ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨: ១-១៦


មេរៀន​ទី ២២

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១-១៦

បុព្វកថា

យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨ សម្រាប់​ខ្លួន​លោក សម្រាប់​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ នៅ​ខែ​មិថុនា ឆ្នាំ ១៨២៩ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី ពេត្រុស យ៉ាកុប និង​ យ៉ូហាន បាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​មក​លើ​ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ នៅ​ដើម​ដំបូង​នៃ​វិវរណៈ ព្រះអម្ចាស់ បាន​បង្រៀន​អូលីវើរ ខៅឌើរី អំពីការ​ស្ថាបនា​សាសនាចក្រ​ឡើង ។ បន្ទាប់​មក​ ទ្រង់​បាន​ហៅ​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ​ផ្សាយ​ការ​ប្រែចិត្ត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១-៥

ព្រះអម្ចាស់ បង្រៀន​អំពី​របៀប​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ឡើង

សូម​គូស​រូបភាពដែលមានអម​មកជាមួយ នៅលើ​ក្ដារខៀនឲ្យ​សិស្ស ។

រូបភាព
ឌីយ៉ាក្រាម​អគារ​សាសនាចក្រ

សូម​ពិចារណា​ធ្វើការ​អាន​ព័ត៌មាន​ដូចខាង​ក្រោម ឬ​ចែកចាយ​ព័ត៌មាន​ស្រដៀងគ្នា​នោះ​អំពី​ការ​រញ្ជួយ​ដី ដែល​បាន​កើតឡើង​ថ្មីៗនេះ ឬ​ដែលកើតឡើងនៅជិត​នឹង​កន្លែង​ដែលអ្នករស់នៅ៖

នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ១៩៨៩ វេលា​ម៉ោង ៥:០៤ ល្ងាច នោះ​មានការ​រញ្ជួយ​ដី​មួយ ដែល​មានរង្វាស់ ៦.៩ រិកទ័រ វាយ​ប្រហារ​នៅ​ សាន់ហ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វូញ៉ា នៅតំបន់​នៃ​សហរដ្ឋ​អាមេរិក ។ មាន​អគារ​រាប់ពាន់​ត្រូវ​បាន​ខូចខាត ឬ​បំផ្លិចបំផ្លាញ ។ គ្រឹះ​នៃ​អគារ​ជាច្រើន​ត្រូវ​បាន​ប្រេះស្រាំ ដែល​បណ្ដាល​ឲ្យ​អគារ​ទាំងឡាយ​ត្រូវ​បាន​ប្រកាស​ថា ពុំមានសុវត្ថិភាព ។

  • តើ​អ្នក​នឹងមាន​កង្វល់អ្វីខ្លះ​ ចំពោះការរស់នៅក្នុង​ផ្ទះមួយដែល​មានគ្រឹះពុំ​រឹងមាំនោះ ?

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨ បាន​កត់ត្រា​វិវរណៈ​របស់ព្រះអម្ចាស់​ទៅកាន់យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី ស្ដីអំពី​របៀប​​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​នៅ​លើ​គ្រឹះ​ដ៏​សុវត្ថិភាព​មួយ ។ នៅ​ដើម​ដំបូង​នៃ​វិវរណៈនេះ ព្រះអម្ចាស់ បាន​យោង​ទៅលើ​អ្វី​ដែល​ អូលីវើរ ខៅឌើរី បាន​សរសេរ ជាអត្ថន័យ​នៃ​ព្រះបន្ទូល​ក្នុង​ព្រះគម្ពីរ​មរមន ដែល​អូលីវើរ បាន​កត់ត្រា ខណៈដែល​ធ្វើជា​ស្មៀន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១-៤ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​រឿង​នានា​ត្រូវ​បាន​សរសេរ​នៅក្នុង​ព្រះគម្ពីរមរមន ដែលនឹង​ជួយ​នៅក្នុង​ការ​ស្ថាបនាសាសនា​ចក្រ​ឡើងវិញ ។

  • តើ​ព្រះអម្ចាស់​មាន​បន្ទូលអ្វីខ្លះ នៅក្នុង​ព្រះគម្ពីរមរមន ? តើ​ការ​បង្រៀន​នៅក្នុង​ព្រះគម្ពីរមរមន​អាច​ជួយ​នៅក្នុង​ការ​ស្ថាបនា​ឡើង​នៃ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៥ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ បាន​សន្យា បើ​យើង​នឹង​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ឡើង​នៅលើ​គ្រឹះ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។

  • ស្របតាម ខ ៥តើ​សាសនាចក្រ​ពិត​របស់ព្រះ​ត្រូវ​ស្ថាបនា​ឡើងនៅលើ​អ្វីខ្លះ ? ( ចម្លើយ​របស់​សិស្ស គួរ​តែ​ឆ្លុះបញ្ចាំង​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ សាសនាចក្រ​ពិត គឺ​ស្ថាបនា​ឡើង​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ) ។

  • តើ​ព្រះអម្ចាស់​សន្យា​យើង​អ្វី​ខ្លះ នៅពេល​យើង​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​នៅ​លើ​គ្រឹះ​នៃ​ដំណឹងល្អ​របស់ទ្រង់​នោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៦-១៦

ព្រះអម្ចាស់​​បាន​ហៅ​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ​ផ្សាយ​ការ​ប្រែចិត្ត

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម​ រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ ។ បន្ទាប់​ពីសិស្ស​បាន​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:៩ ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​នៅក្នុង​ការឆ្លើយតប​ចំពោះ​ការកើនឡើង​នូវ​សេចក្តីទុច្ចរិត​នៅក្នុង​ពិភពលោក​នេះ ។

  • តើ​ចម្លើយ​របស់ព្រះអម្ចាស់​ចំពោះ ការកើនឡើង​នៃ​អំពើទុច្ចរិត​ក្នុង​លោកិយ​មានអ្វីខ្លះ ? ( ទ្រង់បាន​ហៅ​ពួក​អ្នកបម្រើ​ឲ្យ​ផ្សាយ​ពីការ​ប្រែចិត្ត ) ។

សូម​ចង្អុល​បង្ហាញ​ថា​ព្រះអម្ចាស់​បាន​ហៅ​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត ដូច​ទ្រង់​បាន​ហៅ​សាវក​ប៉ុល​ពី​បុរាណ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ផងដែរ ។ ដោយសារ អូលីវើរ និង​ដាវីឌ ពុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពី​នាក់ នោះ​ពួកគេ​មាន​តួនាទី​នៅក្នុង​ការស្ថាបនា​កូរ៉ុម​នេះ​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​ពន្យល់​ថា សិស្ស​នឹង​រៀន​ច្រើនទៀត​អំពី​តួនាទីរបស់ អូលីវើរ ខៅឌើរី និង​ដាវីឌ វិតមើរ នៅក្នុង​មេរៀន​បន្ទាប់ ។

ដើម្បី​ជួយ​សិស្ស​រៀបចំ​សិក្សា​អំពីការ​បង្រៀនរបស់ព្រះអម្ចាស់ ចំពោះ​តម្លៃ​នៃ​ព្រលឹង សូម​បង្ហាញ​វត្ថុ​មួយចំនួន ដែលអ្នក​គិត​ថា អាច​មាន​តម្លៃ​ចំពោះ​សិស្ស​របស់អ្នក ។ សូម​សួរ​ដល់ពួកគេ​ថា តើ​ពួកគេ​នឹង​បង់​ថ្លៃ​អស់ប៉ុន្មាន​សម្រាប់​វត្ថុ​នីមួយៗ​ទាំងនេះ ។ សូម​ពន្យល់​ថា របៀប​មួយ​ដើម្បី​កំណត់អំពី​តម្លៃ​របស់​វត្ថុ​មួយ គឺ​ត្រូវ​រកឲ្យ​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ស្ម័គ្រ​ចិត្ត​នឹង​បង់​ថ្លៃ​សម្រាប់វា​នោះ ។ មនុស្ស​ម្នាក់អាច​ប្រកាស​ថា វត្ថុជាក់លាក់មួយ មាន​តម្លៃ​ក្នុង​ចំនួន​ទឹកប្រាក់​ជាក់លាក់​មួយ ប៉ុន្តែ​តម្លៃ​នេះ គឺ​ត្រឹមត្រូវ​ តែបើសិនជា​មនុស្ស​ម្នាក់ទៀត នឹង​ស្ម័គ្រ​ចិត្ត​ដើម្បី​បង់ថ្លៃ​ទៅតាមចំនួន សម្រាប់​វត្ថុនោះ​តែប៉ុណ្ណោះ ។

សូមអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ឲ្យឮៗ សូមអញ្ជើញសិស្ស​ឲ្យ​ប្រើ​ខគម្ពីរនេះ​ពន្យល់​អំពី​តម្លៃ​របស់ពួកគេ​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះ ។ សិស្ស​អាច​នឹង​ផ្ដល់​យោបល់​ជា​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវគូសបញ្ជាក់ឲ្យ​បា្រកដថា តម្លៃ​នៃ​ព្រះលឹង​ទាំងឡាយ គឺមហិមាណាស់​ចំពោះ​​ព្រះនេត្រ​នៃព្រះ ។

  • ហេតុអ្វី​អ្នក​គិត​ថា អ្នក​មាន​តម្លៃ​ដ៏មហិមា​នៅចំពោះព្រះដូច្នេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ព្រះ​ទត​មើល​អ្នក ពុំ​មែនគ្រាន់​តែ​ជា​មនុស្ស​រមែង​ស្លាប់​នៅ​ក្នុង​ភព​តូច​មួយ ដែល​យើង​រស់នៅ​មួយ​រយៈ​នោះ​ទេ— ទ្រង់ទត​មើល​លើអ្នក ក្នុងនាម​​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ទតមើល​អ្នក​ជា​តួអង្គ ដែល​មាន​សមត្ថភាព និង បាន​រៀបចំ​រចនា​អ្នក​ឡើង​ឲ្យ​ប្រែក្លាយ​ទៅ​ជា​ដូចនោះ ។ ទ្រង់​ចង់​ឲ្យអ្នកដឹង​ថា អ្នក​សំខាន់​ចំពោះទ្រង់ » ( You Matter to Him » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២ ) ។

សូមរំឭកសិស្សអំពី​សកម្មភាព​ ដែល​អ្នក​បាន​បង្ហាញ​ថា តម្លៃ​នៃ​វត្ថុ​មួយ គឺ​អាស្រ័យទៅលើ​អ្វី​ដែល​មនុស្ស​ម្នាក់ ស្ម័គ្រចិត្ត​ដើម្បី​បង់ថ្លៃ​សម្រាប់​វា​ទៅវិញទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១១-១២ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាម​ជាមួយ ហើយ​ប្រាប់​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​បង់ថ្លៃ​សម្រាប់​យើង​ ។

  • តើ​ព្រះអង្គសង្គ្រោះ​បង់​ថ្លៃ​សម្រាប់​ព្រលឹង​យើង​ថ្លៃ​ប៉ុន្មាន ? ( អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​ថា នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ឃ្លា​ថា « មនុស្ស​លោក​ទាំងអស់ » គឺ​សំដៅ​ទៅ​លើ​មនុស្ស​ទាំងអស់ ។

  • តើ​យើង​អាច​បង្ហាញនូវការ​ដឹងគុណ​ចំពោះ​ពលិកម្ម ដែលព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ? ( ទោះជា​ចម្លើយ​ផ្សេងៗគ្នា​ត្រឹមត្រូវ​ សូម​បញ្ជាក់ថា របៀប​មួយ​ដ៏ល្អបំផុត​ ដែល​យើងអាច​បង្ហាញ​ការដឹងគុណ​របស់យើង​ គឺ​តាមរយៈ​ការ​ប្រែចិត្ត ) ។

សូម​សរសេរ​នូវ​សេចក្ដីថ្លែង​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តម្លៃ​ខ្លួន​ខ្ញុំ​គឺ​ថ្លៃ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ ហើយ​បានសុគត ដូច្នេះ​ខ្ញុំអាច​បាន​ប្រែចិត្ត ។

អ្នកអាច​នឹង​ចង់​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​សរសេរគោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

  • តើ​សេចក្ដីពិត​នេះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​មកខ្លួន​ឯង​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​សេចក្ដីពិត​នេះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​នឹង​អ្នកដទៃ​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​ថ្លែងទីបន្ទាល់អំពី​សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងការ​ស្ម័គ្រសុគត​របស់ទ្រង់​ ដើម្បីយើងម្នាក់ៗ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៣ ដោយ​ស្ងាត់ស្ងៀម ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ក្ដីអំណរ​យ៉ាង​ខ្លាំង​ពេល​យើង​ប្រែចិត្ត​ដូច្នេះ ?

  • បើ​នរណា​ម្នាក់​ជឿ​ថា តម្លៃ​នៃ​ព្រលឹង​គឺ​មហិមា​ណាស់​ចំពោះព្រះនេត្រ​នៃ​ព្រះ នោះ​តើ​ជំនឿ​របស់ពួកគេ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ចម្លើយ​អាច​មានដូចជា ៖ ការ​ប្រព្រឹត្ត​នឹង​អ្នកដទៃ​ដោយ​គោរព បម្រើ​អ្នកដទៃ ឬ​រៀបចំ​ខ្លួន​ដើម្បីបម្រើ​បេសកកម្ម ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៤ ដោយ​ស្ងាត់ស្ងៀម ដើម្បី​រៀន​អំពី​អ្វីដែលព្រះអម្ចាស់ បាន​ហៅ​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ​ឲ្យ​ធ្វើ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ « ស្រែក​ប្រាប់​ពីការ​ប្រែចិត្ត » ?

ដើម្បី​ជួយសិស្ស​យល់​ឃ្លានេះ​កាន់តែ​ប្រសើរ សូម​អាន​សេចក្ដីថ្លែងការ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថា ៖ « ការ​ស្រែក​ប្រាប់​ពីការ​ប្រែចិត្ត ជា​ធម្មតា​មានន័យថា ការ​ជួយ​មនុស្ស​ឲ្យ​ត្រឡប់មក​រក​ព្រះ » ( «Preparing for Your Spiritual Destiny » [ CES fireside address, ថ្ងៃទី ១០ ខែ​មករា ឆ្នាំ ២០១០ ], ៧, speeches.byu.edu ) ។

  • តើ​យើង​អាច​ជួយអ្នកដទៃទៀត​ឲ្យ​ប្រែចិត្ត​តាម​វិធី​ណា​ខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥-១៦ ដើម្បី​រៀន​អំពី​បទពិសោធន៍​របស់បុគ្គល​ម្នាក់ៗ ពេល​ពួកគេ​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​មានពរជ័យអ្វីខ្លះ​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ អ្នកទាំងឡាយ​ដែល ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នកអាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ជួយអ្នកដទៃ​ឲ្យ​ប្រែចិត្ត ហើយមក​រក​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួលអារម្មណ៍នៃ​​ក្ដីអំណរ ជាមួយ​ពួកគេ​នៅក្នុង​នគរ​នៃព្រះ

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា អ្នក​នឹង​មានអារម្មណ៍នៃ​ក្ដីអំណរ បើ​អ្នក​នាំ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

សូម​អញ្ជើញសិស្ស​ឲ្យ ចែកចាយ​បទពិសោធន៍​មួយ ដែល​ពួកគេ ឬនរណា​ម្នាក់​ដែលពួកគេ​ស្គាល់​ បាន​មានអារម្មណ៍​ក្ដីអំណរ ដោយ​សារ​តែ​ពួកគេ​បាន​ជួយ​នរណា​ម្នាក់​ឲ្យ​រីកចម្រើន​ឡើង​ខិតទៅកាន់តែជិត​ព្រះអម្ចាស់​ ។ អ្នក​ក៏​អាច​ចង់ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នកផង​ដែរ ។

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​អ្វីមួយ​ដែលពួកគេ​អាច​ធ្វើ ដើម្បីជួយ​នៅក្នុង​កិច្ចការ​នៃ​ការ​សង្គ្រោះ​ព្រលឹង ។ សូម​ពួកគេ​ឲ្យ​ពិចារណា​ទៅលើ​មនុស្ស​ជាក់លាក់ ដែលពួកគេ​អាច​ជួយ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៥ ។ « ថ្មដា​របស់ខ្ញុំ »

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៥ និយាយ​ថា សាសនាចក្រ​របស់ព្រះអម្ចាស់ គួរ​តែ​ស្ថាបនា​ឡើង « នៅលើ​គ្រឹះ​នៃ​ដំណឹងល្អ​របស់​យើង និង​ថ្មដា​របស់​យើង » ។ សេចក្ដីណែនាំ​ដល់​បទគម្ពីរ ឲ្យនិយម​ន័យ ថ្មដា ជា « ពាក្យ​ប្រៀបធៀបថា ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ គឺជា​គ្រឹះ​ និង​ការ​គាំទ្រ​ដ៏​មាំមួយ ( គ. និង ស. ១១:២៤; ៣៣:១២–១៣ ) ។ ថ្មដា ក៏អាច​សំដៅ​ទៅលើ​វិវរណៈ ដែលព្រះ​បាន​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ទ្រង់​បាន​ដឹង​ទៅដល់​មនុស្ស ( ម៉ាថាយ ១៦:១៥–១៨) » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ « ថ្មដា » scriptures.lds.org ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ។ « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មនុស្ស​គ្រប់រូប ដែល​យើង​ជួប​គឺ​ជា វីអាយភី [ មនុស្ស​សំខាន់​បំផុត ] ចំពោះ​ព្រះវរបិតាសួគ៌​យើង ។ នៅពេល​យើង​យល់​អំពី​រឿង​នោះ យើង​អាច​ចាប់​ផ្ដើម​យល់​អំពី​របៀប​ដែល​យើង​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​បងប្អូន​របស់​យើង ។

« ស្ត្រី​ម្នាក់​ដែល​បានឆ្លង​កាត់​ការ​សាកល្បង និង​ទុក្ខ​សោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា ‹ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ដូច​ជា​ក្រដាស​ប្រាក់ ២០ ដុល្លារ​ចាស់​មួយ​សន្លឹក —ដែល​ខ្ទក់ខ្ទី រហែក ប្រឡាក់ ជាន់​ឈ្លី និង ភ័យ​ខ្លាច ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជា​ក្រដាស​ប្រាក់ ២០ ដុល្លារ​ដដែល​ ។ ខ្ញុំ​មាន​តម្លៃ​សម្រាប់អ្វីមួយ ។ ទោះ​ជា​ខ្ញុំ​អាច​នឹង​មើល​ទៅមិនដូច​ជា​ក្រដាសប្រាក់នោះ ហើយ​ទោះ​បីជា​ខ្ញុំ​ត្រូវ​ខ្ទក់ខ្ទី និងចាស់​ក៏ដោយ ក៏ខ្ញុំ​នៅ​តែ​មាន​តម្លៃ​ជា​ក្រដាស​ប្រាក់ ២០ ដុល្លារ​ពេញ​ដែរ » ( You Are My Hands, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០, ៦៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៥-១៦ ។ « ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់មួយជីវិត​អ្នក »

ដំណើរ​រឿង​ដូច​ខាង​ក្រោយ បង្ហាញ​អំពី​កិច្ច​ខិត​ខំ​របស់​​ប្រធាន ថូម៉ាស អេស ម៉នសុន ដើម្បី​នាំ​ព្រលឹង​ជាច្រើន​មករក​ព្រះអង្គសង្គ្រោះ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ការ​ទទួលខុសត្រូវ​របស់​ខ្ញុំ ក្នុង​នាម​ជា​ប៊ីស្សព​មាន​ច្រើន​ផ្សេងៗ​គ្នា ហើយ ខ្ញុំបាន​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បីធ្វើនូវ​អ្វី​ទាំងអស់ ដែល​តម្រូវពី​ខ្ញុំ ។ សហរដ្ឋ​អាមេរិក​បានចូលប្រឡូក​នឹង​សង្គ្រាម​ផ្សេង … នា​គ្រា​នោះ ។ ដោយសារ​មាន​សមាជិក​យើង​ជា​ច្រើន បានបម្រើជា​កងទ័ព​ នោះ​ប៊ីស្សព​ទាំង​អស់​មាន​​កិច្ចការ​មួយ​មក​ពី​ទីស្នាក់ការ​សាសនាចក្រឲ្យ​ជាវ​ កាសែត​សាសនាចក្រ និង Improvement Era ជា​ទស្សនាវដ្ដី​របស់​សាសនាចក្រ ផ្ញើរ​ទៅ​ឲ្យ​ទាហាន​ម្នាក់ៗ​នៅពេល​នោះ ។ បន្ថែម​ពី​នោះ​ប៊ីស្សព​ម្នាក់ៗ​ត្រូវ​បាន​សុំ​ឲ្យ​សរសេរ​សំបុត្រ​ផ្ទាល់ខ្លួន​ផ្ញើ​ទៅ​កាន់​កងទ័ព ដែល​ចេញ​ពី​វួដ​គាត់​ជា​ប្រចាំ​ខែ ។ នៅ​វួដ​របស់​យើង​មាន​បុរស ២៣ នាក់​កំពុង​បម្រើ​កងទ័ព ។ កូរ៉ុម​បព្វជិតភាព ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ផ្ដល់​មូលនិធិ​ដើម្បី​ជាវ ការបោះពុម្ព​ទាំងនោះ ។ ខ្ញុំបាន​ទទួល​យក​ការងារ​នោះហើយ​ក៏​ជាកាតព្វកិច្ច​ដែរ ដើម្បី សរសេរ​សំបុត្រ​ផ្ទាល់​ខ្លួន ២៣ ច្បាប់​ជា​រៀងរាល់ខែ ។ បន្ទាប់​ពី​ឆ្នាំទាំងនោះ​មក ខ្ញុំ​នៅតែ​មាន​សំបុត្រ​របស់​ខ្ញុំ​ជា ច្រើន​ច្បាប់ និង សំបុត្រ​ដែល​បាន​តប​មកវិញ ។ ពេល​ខ្ញុំ​អាន​សំបុត្រទាំង​​នេះ​ឡើង​វិញ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ដោយ​ពុំ​ដឹង​ខ្លួន ។ វា​ជា​ក្ដី​អំណរ​ដើម្បី​រៀន​ជា​ថ្មី​អំពី​ការ​សន្យា​របស់​កងទ័ព​ម្នាក់ ដើម្បី​រស់នៅ​តាមដំណឹងល្អ ឬ​ជា​ការសម្រេចចិត្ត ដើម្បី​រក្សា សេចក្ដីជំនឿលើដំណឹងល្អ ជាមួយនឹងគ្រួសារ​របស់​គាត់ ។

« នៅល្ងាច​មួយ​ខ្ញុំ​បាន​ហុច​សំបុត្រ​មួយ​បាច់ ដែល​មាន ២៣ សំបុត្រ​ទៅ​បងស្រី​ម្នាក់​ក្នុង​វួដ សម្រាប់​ខែ​ថ្មី ។ កិច្ចការ​របស់​គាត់ គឺ​ផ្នែកផ្ញើរ​សំបុត្រ ហើយ​ត្រូវ​រក្សា បញ្ជី​អាស័យដ្ឋាន ដែល​ផ្លាស់ប្ដូរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ គាត់​បាន​មើល​ខ្នង​សំបុត្រ ហើយ​ញញឹម រួច​បាន​សួរ​ថា ‹ ប៊ីស្សព តើ​លោក​ពុំ​ធ្លាប់​មាន​ការ​បាក់ទឹកចិត្ត​ទេ​ឬអី ? នេះ​ជា​សំបុត្រ​មួយទៀត​ផ្ញើរ​ទៅ​ឲ្យ​បងប្រុស ប្រ៊ីសុន ។ នេះ​គឺជា​សំបុត្រ​ទី ១៧ ដែលលោកផ្ញើរទៅ​ឲ្យ​គាត់ ដោយ គ្មាន​ការឆ្លើយតបមក​វិញ › ។

« ខ្ញុំ​បាន​តប​ថា ‹ មែនហើយ នេះ​អាច​ជា​ខែ​ដែល​ទទួលបាន​សំបុត្រ​តបហើយ› ។ វាបាន​ក្លាយ ជា ខែ​ទទួលសំបុត្រឆ្លើយ​តប​​មែន ។ គាត់​បាន​តប​សំបុត្រ​ខ្ញុំ​ជា​លើក​ដំបូង ។ ការតប​របស់​គាត់ គឺ​ជា​ការចងចាំដ៏​ល្អ​ជា​រតនៈសម្បត្តិ ។ គាត់​បម្រើ​នៅ​ឆ្ងាយ ក្នុង​កន្លែង​ឆ្ងាយ​ដាច់ស្រយាល នឹកផ្ទះ និង ឯកកោ ។ គាត់​បាន​សរសេរ​ថា ‹ជូនចំពោះ ប៊ីស្សព ខ្ញុំ​ពុំ​សូវ​ចេះ​សរសេរ​សំបុត្រ​ទេ › ។ ( ខ្ញុំ​អាច​ប្រាប់​លោក​បាន ថា ប៉ុន្មាន​ខែ​មុន ) ។ សំបុត្រ​គាត់​បន្ដ​ថា « អរគុណ ចំពោះ កាសែតសាសនាចក្រ និង ទស្សនាវដ្ដី​ព្រះវិហារ ប៉ុន្តែ​អរគុណ​បំផុត​ចំពោះ​សំបុត្រ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​សង្ឃ​ម្នាក់​នៅក្នុង​បព្វជិតភាព​អើរ៉ុន ។ ដួងចិត្ត​របស់​ខ្ញុំ​ត្រេកអរណាស់ ។ ខ្ញុំ​ជាមនុស្ស​ដ៏រីករាយ » ។

« បងប្រុស ប្រ៊ីសុន សប្បាយ​ចិត្ត មិន​ចាញ់​ប៊ីស្សព​របស់​គាត់​ទេ ។ ខ្ញុំ​បាន​រៀន​អនុវត្ត​ពាក្យ​ស្លោក​នៅក្នុង​ជីវិត​ខ្ញុំ ‹សូម​ធ្វើកាតព្វកិច្ច [ របស់អ្នក ] ឲ្យ​ល្អ​បំផុត នៅសល់​ប៉ុន្មាន ទុក​ឲ្យ​ព្រះអម្ចាស់មើលថែ › ។ ហិនរី វ៉ាតស្វើស ឡង​ហ្វេឡូ «The Legend Beautiful, » នៅ​ក្នុង The Complete Poetical Works of Longfellow ( ឆ្នាំ ១៨៩៣), ២៥៨ ។

« ប៉ុន្មាន​ឆ្នាំ​ក្រោយមក ខណៈ​កំពុង​ចូលរួម​នៅ​ក្នុង​ស្ដេក​សលត៍ ឡេក ខតតុន វូដ ពេល​នោះ លោក ជែមស៍ អ៊ី ហ្វោស្ត ធ្វើជា​ប្រធាន​ស្ដេក​ខ្ញុំ បាន​រៀបរាប់​អំពី​រឿង​ដោយ​មាន​បំណងចង់ លើកទឹកចិត្ត​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​កងទ័ព​របស់​យើង ។ បន្ទាប់​ពី​ការប្រជុំ យុវជន​សង្ហា​ម្នាក់ បាន​ដើរ​មក​រកខ្ញុំ ។ គាត់​បាន​ចាប់​ដៃ​ខ្ញុំ ហើយ​សួរ​ថា « ប៊ីស្សព ម៉នសុន តើ​លោក​នៅ​ចាំ​ខ្ញុំ​ទេ ?

រំពេច​នោះ​ខ្ញុំ​បាន​ស្គាល់​ថា​គាត់​ជា​នរណា ។ ‹ បងប្រុស ប្រ៊ីសុន ! › ខ្ញុំ​បាន​ស្រែក​ឡើង ។ ‹ បង​សុខសប្បាយទេ ? តើ​អ្នក​ធ្វើ​អ្វី​ក្នុង​សាសនាចក្រ ? ›

« គាត់​បាន​ឆ្លើយតប​ដោយ​កក់ក្ដៅ និង មោទនភាព ថា ខ្ញុំសុខសប្បាយទេ ។ ខ្ញុំ​បម្រើ​នៅក្នុង​គណៈប្រធាន នៃ​កូរ៉ុម​អែលឌើរ​របស់​ខ្ញុំ ។ អរគុណម្ដងទៀត ដែល​លោក​បារម្ភ​ចំពោះ​ខ្ញុំ និង​សំបុត្រ​ផ្ទាល់​ខ្លួន ដែល​លោក​ផ្ញើរ​មក​ខ្ញុំ វា​មាន​តម្លៃចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ។

« បងប្អូនប្រុស ពិភពលោក គឺ​ត្រូវការ​ជំនួយ​របស់អ្នក » ( « Willing and Worthy to Serve » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១២, ទំព័រ៦៨-៦៩ ) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅពេល​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព ខ្ញុំ​កត់ចំណាំ​នា​ព្រឹក​ថ្ងៃអាទិត្យ​មួយ ដែល​សង្ឃ​ម្នាក់​របស់​យើង​បាត់​ពីការ​ប្រជុំ​បព្វជិតភាព ។ ខ្ញុំ​បាន​ចាក​ចេញពីក្រុម​ទុក​ឲ្យ​អ្នក​ផ្ដល់​ដំបូន្មាន​មើល​ថែរ ហើយ​បាន​ទៅ​ផ្ទះ​របស់​រីឆាត ។ ម្ដាយ​គាត់​បាន​និយាយ​ថា គាត់​កំពុង​ធ្វើការ​នៅយាន្ដដ្ឋាន​ខាង​លិច​ព្រះវិហារបរិសុទ្ធ​ឯហ្នោះ ?

« ខ្ញុំ​បាន​បើក​ឡាន​ទៅ​យាន្ដដ្ឋាន​នោះ ដើម្បី​រក​មើល​រីឆាត ហើយ​បាន​មើល​គ្រប់ទីកន្លែង ប៉ុន្តែ​ខ្ញុំ​រក​ពុំ​ឃើញ​គាត់​សោះ ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ទទួលការ​បំផុសគំនិត​ឲ្យ​មើល​ទៅ​ក្រោម នៅ​កន្លែង​រណ្ដៅ​​មាន​គំនរ​គ្រឿង​ចាស់ៗ​នៅ​ត្រង់​ម្ខាង​ទៀត​នៃ​យាន្ដដ្ឋាន ។ ខ្ញុំ​អាច​មើល​ឃើញ​កែវភ្លែក​ពីរគូរ​ ចេញ​ពី​កន្លែង​ងងឹត​នោះ ។ បន្ទាប់មក​ខ្ញុំ​បាន​ឮ រីឆាត​និយាយ​ថា ‹ លោក​រក​ខ្ញុំឃើញហើយ ប៊ីស្សព ! › ខ្ញុំ​នឹង​ឡើងទៅ › ។ បន្ទាប់​មក គាត់​កម្រ​នឹង​បាត់​មុខ​ពីការ​ប្រជុំ​បព្វជិតភាព​ណាស់ ។

« គ្រួសារ​បាន​ផ្លាស់​ចេញ​ទៅ​ស្ដេក​នៅជិត​ខាង​មួយ ។ ពេលវេលា​បាន​កន្លង​ផុតទៅ ហើយ​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ប្រាប់​ខ្ញុំ​ថា រីឆាដ បាន​ទទួល​ការ​ហៅ​ឲ្យ​ទៅបម្រើ​បេសកកម្ម​នៅ​ប្រទេស ម៉ិកស៊ីកូ ហើយ​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យថ្លែងទីបន្ទាល់​ក្នុង​កម្មវិធី​លាគ្នា​ពីគ្រួសារ​របស់គាត់ ។ នៅ​ការប្រជុំ​នោះ ពេល រីឆាដ បាន​តប គាត់​បាន​ប្រាប់​ថា ចំណុច​ដែល​គាត់​ងាក​ត្រឡប់មក​វិញ ធ្វើការ​តាំងចិត្ត​ដើម្បី​បំពេញ​បេសកកម្មពេញ​ម៉ោង គឺ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​មួយ-- ពុំ​មែន​នៅក្នុង​សាលា​ប្រជុំ​ទេ តែ​នៅពេល​គាត់​បាន​ងាក​មើលមកលើ​ពី​ក្នុងរណ្ដៅ​គំនរ​គ្រឿង​ចាស់ៗ​ដែល​ងងឹត​មួយ ហើយ​ឃើញ​ប្រធានកូរ៉ុម​របស់​គាត់ បាន​លូក​ដៃ​មក​រកគាត់ ។

« ប៉ុន្មាន​ឆ្នាំកន្លង​មក​នោះ រីឆាដ បាន​នៅ​បន្ដ​ទំនាក់ទំនង​ខ្ញុំ ប្រាប់​អំពី​ទីបន្ទាល់​របស់គាត់ គ្រួសារ​គាត់ និង​ការ​បម្រើ​របស់គាត់​នៅក្នុង​សាសនាចក្រ រួមទាំង​ការ​ហៅ​របស់​គាត់​ ក្នុង​នាម​ជា​ប៊ីស្សព​ម្នាក់ » ( They Will Come » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧, ទំព័រ ៤៦ ) ។