲ្យសិស្សក្នុងថ្នាក់ រកមើលសេចក្ដីពិតមួយទៀតដែលព្រះអម្ចាស់បានបង្រៀនអំពីអ្នកដែលនឹងស្នងនគរសេឡេស្ទាលទុកជាមរតក ។
-
ស្របតាម ខ ១០តើនរណានឹងត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ? ( សិស្សគួរបង្ហាញគោលលទ្ធិដូចខាងក្រោម ៖ ក្មេងៗទាំងអស់ដែលស្លាប់មុនអាយុទទួលខុសត្រូវ នឹងត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ) ។
សូមប្រាប់សិស្សថា ពេល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ លោក និង អិមម៉ាបានរងទុក្ខ ពីការស្លាប់នៃកូនទាំងបួនរបស់ពួកលោករួមទាំងកូនចិញ្ចឹមម្នាក់ផង ។ ក្រោយមក កូនពីរនាក់ទៀតរបស់ពួកលោក ក៏បានស្លាប់កាលនៅជាទារកដែរ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលសេចក្ដីពិតបានបើកសម្ដែងនៅក្នុង ខ ១០ អាចនាំមកនូវការលួងលោមចិត្តដល់ក្រុមគ្រួសារ ដែលកើតទុក្ខដោយសាការស្លាប់របស់កូន។ សូមផ្ដល់ពេលឲ្យពួកគេគិតពីបទពិសោធន៍ ដែលពួកគេមាន ឬដែលសមាជិកគ្រួសារមាន ពេលដែលសេចក្ដីពិតនេះបាននាំមកនូវការលួងលោមចិត្ត ។
-
តើយើងបានរៀនអ្វីខ្លះចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ អំពីកិច្ចខិតខំរបស់ព្រះអម្ចាស់ ដើម្បីប្រទានដល់មនុស្សទាំងអស់នូវឱកាសដើម្បីរស់នៅក្នុងនគរសេឡេស្ទាល ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ អ្នកអាចផ្ដល់ឱកាសឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេដែរ ។