ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ( មេរៀន​ទី ៣១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១, និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ( មេរៀន​ទី ៣១ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​មេរៀន​សម្រាប់​សិស្ស​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា​មេរៀនទី ៣១ ។ សេចក្តីសង្ខេប​នេះ​មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​សម្រាប់​មេរៀន​ទី ៣១ ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ( សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ )

នៅពេល​សិស្ស​បាន​រៀន​ពី​ព្រឹត្តិការ​នៃ​សោកនាដកម្ម​មួយ​នៅក្នុង​ប្រវត្តិសាសនាចក្រ នោះពួកគេ​បាន​ពិចារណា​ពីគោលការណ៍​ថា ប្រសិនបើ​យើង​ដោះស្រាយ​ជម្លោះជាមួយ​នឹង​អ្នកដទៃ​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ចៀសវាង​ពីឥទ្ធិពល​ដែល​នាំ​ឲ្យ​មហន្ដរាយ​ដោយ​ការទាស់ទែង​គ្នា ។ សិស្ស​ក៏បានរៀន​ផងដែរ​ថា ប្រសិនបើ​យើង​ព្រងើយ​កន្តើយ​នឹង​ការទូន្មាន​ឲ្យធ្វើ​អ្វី​ដែល​ត្រូវ នោះ​យើង​នឹង​កាន់តែ​មាន​ចិត្តស្រាល​ក្នុង​ការជ្រើសរើស​អ្វី​ដែល​មិន​ល្អ ។ សិស្ស​បាន​ឃើញ​ថា​ការជ្រើសរើស​ដើម្បី​លាក់​បាំង អំពើ​បាប​របស់​យើង​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្តិ​អំពើបាប​ច្រើន​ឡើង ហើយ​អាច​នាំ​មកនូវ​វិប្បដិសារី និង ការរងទុក្ខ ។ ជាចុង​ក្រោយ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​អាច​អភិវឌ្ឍ​ទីបន្ទាល់​ដ៏​រឹងមាំ​ដោយ​ការស្ថាបនា​សេចក្ដីជំនឿ​របស់យើង​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃទី ២ ( ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា )

សិស្ស​បាន​ឃើញ​ថា​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​គឺ​ជា​ភស្តុតាង​ថាយ៉ូសែប ស្ម៊ីធ​គឺ​ជាព្យាការី អ្នក​មើលឆុត និង អ្នកទទួលវិវរណៈ ។ ពួកគេ​បាន​រៀន​អំពី​ការលេចចេញ​មកនៃ​គម្ពីរ​ម៉ូសេ និង គម្ពីរ​អ័ប្រាហាំ ។ ពួកគេ​ក៏​បាន​រកឃើញ​គោលលទ្ធិ និង គោលការណ៍​មួយ​ចំនួន​នៅក្នុង​មាត្រា​នៃ​សេចក្តី​ជំនឿ​ផងដែរ ។

ថ្ងៃទី ៣ (សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ១)

នៅពេល​សិស្ស​បានសិក្សា​សេចក្តីប្រកាស ទាក់ទង​នឹង​ការបញ្ឈប់​នៃ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះពួកគេ​បាន​រៀន​ថា ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដល់​ប្រធាន​នៃ​សាសនាចក្រ ហើយ​ថា​ព្រះអម្ចាស់​នឹង​ពុំ​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេង​នោះទេ ។ អំឡុង​ពេល​រៀន​អំពី​ការីកចម្រើ​នៃ​កិច្ចការពង្សប្រវត្តិ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៩០ នោះ​សិស្ស​បាន​ឃើញ​ផងដែរ​ថា យើង​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​សមាជិក​គ្រួសារ​របស់​យើង រួមមាន​អស់​អ្នក​ដែល​កើត​មក​មុន​យើង និង អស់​អ្នក​ដែល​កើត​ក្រោយ​យើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨)

តាមរយៈ​ការសិក្សា​បទពិសោធន៍​របស់​ប្រធាន​យ៉ូសែប អ្វែស ស៊្មីធ​ក្នុងការទទួល​វិវរណៈ នោះ​សិស្ស​បាន​ឃើញ​ថា​នៅពេល​យើងអាន និង ពិចារណាព្រះ​គម្ពីរ​នេះ នោះ​យើង​រៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​វិវរណៈ ។ លើស​ពីនេះ​ទៀត ពួកគេ​បានរៀន​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ នោះ​មនុស្ស​លោក​ទាំង​អស់អាច​បាន​សង្គ្រោះ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា តាមរយៈ​ព្រះគុណ​នៃ​ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ​នោះ​យើង​នឹង​ត្រូវបាន​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​សេចក្តីស្លាប់ ហើយ​យើង​អាច​ទទួល​បាន​សេចក្តី​អំណរដ៏​ពេញ​លេញ តាមរយៈការរស់ឡើង​វិញ ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ ពី​របៀបដែល​វិញ្ញាណនានា​នៅក្នុង​ពិភព​វិញ្ញាណ​ត្រូវបាន​បង្រៀន​ដំណឹង​ល្អ ។ វា​ក៏​អាច​ជួយ​សិស្ស​ឲ្យ​យល់​របៀប ដែល​ពួកគេ​អាចក្លាយ​ជា​ផ្នែកមួយ​នៃ​កិច្ចការ​ដ៏​មហិមា​នៃ​សេចក្តីសង្គ្រោះ សម្រាប់​មរណជននេះផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ពីមុន​បង្រៀន​មេរៀននេះ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ អ្នក​ក៏​អាច​សួរ​សិស្ស​ប្រសិនបើ ពួកគេ​មាន​សំណួរ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​សិក្សា​អំឡុង​សប្តាហ៍​នេះ ។ ឧទាហរណ៍ ពួកគេ​អាច​មាន​សំណួរ​អំពី​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ឬ សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨

ប្រធាន​យ៉ូសែប អែហ្វ ស្ម៊ីធ រៀន​ពីរបៀប​ដែល​ដំណឹង​ល្អ​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុងពិភព​វិញ្ញាណ

សូម​ប្រាប់​សិស្ស​ថា​មនុស្ស​នៅទូទាំង​ពិភពលោក​ប្រកាន់​ជំនឿ​ផ្សេងៗ​គ្នា អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​យើង​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​សួរ ប្រសិនបើសិស្ស​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង ដែល​ទាក់ទង​នឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​យើង​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​អញ្ចើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។ ( សូម​ប្រយ័ត្ន​កុំ​និយាយ​អវិជ្ជមាន ឬ និយាយ​មើលងាយ​ដល់​ជំនឿ​របស់​សាសនា​ដទៃ​ឡើយ ) ។

  • តើ​យើង​អាច​ដឹង​ថាជំនឿ​ណា​មួយ​អំពីជីវិតក្រោយពីស្លាប់​នោះ​ត្រឹមត្រូវ ? ( អ្នក​អាច​នឹង​ពន្យល់​ថា សូម្បីតែ​ពួកបរិសុទ្ធ​មួយ​ចំនួន​អាច​មាន​ជំនឿ​ពុំ​ប្រាកដ​ប្រជា​ឡើយ​អំពី​ជីវិតក្រោយពីស្លាប់ ) ។

ដើម្បី​បន្ថែម​លើ​ចម្លើយ​របស់​សិស្ស​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ព្រះគម្ពីរ​គឺ​ជា​ប៉ាន់​គំរូ [ បទដ្ឋាន ] សម្រាប់​វាស់វែង​ភាពត្រឹមត្រូវ និង សេចក្តីពិត » (The Blessing of Scripture » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។

សូម​បញ្ជាក់ថា​យើង​អាច​ដឹង​ពី​ភាព​ត្រឹមត្រូវ​នៃ​ជំនឿ​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ជីវិតក្រោយពីស្លាប់ តាមរយៈ​ការប្រៀបធៀប​ជំនឿ​ទាំង​នោះ​ជាមួយ​សេចក្តីពិត​ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​នៅក្នុង​ព្រះគម្ពីរដូច​ជា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨

សូម​គូស រូបដែល​អមមកជាមួយ ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ។ អ្នក​អាច​ពន្យល់​ខ្លីៗ​ថា តាមរបៀប​មួយ​ចំនួន​នៅក្នុង​ពិភព​វិញ្ញាណ​ទាំងមូល​អាច​ចាត់ទុក​ថា​ជា​ស្ថានឃុំ​វិញ្ញាណ ដោយសារ​សូម្បីតែពួក​សុចរិតបាន​គិត​ថា​ការបែកចេញ​ពី​រាង​កាយ​របស់​ខ្លួន​នោះ​គឺ​ជា​សេវកភាព ( សូមមើល គ. និង ស. ១៣៨:៤៩–៥០) ។

រូបភាព
spirit paradise and spirit prison diagram

ដើម្បី​ជួយ​សិស្ស​រំឭក​ខ្លីៗ​អំពី​សេចក្តីពិត​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង កណ្ឌ ១៣៨ សូម​ចាត់​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២–១៥, ២២ សម្រាប់​សេចក្តីលម្អិត​ទាក់ទង​នឹង​ជន​មួយ​ចំនួន​ដែល​ទៅ​ស្ថាន​បរមសុខ​នៅពេល​ស្លាប់ និង លក្ខខណ្ឌ​នានា​ដែល​ពួកគេ​នឹង​ទទួល​បទពិសោធន៍​នៅ​ទី​នោះ ។ សូម​ចាត់​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២០–២២ សម្រាប់​សេចក្តីលម្អិត​ទាក់ទង​នឹង​ជន​មួយ​ចំនួន​ដែល​ទៅ​ស្ថាន​ឃុំ​វិញ្ញាណ​នៅពេល​ស្លាប់ និង លក្ខខណ្ឌ​នានា​ដែល​ពួកគេ​នឹង​ទទួល​បទពិសោធន៍ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចង្អុល​បង្ហាញ​ថា​មិនគ្រាន់តែ​ពួក​ទុច្ចរិត និង ពួក​បះបោរ​ប៉ុណ្ណោះ​ទេដែល​ទៅ​ស្ថាន​ឃុំ​វិញ្ញាណ​នៅពេល​ពួកគេ​ស្លាប់​ឡើយ ប៉ុន្តែ​អស់​អ្នក​ដែល​ស្លាប់​ទៅ​ក្នុង​អំពើ​បាប​របស់​ខ្លួន​ដោយ​គ្មាន​ការចេះដឹង​អំពី​ដំណឹង​ល្អ​ផងដែរ ( សូមមើល គ. និង ស. ១៣៨:៣២) ។ សូម​រំឭក​សិស្សថា​ខណៈ​ដែល​ប្រធាន យ៉ូសែប អ្វែស ស្ម៊ីធ​កំពុង​ពិចារណា​អំពី​វគ្គបទគម្ពី​នៅក្នុង ពេត្រុសទី ១, ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់​លោក​នូវ​របៀប ដែល​មនុស្ស​នៅក្នុងស្ថាន​ឃុំ​វិញ្ញាណ​នឹង​មាន​ឱកាស​ដើម្បី​ទទួល​ពរជ័យ​នានា​នៃ​ដំណឹង​ល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៩-៣២ ឲ្យ​ឮៗ ហើយសូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល របៀប​ដែលដំណឹង​ល្អ​ត្រូវ​បាន​បង្រៀននៅក្នុង​ពិភព​វិញ្ញាណ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ពួកគេ​គួរតែ​រកឃើញ​សេចក្តីពិត​ស្រដៀង​ខាង​ក្រោម​នេះ ៖ នៅក្រោម​ការដឹកនាំ​របស់​ព្រះយេស៊ូវគ្រីស្ទ សារទូត​សុចរិត​បង្រៀន​ដំណឹងល្អ​ដល់​អស់​អ្នក​ដែល​ស្ថិតនៅក្នុងស្ថានឃុំវិញ្ញាណ ។

លើ​រូប​នៅលើ​ក្តារខៀន សូមគូរ​សញ្ញា​ព្រួញ​មួយ​ចេញ​ពី​ស្ថាន​បរមសុខ​ទៅ​ស្ថានឃុំវិញ្ញាណ ដើម្បី​តំណាង​ពីរ​សារទូត​សុចរិត​របស់​ព្រះអម្ចាស់​ប្រកាស​ដំណឹង​ល្អ​នៅក្នុងស្ថានឃុំវិញ្ញាណ ។

សូមសង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣៣-៣៧ ដោយ​ពន្យល់​ថា កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​នឹង​មាន​ឱកាស​ដើម្បី​ទទួល​យក​គោលការណ៍ និង ពិធីបរិសុទ្ធនៃដំណឹងល្អ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ទោះជា​នៅ​លើ​ផែនដី ឬ នៅពិភពវិញ្ញាណ​ក្តី ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​មនុស្ស​គ្រប់​គ្នា​នឹង​ស្តាប់​ដំណឹង​ល្អ សូម​ពន្យល់ថា ទោះបី​ជា​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅពិភព​វិញ្ញាណ សម្រាប់​មួយ​រយៈពេល​ខ្លី​បន្ទាប់​ពី​ការសុគត​របស់​ទ្រង់ ទ្រង់​បាន​រៀបចំ​វិញ្ញាណ​សុចរិត ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​នៅ​ស្ថាន​ឃុំ​វិញ្ញាណ ។ កិច្ចការ​នេះ​នៅតែ​បន្ត​នាពេល​បច្ចុប្បន្ន​នេះ ។ នៅពេល​មនុស្ស​ដែល​ពុំ​ធ្លាប់​ឮដំណឹង​ល្អ ឬ ទទួល​យក​ដំណឹង​ល្អ នៅក្នុង​ជីវិត​របស់​យើង នៅ​ពេល​ស្លាប់ទៅ​ពួកគេ​ក៏​នឹង​មាន​ឱកាស​ដើម្បី​ស្តាប់ និង ទទួល​យក​ដំណឹង​ល្អ​នៅក្នុង​ពិភព​វិញ្ញាណ ។

សូម​រំឭក​សិស្សថា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣៨–៤៩, ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ធ្វើ​បញ្ជី​ឈ្មោះ​ជា​ច្រើន​នៃ​វិញ្ញាណ « អ្នក​ធំ និង អ្នក​ពូកែ​ទាំងឡាយ » ដែល​លោក​បាន​ឃើញ​នៅក្នុង​ពិភពវិញ្ញាណ ដែល​កំពុង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ​បន្ទាប់​ពី​ការសុគត​របស់​ទ្រង់​នៅលើ​ឈើ​ឆ្កាង ។ វិញ្ញាណ​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួប​គឺ​ជាព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ព្រះ​គម្ពីរ​មរមន ។ ដោយ​ចាប់ផ្តើម​នៅក្នុង ខ ៥៣, យើង​បាន​អាន​ថា​ប្រធាន ស្ម៊ីធ ក៏​បាន​ឃើញ​វិញ្ញាណ​ជម្រើសនានាដែលនឹងកើតមក នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រាចុងក្រោយនេះ រួមមាន ព្យាការី​យ៉ូសែប ស្ម៊ីធ ( ឪពុក​មា​របស់​លោក ) និង ហៃរ៉ុម ស្ម៊ីធ ( ឪពុក​របស់​លោក ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៣-៥៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែលបុគ្គល​ទាំង​នេះ​បាន​រួមចំណែក អំឡុង​ពេល​ពួកគេ​បានមានជីវិតនៅ​លើ​ផែនដី​ដើម្បី​សេចក្តីសង្គ្រោះ នៃ​អស់​អ្នក​ដែល​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ។

  • តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថ្ងៃ​ចុងក្រោយ​នេះ បាន​ជួយ​វិញ្ញាណ​នៅក្នុង​ស្ថានឃុំ​វិញ្ញាណ​ដោយ​របៀប​ណា ?

បន្ទាប់​ពី​សិស្ស​ឃើញ​ថា​ព្យាការី​ថ្ងៃ​ចុងក្រោយ​នេះ ជួយ​នៅក្នុង​សេចក្តី​ប្រោសលោះ​ដល់​មនុស្ស​ស្លាប់ តាមរយៈ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ និង ការធ្វើ​ពិធីបរិសុទ្ធ​នានា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន សូម​ដាក់ ឬ គូស​រូប​ព្រះវិហារ​បរិសុទ្ធ​នៅ​ជាប់​នឹង​រូប​នៅលើ​ក្តារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៨-៥៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល អ្វី​ដែលមរណជន​ត្រូវតែ​ធ្វើ​ដើម្បី​ត្រូវបាន​ប្រោស​លោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​មានអ្វី​ខ្លះ​នឹង​កើតឡើង​ចំពោះ​អ្នកទាំងឡាយ​ដែលប្រែចិត្ត​នៅក្នុងពិភព​វិញ្ញាណ ? ( សិស្ស​អាច​ប្រើពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម ៖ វិញ្ញាណ​ដែល​ប្រែចិត្ត​នឹង​ត្រូវបាន​ប្រោសលោះ តាមរយៈ​ការគោរព​ប្រតិបត្តិតាម​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ត្រូវបាន​ជ្រះស្អាត​តាមរយៈ​ដង្វាយ​ធួន ហើយ​បាន​ទទួល​រង្វាន់​របស់​ខ្លួន) ។

  • តើ​យើង​អាច​ជួយ​ក្នុង​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ​ដល់​អ្នក​ស្លាប់ អំឡុង​ពេល​ដែល​យើង​រស់នៅ​លើ​ផែនដី​នេះ​ដោយ​របៀប​ណា ? ( តាមរយៈ​ការបំពេញ​កិច្ចការ​ពង្ស​ប្រវត្តិ និង ការចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​ស្លាប់ ) ។

សូម​ចង្អុល​ទៅរូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ក្តារខៀន ។ សូម​ថ្លែង​ទីបន្ទាល់​ថា​នៅពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ នោះ​យើង​ជួយ​ពួកគេ—ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ទទួល​ពិធីបរិសុទ្ធ​ទាំង​នោះ—​ដើម្បី​ត្រូវបាន​ប្រោសលោះ​ចេញ​ពី​ស្ថានឃុំវិញ្ញាណ ហើយ​ចូលរួម​ជាមួយ​វិញ្ញាណ​សុចរិត​នៅ​ស្ថាន​បរមសុខ ។

លើ​រូប​នៅលើ​ក្តារខៀន សូមគូរ​សញ្ញា​ព្រួញ​មួយ​ចេញ​ពី​ស្ថានឃុំវិញ្ញាណទៅស្ថាន​បរមសុខ ដើម្បី​តំណាង​ពីការប្រោសលោះ​នៃ​វិញ្ញាណ​ដែល​ប្រែចិត្ត​ពីស្ថានឃុំវិញ្ញាណ ។

  • តើ​ការចេះដឹង​នេះ​អាច​ជះឥទ្ធិពល​យ៉ាង​ដូចម្តេច​លើ​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​សារការ​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ? ( អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ផងដែរ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៦០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្អៀង​តាម រក​មើល​ទីប​ន្ទាល់​របស់​ប្រធាន​យ៉ូសែប អែហ្វ ស្ម៊ីធ​អំពី​សេចក្តីពិត​ដែល​លោក​បានកត់ត្រា ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យដាក់​កាលវិភាគ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ឬ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នៅ​ពីរបី​សប្តាហ៍​ខាង​មុខ​ទៀត ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង ពរជ័យ​នានា​នៃ​ដង្វាយធួន​ដែល​មាន​ដល់​អ្នក​នៅរស់ និង អ្នក​ស្លាប់ ។

មេរៀនបន្ទាប់ ( កម្មវិធី និង អង្គការ​សាសនាចក្រ សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ការប្រកាសអំពី​ក្រុមគ្រួសារ និង ព្យាការី​នៅរស់ )

សូម​សួរ​សិស្ស​ពី​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​សាសនាចក្រ​ទ្រង់​សព្វថ្ងៃ​នេះ ។ ហេតុអ្វី​វាសំខាន់​ដើម្បី​មាន​ព្យាការី​ដែល​កំពុង​នៅរស់ ? ហេតុអ្វី​ក្រុមគ្រួសារ​មាន​សារៈសំខាន់ ? សូម​អញ្ជើញសិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​មេរៀន​នានា​នៅក្នុង​សប្តាហ៍​ក្រោយ ។