មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥៦ ( មេរៀនទី ១២ )
សេចក្តីផ្ដើម
នៅក្នុងខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រទានវិវរណៈជាច្រើន ដោយអំពាវនាវឲ្យពួកបរិសុទ្ធនៅរដ្ឋអូហៃអូ ធ្វើដំណើរទៅរដ្ឋមិសសួរី ។ មេរៀននេះផ្តោតលើទំនាក់ទំនងរវាងការគោរពប្រតិបត្តិតាម និង ការទទួលវិវរណៈបន្ថែមមកពីព្រះអម្ចាស់ ។ មេរៀននេះក៏នឹងនិយាយផងដែរពីអត្ថន័យនៃឃ្លា « ផ្ទុកឈើឆ្កាង [ របស់យើង ] » ( សូមមើល គ. និង ស. ៥៦:២) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១-១៣, ២២-៣៦
ព្រះអម្ចាស់បានបញ្ជាព្យាការី និងពួកអែលឌើរដទៃទៀត ឲ្យធ្វើដំណើរទៅរដ្ឋមិសសួរី ហើយផ្សាយដំណឹងល្អអំឡុងពេលនៃការធ្វើដំណើររបស់ពួកគេ
ពីមុនថ្នាក់ចាប់ផ្ដើម សូមរៀបចំតម្រុយចំនួនបី ដែលតម្រុយនិមួយៗនាំទៅរកតម្រុយមួយទៀត ។ ឧទាហរណ៍ តម្រុយទីមួយអាចនឹងនាំសិស្សឲ្យស្វែងរកតម្រុយទីពីរនៅក្រោម ឬនៅក្នុងវត្ថុមួយ នៅកន្លែងណាមួយក្នុងថ្នាក់រៀន ។ តម្រុយទីពីរអាចនឹងនាំពួកគេឲ្យស្វែងរកតម្រុយទីបីនៅកន្លែងផ្សេងក្នុងថ្នាក់រៀន ។ តម្រុយទីបីគួរតែនិយាយថា « អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១-៦ ។ សូមរកគោលការណ៍មួយដែលស្រដៀងគ្នាទៅនឹងសកម្មភាពនេះ » ។
សូមបិទតម្រុយទីមួយនៅលើក្ដារខៀន ហើយសរសេរការណែនាំដូចខាងក្រោមនៅជិតវា ៖ ធ្វើតាមតម្រុយនេះ ដើម្បីរៀនអំពីរបៀបទទួលបានការណែនាំជាបន្ដបន្ទាប់មកពីព្រះអម្ចាស់ ។
បន្ទាប់ពីសិស្សអានតម្រុយទីមួយ សូមអញ្ជើញពួកគេឲ្យធ្វើតាមការណែនាំដើម្បីរកតម្រុយទីពីរ ។ បន្ទាប់មកអញ្ជើញពួកគេឲ្យអានការណែនាំនៅតម្រុយទីពីរ ហើយស្វែងរកតម្រុយទីបី ។
ពីមុនសិស្សធ្វើតាមការដឹកនាំទៅតម្រុយទីបី សូមពន្យល់ថាវគ្គបទគម្ពីរ ដែលពួកគេនឹងស្វែងរក គឺមានការណែនាំដែលបានប្រទានឲ្យព្យាការី យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំបព្វជិតភាពដទៃទៀត នៅក្នុងសន្និសីទមួយរបស់សាសនាចក្រ ដែលបានធ្វើឡើងនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ក្នុងខែមិថុនា ឆ្នាំ ១៨៣១ ។ សូមរំឭកសិស្សថា ព្រះអម្ចាស់បានបើកសម្ដែងពីមុនមកថា ពួកបរិសុទ្ធនឹងបង្កើតទីក្រុងមួយ ហៅថា ស៊ីយ៉ូន ( សូមមើល គ. និង ស. ២៨:៩) ប៉ុន្តែទ្រង់ពុំទាន់បានបើកសម្ដែងពីទីតាំងនោះទេ ។
សូមអញ្ជើញសិស្សឲ្យធ្វើតាមការណែនាំនៅក្នុងតម្រុយទីបី ។ សូមអញ្ជើញសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១-៦ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលគោលការណ៍មួយដែលស្រដៀងគ្នាទៅនឹងសកម្មភាព ដែលពួកគេទើបតែបានបំពេញ ។
-
យោងតាម ខ ៤-៥, តើអ្វីខ្លះអាចកើតឡើង នៅពេលយើងស្មោះត្រង់ចំពោះការណែនាំរបស់ព្រះ ? (នៅពេលយើងធ្វើតាមការណែនាំរបស់ព្រះដោយស្មោះត្រង់ នោះទ្រង់នឹងបើកសម្ដែងព្រះទ័យទ្រង់កាន់តែច្រើនដល់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យសរសេរវានៅគែមនៃព្រះគម្ពីររបស់ពួកគេផងដែរ ) ។
-
តើសកម្មភាពនេះស្រដៀងគ្នានឹងគោលការណ៍នេះយ៉ាងដូចម្ដេច ? ( នៅពេលសិស្សធ្វើតាមការណែនាំនីមួយៗ នោះពួកគេបានទទួលការដឹកនាំបន្ថែម ដែលទីបំផុតនាំពួកគេទៅរកចម្លើយ ដែលពួកគេកំពុងស្វែងរក ) ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ដែលមនុស្សមួយចំនួនទទួលបានការណែនាំ និងសេចក្ដីពិតរបស់ព្រះអម្ចាស់បន្ដិចម្ដងៗ ជាជាងបានទទួលម្ដងទាំងអស់នោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣
ព្រះអម្ចាស់ហៅ ស៊ីឌនី គិលបឺត ឲ្យធ្វើជាអែលឌើរ ហើយធ្វើដំណើរជាមួយ យ៉ូសែប ស៊្មីធ ទៅរដ្ឋមិសសួរី
ដូចជាឧទាហរណ៍បន្ថែមមួយអំពីសេចក្តីពិតដែលបានរកឃើញខាងលើ សូមពន្យល់ថា អ្នកផ្លាស់ប្រែចិត្តជឿថ្មីម្នាក់ឈ្មោះ ស៊ីឌនី ហ្គីលប៊ើត បានដឹងថា គាត់ពុំរាប់បញ្ចូលជាអ្នកផ្សព្វផ្សាយម្នាក់នៃអ្នកផ្សព្វផ្សាយទាំងអស់ ដែលបានហៅឲ្យធ្វើដំណើរទៅរដ្ឋមិសសួរី ។ គាត់បានទៅជួបព្យាការីយ៉ូសែប ស៊្មីធ ហើយបានសួរថា តើព្រះអម្ចាស់មានព្រះទ័យឲ្យគាត់ធ្វើអ្វី ។ ព្យាការី បានទូលសួរ ហើយបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣ ។ វិវរណៈបានណែនាំបងប្រុស គិលបឺតឲ្យបោះបង់ពិភពលោកចោល ត្រូវបានតែងតាំងជាអែលឌើរ ហើយធ្វើដំណើរទៅរដ្ឋមិសសួរី ដើម្បីជួយធ្វើជាភ្នាក់ងារចំពោះសាសនាចក្រ ( សូមមើល គ. និង ស. ៥៣:១–៥) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពេលវេលា ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ទ្រង់នឹងប្រទានការណែនាំដែលនៅសល់ទាំងប៉ុន្មាន ( « នៅសល់ » ) ។ ( អ្នកអាចពន្យល់ថា ព្រះអម្ចាស់មានបន្ទូលសំដៅលើបញ្ជីនៃការណែនាំនេះថាជា « ពិធីបរិសុទ្ធ » ។ ពាក្យ ពិធីបរិសុទ្ធ ពេលខ្លះសំដៅទៅលើច្បាប់មួយ ឬ ព្រះរាជក្រឹតមួយ ) ។
-
តើអ្នកគិតថា ហេតុអ្វីយើងត្រូវតែគោរពតាមការណែនាំដែលព្រះអម្ចាស់បានប្រទានដល់យើង ពីមុនយើងអាចង់រំពឹងទទួលបានបន្ថែមទៀត ?
សូមអញ្ជើញសិស្សដែលមានបទពិសោធន៍មួយជាមួយនឹងគោលការណ៍នេះ ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ឬថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញ ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍មួយ ឬទីបន្ទាល់របស់អ្នកផងដែរ ។
សូមលើកទឹកចិត្តសិស្សឲ្យសរសេរសំណួរ កង្វល់ ឬការសម្រេចចិត្តមួយ ដែលពួកគេកំពុងជួប ដែលពួកគេចង់ទទួលបានជំនួយ និងការដឹកនាំរបស់ព្រះអម្ចាស់ ។ បន្ទាប់មក អញ្ជើញពួកគេឲ្យពិចារណា និងសរសេរនូវការណែនាំនានា ដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ដែលពួកគេអាចនឹងប្រុងស្ដាប់កាន់តែច្រើន ដើម្បីអញ្ជើញឲ្យមានការដឹកនាំបន្ថែមមកពីទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-៨
ព្រះអម្ចាស់បានលុបចោលនូវការហៅបម្រើបេសកកម្មរបស់អែសរ៉ា ធេយ័រហើយព្រមានដល់គាត់ឲ្យប្រែចិត្ត
សូមសួរសិស្សប្រសិនបើពួកគេមានស្គាល់នរណាម្នាក់ដែលលះបង់អ្វីដែលសំខាន់ ដើម្បីគោរពតាមបទបញ្ញត្តិមួយរបស់ព្រះអម្ចាស់ ។ ( ឧទាហរណ៍ អាចរួមមានទាំងនរណាម្នាក់ដែលពលិកម្ម ដើម្បីចូលរួមក្នុងសាសនាចក្រ ទៅបេសកកម្ម ឬគោរពតាមបទដ្ឋានជាក់លាក់របស់សាសនាចក្រ ) ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំរូរបស់ពួកគេ ។ បន្ទាប់មកសូមឲ្យសិស្សសង្ខេបពីអ្វីដែលពួកគេបានរៀនអំពី អែសរ៉ា ធេយ័រ នៅពេលពួកគេបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦ ។ ( ប្រសិនបើពួកគេត្រូវការជំនួយ សូមរំឭកពួកគេថា អែសរ៉ា ធេយ័រ ត្រូវបានបញ្ជាឲ្យបម្រើបេសកកម្មជាមួយថូម៉ាស ប៊ី ម៉ាស្ស ប៉ុន្តែដោយសារតែបញ្ហានៃភាពឆ្មើងឆ្មៃ និង អាត្មានិយម គាត់ពុំបានត្រៀមខ្លួនរួចរាល់ឡើយ នៅពេលការចេញដំណើរមកដល់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំង ឡាយ ដែលបានបដិសេធក្នុងការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះ អំពីអ្នកទាំងឡាយណាដែលបដិសេធមិនគោរពតាមបញ្ញត្តិរបស់ទ្រង់ ?
-
យោងតាម ខ២, តើយើងត្រូវធ្វើអ្វីខ្លះដើម្បីត្រូវបានសង្គ្រោះ ? (ដើម្បីបានសង្គ្រោះ នោះយើងត្រូវតែផ្ទុកឈើឆ្កាងរបស់យើង ធ្វើតាមព្រះអង្គ សង្គ្រោះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា « ផ្ទុកឈើឆ្កាង [ របស់យើង ] » មានន័យយ៉ាងដូចម្ដេច ? ( យ៉ូសែប ស្ម៊ីធ បកប្រែម៉ាថាយ ១៦:២៤ បានផ្តល់និយមន័យនៃឃ្លានេះតាមរបៀបនេះ ៖ « ហើយឥឡូវសម្រាប់មនុស្សម្នាក់ដែលផ្ទុកឈើឆ្កាងលើខ្លួន នោះគឺបានបដិសេធនូវរាល់សេចក្ដីអាក្រក់ និងតណ្ហានៃលោកិយទាំងអស់ ហើយរក្សាបទបញ្ញត្តិរបស់យើង » [ម៉ាថាយ ១៦:២៤, លេខយោង ឃ] ។ ការនិយាយពីឈើឆ្កាងគឺជាការរំឭកមួយនៃប្តេជ្ញាចិត្តរបស់ព្រះអង្គសង្គ្រោះ ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ យើងផ្ទុកឈើឆ្កាងរបស់យើង ដោយបង្ហាញឆន្ទៈរបស់យើងដើម្បីគោរពព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយ « បដិសេធខ្លួនយើង » ឬ លះបង់នូវអ្វីៗដែលចាំបាច់ដើម្បីគោរពតាមព្រះ ) ។
-
តើបទបញ្ញត្តិអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានឲ្យ ដែលតម្រូវឲ្យអ្នកផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយធ្វើការលះបង់ដើម្បីគោរពប្រតិបត្តិ ? ( គំរូមួយចំនួនអាចរកបាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ) ។
សូមអានគំរូខាងក្រោម ( ឬ បង្កើតគំរូមួយចំនួនដែលត្រូវច្រើនទៅនឹងស្ថានភាពរបស់សិស្សនៅក្នុងថ្នាក់របស់អ្នក ) ហើយសួរពីរបៀបដែលបុគ្គលម្នាក់ៗអាចផ្ទុកឈើឆ្កាងខ្លួន ហើយគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ៖
-
យុវជនម្នាក់កំពុងឈានចូលដល់អាយុ ដែលគាត់អាចនឹងបម្រើបេសកកម្មបាន ។ គាត់បារម្ភអំពីអ្វីៗដែលគាត់នឹងទុកចោល នៅពេលគាត់ចេញទៅបម្រើ ។
-
យុវនារីម្នាក់ដឹងថា យុវវ័យនៅក្នុងវួដនាងនឹងទៅទស្សនាព្រះវិហារបរិសុទ្ធក្នុងរយៈពេលពីរបីខែទៀត ប៉ុន្តែនាងពុំមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ។ មានអ្វីមួយកើតឡើងក្នុងជីវិតរបស់នាងក្នុងពេលនេះ ដែលរារាំងនាងមិនឲ្យទទួលបានប័ណ្ណនោះ ។
សូមពន្យល់ថា ប្រសិនបើយើងជ្រើសរើសមិនផ្ទុកឈើឆ្កាងរបស់យើងទេ នោះយើងអាចនឹងបាត់បង់ឱកាសដើម្បីប្រទានពរដល់អ្នកដទៃ ហើយទទួលពរជ័យសម្រាប់ខ្លួនយើង ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៣-៨ ដោយរំឭកសិស្សថា ដោយសារ អែសរ៉ា ធេយ័រ ពុំបានគោរពធ្វើតាម នោះបេសកកម្មរបស់គាត់ត្រូវបានលុបចោល ហើយគាត់បាត់បង់ឱកាសដើម្បីបម្រើនៅពេលនោះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីផ្ទុកឈើឆ្កាងរបស់គេ ហើយគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សូមលើកទឹកចិត្តឲ្យពួកគេធ្វើសកម្មភាពតាមការបំផុសគំនិតដែលពួកគេទទួល ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧-៥៩)
សូមសួរសិស្សថា តើវានឹងក្លាយទៅជាយ៉ាងដូចម្តេចដែរ ដើម្បីរស់នៅក្នុងសហគមន៍មួយដែលមនុស្សគ្រប់គ្នាសុចរិត មានសន្តានចិត្តល្អ និង មានចិត្តសប្បុរស ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩ យើងរៀនពីរបៀបដែលយើងគួរតែរស់នៅ ដើម្បីសមនឹងពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនដើម្បីរស់នៅក្នុងវត្តមានរបស់ព្រះ ។