ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:១-១៦


មេរៀនទី ១០៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១-១៦

បុព្វកថា

នៅ​ថ្ងៃ​ទី ១៦ និង​ ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​អំពី​ការ​រងទុក្ខ​របស់​ពួកបរិសុទ្ធ​បាន​ជួបប្រទះ​នៅ​រដ្ឋ មិសសួរី ។ វិវរណៈ​នេះ បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ នឹង​ត្រូវ​បាន​បំបែក​ជា​បីមេរៀន ។ មេរៀន​ដំបូង​នេះ រួម​មាន​ការពន្យល់​របស់​ព្រះអម្ចាស់​ពី​មូលហេតុ ដែល​ទ្រង់​ទុកឲ្យ​ពួកបរិសុទ្ធ​រងទុក្ខ ។ វា​ក៏​បញ្ចូល​ព្រះបន្ទូល​នៃ​ការ​ទូន្មាន និង​ការ​លួងលោម​ចិត្ត​របស់​ទ្រង់​ដល់​ពួកបរិសុទ្ធដែលកំពុងរងទុក្ខ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១-៨

ព្រះអម្ចាស់​បាន​ពន្យល់ពី​មូលហេតុ​ដែល​ទ្រង់​ទុក​ឲ្យ​ពួកបរិសុទ្ធ​ជួបប្រទះ​ការ​សាកល្បង

សូម​គូរ រូប​ផែនទី​ដែល​មាន​អម​មក​ជាមួយ នៅលើ​ក្ដារខៀនមុន​ពេល​ចូលរៀន ។ អ្នក​អាច មើល​តាម​ផែនទី​ពេញ​មួយមេរៀន ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​រឿង​ប្រវិត្តិសាស្ត្រ​នៅ​ក្នុង​មេរៀន ។

រូបភាព
ផែនទី រដ្ឋមិសសួរី

ដើម្បី​ចាប់​ផ្ដើម​មេរៀន សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​គំរូ​នៃ​ការ​បៀតបៀន​អ្វី​ខ្លះ ដែល​ពួកបរិសុទ្ធ​បាន​រងទុក្ខ​នៅ​ក្នុង​ឃុំ ចាកសុន រដ្ឋ មិសសួរី ? (អ្នក​ប្រហែល​ត្រូវ​រំឭក​សិស្ស​ពី​ការ​បំផ្លិចបំផ្លាញ​ការិយាល័យ​បោះពុម្ព ផ្ទះ និង​ដំណាំ​របស់​ពួក​បរិសុទ្ធ ហើយ​បាន​ស្រោច​ជ័រ​កៅស៊ូ និង​ចាក់​រោមសត្វ​លើ អែតវើត ប៉ាទ្រិច និង ឆាលស៍ អាលែន )។

សូម​សង្ខេប ឬ​អាន​ឃ្លា​ខាងក្រោម ឬ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា ។

ព្រោះតែ​ការ​ប្រើ​អំពើ​ហឹង្សា​របស់​ក្រុម​ពួក​មនុស្ស​កំណាច​ក្នុង​ឃុំ ចាកសុន រដ្ឋ មិសសួរី​នៅ​ខែ កក្កដា ឆ្នាំ ១៨៣៣ នោះអ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​រដ្ឋ មិសសួរី បាន​យល់ព្រម​ចាកចេញ​ពី​ឃុំ​នោះ ។ ប៉ុន្តែ នៅ​ ខែ សីហា ឆ្នាំ ១៨៣៣ ក្រុម​ប្រឹក្សា​នៃ​អ្នក​ដឹកនាំ​សាសនាចក្រ​ទូទៅ​ក្នុង​ទីក្រុង ខឺតឡង់ បាន​ជួប​ពិភាក្សា​ពី​ការ​លំបាក​នៅ​រដ្ឋ មិសសួរី ។ ពួកគេ​បាន​ផ្ញើ​សេចក្ដី​ណែនាំថា ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី មិន​គួរ​លក់​ដី​របស់​ខ្លួន ឬ​ផ្លាស់​ចេញ​ពី​ភូមិ​នោះ​ឡើង លុះត្រា​តែ​ពួកគេ​បាន​ចុះ​កិច្ច​ព្រមព្រៀងឲ្យ​ធ្វើ​ដូច្នោះ​សិន ។ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​ស្នើ​ដល់​រដ្ឋាភិបាល ហើយ​បាន​ប្រើ​វិធី​ស្របច្បាប់​ដើម្បី​រក្សា​ដីធ្លី​របស់​ពួកគេ​នៅ​រដ្ឋ មិសសួរី និង​ស្វែងរក​យុត្តិធម៌​ពី​សំណាក់​អ្នក​ដែល​ទទួល​ខុសត្រូវ​លើ​អំពើ​ហឹង្សា ។ បន្ទាប់​ពី​បាន​ឮ​ពី​ទង្វើ​ទាំងនេះ ហើយ​ដោយ​ជឿថា​ពួកបរិសុទ្ធ​គ្មាន​គម្រោង​ចាកចេញ​ដូច​ដែល​បាន​រំពឹង​ទុក​នោះ​ទេ អ្នក​ដែល​មិនមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​វាយប្រហារ​ពួកបរិសុទ្ធ​ម្ដង​ទៀត ។ នៅ​យប់​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ១៨៣៣ ពួក​មនុស្ស​កំណាច​ជិះសេះប្រហែល ៥០​នាក់ បាន​វាយ​ឆ្មក់​លំនៅដ្ឋាន​របស់ វិតមើរ នៅ​ភាគ​ខាង​លិច​នៃ​ ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ។ ពួកគេ​បាន​រុះរើ​ផ្ទះ​១៣​ខ្នង និង​បាន​វាយ​បុរស​មួយ​ចំនួន​ស្ទើ​ស្លាប់ ។ ការវាយប្រហារ​នេះ​បាន​បន្ត​ដល់​ពីរ​យប់​បន្ទាប់ នៅ​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ និង ទីតាំង​ផ្សេង​ទៀត​ដែល​ពួក​បរិសុទ្ធ​បាន​រស់នៅ ។ មនុស្ស​ប្រុស​ត្រូវ​បាន​វាយដំ ហើយ​ស្រ្តី និង​កុមារ​ត្រូវ​បាន​បំភ័យ ។

  • តើ​សំណួរ​អ្វីខ្លះ​ដែល​អ្នក​គិត​ថា ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាច​មាននៅ​ពេល​នោះ ? ( បើ​សិស្ស​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ពិចារណា​ពី​សំណើ​ដែល​ពួកបរិសុទ្ធ​អាច​ឆ្ងល់​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​ទុក​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន ) ។

សូម​សួរ​សិស្ស​ថា តើពួក​គេ​ធ្លាប់​ឆ្ងល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ទុក​ឲ្យ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​ជួបប្រទះ​នឹង​ការ​រងទុក្ខ​ដែរឬទេ ។

សូម​ពន្យល់​ថា ពេល​ពួកបរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី កំពុង​រងទុក្ខ​តាម​រយៈ​ការ​សាកល្បងទាំងនេះ ព្រះអម្ចាស់​បាន​សម្ដែង​ការពិត​អំពី​មូលហេតុ​ដែល​ទ្រង់​ទុក​ឲ្យ​ប្រជាជន​ទ្រង់​ជួបប្រទះ​នឹង​ការ​រងទុក្ខ ។ សូម​ឲ្យ​សិស្ស​មើល​សេចក្ដី​ណែនាំ​អំពី​កណ្ឌក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ ហើយ​ប្រាប់​ពី​កាលបរិច្ឆេទ​ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ ។ ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​ក្នុង​កណ្ឌ​ទាំងមូល ដើម្បី​រកមើល​ទុក្ខវេទនា​ផ្សេងទៀត​ដែល​ពួកបរិសុទ្ធ​បាន​ជួយ​ប្រទះ​រវាង​ការ​វាយប្រហារ​ពី​ពួក​មនុស្ស​កំណាច​នៅ​ថ្ងៃ​ទី ៣១ ខែ តុលា និង​កាលបរិច្ឆេទ​ពេល​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ សូមឲ្យ​ពួកគេរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( បន្ទាប់​ពី​ពួកគេ​រាយការណ៍​ហើយ អ្នក​អាច​ពន្យល់​ថា មាន​ពួកបរិសុទ្ធ​ច្រើន​ជាង​ ១០០០​នាក់​ ដែល​ត្រូវ​បាន​បណ្ដេញ​ពី​ផ្ទះ​របស់​ពួកគេ​ក្នុង​ឃុំ ចាកសុន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្នុង​ឃុំ ចាកសុន រងទុក្ខ​ពី​ការ​បៀតបៀន និង​ការ​ឈឺ​ចាប់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យើងអាច​រៀន​អ្វី​ពី ខ ២ អំពី​លទ្ធផល​នៃ​ការ​ប្រឆាំង​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖នៅពេល​យើង​ប្រឆាំង​នឹង​ព្រះបញ្ញត្តិ នោះព្រះ​ទុក​ឲ្យ​យើង​រងទុក្ខ ) ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ក្នុង​ការ​យល់​ពី​គោលការណ៍​នេះ ?

សូម​ចង្អុល​បង្ហាញ​ថា ទោះ​ជា​ពួកបរិសុទ្ធ​ជា​ច្រើន​នៅ​រដ្ឋ មិសសួរី មាន​ការ​ស្មោះត្រង់ និង​គោរពតាម​ព្រះបញ្ញត្តិ​ក្ដី ពួកគេ​នៅ​តែ​រងទុក្ខ​ដោយសារ​ការ​បៀតបៀន​ដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៣-៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ទុក​ឲ្យ​ពួកបរិសុទ្ធដែល​សុចរិត​រងទុក្ខ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នកអាច​ពន្យល់​ថា ពាក្យ ការ​វាយផ្ចាល មានន័យ​ថា​ត្រូវ​ណែនាំ ឬ កែតម្រូវ ពាក្យ​ការ​ល្បង មានន័យ​ថា​ត្រូវ​សាកល្បង ហើយ​ពាក្យ ការ​ញែកចេញ​ជា​បរិសុទ្ធ មាន​ន័យ​ថា​ត្រូវ​ធ្វើ​ឲ្យ​នរណា​ម្នាក់ ឬ​អ្វីមួយ​បាន​បរិសុទ្ធ និង​ពិសិដ្ឋ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​វាយផ្ចាល និង​ល្បង​ប្រជាជន​របស់​ទ្រង់ ? ( សិស្ស​គួរ​តែ​បង្ហាញ​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​មិន​ស៊ូទ្រាំ​នឹង​ការ​វាយផ្ចាល​ទេ នោះ​យើង​មិន​អាច​ត្រូវ​បាន​ញែកចេញ​ជា​បរិសុទ្ធ​ទេ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​ការ​វាយផ្ចាល អាច​ជួយ​យើង​ឲ្យ​ត្រូវ​បាន​ញែកចេញ​ជា​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

  • តើ​សារលិខិត​នៅ​ក្នុង​ខ​គម្ពីរទាំងនេះ មានឥទ្ធិពលយ៉ាងណា​ចំពោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ត្រូវ​វាយផ្ចាល និង​សាកល្បង ជួយ​យើង​ឲ្យ​បាន​ញែកចេញ​ជា​បរិសុទ្ធ សូម​ឲ្យ​សិស្ស​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« បន្ថែម​ពី​លើ​ការ​ជម្រុញ​ការ​ប្រែចិត្ត​របស់​យើង បទពិសោធន៍​នៃ​ការ​ការ​ស៊ូទ្រាំ​នឹង​ការ​វាយ​ផ្ចាល អាច​សម្រាំង និង​រៀបចំ​យើង​សម្រាប់​ឯកសិទ្ធ​ខាង​វិញ្ញាណ​អស្ចារ្យ​ជាង​នេះ » ( As Many as I Love, I Rebuke and Chasten » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨ ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​សំដៅ​ទៅ អ័ប្រាហាំ ជា​គំរូ​មួយនៃ​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​វាយផ្ចាល និង​ត្រូវ​បាន​សាកល្បង ។ អ្នក​អាច​សូម​ឲ្យ​សិស្ស​សង្ខេប​យ៉ាងខ្លី​នូវ​រឿង​ដែល​ព្រះអម្ចាស់​បញ្ជារ​ឲ្យ អ័ប្រាហាំ បូជា​កូនប្រុស​របស់​លោក គឺ​អ៊ីសាក ធ្វើ​ជា​យញ្ញបូជា ( សូមមើល លោកុប្បត្តិ ២២:១-១៤ ) ។ សូម​ពន្យល់​ថា ការ​ស្មោះត្រង់​របស់ អ័ប្រាហាំ ក្នុង​ពេល​សាកល្បង​នោះ និង​ក្នុង​ពេល​សាកល្បង​ដទៃ​ទៀត បាន​រៀបចំលោក​ឲ្យ​ទទួល​បាន​ពរជ័យ​ខាង​វិញ្ញាណ​យ៉ាង​អស្ចារ្យ ( សូមមើល លោកុប្បត្តិ ២២:១៥-១៨ ) ។ សូម​ឲ្យ​សិស្ស​មើល​គោលការណ៍ ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។

  • តើ​សេចក្ដីពិត​នេះ អាច​ជួយ​យើង​ក្នុង​ពេល​លំបាក​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៦-៨ ដោយ​ស្ងៀមស្ងាត់ រកមើល​អំពើ​បាប​ដែល​បាន​ធ្វើ​ដោយ​ពួកបរិសុទ្ធ​មួយ​ចំនួន​នៅ​រដ្ឋ មិសសួរី ដែល​បាន​ដឹកនាំ​ទៅរក​ការ​រងទុក្ខ​សម្រាប់​ពួកគេ​គ្រប់គ្នា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​ការរក​ឃើញរបស់​ពួកគេ ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​យើង​រៀន​អ្វី​ខ្លះ​ពី ខ ៧-៨ ?

  • យោង​តាម ខ ៨ តើ​មនុស្ស​មួយ​ចំនួន​ចង់​ធ្វើ​អ្វី ពេល​ជីវិត​ពួកគេ​មាន​ភាព​សុខសាន្ត ?

  • ស្របតាម ខ ៨ តើ​មនុស្ស​មួយ​ចំនួន​ចាប់ផ្ដើម​ធ្វើ​អ្វី នៅក្នុងការរងទុក្ខរបស់ពួកគេ ? តើអ្នក​គិត​ថា​ការ « រាវរក » ព្រះ​អម្ចាស់មាន​ន័យ​យ៉ាង​ណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​បទពិសោធន៍ ពេល​ការ​សាកល្បង​របស់​ពួកគេ​បាន​នាំ​គេ​ឲ្យ​បែរ​ដួងចិត្ត​ពួកគេ​មក​រក​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៩-១៦

ព្រះអម្ចាស់​បាន​ប្រឹក្សា និង​លួងលោមចិត្ត​ដល់ពួកបរិសុទ្ធ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៩ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួកបរិសុទ្ធ ដែល​រងទុក្ខ​នៅ​រដ្ឋ មិសសួរី ។

  • តើ​សារលិខិត​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​នៅ ខ ៩ ដែល​អាច​ជួយ​យើង​ពេល​យើង​ទទួលរង​លទ្ធផល​នៃ​អំពើបាប​របស់​យើង ? ( ចម្លើយ​របស់​សិស្ស​អាច​នឹងមាន​ខុសៗគ្នា ប៉ុន្តែ​ពួកគេ​បាន​កំណត់​ពី​សេចក្ដី​ពិត​ដូច​ខាង​ក្រោម​នេះ ៖ ទោះ​ជា​នៅពេល​ដែល​យើង​បាន​ធ្វើ​អំពើ​បាប ក៏​ព្រះអម្ចាស់​នៅតែ​មាន​សេចក្ដី​មេត្តា​ចំពោះ​យើង​ដែរ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ផ្ដល់​យោបល់​ដែរ​ថា សិស្ស​គួរតែ​កត់ត្រា​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​សេចក្ដីពិត​នេះ អាច​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​ដល់​យើង​ដោយ​រៀបណា ?

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្វែរ​ដួងចិត្ត​របស់​ពួកគេ​ទៅ​ព្រះអម្ចាស់ និង​ទទួល​បទពិសោធន៍​ពី​សេចក្ដី​មេត្តា​របស់​ទ្រង់ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១០-១១ ដោយ​ពន្យល់​ថា ទោះ​ជា​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ពួកបរិសុទ្ធ​ត្រូវ​បាន​បៀតបៀនក្តី តែទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ផ្ដន្ទាទោស​អ្នក​ដែល​បៀតបៀន​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឃ្លា​ខាង​ក្រោម​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ការ​សាកល្បង​បន្ថែម ដែល​ពួកបរិសុទ្ធ​នៅរដ្ឋ មិសសួរី បាន​ជួបប្រទះ ។ អ្នកអាច​អញ្ជើញ​សិស្សឲ្យ​នឹកស្រមៃ​ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា បើ​បាន​ធ្វើ​ជា​សាក្សី ឬ​ជួបប្រទះ​ការ​សាកល្បង​ទាំងនោះ ។

ក្រុម​ពួក​មនុស្ស​កំណាច​នៅ​ឃុំ ចាកសុន បាន​បន្ត​បៀតបៀន​ពួកបរិសុទ្ធ​រហូត​ដល់​សមាជិក​ទាំង​អស់​ក្នុង​សាសនាចក្រ ត្រូវ​បាន​បណ្ដេញចេញ​ពី​ភូមិ​នោះ ។ ឡៃម៉ាន វ៉ៃត បាន​រាយការណ៍​ថា « ខ្ញុំ​បាន​ឃើញ​ស្រ្តី និង​កុមារ​មួយរយ​កៅសិប​នាក់​បាន​ដើរ​ឆ្លងកាត់​វាលស្មៅ​ចម្ងាយ​៤៨ គីឡូម៉ែត្រ ជាមួយ​នឹង​បុរស​ចំណាស់​បីនាក់​គ្រាន់​បាន​ជា​គ្នា នៅ​ក្នុង​ខែ​វិច្ឆិកា ភ្លៀង​លាយព្រិល​បានកក​ជាប់​នៅ​លើ​ផ្លូវ​យ៉ាង​ស្ដើង ហើយ​ខ្ញុំ​អាច​រក​ផ្លូវ​ដែល​ពួកគេ​ដើរ​បាន​យ៉ាង​ងាយ ដោយឈាម​ដែលហូរ​ចេញ​ពី​ជើង​ដែល​របួស​របស់​ពួកគេ នៅ​លើ​ជញ្ជ្រាំង​ដែល​បាន​ឆេះ ។ ( នៅ​ក្នុង History of the Church ៣:៤៣៩ ) ។

ពួកបរិសុទ្ធ​ស្ទើតែ​ទាំងអស់​បាន​ភៀស​ខ្លួន​ទៅ​ភាគ​ខាង​ជើង ហើយ​ពួកគេ​ត្រូវ​ឆ្លងទន្លេ​មិសសួរី ។ ឆ្នេរ​ទន្លេ​នៅ​ជិត​សាឡាង ត្រូវបាន​តម្រង់​ជួរ​ដោយ​អ្នក​ភៀសខ្លួន ។ មនុស្ស​មួយ​ចំនួន​មាន​សំណាង​ដែល​បាន​ភៀសខ្លួន​ជាមួយ​នឹង​របស់របរ​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទៀត​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង ។ ប៉ាលី ភី ប្រាត្ត បាន​សរសេរ​ថា ៖ « មនុស្ស​ជា​ច្រើន​រយនាក់ ត្រូវ​បាន​ឃើញ​បែកខ្ញែក​ទៅ​គ្រប់​ទិសទី មនុស្ស​ខ្លះ​នៅ​ក្នុង​តង់ ហើយ​មនុស្ស​ខ្លះ​ទៀត​នៅ​ខាងក្រៅ​នៅ​ជុំវិញ​ភ្នក់ភ្លើង ពេល​ដែល​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ ។ ស្វាមី​ជា​ច្រើន​កំពុង​មើល​ថែ​ដល់​ភរិយា​ខ្លួន ភរិយា​ជា​ច្រើន​កំពុង​មើល​ថែ​ស្វាមី​ខ្លួន ឪពុកម្ដាយ​ជា​ច្រើន​កំពុង​មើល​ថែ​កូនៗ​ខ្លួន និង កូនៗ​ជា​ច្រើន​កំពុង​មើលថែ​ឪពុកម្ដាយ​ខ្លួន ។… ទិដ្ឋភាព​នេះ​គឺ​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត ខ្ញុំ​ប្រាកដ​ណាស់​ថា ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​មាន​ចិត្ត​អាណិតអាសូរ លើកលែង​តែ​ជន​គៀបសង្កត់​ដ៏​ងងឹតងងល់ និង ក្រុម​មនុស្ស​ដែល​ល្ងង់ខ្លៅ និង អវិជ្ជា​ប៉ុណ្ណោះ » (Autobiography of Parley P. Pratt,ការបោះពុម្ព​នៃ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ១០២ ) ។

  • តើ​ផ្នែក​មួយ​ណា​នៃ​ការ​សាកល្បង​ទាំងនេះ នឹង​មាន​ការ​ពិបាក​បំផុត​សម្រាប់​អ្នក​ធ្វើ​ជា​សាក្សី ឬ​ជួបប្រទះ ?

  • តើ​អ្នក​គិត​ថា​អ្នក​អាច​ឆ្លើយតប​យ៉ាងណា បើអ្នកបានជួបប្រទះការ​រងទុក្ខ​បែប​នោះ ? ( អ្នក​អាច​ទុកពេល​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ ដោយ​មិន​ចាំបាច់​ឆ្លើយ​ឮៗទេ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១២-១៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ការ​សន្យា​របស់​ព្រះអម្ចាស់​ដល់ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពីការរក​ឃើញរបស់​ពួកគេ។ សូម​ពន្យល់​ថា​នៅក្នុង ខ ១២ ឃ្លា​« អស់​ទាំងពួក​សាសន៍​អ៊ីស្រាអែល » សំដៅ​ទៅលើ​ពួកអ្នក​ដែល​ស្មោះត្រង់​ទៅនឹង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ។

  • តើ​គោលការណ៍​អ្វី​ដែល​អ្នក​រៀន​ពី ខ ១២-១៦ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ជា​ប្រយោគ​មួយ ហើយ​សរសេរ​នៅ​លើ​ក្ដារខៀន ។ ចម្លើយ​របស់​ពួកគេ គួរ​តែ​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​រស់​នៅ​ដោយ​សុចរិត យើង​អាច​ស្វែង​រក​ការ​លួងលោម​នៅ​ក្នុង​ការ​ដឹង​ថា មនុស្ស​ទាំង​អស់​គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអម្ចាស់) ។

  • នៅ​ក្នុង ខ ១៦, តើ​អ្នក​គិត​ថា​អ្វី​ទៅ​ដែល​ជា​និយមន័យ​របស់​ព្រះបញ្ញត្តិ​ឲ្យ « សូម​បង្អង់​សិន ឲ្យ​បានដឹងថាយើងជាព្រះ » ?

  • តើ « តើ​ការ​បង្អង់ » អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ការ​លួងលោម​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​វេលា ដែល​ពួកគេ​មាន​អារម្មណ៍​សុខសាន្ត ហើយ​ដឹង​ថា​ពួកគេ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ ។ អ្នកអាច​ចែកចាយ​បទពិសោធន៍​មួយ ដែលអ្នកមាន នៅពេល​អ្នក​ត្រូវ​បាន​ប្រសិទ្ធិពរ​ដោយ​ភាព​សុខសាន្ត នៅ​ក្នុង​ពេល​នៃ​ការ​រងទុក្ខ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​បែរ​ទៅរក​ព្រះអម្ចាស់ និង​ទុកចិត្ត​ថា​ទ្រង់​នឹង​ធ្វើ​អ្វី​ដែល​ប្រសើរ​បំផុត​សម្រាប់​ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២ ។ « ព្រោះ​តែ​អំពើ​រំលង​ទាំងឡាយ​របស់​ពួកគេ »

មុន​ពេល​ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ឃុំ ចាកសុន រដ្ឋ មិសសួរី ពួកគេ​បាន​ទទួល​ការ​ព្រមាន​មួយ​ចំនួន​ដែល​ថា ពួកគេ​នឹង​រង​ទុក្ខ​បើ​ពួកគេ​មិន​ប្រែចិត្ត​ទេនោះ ។ ឧទាហរណ៍ នៅ​ខែ មករា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បាន​ផ្ចាញ់ផ្ចាល វិលលាម ដ័បុលយូ ហ្វែប្ស និង ស៊ីឌនី ហ្គីលប៊ើត សម្រាប់ « ការ​បង្ហាញ​ពី​អារម្មណ៍​ខ្លួន » នៅ​ក្នុង​សំបុត្រ​ដែល​ពួកគេ​បាន​សរសេរ ដោយ​បាន​និយាយ​ថា « បង្ហិន​កម្លាំង​របស់​ពួកបរិសុទ្ធ » ហើយ​នឹង « បំផ្លាញ​ទីក្រុង​ស៊ីយ៉ូន​ដោយសារ​ការ​វិនិច្ឆ័យ​របស់​ព្រះ » ។ អួរសុន ហៃឌ និង ហៃរ៉ុម ស្ម៊ីធ បាន​សរសេរ​សំបុត្រ​ទៅ​ប៊ីស្សព អែតវើត ប៉ាទ្រិច ជា​ទីប្រឹក្សា​របស់​លោក និង​ក្រុម​សង្ឃជាន់​ខ្ពស់​ឲ្យ​ផ្ញើ​សំបុត្រ​ទៅ​ព្រមាន​ពួកអ្នក​ដឹកនាំ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ។ ពួក​គេ​បាន​ចាត់​ទុក​សំបុត្រ​របស់ ស៊ីឌនី ហ្គីលប៊ើត ថា « ថោកទាប ស្រពិចស្រពិល និង​ជា​ការ​បញ្ឆិតបញ្ឆៀង​ដ៏​ងងឹតងងល់ » ។ ពួកគេ​ក៏​ថ្កោលទោស​សំបុត្រ​មួយ​ទៀត​ដែល​និយាយ​ថា ព្យាការី​កំពុង​តែ « ព្យាយាម​រក​អំណាច និង​សិទ្ធ​គ្រប់គ្រង » ។ ដោយ​សារ​ការ​រំលង​ទាំងនេះ និង​ការ​រំលង​ដទៃ​ទៀត អួរសុន ហៃឌ និង ហៃរ៉ុម ស្ម៊ីធ បាន​ព្រមាន​ថា ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី នឹង​ជួបប្រទះ « ការ​វាយ​នឹង​រំពាត់ និង​ការ​កាត់ទោស » ( សូមមើល​Documents, Volume 2: ខែ កក្កដា ឆ្នាំ ១៨៣១–ខែ មករា ឆ្នាំ ១៨៣៣,វ៉ុលទី ២ នៃ the Documents series ofThe Joseph Smith Papers[ឆ្នាំ ២០១៣],ទំព័រ ៣៦៧, ៣៧៣-៧៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៥ ។ គោលបំណង​នៃ « ការ​វាយផ្ចាល​ពី​ស្ថានសួគ៌ » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការ​វាយផ្ចាល​ពី​ស្ថានសួគ៌​មាន​គោលបំណង​យ៉ាងហោច​ណាស់​បី​យ៉ាង ៖ (១) ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ប្រែចិត្ត (២) ដើម្បី​បន្សុទ្ធ ហើយ​ញែក​យើង​ចេញ និង (៣) នៅពេល​ខ្លះ​តម្រង់​ផ្លូវ​យើង​ជាថ្មី​នៅ​ក្នុង​ជីវិតឲ្យ​ទៅរក​អ្វី​ដែល​ព្រះ​ដឹង​ថា​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ » ( As Many as I Love, I Rebuke and Chasten »Ensignលីអាហូណា,ខែ ឧសភា ឆ្នាំ ២០១១,ទំព័រ ៩៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦ ។ « មាន​ការ​រង្កៀសចិត្ត និង​ការ​ទាស់ទែង​គ្នា »

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា នៅពេល​យើង​ព្យាយាម​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន យើង​អាច​រៀន​ពី​កំហុស​របស់​ពួកបរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី ពី​សម័យ​មុន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅក្រោម​ការ​ដឹកនាំ​របស់ព្យាការី យ៉ូសែប ស៊្មីធ នោះ​សមាជិក​សាសនាចក្រ​ជំនាន់​មុន បាន​ប៉ង​ដើម្បី​ស្ថាបនា​ទីកន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន​នៅក្នុង​រដ្ឋ មិសសួរី ប៉ុន្តែ​ពួកគេ​ពុំ​មានលក្ខណៈ​សក្ដិសម​គ្រប់គ្រាន់ដើម្បីស្ថាបនា​នគរ​បរិសុទ្ធ ។ ព្រះអម្ចាស់ បានពន្យល់​អំពី​មូលហេតុ​មួយ​ចំពោះការ​បរាជ័យ​របស់ពួកគេ​ថា ៖

« ‹ ពួកគេ​ពុំ​បាន​រៀន​ដើម្បីគោរព​តាម​អ្វីៗ ដែល​យើង​តម្រូវ​ពីដៃ​របស់ពួកគេទេ ប៉ុន្តែ​បាន​ពោរពេញ​ទៅដោយ​អំពើ​អាក្រក់ ហើយ​មិនរំលែក​នូវ​ទ្រព្យ​របស់ខ្លួន តាម​បែប​ដែលគួរ​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ដល់មនុស្ស​ទាល់ក្រ និង​មនុស្ស​កំសត់​ទុគ៌ត នៅក្នុងចំណោមពួកគេ

« ‹ ហើយមិន​បាន​សាមគ្គីគ្នា តាមការ​រួបរួម​គ្នា​ដែល​តម្រូវ​ដោយក្រឹត្យវិន័យ​នៃនគរ​សេឡេស្ទាល › (គ. និង ស. ១០៥:៣-៤) ។

« ‹ មានការ​រង្កៀស​ចិត្ត និងការ​ទាស់ទែងគ្នា និងការ​ច្រណែន​គ្នា និង​ការ​ប្រឆាំង​គ្នា និងការ​ប៉ង​ប្រាថ្នា​ខាង​តណ្ហា និង​ខាង​លោភលន់ នៅក្នុង​ចំណោម​ពួកគេ​ទាំងឡាយ ហេតុដូច្នេះហើយ ដោយសាររបស់ទាំងនេះ ទើបពួកគេ​បាន​បង្ខូចកេរ្តិ៍​មរតក​ទាំងឡាយ​របស់ខ្លួន​ចោល › ( គ. និង ស. ១០១:៦) ។

« ជាជាង​ធ្វើការ​វិនិច្ឆ័យ​ដល់ពួកបរិសុទ្ធ​ជំនាន់មុន​រហ័ស​ពេក នោះ​យើង​គួរ​តែ​មើល​ខ្លួន​យើង ដើម្បី​ឃើញ​ថា តើ​យើង​កំពុង​ធ្វើ​អ្វីឲ្យ​ល្អ​ជាង​ពួកគេ​ឬទេ ។

« ស៊ីយ៉ូន គឺ​ជា​ស៊ីយ៉ូន​មួយ ដោយសារ​តែ​ចរិត លក្ខណៈ និង​ភាព​ស្មោះត្រង់​របស់​ពលរដ្ឋ​នៃ​ស៊ីយ៉ូន ។ សូម​ចងចាំ​ថា ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិន​បើ​យើង​នឹង​ស្ថាបនា​ស៊ីយ៉ូន​នៅក្នុងគេហដ្ឋាន​សាខា វួដ និង ស្ដេក​របស់​យើង នោះ​យើងត្រូវ​តែចាប់​យកបទដ្ឋាន​នេះ ។ វា​នឹង​ចាំបាច់ (១) ដើម្បី​ក្លាយជាមានសាមគ្គីភាព​ក្នុងដួងចិត្ត ហើយ​គំនិត​តែមួយ (២) ដើម្បី​ប្រែក្លាយជា​រាស្ត្រ​ដ៏បរិសុទ្ធ ទាំង​ជា​បុគ្គល និង​ជា​រួម និង (៣) ដើម្បី​មើល​ថែ​ដល់អ្នក​ទាល់ក្រ និង​ទុគ៌តជន ដោយ​មាន​ប្រសិទ្ធភាព​ដូច្នេះ ដើម្បី​យើង​លុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ចំណោម​ពួកយើង ។ យើង​ពុំ​អាច​រង់ចាំ​រហូត​ដល់​ស៊ីយ៉ូនមកដល់ ដើម្បីមាន​អ្វីៗ​ទាំងនេះ​កើតឡើង​នោះទេ--ស៊ីយ៉ូន នឹង​មក​ដល់​តែ​ពេល​ដែល​អ្វីៗ​ទាំងនេះ​កើតឡើង​ហើយ​ប៉ុណ្ណោះ » (« Come to Zion »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័ឬ ៣៧-៣៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ។ « ដ្បិត​សាច់​ឈាម​ទាំងអស់​នៅ ក្នុង​ព្រះហស្ត​របស់​យើង​ហើយ សូម​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រាប់​ពី​ពេល​មួយ​ដែល​លោក​ត្រូវ​បាន​លួងលោមចិត្ត​ដោយ​គោលការណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១៦ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ថ្មីៗ​នេះ ពេល​ខ្ញុំ​រសាប់រសល់​ក្នុង​គំនិត​របស់​ខ្ញុំ​ជាមួយ​នឹង​បញ្ហា​មួយ ខ្ញុំ​បាន​គិត​ពី​លទ្ធផល​ដ៏​ធ្ងនធ្ងរ ខ្ញុំ​បាន​លុតជង្គង់​ចុះ​អធិស្ឋាន ។ ស្រាប់តែ​មាន​អារម្មណ៍​សុខសាន្ត និង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​មាន​នៅ​ក្នុង​គំនិត​ខ្ញុំ ‹ សូម​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​អញ​ជា​ព្រះ › ។ ខ្ញុំ​បាន​បើក​ព្រះគម្ពីរ ហើយ​អាន​សេចក្ដី​ថ្លែង​ការណ៍​អះអាង​ដែល​បាន​ថ្លែង​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ កាល​ពី​១៥០​ឆ្នាំ​មុន ៖ ‹ សូមឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត​អំពី​ស៊ីយ៉ូន​ចុះ ដ្បិត​សាច់ឈាម​ទាំងអស់​នៅ​ក្នុង​ព្រះហស្ត​របស់​យើង ហើយ​សូម​បង្អង់​សិន ឲ្យ​បាន​ដឹងថា យើង​ជា​ព្រះ › ។ ( គ. និង ស. ១០១:១៦ ) ។

« ព្រះ​តម្រង់​ផ្លូវ​ស្របតាម​ព្រះហឫទ័យ​របស់​ទ្រង់ ។ សាច់​ឈាម​ទាំងអស់ គឺ​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់ ។ វា​ពុំ​មែន​ជា​សិទ្ធិ​របស់​យើង​ដើម្បី​ទូន្មាន​ទ្រង់​នោះ​ទេ ។ វា​ជា​ទំនួលខុសត្រូវ និង​ឱកាស​របស់​យើង​ក្នុង​ការ​មាន​ភាពសុខសាន្ត​ក្នុង​គំនិត និង​ដួងចិត្តយើង ហើយដឹងថា​ទ្រង់គឺជា​ព្រះ ហើយ​ការណ៍​នេះ​ជា​កិច្ចការ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​បរាជ័យ​ឡើយ ។

« យើង​មិន​ចាំចាច់​ខ្លាច​ទេ ។ យើង​មិន​ចាំចាច់​បារម្ភ​ទេ ។ យើង​មិន​ចាំចាច់​ប៉ាន់ស្មាន​ឡើយ ។ តម្រូវ​ការ​ដ៏​ចាំបាច់​របស់​យើង គឺ​ត្រូវ​ធ្វើ​កាត្វកិច្ច​របស់​យើង​ម្នាក់ៗ​នៅ​ក្នុង​ហៅ​បម្រើ​ដែល​បាន​ហៅ​ដល់​យើង ។ ហើយ​ភាគច្រើន ដោយសារ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​ដើរ​នៅ​ក្នុង​សេចក្ដី​ជំនឿ និង​ដើរ​ដោយ​ការ​ជឿជាក់ សាសនាចក្រ​បន្ត​រីកចម្រើន​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ » ( He Slumbers Not, nor Sleeps » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣,ទំព័រ ៦ ) ។

អែលឌើរ ដបុលយូ ហ្គ្រេក ស្វីក នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ព្រះថា ៖

រូបភាព
អែលឌើរ ដបុលយូ ហ្គ្រេក ស្វីក

« ការ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ នឹង​ផ្តល់​ជា​យោបល់​ថា​យើង​មិន​ត្រឹមតែ​ស្ថិត​នៅ​ក្រោម​ការ​ថែទាំ​ដ៏​ប្រុងប្រយ័ត្ន​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ យើង​ថែម​ទាំង​ត្រូវ​បាន​យាម និង​ការពារ​ដោយ​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផងដែរ ។

« ទូទាំង​ព្រះគម្ពីរ ផ្ដោត​លើ​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ជំនួយ​ដ៏​ទេវភាព​របស់​ទ្រង់ គឺ​ជា​ភស្ដុតាង​ម្ដង​ហើយ​ម្ដង​ទៀត ។ ព្រះហស្ត​ដ៏​មាន​អានុភាព​របស់​ទ្រង់ បាន​បង្កើត​ពិភព​លោក ប៉ុន្តែ​ព្រះហស្ត​របស់​ទ្រង់​មាន​ភាព​ទន់ភ្លន់​ល្មម​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​តូចៗ​របស់​ទ្រង់ » ( The Lord Thy God Will Hold Thy Hand » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០០៣,ទំព័រ ៣៤ ) ។