មេរៀនទី ២៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១-២២
បុព្វកថា
នៅក្នុងខែមិថុនា ឆ្នាំ ១៨២៩ យ៉ូសែប ស្ម៊ីធ បានជួលម្ចាស់រោងពុម្ព ឈ្មោះ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បីបោះពុម្ពព្រះគម្ពីរចំនួន ៥០០០ ក្បាលក្នុងតម្លៃ ៣០០០ ដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយ ហ្គ្រានឌីន នឹងមិនចាប់ផ្ដើមបោះពុម្ព ឬសូម្បីតែទិញក្រដាសបោះពុម្ពឡើយ ទាល់តែគាត់ត្រូវបានអះអាងថា ទទួលបានប្រាក់បង់ថ្លៃសម្រាប់ការងារមុនសិន ។ នៅក្នុងវិវរណៈ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩ ដែលទំនងជាត្រូវបានប្រទានឲ្យនៅរដូវក្ដៅឆ្នាំ ១៨២៩ នោះព្រះអម្ចាស់បានបញ្ជាម៉ាទិន ហារិសឲ្យ « ចំណាយផ្នែកនៃទ្រព្យសម្បត្តិរបស់អ្នក … [ ហើយ ] សងបំណុលដែលអ្នកបានយល់ព្រមជាមួយនឹងអ្នកបោះពុម្ព » ( គ. និង ស. ១៩:៣៤–៣៥ ) ។ ដោយការប្រើចម្ការខ្លះៗរបស់គាត់ដាក់បញ្ចាំ នោះម៉ាទិន ហារិសផ្ទាល់បានអះអាងថា បង់ថ្លៃការចំណាយលើការបោះពុម្ព បើការលក់ព្រះគម្ពីរមរមន មិនអាចទូទាត់សងថ្លៃការចំណាយបានទេនោះ ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពិពណ៌នាអំពីវិវរណៈនេះ ជាមួយនឹងការបង្រៀនរបស់វាអំពីដង្វាយធួនជា « វិវរណៈដ៏មហិមាមួយ ដែលត្រូវបានប្រទានឲ្យនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ដែលមានសារៈសំខាន់មួយចំនួនច្រើនជាងនេះ » ( Church History and Modern Revelation, វ៉ុលទី ២ [ឆ្នាំ ១៩៥៣], ១:៨៥ ) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១-៣
ព្រះអង្គសង្គ្រោះប្រកាសថា ទ្រង់បានសម្រេចតាមព្រះឆន្ទៈរបស់ព្រះបិតាហើយ
នៅពេលចាប់ផ្ដើមថ្នាក់ សូមឲ្យសិស្សគិតអំពីអ្វីៗមួយចំនួន ដែលពួកគេត្រូវបានសុំឲ្យធ្វើ ឬនឹងត្រូវបានសុំឲ្យធ្វើ ដោយសារពួកគេជាសមាជិកនៃសាសនាចក្រ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ បន្ទាប់មក សូមឲ្យសិស្សមើលបញ្ជីនៅលើក្ដារខៀន ហើយជ្រើសរើសមវត្ថុមួយចំនួន ដែលគិតថាវាពិបាក ។ ( ឧទាហរណ៍ អាចបូករួមទាំង ការថ្វាយដង្វាយមួយភាគក្នុងដប់ ការបម្រើបេសកកម្ម និងការប្រែចិត្ត ) ។
-
ហេតុអ្វីក៏រឿងទាំងនេះ ពិបាកសម្រាប់មនុស្សមួយចំនួនដើម្បីធ្វើ ?
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទជាប្រវត្តិសាស្ត្រអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩ សូមអានបុព្វកថាចំពោះមេរៀននេះឲ្យឮៗ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១–៣ ដោយស្ងាត់ស្ងៀម រកមើលសេចក្ដីពិតអំពីព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ ។ ជាផ្នែកនៃការពិភាក្សា សូមប្រាកដថាសិស្សប្រាប់នូវគោលលទ្ធិដូចខាងក្រោ ៖ ព្រះយេស៊ូវគ្រីស្ទ បានបំពេញតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជម្រះយើង ស្របតាមកិច្ចការរបស់យើង ។. សូមចម្លងតារាងដូចខាងក្រោម នៅលើក្ដារខៀន ដោយប្រើសេចក្ដីពិតទាំងនេះ ជាចំណងជើងសម្រាប់កូឡោនទាំងពីរ ។ សូមអញ្ជើញសិស្សដើម្បីធ្វើតារាងស្រដៀងគ្នាមួយនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ហើយបំពេញវានៅអំឡុងមេរៀន ។ សូមទុកកន្លែងទំនេរនៅលើក្ដារខៀនឲ្យបានច្រើន ដើម្បីបំពេញតារាង ដូចបានបង្ហាញនៅពេលក្រោយក្នុងមេរៀន ។
|
ព្រះយេស៊ូវគ្រីស្ទ បានបំពេញតាមព្រះទ័យរបស់ព្រះបិតារបស់ទ្រង់ ។ |
ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជំរះយើង ស្របតាមកិច្ចការរបស់យើង ។ |
|---|---|
-
តើការដឹងអំពីសេចក្ដីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះ បានជួយដល់ ម៉ាទីន ហារិស ឲ្យមានអារម្មណ៍សុខសាន្ដ ក្នុងការសម្រេចចិត្តរបស់គាត់ ដើម្បីលក់ចំណែកដ៏ធំនៃចម្ការរបស់គាត់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤-១២
ព្រះយេស៊ូវគ្រីស្ទ ពន្យល់អំពីទារុណកម្មដ៏អស់កល្ប និងមិនចេះចប់
នៅក្នុងតារាងនៅលើក្ដារខៀន សូមសរសេរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤–១២ ពីខាងក្រោមចំណងជើង « ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជម្រះយើង ស្របតាមកិច្ចការរបស់យើង » ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤ ដោយស្ងាត់ស្ងៀម រកមើលសេចក្ដីពិតមួយ អំពីសេចក្ដីជំនុំជម្រះ ដែលយើងទាំងអស់គ្នាគួរតែគិតពិចារណា ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ គ្រប់រូបត្រូវតែប្រែចិត្ត បើពុំនោះសោតទេនឹងត្រូវរងទុក្ខ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរគោលលទ្ធិនេះ នៅលើក្ដារខៀនពីខាងក្រោម គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤–១២ » ។
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៥ មាននូវការពន្យល់របស់ព្រះអង្គសង្គ្រោះ ដែលទ្រង់នឹងមិនដកសេចក្ដីជំនុំជម្រះរបស់ទ្រង់ឡើយ ។ ការណ៍នេះតម្រូវថា អ្នកទាំងឡាយណាដែលពុំប្រែចិត្ត នឹងត្រូវរងទុក្ខចំពោះទោសអំពើបាបរបស់ពួកគេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះអង្គសង្គ្រោះ បានពិពណ៌នាអំពីស្ថានភាពនៃអ្នកទាំងឡាយណាដែលពុំប្រែចិត្ត ហើយហេតុដូច្នោះ នឹងទទួលការជំនុំជម្រះរបស់ទ្រង់ ។
-
តើអ្នកទាំងឡាយដែលពុំប្រែចិត្តនឹងមានបទពិសោធន៍អ្វីខ្លះ ?
-
តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៥ អាចលើកទឹកចិត្តដល់យើងឲ្យប្រែចិត្តយ៉ាងដូចម្ដេច ?
សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន នៅពីក្រោម « មនុស្សគ្រប់រូបត្រូវតែប្រែចិត្ត បើពុំនោះសោតទេនឹងត្រូវរងទុក្ខ » ៖ ទោសដ៏អស់កល្ប ឬមិនចេះចប់ ។
-
តើអ្នកគិតយ៉ាងដូចម្ដេច ពេលអ្នកស្ដាប់ឮ ឬអានឃ្លា « ទោសដ៏អស់កល្ប ឬមិនចេះចប់មិនចេះហើយ » នេះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៦–១២ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលព្រះអម្ចាស់កំណត់ទោសដ៏អស់កល្ប ឬមិនចេះចប់មិនចេះហើយនោះ ។ បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមលុបពាក្យ ដ៏អស់កល្ប ឬមិនចេះចប់ ពីលើក្ដារខៀន ហើយជំនួសដោយពាក្យ របស់ព្រះ ។
-
តើអ្នកគិតយ៉ាងដូចម្ដេច ពេលអ្នកស្ដាប់ឮ ឬអានឃ្លា « ទោសមកពីព្រះ » នេះ ?
អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា នៅក្នុងបទគម្ពីរ ពាក្យ ទោសដ៏អស់កល្ប និង ទោសមិនចេះចប់មិនចេះហើយ ពុំសំដៅទៅលើប្រវែងនៃពេលវេលាដែលមនុស្សនឹងរងទុក្ខចំពោះអំពើបាបរបស់ពួកគេនោះទេ ។ ព្រះអង្គសង្គ្រោះ បានមានបន្ទូលថា « យើងមិនចេះសាបសូន្យឡើយ ហើយទោសដែលយើងធ្វើចេញពីព្រះហស្ដរបស់យើងទៅ គឺជាទោសដ៏មិនចេះចប់មិនចេះហើយ ដ្បិតមិនចេះសូន្យឡើយ គឺជាព្រះនាមរបស់យើង » ( គ និង ស ១៩:១០ ) ។ ហេតុដូច្នោះហើយ នៅពេលទ្រង់សំដៅទៅលើ ទោសដ៏មិនចេះចប់មិនចេះហើយ ឬដ៏អស់កល្ប នោះទ្រង់កំពុងមានបន្ទូលអំពីទណ្ឌកម្មដែលទ្រង់នឹងដាក់ ស្របតាមច្បាប់ព្រះ និងតម្រូវការនៃសេចក្ដីយុត្តិធម៌ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣-២២
ព្រះអង្គសង្គ្រោះមានបន្ទូលអំពីការរងទុក្ខចំពោះអំពើបាបរបស់ទ្រង់
នៅក្នុងតារាងនៅលើក្ដារខៀន សូមសរសេរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣–១៧ ក្នុងកូឡោនចំណងជើងថា « ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជម្រះយើង ស្របតាមកិច្ចការរបស់យើង » ។ សូមពន្យល់ថា ខ ១៣-១៧ មាននូវការព្រមានមួយចំពោះសមាជិកនៃសាសនាចក្រ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣–១៧ ដោយស្ងាត់ស្ងៀម រកមើលលទ្ធផលចំពោះអ្នកទាំងឡាយដែលជ្រើសរើសមិនប្រែចិត្ត ។
-
តើមានអ្វីខ្លះនឹងកើតឡើង ចំពោះអ្នកទាំងឡាយដែលជ្រើសរើសមិនប្រែចិត្តពីអំពើបាបរបស់ពួកគេនោះ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ អ្នកទាំងឡាយណាដែលជ្រើសរើសពុំប្រែចិត្ត នឹងត្រូវរងទុក្ខចំពោះទោសនៃអំពើបាបរបស់ពួកគេ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន នៅក្រោម«គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣–១៧ » ) ។
សូមសរសេរ គោលលទ្ធិ និង សេចក្ដីសញ្ញា១៩:១៦–១៩ នៅក្នុងកូឡោនចំណងជើងថា « ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជម្រះយើង ស្របតាមកិច្ចការរបស់យើង » ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦-១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលព្រះអង្គសង្គ្រោះបានប្រាប់ថាហេតុអ្វីបានជាទ្រង់រងទុក្ខចំពោះអំពើបាបរបស់យើងដូច្នេះ ។
-
តើព្រះអង្គសង្គ្រោះបានប្រាប់ថាមានមូលហេតុអ្វីខ្លះ ដែលទ្រង់បានរងទុក្ខចំពោះអំពើបាបរបស់យើងនោះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ព្រះអង្គសង្គ្រោះ បានរងទុក្ខចំពោះអំពើបាបរបស់យើង ដូច្នេះយើងអាចប្រែចិត្ត ហើយពុំរងទុក្ខដូចជាទ្រង់បានរងទុក្ខ ) ។
-
ស្របតាមខគម្ពីរទាំងនេះ តើអ្វីដែលបានធ្វើឲ្យអំពើបាបរបស់យើងអាចត្រូវបានអភ័យទោស ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរសេចក្ដីថ្លែងការដូចខាងក្រោមក្នុងតារាងនៅលើក្ដារខៀន ពីក្រោម គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦–១៩ » ៖ សេចក្ដីរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ និងលោហិតដង្វាយធួនរបស់ទ្រង់ បានស្កប់ស្កល់ដល់តម្រូវការនៃសេចក្ដីយុត្តិធម៌ ។ ហេតុដូច្នោះហើយ សេចក្ដីមេត្តាករុណាត្រូវបានផ្ដល់ទៅឲ្យអ្នកទាំងឡាយដែលប្រែចិត្ត) ។
-
តើការស្គាល់សេចក្ដីពិត ដែលយើងបានលើកឡើងមកនៅថ្ងៃនេះ មានឥទ្ធិពលលើបំណងប្រាថ្នាដើម្បីធ្វើការប្រែចិត្តរបស់យើងយ៉ាងដូចម្ដេចខ្លះ ?
ដើម្បីជួយសិស្សឲ្យយល់អំពីការជ្រើសរើសដែលយើងទាំងអស់គ្នាត្រូវតែប្រែចិត្ត ឬក៏រងទុក្ខចំពោះទោសនៃអំពើបាបរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការដូចខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់៖
« នៅទីបញ្ចប់យើងនឹងត្រូវជ្រើសរើសលក្ខណៈនៃការរស់នៅរបស់ព្រះគ្រីស្ទ ឬលក្ខណៈនៃការរងទុក្ខរបស់ទ្រង់! វាអាចនឹង ‹ ត្រូវរងទុក្ខដូចជាយើង › ( គ. និង ស. ១៩:១៦-១៧) ឬយកឈ្នះ ‹ដូចជា [ ទ្រង់ ] … បានឈ្នះ› ( វិវរណៈ ៣:២១Overcome … Even As I Also Overcame, » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៧២ ) ។
នៅក្នុងតារាងនៅលើក្ដារខៀន សូមសរសេរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥, ១៨--១៩ ពីក្រោមចំណងជើង « ព្រះយេស៊ូវគ្រីស្ទ បានបំពេញតាមព្រះទ័យរបស់ព្រះបិតារបស់ទ្រង់ » ។
សូមពន្យល់ថា ដំណើររឿងភាគច្រើនអំពីសេចក្ដីរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានផ្ដល់ឲ្យដោយមនុស្សផ្សេងទៀត ក្រៅពីព្រះអង្គទ្រង់ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; លូកា ២២:៣៩–៤៤ ) ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩ មាននូវដំណើររឿងផ្ទាល់របស់ព្រះអង្គសង្គ្រោះអំពីសេចក្ដីរងទុក្ខរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥, ១៨–១៩ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលព្រះអង្គសង្គ្រោះ បានពិពណ៌នាអំពីសេចក្ដីរងទុក្ខ ដែលទ្រង់បានជួបអំឡុងពេលធ្វើដង្វាយធួន ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សថា ពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមបន្ថែមចម្លើយរបស់សិស្សទៅលើក្ដារខៀន ក្រោម «គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥, ១៨–១៩ » ។ តារាងចុងក្រោយ អាចសរសេរដូចជាអ្វីខាងក្រោមនេះ ៖
|
ព្រះយេស៊ូវគ្រីស្ទ បានបំពេញតាមព្រះទ័យរបស់ព្រះបិតារបស់ទ្រង់ ។ |
ព្រះយេស៊ូវគ្រីស្ទ នឹងជំនុំជម្រះយើង ស្របតាមកិច្ចការរបស់យើង ។ |
|---|---|
|
សេចក្ដីរងទុក្ខរបស់ព្រះអង្គសង្គ្រោះ គឺឈឺចាប់ ខ្លាំងបំផុត ហើយពិបាកទ្រាំទ្រ ។ សេចក្ដីរងទុក្ខរបស់ព្រះអង្គសង្គ្រោះ បានបណ្ដាលឲ្យទ្រង់ឈឺញ័ររន្ធត់ ដោយសារតែការឈឺចាប់ ហើយនឹងការហូរលោហិតពីគ្រប់គល់រោម ។ ព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខទាំងខាងសាច់ឈាម និងខាងសាច់ឈាម ។ ព្រះអង្គសង្គ្រោះ បានអធិស្ឋានថា សុំឲ្យទ្រង់បានរួចពីការទទួលទានពែងល្វីងនេះ បើអាចទៅរួច ។ ព្រះអង្គសង្គ្រោះ បានបំពេញតាមព្រះហឬទ័យរបស់ព្រះបិតា ហើយ «បានសម្រេចការរៀបចំ [ របស់ទ្រង់ ] ចំពោះកូនចៅមនុស្ស » ( គ. និង ស. ១៩:១៩ ) ។ |
មនុស្សទាំងអស់ត្រូវតែប្រែចិត្ត ឬត្រូវរងទុក្ខវេទនា ។ ទោសមកពីព្រះ អ្នកទាំងឡាយដែលជ្រើសរើសពុំប្រែចិត្ត នឹងរងទុក្ខនូវទោសនៃអំពើបាបរបស់ពួកគេ ។ សេចក្ដីរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ និងលោហិតនៃដង្វាយធួនរបស់ទ្រង់ បានធ្វើឲ្យស្កប់ស្កល់ដល់សេចក្ដីយុត្តិធម៌ ។ ហេតុដូច្នោះហើយ សេចក្ដីមេត្តាករុណាត្រូវបានផ្ដល់ទៅឲ្យអ្នកទាំងឡាយដែលប្រែចិត្ត ។ |
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចអំពីព្រះអង្គសង្គ្រោះរងទុក្ខនូវទោសនៃអំពើបាបរបស់យើងនោះ ?
-
តើការយល់ដឹងអំពីសេចក្ដីរងទុក្ខរបស់ព្រះអង្គសង្គ្រោះ បានជួយដល់ ម៉ាទីន ហារិស នៅពេលគាត់គិតពិចារណាអំពីរឿងដូចជាការបាត់បង់ឯកសារសរសេរដោយដៃ ១១៦ ទំព័រ ឬការលះបង់ចំណែកនៃទ្រព្យរបស់គាត់ដើម្បីបង់ថ្លៃការបោះពុម្ពព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
-
តើពេលណា ដែលចំណេះដឹងរបស់អ្នកអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ បានជួយអ្នកឲ្យប្រឈមមុខនឹងការលំបាកនោះ ? ( សូមរំឮកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ដែលពុំគួរចែកចាយ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២០ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលនូវឃ្លាមួយ ដែលសំដៅទៅលើគ្រាមួយ ដែលម៉ាទិន ហារិស ជួបនឹងការរងទុក្ខចំពោះអំពើបាបរបស់គាត់ ។
-
ហេតុអ្វីក៏អ្នកគិតថា ការគ្មានព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំទៅរកការរងទុក្ខដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យអានឡើងវិញ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៣, ១៥, ២០ ដោយស្ងាត់ស្ងៀម រកមើលបញ្ជានៅក្នុងខនីមួយៗ និងការព្រមាននៅក្នុង ខ ១៥ និង ២០ ។
-
តើបទបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងតាមរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរនូវទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍មួយដែលពួកគេបានរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១–២២ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩ ៖ សេចក្ដីណែនាំកណ្ឌ ។ « ព្រះបញ្ញត្តិមកពីព្រះ ហើយមិនមែនមកពីមនុស្សទេ ទៅដល់ម៉ាទីន ហារិស »
នៅក្នុងខែមិនា ឆ្នាំ ១៨៣០ ប៉ុន្មានខែបន្ទាប់ពីយ៉ូសែប ស៊្មីធ បានទទួលវវិរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩យ៉ូសែប ណៃយ៍ ស៊ីញ្ញ័រ បានធ្វើជាសាក្សីនៃការដោះដូររវាង យ៉ូសែប ស្ម៊ីធ និង ម៉ាទីន ហារិស ទាក់ទងនឹងការលក់ព្រះគម្ពីរមរមន ៖
« ព្រះគម្ពីរនេះនឹងពុំត្រូវបានលក់ទៅឲ្យអ្នកដែលពុំចង់បានវាឡើយ ។យ៉ូសែប មានប្រសាសន៍ថា ‹ ខ្ញុំគិតថា វានឹងលក់ដាច់ណាស់ › ។ គាត់និយាយថា ‹ ខ្ញុំចង់បានបញ្ញត្តិមួយ [ ឬវិវរណៈមកពីព្រះអម្ចាស់ ] › ។ យ៉ូសែប បានមានប្រសាសន៍ថា ‹ ហេតុអ្វី សូមបំពេញតាមតែអ្វីដែលអ្នកបានទទួលចុះ › ។ ‹ ប៉ុន្តែ › គាត់និយាយថា ‹ ខ្ញុំត្រូវតែមានបញ្ញត្តិមួយ › ។… គាត់នៅទទូចបីទៅបួនដងថា គាត់ត្រូវតែទទួលបានបញ្ញត្តិមួយ » ( ឌិន ចេស៊ី «Joseph Knight’s Recollection of Early Mormon History, »BYU Studies,វ៉ុលទី ១៧, លេខ ១ [ ឆ្នាំ ១៩៧៦ ], ទំព័រ ៣៧ ) ។
ការណែនាំរបស់ យ៉ូសែប ស៊្មីធ ឲ្យ « បំពេញនូវអ្វីដែលគាត់បានទទួលចុះ » គឺហាក់ដូចជាសំដៅទៅលើវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩ដែលព្រះបានប្រទានបញ្ញត្តិមួយដល់ ម៉ាទីន ហារិស រួចទៅហើយថា ឲ្យ « ចំណាយទ្រព្យសម្បត្តិរបស់គាត់ដោយសេរីសម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន » ( គ. និង ស. ១៩:២៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២, ១៩ ។ « ដោយបានបំពេញនឹងសម្រេចតាមព្រះហឬទ័យនៃទ្រង់ដែលយើងត្រូវជាបុត្រ »
អែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការចុះចូលឆន្ទៈរបស់មនុស្សម្នាក់ គឺពិតជារឿងផ្ទាល់ខ្លួនជាពិសេស ដែលយើងត្រូវដាក់នៅលើអាសនារបស់ព្រះ ។ វត្ថុផ្សេងៗជាច្រើនដែលយើង ‹ ផ្តល់ឲ្យ ›…គឺជាអ្វីៗដែលទ្រង់បានប្រទានឲ្យ ឬបានឲ្យយើងខ្ចី ។ ទោះជាយ៉ាងណាក៏ដោយ ទៅទីបំផុត នៅពេលអ្នកនឹងខ្ញុំ ចុះចូលខ្លួនយើង ដោយការទុកឲ្យឆន្ទៈផ្ទាល់ខ្លួនរបស់យើង ទៅជាព្រះឆន្ទៈរបស់ព្រះ នោះយើងគឺពិតជាបានផ្ដល់អ្វីមួយទៅឲ្យទ្រង់ហើយ ! វាគឺជាទ្រព្យសម្បត្តិតែមួយគត់ ដែលយើងបានផ្ដល់ឲ្យពិតប្រាកដ ! » «Swallowed Up in the Will of the Father »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ទំព័រ ២៤ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ព្រះអង្គសង្គ្រោះ គឺតែងតែស្ម័គ្រព្រះទ័យដើម្បីចុះចូលទៅនឹងព្រះហឬទ័យរបស់ព្រះវរបិតា ៖
« រឿងដែលព្រះគ្រីស្ទហាក់ដូចជាខ្វល់បំផុតអំពីបេសកកម្មរបស់ទ្រង់-- លើសពីតម្លៃខ្លួន និងលើសពីទេសនកថាដ៏សំខាន់ៗ ហើយហួសពីការព្យាបាលបាន គឺថាទ្រង់បានចុះចូលឆន្ទៈរបស់ទ្រង់ទៅនឹងព្រះហឬទ័យរបស់ព្រះវរបិតា » ( «Therefore, What ? » [ address to CES religious educators, ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ], ទំព័រ ៨, LDS.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៦, ១១–១២ « ទោសដ៏មិនចេះចប់មិនចេះហើយ » និង « ទោសដ៏អស់កល្ប »
ប្រធាន ជេ រ៉ូប៊ីន ក្លាក នៃគណៈប្រធានទីមួយ បានប្រទាននូវគំនិតបំភ្លឺដូចខាងក្រោម ទាក់ទងនឹង « ទោសមកពីព្រះ »៖
« ពេលព្រះអម្ចាស់យាងមកប្រទានរង្វាន់ឲ្យយើង…និងប្រទានទោសដល់យើង នោះខ្ញុំមានអារម្មណ៍ថា [ ព្រះអង្គសង្គ្រោះ ] និងផ្តល់ការដាក់ទោសនោះដែលជាទោសកំហុសដ៏តិចតួចបំផុតដែលការរំលងរបស់យើងនឹងបង្ហាញជាភស្តុតាងត្រឹមត្រូវ ។ ខ្ញុំជឿថា ទ្រង់នឹងនាំមកដោយសេចក្ដីយុត្តិធម៌ទាំងអស់នៃក្ដីស្រឡាញ់ និងពរជ័យដ៏គ្មានទីបំផុត ព្រមទាំងក្ដីមេត្តាករុណា និងព្រះទ័យល្អ ហើយនឹងការយោគយល់ដែលទ្រង់បានមាន ។…
« ម្យ៉ាងទៀត ខ្ញុំជឿថា នៅពេលដល់ការប្រទានរង្វាន់ចំពោះទង្វើរល្អរបស់យើង នោះទ្រង់នឹងប្រទានដល់យើងជាអតិបរមា តាមដែលអាចធ្វើបាន ដោយចាំក្នុងចិត្តនូវទោស ដែលយើងបានប្រព្រឹត្ត » ( «As Ye Sow … , » Brigham Young University Speeches of the Year [ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៥៥ ], ទំព័រ ៧ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់អំពីអត្ថន័យនៃទោសដ៏មិនចេះចប់មិនចេះហើយ និង ទោសដ៏អស់កល្បថា៖
«យើងរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញាថា ទោសដ៏មិនចេះចប់មិនចេះហើយ និង ទោសដ៏អស់កល្ប ពុំមានន័យថា មនុស្សម្នាក់ដែលបានដាក់ទោស នឹងស៊ូរងនឹងទោសនោះជារៀងរហូតនោះទេ ។… នៅពេលមនុស្សម្នាក់បានបង់ថ្លៃទោសនៃទង្វើខុសឆ្គងរបស់គាត់ ហើយប្រែចិត្តដោយរាបសារ ទទួលយកដំណឹងល្អ នោះគាត់នឹងចេញពីកន្លែងឃុំឃាំង ហើយត្រូវបានចាត់ឲ្យទៅកម្រិតសិរីល្អមួយចំនួន ស្របតាមគុណតម្លៃ និងភាពល្អរបស់គាត់» (Doctrines of Salvation,ចងក្រងដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–១៩៥៦ ], ២:១៦០ ) ។
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការបំភ្លឺបន្ថែមទាក់ទងទៅនឹងអត្ថន័យនៃទោសដ៏អស់កល្បថា៖
« ‹ទោសដ៏អស់កល្ប› … ពុំមានន័យថា បុគ្គលដែលរងទុក្ខម្នាក់ៗ ឬមនុស្សមានបាប គឺត្រូវបានដាក់ឲ្យស៊ូទ្រាំ ហើយរងទុក្ខដ៏អស់កល្ប ឬជារៀងរហូតនោះទេ ។ គ្មាននរណាម្នាក់ នឹងត្រូវឃុំឃាំងនៅក្នុងស្ថាននរគយូរជាង ភាពចាំបាច់ដើម្បីនាំបុគ្គលនោះមកកាន់អ្វីមួយដែលល្អប្រសើរជាងនោះទេ ។ នៅពេលគាត់មកដល់ដំណាក់កាលនោះ ទ្វារឃុំឃាំង នឹងបើកឡើង ហើយនោះនឹងមានក្ដីអំណរនៅក្នុងចំណោមបងប្អូនដែលស្វាគមន៍គាត់ ឲ្យមកចូលក្នុងកន្លែងដែលល្អប្រសើរមួយ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៣០,៩៧ សូមមើលផងដែរ សៀវភៅសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់សិស្ស ការបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៣៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២០ ។ « នៅពេលដែលយើងដកព្រះវិញ្ញាណរបស់យើងចេញ »
ឃ្លា « នៅពេលដែលយើងដកព្រះវិញ្ញាណរបស់យើងចេញ » អាចនឹងមានសេចក្ដីយោងទៅនឹងបទពិសោធន៍របស់ ម៉ាទីន ហារិស បានឆ្លងកាត់ បន្ទាប់ពីគាត់បានធ្វើឲ្យបាត់ឯកសារសរសេរដោយដៃនៃព្រះគម្ពីរមរមន ចំនួន ១១៦ សន្លឹក ។ លូស៊ី ម៉ាក ស្ម៊ីធ ជាម្ដាយរបស់យ៉ូសែប បានប្រាប់ថា នៅពេលម៉ាទីស ហារិស បានប្រាប់ដល់ យ៉ូសែប ស៊្មីធ អំពីការបាត់ឯកសារសរសេរដោយដៃ នោះគាត់បាន « យំដោយសំឡេងដែលមានការសោកស្ដាយបំផុតថា ‹ខ្ញុំបានបាត់វិញ្ញាណហើយ! ខ្ញុំបានបាត់វិញ្ញាណហើយ!› ( History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១២៨ ) ។
ការរងទុក្ខចំពោះអំពើបាប អាចកើតមាននៅក្នុងជីវិតរមែងស្លាប់នេះ ក៏ដូចគ្នានឹងបន្ទាប់ពីយើងស្លាប់ទៅផងដែរ ។ នៅពេលយើងមានបាប ព្រះវិញ្ញាណបរិសុទ្ធនឹងដកចេញពីយើង ទុកឲ្យយើងនៅដោយគ្មានការលួងលោមចិត្ត និងគ្មានអំណាចដើម្បីញែកឲ្យបរិសុទ្ធនៃវត្តមានរបស់ទ្រង់ឡើយ ។ នៅក្នុងវត្តមានរបស់ទ្រង់ យើងអាច «ភ្លក់រសជាតិ » នៃការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ ដែលបានទទួល ពេលទ្រង់បានរងទុក្ខចំពោះអំពើបាបរបស់យើង ។ ដំណើរការនៃការប្រែចិត្ត បានធ្វើឲ្យកើតមានឡើងសម្រាប់យើង ដើម្បីផ្សះផ្សារខ្លួនយើងជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ហើយទទួលអំណរនៃភាពជាដៃគូរបស់ព្រះវិញ្ញាណបរិសុទ្ធម្ដងទៀត ព្រមជាមួយនឹងពរជ័យជាច្រើនផងដែរ ។
ប្រធាន ហិនរី ប៊ី អាវរិង នៃ គណៈប្រធានទីមួយ បានមានប្រសាសន៍អំពីទំនាក់ទំនងរវាងការបាត់បង់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ និងតម្រូវការសម្រាប់ការប្រែចិត្ត៖
« បើអ្នកមានការលំបាកក្នុងការទទួលអារម្មណ៍ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកអាចពិចារណាដោយឈ្លាសវៃថា តើមានអ្វីខ្លះដែលអ្នកចាំបាច់ត្រូវប្រែចិត្ត ហើយទទួលបាននូវការអភ័យទោសនោះ » ( Gifts of the Spirit for Hard Times, »Ensignឬ លីអាហូណាខែ មិថុនា ឆ្នាំ ២០០៧, ទំព័រ ២៣ ) ។