ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៤៣-៩៣


មេរៀន​ទី ៤៩

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៩៣

បុព្វកថា

ផ្នែក​ខាង​ក្រោយ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ គឺ​ជា​ការ​បន្ដ​នូវ​អ្វី​ដែលត្រូវ​បាន​ស្គាល់​ថា​ជា ក្រឹត្យវិន័យ​នៃ​សាសនាចក្រ ។ វា​រួមមាន​ទាំង​ការ​បង្រៀន​របស់ព្រះអម្ចាស់​ទាក់ទង​នឹង​សេចក្ដី​ស្លាប់ និង​ការ​ព្យាបាល ។ វា​ក៏​មាន​នូវ​ការទូន្មាន​របស់ព្រះអម្ចាស់​ដល់ពួកបរិសុទ្ធ ទាក់ទង​នឹង​របៀប​ត្រូវ​ដោះស្រាយ​ជាមួយនឹង​អំពើបាបដ៏​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម និង​របៀប​គ្រប់គ្រង​ស្ថានភាព​ដោយត្រឹមត្រូវ ដែល​យើង​ត្រូវ​បាន​អាក់អន់ចិត្ត ឬ​បានធ្វើ​ឲ្យគេអាក់អន់ចិត្ត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៥៥

ព្រះអម្ចាស់​ប្រទាន​ការ​ទូន្មាន​ទាក់ទង​នឹង​សេចក្ដីស្លាប់ និង​ការ​ព្យាបាល

សូម​យក​ដៃ​ម្ខាង​លើក​ដប​ប្រេង​អូលីវ​តូច​មួយ សម្រាប់​ធ្វើការ​ប្រសិទ្ធិពរដល់អ្នកឈឺ ហើយ​យក​ដៃ​ម្ខាង​ទៀត​កាន់ដប​ថ្នាំ ។

  • តើ​វត្ថុ​ទាំងពីរ​នេះ​ប្រើ​សម្រាប់​ធ្វើ​អ្វី ? តើ​វត្ថុ​មួយណា​ដែល​យើង​គួរ​តែ​ពឹង​ផ្អែកនៅ​លើ​ពេល​មានជម្ងឺ ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ដោយ​សង្ខេបនូវ​គំនិត​របស់ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៤៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការណែនាំ​របស់ព្រះអម្ចាស់ ទាក់ទង​នឹង​អ្វី​ដែល​យើង​គួរ​តែ​ពឹង​ផ្អែកលើ​វា​ពេល​មានជំងឺ ។ ដើម្បីជួយសិស្ស​យល់​នូវ​ខគម្ពីរ​ទាំងនេះ វា​អាច​ជា​ប្រយោជន៍​ដើម្បី​ពន្យល់​ថា រុក្ខជាតិ និង​អាហារ​ស្រាលៗ ដែលបាន​ប្រាប់​នៅក្នុង ខ ៤៣ នេះ​សំដៅ​ទៅលើ​ការ​ព្យាបាល​ខាងវេជ្ជសាស្ត្រ ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ អំឡុង​ពេល​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​អំពី​របៀប​ដែល​ការ​ព្យាបាល​អាច​កើត​មាន​មក​តាមរយៈ ទាំង​សេចក្ដីជំនឿផង និង ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រផង ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ទៅលើ​ការ​អនុវត្តចំណេះ​ដឹង និង​បច្ចេក​វិទ្យា​ខាង​វិទ្យាសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មាន ។ យើង​ប្រើ​អាហាររូបត្ថម្ភ លំហាត់ប្រាណ និង​ការ​អនុវត្ត​ដទៃទៀត ដើម្បី​ថែទាំ​សុខភាព ហើយ​យើង​ចូលរួម​បម្រើ​ ក្នុង​ការ​ព្យាបាលរបស់គ្រូពេទ្យជំនាញ ដូចជា​វេជ្ជបណ្ឌិត និង គ្រូពេទ្យវះកាត់ ដើម្បី​ទទួល​បាន​សុខភាពល្អ​ឡើងវិញផងដែរ ។

« ការ​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ គឺ​ពុំ​មែនជាការជំទាស់​នឹង​ការ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​របស់យើង និង​ការ​ពឹងផ្អែក​របស់​យើង​ទៅ​លើ​ការ​ប្រសិទ្ធពរ​នៃ​បព្វជិតភាព​នោះ​ទេ ។…

« ប្រាកដ​ណាស់​ថា យើង​ពុំ​រង់ចាំ​រហូត​ដល់​វិធីសាស្ត្រ​ដទៃទៀត​ទាំងអស់​ប្រើការ​លែង​បាន ទើប​យើង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ ឬ​ផ្ដល់​ការ​ប្រសិទ្ធពរ​បព្វជិតភាព​សម្រាប់ការ​ជាសះស្បើយ​នោះទេ ។ ក្នុង​ពេលអាសន្ន ការ​អធិស្ឋាន និង​ការ​ប្រសិទ្ធពរ​ត្រូវ​ធ្វើ​ឡើង​ដំបូង​គេបង្អស់ ។ ជាញឹកញាប់​ណាស់ ដែល​យើងខិតខំ​ធ្វើអ្វីៗគ្រប់យ៉ាង​ក្នុង​ពេល​ដំណាល​គ្នា » (​Healing the Sick » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៤៧ ) ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​ប្រើ​ការ​អធិស្ឋាន និង​ពរជ័យ​នៃ​បព្វជិតភាព ក៏​ដូចជា​ការព្យាបាល​ខាងវេជ្ជសាស្ត្រ​សម្រាប់​ធ្វើការ​ព្យាបាល​ក្នុង​ពេល​មាន​ជំងឺយ៉ាង​ដូច្នេះ ?

  • ស្របតាម ខ ៤៤ តើ​មនុស្សមានជម្ងឺ​គ្រប់គ្នា ដែល​បានទទួល​ពរជ័យ​បព្វជិតភាព នឹង​ត្រូវ​បាន​ព្យាបាល​ជាឬ ?

សូម​ប្រាប់សិស្ស​ថា ព្រះអម្ចាស់ បានពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​មួយចំនួន ដែលបាន​ទទួល​ពរជ័យបព្វជិតភាព អាច​នឹង​ពុំ​បានជាសះស្បើយ​ផងដែរ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​គោលការណ៍​ទាំងឡាយ​ដែល​គ្រប់គ្រង ថា​តើ​នរណា​នឹង​ត្រូវ​បានជាសះស្បើយ ឬ​អត់​ដោយសារ​ការប្រសិទ្ធពរ​ពីបព្វជិតភាព ។

  • យោង​តាម​ខ ៤៨ តើ​កត្ដា​ចម្បង​ដែល​កំណត់​ពីលទ្ធផល​នៃ​ការប្រសិទ្ធពរ​ពីបព្វជិតភាព​គឺជា​អ្វី ? ( នៅពេល​សិស្ស​ឆ្លើយ​តប អ្នកអាច​ពន្យល់​ថា « ដែល​ពុំ​បានកំណត់​ឲ្យ​ស្លាប់ » សំដៅទៅ​លើ​កត្ដា​ដែល​សេចក្ដីស្លាប់ ឬ​ការ​ព្យាបាល នឹង​ត្រូវ​ធ្វើ​ឡើង ស្របតាម​ពេលវេលា ប្រាជ្ញា និង​ព្រះទ័យ​របស់ព្រះ​អម្ចាស់ ) ។

  • ហេតុអ្វី​ក៏​មនុស្ស​គ្រប់គ្នា​ដែល​មានសេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នឹងពុំបានជាសះស្បើយ​ដូច្នេះ ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះឆន្ទៈរបស់ព្រះ និង​ពេលវេលាសម្រាប់​យើង​ម្នាក់ៗ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់គោលការណ៍​មួយ​ដែល​យើងអាច​រៀន​ចេញ​មក​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៨ អំពី​ការ​ព្យាបាល​ពី​អស់ទាំងរោគា​របស់​យើង ។ ចម្លើយ​របស់សិស្ស​អាច​នឹង​ឆ្លុះបញ្ចាំងអំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​មាន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងអាច​ត្រូវ​បាន​ព្យាបាលតាមព្រះឆន្ទៈ​របស់ទ្រង់ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​សិស្ស​គូស​ចំណាំពាក្យ ឬ​ឃ្លា​នៅក្នុង​ខទី ៤៨ ដែល​បង្រៀន​ពី​គោលការណ៍​នេះ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា សេចក្ដីជំនឿ​របស់យើង ត្រូវ​តែ​ផ្ដោត​ទៅ​លើព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ផ្ដោត​ទៅលើ​លទ្ធផល​ជាក់លាក់​នានា ដែ​ល​យើង​ប្រាថ្នា​ចង់​បាន សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មូលហេតុមួយ​ថា ហេតុអ្វី​ក៏​វា​សំខាន់ដើម្បី​ផ្ដោត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះ​ដឹង​ដ៏​គ្មាន​កម្រិត​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់សុខុមាលភាព​ដ៏​អស់កល្ប​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹងពី​ទំនុកចិត្ត​នោះ នៅក្នុង​ការ​និយាយ​ដែល​បងប្អូនជីដូនមួយ​របស់ខ្ញុំ​បាន​ផ្ដល់​នៅ​ពិធីបុណ្យសព​របស់​ក្មេង​ស្រីជំទង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ធ្ងន់ ។ គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ដែល​ដំបូង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​បន្ទាប់មក​វា​បាន​ធ្វើ​ខ្ញុំ​បាន​ស្កប់​ចិត្ត ៖ ‹ ខ្ញុំ​ដឹង​ថា វា​គឺជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​ថា​នាង​ត្រូវ​ស្លាប់ ។ នាង​បាន​ទទួល​នូវ​ការយក​ចិត្ត​ទុក​ដាក់​ពី​វេជ្ជសាស្ដ្រ​ដ៏​ល្អ ។ នាង​បាន​ទទួល​ការ​ប្រសិទ្ធពរ​បព្វជិតភាព ។ ឈ្មោះ​នាង​ត្រូវ​បាន​ដាក់នៅក្នុង​បញ្ជី​អធិស្ឋាន​ក្នុងព្រះវិហារបរិសុទ្ធ ។ នាង​គឺជា​ប្រធានបទ​នៃ​ការអធិស្ឋាន​របស់​មនុស្ស​រាប់រយ​នាក់ ដែល​សុំ​ឲ្យ​នាង​មានសុខភាព​ល្អ​ប្រសើរ​វិញ ។ ហើយ​ខ្ញុំ​ដឹង​ថា គ្រួសារ​នេះ​មាន​ជំនឿ​ល្មម​គ្រប់គ្រាន់​ដើម្បី​ឲ្យ​នាង​នឹង​បាន​ជាសះស្បើយ តែ​វា​គឺ​ជា​ព្រះទ័យ​របស់ព្រះអម្ចាស់ ដើម្បី​នាំ​នាង​ត្រឡប់ទៅ​ផ្ទះ​វិញ​នា​ពេល​នេះ › ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ទំនុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ពាក្យ​របស់​ឪពុក​របស់​ក្មេងស្រី​ជម្រើស​ម្នាក់​ទៀត ដែល​បាន​ស្លាប់​ដោយសារ​មហារីក ក្នុង​វ័យ​ជំទង់​របស់​នាង ។ គាត់​បាន​ប្រកាស​ថា ‹ សេចក្ដី​ជំនឿ​របស់​គ្រួសារ​យើង គឺ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​មិន​ពឹងផ្អែក​ទៅលើ​លទ្ធផល​ណា​មួយ​នោះទេ › ។ ការបង្រៀន​ទាំងនោះ​ស្ដាប់ទៅ​ពិត​ណាស់ចំពោះ​ខ្ញុំ ។ យើងធ្វើនូវអ្វីៗ​ទាំង​អស់ដែល​យើងអាច​ធ្វើ ដើម្បី​ព្យាបាល​ដល់មនុស្ស​ជា​ទីស្រឡាញ់របស់​យើង រួច​ហើយ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​នោះ » (« Healing the Sick » ទំព័រ ៥០ ) ។

  • តើ​បុគ្គល​ម្នាក់ៗ​ដែល​អែលឌើរ អូក មានប្រសាសន៍បានអនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មានសេចក្ដីជំនឿកាន់តែ​ខ្លាំង ដើម្បី​មើល​ឃើញ​មនុស្ស​ជាទីស្រឡាញ់​ត្រូវស្លាប់ ឬ​រងទុក្ខ​នឹង​ជំងឺ​ដ៏​រាំរ៉ៃ ជាជាង​មើល​ឃើញ​ពួកគេ​រស់នៅ ឬ​ត្រូវ​បាន​ជាសះស្បើយ ។ ហេតុអ្វីអ្នក​គិតថា​ការណ៍​នេះ​អាចប្រែក្លាយ​ជាដូច្នេះ ?

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះ​ជា​យើង​ពុំ​ទទួល​បានលទ្ធផល​ដែល​យើង​ចង់​បានក្តី ?

សូម​សួរ​សិស្ស​ប្រសិនបើ​ជា​ពួកគេ​ស្គាល់​នរណា​ដែល​បាន​ទទួល​មរណភាព ទោះជា​គាត់​បានធ្វើតាម​ដំបូន្មាន​ខាង​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ហើយ​ស្វែងរក​ការ​ព្យាបាល​តាមរយៈ​ការ​អធិស្ឋាន និង​ការ​ប្រសិទ្ធពរ​ពីបព្វជិតភាពក៏ដោយ ។ ( សូម​ប្រយ័ត្ន​ជា​ពិសេស​ចំពោះ​អារម្មណ៍​របស់អ្នកដែល​អាច​នឹង​ជួប​ស្ថានភាពដូច​នេះ ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៥-៤៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាចនាំ​មកនូវការ​លួងលោមចិត្ត​ដល់​នរណា​ម្នាក់​ដែល​ធ្លាប់មានមនុស្ស​ជាទីស្រឡាញ់របស់ខ្លួន​ទទួលរមណភាព ។

  • ខ ៤៥ ប្រាប់​យើង​ថា យើង​នឹង​យំ​សោក​ទៅតាម​ធម្មជាតិ ចំពោះការ​បាត់​បង់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ តើ​គោលការណ៍​អ្វី​ខ្លះ បាន​បង្រៀន​នៅក្នុងខ ៤៦ ដែល​អាច​នាំ​មកនូវការ​លួងលោមចិត្ត​ដល់​អ្នកទាំងឡាយ​ដែល​យំសោក​ចំពោះការ​បាត់បង់​មនុស្ស​ជាទីស្រឡាញ់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ សេចក្ដីស្លាប់ គឺ​ផ្អែម​ល្ហែម​ចំពោះ​អ្នកទាំងឡាយ​ដែល​ស្លាប់​នៅក្នុង​ព្រះអម្ចាស់ ) ។

  • តើ​អ្នក​គិត​ថាសេចក្ដីស្លាប់​នៅក្នុង​ព្រះអម្ចាស់ វា​មាន​ន័យ​យ៉ាង​ណា ?

  • តើ​អ្នក​គិត​ថា​វាមានន័យ​យ៉ាង​ណា ដែលថា​សេចក្ដីស្លាប់​នឹង « ផ្អែម​ល្ហែម » ចំពោះ​អ្នកទាំងឡាយ​ដែល​ស្លាប់​នៅក្នុង​ព្រះអម្ចាស់​នោះ ? ( អ្នកចាំបាច់​ត្រូវ​ពន្យល់​ថា សូម្បីតែ​មនុស្ស​ស្មោះត្រង់ម្នាក់​ដែល​ស្លាប់ ក៏​អាច​នឹង​រងនូវ​ការ​ឈឺចាប់​ខាង​រូបកាយដែរ ការ​សន្យា​នេះ​សំដៅ​ទៅលើ​ភាព​សុខសាន្ដ និង​ការ​ឈប់សម្រាក ដែល​បុគ្គល​នោះ នឹង​ទទួល​នៅក្នុងពិភពវិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ថា​តើ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ជីវិត​តាមរបៀប​ដែល​នឹង​ធ្វើ​ឲ្យ​សេចក្ដីស្លាប់ « ផ្អែម​ល្ហែម » ចំពោះ​ពួកគេ ប្រសិនបើ​វា​នឹង​កើត​ឡើង​នៅក្នុង​ថ្ងៃ​នេះ​ឬ​ទេ ។ ( អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​សរសេរគំនិត​របស់ពួកគេ​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៥៦-៧៣

ព្រះអម្ចាស់​សន្យា​ថា​បើកសម្ដែង​បទគម្ពីរ និង វិវរណៈ​បន្ថែមទៅ​កាន់​អ្នកទាំងឡាយ​ណា​ដែល​សុំ

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៥៦-៥៨ដោយ​ការ​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ យោង​ទៅលើ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​យ៉ូសែប ស្ម៊ីធ។ ព្រះអម្ចាស់​បាន​ប្រាប់​ដល់​ពួកបរិសុទ្ធ​ថា ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ គួរ​តែ​ត្រូវ​បាន​បង្រៀន​ដល់​មនុស្ស​ទាំងអស់ ។ សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៥៩-៦៩ដោយ​ការ​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ មាន​នូវកា​រណែនាំ​មកពីព្រះអម្ចាស់ ទៅកាន់ យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត ទាក់ទង​នឹង​ពេលវេលា និង នរណា​ដែល​ពួកគេ​គប្បី​ផ្សាយ​ដំណឹងល្អទៅ ។ ព្រះអម្ចាស់ បាន​ដាស់តឿន​ពួកគេ​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងឡាយ​ដែលពួកគេ​ត្រូវ​បាន​ប្រគល់​ឲ្យ ហើយ​ទ្រង់​បាន​ពន្យល់​ថា ពួកគេ​នឹង​ទទួល​ការ​ដឹកនាំ​បន្ថែម ដែល​នឹង​ជួយ​ពួកគេ​ស្ថាបនា​សាសនាចក្រ ហើយ​រៀបចំ​ពួកបរិសុទ្ធ​ឲ្យ​រស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម​ថ្មី​នា​ពេលអនាគត ។ បន្ថែម​ពី​លើ​នោះ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​អំពី​គោលការណ៍​ទាំងឡាយ​ដែលទាក់ទង​នឹង​របៀប​ដែល​ពួកគេ​អាច​បន្ដ​ទទួល​វិវរណៈ​ពីព្រះ ។ សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៧០-៧៣ដោយ​ពន្យល់​ថា នៅក្រោម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ នោះ​អ្នកទាំងឡាយ​ដែល​ផ្ដល់​ការ​បម្រើ​ពេញម៉ោង ឬ​ក្រៅមក​ដល់សាសនាចក្រ គឺ​ត្រូវ​បាន​ផ្ដល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦១, ៦៨ដោយ​ស្ងាត់ស្ងៀម រកមើល​គោលការណ៍​ទាំងឡាយ​អំពី​ការ​ទទួលវិវរណៈ ។ ចម្លើយ​សិស្ស​អាច​រួមមាន​ដូចខាងក្រោម ៖

បើ​យើងសូម នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ចំណេះ​ដឹង​ដល់​យើង ដែល​នឹង​នាំ​មក​យើងនូវ​សេចក្ដីសុខសាន្ដ សេចក្ដីអំណរ និង​ជីវិត​ដ៏អស់កល្បជានិច្ច ។

បើ​យើង​សូម​ប្រាជ្ញា នោះព្រះអម្ចាស់​នឹង​ប្រទាន​ដល់​យើង​ដោយ​សន្ធា ដោយឥតបន្ទោស​ផង ។

  • ពេល​ទូលសុំ​វិវរណៈ​ពីព្រះអម្ចាស់​ដោយ​ឧស្សាហ៍ព្យាយាម​តើនឹង​មានពរជ័យអ្វីខ្លះ ?

សូម​ចែកចាយទីបន្ទាល់របស់អ្នក​ថា អ្នកដឹកនាំ​សាសនាចក្រ​របស់យើង​ដឹកនាំ និង​ណែនាំ​យើង​តាមរយៈ​គោលការណ៍​នៃ​វិវរណៈ​ជាបន្ដបន្ទាប់នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៧៤-៨៧

ថ្នាក់​ដឹកនាំ​បព្វជិតភាព ទទួល​បាន​សេចក្ដីណែនាំ ស្ដីពី​ការដោះស្រាយ​ជាមួយ​សមាជិក​សាសនាចក្រ ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ

សូម​ពន្យល់​ថា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៧៤-៨៧ព្រះអម្ចាស់​បានពិពណ៌នា​អំពី​ក្រឹត្យវិន័យ​មួយចំនួន​ដើម្បីគ្រប់គ្រង​ការដាក់វិន័យ​សាសនាចក្រ ។ ទ្រង់​បាន​ប្រទាន​ការដឹកនាំ​ដ៏ជាក់លាក់​ដល់ពួកអ្នកដឹកនាំ​បព្វជិតភាព ទាក់ទង​នឹង​របៀប​ដើម្បី​បម្រើ​ដល់អ្នកទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ រួមទាំង​អំពើបាប​ខាង​ផ្លូវភេទ ការលួច ការកុហក ឬ « ការ​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​ណា​មួយ » (គ. និង ស. ៤២:៨៧) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៨៨-៩៣

ព្រះអម្ចាស់​ណែនាំ​ពួក​បរិសុទ្ធ អំពី​របៀប​ដោះស្រាយ​ជាមួយ​ហេតុទាស់​ផ្ទាល់ខ្លួន

  • តើ​ពេលណា ដែល​អ្នក​បាន​ឃើញ​នរណាម្នាក់ មាន​ហេតុទាស់​នឹង​ពាក្យសម្ដី ឬ ទង្វើ​នៃ​មនុស្ស​ម្នាក់​ទៀត ? តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ឈឺចាប់ ឬ​ហេតុទាស់​នឹង​ពាក្យសម្ដី ឬ​ទង្វើ​របស់មនុស្ស​ម្នាក់​ទៀត​ឬ​ទេ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៨៨-៨៩​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការណែនាំ​របស់ព្រះអម្ចាស់ សម្រាប់អ្វី​ដែលត្រូវ​ធ្វើ បើ​នរណា​ម្នាក់​មានហេតុទាស់​នឹង​យើង ។

  • តើ​យើង​នឹង​ធ្វើ​អ្វី ចំពោះ​នរណា​ម្នាក់​ដែល​មាន​ហេតុ​ទាស់នឹង​យើង ? ( ផ្សះផ្សារ​ជាមួយនឹង​គាត់ ឬ​នាង ជាសម្ងាត់ ) ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ពាក្យផ្សះផ្សារ មានន័យ​ថា ដោះស្រាយ​នូវភាព​ខុសគ្នា ហើយ​ស្ដារ​ឲ្យមាន​ភាព​សុខុដុម​ឡើងវិញ ។

  • ហេតុអ្វី​អ្នក​គិត​ថា ការធ្វើ​បែប​នេះ អាច​មាន​ប្រយោជន៍ ?

សូម​សរសេរសេចក្ដីថ្លែង​ការណ៍​ពុំ​ពេញ​លេញដូច​ខាង​ក្រោម​នៅ​ផ្នែក​ម្ខាង​នៃ​ក្ដារខៀន ៖

ហេតុទាស់​ដែល​មាន​ក្នុង​ទីសម្ងាត់ គួរតែ​ត្រូវ​…

ហេតុទាស់​ដែល​មាន​ក្នុង​ទីសាធារណៈ គួរតែ​ត្រូវ​…

នៅ​លើក្តារខៀនម្ខាង​ទៀត សូមសរសេរបញ្ចប់​នូវ​សេចក្ដីថ្លែងការ​ណ៍​កាលពីមុន​និមួយៗ ៖

… បាន​ដោះស្រាយជាសាធារណៈ ។

… បាន​ដោះស្រាយ​ដោយ​សម្ងាត់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៩០-៩៣ ដោយស្ងាត់ស្ងៀម ហើយ​ដឹកនាំ​ពួកគេ​ឲ្យ​ផ្គូរផ្គង​សេចក្ដីថ្លែងការណ៍​ដែលពុំពេញលេញ​និមួយៗ​ជាមួយ​នឹង​ឃ្លា​បញ្ចប់​ដែលត្រឹមត្រូវ ។ ( ហេតុទាស់​ដោយសម្ងាត់ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដោយសម្ងាត់ ) ។ ( ហេតុទាស់​ដែល​ជាសាធារណៈ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ជាសាធារណៈវិញ ) ។

  • ហេតុអ្វី​បាន​ជា​វាមិន​សមរម្យ​ចំពោះ​ហេតុ​ទាស់​ដោយ​សម្ងាត់ ត្រូវ​ដោះស្រាយ​ជា​សាធារណៈ​នោះ ?

  • ហេតុអ្វី​ក៏ជួនកាល​វាជា​រឿង​ឆ្លាត​វៃ​ដើម្បី​ដោះស្រាយ​ហេតុទាស់​ជាសាធារណៈ​នៅទីសាធារណៈ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ស្ថានភាព​ទាំងឡាយ ដែល​បង្ហាញ ទាំង​ការ​អនុវត្ត​ត្រឹមត្រូវ និងការ​អនុវត្ត​មិនត្រឹមត្រូវនៃ​សេចក្ដីពិត​ទាំងនេះ ។​ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់ពួក​គេ ។ ( នៅពេល​សិស្ស​ចែកចាយ សូម​គូសបញ្ជាក់​ថា ការ​ដោះស្រាយហេតុទាស់តាម​វិធី​របស់ព្រះអម្ចាស់ មានជាប់ទាក់ទង​នឹង​ការ​ប្រែចិត្ត និង​ការ​អភ័យទោស ) ។

  • តើ​អ្នកគិត​ថា​ការ​ដោះស្រាយ​ហេតុទាស់​ដោយត្រឹមត្រូវ អាច​ប្រទានពរ​ដល់​គ្រួសារ​មួយ​យ៉ាង​ដូចម្ដេច ? វួដ ឬ សាខា​យ៉ាងដូចម្ដេច ? ក្រុម​មួយ​នៃ​មិត្តរួមថ្នាក់​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា យើង​ត្រូវការ​ភាព​ក្លាហាន​ដើម្បី​ទៅ​កាន់​មនុស្ស​ដែល​បាន​ធ្វើ​ហេតុទាស់​នឹង​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​សុំ​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ នៅពេល​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​នៃ​ភាព​ខុសគ្នា​ជាមួយ​អ្នក​ដទៃ​ដោយ​ត្រឹមត្រូវ​នោះ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៤៦-៤៧។ សេចក្ដីស្លាប់​គឺ​ផ្អែម​ល្ហែម​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ពី​អត្ថន័យ​ដែល សេចក្ដីស្លាប់​គឺ​ផ្អែមល្ហែម​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ស្លាប់​នៅក្នុង​ព្រះអម្ចាស់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ចំពោះ​សមាជិក​សាសនាចក្រ​មួយចំនួន ដែល​និយាយ​ថា អ្នកទាំងឡាយ​ដែល​ស្លាប់នៅក្នុង​ព្រះអម្ចាស់ នឹង​ពុំ​ភ្លក់រស់ជាតិ​នៃសេចក្ដីស្លាប់ ជា​ការ​និយាយ​ពុំ​ងាយ​ស្រួល​មួយ ។ ពួកគេ​បាន​ឃើញ​បុរស និង​ស្រ្តី​ល្អៗ បាន​រងទុក្ខ​រាប់​ថ្ងៃ ហើយជួនកាល​រាប់ខែ ពីមុន​នឹង​ពួកគេ​ទទួលមរណភាព ។ ប៉ុន្តែ​នៅទីនេះ ព្រះអម្ចាស់​ពុំ​បាន​មានបន្ទូល​ថា ពួកគេ​នឹង​ពុំ​រងទុក្ខ​ការ​ឈឺចាប់​ខាង​រាងកាយ​នោះទេ តែ​ថា​ពួកគេ​នឹង​បាន​រួច​ពី​ការ​ឈឺចាប់ និង​ទណ្ឌកម្ម​ក្នុង​ព្រលឹង ដែល​ពួកទុច្ចរិត​នឹង​ត្រូវ​ទទួល​នោះ ហើយ​ទោះ​បីជា​ពួកគេ​អាច​នឹង​រងទុក្ខ​ខាង​រាងកាយ​ក្ដី តែចំពោះ​ពួកគេ សេចក្ដី​ស្លាប់​នឹង​ជា​ការ​ផ្អែមល្ហែម ព្រោះ​ពួកគេ​នឹង​ដឹង​ថា ពួកគេមានភាព​សក្ដិសម​នៅចំពោះ​ព្រះអម្ចាស់ » (Church History and Modern Revelation,វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ] ១:១៨៦ ) ។ ( សូមមើល​ផងដែរDoctrine and Covenants Student Manualបានបោះពុម្ព​ជាលើក​ទីពីរ [ Church Educational System manual, ២០០១ ], ទំព័រ៨៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៨។ « ពុំ​បាន​កំណត់​ឲ្យ​ស្លាប់ »

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « គ្មាន​មនុស្ស​សុចរិត​ណាម្នាក់ ត្រូវ​បាន​យក​ទៅ ពីមុន​ពេលវេលា​របស់គាត់​នោះទេ » ( នៅក្នុងFuneral Services for Elder Richard L. Evans, »Ensignខែ ធ្នូ ឆ្នាំ ១៩៧១,ទំព័រ ១០ ) ។

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា យើង​ត្រូវ​ការ​សេចក្ដីជំនឿ​ដើម្បី​ទទួលយក​តាម​ព្រះទ័យ​របស់ព្រះអម្ចាស់ថា​យើង​នឹង​ពុំ​បាន​ជាសះស្បើយ ដូចគ្នា​នឹង​យើង​ត្រូវការ​សេចក្ដីជំនឿ​ដើម្បី​បាន​ជាសះស្បើយ​ផងដែរ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« [ មាន ] គោលការណ៍​មួយ ដែល​អនុវត្តចំពោះ​ពួកសិស្ស​ស្មោះត្រង់​ទាំងអស់​ថា ៖ សេចក្ដីជំនឿ​ដ៏រឹងមាំ​ទៅលើ​ព្រះអង្គសង្គ្រោះ គឺ​ការ​ទទួល​យក​ព្រះទ័យ និង​ពេលវេលា​របស់ទ្រង់​នៅក្នុងជីវិត​របស់យើងដោយ​ការ​ចុះចូល-- ទោះ​ជា​លទ្ធផល​ចេញ​មក​ពុំ​មែនជា​អ្វី​ដែល​យើង​សង្ឃឹម ឬ​ចង់​បាន​ក៏ដោយ ។

« សេចក្ដីសុចរិត និង​សេចក្ដីជំនឿ គឺ​ពិត​ជា​ឧបករណ៍​នៅក្នុងការ​រំកិល​ភ្នំ​មែន-- ប្រសិនបើ​ជា​ការ​រំកិល​ភ្នំនោះ សម្រេច​នូវ​គោលបំណង​របស់​ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ សេចក្ដីសុចរិត និង​សេចក្ដីជំនឿ គឺ​ពិត​ជា​ឧបករណ៍​នៅក្នុង​ការ​ព្យាបាល​អ្នក​ឈឺ អ្នក​ថ្លង់ ឬ​អ្នក​ខ្វិន​មែន--ប្រសិនបើ​ជា​ការព្យាបាល​នោះ សម្រេច​នូវ​គោលបំណង​របស់​ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ដូច្នេះ ទោះ​ជា​មាន​ជំនឿ​រឹងមាំ​ក្ដី ក៏​មាន​ភ្នំ​ជាច្រើន​នឹង​ពុំ​រំកិល​ចេញ​ដែរ ។ ហើយ​ពុំ​មែន​គ្រប់​អ្នក​ដែល​ឈឺ និង​ជនពិការ នឹង​ត្រូវ​បាន​ជា​សះស្បើយ​នោះ​ដែរ ។ ប្រសិនបើ​ជា​រាល់​ការ​ផ្ទុយ​ទាំងអស់ ត្រូវ​បាន​កាត់បន្ថយ ប្រសិន​បើ​ជា​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា នឹង​ត្រូវ​បំផ្លាញ​ហើយ ។

« មេរៀន​ជាច្រើន​ដែល​យើង​ត្រូវ​រៀន​នៅក្នុង​ជីវិត​រមែង​ស្លាប់ អាច​ត្រូវ​បាន​ទទួល​តែ​តាមរយៈ​រឿង​ទាំងឡាយ ដែល​យើង​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​ត្រូវរង​ទុក្ខ​ប៉ុណ្ណោះ ។ ហើយ​ព្រះរំពឹង និង​ទុក​ចិត្ត​យើង​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​ពុំ​អនុគ្រោះ​នៃជីវិតរមែង​ស្លាប់​ជាបណ្ដោះ​អាសន្ន​នេះ ដោយ​មាន​ជំនួយ​របស់ទ្រង់ ដើម្បី​យើងអាច​រៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​នៅទីបំផុត អាច​ប្រែក្លាយ​ទៅជា​មនុស្ស​ដែល​យើង​ត្រូវ​ប្រែក្លាយ នៅក្នុង​ភាព​អស់កល្បជានិច្ច » ( « ដើម្បី​យើង ‹ មិន … ត្រូវ​ញ័រ › [ គ. និង ស. ១៩:១៨ ] » [CES devotional for young adults, ថ្ងៃទី ៣ ខែ មិនា ឆ្នាំ ២០១៣ ],LDS.org ( សូមមើលផងដែរ Doctrine and Covenants Student Manual, បានបោះពុម្ព​ជា​លើក​ទីពីរ [ Church Educational System manual, ២០០១], ៨៥– ៦ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៧០-៧៣ ។ ការ​ទទួល « សំណង​ត្រឹមត្រូវ​ចំពោះការ​ទាំងអស់​ដែល​ពួកគេ​បម្រើ »

នៅក្នុង​ខគម្ពីរ​ទាំងនេះ សេចក្ដីយោង គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ប៊ីស្សព និង​ទីប្រឹក្សា​របស់គាត់ ដែល​ទទួល « សំណង​ត្រឹមត្រូវ​ចំពោះ » ការ​បម្រើ​របស់ពួកគេ ។ នៅក្នុង​ជំនាន់​របស់​យើង ការណ៍នេះ​សំដៅ​ជាពិសេស​ទៅលើ​អ្នក​ដែលមានសិទ្ធិ​អំណាច​ទូទៅ ប្រធាន​បេសកកម្ម និង​ប្រធាន​ព្រះវិហារបរិសុទ្ធ ដែល​ត្រូវ​បាន​តម្រូវ​ឲ្យ​លះបង់​ការ​រក​ស៊ីចិញ្ចឹម​ជីវិត​របស់ពួកគេ​ដើម្បី​បម្រើ​ពេញ​ម៉ោង​នៅក្នុង​សាសនាចក្រ ។ បុគ្គល​ម្នាក់ៗ​ទាំងនេះ ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ល្មម​សមរម្យ​សម្រាប់​ការ​រស់នៅ ដើម្បី​ផ្គត់​ផ្គង់​ពួកគេ និង​ក្រុមគ្រួសារ​សាច់ញាតិ​ជិត​ដិតរបស់ពួកគេ ក្នុងអំឡុង​ពេល​នៃ​ការ​បម្រើ​របស់ពួកគេ​នោះ ។