ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៥


មេរៀនទី ១១០

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥

សេចក្ដី​ផ្ដើម

ក្នុងការគោរពតាមការណែនាំរបស់ព្រះអម្ចាស់ ព្យាការីយ៉ូសែប ស្ម៊ីធ និង​អ្នក​ស្ម័គ្រចិត្ត និង​សមាជិក​ប្រមាណ​២០០​នាក់​ផ្សេងទៀត បាន​រៀបចំ​ជា​ជំរុំ​ស៊ីយ៉ូន​ដើម្បី​ជួយ​ដល់​ពួកបរិសុទ្ធ ដែល​បាន​និរទេស​ចេញ​ពី​ឃុំ ចាកសុន រដ្ឋ មិសសួរី ។ នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ ពេល​កំពុង​បោះជំរុំ​នៅជិត​ទន្លេ ហ្វ៊ីស៊ីង ក្នុង​រដ្ឋ មិសសួរី យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បញ្ជាក់​ប្រាប់​ពួកបរិសុទ្ធ​ថា ដែនដី​ស៊ីយ៉ូន​នឹង​មិនត្រូវ​បាន​ប្រោសលោះ នៅពេល​នោះទេ ។ ព្រះអម្ចាស់​ក៏​បាន​ផ្ដល់​ការណែនាំ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ទីក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​ប្រោសលោះ​ឡើងវិញ​នាពេល​អនាគត ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១-១៩

ព្រះអម្ចាស់​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ​រង់ចាំ​ការ​ប្រោសលោះ​នៃ​ទីក្រុង​ស៊ីយ៉ូន

មុន​ពេល​ចាប់​ផ្ដើម​រៀន សូម​យក ពែងក្រដាសមួយ កៅស៊ូ​កង​មួយ និង​ខ្សែ​បី​សរសៃ ។ បរិមាត្រ​របស់​កៅស៊ូ​កង ត្រូវ​តែ​តូច​ជាង​បរិមាត្រ​របស់​ពែង ។ សូម​ចង​ខ្សែទាំង​នោះ​ជាប់​នឹង​កៅស៊ូ​កងដោយ​ប្រវែង​ស្មើគ្នា ។

រូបភាព
ពែង​ក្រដាស កៅស៊ូកង ខ្សែ

សូម​ចាប់ផ្ដើមមេរៀន​ដោយសូម​អ្នក​ស្ម័គ្រចិត្ត​បី​នាក់ ។ សូម​ដាក់​ពែង​នៅលើ​ផ្ទៃ​រាបស្មើ ហើយ​បង្គាប់​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ​ចាប់លើក​ពែង​ឡើង​ដោយ​ប្រើ​តែ​កៅស៊ូ​កង និង ខ្សែ​នោះ​ប៉ុណ្ណោះ ។ សូម​ប្រាប់​ពួកគេ​ថា​ពួកគេ​ពុំ​អាច​បះ​កៅស៊ូកង​ឡើយ ពួកគេ​ត្រូវតែ​កាន់តែ​ខ្សែ ។ ( ដើម្បី​សម្រេច​បាន​កិច្ចការ​នេះ សិស្ស​នឹង​ត្រូវ​ធ្វើការ​រួមគ្នា ហើយ​ទាញ​ខ្សែ​ស្រុះគ្នា ដោយប្រើ​កម្លាំង​ស្មើ​ដើម្បី​ទាញឲ្យកៅស៊ូ​កង​នោះ​យឺតល្មម ដើម្បី​ដាក់ពែង​ចូលកណ្តាល ហើយ​បន្ទាប់​មក​លើក​វាឡើង ) ។

បន្ទាប់​ពី​សិស្ស​បានបំពេញ​សកម្មភាព​នេះ​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ភាព​សាមគ្គី​មាន​តួនាទី​អ្វី​នៅ​ក្នុង​ការសម្រេច​កិច្ចការ​នេះ ?

សូម​រំឭកសិស្ស​ថា នៅខែ កុម្ភៈ ឆ្នាំ ១៨៣៤ ព្រះអម្ចាស់​បានណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នក​ផ្សេង​ទៀត​ឲ្យ​ប្រមូល​ធនធាន​បណ្ណោះអាសន្ន និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ជួយ​ពួកបរិសុទ្ធ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ឃុំ ចាកសុន រដ្ឋ មិសសួរី ដើម្បី​ទាមទារ​ដី​ពួកគេ​មកវិញ ។ នៅពេល​សិស្ស​ចាប់​ផ្ដើម​ការ​ពិភាក្សា​ថ្ងៃនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៥សូម​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​រកមើល​តួនាទី​របស់​ភាព​សាមគ្គី ដែល​ដើរតួ​ក្នុង​ការ​ទាមទារ​ដែនដី​នៃ​ទីក្រុង​របស់​ពួកបរិសុទ្ធ​មក​វិញ ។

សូម​សូម​ឲ្យ​សិស្ស​រំឭក​ពី​ការ​សិក្សា​របស់​ពួកគេ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ ពី​ចំនួន​អ្នក​ស្ម័គ្រចិត្ត​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ចូលរួម​ក្នុង​ជុំរុំ​ស៊ីយ៉ូន ( ៥០០​នាក់ ) និង​ចំនួន​អប្បរិមា​ដែល​ទ្រង់​ចង់​បាន ( ១០០ នាក់ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ចំនួន​មនុស្ស ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ជុំរុំ​ស៊ីយ៉ូន​នៅពេល​ដែល​ក្រុម​នោះ​បាន​ចេញ​ដំណើរ​ជា​លើក​ដំបូង ។

ចម្លើយ​ទៅនឹងកិច្ច​ខិតខំប្រឹងប្រែង​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត និង​ធនធាន​សម្រាប់​ជុំរុំ​ស៊ីយ៉ូន គឺមិន​ជោគជ័យ​ដូច​ដែល​បាន​សង្ឃឹម​ទុក​នោះទេ ។ ទំរាំដល់​ពេល​ដែល​ជុំរុំ ឬ​ពលទាហាន​បាន​ចាប់ផ្ដើម​ក្បួន​ដើរ​ដង្ហែ​នៅ​ដើម​ខែ ឧសភា ឆ្នាំ ១៨៣៤ មានតែ​មនុស្ស​ចំនួន ១២២​នាក់​ប៉ុណ្ណោះដែល​បាន​ស្ម័គ្រចិត្ត​ទៅ ។ ការប្រមូល​អ្នក​ស្ម័គ្រចិត្ត​បន្ថែម​សម្រាប់​ជុំរុំ​ស៊ីយ៉ូន នៅតាម​ផ្លូវ​ទៅរដ្ឋ មិសសួរី ។ នៅពេល​ក្រុម​ដែល ហៃរ៉ុម ស្ម៊ីធ និង ឡៃម៉ាន វ៉ៃត បាន​ប្រមូល​ពី​ទឹកដី​រដ្ឋ មីឈីហ្គែន បាន​មកជួប​ជាមួយ​ក្រុម​របស់ យ៉ូសែប ស៊្មីធ នៅដើម​ខែ មិថុនា ឆ្នាំ ១៨៣៤ ជុំរុំ​ស៊ីយ៉ូន​មាន​បុរស ២០០​នាក់ ស្រ្តី ១២​នាក់ និង​កុមារ ៩​នាក់​ប៉ុណ្ណោះ ( សូមមើល Alexander L. Baugh, Joseph Smith and Zion’s Camp » Ensign, ខែ​មិថុនា ឆ្នាំ ២០០៥,ទំព័រ ៤៥ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៧-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ហេតុផល​មួយ​ដែល​សមាជិក​សាសនាចក្រ​មួយ​ចំនួន មិន​បាន​ជ្រើសរើស​ជួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ រួច​ហើយ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ឲ្យ​សិស្ស​ពីរបីនាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:១-៦ឲ្យ​ឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ការ​មិន​ស្ដាប់​បង្គាប់ និង​ការ​ខ្វះ​សាមគ្គី បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​លើ​សមាជិក​នៃ​សាសនាចក្រ ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៅ​ក្នុង ខ ៥វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ពន្យល់​ថា « ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល » រួម​មាន​ក្រឹត្យវិន័យ និង​គោលការណ៍​ទាំងអស់​ដែល​យើង​ត្រូវ​គោរព​តាម ពិធីបរិសុទ្ធ​នានា​ដែលយើង​ត្រូវ​ទទួល និង​សេចក្ដី​សញ្ញា​ដែល​យើង​ត្រូវ​រក្សា ដើម្បី​ស្នង​នគរ​សេឡេស្ទាល​ទុក​ជា​មរតក ) ។

  • តើ​សមាជិក​សាសនាចក្រ​បរាជ័យ​ក្នុង​ការ​សាមគ្គី និង​ស្ដាប់​បង្គាប់​តាម​របៀបណា ?

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ? ( នៅពេ​ល​សិស្ស​ឆ្លើយតប សូម​ជួយ​ពួកគេ​ឲ្យ​រក​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន យើង​ត្រូវ​តែ​សាមគ្គី ហើយ​គោរព​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​សូម​ឲ្យ​យើង​ធ្វើ​ទាំង​អស់ ) ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជាការរួបរួមគ្នា និង ការគោរពប្រតិបត្តិ ត្រូវបាន​តម្រូវ​ឲ្យ​មានដើម្បីឲ្យស៊ីយ៉ូនត្រូវបានស្ថាបនាឡើង ?

  • តើបទពិសោធន៍​អ្វីខ្លះ ដែល​បាន ជួយ​អ្នក​ឲ្យ​យល់ ពី​សារៈសំខាន់​នៃភាព​សាមគ្គី​របស់​សមាជិក​សាសនាចក្រ ?

សូម​ពន្យល់​ថា អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​ជុំរុំ​ស៊ីយ៉ូន បាន​ជួប​ឧបសគ្គ និង​អព្ភូតហេតុ​ជា​ច្រើន​ពេញ​បេសកកម្ម​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​សូម​ឲ្យ​សិស្ស​នៅក្នុង​ថ្នាក់​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​ទៅ​នឹង​បញ្ហា​មួយ​ចំនួន ។

ជុំរុំ​ស៊ីយ៉ូន បាន​ដើរ​ប្រហែល​ជា ១៤៥០​គីឡូម៉ែត្រ​កាត់​តាម​រដ្ឋ​៤ ធ្វើ​ដំណើរ​ប្រហែល ៣០-៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ អស់​រយៈពេល​៤៥​ថ្ងៃ ។ សមាជិក​ក្នុង​ជុំរុំ​បាន​មាន​ពងបែក​ជើង អាកាសធាតុ​ក្ដៅ​ហើយ​សើម ខ្វះ​ស្បៀង​អាហារ និង​អាហារ​គ្មាន​គុណភាព ។ នៅពេល​ខ្លះ ការ​ស្រេក​ទឹក​ខ្លាំង បាន​នាំ​ឲ្យ​សមាជិក​ជុំរុំ​ផឹក​ទឹក​ភក់​ដែល​បាន​ត្រង​ពង​មុស​ចេញ ( ពេលខ្លះ​ប្រើធ្មេញ​របស់​ពួកគេ​ធ្វើ​ជា​តម្រង ) ឬ​ផឹក​ទឹក​ថ្លុក​ដក់តាម​ដាន​ក្រចក​សេះ​បន្ទាប់​ពី​ភ្លៀង​រួច ។ ពេញ​មួយ​បេសកកម្ម​នោះ ជំរុំ​ស៊ីយ៉ូន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​អំពើ​ហឹង្សា​ពី​អ្នកដទៃ​ជា​ញឹកញយ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ព​លើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៤៣-៤៥ ) ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំងនោះ​ដោយ​របៀប​ណា​ដែរ ?

សូម​ពន្យល់​ថា បន្ទាប់​ពី​សមាជិក​ជុំរុំ​ស៊ីយ៉ូន​បាន​មកដល់​រដ្ឋ មិសសួរី ពួកគេ​បាន​ដឹង​ថា ដានីយ៉ែល ដាក់គ្លីន ជា​អភិបាល​រដ្ឋ មិសសួរី មិន​បាន​រក្សា​ការសន្យា​របស់​លោក​ថា​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ត្រឡប់​ទៅ​ដីធ្លី​នៅ​ក្នុង​ឃុំ ចាកសុន​វិញ​ទេ ។ ទោះបី​ជា​មាន​ដំណឹង​មិន​ល្អ​នេះក្តី ជុំរុំ​ស៊ីយ៉ូន​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​ឃុំ ចាកសុន រង់ចាំ​ការ​ដឹកនាំ​បន្ថែម​ទៀត​ពី​ព្រះអម្ចាស់ ។

សូម​ប្រាប់​សិស្ស​ថា ការដឹកនាំ​ដែល​ត្រូវ​ការ​នោះ​មាន​ក្នុង​វិវរណៈ​ដែល​មក​ពី​ព្រះអម្ចាស់​នៅ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ បន្ទាប់​ពី​ជុំរុំ​ស៊ីយ៉ូន​បាន​ធ្វើ​ដំណើរ​ជិត​ប្រាំពីរ​សប្ដាហ៍ ហើយ​នៅ​សល់​តែ​ចម្ងាយ​ប្រហែល​តែ ១៥-៣០​គីឡូម៉ែត្រ​ពី​ឃុំ ចាកសុន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៩-១៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បន្ទូល​ថា​ពួកគេ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ប្រោសលោះ​ទីក្រុង​ស៊ីយ៉ូន ។

  • តើ​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ជុំរុំ​ឲ្យ​ធ្វើ​អ្វី ដើម្បី​ប្រោសលោះ​ទីក្រុង​ស៊ីយ៉ូន ?

  • បើ​អ្នក​ជា​សមាជិក​នៅ​ក្នុង​ជុំរុំ​ស៊ីយ៉ូន តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​បាន​ឮ​វិវរណៈ​មុន​ទៅ​ដល់​គោល​ដៅ​តែ​បន្តិច​បែប​នេះ ?

  • តើ​ហេតុផល​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​ទុក​ឲ្យ​ទីក្រុង​ស៊ីយ៉ូន​មិន​ត្រូវ​បាន​ប្រោសលោះ​នៅ​ពេល​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៨-១៩ ឲ្យឮៗ ។ សូមឲ្យសមាជិកក្នុងថ្នាក់​រកមើល​ពី​មូលហេតុ ដែលព្រះអម្ចាស់បានដឹកនាំជុំរុំស៊ីយ៉ូន​ឲ្យ​ធ្វើ​ដំណើរ​ដ៏សែន​ឆ្ងាយ​ទៅកាន់​រដ្ឋ មិសសួរី ហើយ​បន្ទាប់​មក​បាន​បើកសម្ដែង​ថា​ពួកគេ​មិន​ត្រូវ​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ទៅ​កាន់​ដីធ្លី​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ីយ៉ូន​វិញ​នៅ​ពេល​នោះ​ទេ ។

  • យោង​តាម​ខគម្ពីរ​ទាំង​នេះ តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បញ្ជា​ឲ្យ​ជុំរុំ​ស៊ីយ៉ូន​ធ្វើ​ដំណើរ​រហូត​ដល់​រដ្ឋ មិសសួរី ហើយ​បន្ទាប់​មក​បើក​សម្ដែង​ថា​ទីក្រុង​ស៊ីយ៉ូន​ពុំ​ទាន់​អាច​ប្រោសលោះ​បាន​ទៅវិញ ? ( វា​គឺ​ជា​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ពន្យល់​ថា ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​អាច​សំដៅ​លើ​ការល្បង​ថា​តើ​យើង​នឹង​ជ្រើសរើស​ទុកចិត្ត និង​គោរព​តាម​ព្រះអម្ចាស់​មិន​ថា​នៅ​ក្នុង​ស្ថានភាព​បែបណា ) ។

  • តើ​តាម​វិធី​ណាខ្លះ​ដែល​សេចក្ដី​ជំនឿ​របស់​សមាជិក​នៃ​ជុំរុំ​ស៊ីយ៉ូន ត្រូវ​បាន​សាកល្បង​តាមរយៈ​បទពិសោធន៍​របស់​ពួកគេ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ? ( គោលការណ៍​មួយ​ដែល​សិស្ស​អាច​រកឃើញ​គឺ ព្រះបាន​រៀបចំ​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ស្មោះត្រង់​តាម​រយៈ​ការសាកល្បង​របស់​ពួកគេ ) ។

  • តើ​ពេលណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ជួបប្រទះ​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ ? តើ​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​រៀបចំ​អ្នក​សម្រាប់​ពរជ័យ​ដ៏​អស្ចារ្យ​ដូចម្ដេច ?

សូម​ប្រាប់​សិស្ស​ថា បុរស​ជាច្រើន​ដែលបាន​បម្រើ​ក្នុង​ជុំរុំ​ស៊ីយ៉ូន ត្រូវ​បាន​ប្រទានពរ​នូវ​ឱកាស​ដើម្បី​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ ។ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៣៥ កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ និង​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិតសិបនាក់ ត្រូវ​បាន​រៀបចំ​ឡើង ។ សាវក​៩​នាក់ និង​សមាជិក​ទាំងអស់​ក្នុង​កូរ៉ុម​នៃ​ពួកចិតសិប​នាក់​បាន​បម្រើ​នៅ​ក្នុង​ជុំរុំ​ស៊ីយ៉ូន ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៥១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​តួនាទី​របស់​ជុំរុំ​ស៊ីយ៉ូន​នៅ​ក្នុង​ការ​រៀបចំ​បុរស​ទាំងឡាយ​សម្រាប់​តំណែង​ដឹកនាំ​នានា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ព្រះ​មិន​ចង់​ឲ្យ​អ្នក​ឈ្លោះ​គ្នា​នោះទេ ។ ទ្រង់​មិន​អាច​រៀបចំ​នគរ​របស់​ទ្រង់​ដោយ​មនុស្ស​តែ​ដប់ពីរ​នាក់​ដើម្បី​បើក​ផ្លូវ​ដំណឹងល្អ​ដល់​ប្រជាជាតិនានា​នៃ​ពិភពលោក និង​បុរស​ចិតសិបនាក់​នៅ​ក្រោម​ឱវាទ​របស់​ពួកគេ ដើម្បី​ធ្វើ​តាម​គំរូ​របស់​ពួកគេ​ឡើយ លើកលែង​តែ​ទ្រង់​បាន​រើស​ពួកគេ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ប្ដូរ​ជីវិត​របស់​ខ្លួន និង​អ្នក​ដែល​មាន​ការលះបង់​យ៉ាង​ធំ​ដូច​ជា​អ័ប្រាហាំ​បាន​ធ្វើ​ដែរ » ( នៅក្នុង History of the Church, ២ : ១៨២សូមមើល​ផងដែរ Church History in the Fulness of Times, ទំព័រ ១៥១ ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការ​ទុកចិត្ត និង​គោរព​តាម​ព្រះអម្ចាស់ នៅ​ពេល​សេចក្ដី​ជំនឿ​យើង​ត្រូវ​បាន​សាកល្បង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:២០-៤១

ព្រះអម្ចាស់​បង្រៀន​ពួកបរិសុទ្ធ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ មុនពេល​ដែល​ទីក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​ប្រោសលោះ

សូម​សង្ខេប គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៥:២០-៣៧ ដោយពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រាប់​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ពី​របៀប​ដែល​ពួកគេ​ត្រូវ​ឆ្លើយតប​ទៅនឹង​ការ​បៀតបៀន ដែល​ពួកគេ​នឹង​ជួបប្រទះ​ពេល​កំពុង​រង់ចាំ​ការ​ប្រោសលោះ​ទីក្រុង​ស៊ីយ៉ូន​នា​ថ្ងៃ​ខាង​មុខ ។ ទ្រង់​បាន​ទូន្មាន​ពួកគេ​ឲ្យ​បន្ទាប់​ខ្លួន ហើយ​ចៀសវាង​ការ​បង្ក​ជម្លោះ ។ ទ្រង់​បាន​ពន្យល់​ថា​ពួកគេត្រូវលះបង់ ក្នុងការរៀបចំខ្លួនសម្រាប់ការ​ប្រោសលោះ​ទីក្រុង​ស៊ីយ៉ូន​នៅ​ទី​បញ្ចប់ ។ ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង​វិវរណៈ​ដូចគ្នា​ពីមុន​មក​ថា ពួកគេ​ត្រូវ « បាន​បង្រៀន​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ទៅ​ទៀត ហើយ​មាន​ការ​ពិសោធន៍ ហើយ​ចេះឲ្យ​បាន​ល្អ​ឥតខ្ចោះ​អំពី​កាតព្វកិច្ច​របស់​ពួកគេ និង​អ្វីៗ​ដែល​យើង​តម្រូវ​ពី​ស្នាដៃ​របស់​ពួកគេ » ( គ. និង ស. ១០៥:១០ ) ។

  • តើ​យើង​គួរ​ឆ្លើយតប​នឹង​ការ​បៀតបៀន​តាម​របៀបណាខ្លះ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣៨-៤១ ដោយ​ស្ងាត់ស្ងៀម ហើយ​ជ្រើសរើស​ឃ្លា​ពី​ខគម្ពីរ​ដែល​សង្ខេប​នូវ​អ្វី ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សង្កត់សង្កិន​លើ​ពួកគេ ។

  • ស្របតាម ខ ៤០តើ​ពរជ័យ​អ្វី​ខ្លះ​នឹង​កើតមាន​ដល់​ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បើ​ពួកគេ​ព្យាយាម​បង្កើត​សន្តិភាពជាមួយអ្នកដទៃនោះ ? ( ចម្លើយរបស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ព្យាយាម​បង្កើត​សន្តិភាព​ជាមួយ​អ្នក​ដទៃ នោះ​អ្វី​គ្រប់យ៉ាង​នឹង​សម្រេច​ទៅ​បាន​សម្រាប់​ការ​ល្អ​របស់​យើង ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​បង្កើត​សន្តិភាព​ជាមួយ​អ្នក​ដទៃ ?

  • តើ​អ្នក​ធ្លាប់​បានទទួល​ពរជ័យ​យ៉ាង​ដូចម្ដេច ពេល​អ្នក​ព្យាយាម​បង្កើត​សន្តិភាព រួម​ទាំង​ជាមួយ​អ្នក​ដែល​បៀតបៀន​អ្នក​នោះ ?

​សូម​ឲ្យ​សិស្ស​ពិចារណា​ពី​រឿង​មួយ ដែល​ពួកគេ​អាច​ធ្វើ​បាន​ក្នុងការ​ព្យាយាម​បង្កើត​សន្តិភាព​ជាមួយ​អ្នក​នៅ​ក្នុង​ជីវិត​ពួកគេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ​អាច​ត្រូវ​បានគេ​ជិះជាន់ ហើយ​សរសេរ​គោលដៅ​មួយ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ដើម្បី​ធ្វើតាម​គោលការន៍​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥ ។ ចាកចេញ​ពី​ជុំរុំ​ស៊ីយ៉ូន

មុន​ពេល​ចាកចេញ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ យ៉ូសែប ស៊្មីធ « បាន​សន្យា​នឹង​ពួកបងប្អូន​ប្រុស​ថា បើ​ពួកគេ​នឹង​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ ចំពោះ​ព្រះភ័ក្រ​របស់​ព្រះអម្ចាស់ ហើយ​រក្សា​ព្រះបញ្ញត្តិ​របស់ ទ្រង់ … នោះ​ពួកគេ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព ( នៅក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទីពីរ. [ Church Educational System manual,ឆ្នាំ ២០០៣ ] ទំព័រ ១៤៣ ) ។ ព្យាការី​បាន​ព្រមាន​ថា បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​រងទុក្ខ​ពីព្រោះ​សេចក្តី​គ្រោធ​របស់​ព្រះ ។

ដោយ​មាន​ការ​អះអាង​ដូច្នោះ សមាជិក​ជុំរុំ​ស៊ីយ៉ូន​បាន​ចាកចេញ ដោយ​ការ​ដឹងមុនថា ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្នុងការចូលរួម​ក្នុង​បេសសកម្ម​នេះ ។ ហ៊ីប៊ឺ ស៊ី ឃឹមបឹល បាន​បង្ហាញ​ពី​អារម្មណ៍​ជា​ច្រើន​នៅពេល​នោះ ៖

រូបភាព
ហ៊ីប៊ើរ ស៊ី ឃិមបឹល

« យើង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥ ខែ ឧសភា ( ឆ្នាំ ១៨៣៤ ) ហើយ​វា​ពិត​ជា​ព្រឹកមួយ​ដ៏​ឱឡារិក​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ចាកចេញ​ពី​ភរិយា កូនៗ និង​មិត្តភក្ដិ​ខ្ញុំ ដោយ​មិន​ដឹង​ថា​ខ្ញុំ​នឹងបាន​ឃើញ​ពួកគេ​ក្នុងសាច់​ឈាម​ម្ដង​ទៀត​​ឬ​អត់​ទេ នៅពេល​ខ្ញុំ និង​បងប្អូន​ប្រុស​ដទៃ​ទៀត​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ពួកសត្រូវ​ទាំង​នៅ​ក្នុង​ឃុំ​នោះ និង​នៅ​រដ្ឋ មិសសួរី ថា​ពួកគេ​នឹង​កំទេច​យើងចោល​ពី​ដែនដី​នោះ » ( នៅ​ក្នុង Orson F. Whitney, The Life of Heber C. Kimball[ ឆ្នាំ ១៩៤៥ ], ទំព័រ ៤០ ) ។

បុរស​នៅ​ក្នុង​ជុំរុំ​ស៊ីយ៉ូន​ជា​ច្រើន បាន​ចាកចេញ​ពី​ក្រុមគ្រួសារ ដោយ​មាន​ប្រាក់កាស​បន្តិចបន្តួច ឬ​គ្មាន​សោះ និង​គ្មាន​ប្រភព​ចំណូល ។ ដើម្បី​ការពារ​ការលំបាក​ដែល​នឹង​កើត​ឡើង សមាជិក​សាសនាចក្រ​បាន​ដាំ​ដំណាំ ដូច្នេះ​ស្រ្តី និង​កុមារ​អាច​បេះពោត និង​បន្លែ​ផ្សេងៗ​ទៀត​នៅពេល​ពួក​បុរស​មិន​នៅ ។ អាយុ​ជា​មធ្យម​របស់​បុរស​នៅ​ក្នុង​ជុំរុំ គឺ ២៩​ឆ្នាំ ។ បងប្អូន​ជីដូនមួយ​របស់ យ៉ូសែប គឺ ចច អ័លប៊ើត ស្ម៊ីធ មាន​អាយុ​១៦​ឆ្នាំ និង អាឌីសិន ហ្គ្រីន មាន​អាយុ​១៤​ឆ្នាំ ។ អ្នក​ដែល​ចាស់​ជាងគេ​មាន​អាយុ ៧៩​ឆ្នាំ ។ យ៉ូសែប ស៊្មីធ ដែលត្រូវបានជ្រើសរើសឲ្យធ្វើ « មេបញ្ជាការ​កងពល​នៃ​អ៊ីស្រាអែល » លោក​មានអាយុទើបតែ២៨ឆ្នាំប៉ុណ្ណោះ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៤២-៥២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥ ។ ការ​ការពារ​ជុំរុំ​ស៊ីយ៉ូន​របស់​ព្រះអម្ចាស់

ពេញ​មួយ​បេសកកម្ម ជុំរុំ​ស៊ីយ៉ូន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​អំពើហឹង្សា​ដោយ​អ្នកដទៃ​ជា​ញឹកញាប់ ។ ប៉ុន្តែ ព្រះអម្ចាស់​បាន​បំពេញ​ការ​សន្យា​ដែលមាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:២០ ។ ព្យាការី យ៉ូសែប ស៊្មីធ « ទោះ​ជា​សត្រូវ​របស់​យើង​បន្ត​គំរាមកំហែង​យើង​ដោយ​ហឹង្សា​ក្ដី យើង​គ្មាន​ការ​ភ័យខ្លាច​ឡើយ ហើយ​យើង​ក៏​មិន​រុញរា​ក្នុង​ការ​បញ្ចប់​ដំណើរ​របស់​យើង​ដែរ ដោយសារ​ព្រះ​គង់​នៅ​ជាមួយ​យើង ហើយ​ទេវតា​របស់​ទ្រង់​យាង​ទៅ​ជាមួយ​យើង ហើយ​សេចក្ដី​ជំនឿនៃ​ក្រុម​ដ៏​តូច​របស់​យើង គ្មាន​ការ​រង្គោះរង្គើ​ឡើយ ។ យើង​ដឹង​ថា​ទេវតា​គឺ​ជា​ដៃគូ​របស់​យើង ដោយសារ​យើង​បាន​ឃើញ​ពួកគេ » ( Teachings of Presidents of the Church ៖ Joseph Smith [ ឆ្នាំ ២០០៧ ], ទំព័រ ២៨៨–៨៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៥ ។ ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល … ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ និង​សេចក្ដី​សញ្ញា ដែល​រួមមាន​រំឭកចាំ​ដល់​ព្រះអង្គសង្គ្រោះ និង​ការ​សន្យា​នៃ​ការ​គោរព​តាម ការ​លះបង់ ការ​ថ្វាយ និង​ភក្ដីភាព » ( Come to Zion »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨,ទំព័រ ៣៨ ) ។

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ ឱបក្រសោប​ក្រឹត្យវិន័យគោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងអស់ ដែល​ចាំបាច់​សម្រាប់​ការ​តម្កើងឡើង » ( The Teachings of Ezra Taft Benson [ឆ្នាំ ១៩៨៨] ទំព័រ ៣៣៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៩ ។ « ការសាក​ល្បង​នៃ​សេចក្ដី​ជំនឿ​នៃ​ពួកគេ »

បទបញ្ជា​ឲ្យ​ត្រឡប់​ទៅ​ទីក្រុង ខឺត​ឡង់ វិញ​ដោយ​គ្មាន​ការប្រយុទ្ធ​តស៊ូ ដើម្បី​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ជា​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​សមាជិក​នៅ​ក្នុង​ជុំរុំ​ស៊ីយ៉ូន​ជាច្រើននាក់ ។ សមាជិក​មួយ​ចំនួន​បាន​បះបោរ​យ៉ាង​បើកចំហ ហើយ​ក្រោយ​មក​បាន​ក្បត់សាសនា ។ ពេល​ចេញ​ដំណើរ​ដំបូង ព្យាការី​បាន​ព្រមាន​សមាជិក​ជុំរុំ​ស៊ីយ៉ូន​ថា ការ​មិន​សាមគ្គី ជម្លោះ និង​ការ​មិន​ស្ដាប់​បង្គាប់​របស់​ពួកគេ នឹង​នាំមក​នូវ​ការ​វាយ​នឹង​រំពាត់​មក​លើ​ពួកគេ ( ជា​ការរងទុក្ខ​ដ៏​ធំ ឬ​ជា​ជម្ងឺ​ដ៏​ធ្ងន់ ) ។ ជា​លទ្ធផល​នៃ​កំហឹង និង​ការរអ៊ូរទាំ​មិន​សុចរិត​ដែល​ផ្ដើម​ចេញ​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​មិន​ឲ្យ​ប្រយុទ្ធ ព្យាការី​បានព្រមានម្ដងទៀត ។ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៨៣៤ សមាជិក​ជុំរុំ​ស៊ីយ៉ូន​មួយ​ចំនួន​បាន​ឆ្លង​ជម្ងឺ​អាសន្នរោគ ។ ជម្ងឺ​ឆ្លង​បាន​រាលដាល ធ្វើ​ឲ្យ​មាន​ការ​រាករូស ក្អួត និង​រមួល​ក្រពើ​ធ្ងន់ធ្ងរ ។ មុន​ពេល​វា​បាន​បញ្ចប់ មនុស្ស​ប្រហែល ៦៨​នាក់ រួម​ទាំង យ៉ូសែប ស៊្មីធ បាន​ឆ្លងជម្ងឺ​នោះ ហើយ​សមាជិក​ជុំរុំ ១៣​នាក់ និង​សមាជិក​មូលដ្ឋាន​២​នាក់​បាន​ស្លាប់ ។ យ៉ូសែប ស៊្មីធ បាន​និយាយ​ថា នៅ​ថ្ងៃ​ទី ២ ខែ កក្កដា លោក « បាន​ប្រាប់​ពួកគេ​ថា បើ​ពួកគេ​មាន​ការ​បន្ទាបខ្លួននៅចំពោះ​ព្រះអម្ចាស់ និង​ធ្វើ​សេចក្ដី​សញ្ញា​ថា​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ស្ដាប់តាម​ការ​ទូន្មាន​របស់​ខ្ញុំ នោះ​រោគ​ចង្រៃ​និង​វិនាស​នៅ​ពេល​នោះ ហើយ​វា​នឹង​គ្មាន​ករណី​នៃ​ជម្ងឺ​អាសន្នរោគ​កើតឡើង​ក្នុង​ចំណោម​ពួកគេ​ឡើយ ។ បងប្អូនប្រុស​បាន​ធ្វើ​សេចក្ដី​សញ្ញាដោយលើកដៃឡើង ហើយរោគចង្រៃបានវិនាសបាត់ទៅ » ( នៅ​ក្នុង History of the Church, ២:១២០ ) ។

ព្រះអម្ចាស់​បាន​ទទួល​ការលះបង់​របស់​សមាជិក​ពួក​ជំរុំ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកគេ​ចំពោះ​អ្វី​ដែល​ពួកគេ​មាន​ឆន្ទៈ​ធ្វើ ។ នៅក្នុង​ខែ​កក្កដា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បាន​រំសាយ​កងទ័ព​ជំរុំ​ស៊ីយ៉ូន ។ កាល​មនុស្ស​មួយ​ចំនួន​មិន​បាន​ជាប់​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ហើយ​បាន​ចាកចេញ​ពី​សាសនាចក្រ តែអស់អ្នក​ដែល​ស្មោះត្រង់​នោះ​មាន​បទពិសោធន៍​កាន់តែ​រឹងមាំ ។

អែលឌើរ ហ្វែ្រងឃ្លីន ឌី រីឆាដ នៃ​គណៈប្រធាន​នៃ​ពួកចិតសិបនាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ហ្វ្រំាងក្លិន ឌី រិចឺត្ស

« ‹ ការ​ធ្វើ​ដំណើរ​របស់​ជុំរុំ​ស៊ីយ៉ូន › ត្រូវ​បាន​ហៅ​ដោយ​សមាជិក​ជាច្រើន​ថា គ្មាន​ប្រយោជន៍ និង​មិន​ទទួល​បាន​ជោគជ័យ ។ បងប្រុស​ម្នាក់​នៅ​ទីក្រុង ខឺត​ឡង់ ដែល​មិន​បាន​ទៅ​ជាមួយ​ជុំរុំ បាន​ជួប ព្រិកហាំ យ៉ង់ ពេល​លោក​ត្រឡប់​មកវិញ ហើយ​បាន​និយាយ​ទៅកាន់​លោកថា ‹ តើ​អ្នក​បាន​ទទួល​អ្វី​ពី​ដំណើរ​ដ៏​ឥតប្រយោជន៍​ទៅកាន់​រដ្ឋ មិសសួរី ជាមួយ យ៉ូសែប ស៊្មីធ នេះ ?› ព្រិកហាំ យ៉ង់ បាន​តប​ថា ‹ អ្វី​ដែល​យើង​ទៅ​ដើម្បី › ‹ ខ្ញុំ​នឹងមិន​ប្ដូរ​បទពិសោធន៍ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ក្នុង​បេសកកម្ម​នោះ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​នៃ​ឃុំ ហ្គូហ្គា​ឡើយ › ជា​ឃុំ​ដែល​ទីក្រុង ខឺត​ឡង់ មាន​ទីតាំង​នៅ​ពេល​នោះ ។ (B. H. Roberts,« Brigham Young, A Character Sketch » Improvement Era, វ៉ុល. ៦ [ខែ មិថុនា ឆ្នាំ ១៩០៣], ទំព័រ ៥៦៧ ) » ។ « The Purpose of Life: To Be Proved » Ensign, ខែ ធ្នូ ឆ្នាំ ១៩៧១,ទំព័រ ៥០ ) ។

ជំរុំ​ស៊ីយ៉ូន គឺ​ជា​ឱកាស​សម្រាប់​សមាជិក​ក្នុង​ជុំរុំ​បង្ហាញ​ព្រះអម្ចាស់ និង​ខ្លួនគេ​ពី​ជម្រៅ​នៃ ការ​ស្មោះត្រង់ និង​ការ​បូជា​របស់​ពួកគេ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ដូច​ជា អ័ប្រាហាំ ដែរ អ្នកដឹកនាំ​សាសនាចក្រ​ជំនាន់​មុន​ជាច្រើន បាន​ឆ្លងកាត់​ការ​សាកល្បង​ដែល​បាន​រៀបចំ​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដ៏​ទេវភាព ។ អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « អ្នក​ដែល​ដើរ​ក្បួន​នៅ​ក្នុង​ជុំរុំ​ស៊ីយ៉ូន មិន​មែន​រុករក​តំបន់​ជនបទ​នៅ​រដ្ឋ មិសសួរី ទេ ប៉ុន្តែ​ស្វែង​រក​លទ្ធភាព​របស់​ខ្លួន​វិញ​( Notwithstanding My Weakness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៦,ទំព័រ ១៤ ) ។