មេរៀន ទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១
បុព្វកថា
ត្រឹមខែវិច្ឆិកា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈច្រើនជាង ៦០ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសាសនាចក្រភាគច្រើន ពុំមានវិធីចូលទៅប្រើច្បាប់ចម្លងនៃវិវរណៈទាំងនោះឡើយ ។ ព្យាការីយ៉ូសែប បានកោះហៅឲ្យមានសន្និសីទមួយនៅ ហៃរ៉ុម អូហៃអូ ដើម្បីពិភាក្សាអំពីការបោះពុម្ពវិវរណៈទាំងឡាយ ជាសៀវភៅមួយ ដែលនឹងហៅថា សៀវភៅនៃព្រះបញ្ញត្តិ ។ គណៈកម្មការនៃពួកអែលឌើរ បានព្រាងបុព្វកថាមួយចំពោះសៀវភៅនោះ ។ ដោយពុំពេញចិត្តនឹងការពង្រាងនេះ អ្នកទាំងឡាយដែលចូលរួមក្នុងសន្និសីទ បានស្នើរសុំឲ្យយ៉ូសែប ស្ម៊ីធ សួរដល់ព្រះអម្ចាស់សុំបុព្វកថាមួយ ។ បន្ទាប់ពីការទូលអង្វរដល់ព្រះអម្ចាស់ក្នុងការអធិស្ឋាន យ៉ូសែប បានទទួលបុព្វកថាដោយវិវរណៈ ។ បុព្វកថារបស់ព្រះអម្ចាស់ ចំពោះសៀវភៅនៃព្រះបញ្ញត្តិក្លាយជាកណ្ឌទី ១ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១-១៦
ព្រះអម្ចាស់ព្រមានអំពីការវិនិច្ឆ័យ ដែលនឹងកើតមានមកលើអ្នកបះបោរ នៅពេលការយាងមកជាលើកទីពីរ ។
អ្នកអាចនឹងចាប់ផ្ដើមមេរៀននេះ ដោយការសុំដល់សិស្សក្នុងថ្នាក់ឲ្យ ពិចារណាពីសំណួរនានាដូចខាងក្រោម ពេលអ្នកអានវាឮៗ ។ បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ដល់សិស្សហើយ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ចែកចាយចម្លើយរបស់ពួកគេ ។
-
តើមាននរណាម្នាក់ធ្វើឲ្យអ្នកចាប់ចំណាប់អារម្មណ៍ ហើយព្រមានអ្នកអំពីអ្វីមួយនៅពេលណាដែរឬទេ ? តើអ្នកឆ្លើយតបដោយរបៀបណា ?
-
តើអ្នកមានអារម្មណ៍ដឹងថាមនុស្សម្នាក់ ខំព្រមានដល់អ្នកយ៉ាងដូចម្តេច ? ហេតុអ្វីអ្នកមានអារម្មណ៍បែបនោះ ?
សូមដាក់បង្ហាញគម្ពីរ គោលលទ្ធិ និង សេចក្ដីសញ្ញា របស់អ្នក ហើយពន្យល់ថា នៅក្នុងគម្ពីរនេះ ព្រះអម្ចាស់បានផ្ដល់នូវការព្រមាន ដាក់បទបញ្ញត្តិ និងការណែនាំជាច្រើន ដែលសំខាន់សម្រាប់សុភមង្គល និងសេចក្ដីសង្គ្រោះរបស់យើង ។ សូមប្រាប់សិស្សថា ព្រះអម្ចាស់ បានបើកសម្ដែងកណ្ឌទី ១ ជាបុព្វកថា ចំពោះវិវរណៈដទៃទៀត នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ។ បុព្វកថា រៀបចំអ្នកអានសម្រាប់មាតិការនៃសៀវភៅមួយ ដោយសង្ខេបសារ និងគោលបំណងរបស់អ្នកនិពន្ធ ។ ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទប្រវត្តិសាស្ត្រសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១ អ្នកអាចនឹងចង់រៀបរាប់ពីព័ត៌មានមួយចំនួនមកពីបុព្វកថានៃមេរៀននេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម និងប្រាប់អំពីពាក្យ ឬឃ្លានានាដែលព្រះអម្ចាស់ បានប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទាំងឡាយដែលនឹងអានបន្ទូលទ្រង់ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេរកឃើញ ។ ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់ពន្យល់ថា ការស្ដាប់ មានន័យថាស្ដាប់ដោយយកចិត្តទុកដាក់ ។ នៅពេលយើងពិតជាស្ដាប់ព្រះអម្ចាស់ នោះយើងនឹងដើរតាមការប្រឹក្សារបស់ទ្រង់ ហើយគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ) ។
-
តើព្រះអម្ចាស់កំពុងមានបន្ទូលទៅកាន់នរណា ក្នុងខគម្ពីរទាំងនេះ ? ( ព្រះអម្ចាស់ កំពុងមានបន្ទូលទៅកាន់កូនចៅមនុស្សទាំងអស់លើផែនដី ពុំគ្រាន់តែសមាជិកនៃសាសនាចក្រប៉ុណ្ណោះទេ ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ត្រង់ឃ្លាថា « សេចក្ដីទុច្ចរិតរបស់ពួកគេនឹងត្រូវថ្លែងប្រាប់ពីលើដំបូលផ្ទះ ហើយអំពើស្ងាត់កំបាំងរបស់ពួកគេ នឹងត្រូវបើកសម្ដែងមកឲ្យឃើញ» នោះ? (គ និង ស ១:៣) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១:៤-៧ឲ្យឮៗ ហើយសួរដល់សិស្សក្នុងថ្នាក់ឲ្យប្រាប់ពីរបៀបដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងផ្ដល់ការព្រមានរបស់ទ្រង់ដល់មនុស្សទាំងអស់តាមរបៀបណា ។
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងផ្ដល់ការព្រមានរបស់ទ្រង់ដល់មនុស្សទាំងអស់តាមរបៀបណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់ពីគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់ មានបន្ទូលការព្រមានរបស់ទ្រង់ដល់មនុស្សទាំងអស់ តាមរយៈពួកសិស្សជម្រើសរបស់ទ្រង់ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំគោលលទ្ធិនេះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៤ ឬសរសេរវានៅរឹមខគម្ពីររបស់ពួកគេ ) ។
-
តើព្រះអម្ចាស់ នឹងមានបន្ទូល ហើយបោះពុម្ពការព្រមានរបស់ទ្រង់ តាមរយៈពួកសិស្សណាខ្លះ ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៨-១០ ដោយការពន្យល់ថា ព្រះអម្ចាស់ បានប្រកាសថា ទ្រង់នឹងជំនុំជម្រះមនុស្សទាំងអស់ ស្របតាមទង្វើរបស់ពួកគេ និងរបៀបដែលពួកគេប្រព្រឹត្តនឹងអ្នកដទៃ ។ សូមសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១១-១៤ ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម និងប្រាប់ការព្រមានបន្ថែមទៀត ។
-
ស្របតាមលេខយោង ១២ ខ តើព្រះអម្ចាស់សំដៅទៅលើព្រឹត្តការណ៍អ្វីខ្លះ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១:១២?
-
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៤ តើអ្នកគិតថាព្រះអម្ចាស់ចង់មានន័យយ៉ាងណា នៅពេលទ្រង់បានព្រមានថា អ្នកទាំងឡាយដែលពុំស្ដាប់តាមពួកព្យាការី និងពួកសាវករបស់ទ្រង់ នឹងត្រូវកាត់ចេញ ? ( ពួកគេនឹងត្រូវបំបែកចេញពីពួកសុចរិត ហើយបាត់បង់ពរជ័យ ដែលមានតាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានានៃដំណឹងល្អ ) ។
សូមពន្យល់ថា ការព្រមានទាំងនេះ គឺចាំបាច់ណាស់ ដោយសារតែមានអំពើទុច្ចរិត និងការក្បត់សាសនានៅទូទាំងពិភពលោក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 1១:១៥-១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពាក្យ ឬឃ្លានានា ដែលបង្ហាញពីសេចក្ដីទុច្ចរិត ឬការក្បត់សាសនា ។ សូមឲ្យសិស្សពីរបីនាក់ប្រាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើមនុស្សនៅក្នុងជំនាន់របស់យើងដើរ « តាមវិធីផ្ទាល់ខ្លួន [ ពួកគេ ] ហើយដើរតាមរូបភាពនៃព្រះផ្ទាល់ខ្លួន [ ពួកគេ ] តាមរបៀបណាខ្លះ ? (គ និង ស ១:១៦) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧-៣៣
ដំណឹងល្អត្រូវបានស្ដារឡើងវិញតាមរយៈយ៉ូសែប ស្ម៊ីធ ដើម្បីរៀបចំពិភពលោកសម្រាប់គ្រោះមហន្តរាយនៃថ្ងៃចុងក្រោយ
សូមឲ្យសិស្សក្នុងថ្នាក់មើលត្រួសៗ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧ ហើយប្រាប់ពាក្យ ដែលព្រះអម្ចាស់បានប្រើ សំដៅទៅលើសេចក្ដីទុច្ចរិត ការក្បត់សាសនា និងការបំផ្លិចបំផ្លាញ ដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ ។ នៅពេលសិស្សប្រាប់ពាក្យគ្រោះមហន្តរាយ សូមពន្យល់ថា នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧-៣៣ ព្រះអម្ចាស់ បានផ្ដល់ដំណោះស្រាយដើម្បីជួយយើងឆ្លងកាត់គ្រោះមហន្តរាយនៃថ្ងៃចុងក្រោយនោះ ។ ( អ្នកអាចនឹងចង់ពន្យល់ថា ពាក្យ គ្រោះមហន្តរាយ គឺសំដៅទៅលើព្រឹត្តការណ៍ប្រកបដោយគ្រោះថ្នាក់ ដែលមានជាមួយនូវការបាត់បង់ដ៏ធំ ការឈឺចាប់ និងការរងទុក្ខ) ។
សូមចម្លងតារាងខាងក្រោម ដាក់លើក្ដារខៀន ឬ រៀបចំវាជាក្រដាសសម្រាប់ចែកឲ្យសិស្ស ៖
តើដំណោះស្រាយ ដែលព្រះអម្ចាស់បានប្រទានសម្រាប់គ្រោះមហន្ដរាយ ដែលនឹងកើតមានមកលើផែនដី មានអ្វីខ្លះ ? |
តើដំណោះស្រាយនេះ ជួយយើងប្រឈមមុខនឹងគ្រោះមហន្ដរាយនៃថ្ងៃចុងក្រោយយ៉ាងដូចម្ដេច? | |
---|---|---|
អ្នកអាចនឹងចង់សុំឲ្យសិស្សបំពេញតារាងខ្លួនឯង ឬជាដៃគូ ។ សូមសិស្សឲ្យអានវគ្គបទគម្ពីរ នៅផ្នែកខាងឆ្វេងនៃតារាង ហើយប្រាប់ពីដំណោះស្រាយ ដែលព្រះអម្ចាស់បានប្រទានឲ្យ ដើម្បីជួយយើងពេលគ្រោះមហន្តរាយនៃថ្ងៃចុងក្រោយ ។ សូមឲ្យពួកគេសរសេរពិពណ៌នា ឬគូររូបភាពអំពីអ្វីដែលពួកគេរកឃើញនៅក្នុងកូឡោនកណ្ដាលនៃតារាងនោះ ។ នៅក្នុងប្រអប់ខាងស្ដាំ សូមពួកគេឲ្យសរសេរការពន្យល់សង្ខេបៗ អំពីរបៀបដែលដំណោះស្រាយនិមួយៗរបស់ព្រះអម្ចាស់ អាចជួយយើងក្នុងគ្រាគ្រោះមហន្តរាយនៃថ្ងៃចុងក្រោយ ។
ក្រោយពីឲ្យពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានកត់ត្រានៅក្នុងតារាង ។ ចម្លើយនៅក្នុងកូឡោនកណ្ដាល គួរតែមានដូចខាងក្រោម ៖ ព្រះអម្ចាស់ បានហៅយ៉ូសែប ស្ម៊ីធ ហើយបានប្រទានវិវរណៈ និងបទបញ្ញត្តិដល់លោក ( សូមមើល គ និង ស ១:១៧) ព្រះអម្ចាស់ បានបញ្ជាពួកអ្នកបម្រើទ្រង់ឲ្យទៅទូទាំងផែនដី ដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ហើយស្ថាបនាសេចក្ដីសញ្ញារបស់ទ្រង់ ( សូមមើល គ និង ស ១:១៨-២៣) ព្រះអម្ចាស់ បានបើកសម្ដែងព្រះគម្ពីរមរមន ( សូមមើលគ និង ស ១:២៩) ហើយព្រះអម្ចាស់បានស្ដារសាសនាចក្ររបស់ទ្រង់នៅលើផែនដី ( សូមមើល គ និង ស ១:៣០) ។ ចម្លើយនៅក្នុងកូឡោនខាងស្ដាំអាចមានផ្សេងៗគ្នា ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
ដើម្បីជួយសិស្សគិតបន្ថែមអំពី ការប្រកាសរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣០ អ្នកអាចនឹងចង់ឲ្យយោបល់ដល់ពួកគេឲ្យគូសចំណាំពាក្យក្នុងខគម្ពីរនេះ ដែលបង្ហាញពីសេចក្ដីពិតដូចខាងក្រោម ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដី ។
-
ផ្អែកទៅលើអ្វីដែលអ្នកបានរៀននៅមេរៀនមុន អំពីការក្បត់សាសនាដ៏ធំ តើអ្នកនឹងពន្យល់ដល់នរណាម្នាក់ អំពីមូលហេតុដែល សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីដោយរបៀបណា ?
-
តើអ្វីដែលធ្វើឲ្យសាសនាចក្រនេះ « សកម្ម » ?
សូមពន្យល់ថា តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់អាចដឹកនាំសាសនាចក្ររបស់ទ្រង់ ជាមួយនឹងការបន្ដផ្ដល់វិវរណៈ ។ វិវរណៈដែលមានជាបន្ដបន្ទាប់នេះ គឺជាឧទាហរណ៍មួយពីរបៀបដែលសាសនាចក្រនេះសកម្ម ។
-
ហេតុអ្វីក៏វាសំខាន់ចំពោះអ្នក ដើម្បីដឹងថាអ្នកស្ថិតនៅក្នុងសាសនាចក្រតែមួយ ដែលពិត ហើយសកម្មនៅលើផ្ទៃផែនដី ?
-
តើអ្នកគិតថា ព្រះអម្ចាស់ចង់មានន័យយ៉ាងណា ពេលទ្រង់មានបន្ទូលថ្លែងថា ទ្រង់សព្វព្រះទ័យនឹងសាសនាចក្ររបស់ទ្រង់ « ទាំងស្រុង ហើយមិនមែននិមួយៗទេ » នោះ ? (គ និង ស ១:៣០) ។ ( ទោះជាសាសនាចក្រពិត ហើយសាសនាចក្រទាំងស្រុង គឺជាទីសព្វព្រះទ័យដល់ព្រះអម្ចាស់ក្ដី ក៏មានសមាជិកមួយចំនួនក្នុងសាសនាចក្រ អាចនឹងមិនរស់នៅតាមរបៀបមួយដែលសព្វព្រះទ័យចំពោះទ្រង់ដែរ) ។
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣១-៣៣ ហើយប្រាប់អំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីអំពើបាប និងការប្រែចិត្ត ។
-
តើព្រះអម្ចាស់ទតមើលអំពើបាបយ៉ាងដូចម្ដេច ? តើយើងអាចត្រូវបានអភ័យទោសដោយរបៀបណា ?
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៣ តើអ្វីខ្លះកើតឡើងចំពោះ អ្នកទាំងឡាយដែលមិនប្រែចិត្ត ?
-
តើវាមានន័យយ៉ាងណាដែលថា « ពន្លឺ » ត្រូវបានដកចេញនោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៤-៣៩
ព្រះអម្ចាស់ ដឹកនាំយើងឲ្យស្រាវជ្រាវទំនាក់ទំនង និងបទបញ្ញត្តិ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៤-៣៦ ដោយពន្យល់ថា ព្រះអម្ចាស់ បានបង្ហាញព្រះរាជបំណងរបស់ទ្រង់ម្ដងទៀត ដើម្បីព្រមានដល់មនុស្សទាំងអស់ឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧-៣៩ ឲ្យឮៗ ។ សូមដល់សិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលសេចក្ដីពិត ដែលព្រះអម្ចាស់បានគូសបញ្ជាក់នៅក្នុងសេចក្ដីបញ្ចប់នៃបុព្វកថារបស់ទ្រង់ ចំពោះ គោលលទ្ធិ និង សេចក្ដីសញ្ញា ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលព្រះអម្ចាស់គូសបញ្ជាក់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧-៣៩? ( នៅពេលសិស្សចែកចាយសេចក្ដីពិតដែលពួកគេបានប្រាប់ សូមប្រាកដថា សេចក្ដីតទៅនេះគឺច្បាស់លាស់ ៖ យើងត្រូវស្រាវជ្រាវបទបញ្ញត្តិ ដែលព្រះអម្ចាស់បានប្រទានឲ្យ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ នឹងត្រូវបានបំពេញទាំងអស់ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺពិត ទោះជាវាត្រូវបានមានបន្ទូលដោយទ្រង់ផ្ទាល់ ឬដោយពួកអ្នកបម្រើទ្រង់ក្ដី) ។
-
ផ្អែកទៅលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើអ្នកអាចត្រូវបានប្រទានពរយ៉ាងដូចម្ដេច បើអ្នកស្រាវជ្រាវបទបញ្ញត្តិ និងវិវរណៈទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញានោះ ?
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយពីរបៀបដែលការស្រាវជ្រាវបទគម្ពីរ បានប្រទានពរដល់ជីវិតរបស់ពួកគេ ។ អ្នកក៏អាចចង់អញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ នូវគោលដៅដើម្បីសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញាប្រចាំថ្ងៃ អំឡុងឆ្នាំសិក្សា ។ សូមឲ្យពួកគេពិចារណាអំពីពេលវេលា ទីកន្លែង និងរយៈពេលដែលពួកគេនឹងសិក្សារាល់ថ្ងៃនោះ ។ សូមប្រាប់ពួកគេថា អ្នកនឹងធ្វើការតាមដានជារឿយៗ ដើម្បីជួយពួកគេទទួលជោគជ័យក្នុងការសិក្សាប្រចាំថ្ងៃរបស់ពួកគេ ។