មេរៀនទី ១៥៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១-២៤
បុព្វកថា
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩៨១ នៅក្នុងប៊ីហៃ ហៅស៍ នៅទីក្រុងសលត៍ លេក (ជាផ្ទះដែលប្រធាន ព្រិកហាំ យ៉ង់ បានរស់នៅ ពេលលោកជាប្រធានសាសនាចក្រ ) ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានទទួលការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨។ នៅក្នុងការនិមិត្តនេះ ប្រធានស្ម៊ីធ បានឃើញព្រះអង្គសង្គ្រោះ ចន្លោះពេលនៃការសុគត និងការរស់ឡើងវិញរបស់ទ្រង់ បម្រើទៅដល់វិញ្ញាណសុចរិតនៅស្ថានបរមសុខ ដែលកំពុងរង់ចាំការរំដោះឲ្យរួចពីចំណងនៃសេចក្ដីស្លាប់ ។ នេះគឺជាមេរៀនទីមួយនៃមេរៀនចំនួនពីរ ដែលពិភាក្សាអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១-១១
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ពិចារណាអំពីបទគម្ពីរទាំងឡាយ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សនឹកគិត អំពីផែនការនៃសេចក្ដីសង្គ្រោះ និងអ្វីដែលបានកើតឡើងទៅដល់វិញ្ញាណ និងរូបកាយនៅពេលស្លាប់ ។
-
តើមានអ្វីនឹងកើតឡើងចំពោះវិញ្ញាណ និងរូបកាយរបស់យើង ពេលយើងស្លាប់ ? តើវិញ្ញាណរបស់យើងនឹងទៅកន្លែងណា ?
-
តើអ្នកនឹកគិតថា ពិភពវិញ្ញាណមានលក្ខណៈដូចម្ដេច ?
សូមពន្យល់ថា ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ជាប្រធានសាសនាចក្រទីប្រាំមួយ បានទទួលវិវរណៈមួយអំពីពិភពវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការណែនាំ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលប្រធាន ស្ម៊ីធ បានទទួលពិសោធន៍នៅក្នុងពេលជាច្រើនខែពីមុនសន្និសីទទូទៅខែតុលា ឆ្នាំ ១៩១៨ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមប្រាប់សិស្សថា នៅក្នុងខែទាំងនោះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធកំពុងកាន់ទុក្ខចំពោះការបាត់បង់កូនប្រុសរបស់លោក ហៃរ៉ុម ម៉ាក់ ស្ម៊ីធ ដែលបានបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អែលឌើរ ស្ម៊ីធ បានទទួលមរណភាពនៅដើមឆ្នាំនោះ ដោយសារធ្លាយពោះវៀនដុះខ្នែង នៅក្នុងវ័យ ៤៥ ឆ្នាំ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលលទ្ធិដែលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ពិចារណានៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩១៨ នៅពេលលោកនៅស្ងាត់ម្នាក់ឯងក្នុងបន្ទប់លោក ។
-
តើគោលលទ្ធិអ្វីដែលប្រធាន ស៊្មីធ ពិចារណា ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងតាមរយៈការគោរពប្រតិបត្តិចំពោះគោលការណ៍ទាំងឡាយនៃដំណឹងល្អ មនុស្សទាំងអស់អាចត្រូវបានសង្គ្រោះ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលប្រធាន ស្ម៊ីធ បានជួបបទពិសោធន៍ នៅពេលលោកពិចារណាអំពីដង្វាយធួន ។
-
តើមានអ្វីខ្លះបានចូលមកក្នុងគំនិតរបស់ប្រធាន ស៊្មីធ នៅពេលលោកបានពិចារណាអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ?
សូមសួរដល់សិស្សបើពួកគេធ្លាប់មានវគ្គគម្ពីរណាមួយ ដែលផុសចេញមកក្នុងគំនិតរបស់ពួកគេ នៅពេលពួកគេបានពិចារណាចំណែកមួយនៃដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៦-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការបង្រៀនដែលបានធ្វើឲ្យប្រធានស្ម៊ីធរំភើបចិត្ត ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មកសូមពន្យល់ថា ប្រធាន ស្ម៊ីធ បានទទួលការនិមិត្តមួយដែលជួយយើងយល់អំពីការបង្រៀនរបស់ពេត្រុស អំពីពិភពវិញ្ញាណ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១១ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលប្រធាន ស្ម៊ីធ បានមើលឃើញ នៅពេលលោកពិចារណាអំពីបទគម្ពីរ ។ សូមសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា ពីមុនសិស្សរៀនអំពីការនិមិត្តរបស់ប្រធាន ស្ម៊ីធ អំពីពិភពវិញ្ញាណ ពួកគេគួរតែកត់សម្គាល់អំពីដំណើរការនៃវិវរណៈដែលលោកបានពិពណ៌នា ៖ នៅពេលលោកពិចារណាអំពីបទគម្ពីរ លោកបាននឹកគិតដល់គោលលទ្ធិនៃដង្វាយធួន និងក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះមនុស្សលោកទាំងអស់ ។ គំនិតទាំងនេះ បាននាំឲ្យលោកនឹកចាំអំពីពាក្យសម្ដីរបស់ពេត្រុស ។ បន្ទាប់មក ពេលលោកពិចារណាអំពីពាក្យសម្ដីរបស់ពេត្រុស « កែវភ្នែកនៃការយល់ដឹងរបស់ [លោក] ត្រូវបានបើកឡើង » ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតមកលើលោក ហើយលោកបានឃើញពិភពវិញ្ញាណ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ អំពីការត្រៀមខ្លួនដើម្បីទទួលវិវរណៈ ? ( សិស្សអាចប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគប្បីប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងអាន និងពិចារណាបទគម្ពីរ នោះយើងត្រៀមខ្លួនយើងដើម្បីទទួលវិវរណៈ ។ អ្នកអាចស្នើឲ្យសិស្សសរសេរគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ១១ ។)
-
តើការអាន និងការពិចារណាបទគម្ពីរជួយអ្នកអញ្ជើញឲ្យមានវិវរណៈយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( បើអាចធ្វើទៅបាន សូមផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដល់សិស្ស ហើយសុំឲ្យពួកគេផ្ទៀងតាម ) ។ សូមឲ្យសិស្សស្ដាប់ការពិពណ៌នារបស់អែលឌើរ គ្រីស្តូហ្វឺសិន អំពីរបៀបដែលយើងគប្បីសិក្សាបទគម្ពីរ ៖
« នៅពេលដែលខ្ញុំនិយាយថា ‹ សិក្សា › ខ្ញុំមានន័យថាជាអ្វីមួយ ដែលពិសេសជាងការគ្រាន់តែអានទៅទៀត ។… ខ្ញុំឃើញថា ពេលខ្លះអ្នកអានខគម្ពីរមួយចំនួន រួចហើយឈប់ ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ សូមអានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតពីន័យរបស់វា សូមអធិស្ឋានសម្រាប់ការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ និង សរសេរទុកនូវការបំផុសគំនិត និង ទស្សនៈវិស័យជ្រៅជ្រះដែលនឹងមក ដូច្នេះអ្នកអាចចងចាំ និង រៀនបានច្រើនជាង » (When Thou Art Converted, »Ensignឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១ ) ។
-
តើពេលណាដែលអ្នកបានធ្វើតាមគំរូនេះ នៅក្នុងការសិក្សាគម្ពីររបស់អ្នក ? តើវាបានផ្លាស់ប្ដូរបទពិសោធន៍របស់អ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយ ដើម្បីអាន និងពិចារណាអំពីបទគម្ពីរតាមរបៀបដែលអែលឌើរ គ្រីស្តូហ្វឺសិន បានពិពណ៌នា ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២-២៤, ៣៨-៥០
យ៉ូសែប អេហ្វ ស៊្មីធ មើលឃើញមរណជនសុចរិត កំពុងរង់ចាំការរស់ឡើងវិញរបស់ពួកគេ
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ បន្ទាប់មក សូមឲ្យពួកគេពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូរបស់ពួកគេ ៖
-
តើព្រឹត្តការណ៍នាពេលអនាគតអ្វីខ្លះ ដែលអ្នកកំពុងទន្ទឹងចាំខ្លាំងបំផុតនោះ ? ហេតុអ្វីអ្នករំភើបចិត្តចំពោះវា ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ប្រាប់ចម្លើយរបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមពន្យល់ថា នៅពេលប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានមើលឃើញពិភពវិញ្ញាណនៅក្នុងការនិមិត្ត នោះលោកបានឃើញនូវការប្រមូលផ្ដុំគ្នាដ៏ធំនៃពួកវិញ្ញាណ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលការពិពណ៌នាអំពីពួកវិញ្ញាណដែលបានប្រមូលផ្ដុំគ្នានោះ ។
-
តើប្រធាន ស្ម៊ីធ ពិពណ៌នាអំពីពួកវិញ្ញាណដែលលោកបានមើលឃើញយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៨-៤៩ ដោយស្ងាត់ស្ងៀម រកមើលឈ្មោះនៃពួកវិញ្ញាណមួយចំនួនដែលនៅទីនោះ ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំឈ្មោះទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។ សូមឲ្យសិស្សរាយការណ៍ពីឈ្មោះមួយចំនួនដែលពួកគេរកឃើញ ។
-
ស្របតាម ខ ៤៩តើពួកវិញ្ញាណទាំងនេះកំពុងរង់ចាំអ្វី ? ( ការរំដោះឲ្យរួច ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៤-១៦, ៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវមូលហេតុដែលក្រុមវិញ្ញាណសុចរិតទាំងនេះ ពោរពេញដោយសេចក្ដីអំណរ និងភាពសប្បាយរីករាយ ។
-
ហេតុអ្វីបានជាពួកវិញ្ញាណសុចរិតទាំងនេះបានពោរពេញដោយសេចក្ដីអំណរ និងសេចក្ដីអររីករាយ ? ( « ដោយសារតែថ្ងៃនៃសេចក្ដីរំដោះរបស់គេនៅជិតដៃបង្កើយ » [ខ ១៥] ។ ជាពាក្យម្យ៉ាងទៀតថា ពួកគេបានដឹងថា ពួកគេនឹងត្រូវបានរស់ឡើងវិញក្នុងពេលឆាប់ៗ ដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីអ្នកគិតថា ការផ្គុំឡើងវិញនៃវិញ្ញាណ និងរូបកាយ នឹងនាំមកនូវសេចក្ដីរំដោះចំពោះពួកវិញ្ញាណសុចរិតទាំងនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៧ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវពរជ័យទាំងឡាយដែលក្រុមព្រលឹងសុចរិត ទទួលបាន បន្ទាប់ពីវិញ្ញាណ និងរូបកាយរបស់ពួកគេផ្គុំឡើងវិញ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យគូសចំណាំអ្វី ដែលពួកគេបានរកឃើញ ។
-
តើយើងអាចទទួលបានអ្វីខ្លះ នៅពេលយើងត្រូវបានរស់ឡើងវិញ ? ( ភាពពេញលេញនៃសេចក្ដីអំណរ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៤-១៧, ៥០ អំពីការរំដោះឲ្យរួចពីការស្លាប់ខាងរូបកាយ ? ( សិស្សអាចនឹងប្រាប់ អំពីគោលលទ្ធិ និងគោលការណ៍ផ្សេងៗ ប៉ុន្តែសូមប្រាកដថា ពួកគេយល់នូវគោលលទ្ធិពីរដូចខាងក្រោម ៖ តាមរយៈព្រះគុណនៃព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងត្រូវបានរំដោះឲ្យរួចពីចំណងនៃសេចក្ដីស្លាប់ ហើយ យើងអាចទទួលបានសេចក្ដីអំណរពេញលេញតាមរយៈការរស់ឡើងវិញ ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិទាំងនេះលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ដែលបានអធិប្បាយអំពីតម្រូវការ និងពរជ័យនៃការមានរូបកាយសាច់ឈាម ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់មើលមូលហេតុនៃការមានរូបកាយសាច់ឈាម មានសារៈសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌ចំពោះយើង ដើម្បីមានភាពពេញលេញនៃសេចក្ដីអំណរ ។
« រូបកាយសាច់ឈាមរបស់យើង ធ្វើឲ្យមានបទពិសោធន៍ទូលំទូលាយ ជ្រាលជ្រៅ និង កម្លាំង ដែលជាធម្មតាពុំអាចទទួលបាននៅក្នុងរូបកាយមុនជីវិតរមែងស្លាប់របស់យើងបានឡើយ ។ ដូច្នេះ ទំនាក់ទំនងរបស់យើងជាមួយមនុស្សទូទៅ សមត្ថភាពរបស់យើងដើម្បីស្គាល់ និង ប្រព្រឹត្តស្របតាមសេចក្ដីពិត និង លទ្ធភាពរបស់យើងដើម្បីគោរពតាមគោលការណ៍ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានពង្រីកឲ្យកាន់តែល្អឡើងតាមរយៈរូបកាយសាច់ឈាមរបស់យើង ។…
« ផែនការរបស់ព្រះវរបិតា ត្រូវបានគ្រោងឡើង ដើម្បីផ្ដល់ការដឹកនាំចំពោះកូនចៅរបស់ទ្រង់ ដើម្បីជួយពួកគេឲ្យរីករាយ ហើយនាំពួកគេត្រឡប់ទៅផ្ទះវិញ ទៅឯទ្រង់ដោយសុវត្ថិភាព ជាមួយនឹងរូបកាយដែលរស់ឡើងវិញ និងតម្កើងឡើង » (We Believe in Being Chaste,»Ensign ឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១, ៤៣ ) ។
-
ហេតុអ្វីយើងត្រូវការរូបកាយសាច់ឈាមដើម្បីទទួលបានសេចក្ដីអំណរពេញលេញ ?
ដើម្បីបន្ថែមពីលើចម្លើយរបស់សិស្ស អ្នកអាចនឹងចង់ពន្យល់ថា ភាពពេញលេញនៃសេចក្ដីអំណរ គឺជាប្រភេទនៃសេចក្ដីអំណរដែលព្រះវរបិតាសួគ៌មានបទពិសោធន៍ ។ ព្រះវរបិតាសួគ៌ មានរូបកាយសាច់ឈាមជា សាច់ និងឆ្អឹង ( សូមមើលគ. និង ស. ១៣០:២២) ។ នៅពេលវិញ្ញាណ និងរូបកាយរបស់យើងត្រូវបានបំបែកចេញពីគ្នា យើងពុំដូចជាទ្រង់ឡើង ហើយពុំអាចទទួលភាពពេញលេញនៃសេចក្ដីអំណរឡើយ ( សូមមើលគ. និង ស. ៩៣:៣៣-៣៤) ។ នៅពេលវិញ្ញាណ និងរូបកាយរបស់យើង ភ្ជាប់នឹងគ្នាដោយពុំអាចបំបែកបាន--នៅពេលយើងត្រូវបានរស់ឡើងវិញ-- នោះយើងអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង ហើយមានសេចក្ដីអំណរពេញលេញនៅទីបំផុត ។
សូមពន្យល់ថា ពួកសុចរិតនៅក្នុងពិភពវិញ្ញាណ កំពុងរង់ចាំ «ការយាងមក» ឬការយាងមកដល់របស់ព្រះរាជបុត្រានៃព្រះ ដើម្បីរំដោះពួកគេ ហើយស្ដារពួកគេឡើងនៅក្នុង « រូបរាងពេញខ្នាត » (គ. និង ស. ១៣៨:១៦-១៧) ។ សូមអញ្ជើញសិស្សឲ្យនឹកគិតក្នុងចិត្តនូវអ្វីដែលបានកើតឡើងនៅលើផែនដី ខណៈដែលពួកវិញ្ញាណសុចរិតទាំងនេះ ត្រូវបានរួបរួមគ្នា ។ ព្រះយេស៊ូវគ្រីស្ទ បានធ្វើដង្វាយធួនសម្រាប់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ តាមរយៈការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគេតសេម៉ានី និងនៅលើឈើឆ្កាង ។ ពួកវិញ្ញាណសុចរិតមួយចំនួន ដែលនៅក្នុងពិភពវិញ្ញាណ បានរង់ចាំអស់រាប់ពាន់ឆ្នាំសម្រាប់សេចក្ដីរំដោះរបស់ពួកគេ ។ ការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ រួមមានទាំងការប្រោសលោះពីអំពើបាបរបស់ពួកគេ ក៏ដូចជាសេចក្ដីសង្គ្រោះពីសេចក្ដីស្លាប់ខាងរូបកាយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៨-១៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម នឹកស្រមៃពីព្រឹត្តិការណ៍ដែលអាចកើតមាន ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
-
តើអ្នកគិតថា ការលេចព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណអាចនឹងមានលក្ខណៈយ៉ាងដូចម្តេចចំពោះអ្នកទាំងឡាយដែលទ្រង់បានយាងទៅជួប ?
-
តើព្រះអង្គសង្គ្រោះបង្រៀនដល់ពួកវិញ្ញាណទាំងនេះអ្វីខ្លះ ?
-
តើអ្នកអាចឆ្លើយតបចំពោះព្រះអង្គសង្គ្រោះ ដែលបានធ្វើដង្វាយធួនសម្រាប់អ្នកយ៉ាងដូចម្ដេច បើអ្នកបាននៅទីនោះស្ដាប់ឮទ្រង់ផ្សាយនៅក្នុងពិភពវិញ្ញាណ ? ( អ្នកអាចសុំឲ្យសិស្សពិចារណាអំពីសំណួរនេះដោយស្ងាត់ស្ងៀម ជាជាងឆ្លើយដោយឮៗ ។ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៣-២៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលពួកវិញ្ញាណសុចរិតបានឆ្លើយតបចំពោះការយាងមកជួបរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមចង្អុលបង្ហាញទៅគោលលទ្ធិទីមួយ ដែលអ្នកបានសរសេរនៅលើក្ដារខៀន៖តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងតាមរយៈការគោរពប្រតិបត្តិចំពោះគោលការណ៍ទាំងឡាយនៃដំណឹងល្អ មនុស្សទាំងអស់អាចត្រូវបានសង្គ្រោះ ។ សូមពន្យល់ថា នៅពេលសិស្សបន្ដសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ នោះពួកគេនឹងរៀនអំពីរបៀបដែលព្រះវរបិតាសួគ៌ បានផ្ដល់នូវមាគ៌ាមួយចំពោះកូនចៅទាំងអស់របស់ទ្រង់ ដើម្បីទទួលប្រយោជន៍មកពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។