ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០


មេរៀន​ទី ៣៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០

បុព្វកថា

នៅក្នុង​ខែ​កញ្ញា ឆ្នាំ ១៨៣០ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សន្និសីទ​សាសនា​ចក្រ​មួយនៅ ហ្វាយ៉ែត រដ្ឋ​នូវយ៉ោក នោះ​យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​សម្រាប់ ដាវីឌ វិតមើរ, ពេត្រុស វិតមើរ ជុញ្ញ័រ និង ចន វិតមើរ ។ វិវរណៈ​ទាំងនេះ ត្រូវ​បាន​បោះពុម្ព​ដាច់​ដោយ​ឡែក​ពីខាង​ដើម ប៉ុន្តែ​យ៉ូសែប ស្ម៊ីធ បាន​បញ្ចូល​វា​ទៅជា​កណ្ឌ​តែមួយ នៅក្នុងការ​បោះពុម្ព​ឆ្នាំ ១៨៣៥ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:១-៤

ព្រះអម្ចាស់ បានវាយ​ផ្ចាល ដេវីឌ វិតមើរ ចំពោះ​ការ​មិន​ស្ដាប់​តាម​ព្រះវិញ្ញាណ និង​អ្នកបម្រើ​ដែលបាន​តែងតាំង​របស់​ព្រះអម្ចាស់

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ចំពោះ​សំណួរ​ខាងក្រោម ៖

  1. យុវជន​ម្នាក់​បាន​ស្ដាប់​តន្ត្រី ដែលពុំ​ត្រូវ​តាម​បទដ្ឋាន​ដូច​មានចែង​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ទោះជា​គាត់​ចូលចិត្ត​ស្ដាប់​តន្ត្រី​នេះ​ក្ដី ក៏​គាត់​បាន​ចាប់​ផ្ដើម​ដឹង​ថា សារ​របស់ចម្រៀង​នោះ បាន​បណ្ដាល​ឲ្យ​គាត់​បាត់​បង់​ព្រះវិញ្ញាណ ហើយ​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ មិត្តភក្ដិ និង​សាសនាចក្រ​របស់ខ្លួន ។

  2. បន្ទាប់ពី​មានការ​ដើរលេងជាគូ​ជាមួយ​នឹងយុវជន​ម្នាក់​ជាច្រើន​ដងមក មាន​យុវនារី​ម្នាក់នោះ​បាន​ចាប់​ផ្ដើម​ទទួលស្គាល់ ដោយការ​បំផុសគំនិតពី​ព្រះវិញ្ញាណបរិសុទ្ធ ថា​យុវជន​នោះ​បាន​ប៉ុនប៉ង​ដើម្បី​បញ្ចុះបញ្ចូល​នាង​ឲ្យ​រំលង​ច្បាប់​ព្រហ្មចារីយភាព​បន្ដិច​ម្ដងៗ ។

សូម​ចង្អុលបង្ហាញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ព្រមាន​យើង ពេល​យើង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ពុំ​ស្ដាប់​ការ​ព្រមាន​របស់​ទ្រង់​ទេ នោះ​ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់​នឹង​យាង​ដក​ថយ​ពី​យើង ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០ មាន​គោលលទ្ធិ និង​គោលការណ៍​ដែលអាច​ជួយ​យើង​រៀបចំខ្លួន​ដើម្បី​ទទួល និង​ធ្វើតាម​ការ​ព្រមាន​មកពីព្រះវិញ្ញាណ ។

សូម​ពន្យល់​ថា ផ្នែក​ដំបូង​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០ គឺ​ជា​វិវរណៈ​មួយ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​សម្រាប់ ដាវីឌ វិតមើរ ។

  • តើ​អ្នកបាន​ដឹង​អ្វី​ខ្លះអំពី ដេវីឌ វិតមើរ ? ( ចម្លើយ​អាច​រួមមាន​ថា គាត់ និង​ឪពុក​ម្ដាយគាត់ បាន​ផ្ដល់​កន្លែង​មួយ​សម្រាប់​យ៉ូសែប ស្ម៊ីធ ដើម្បី​បកប្រែ​ព្រះគម្ពីរមរមន ថា​គាត់​គឺ​ជា​សាក្សី​ម្នាក់ នៃ​សាក្សី​បីនាក់​អំពីព្រះគម្ពីរមរមន ហើយ​ថា គាត់​គឺ​ជា​សមាជិក​ម្នាក់​នៃ​សមាជិក​ប្រាំមួយនាក់​ដំបូង​របស់​សាសនាចក្រ ) ។

សូម​ពន្យល់​ថា ទោះបីជា ដេវីឌ វិតមើរ ស្មោះត្រង់ក្នុង​របៀប​ជាច្រើន​ក្ដី ក៏​ព្រះអម្ចាស់​បាន​វាយផ្ចាល​គាត់ អំពី​ការ​ធ្វេសប្រហែស​ចំពោះការ​ទទួលខុសត្រូវរបស់​គាត់ នៅក្នុង​សាសនាចក្រ​ដែរ ។​ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១-២ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​ការ​វាយ​ផ្ចាល ។

  • ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​វាយ​ផ្ចាល ដេវីឌ វិតមើរ ដូច្នេះ ? ( អ្នក​អាច​នឹង​ចង់​កត់​ត្រា​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារខៀន ។ ចម្លើយ​អាច​រួមមាន​ថា ដេវីឌ ខ្លាច​មនុស្ស ហើយ​ពុំ​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់​សុំ​កម្លាំង បាន​ដាក់​ក្នុង​គំនិត​របស់គាត់​នូវ​រឿង​ខាង​លោកិយ​ច្រើន​ជា​ងរឿង​របស់ព្រះអម្ចាស់ ពុំ​បាន​ធ្វើតាម​ការ​ដឹកនាំ​របស់ព្រះវិញ្ញាណ និង​អ្នកដឹកនាំ​សាសនាចក្រ ហើយត្រូវ​បាន​បញ្ចុះបញ្ចូល​ដោយ​មនុស្ស​ដែលព្រះអម្ចាស់​ពុំបាន​ហៅ​បម្រើ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ដល់​យោបល់​នូវ​គោលការណ៍ ដែលយើង​អាច​រៀនមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១–២ ។ ពួកគេ​អាច​ផ្ដល់​យោបល់​មួយ​ចំនួន ឬ​គោលការណ៍​ទាំង​អស់​ដូច​ខាង​ក្រោម ៖

ជាជាង​យើង​ភ័យ​ខ្លាច​មនុស្ស យើង​គួរ​តែ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​សុំ​កម្លាំង ។

យើង​គួរ​តែ​ដាក់​គំនិត​របស់​យើង​ទៅ​លើរបស់​ផង​ទាំងឡាយ​នៃ​ព្រះ ច្រើនជាង​ទៅលើ​របស់ផង​ទាំងឡាយ​ខាង​លោកិយ ។

យើង​គួរ​តែ​ធ្វើ​តាម​ព្រះវិញ្ញាណ និង​ពាក្យទូន្មាន​របស់ថ្នាក់ដឹកនាំ​សាសនាចក្រ ជាជាង​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ដោយ​មនុស្ស​ដែល​ព្រះអម្ចាស់​ពុំ​បាន​ហៅឲ្យ​បម្រើ ) ។

ដើម្បី​ជួយ​សិស្ស​យល់ និង​ដឹងពីសារៈសំខាន់​នៃ​គោលការណ៍​ទាំង​នេះ សូម​សួរ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា ការ​ខ្លាច​មនុស្ស វា​មាន​ន័យ​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ដូចជា វាន័យ​ថា ជា​ការអនុញ្ញាត​ឲ្យ​ការ​បង្រៀន​របស់​មនុស្ស​ដទៃ​ដឹកនាំ​យើង​ចេញពីការ​បង្រៀន​របស់ព្រះ ) ។

  • តើយើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ ដើម្បី​សុំ​កម្លាំង​នោះ ? តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បានពង្រឹង​ដល់​អ្នក ?

  • តើ​អ្នក​គិត​ថា វាន័យ​យ៉ាង​ណា ដែល​ដាក់​ឲ្យ​គំនិត​របស់​យើង​ផ្ដោតទៅលើ​រឿង​លោកិយ ច្រើនជាង​ផ្ដោតទៅលើ​រឿង​របស់ព្រះអម្ចាស់ ? តើ​គ្រោះថ្នាក់​មួយ​ចំនួន ដែល​កើត​មកពី​កំហុស​នៃ​រឿង​ទាំងនេះ មានអ្វីខ្លះ ?

  • តើ​អ្នកត្រូវ​បានប្រទានពរ​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​ធ្វើ​តាម​ព្រះវិញ្ញាណ និង​ពាក្យ​ទូន្មាន​របស់​អ្នកដឹកនាំ​សាសនាចក្រ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៣-៤ ឮៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ដំបូលន្មានដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ដេវីឌ វិតមើរ ។

  • បន្ទាប់ពី​ការ​វាយ​ផ្ចាល​ដល់ ដេវីឌ តើ​ព្រះអម្ចាស់​បញ្ជា​ឲ្យ ដេវីឌ ធ្វើអ្វីខ្លះ ? ( ឲ្យ​ពិចារណា​ទៅលើ​រឿង​ដែល​គាត់បានទទួល ហើយ​ចូលរួម​នៅក្នុង​កាតព្វកិច្ច​ក្នុង​សាសនាចក្រ​របស់គាត់ ) ។

  • តើ​ការ​ពិចារណា​អំពី​រឿង​ដែលយើង​បាន​ទទួលមកពីព្រះ ជួយ​យើង​ឲ្យ​បន្ដ​ស្មោះត្រង់​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​យើង​មាន​ឥទ្ធិពលយ៉ាងណា​សម្រាប់សេចក្ដីល្អ នៅពេល​យើង​លះបង់​ខ្លួន​យើង​ទៅ​ក្នុងការ​បម្រើ ដែលយើង​បាន​ទទួល​នោះ ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១–៤​ដោយ​ស្ងាត់ស្ងៀម រកមើល​ការ​ប្រឹក្សា​ដែល​អនុវត្ត​បាន​យ៉ាង​ល្អជាក់លាក់​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ឲ្យ​ពួកគេ​ពិចារណា​នូវ​អ្វី​ដែលពួកគេអាច​ធ្វើ​ដើម្បី​ធ្វើតាម​ការ​ទូន្មាន​នោះ​ផងដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យកត់ត្រាគំនិត​របស់ពួកគេ​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥-៨

ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវ​បាន​ហៅ​ឲ្យ​ទៅជាមួយ អូលីវើរ ខៅឌើរី ក្នុង​បេសកកម្ម​មួយ ទៅ​កាន់ប្រជាជន​លេមិន ។

សូម​យក​វត្ថុ​ធ្ងន់មួយ ឬ​កាបូប​មួយ​ដែលដាក់​វត្ថុធ្ងន់ៗយ៉ាងណែន ដូចជា​សៀវភៅ ឬ​ថ្ម មកថ្នាក់រៀន ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​កាន់​វត្ថុ​នោះ នៅពីមុខគាត់ ។ ខណៈដែលសិស្ស​កំពុង​កាន់វត្ថុ​នោះ សូម​ពន្យល់​ថា ជាការបន្ថែមទៅលើ​វិវរណៈ​ដល់ ដេវីឌ វិតមើរ ក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០ នោះ​មាន​វិវរណៈពីរបន្ថែមទៀត ដែល​ថ្លែងទៅកាន់ប្អូន​ប្រុស​របស់ ដេវីឌ គឺ ពេត្រុស និង យ៉ូហាន ។ សូម​អញ្ជើញ​សិស្សឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា៣០:៥ ដោយ​ខ្លួន​ឯង ហើយ​ស្វែងរក​អ្វី​ដែលព្រះអម្ចាស់ បាន​ហៅ ពេត្រុស វិតមើរ ជុញ្ញ័រ ឲ្យ​ធ្វើ ។

  • តើ​ព្រះអម្ចាស់ ហៅ ពេត្រុស វិតមើរ ជុញ្ញ័រ ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ​ប្រកាសដំណឹងល្អ ) ។ តើ​នរណា​ជាអ្នកដឹកនាំ​របស់​ពេត្រុស​នៅក្នុង​កិច្ចខិតខំនេះ ? ( អូលីវើរ ខៅឌើរី ) ។

សូម​អញ្ជើញ​សិស្ស​ទីពីរ ឲ្យជួយ​សិស្ស​ដែល​កំពុងកាន់​វត្ថុ​ធ្ងន់​នោះ ។ សូម​ឲ្យ​សិស្ស​ទីមួយ ពិពណ៌នា​អំពី​ភាព​ខុស​គ្នា​ដែល​គាត់​បាន​ដឹង​ក្នុងការ​មាន​ការគាំទ្រ​ពីមនុស្ស​ម្នាក់ទៀត ។ សូម​ពន្យល់ថា ព្រះអម្ចាស់ ប្រទាន​ដំបូន្មាន​ដល់ ពេត្រុស ដែលពិពណ៌នា​អំពី​របៀប​ដែល​គាត់​ត្រូវ​គាំទ្រ​ដល់ អូលីវើរ ខៅឌើរី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរកគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:៥–៨ ស្វែងរក​ឃ្លា​ដែល​ពិពណ៌នា​អំពី​របៀប​ដែលពេត្រុស ត្រូវ​គាំទ្រ​ដល់ អូលីវើរ ។ អ្នក​អាចនឹង​ចង់​ស្នើ​ឲ្យ សិស្ស​គួរតែ​គូស​ចំណាំ​ឃ្លា​ទាំងនេះ ។

  • តើ​អ្នក​រក​ឃើញឃ្លា​អ្វី​ខ្លះ ? ( អ្នក​អាចនឹង​ចង់​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​គិត​ថា​វាន័យ​យ៉ាង​ណា សម្រាប់ពេត្រុស​ឲ្យ « រងទុក្ខ​នៅក្នុង​គ្រង់ទាំង​សេចក្ដី​វេទនា​របស់ [ អូលីវើរ] » នោះ ? ( ពេត្រុស ត្រូវ​ឈរ​នៅជិត​នឹង អូលីវើរ ទោះ​ជា​ក្នុងគ្រាលំបាក​ក្ដី ) ។

  • ស្របតាមខ ៦ តើ​ការអធិស្ឋាន​ដើរតួ​យ៉ាងណា នៅក្នុងការ​គាំទ្រ​ដល់​អ្នកដឹកនាំ​សាសនាចក្ររបស់​យើង ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៩-១១

យ៉ូហាន វិតមើរ ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:៩–១១ មាន​នូវវិវរណៈ​មួយ​សម្រាប់ យ៉ូហាន វិតមើរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៩-១០ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​បានហៅ យ៉ូហាន វិតមើរ​ឲ្យ​ធ្វើ ។ ( វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បីពន្យល់​ថា ភរិយា​របស់ ភីលីព ប៊ើរោ គឺ​ជា​សមាជិកម្នាក់​ក្នុង​សាសនាចក្រ ។ គ្រួសារ ប៊ើរោ រស់​នៅ​ប្រហែលជា​ប្រាំពីរ​ម៉ែល ខាង​ជើង​គ្រួសារ វិតមើរ ក្នុង សេនីកា ហ្វល រដ្ឋ នូវ យ៉ោក ។ ទោះជា ភីលីព ប៊ើរោ ត្រូវ​បាន​ហៅថា​ជា « បងប្អូន » នៅក្នុងខ ១០ក្ដី ក៏​គ្មាន​កំណត់ត្រា​ថា គាត់បាន​ចូលរួម​ក្នុង​សាសនាចក្រ​ដែរ ) ។

បន្ទាប់ពី​សិស្ស​រាយការណ៍​នូវអ្វី​ដែលពួកគេ​បាន​រក​ឃើ​ញ សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១១ រកមើល​គោលការណ៍​មួយ​អំពី​របៀប​ដែល​យើង​គួរ​តែ​បម្រើ​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បង្ហាញ​នូវ​អ្វី​ដែលពួកគេ​រៀន​នៅក្នុង​ប្រយោគ « បើសិនជា- នោះ ) ។

  • តើ​គោលការណ៍​អ្វី ដែល​អ្នក​ឃើញ​នៅក្នុង​ខ ១១ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែពួកគេ​គួរ​តែ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​បម្រើ​ព្រះអម្ចាស់ដោយ​អស់ពី​ព្រលឹង​របស់យើង នោះ​ទ្រង់​នឹង​គង់​នៅជាមួយនឹង​យើង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​មួយ ដែលពួកគេ​មាន ដោយសារពួកគេ​បាន​ដឹង​ថា ព្រះអម្ចាស់ គង់នៅជាមួយពួកគេ ពេលពួកគេ​បាន​បម្រើទ្រង់ ) ។ ( អ្នក​ក៏​អាច​ចង់ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​គោលការណ៍​នេះផងដែរ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​ឱកាស​ដើម្បី​ខិតទៅកាន់តែជិត​នឹង​ព្រះអម្ចាស់ តាមរយៈ​ការ​បម្រើ​ទ្រង់ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០:៥-៧ ។ អូលីវើរ ខៅឌើរី ជាទីប្រឹក្សា​ម្នាក់​របស់ យ៉ូសែប ស៊្មីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ពេត្រុស [ វិតមើរ ជុញ្ញ័រ] គឺ​ត្រូវបានជូនដំណឹងថា ក្រៅពី យ៉ូសែប ស្ម៊ីធ គ្មាន​នរណា​ត្រូវ​បាន​តែងតាំ​ង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់ អូលីវើរ ឡើយ ។ ដូច្នេះ ពេត្រុស បាន​យល់​ថា គាត់មានកាតព្វកិច្ច​ត្រូវ​ទទួល​ការ​ណែនាំ ពុំ​មែន​ផ្ដល់​ការ​ណែនាំ​ទេ ខណៈពេល​ក្នុងការ​ធ្វើដំណើរ​នេះ ។ ធាតុពិត​គឺ​ថា អូលីវើរ ខៅឌើរី បាន​ចែករំលែក​ជាមួយ​នឹង យ៉ូសែប ស្ម៊ីធ ក្នុង​ការ​ប្រគល់​បព្វជិតភាព និង​សិទ្ធិអំណាច​នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់តាម​ធម្មតា ដែល​បាន​ប្រគល់​ដល់គាត់នូវ​សិទ្ធិអំណាច​ដើម្បី​ឈរទីពីរ​នៅក្នុង​សាសនាចក្រ ជាមួយ​យ៉ូសែប ស៊្មីធ នៅក្នុង​ការ​គ្រប់គ្រង​សាសនាចក្រ » ( Church History and Modern Revelation,វ៉ុលទី ២ [ ឆ្នាំ ១៩៥៣], ១:១៤៦–៤៧ ) ។