ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥-៤៨ ( មេរៀន​ទី ១១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥-៤៨ មេរៀន​ទី ១១

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥-៤៨ ( មេរៀន​ទី ១១ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១-១៥)

នៅក្នុង​ការចាប់ផ្តើម​នៃ​ខគម្ពីរ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥, សិស្ស​បាន​អាន​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ឋានសួគ៌ និង ផែនដី ហើយ​ថា​ទ្រង់​គឺ​ជា​ព្រះគាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ។ នៅពេល​យើង​រៀន​ពី​ព្រះអង្គ​សង្គ្រោះ និង អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​អាច​បង្កើន​បំណងប្រាថា្ន​យើង​ឲ្យ​ស្ដាប់​តាម​សំឡេងរបស់​ទ្រង់ ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦-៧៥)

ចេញពី ការសិក្សា​នូវ​ទីសម្គាល់​នានា​នៃ​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​ទន្ទឹង​ចាំមើល​ទីសម្គាល់​នានា នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំអស្ចារ្យ​នោះ ។ ចេញ​ពីរឿង​ប្រៀបប្រដូច​នៃ​ស្ត្រី​ព្រហ្មចារីយ​ដប់​នាក់ នោះ​ពួកគេ​បាន​រៀន​ថា ប្រសិនបើ​យើង​ទទួល​សេចក្ដីពិត ហើយ​ទទួលយក​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ជាអង្គ​ដឹកនាំ​ផ្លូវយើង នោះយើង​នឹង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​ក៏​បាន​ណែនាំ​សិស្ស​ផងដែរ អំពី​ព័ត៌មាន​នៃ​ទីក្រុង​យេរូសាឡិម​ថ្មី ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា៤៦)

សិស្ស​បាន​ចំណាយ​ពេល​នៅក្នុង​មេរៀន​នេះ គិត​អំពី​របៀប​នៃ​ការដឹកនាំ​ការប្រជុំ​ក្នុង​សាសនាចក្រ ។ ពួកគេ​បាន​រៀន​ថា អ្នក​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​ដឹកនាំ​ការប្រជុំ​នានា ហើយ​ថា​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​ស្វាគមន៍​ដល់​មនុស្ស​ទាំងអស់​ដែល​មក​ក្នុងការប្រជុំ​ជា​សាធារណៈ​របស់​យើង ។ សិស្ស​ក៏​បាន​ឃើញ​ពី​វិធី​នានា​ដើម្បី​ចៀសវាង​ពី​ការត្រូវបាន​បោកបញ្ឆោត ៖ (១) ធ្វើ​តាម​ព្រះវិញ្ញាណ​ដោយ​អស់​ពី​បរិសុទ្ធភាព និង (២) អំពាវនាវ​ទៅ​កាន់​ព្រះ ហើយ​រស់នៅ​ដោយ​មាន​អំណរគុណ​ចំពោះ​ទ្រង់ ។ ក្រោយមក​សិស្ស​បាន​រៀន​អំពី គោលបំណង​នៃ​អំណោយទាន​ខាង​វិញ្ញាណ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨)

នៅពេល​សិស្ស​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ការរក្សា​កំណត់ត្រា​របស់​សាសនាចក្រ នោះ​ពួកគេ​បាន​ឃើញ​សេចក្តីពិត​ថា បើ​យើង​ស្មោះត្រង់​នៅក្នុងកិច្ចខិត​ខំ​របស់​យើង ដើម្បី​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​យើង ។ នៅពេល​សិស្ស​បាន​សិក្សា​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ការធ្វើ​អន្តោប្រវេស្តន៍​របស់​ពួក​បរិសុទ្ធ​ មក​ដល់​រដ្ឋ​អូហៃអូ ដែល​ចេញ​មក​ពី​ទីក្រុង​នូវ យ៉ោក នោះពួកគេ​បាន​គិត​អំពី​ការបញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកយើង​មាន​ជាមួយ​អស់អ្នកដែលខ្វះខាត ។

សេចក្តីផ្ដើម

មេរៀន​នេះ​គឺ​និយាយ​អំពីរបៀប​នៃ​ការគិត​គូរ​របស់​ព្រះយេស៊ូវគ្រីស្ទចំពោះពួក​យើង​គ្រប់​គ្នា ។ សិស្ស​នឹង​មាន​ឱកាស​ភ្ជាប់​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ពួកគេ​បាន​រៀន​ ពេញ​មួយ​សប្តាហ៍​នេះ​ជាមួយ​នឹង​របៀប ​ដែល​ព្រះអម្ចាស់​បើក​សម្តែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​យើង ។

កំណត់ចំណាំ ៖ នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ សិស្ស​ធ្វើ​ការទន្ទេញ និង អនុវត្ត​វគ្គចំណេះចំណាន​ខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣ ។ អ្នក​អាចសុំ​ឲ្យ​ពួកគេ​សូត្រ​វា ហើយ​ចែកចាយ​ពី​របៀប​ដែល​ពួកគេគិត​ពី​យុវវ័យ​ដែល​អាច « ប្រព្រឹត្តិ​ដោយ​គុណធម៌ និង ដោយ​បរិសុទ្ធភាព នៅ​ចំពោះ [ ព្រះអម្ចាស់ ] ជានិច្ច » ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥-៤៦

ព្រះអម្ចាស់​បង្រៀន​អំពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍ និង អំណោយ​ទាននានា​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ឥឡូវ​នេះ​មាន​នរណា​កំពុង​គិត​អំពី​អ្នកឬទេ ?

អ្នក​អាច​លើក​ទឹកចិត្តសិស្ស​ឲ្យ​ឆ្លៀត​ពេល​មួយ​សន្ទុះ​ដើម្បី​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥–៤៦, រក​មើល​ខគម្ពីរ​នានា​ដែល​ពួកគេ​បាន​គូសចំណាំ និង សេចក្តី​ពិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​រកឃើញ​ដែល​គាំទ្រ​គំនិត​ដែល​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​គិត​អំពី​ពួកគេ ហើយ​មាន​ចំណាប់​អារម្មណ៍​ដោយ​អង្គ​ទ្រង់ផ្ទាល់​ចំពោះ​ពួកគេ ។ សូម​ឲ្យសិស្ស​ពិចារណារ​ពី​សំណួរ​នៅលើ​ក្ដារខៀន ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​ការសិក្សា​របស់​អ្នកក្នុង​សប្តាហ៍​នេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​ថា​ព្រះអម្ចាស់​កំពុងតែគិតគូរ​ពី​អ្នក ? ( ចម្លើយ​របស់​សិស្ស​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គំនិត​ខាង​ក្រោម​នេះ ៖ ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ព្រះគាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ព្រះអង្គ​សង្គ្រោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​ពួកយើង​ដោយ​ការបើកបង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​កើត​មុន​ការយាង​មក​ជា​លើក​ទីពីរ ហើយ​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ នៅពេល​យើង​ព្យាយាម និង រស់នៅដោយ​សក្តិសម​តាម​អំណោយ​ទាន​ទាំង​នោះ ) ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​ប្រវត្តិសាស្ត្រសាសនាចក្រ​នា​ជំនាន់​នោះ មារសត្រូវ​បាន​សាបព្រោះការកុហក និង របាយការណ៍​ក្លែងក្លាយ​អំពី​សាសនាចក្រ និង ព្យាការី​យ៉ូសែប ស្ម៊ីធ ។ វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ បាន​រំឭក​ពួក​បរិសុទ្ធ​ជាពិសេស​ថា អំឡុង​ពេល​នៃ​គ្រា​ដ៏​លំបាក​នេះ​ព្រះអម្ចាស់​កំពុងតែ​គិត​គូរអំពី​ពួកគេ ។

សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អានការដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ពិចារណា​ពី​របៀប​ដែល​វិវរណៈ​នេះអាច​លួងលោម​ពួកបរិសុទ្ធ​អំឡុង​ពេល​នៃ​ការបៀតបៀន​នោះ ។ សូម​គិត​ឲ្យ​សិស្ស​ឈប់​មួយ​សន្ទុះ​នៅក្នុង​ការអាន​របស់​ពួកគេ ដូច្នេះ​អ្នក​អាចសួរ​សំណួរ​មួយចំនួន​ខាង​ក្រោម បន្ទាប់​ពី​បាន​អានខគម្ពីរ​ដែល​ទាក់ទង​នោះ ៖

  • តើ​គោលលទ្ធិ​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្កើត​ឋានសួគ៌ និង ផែនដី (គ. និង ស. ៤៥:១) បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ចំពោះ​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២ បង្ហាញ​ពី​កង្វល់​របស់​ទ្រង់​ចំពោះ​យើង​យ៉ាង​ដូចម្តេច ?

  • ចេញពី ខ ៣, តើ​អ្នក​យល់​អ្វីខ្លះ​ពី​ឃ្លា​ថា « អង្វរ​ជំនួស​អ្នក​រាល់​គ្នា ? »

  • យោងតាម ខ ៤, តើ​ព្រះអម្ចាស់​បាន​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ទ្រង់​ប្រែ​ក្លាយ​ជា​ព្រះគាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ? ( ទ្រង់​បាន​ជួប​ការរងទុក្ខ និង ការសុគត ព្រមទាំង​រស់នៅក្នុង​ជីវិតដែល​គ្មាន​អំពើ​បាប ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​តួនាទី​នៃ​អ្នក​គាំទ្រ​ចេញពី​អ្វី​ដែលពួកគេ​បាន​រៀន​នៅ​ក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន ) ។

  • តើ​ការដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​គាំទ្រ​ជាមួយ​ព្រះវរបិតាសួគ៌ ជះលទ្ធិពល​លើ​ការសម្រេចចិត្ត និង សកម្មភាព​របស់​អ្នក​ក្នុង​ពេល​នេះ​យ៉ាង​ដូចម្តេច ?

ដើម្បី​គូសបញ្ជាក់​អំពី ការគិតគូរ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ​សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន​ យ៉ូសែប ហ្វីលឌិង ស៊្មីធ​ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​គំនិត​បន្ថែម​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងនាម​ជា​ព្រះអង្គ​គាំ​ទ្រ​របស់​យើង ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« [ ព្រះយេស៊ូវ​គ្រីស្ទ ] គង់នៅ​ចន្លោះ​ព្រះវរបិតា និង មនុស្ស​លោក ។ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ។ អ្នក​ដឹង​ថា នៅពេល​ទ្រង់​គង់នៅ​លើ​ផែនដី នោះ​ទ្រង់​បាន​អធិស្ឋាន​ជា​ញឹកញាប់ ហើយ​ទ្រង់​បាន​អធិស្ឋាន​សម្រាប់ពួកសិស្សរបស់​ទ្រង់ ទូល​អង្វរ​ជាមួយ​ព្រះវរបិតា​ជំនួស ហើយ​ទ្រង់​បាន​ទូលអង្វរតាំង​ពី​នោះ​មក ហើយ​ថា​ទ្រង់​គង់​នៅ​ចន្លោះ​ពួក​យើង​ និង ព្រះ​ដែល​ជា​ព្រះបិតា​យើង » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៥៣ ទំព័រ ៥៨ ) ។

  • តើអ្នកគិតថាបុគ្គលម្នាក់​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការ​ធ្វើ​ជា​ព្រះអង្គ​គាំទ្រ​របស់​ខ្លួន​ដោយ​របៀប​ណា ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​ដោយ​មាន​ការគិតគូរ​ចំពោះ​សំណួរ​នេះ នោះ​អ្នក​អាច​ឲ្យ​ពួកគេ​មើលអ្វី​ដែល​ពួកគេ​បាន​សរសេរ សម្រាប់​ការចាត់​ឲ្យ​សរសេរលើកទី​ពីរ​របស់​ពួកគេ​នៅក្នុង​មេរៀន​របស់​ខ្លួន​សម្រាប់​ថ្ងៃ​ទី​ ១ នៃមេរៀន​នេះ [គ. និង ស. ៤៥:១–១៥] ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​គិត​អំពី​ពួកគេ ឬ ពួកគេ​បាន​ទទួល​អារម្មណ៍​ថា ពួកគេ​ពុំសូវ​សំខាន់​ជាង​អ្នក​ផ្សេងទៀត ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើលនូវ​របៀប​ដែលព្រះអង្គ​សង្គ្រោះ​មានអារម្មណ៍​អំពី​ពួកគេ​ម្នាក់ៗ ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គ្មាន​ពួក​យើង​ណា​ម្នាក់​ត្រូវបានផ្តល់តម្លៃ ឬ ត្រូវបាន​ស្រឡាញ់​ពី​ព្រះតិចជាងនរណា​ម្នាក់ទៀត​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ស្រឡាញ់​ពួក​យើង​ម្នាក់ៗ​ទោះបី​យើង​នៅក្នុង​ស្ថានភាព—អសុវត្ថិភាព អន្ទះសារ អត្តរូប និង គ្រប់​ស្ថាន​ភាព​ទាំងអស់ ។ ទ្រង់​ពុំ​វាស់វែង​ទេពកោសល្យ​របស់​យើង ឬ ភិនភាគនៃ​រូបរាង​យើង​ឡើយ ទ្រង់​ពុំ​វាស់វែង​ពី​វិជ្ជាជីវៈ ឬ ទ្រព្យសម្បត្តិ​យើង​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​លើអ្នក​រត់​ប្រណាំង គ្រប់រូប ដែល​អំពាវនាវ​ថា​ការប្រណាំង​នោះ​គឺ​ជំទាស់​នឹង​អំពើ​បាប, មិនមែន ប្រឆាំង​ជំទាស់​គ្នា​នឹង​គ្នា​ឡើយ ។ ខ្ញុំ​ដឹង​ថា​ប្រសិនបើ​យើង​នឹង​ស្មោះត្រង់ នោះ​មានសម្លៀកបំពាក់នៃ​សេចក្តីសុចរិត​ដែល​បាន​កាត់កែតម្រូវ​ដ៏​ស្អាត​ឥតខ្ចោះ​រួច​ជាស្រេចទៅហើយ ដែលកំពុងតែរង់ចាំ​សម្រាប់ មនុស្ស​គ្រប់​គ្នា» (« The Other Prodigal » Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​ព្រះគិតគូរ​ពី​ពួកគេ ឬ នៅពេល​ពួកគេ​ទទួល​អារម្មណ៍​ថា​ព្រះបាន​លើក​ទឹកចិត្ត​របស់​ពួកគេ ។

សូម​ពន្យល់​ថា របៀប​មួយ​ដែល​ព្រះអង្គស​ង្គ្រោះ​បាន​លួងលោម​ពួកបរិសុទ្ធ​ជំនាន់​ដើម អំឡុង​ពេល​នៃ​ការបៀតបៀន​នោះ​គឺ​ទ្រង់​បាន​ប្រាប់​ពួកគេ​ថា ទ្រង់​នឹង​យាង​មក​លើ​ផែនដី​ម្តង​ទៀត​ដើម្បី​ប្រទាន​ពរ​ដល់​ពួកគេ ។ សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ គោល​លទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៥–៥៩ ។

សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រទាន​ពរឲ្យ​នៅពេល​ព្រះអម្ចាស់​យាង​មក ។

  • យោងតាម ខ ៥៧, តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះ ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្តារខៀន ៖ បើ​យើង​ទទួល​សេចក្ដីពិត ហើយ​ទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ជាអ្នកដឹកនាំ​យើង នោះយើង​នឹង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ) ។

  • តើ​អ្នក​គិត​ថា​ការទទួល​សេចក្តីពិត និង ការទទួល​យក​ព្រះវិញ្ញាណ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង ​ជួយ​រៀបចំ​យើង សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​អ្នក​ធ្លាប់បាន​ធ្វើ​អ្វី​ខ្លះហើយ​ដើម្បី​ទទួល​បាន និង ទទួល​យកសេចក្តីពិត​នៅក្នុង​ជីវិត​របស់​អ្នក ? តើ​អ្នកធ្លាប់​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធកាល​ពីពេល​ណា ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​រួច សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​មក​ពីជីវិត​អ្នក​ផ្ទាល់ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧-៤៨

ពួកបរិសុទ្ធ​ត្រូវតែ​រក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ​ឲ្យ​បានទៀងទាត់ ហើយ​ចែកចាយ​ធនធាន​នានា​របស់​ពួកគេ​ដល់​គ្នា​ទៅវិញ​ទៅមក

សូម​រំឭក​សិស្ស​ថា ផ្នែក​មួយ​នៃ​ការសិក្សា​របស់​ពួកគេ​នៅ​សប្តាហ៍​នេះ បាន​ផ្តោតសំខាន់​ទៅលើ​សារៈសំខាន់នៃ​ការរក្សា​ទុកនូវ​ប្រវត្តិផ្តាល់ខ្លួន ឬ សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ។ ដើម្បី​លើក​ទឹកចិត្ត​ដល់​សមាជិក​នៅក្នុង​ថ្នាក់​ឲ្យ​បន្ត​កិច្ចខិតខំ​របស់​ខ្លួន ក្នុង​ការ​រក្សា​ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ ចាប់ផ្តើម​រក្សា​ទុក​នូវ​ប្រវត្តិ​ផ្ទាល់​ខ្លួន នោះ​អ្នក​អាចសួរពួកគេ​ពី​មូលហេតុ​ដ៏​សំខាន់​នៃ​ការរក្សា​ប្រវត្តិ​ផ្ទាល់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពរជ័យ​នានា​ដែល​ពួកគេ​បាន​មាន មក​ពី​ការរក្សា​ទុក​នូវ​ប្រវត្តិផ្ទាល់​ខ្លួន ឬ ពរជ័យ​ដែល​បាន​មក​ពី ការ​អាន​ប្រវត្តិសាស្ត្រ​របស់​ឪពុក​ម្តាយ ជីដូនជីតា ឬ បុព្វការីជន​ផ្សេង​ៗ​ទៀត ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥៦)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់ពួកគេ​នៅ អំឡុងពេល​នៃ​សប្តាហ៍​, អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើ​យើងផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដទៃ​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ប្រាប់​ថា អ្នក​កំពុងតែ​បង្រៀន ឬ កំពុងរៀន​ដោយ​ព្រះវិញ្ញាណ​តាមរបៀប​ណា ? តើ​វា​ធ្លាប់​មាន​ការ​ពិបាក​ដល់​អ្នក​ដែរ​ឬ​ទេ ដើម្បី​ញែក​ឲ្យ​ដឹង​ថា​អ្វី​មួយ​ម​ក​ពី​ព្រះ ឬ មក​ពី​ប្រភព​ណា​ផ្សេង​ទៀត​នោះ ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​រៀនពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​របៀប ដើម្បី​ស្គាល់​សេចក្តី​ពិត ហើយ​ចៀសវាង​ពី​ការបង្រៀនក្លែងក្លាយ ។