មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៥ ( មេរៀនទី ២៩ )
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សឲ្យយល់ពីកិច្ចការមួយចំនួនដែលព្យាការី យ៉ូសែប ស៊្មីធបានធ្វើសម្រាប់សេចក្តីសង្គ្រោះរបស់មនុស្សលោក ។ សិស្សនឹងមានឱកាសផងដែរដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការីយ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញនៃដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១-៧
ទុក្ករកម្មនៃព្យាការីយ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវបានប្រកាស
ពីមុនថ្នាក់រៀន សូមបង្ហាញរូបភាពរបស់ យ៉ូសែប ស្ម៊ីធ ( សូមមើល សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៨៧ សូមមើលផងដែរ LDS.org) ។ អ្នកអាចគិតពីការឲ្យសិស្សច្រៀងបទ « សរសេរដល់លោក » (ទំនុកតម្កើង, លេខ ១៦ ) សម្រាប់ទំនុកតម្កើងការប្រជុំធម្មនិដ្ឋាន ។ ពីមុនការប្រជុំធម្មនិដ្ឋានសូមពន្យល់ថា ដ័បុលយូ ដបុលយូ ហ្វែប្ស បានសរសេរទំនុកបទនៃទំនុកតម្កើងនេះដើម្បីរំឭកចាំពីយ៉ូសែប ស្ម៊ីធ មិនយូរប៉ុន្មានបន្ទាប់ពីទុក្ករកម្មរបស់ព្យាការី ។
សូមចាប់ផ្ដើមមេរៀនដោយសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់ជជែកជាមួយនរណាម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រអំពីព្យាការី យ៉ូសែប ស៊្មីធដែរឬទេ ? ប្រសិនបើបានជជែកគ្នាមែន តើអ្នកបានជជែកគ្នាពីអ្វី ? ( ប្រសិនបើគ្មាននរណាម្នាក់ធ្លាប់ជជែកគ្នាពីរឿងនោះទេ សូមសួរសិស្សនូវអ្វីដែលពួកគេចង់ប្រាប់មនុស្សអំពីព្យាការីយ៉ូសែប ស្ម៊ីធ ) ។
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥ មាននូវសេចក្ដីប្រកាសនៃទុក្ករកម្មរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានប្រយោគទីមួយនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ។
-
តើសារលិខិតនៃខគម្ពីរនេះគឺជាអ្វី ? ( សិស្សគួរតែបង្ហាញថា យ៉ូសែប ស៊្មីធបានធ្វើកិច្ចការច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សលោកនេះ ជាងមនុស្សផ្សេងៗទៀតដែលធ្លាប់រស់នៅក្នុងលោកនេះ) ។
-
តើព្យាការីយ៉ូសែប ស្ម៊ីធបានធ្វើអ្វីខ្លះសម្រាប់សេចក្តីសង្គ្រោះ និង ភាពតម្កើងឡើងរបស់យើង ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឃ្លាទាំងអស់នៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីអ្វីដែលយ៉ូសែប ស្ម៊ីធបានធ្វើសម្រាប់សេចក្តីសង្គ្រោះរបស់យើង ។ សូមឲ្យសិស្សស្វែងរកចំណុចបន្ថែមទៀតដើម្បីបន្ថែមលើបញ្ជីនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធានយ៉ូសែប ហ្វែស ស៊្មីធ ។ សូមឲ្យសិស្សស្តាប់រកមើលនរណាដែលត្រូវបានទទួលរងឥទ្ធិពល តាមរយៈកិច្ចការនៃព្យាការីយ៉ូសែប ស្ម៊ីធ ។
« កិច្ចការដែលយ៉ូសែប ស្ម៊ីធ បានចូលប្រឡូកពុំត្រូវបានកំណត់ចំពោះតែជីវិតនេះនោះទេ ប៉ុន្តែវាជាប់ទាក់ទងនឹងជីវិតឯបរលោកនាយ និង ជីវិតដែលធ្លាប់មានផងដែរ ។ និយាយម្យ៉ាងទៀតថា វាជាប់ទាក់ទងនឹងអ្នកទាំងឡាយណាដែលបានរស់នៅលើផែនដីនេះ អ្នកទាំងឡាយណាដែលកំពុងរស់នៅ និង អ្នកទាំងឡាយណាដែលនឹងមកបន្ទាប់ពីយើង ។ វាពុំមែនជាអ្វីដែលគ្រាន់តែទាក់ទងនឹងមនុស្ស អំឡុងពេលពួកគេរស់នៅក្នុងរោងឧបោសថនៅក្នុងសាច់ឈាមនោះទេ ប៉ុន្តែគឺសម្រាប់គ្រួសារមនុស្សទាំងអស់ចេញពីភាពអស់កល្បទៅភាពអស់កល្ប » (Gospel Doctrine, ការបោះពុម្ពលើកទី ៥. [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៨១ ) ។
សូមមើលការពិពណ៌នារបស់យ៉ូសែប ស្ម៊ីធអំពីការនាំចេញមកនូវព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញានៅក្នុង ខ ៣។ ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីសារៈសំខាន់នៃកិច្ចការនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលហេតុផលដែលព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមក ។
-
យោងតាម ខ ៦, ហេតុអ្វីបានជាព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមក ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួររកឃើញសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបាននាំចេញមកសម្រាប់សេចក្តីសង្គ្រោះដល់ពិភពលោក) ។
-
តើមានវិធីណាខ្លះដែលព្រះគម្ពីរទាំងនេះរួមចំណែកផ្តល់សេចក្តីសង្គ្រោះដល់ពិភពលោក ?
-
យោងតាម ខ ៦, តើអ្វីខ្លះដែលធ្វើឲ្យព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញាមានតម្លៃខ្លាំងបំផុតក្នុងចំណោមព្រះគម្ពីរដែលអ្នកមាន ?
សូមឲ្យសិស្សពិចារណាពីអ្វីដែលពួកគេបានធ្វើជាមួយព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញានៅក្នុងជីវិតរបស់ពួកគេ ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញការដឹងគុណរបស់យើងចំពោះការបូជារបស់យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធដើម្បីនាំចេញមកនូវព្រះគម្ពីរទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬ សៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវរបៀបជាក់លាក់មួយ ដែលពួកគេអាចបង្ហាញការដឹងគុណរបស់ខ្លួនចំពោះការបូជាដែលបានធ្វើឡើង ដើម្បីនាំចេញមកនូវព្រះគម្ពីរទាំងនេះ ។
សូមមើលបញ្ជីដែលបានសរសេរលើក្ដារខៀនពីពេលចាប់ផ្តើមមេរៀនដំបូង ។ សូមថ្លែងទីបន្ទាល់ថាតាមរយៈការជួយស្តារព្រះគម្ពីរ គោលលទ្ធិពិត សិទ្ធិអំណាចនៃបព្វជិតភាព និង កូនសោ ពិធីបរិសុទ្ធ និង រចនាសម្ព័ន្ធនៃសាសចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ នោះយ៉ូសែប ស្ម៊ីធ បានជួយកូនចៅរបស់ព្រះទាំងអស់ទទួលបានសិទ្ធិពេញលេញ ដើម្បីទទួលពរជ័យនៃដង្វាយធួន ។
សូមពន្យល់ថាមនុស្សមួយចំនួនអាចយល់ច្រឡំអំពីអារម្មណ៍ ឬ ជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយចំពោះព្យាការីយ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់រកមើលរបៀបដែលសមាជិកសាសនាចក្រយល់ឃើញចំពោះយ៉ូសែប ស្ម៊ីធនៅក្នុងទំនាក់ទំនងចំពោះព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអាចធ្វើបាន អ្នកអាចផ្តល់ ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សមួយច្បាប់ម្នាក់ ។
« យើងមិនថ្វាយបង្គំព្យាការីទេ ។ យើងថ្វាយបង្គំព្រះជាព្រះវរបិតាសួគរបស់យើង និង ព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញគឺព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែយើងទទួលស្គាល់ព្យាការី យើងប្រកាសអំពីលោក យើងគោរពលោក យើងមានគារវភាពចំពោះលោកថាជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះដ៏មានមហិទ្ធិរិទ្ធិ ក្នុងការស្តារឡើងវិញមកលើផែនដីនូវសេចក្តីពិតពីបុរាណនៃដំណឹងល្អរបស់ព្រះ រួមជាមួយនឹងបព្វជិតភាពតាមរយៈសិទ្ធិអំណាចរបស់ព្រះ គឺត្រូវបានអនុវត្តនៅក្នុងកិច្ចការនៃសាសនាចក្ររបស់ទ្រង់ និង សម្រាប់ពរជ័យនៃប្រជារាស្ត្ររបស់ទ្រង់ » (Joseph Smith Jr.—Prophet of God, Mighty Servant » Ensign, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។
-
ជាពាក្យរបស់អ្នកផ្ទាល់ តើអ្នកនឹងពន្យល់ពីអារម្មណ៍របស់សមាជិកសាសនាចក្រអំពីព្យាការីយ៉ូសែប ស្ម៊ីធយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សឲ្យគិតពីឥទ្ធិពលនៃ ការបម្រើរបស់ព្យាការីយ៉ូសែប ស្ម៊ីធ មាននៅក្នុងជីវិតរបស់ពួកគេ និង ក្នុងជីវិតមនុស្សរាប់លាននាក់ទូទាំងពិភពលោក ។ សូមសរសេរ សំណួរដូចខាងក្រោម នៅលើក្ដារខៀន ហើយសូមឲ្យសិស្សឆ្លើយសំណួរទាំងនេះ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
សូមអញ្ជើញសិស្សឲ្យចំណាយពេលដែលសល់នៅក្នុងថ្នាក់ទាំងប៉ុន្មាន ដើម្បីចែកចាយអារម្មណ៍ និង ទីបន្ទាល់របស់ពួកគេអំពីព្យាការីយ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញនៃដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យគិតពីការប្រើប្រាស់ចម្លើយរបស់ពួកគេចេញពីសកម្មភាពសរសេរ កាលពីចាប់ផ្តើមថ្នាក់រៀន នៅពេលពួកគេបង្ហាញអារម្មណ៍ និង ទីបន្ទាល់របស់ខ្លួន ។
សូមបញ្ជប់មេរៀនតាមរយៈការចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យរកមើលឱកាសនៅពីរបីថ្ងៃខាងមុខនេះ ដើម្បីចែកចាយជាមួយនឹងអ្នកដទៃអំពីទីបន្ទាល់របស់គេអំពីព្យាការីយ៉ូសែប ស្ម៊ីធ និង តួនាទីរបស់លោកក្នុងការស្តារដំណឹងល្អឡើងវិញ ។ អ្នកអាចលើកទឹកចិត្តពួកគេផងដែរឲ្យកត់ត្រាពីទីបន្ទាល់របស់ពួកគេអំពីព្យាការីយ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញនៃដំណឹងល្អ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់របស់ពួកគេ ។
កំណត់ចំណាំ ៖ សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេនៅចុងមេរៀន វាសំខាន់ជាងការប្រើសកម្មភាពខាងក្រោមនេះ ។ ប្រសិនបើទីបន្ទាល់របស់សិស្សប្រើពេលនៅសល់នៃម៉ោងរៀនរបស់អ្នក នោះអ្នកអាចនឹងប្រើសកម្មភាពនេះនៅថ្ងៃផ្សេង នៅពេលអ្នកមានពេលច្រើន ។
សូមឲ្យបញ្ជីនៃសេចក្តីយោងនៃចំណេះចំណានខគម្ពីរទាំង ២៥ នៃគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រដល់សិស្ស ។ សូមអញ្ជើញពួកគេឲ្យពិចារណាពីវគ្គចំណេះចំណានខគម្ពីរណាមួយដែលពួកគេអាចប្រើដើម្បីបង្រៀននរណាម្នាក់ អំពីការស្តារឡើងវិញនៃដំណឹងល្អតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ សូមឲ្យសិស្សសរសេរមេរៀន ឬ ការនិយាយខ្លីមួយដោយប្រើប្រាស់វគ្គចំណេះចំណាន ខគម្ពីរមួយចំនួនដែលពួកគេបានរកឃើញ ។ ពួកគេអាចសរសេរមេរៀន ឬ ការនិយាយលើក្រដាស ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមគិតអំពីការអញ្ជើញសិស្សពីរបីនាក់ឲ្យបង្រៀនមេរៀនរបស់ខ្លួន ឬ អានការនិយាយដល់សិស្សដែលជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋាននាពេលខាងមុខ ។
មេរៀនបន្ទាប់ ( ការធ្វើដំណើរទៅទិសខាងលិច )
សូមឲ្យសិស្សស្រមៃថាព្យាការីបានសុំពួកគេឲ្យរៀបចំឥវ៉ាន់របស់ពួកគេ ហើយធ្វើដំណើរចំណាយរាប់រយគីឡូម៉ែត្រនៅក្នុងរទះសេះ ឬ រុញរទេះទៅមុខដោយគ្មានទិសដៅ ។ សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ពួកគេនឹងរៀនអំពីការធ្វើដំណើរទៅទិសខាងលិចរបស់ពួកបរិសុទ្ធ ។ ពួកគេក៏នឹងរៀនផងដែរអំពីរបៀបដែលព្រះអម្ចាស់បានបន្តដឹកនាំសាសាចក្រ រួមទាំងការបង្កើតអ្នកដឹកនាំបន្តបន្ទាប់ ក្រោយពីការស្លាប់របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។