ថ្នាក់​សិក្ខាសាលា
មេរៀនសិក្សានៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨-៨៩ ( មេរៀនទី ១៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨-៨៩ ( មេរៀន​ទី ១៩ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះគឺជាសេចក្តីសង្ខេប​នៃគោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨-៨៩ ( មេរៀន​ទី ១៩ ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០)

នៅពេល​សិស្ស​បាន​សិក្សា​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ពួកសង្ឃ​ជាន់​ខ្ពស់​មួយ​ក្រុម នោះពួកគេ​បាន​រៀន​ថា​ព្រះ​ប្រទាន​ពន្លឺ និង ជីវិត​ដល់​គ្រប់​អ្វីៗ​ទាំងអស់​តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា​វិញ្ញាណ និង រូបកាយ​គឺ​ជា​ព្រលឹង​នៃ​មនុស្ស ដែល​ត្រូវបាន​ប្រោសលោះ​នៅក្នុង​ការរស់ឡើង​វិញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​នៅក្នុង​ការរស់​ឡើង​វិញ យើង​នឹង​ទទួល​បាន​សិរីរុងរឿង​ស្របទៅតាម​ក្រឹត្យវិន័យ​ដែល​យើង​បាន​គោរពតាម ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា​ពួកគេ​អាចឃើញឫទ្ធានុភាព និង ព្រះចេស្តា​របស់​ព្រះ​នៅពេល​ពួកគេ​មើល​ពី​ការបង្កបង្កើត​របស់​ទ្រង់ ។ សិស្ស​បាន​សិក្សា​ខគម្ពីរ​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​យាង​ទៅជួបនគរ​និមួយៗរបស់​ទ្រង់ ព្រមទាំង​ប្រជាជន​ក្នុងនគរ​នោះតាម​កំណត់ពេល​របស់ទ្រង់ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​ពួកគេ​ខិតកាន់តែ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ខិត​ជិត​ពួកគេ​ផងដែរ ។ ពួកគេ​បាន​ឃើញ​ថា​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ តាមរបៀប​ដែល​ទ្រង់ជ្រាប​ថា​ជាចម្លើយដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ ហើយ​ថា​ប្រសិន​បើ​ពួកគេមាន​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ នោះពួក​គេ​នឹង​ពេញ​ដោយ​ពន្លឺ ។

ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១៤១)

នៅពេល​សិស្ស​បាន​សិក្សា​ការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​ការសាងសង់​សាលានៃ​ពួក​ព្យាការី នោះពួកគេ​បាន​រៀន​ថា ប្រសិន​បើ​ពួកគេ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ហើយ​ស្វែងរក​ការ​រៀនសូត្រ​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង នោះ​សេចក្តីជំនឿ​របស់​ពួកគេលើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កើន​ឡើង ។ ពួកគេ​បាន​រក​ឃើញ​អាកប្បកិរិយា​សុចរិត​ដែល​នឹង​ជួយ​ពួកគេរៀន និង ត្រូវបាន​ស្អាង​ឡើង ព្រមទាំង​ទង្វើ​ទុច្ចរិត​នានា​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​យើង​ឈប់​ធ្វើ​វា​ទៀត ។​ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា​ការបង្ហាញ​មិត្តភាព និង សេចក្តីស្រឡាញ់​ដល់​អស់​អ្នកដែលរៀន​ដំណឹង​ល្អ អញ្ជើញ​ព្រះវិញ្ញាណ​នៅពេល​ពួកគេ​សិក្សា​ជាមួយ​គ្នា ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩)

ចេញ​ពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​បងប្អូន​ប្រុស​ដែល​ចូលរៀន​នៅ​សាលានៃ​ពួក​ព្យាការី នោះសិស្ស​បាន​រៀន​ថា​ដោយ​សារ​ផែនការអាក្រក់​ទាំងឡាយដែល​មនុស្ស​រួម​គំនិត​ប្រព្រឹត្តិអំពើ​ទុច្ចរិត​នៅថ្ងៃ​ចុង​ក្រោយ នោះព្រះអម្ចាស់​បាន​ព្រមាន​ដល់​យើង​កុំ​ឲ្យ​ប្រើ​សារធាតុដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំងឡាយ ។ ពួកគេ​បាន​រកឃើញ​ការព្រមាន​របស់​ព្រះអម្ចាស់​អំពីការការប្រើខុសនូវសារធាតុ​ជាក់លាក់​មួយ​ចំនួន ហើយ​បាន​រៀន​ថា​ពួកគេ​គួរតែ​បរិភោគ​អាហារ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​ឆ្លាតវៃ និង ដោយ​មាន​អំណរគុណ ។ សិស្សបាន​រៀន​ថា ប្រសិន​បើ​យើង​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ នោះព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើងឲ្យ​មានសុខភាព​ល្អ មានប្រាជ្ញា មាន​កម្លាំង និ​ង ការការពារ ។

សេចក្តីផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​ពី​តម្លៃ​នៅក្នុង​ការបង្រៀន​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ ។ នៅពេល​ពួកគេ​បង្រៀន​គ្នា​ទៅវិញ​ទៅមកនូវ​គោលការណ៍​មួយ​ចំនួន ដែល​ពួកគេ​បាន​សិក្សា​អំឡុង​ពេល​សប្តាហ៍​នេះ នោះ​ពួកគេ​នឹង​មាន​ឱកាស​ទទួលបានបទពិសោធន៍​នៃ​គោលការណ៍​មួយចំនួន ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​អស់​អ្នក​ដែល​បាន​ចូលរៀន​នៅ​ក្នុង​សាលា​នៃពួក​ព្យាការី ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ នៅពេល​សិស្ស​បាន​សិក្សា​វគ្គ​ចំណេះចំណានខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៤ នៅស​ប្តាហ៍​នេះ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទន្ទេញ​វាឲ្យចាំ ហើយ​សូត្រ​វា​នៅពេល​ពួកគេ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​ផ្សេងៗ​នៃ​សាសនាចក្រ ។ ការអញ្ជើញ​នេះ​មាន​បំណង​ចង់​ជួយ​ពួកគេ​ឲ្យចងចាំថា ការ​ធ្វើ​ទង្វើ​សុចរិត​នានា និង ការ​ឈប់​ពីទង្វើទុច្ចរិត​នឹង​ជួយ​យើង​ឲ្យរៀនសូត្រ ហើយ​ត្រូវ​បាន​ស្អាងឡើង ។ អ្នក​អាច​រំឭកសិស្សអំពី​ចំណុច​នេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សូត្រ​វគ្គបទគម្ពីរ​នោះ​ជាមួយ​គ្នា ។ អ្នក​អាចលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រស់នៅតាម​ព្រះឱវាទ​ដែល​បាន​ប្រទាន​ឲ្យ​ក្នុង​វគ្គ​បទគម្ពីរ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១១៧

ព្រះអម្ចាស់ត្រាស់​បញ្ជាឲ្យ​ពួកអែលឌើរ​នៃ​សាសនាចក្រ​ត្រៀម​ខ្លួនសម្រាប់​ការ​បម្រើ​របស់ពួកគេ ហើយ​បាន​បើក​សម្ដែងអំពី​ព្រឹត្តការណ៍​ជុំវិញ​ការ​យាងមកជា​លើក​ទីពីរ​របស់ទ្រង់

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ក្តារខៀន ហើយ​បង្រៀន​សិស្ស​ម្នាក់​ទៀត​អំពី​របៀប​ធ្វើ​ការ​សាមញ្ញ​មួយ ដូចជា​ចង​ក្រវ៉ាត់ក ( ឬ​ការងារ​ផ្សេង​មួយ​ដែល​សិស្សទីពីរ​ពុំ​ចេះ​ធ្វើ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​លើក​ដៃ ប្រសិន​បើ​ពួកគេ​បានធ្លាប់​ជួយ​បង្រៀនមេរៀនមួយ ឬ ជំនាញមួយ​ដល់​នរណា​ម្នាក់​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ ។ សូម​ឲ្យ​មនុស្ស​មួយចំនួន​ដែល​លើក​ដៃ​របស់ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​បង្រៀន និង មនុស្ស​ដែល​ពួកគេ​បាន​បង្រៀន ។ សូម​តាមដាន​ដោយសួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​បាន​រៀនអ្វីខ្លះតាមរយៈ​ការ​ត្រៀម​បង្រៀន និង តាមរយៈ​ការ​បង្រៀន​នរណា​ម្នាក់ ?

  • ហេតុអ្វី​អ្នកគិត​ថា ជាញឹកញាប់​យើងរៀន​មកពី​ការ​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន​ច្រើនជាង​ត្រូវ​បាន​បង្រៀន​ពី​នរណា​ម្នាក់​ទៀត ?

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ អស់ជា​ច្រើន​ថ្ងៃ​នៅ​ចុង​ខែ ធ្នូ ឆ្នាំ ១៨៣២ និង នៅ​ដើម​ខែ មករា ឆ្នាំ ១៨៣៣ ដល់​អ្នកកាន់​បព្វជិតភាព​មួយក្រុម​ដែល​បានអធិស្ឋាន​ដើម្បី​ដឹង​អំពី​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់​អំពី​ការ​ស្ថាបនា​ស៊ីយ៉ូន ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​សំដៅទៅ​លើ​ក្រុមនៃពួក​អ្នក​កាន់បព្វជិតភាព​នេះ​ថា​ជា « អ្នកធ្វើ​ការមុនដំបូង នៅក្នុង​នគរ​ចុង​ក្រោយបង្អស់​នេះ » (គ. និង ស. ៨៨:៧០, ៧៤) ហើយ​បានបញ្ជា​ពួកគេ​ឲ្យ​រៀបចំ និង ចូលរៀន​ក្នុង​សាលា​រៀន​មួយ ដើម្បី​ត្រៀម​ខ្លួន​ពួកគេ​ចេញ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ចំណោម​ជាតិសាសន៍​នៅ​លើ​ផែនដី ( សូមមើល គ. និង ស. ៨៨:៧៤, ៨៤, ១២៧) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣-៧៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើលនូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកអ្នកកាន់បព្វជិត​ភាព​ទាំង​នេះ​ឲ្យ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​ដល់​អ្នកដទៃ ។

  • តើ « ពួក​អ្នក​ធ្វើការ​ដំបូងគេ » ទាំងនេះ​ត្រូវ​បាន​បញ្ជា​ឲ្យធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀមខ្លួន​បង្រៀន​ដល់​អ្នក​ដទៃ​ក្នុងនាមជាពួក​អ្នក​ផ្សព្វផ្សាយសាសនា ? ( អ្នក​អាចនឹង​សូម​សិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ ហើយ​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី « រៀបចំ » « ត្រៀមខ្លួន » និង « ញែក​ចេញ » ខ្លួន​យើង​ជា​បរិសុទ្ធ ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចែកចាយ​ដំណឹងល្អ ?

  • តើ​ការ​ត្រូវ​បាន​សម្អាត​ពី​អំពើបាប មានឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង ដើម្បី​ចែកចាយ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៧-៨០ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែលព្រះអម្ចាស់ បាន​បញ្ជាដល់​អ្នក​កាន់បព្វជិតភាព​ទាំងនេះ​ឲ្យធ្វើ នៅពេល​ពួកគេ​ជួប​ជាមួយគ្នា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ព្រះអម្ចាស់​បានសន្យាអ្វីខ្លះ​ចំពោះអស់​អ្នកដែល​ឧស្សាហ៍ព្យាយាមបង្រៀន ? ( ទ្រង់​បាន​សន្យា​ថា​ព្រះគុណរបស់​ទ្រង់​នឹង​នៅជាមួយពួកគេ ហើយ​ថា​ពួកគេ​នឹង​ត្រូវ​បាន​បង្រៀន​កាន់តែ​ល្អ​ឥតខ្ចោះ​បន្ថែមទៀតនៅក្នុង​គ្រប់​អ្វីៗ​ដែល​ពួកគេ​ចាំបាច់​ត្រូវ​យល់​ដឹង ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ ) ។

  • តើ​ពាក្យ​ថា « ព្រះគុណ​របស់​ព្រះអម្ចាស់​នឹង​នៅ​ជាមួយ​អ្នក » មានន័យ​យ៉ាងណា (គ. និង ស. ៨៨:៧៨) ? ( ព្រះអម្ចាស់​នឹង​ជួយ​យើង នៅពេល​យើង​ស្វែងរក​ដោយ​ព្យាយាម​ដើម្បី​បង្រៀន និង​រៀនដំណឹងល្អ ) ។

  • ចេញមក​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង ខ ៧៧-៧៨តើ​អ្នក​នឹង​ថ្លែង​នូវ​គោលការណ៍​មួយ​ស្ដីអំពី​ការ​បង្រៀន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹងរកឃើញ​គោលការណ៍​មួយ​ចំនួន ។ បន្ទាប់​ពី​ពួកគេ​ឆ្លើយ​ហើយ អ្នក​អាច​សរសេរ​គោលការណ៍ខាងក្រោម​នេះ​នៅលើ​ក្តារខៀន ៖ នៅពេល​យើង​បង្រៀនគ្នា​ទៅវិញទៅមក​ដោយឧស្សា​ហ៍ព្យាយាម នោះព្រះអម្ចាស់​នឹង​ជួយយើង​យល់​សេចក្ដីពិត​របស់ទ្រង់​កាន់តែ​បាន​ល្អ​ឥតខ្ចោះ ។ តាមរយៈ​ការ​បង្រៀន​ដល់​នរណា​ម្នាក់ នោះ​យើង​អាច​ត្រៀមខ្លួន​ដើម្បីចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ) ។

  • តើ​ការ​បង្រៀនដំណឹងល្អ​ដល់​អ្នកដទៃ​បាន​ជួយអ្នក​ឲ្យ​យល់​កាន់តែ​ល្អ​ប្រសើរអំពី​ដំណឹងល្អ​តាមវិធី​ណា ?

  • យោងតាម ខ ៧៩តើ​ប្រធាន​បទណា​ផ្សេងទៀត​ដែល​សំខាន់​ដើម្បី​យើង​យល់ដឹង ? តើ​ការ​ទទួល​បានចំណេះ​ដឹង​ទូលំទូលាយ​ដូច្នេះ អាចជួយ​យើង​បង្រៀនដំណឹងល្អ​ដល់អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

កំណត់ចំណាំ ៖ សកម្មភាព​ខាងក្រោម​នេះ​គឺ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​សិស្ស​ជា​ក្រុមៗដែល​មួយ​ក្រុម​មាន​សិស្ស​បួន​នាក់ ដើម្បី​រៀបចំ និង បង្រៀន​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ភាព​ដៃ​គូ ។ ប្រសិន​បើ​អ្នក​មាន​សិស្ស​តិច អ្នក​អាច​ឲ្យ​សិស្ស​រៀបចំ ហើយ​បង្រៀន​បុគ្គល​ម្នាក់ៗ ឬ អ្នក​អាច​ឲ្យសិស្ស​បង្រៀន​អ្នកនូវ​មេរៀន​មួយ ហើយ​បន្ទាប់​មក​អ្នក​អាច​បង្រៀន​ពួកគេ​នូវ​មេរៀន​ផ្សេង​ទៀត ។

សូម​ពន្យល់​សិស្ស​ថា អ្នក​ចង់​ជួយ​ពួកគេ​ឲ្យទទួលអារម្មណ៍នៃ​ភាពសំខាន់ និង អនុវត្ត​គោលការណ៍ពីរ​នៃ​ការបង្រៀន​ដែល​ពួកគេ​រកឃើញ ។ សូម​ចែក​សិស្ស​ជាក្រុម​ៗដែល​មាន​គ្នា​បួននាក់ ។ សូម​ឲ្យសិស្ស​ពីរនាក់​នៅក្នុងក្រុម​និមួយៗ​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​ប្រើ​ព្រះគម្ពីរ និង សៀវភៅ​កំណត់​ហេតុសិក្សា​ព្រះគម្ពីររបស់​ពួកគេដើម្បី​រៀបចំ​បង្រៀន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៣–៦៨ ដល់​សិស្ស​ពីរនាក់​ផ្សេង​ទៀត ។ សូម​ឲ្យសិស្ស​ពីរនាក់​ផ្សេង​ទៀត​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​រៀបចំ​បង្រៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១ ដល់​សិស្ស​ពីរនាក់​ដំបូង ។

សូមចែកច្បាប់​ចម្លង​នៃ សេចក្ដីណែនាំ​ខាង​ក្រោមនេះ សម្រាប់​ក្រុម​និមួយៗ ។ សូម​ឲ្យ​ពួកគេ​អាន​សេចក្ដីណែនាំ និង ខ​ព្រះគម្ពីរ​នានា រួច​ហើយ​សម្រេច​ពី​របៀប​ដែល​ពួកគេ​នឹង​បង្រៀន​មេរៀន​និមួយៗ ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ទាំងពីរ​នាក់​នៅក្នុង​ដៃគូ​និមួយៗ​ឲ្យ​ចូលរួម​នៅក្នុង​ការ​បង្រៀន ) ។ សូម​ពន្យល់​ថា​ដៃគូនិមួយៗនឹង​មានរយៈពេល​ប្រហែលជា ៨–១០​នាទី ដើម្បី​រៀបចំ​មេរៀន ហើយ​ប្រហែលជា​៥​នាទី​ដើម្បី​បង្រៀន​របស់​ខ្លួន ។

សេចក្តីណែនាំ​សម្រាប់​សិស្ស​ដែល​នឹងបង្រៀន ៖

  1. សូម​អាន​វគ្គ​បទគម្ពីរ​ទាំងអស់​ដែល​បាន​ចាត់​ដល់​អ្នក ។ អ្នក​អាច​អធិស្ឋាន​នៅក្នុង​ចិត្ត​របស់​ខ្លួន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នក​នៅពេល​អ្នក​រៀបចំ និង នៅពេល​អ្នក​បង្រៀន ។

  2. សូម​មើល​កំណត់ចំណាំ ឬ ការគូសចំណាំ​នានា​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ព្រះគម្ពីរ និង នៅក្នុង​សៀវភៅ​កំណត់ហេតុសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បីជួយ​អ្នក​ឲ្យ​ចាំ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការសិក្សាវគ្គ​បទគម្ពីរ​របស់​អ្នក​អំឡុងពេល​សប្តាហ៍​នេះ ។

  3. សូម​កត់ ឬ គូសចំណាំ​គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​អ្នក​ចង់​បង្រៀន ។

  4. សូម​សម្រេចចិត្ត​ពី​របៀប​ដើម្បី​បង្រៀន​មេរៀន​គោលលទ្ធិ ឬ គោលការណ៍ ។ សូមគិត​ពីការប្រើយោបល់​ខាង​ក្រោម​នេះ​នៅពេល​អ្នក​បង្កើត​គម្រោង​មេរៀន ៖

    1. សូមគិត​ពី​សំណួរ​សាមញ្ញ​មួយ​ដើម្បី​សួរ ឬ គិត​ពីឧបករណ៍​មេរៀន​មួយ​ដែល​អ្នកអាច​ប្រើ​វា ដើម្បី​ទាក់ទាញ​ការចាប់​អារម្មណ៍ពីអស់​អ្នក​ដែល​អ្នក​បង្រៀន ហើយ​ណែនាំ​ឲ្យស្គាល់ប្រធាន​បទ ។

    2. សូម​ពន្យល់អ្វី​ដែល​អ្នក​ស្គាល់​ពី​ប្រវត្តិ និង មាតិកា​នៃ​វិវរណៈនេះ ហើយ​អញ្ជើញអស់​អ្នក​ដែល​អ្នក​បង្រៀន​អាន​ផ្នែក​មួយ ឬ ទាំងអស់​នៃ​វគ្គ​បទគម្ពីរ​ដែល​អ្នក​ត្រូវបាន​ចាត់​ឲ្យ​អាន ។

    3. សូម​សួរ​សំណួរនានា​ដែល​ជួយ​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀនរកឃើញ​គោលលទ្ធិ ឬ គោលការណ៍ ហើយ​បន្ទាប់​មកសួរ​សំណួរ​បន្ថែម​ទៀត​ដើម្បី​មើល​ថាបើ​ពួកគេ​យល់​វា​ដែល​ឬ​អត់ ។

    4. សូមចែកចាយ​បទពិសោធន៍មួយ​ដែល​អ្នក​មានជាមួយ​គោលលទ្ធិ ឬ គោលការណ៍​នោះ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់ និង សេចក្តីពិត​របស់​វា ។ អ្នក​ក៏​អាច​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ចែក​ចាយ​បទពិសោធ​មួយ ដែល​ពួកគេ​មាន​ជាមួយ​នឹង​គោលលទ្ធិ និង គោលការណ៍​នេះ ។

បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំមេរៀន​ហើយ សូម​អញ្ជើញ​ដៃគូ​ដែលបាន​ចាត់​តាំង​ឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣-៦៨ ដើម្បីបង្រៀន​សិស្ស​ដទៃទៀត​នៅក្នុង​ក្រុម​របស់ពួកគេ ។ បន្ទាប់​មក​សូមឲ្យ​សិស្ស​ផ្លាស់​តួនាទី​គ្នា ហើយ​អញ្ជើញ​ដៃគូ​ដែល​បាន​ចាត់តាំងឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១៨-២១ ឲ្យ​បង្រៀន ។

បន្ទាប់​ពី​សិស្ស​បាន​បង្រៀន​គ្នា​ទៅវិញ​ទៅមក​រួចហើយនោះ សូម​ចង្អុល​បង្ហាញ​ពី​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ « នៅពេល​យើង​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​យល់​សេចក្ដីពិត​របស់​ទ្រង់​កាន់តែ​បាន​ល្អ​ឥតខ្ចោះ » ។ បន្ទាប់មកសូម​សួរសិស្ស​នូវ​សំណួរ​ខាង​ក្រោម ៖

  • តើអ្នក​មាន​ការ​យល់​ដឹង​កាន់​តែខ្លាំង​ប៉ុណ្ណា​អំពី​ខគម្ពីរ​ទាំងនេះ នៅពេល​អ្នក​បង្រៀន​វាដល់​អ្នកដទៃ​នាថ្ងៃនេះ ?

  • តើ​អ្នកទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ ?

សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ស្វែង​រក​ឱកាស​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែលពួកគេ​នឹង​ទទួល​ចំពោះការ​ធ្វើ​ដូច្នោះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩៧)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន អំឡុងពេល​នៃ​សប្តាហ៍​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​សំណួរ​ខាង​ក្រោម ៖ តើ​ព្រះអម្ចាស់​បាន​ដាក់​លក្ខខណ្ឌ​អ្វីខ្លះដែល​រាប់ទុកជា​គុណ​សម្បត្តិ​ដើម្បី​ឃើញ​ព្រះភ័ក្រ​ទ្រង់ ? តើ​ពរជ័យ​នៃការ « មានចិត្ត​បរិសុទ្ធ » មាន​អ្វី​ខ្លះ (គ. និង ស. ៩៧:១៦) នៅពេល​អ្នក​ចូល​ព្រះវិហារ​បរិសុទ្ធ ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ ការថ្វាយបង្គំ ដល់​ព្រះ​មាន​ន័យ​ដូចម្តេច ? នៅក្នុង​ការសិក្សារបស់​អ្នក​នៅ​សប្តាហ៍​ក្រោយ​នេះ សូម​រកមើល នរណា ដែល​យើង​ថ្វាយ​បង្គំ និង របៀប ដែល​យើង​ថ្វាយ​បង្គំ ។