មេរៀនទី ១២៩
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣
បុព្វកថា
អំឡុងពេលដែលព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងគុកលីប៊ើធី ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣៩ លោកបានសរសេរសំបុត្រនៃការលួងលោម និង ទូន្មានដល់ពួកបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ គឺជាការដកស្រង់មួយចេញពីសំបុត្រនោះដែលចុះថ្ងៃទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ដែលលោកបានសរសេរទៅកាន់ពួកបរិសុទ្ធ ។ នៅក្នុងការដកស្រង់នេះ ព្យាការីបានសូមឲ្យពួកបរិសុទ្ធប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ ហើយជួយដល់អស់អ្នកដែលបំភាន់ដោយគោលលទ្ធិក្លែងក្លាយ ។
កំណត់ចំណាំ ៖ មេរៀនបន្ទាប់ ( « ការកសាងទីក្រុងណៅវូ » មេរៀនទី ១៣០ ) នឹងផ្តល់ឱកាសមួយឲ្យសិស្សពីរនាក់បង្រៀនផ្នែកនៃមេរៀននោះ ។ អ្នកអាចនឹងជ្រើសរើសសិស្សពីរនាក់ក្នុងពេលឥឡូវនេះ ហើយផ្ដល់ច្បាប់ចម្លងមួយផ្នែក នៃមេរៀនទី ១៣០ ដែលបានចាត់តាំងដល់ពួកគេ ដើម្បីពួកគេអាចរៀបចំមេរៀននោះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១-៦
យ៉ូសែប ស៊្មីធ ទូន្មានឲ្យពួកបរិសុទ្ធប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ
សូមចាប់ផ្ដើមដោយអានសេចក្តីថ្លែងខាងក្រោមនេះ ៖
« នេះសូមបញ្ជាក់ថា ខ្ញុំឈ្មោះឌែលា រីដ បានប្តូរមកនៅរដ្ឋ មិសសួរីនៅក្នុងឆ្នាំ ១៨៣៦ ។ ស្វាមីរបស់ខ្ញុំបានស្លាប់មិនយូរប៉ុន្មាន បន្ទាប់ពីយើងបានមកដល់ទីនេះ ហើយទុកកូនតូចៗប្រាំពីរនាក់ជាមួយខ្ញុំ ។… នៅពេលភាពច្របូកប្របល់បានកើតមានឡើងរវាងពួកប្រជាជន និង ពួកមរមន នោះខ្ញុំជាមួយនឹងសមាគមទាំងអស់របស់យើង ត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋនោះ ។… ខ្ញុំត្រូវបានបង្ខំឲ្យលះបង់ទ្រព្យសម្បត្តិភាគច្រើន [ និង ] គ្រួសាររបស់ខ្ញុំ [ បាន ] ព្រាត់ប្រាស់គ្នា ហើយខ្ញុំត្រូវទទួលអាហារបន្តិចបន្តួចពី ជនដែលខ្ញុំមិនស្គាល់ » ( ឌែលា រីដ នៅក្នុង Mormon Redress Petitions: Documents of the ១៨៣៣–១៨៣៨ Missouri Conflict,បានបោះពុម្ពដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៥២៣ វណ្ណយុត្ត អក្សរធំ និង ការប្រកបពាក្យដែលមានបទដ្ឋាន ) ។
សូមពន្យល់ថានេះគឺជាសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់បងស្រី រីដ ដែលបានផ្តល់ឲ្យមន្ត្រីចៅក្រម ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១ ដោយស្ងៀមស្ងាត់ ។
-
ចេញពីអ្វីដែលអ្នកបានរៀនពីខគម្ពីរនេះ តើបងស្រី រីដផ្តល់សេចក្តីថ្លែងការណ៏នេះក្នុងគោលបំណងអ្វី ?
សូមរំឭកសិស្សថាចាប់ពី ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់ ខែ មេសា ឆ្នាំ ១៨៣៩ ព្យាការី យ៉ូសែប ស៊្មីធ និង អ្នកដឹកនាំសាសនាចក្រមួយចំនួនផ្សេងទៀតត្រូវបានជាប់ឃុំនៅក្នុងគុកនៅលីប៊ើធី រដ្ឋ មិសសួរី ។ នៅតំណាលគ្នានោះ ពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋ មិសសួរី អំឡុងពេលរដូវរងាដ៏ត្រជាក់ជាច្រើនខែ ដោយសារតែការចេញបញ្ជាឲ្យសម្លាប់ផ្តាច់ពូជរបស់រដ្ឋាភិបាល លិបបឹន បកស៏ ។ សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣ គឺជាការដកស្រង់មួយនៃសំបុត្ររបស់ព្យាការីយ៉ូសែប ស្ម៊ីធ ដែលបានសរសេរនៅខែ មិនា ឆ្នាំ ១៨៣៩ ពីគុកលីប៊ើធីដែលផ្តល់ការទូន្មានដល់ពួកបរិសុទ្ធអំឡុងពេលដ៏លំបាកនេះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១-៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វីដែលយ៉ូសែបបានណែនាំឲ្យពួកបរិសុទ្ធដែលរងការបៀតបៀនធ្វើតាម ។ ដើម្បីជួយសិស្សឲ្យយល់ខគម្ពីរទាំងនោះ អ្នកអាចត្រូវការពន្យល់ថានៅក្នុង ខ ៥ ឃ្លា « ប្រជុំអំពើទុច្ចរិត » សំដៅលើការប្រមូលនៃការកុហក់ទុច្ចរិត និង ឃ្លា « ការបង្ខំដ៏អាក្រក់អាស្រូវ និង ឃាតកម្មទាំងឡាយ » សំដៅលើអំពើអាក្រក់ និង ទង្វើហិង្សា ។
-
តើព្យាការីបានទូន្មានឲ្យ ពួកបរិសុទ្ធធ្វើអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ?
ពួកបរិសុទ្ធជាច្រើនបានគោរពប្រតិបត្តិតាមការទូន្មានរបស់ព្យាការី ហើយបានប្រមូលដំណើររឿងនៃការបៀតបៀនរបស់ពួកគេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលពួកបរិសុទ្ធត្រូវបានប្រាប់ឲ្យប្រមូលដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ ។ អ្នកអាចពន្យល់ថាឃ្លា « ដែលតម្រូវពីយើង » មានន័យថា « តម្រូវឲ្យពួកយើង » ។ អ្នកអាចរំឭកពួកគេថាព្រះអម្ចាស់បានសន្យាកាលពីមុនថា ប្រោសលោះពួកបរិសុទ្ធដែលត្រូវបានគេបៀតបៀនហើយ « យាងចេញពីទីកំបាំងរបស់ទ្រង់ ហើយនៅក្នុងសេចក្តីខ្ញាល់របស់ទ្រង់នឹងធ្វើទុក្ខដល់ប្រទេស » (គ. និង ស. ១០១:៨៩) ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦, ហេតុអ្វីបានជាព្រះវរបិតាសួគ៌បញ្ជាឲ្យពួកបរិសុទ្ធប្រមូលដំណើររឿងនានានៃការបៀតបៀនរបស់ពួកគេ ?
-
តើខគម្ពីរនេះបង្រៀនអ្វីខ្លះ ដែលយើងត្រូវធ្វើពីមុនពេលដែលព្រះអម្ចាស់បំពេញការសន្យារបស់ទ្រង់ ?
សូមអញ្ជើញសិស្សឲ្យសរសេរសេចក្តីថ្លែងការណ៍ដែលជាគោលការណ៍ ដែលបញ្ជាក់ពីទំនាក់ទំនងរវាងកិច្ចខិតខំរបស់យើង និង ការសន្យារបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយគោលការណ៍ដែលពួកគេបានរកឃើញ ។ ខាងក្រោម គឺជារបៀបមួយដែលសិស្សអាចសរសេរគោលការណ៍នេះ ៖ ព្រះអម្ចាស់នឹងបំពេញការសន្យារបស់ទ្រង់ បន្ទាប់ពីយើងបានធ្វើផ្នែករបស់យើងជាមុនសិន ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់រំពឹងឲ្យយើងធ្វើផ្នែករបស់យើង ពីមុនទ្រង់នឹងបំពេញការសន្យារបស់ទ្រង់ ?
-
តើអ្នកធ្លាប់បានឃើញគោលការណ៍នេះបញ្ជាក់នៅក្នុងជីវិតរបស់អ្នក ឬ នៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់នៅពេលណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៧-១៧
យ៉ូសែប ស៊្មីធ ទូន្មានឲ្យពួកបរិសុទ្ធជួយដល់អស់អ្នកដែលបំភាន់ដោយពាក្យកុហក
សូមអញ្ជើញសិស្សឲ្យស្រមៃថាពួកគេត្រូវបានចាត់តាំងឲ្យសរសេររបាយការណ៍អំពីសាសនាចក្រសម្រាប់នរណាម្នាក់នៅក្នុងសាលារៀនរបស់ពួកគេ ។ ផ្នែកមួយនៃតម្រូវការនោះ ពួកគេត្រូវតែរួមបញ្ចូលយ៉ាងហោចណាស់ប្រភពបីយ៉ាង ។
-
តើធនធានអ្វីដែលអ្នកអាចប្រើសម្រាប់របាយការណ៍របស់អ្នក ?
-
ហេតុអ្វីបានជាវាសំខាន់ពីធនធានដែលអ្នកប្រើដើម្បីសរសេរអំពីសាសនាចក្រនោះ ?
-
តើអ្នកដឹងថាធនធានមួយពិតដែលពិពណ៌នាពីសាសនាចក្រដោយរបៀបណា ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៧-១០ ដោយពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានកត់ត្រាខគម្ពីរទាំងនេះ មានការកុហកជាច្រើនបានផ្សព្វផ្សាយអំពីសាសនាចក្រ ។ ពួកបរិសុទ្ធត្រូវបានគេប្រាប់ថាវាគឺជា « កាតព្វកិច្ចដ៏ចាំបាច់ » (គ. និង ស. ១២៣:៧) ដើម្បីឆ្លើយតបនឹងការកុហកទាំងនេះ ហើយប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១១-១២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុបន្ថែមដែលពួកបរិសុទ្ធត្រូវបានដឹកនាំឲ្យប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ ។ សូមឲ្យសិស្សរាយការណ៍ពីការរកឃើញរបស់ពួកគេ ។
-
យោងតាម ខ ១២, តើមានមានមនុស្សប៉ុន្មាននាក់ដែលមានចិត្តបរិសុទ្ធដែលបានលាក់បាំងពីសេចក្តីពិត ?
-
តើអ្នកគិតថាការកុហកអំពីសាសនាចក្រប៉ះពាល់ដល់អស់អ្នកដែលមិនមែននៅក្នុងជំនឿរបស់យើងយ៉ាងដូចម្តេចខ្លះ ?
-
យោងតាម ខ ១២ ហេតុអ្វីបានជាមានមនុស្សជាច្រើននាក់នៅលើផែនដីនេះត្រូវបានលាក់បាំងពីសេចក្តីពិត ? ( សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្ដីពិតខាងក្រោម ៖ មានមនុស្សជាច្រើនត្រូវបានលាក់បាំងពីសេចក្តីពិតដោយសារពួកគេមិនដឹងជាទៅរកសេចក្តីពិតនៅឯណាឡើយ ) ។
-
តើការបោះពុម្ពសេចក្តីពិតអំពីការបៀតបៀន និង ការរងទុក្ខរបស់ពួកបរិសុទ្ធនៅពេលនោះអាចជួយមនុស្សឲ្យរកសេចក្តីពិតយ៉ាងដូចម្តេច ?
សូមរំឭកសិស្សថា នៅតែមានមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ « ដែលបានខ្វាក់ដោយសារឧបាយកលដ៏ប្រសប់នៃមនុស្ស » ហើយដែលត្រូវបានលាក់ពីសេចក្តីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្តីពិតឯណាទេ (គ. និង ស. ១២៣:១២) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សស្តាប់ដោយស្វែងរកអ្វីដែលលាក់មនុស្សពីការដឹងសេចក្តីពិតអំពី សាសនាចក្រនៅជំនាន់របស់យើងនេះ ។
« មានមនុស្សជាច្រើន ដែលមានការយល់ដឹងតិចតួចអំពីសាសនាចក្រ ដោយសារតែព័ត៌មានភាគច្រើនដែលពួកគេបានឮពីយើង គឺមកពីព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាញឹកញាប់ជំរុញដោយការជំទាស់ ។ ការផ្តោតចិត្តច្រើនពេកលើការជំទាស់បាននាំឲ្យជះឥទ្ធិពលអវិជ្ជមានលើការយល់ដឹងរបស់មនុស្សអំពីភាពពិត ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមាន » (Sharing the Gospel Using the Internet » Ensign, ខែ កក្កដា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។
-
យោងតាម អែលឌើរ បាឡឺដ តើអ្វីខ្លះដែលលាក់បាំងមនុស្សពីការដឹងសេចក្តីពិតអំពី សាសនាចក្រនៅជំនាន់របស់យើងនេះ ?
សូមពន្យល់ថា ស្រដៀងនឹងពួកបរិសុទ្ធក្នុងឆ្នាំ ១៨៣៩ យើងត្រូវបានដឹកនាំឲ្យជួយមនុស្សដទៃឲ្យមានការយល់ដឹងត្រឹមត្រូវអំពីសាសនាចក្រនេះគឺយល់ដឹងពី—សមាជិក អ្នកដឹកនាំ ជំនឿ ប្រវត្តិ ការបង្រៀន និង ការអនុវត្ត ។
-
តើអ្វីអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយមនុស្សដទៃឲ្យទទួលបានការយល់ដឹងត្រឹមត្រូវអំពីសាសនាចក្រ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ អិម រ័សុល បាឡឺដ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រករបៀបមួយដែលយើងអាចជួយមនុស្សដទៃឲ្យទទួលបានការយល់ដឹងត្រឹមត្រូវអំពីសាសនាចក្រ ។
« មានការសន្ទនាជាច្រើនអំពីសាសនាចក្រឥតឈប់ឈរ ។ ការសន្ទនានោះនឹងបន្ត ទោះបីជាយើងជ្រើសរើសចូលរួម ឬ មិនចូលរួមក៏ដោយ ។ ប៉ុន្តែយើងមិនអាចឈរនៅស្ងៀម ខណៈដែលមនុស្សដទៃ រួមទាំងអ្នករិះគន់របស់យើងព្យាយាមកំណត់ពីអ្វីដែលសាសនាចក្របង្រៀនឡើយ ។ ខណៈដែលការសន្ទនាមួយចំនួនមានអ្នកស្តាប់រាប់ពាន់ ឬ រាប់លានអ្នកក៏ដោយ ការសន្ទនានោះគឺជារឿងតូចតាចទេ ។ ប៉ុន្តែការសន្ទនាទាំងនោះមានឥទ្ធពលលើអស់អ្នកដែលចូលរួមក្នុងការសន្ទនានោះ ។ ការយល់ដឹងអំពីសាសនាចក្រត្រូវបានកកើតឡើងនៅក្នុងការសន្ទនាម្តងៗ ។…
« ឥឡូវនេះខ្ញុំសូមឲ្យអ្នកចូលរួមសន្ទនាតាមរយៈ ការចូលរួមតាមអ៊ិនធើរណែត ដើម្បីចែកចាយដំណឹងល្អ ហើយសូមពន្យល់នូវសារលិខិតដ៏សាមញ្ញ និងច្បាស់លាស់នៃការស្តារឡើងវិញ ។… ពិតមែនហើយ ការណ៍នេះតម្រូវឲ្យអ្នកយល់គោលការណ៍គ្រឹះនៃដំណឹងល្អសិន ។ វាគឺជាការណ៍សំខាន់ដែលអ្នកអាចផ្តល់ជាសាក្សីដ៏ ច្បាស់ និង ត្រឹមត្រូវ អំពីសេចក្តីពិតនៃដំណឹងល្អ » (Sharing the Gospel Using the Internet »ទំព័រ ៦១,៦២ ) ។
សូមបន្ថែមយោបល់របស់អែលឌើរ បាឡឺដ លើយោបល់ដែលមាននៅលើក្ដារខៀននោះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដើម្បីជួយមនុស្សដទៃ រៀនអំពីសេចក្តីពិតដែលបានសរសេរលើក្តារខៀន ។ សូមឲ្យពួកគេជ្រើសរើសសេចក្តីពិតមួយដែលពួកគេមានអារម្មណ៍ថាអាចយកទៅប្រើ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យរាយការណ៍អំពីយោបល់ណាមួយដែលពួកគេបានជ្រើសរើស និង របៀបដែលពួកគេរៀបផែនការប្រើវា ដើម្បីជួយមនុស្សដទៃឲ្យមានការយល់ដឹងត្រឹមត្រូវអំពីសាសនាចក្រ ។ សូមលើកទឹកចិត្តសិស្សទាំងអស់ឲ្យធ្វើតាមយោបល់ដែលពួកគេបានជ្រើសរើស ដើម្បីជួយមនុស្សដទៃឲ្យស្វែងរកសេចក្តីពិត ។
សូមឲ្យសិស្សគិតអំពីគ្រាមួយ ដែលពួកគេបានជួយមនុស្សដទៃឲ្យមានការយល់ដឹងត្រឹមត្រូវអំពី សាសនាចក្រ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យ ចែកចាយបទពិសោធន៍របស់ខ្លួន ជាមួយសិស្សក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៣-១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលពួកបរិសុទ្ធត្រូវបានប្រាប់អំពីកិច្ចខិតខំរបស់ពួកគេដើម្បីបង្ហាញដំណើររឿងពិតអំពីសេចក្តីពិតដល់មនុស្សដទៃ ។
-
យោងតាម ខ ១៥, ហេតុអ្វីបានជាពួកបរិសុទ្ធត្រូវបានប្រាប់ថាកុំចាត់ទុកកិច្ចខិតខំរបស់ពួកគេថាជា « ការណ៍តូចឡើយ ? »
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីការទូន្មានរបស់ព្រះអម្ចាស់នៅក្នុង ខ ១៥ អំពីការសម្រេចចិត្តតូចតាចដែលយើងធ្វើក្នុងពេលឥឡូវនេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្ដែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ការសម្រេចចិត្តរបស់យើងដើម្បី ធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដែលហាក់បីដូចជាតូចតាច អាចមានឥទ្ធពលធំធេងលើជីវិតរបស់យើងនាពេលអនាគត) ។
-
តើការសម្រេចចិត្តតូចតាចដើម្បី មានការសន្ទនាអំពីដំណឹងល្អជាមួយនរណាម្នាក់អាចមានឥទ្ធិពលធំធេងយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលខគម្ពីរនេះទាក់ទងនឹងសេចក្តីពិតដែលបានសរសេរលើក្តារខៀនពីមុន ៖ ព្រះអម្ចាស់នឹងបំពេញការសន្យារបស់ទ្រង់ បន្ទាប់ពីយើងបានធ្វើផ្នែករបស់យើងជាមុន ។ សូមអញ្ជើញសិស្សចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បី « ប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង » ដោយរីករាយចុះ ?
-
ផ្អែកលើ ខ ១៧តើយើងអាចត្រូវបានធានាអ្វីខ្លះ បើសិនយើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បី គោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់នោះ ? ( សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ បើយើងប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះយើងអាចទទួលការធានាអះអាងថាព្រះនឹងប្រើព្រះចេស្តារបស់ទ្រង់ដើម្បីជួយយើងស្របតាមព្រះឆន្ទៈ និង ពេលវេលារបស់ទ្រង់ ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បីមានការធានាថាព្រះនឹងប្រើព្រះចេស្តារបស់ទ្រង់ ដើម្បីជួយយើងបើសិនយើង « ប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើងដោយរីករាយ ? » តើមានអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីមានការធានាអះអាងនោះនៅក្នុងជីវិតរបស់អ្នក ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា យើងអាចមានទំនុកចិត្តថា នៅពេលយើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ នោះទ្រង់នឹងបំពេញការសន្យារបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១ ។ « ប្រមូលទុកជាសម្គាល់អំពី…ការទុក្ខវេទនា និង ការទុក្ខទោសទាំងអស់ »
ពួកបរិសុទ្ធដែលរងទុក្ខនៅក្នុងរដ្ឋ មិសសួរី បានគោរពប្រតិបត្តិតាមការទូន្មានរបស់ព្យាការីយ៉ូសែប ស្ម៊ីធនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ហើយពួកគេបានប្រមូលដំណើររឿងជាច្រើនអំពីការបៀតបៀនរបស់ពួកគេ ។ សេចក្ដីថ្លែងការណ៍ជាផ្លូវការពីរខាងក្រោមនេះត្រូវបានផ្តល់ឲ្យមន្ត្រីចៅក្រម ៖
« ឧត្តមសេនីយ ខ្លាក មកជួប ខលវែល ជាមួយនឹងពលទ័ពរបស់លោក ។ ខ្ញុំរស់នៅចម្ងាយប្រហែលបីគីឡូជាងពី ហ្វា ហ្វេស … នៅក្បែរផ្ទះលោក ហ្គាត យ៉ែល ។ កងទ័ពមួយចំនួនរបស់ឧត្តមសេនីយ ខ្លាក បានមកផ្ទះរបស់លោក យ៉ែល ហើយបានឈប់នៅទីនោះប្រហែលជាពីរថ្ងៃ ហើយបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ។ ពួកគេបានកំទេចកម្រាលផ្ទះទាំងពីរជាន់នោះ បំផ្លាញបសុបក្សី និង សត្វជ្រូករបស់ពួកគេ ហើយបានដុតបំផ្លាញ…គំនរចំបើង ។ ខ្ញុំបានឃើញពួកគេដុតបំផ្លាញចំបើងឲ្យខ្ទេចខ្ទីទាំងស្រុង ។ ពួកគេបានយកពោតពីចម្ការលោក យ៉េលតាមទំនើងចិត្តឲ្យសេះរបស់ពួកវា ហើយខ្ញុំជឿថាដីដប់ហិចតារបស់គាត់ត្រូវបានបំផ្លាញបង់ ។… សត្វជ្រូកមួយចំនួនដែលពួកវាបានបាញ់ត្រូវបានទុកចោលលើដីឲ្យស្អុយរលួយ ។ ខ្ញុំក៏បានឃើញកងជីវពលមួយចំនួនចូលទៅក្នុងផ្ទះរបស់លោក ស៊ីរ៉ាស ដានីយ៉ែល ដែលពួកគេបានប្លន់ ។ ខ្ញុំបានឃើញពួកវាសែងគ្រែមួយ ព្រមទាំងភួយមុង និង ក្រណាត់មួយចំនួនទៀត » ( ម៉ារី ខេ ម៉ាយ នៅក្នុង Mormon Redress Petitions: Documents of the ១៨៣៣–១៨៣៨ Missouri Conflict បានបោះពុម្ពដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៤៩៦–៩៧ វណ្ណយុត្ត អក្សរធំ និង ការប្រកបពាក្យដែលមានបទដ្ឋាន ) ។
« ខ្ញុំសូមបញ្ជាក់ថា ឪពុករបស់ខ្ញុំបានឈប់នៅរោងម៉ាស៊ីនកិនស្រូវហន ហើយបានរស់នៅក្នុងតង់នៅពេលដែលការសម្លាប់រង្គាលបានកើតឡើងនៅទីនោះ ។ ខ្ញុំបាននៅក្នុងតង់ពេលពលទ័ពនោះបានមកដល់ ។ មនុស្សរបស់យើងមួយចំនួនបានស្រែកឲ្យស្ត្រីៗ និង កូនក្មេងចាកចេញពីតង់ ។ ខ្ញុំបានរត់ចូលទៅ រោងជាងដែកដែលឪពុកខ្ញុំនៅក្នុងនោះ ។ ខ្ញុំបានលូនលបៗនៅក្រោមស្នប់ ព្រមទាំងបងប្រុសរបស់ខ្ញុំ និង ក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថា ឆាលេស មើរីក ។ ខ្ញុំបានរងរបួសចំភ្លៅ បងប្រុសរបស់ខ្ញុំត្រូវបានបាញ់ចំក្បាល ហើយក្មេងប្រុសម្នាក់នោះត្រូវរបួសបីកន្លែង ហើយបានស្លាប់ដោយសារពួកវា ។ ម្តាយរបស់ខ្ញុំប្រាប់ខ្ញុំថា ខ្ញុំមានអាយុប្រាំបីឆ្នាំកាលពីខែមុន ។ ខ្ញុំបានឃើញពួកសត្រូវរបស់យើងបានទាញស្បែកជើងកវែងរបស់ឪពុកខ្ញុំ ពីមុនគាត់បានស្លាប់ » ( អាលម៉ា ស្ម៊ីធ នៅក្នុង Mormon Redress Petitions, ទំព័រ ៥៣៧ វណ្ណយុត្ត អក្សរធំ វេយ្យករណ៏ និង ការប្រកបពាក្យដែលមានបទដ្ឋាន ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៤-៥ ។ « ការបោះពុម្ពផ្សាយបង្ខូចកេរ្ត៍ទាំងឡាយដែលសុសសាយ »
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលភាព អវិជ្ជមានជាសាធារណអំពីសាសនាចក្រ អាចជួយកិច្ចការអ្នកផ្សព្វផ្សាយសាសនារបស់យើង ៖
« បទពិសោធន៍បង្ហាញថារដូវកាលនៃភាព អវិជ្ជមានជាសាធារណអំពីសាសនាចក្រ អាចជួយសម្រេចគោលបំណងរបស់ព្រះអម្ចាស់ ។ នៅក្នុងឆ្នាំ ១៩៨៣ គណៈប្រធានទីមួយបានសរសរសំបុត្រទៅកាន់ពួកអ្នកដឹកនាំសាសនាចក្រ ‹ ភាពផ្ទុយគ្នាអាចក្លាយជាឱកាសមួយ ។ ក្នុងចំណោមឧបសគ្គដែលបន្តជួបដោយអ្នកផ្សព្វផ្សាយសាសនារបស់យើង គឺខ្វះចំណាប់អារម្មណ៍លើបញ្ហាសាសនា និង នៅក្នុងសារលិខិតរបស់យើង ។ ការរិះគន់ទាំងនេះបង្កើត…ការចាប់អារម្មណ៍នៅក្នុងសាសនាចក្រ។… ការណ៍នេះផ្តល់ឱកាសមួយ [ សម្រាប់សមាជិក ] បង្ហាញសេចក្តីពិតដល់អស់អ្នកដែលផ្តោតចិត្តលើរឿងនេះចំពោះពួកយើង › [ លិខិតគណៈប្រធានទីមួយចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩៨៣ ] ។
« យើងអាចទាញយកអត្ថប្រយោជន៍ពីឱកាសទាំងនោះតាមរបៀបជាច្រើន ៖ សរសេរលិខិតដ៏សប្បុរសមួយឲ្យអ្នកបោះពុម្ព សន្ទនាជាមួយមិត្តភក្តិ ការបញ្ចេញយោបល់លើកំណត់ហេតុបណ្ដាញ ឬ ពោរពាក្យដែលកែលម្អឡើងវិញ ចំពោះម្នាក់ដែលបានពោលពាក្យបន្តុះបង្អាប់នោះ ។ យើងអាចឆ្លើយសំណួរដោយក្តីស្រឡាញ់ចំពោះអស់អ្នកដែលបានទទួលរងនូវឥទ្ធិពលនៃព័ត៌មានខុសឆ្គង និង លំអៀង—ដែល ‹ លាក់ពីសេចក្ដីពិតពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ › (គ. និង ស ១២៣:១២) ។ ខ្ញុំសូមអះអាងនឹងបងប្អូនថា នៅពេលយើងឆ្លើយតបទៅកាន់អ្នកចោទប្រកាន់យើងតាមរបៀបនេះនោះនឹងពុំមានគុណវិបត្តិឡើយ វាគឺជាភាពក្លាហាននៅក្នុងសកម្មភាពរបស់ពួកគ្រីស្ទាន » (Christian Courage: The Price of Discipleship »Ensignឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៤-៥ ។ ការវាយតម្លៃពីគោលបំណង និង ភាពពិតប្រាកដនៃប្រភពព័ត៌មាន
អ្នកនិពន្ធខ្លះដែលបានសរសេរអំពីសាសនាចក្រ និងប្រវត្តិសាស្ដ្រនៃសាសនាចក្រ បានសរសេរព័ត៌មានក្លែងបន្លំ ឬរួមបញ្ចូលនូវសេចក្ដីពិតខ្លះៗ ដែលអាចនាំឲ្យមានការយល់ខុស ។ គោលបំណងនៃការសរសេរមួយចំនួននេះ គឺដើម្បីបំផ្លាញសេចក្ដីជំនឿនៅក្នុងសាសនាចក្រ និង ពួកអ្នកដឹកនាំសាសនាចក្រ ។
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីការសាកល្បងបែបនេះអំពីជំនឿរបស់យើង ៖
« វាតែងតែមានមនុស្សមួយចំនួនតូច ដែលចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់សាសនាចក្រ និង ដើម្បីបំផ្លាញសេចក្ដីជំនឿ ។ សព្វថ្ងៃនេះពួកគេប្រើអ៊ិនធើរណែត ។
« ព័ត៌មានខ្លះអំពីសាសនាចក្រមិនថាវាបញ្ចុះបញ្ចូលយ៉ាង ណាទេគឺវាមិនពិតឡើយ ។ នៅក្នុងឆ្នាំ ១៩៨៥ ខ្ញុំចាំថាមានអ្នកធ្វើការជាមួយខ្ញុំម្នាក់ បានដើរមកក្នុងការិយាល័យជំនួញរបស់ខ្ញុំនៅក្នុងរដ្ឋ ហ្លូរីដា ។ គាត់មានអត្ថបទទស្សនាវដ្តី Time ដែលមានចំណងជើងថា ‹ Challenging Mormonism’s Roots › ។ វានិយាយពីការរកឃើញថ្មីៗអំពី សំបុត្រមួយដែលសន្និដ្ឋានថា ត្រូវបានសរសេរដោយ ម៉ាទីន ហារីស ដែលផ្ទុយពីដំណើររឿងរបស់យ៉ូសែប ស្ម៊ីធ អំពីការរកឃើញផ្ទាំងនៃព្រះគម្ពីរមរមន ។
« អ្នកធ្វើការជាមួយខ្ញុំនោះ បានសួរថាតើព័ត៌មានថ្មីនេះអាចបំផ្លាញសាសនាចក្រមរមនបានដែរឬទេ ។ អត្ថបទនេះបានដកស្រង់ពីបុរសម្នាក់ដែលបាននិយាយថា គាត់បានចាកចេញពីសាសនាចក្រដោយសារឯកសារនោះ ។ ក្រោយមក មានគេរាយការណ៍ទៀតថាមនុស្សផ្សេងទៀតបានចាកចេញពីសាសនាចក្រ ។ ខ្ញុំប្រាកដថាវាគឺជាការសាកល្បងមួយនៃសេចក្ដីជំនឿរបស់ពួកគេ ។
« ប៉ុន្មានខែក្រោយមក អ្នកជំនាញជាច្រើនបានរកឃើញ ( ហើយអ្នកក្លែងបន្លំនោះបានសារភាព ) ថាសំបុត្រនោះគឺពិតជាក្លែងក្លាយទាំងស្រុង ។ ខ្ញុំបានចាំថាកាលនោះខ្ញុំពិតជាសង្ឃឹមយ៉ាងខ្លាំងថា អ្នកទាំងឡាយដែលបានចាកចេញពីសាសនាចក្រដោយសារតែការបោកបញ្ឆោតនេះនឹងត្រឡប់មកកាន់សាសនាចក្រវិញ ។(Trial of Your Faith » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ) ។
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានលើកទឹកចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យវាយតម្លៃដោយប្រុងប្រយ័ត្នពីអ្វីដែលពួកគេបានអានអំពីសាសនាចក្រ និងប្រវត្តិរបស់សាសនាចក្រ ហើយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបញ្ញារបស់ខ្លួននៅពេលពួកគេធ្វើដូច្នេះ ៖
« ការវាយតម្លៃ…មានពីរកម្រិតដោយបញ្ញា និងដោយវិញ្ញាណ ។
« ដោយបញ្ញា អ្នកអាន និង អ្នកមើលត្រូវការយ៉ាងច្បាស់ដើម្បីមានសុជីវធម៌ក្នុងការវាយតម្លៃពីអ្វីដែលបានប្រាប់ដល់ពួកគេ ។…
« សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ការវាយតម្លៃក៏មានកម្រិតខាងវិញ្ញាណមួយផងដែរ ។ នេះក៏ដោយសារជំនឿរបស់យើងលើការប្រកាសរបស់មរ៉ូណៃថា ‹ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ › (មរ៉ូណៃ ១០:៥) ។ ការសន្យានោះធានាដល់ការឆាប់ចាប់យកខាងវិញ្ញាណរបស់អ្នកនូវអំណាចនៃការញែកឲ្យដឹងថានឹងជួយពួកគេឲ្យវាយតម្លៃពីអត្ថន័យនៃអ្វីដែលពួកគេរៀន ។
« ការផ្សារភ្ជាប់ជាមួយការវាយតម្លៃអំណាចខាងវិញ្ញាណរបស់យើង យើងត្រូវចាំថា ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងមិនដឹកនាំយើងឡើយ បើសិនឥរិយាបថផ្ទាល់ខ្លួនរបស់យើងគឺជាបុគ្គលដែលស្វែងរកតែកំហុសនោះ ។ គោលការណ៍នោះអនុវត្តចំពោះអ្នកអាន និង អ្នកនិពន្ធ ។…
« ទីបន្ទាល់ផ្ទាល់ខ្លួនយើងម្នាក់ៗផ្អែកលើសាក្សីនៃព្រះវិញ្ញាណ ពុំមែននៅលើបណ្ដុំ ឬការផ្ដុំនូវហេតុការណ៍ខាងប្រវត្តិសាស្ត្រណាមួយនោះទេ ។ បើយើងផ្ដោតជីវិតយើងទៅលើសាក្សីនៃព្រះវិញ្ញាណ នោះគ្មានហេតុការណ៍ខាងប្រវត្តិសាស្ត្រណា អាចធ្វើឲ្យយើងសង្ស័យនឹងទីបន្ទាល់របស់យើងឡើយ ។ ព្រះវរបិតាសួគ៌របស់យើង ប្រទានដល់យើងនូវអំណាចនៃហេតុផល ហើយយើងត្រូវបានរំពឹងថាចេះប្រើវាពេញលេញបំផុត ។ ប៉ុន្តែទ្រង់ក៏ប្រទានដល់យើងនូវអង្គលួងលោមចិត្ត ដែលទ្រង់មានបន្ទូលថានឹងដឹកនាំយើងនៅក្នុងសេចក្ដីពិត ហើយដោយអំណាចនោះហើយ ដែលយើងអាចដឹងសេចក្ដីពិតនៃរឿងគ្រប់យ៉ាង ។ នោះជាមគ្គុទេសន៍ដ៏គ្មានទីបំផុត សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលសក្ដិសម និងមានឆន្ទៈពឹងផ្អែកទៅលើព្រះវិញ្ញាណនោះ » ( « Reading Church History » នៅក្នុង Symposium Speeches [ symposium on the Doctrine and Covenants and Church history ខែ សីហា ១៤–១៦ ឆ្នាំ ១៩៨៥ ] ទំព័រ ៤, ៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ។ « សូមយើងប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង »
ព្យាការីយ៉ូសែប ស្ម៊ីធបានជឿ និង រស់នៅតាមគោលការណ៍ថាយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ពីមុនយើងអាចទទួលជំនួយពីព្រះអម្ចាស់ ។ ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៦–៨៩ព្រះអម្ចាស់ បានបញ្ជាឲ្យពួកបរិសុទ្ធ នាំយកដំណើររឿងនៃការរងទុក្ខ និង ការបៀតបៀនរបស់ពួកគេទៅបង្ហាញដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងប្រធានាធិបតីសហរដ្ឋ ។ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៨៣៩ ព្យាការី យ៉ូសែប ស៊្មីធ និង អេលីយ៉ាស ហ៊ីកប៊ី ជាចៅក្រមបានជួបជាមួយប្រធានាធិបតីសហរដ្ឋ ម៉ាទីន វ៉ាន់ ប៊ើរេន ។
« នៅលើកដំបូងលោក វ៉ាន់ ប៊ើរេន ពុំបានពិចារណាពីការសុំអង្វររបស់ព្យាការីឡើយ ។ ប៉ុន្តែនៅពេលការពិភាក្សានោះបានបន្ត ប្រធានាធិបតីបានសន្យាថានឹងពិចារណាម្តងទៀតពីគោលជំហររបស់លោក ហើយ ‹ មានចិត្តអាណិតអាសូរ [ ពួកមរមន ] ដោយសារដំណើររឿងនៃការរងទុក្ខ [ របស់ពួកគេ ] [ នៅក្នុង History of the Church, ៤:៤០ ] ។
« បន្ទាប់ពីជំនួបជាមួយប្រធានាធិបតី វ៉ាន់ ប៊ើរេនមក ព្យាការី និង អេលីយ៉ាស់ ហ៊ីកប៊ី បានស្នាក់នៅភាគខាងកើតអស់រយៈពេលពីរខែ ព្យាយាមឲ្យបានការគាំទ្រពីសមាជិកព្រឹទ្ធសភា និង អ្នកតំណាងដែលមានឆន្ទៈគាំទ្រដល់រឿងរបស់ពួកគេ [ សូមមើល ប្រវត្តិសាសនាចក្រ ៤:៤០, ៤៣–៤៤ ] ។ ពួកគេបានជួបប្រធានាធិបតី វ៉ាន់ ប៊ើរេនម្តងទៀតនៅខែ កុម្ភៈ ឆ្នាំ ១៨៤០ ។ នៅពេលនោះ វ៉ាន់ ប៊ើរេនបានបាត់បង់អារម្មណ៍អាណិតអាសូរ ដែលលោកអាចមានដល់សាសនាចក្រ ។ តាមរយៈព្យាការី ប្រធានាធិបតីបានប្រព្រឹត្តដាក់ពួកលោកយ៉ាងតឹងរឹង ហើយបានប្រកាសថា ៖ ‹ សុភាពបុរសអើយ រឿងរបស់អ្នកគឺត្រឹមត្រូវហើយ ប៉ុន្តែយើងមិនអាចធ្វើអ្វីសម្រាប់អ្នកឡើយ ។… បើសិនយើងដោះស្រាយឲ្យអ្នក នោះយើងនឹងបាត់បង់សន្លឹកឆ្នោតពីរដ្ឋ មិសសួរីហើយ › [ នៅក្នុង History of the Church,៤:៨០ ] » ( Arnold K. Garr, Joseph Smith: Campaign for President of the United States »Ensign, ខែ កុម្ភៈ ឆ្នាំ ២០០៩ ទំព័រ ៤៩ ) ។
ទោះបីជាប្រធានាធិបតីសហរដ្ឋបានបដិសេធពុំព្រមជួយពួកបរិសុទ្ធក្តី ព្យាការីយ៉ូសែប ស្ម៊ីធ បានបន្តសុំជំនួយពីថ្នាក់ដឹកនាំរដ្ឋាភិបាលដទៃទៀត ។ ពីព្រោះព្យាការីយ៉ូសែប ស្ម៊ីធ បានធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចលោក នោះលោកមានទំនុកចិត្តថាព្រះនឹងប្រើព្រះចេស្តារបស់ទ្រង់ដើម្បីជួយលោក ។