ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:១-១៦


មេរៀន​ទី ៤២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-១៦

បុព្វកថា

នៅ​ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ព្យាការី យ៉ូសែប ស៊្មីធ នូវ​បទបញ្ញត្តិ​មួយ ដើម្បី​ឲ្យ​សាសនាចក្រ​មក​ប្រមូល​គ្នីគ្នាទៅ​ឯរដ្ឋ​អូហៃអូ ( សូមមើលគ. និង ស. ៣៧ ) ។ នៅក្នុង​ឆ្នាំ ១៨៣១ ព្រះអម្ចាស់ បាន​ប្រទាន​វិវរណៈ ដែល​ឥឡូវ​នេះ បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨ដែល​បាន​ពន្យល់​អំពី​មូលហេតុ​មួយចំនួន​ថា ហេតុអ្វី​ពួកបរិសុទ្ធ​គួរ​ប្រមូល​គ្នីគ្នា​ទៅ​រដ្ឋ​អូហៃអូ ។ ទ្រង់​ក៏​បានប្រទាន​បញ្ញត្តិ​ដើម្បី​ដឹកនាំ​ពួកគេ​នៅក្នុង​ការ​ប្រមូល​ផ្ដុំ​នោះផងដែរ ។ មេរៀន​នេះ មាន​គ្របដណ្ដប់​ខគម្ពីរ​ចំនួន ១៦ ខដំបូង​នៃ​កណ្ឌទី ៣៨ ។ នៅក្នុងវិវរណៈ​នេះ ព្រះយេស៊ូវ​គ្រីស្ទ បានប្រាប់​ដល់​សមាជិក​នៃ​សាសនាចក្រ​ថា ទ្រង់​ស្ថិត​នៅក្នុង​ចំណោម​ពួកគេ ។ ទ្រង់​ក៏​បាន​ពិពណ៌នា​ផងដែរ​ថា​នរណា​នឹងអត់ទ្រាំ​នៅ​ក្នុងការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់ ទ្រង់បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​អំពី​គ្រោះថ្នាក់ និង​ប្រទាន​នូវការ​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-៧

ព្រះយេស៊ូវ​គ្រីស្ទ ប្រាប់​ដល់​សមាជិក​នៃ​សាសនាចក្រ​របស់ទ្រង់​ថា ទ្រង់​គឺ​ស្ថិត​នៅក្នុងចំណោម​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​ក្នុងសៀវភៅ​កំណត់ត្រា​ក្នុងថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ នូវ​បទបញ្ញត្តិ​មួយចំនួន ដែល​ពួកគេ​មានអារម្មណ៍​ថា ងាយស្រួល​ដើម្បី​ពួកគេ​គោរពតាម ។ បន្ទាប់​មកអញ្ជើញ ពួកគេ​ឲ្យ​ពិចារណា​ថា បទបញ្ញត្តិ​មួយណា ដែល​លំបាក​សម្រាប់ពួកគេក្នុងការ​គោរពតាម ហើយ​ហេតុអ្វី ។ ( សិស្ស​អាច​នឹង​សរសេរ​នូវគំនិត​ទាំងនេះ​ទុក​ផង​ដែរ បើ​ពួកគេ​មានអារម្មណ៍​ថា​ល្អ​ក្នុងការ​ធ្វើ​ដូច្នោះ ) ។

  • តើ​ហេតុអ្វី​បាន​ជា​បទបញ្ញត្តិ​មួយចំនួន​ពិបាក​សម្រាប់​យើង​គោរព​តាម ?

  • តើចំណុចអ្វីខ្លះ​ដែល​លើក​ទឹកចិត្ត​ដល់អ្នក​ឲ្យ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ទោះបី​លំបាក​សម្រាប់​អ្នក​គោរព​តាមក៏ដោយ ?

សូម​រំឭក​សិស្ស​ថា នៅខែ​ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​នៅរដ្ឋ នូវ យ៉ោក ឲ្យ​ប្រមូល​គ្នីគ្នា​មក​ឯ​រដ្ឋ អូហៃអូ ( សូមមើល គ. និង ស. ៣៧) ។ សម្រាប់​សមាជិក​សាសនាចក្រ​មួយចំនួន​នេះ បទបញ្ញត្តិ​មួយនេះ គឺ​ពិបាក​ខ្លាំង​ណាស់ ដើម្បីគោរព​តាម ។ នៅថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​មកពី​សាខា​ផ្សេងៗ នៅ​រដ្ឋ នូវ យ៉ោក បានជួប​គ្នា​នៅផ្ទះ​របស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ សម្រាប់​សន្និសីទ​សាសនាចក្រ​លើក​ទី ៣ ។ អំឡុង​សន្និសីទ មានសមាជិក​សាសនាចក្រ​មួយចំនួន​បាន​សួរ​អំពី​បទបញ្ញត្តិនៃការ​ផ្លាស់​ទៅកាន់​រដ្ឋ​អូហៃអូ ។

  • ហេតុអ្វី​អ្នក​គិត​ថា វាអាច​មានការ​លំបាក សម្រាប់​ពួកបរិសុទ្ធ​មួយ​ចំនួនដើម្បី​គោរព​តាមបទបញ្ញត្តិ​ឲ្យ​ចាក​ចេញ​ពី​រដ្ឋ​នូវយ៉ោក ហើយ​ប្រមូល​គ្នីគ្នា​នៅឯ​រដ្ឋ អូហៃអូ យ៉ាង​ដូច្នេះ?

អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា មិនមែន​មនុស្ស​គ្រប់គ្នាដែល​នៅក្នុង​សន្និសីទ​នោះសុទ្ធ​តែ​យល់ពីប្រាជ្ញា​នៃ​បទបញ្ញត្តិ​នេះទាំងអស់នោះទេ។ មនុស្ស​មួយចំនួន​នឹង​មិន​ទទួល​យក​ថា វា​ជា​ព្រះបន្ទូល​របស់ព្រះអម្ចាស់​ទេ ហើយ​អ្នកផ្សេងទៀត បាន​ស្ទាក់​ស្ទើរ​ក្នុងការ​ចាកចោល​កសិដ្ឋាន​ដ៏​រុងរឿង និង​ស្ថានភាព​សុខស្រួល​របស់ពួកគេ ដើម្បី​ទៅ​កាន់កន្លែង​ថ្មី ដែលមិនប្រាកដប្រជា ។ ជាការពិតណាស់​មនុស្ស​ជាច្រើន​នឹង​បាត់​បង់​ថវិកា ទៅលើអចលនទ្រព្យរបស់ពួកគេ ហើយ​មនុស្ស​ខ្លះទៀត អាច​នឹង​ពុំ​អាច​លក់​អចលនទ្រព្យ​របស់ពួកគេដាច់​បាន​ទេ ។

សូមពន្យល់​ថា អំឡុង​សន្និសីទ​ខែ​មករា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​ទៅកាន់ព្រះអម្ចាស់​សុំ​រៀន​បន្ថែម​ទៀតអំពី​បទបញ្ញត្តិ​ដើម្បី​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ ។ ព្រះអម្ចាស់ បាន​ឆ្លើយ​តប​ជាមួយនឹង​វិវរណៈ ដែល​ឥឡូវ​នេះ​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨ ។ សូម​ជូនដំណឹង​ដល់សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​វិវរណៈ​នេះ នោះ​ពួកគេ​នឹង​រៀន​ពី​សេចក្ដីពិត​ទាំងឡាយ ដែលអាច​ជួយពួកគេ នៅពេល​ពួកគេ​ធ្វើ​ការ​ជ្រើសរើស ទាក់ទង​នឹង​បទបញ្ញត្តិ​នានា ដែលពួកគេ​ឃើញ​ថា​ពិបាក​នឹង​គោរព​តាម ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្ដីពិត​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​ឆ្លើយតប នោះ​អ្នកអាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​គូស​ចំណាំ​ពាក្យ និង ឃ្លាដែលទាក់ទង​ជាមួយ​នឹង​ចម្លើយ​របស់ពួកគេ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​យើងអាច​រៀនអំពី​ព្រះយេស៊ូវ​គ្រីស្ទ មកពីខគម្ពីរ​ទាំងនេះ ? ( នៅពេល​សិស្ស​ឆ្លើយតប សូមជួយពួកគេ​ឲ្យប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ ដឹង​រឿង​គ្រប់យ៉ាង ) ។

  • តើ​ការ​យល់​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ ដឹង​នូវ​រឿង​គ្រប់យ៉ាង អាច​ជួយ​ដល់ពួក​បរិសុទ្ធ​ដែលត្រូវ​បានបញ្ជា​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ​អូហៃ​អូ​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិតនេះ អាច​ជួយ​យើង​នៅគ្រា​ដែល​យើង​មានការ​លំបាក​ក្នុងការ​គោរពតាមបទបញ្ញត្តិ​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ពីមុន​ពេល​ទទួលវិវរណនេះ យ៉ូសែប ស៊្មីធ បាន​ធ្វើការ​នៅក្នុង​កំណែថ្មី​ដ៏​បំផុសគំនិត​នៃព្រះគម្ពីរ​ប៊ីប ហើយ​បាន​ទទួល​នូវអ្វី​ដែល​ឥឡូវ​មាន​នៅ​ក្នុង ម៉ូសេ ៦-៧ នៅក្នុង​មុក្ដាដ៏មាន​តម្លៃ​មហិមា ។ ជំពូក​ទាំងនេះ ផ្ដល់​នូវ​ដំណើរ​រឿង​អំពី​ព្យាការី​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ហេណុក និង​ប្រជាជន​របស់លោក ។ ដោយសារ​តែ​សេចក្ដីសុចរិត និង​សាមគ្គីភាព​របស់ពួកគេ នោះព្រះអម្ចាស់​បាន​ហៅ​ប្រជាជន​ទាំងនេះ​ថា ស៊ីយ៉ូន ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៤ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់ ហេណុក និង​ប្រជាជន​របស់លោក ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នកអាច​នឹង​ចាំបាច់ត្រូវ​ពន្យល់​ថា នៅពេល​ព្រះអម្ចាស់​បាន​ប្រើ​ឃ្លា​ថា « នៅក្នុង​ឱរា​របស់​យើង​ផ្ទាល់ » នោះទ្រង់​កំពុងសំដៅ​ទៅលើ​វត្តមាន​របស់ទ្រង់ ។

  • ស្របតាម ខ ៤តើ​រឿងមួយដែល​ប្រជាជន​ហេណុក​បានធ្វើ ដែលបណ្ដាល​ឲ្យ​ព្រះអម្ចាស់​យក​ពួកគេ​ឡើង​ទៅស្ថានសួគ៌​គឺ​ជាអ្វី ? ( ពួកគេ​ជឿ​ទៅលើ​ព្រះនាម​ទ្រង់ ) ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល ថា​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ សម្រាប់​អ្នកទាំងឡាយដែល​បានជឿ​ដល់ព្រះនាម​របស់ទ្រង់ ? តើ​រឿង​នោះ​ធ្វើ​ឲ្យអ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច អំពីព្រះអង្គសង្គ្រោះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៥-៧ ឲ្យឮៗ ។ សូមសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​ដែលព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូល​អំពី​ទីកន្លែង​របស់ទ្រង់ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បានមានបន្ទូល​ថា​ទ្រង់គង់នៅកន្លែង​ណា ?

  • តើ​អ្នកមានអារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ គង់នៅជិត ទោះ​ជា​អ្នក​មើល​មិន​ឃើញ​ទ្រង់​ដោយផ្ទាល់​ភ្នែក នៅពេល​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៨-១២

ព្រះអម្ចាស់​ពិពណ៌នា​អំពី​នរណា​ដែល​នឹងអត់ទ្រាំ​នៅក្នុងការ​យាង​មកជា​លើក​ទីពីរ

សូម​ដាក់​បង្ហាញ​រូបភាព ការយាង​មក​ជា​លើក​ទីពីរ (សៀវភៅ​សិល្បៈ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦, សូមមើលផងដែរ LDS.org)។ សូម​ពន្យល់​ថា នៅពេល​ព្រះអង្គ​សង្គ្រោះ​កំពុង​ជួយ​ដល់ពួកបរិសុទ្ធ​នៅ​រដ្ឋ នូវ យ៉ោក យល់​អំពី​សារៈសំខាន់​នៃ​ការ​ប្រមូល​ផ្ដុំ​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ នោះ​ទ្រង់​បាន​មានបន្ទូល​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឲ្យឮៗ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៨-១០។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បើក​សម្ដែង​អំពី​ការ​យាងមក​ជា​លើ​ក​ទីពីរ​របស់​ទ្រង់ ។ វា​អាច​ជួយពន្យល់​ថា អ្នកទាំងឡាយ​ណា​ដែល « ធន់​នៅ​ថ្ងៃនោះ » ( គ. និង ស. ៣៨:៨ ) នៃ​ការ​យាង​មក​ជា​លើក​ទីពីរ គឺ​អ្នកទាំងឡាយ ដែលនឹង​អាច​បន្ដ​នៅលើ​ផែនដី​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះនៅពេល​ទ្រង់​យាង​មក ជាជាង​ត្រូវ​បានបំផ្លាញ​ចោល ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​បរិសុទ្ធ និង​ស្អាត​ស្អំ មុន​ការ​យាង​មក​ជាលើក​ទីពីរ​យ៉ា​ងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១១-១២ ដោយស្ងាត់ស្ងៀម ហើយរក​មើល​ការពិពណ៌នា​របស់ព្រះអម្ចាស់​អំពី​ស្ថានភាព ដែល​នឹង​មាន​នៅលើ​ផែនដី មុន​ការ​យាង​មក​ជា​លើក​ទីពីរ ។ រួច​ហើយ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( ដើម្បីជួយសិស្ស​យល់​អំពី ខគម្ពីរ​ទាំងនេះ អ្នកអាច​ពន្យល់​ថា ការ​ពិពណ៌នា​អំពី​ពួកទេវតា នៅរង់ចាំ​ដើម្បី « ច្រូត​កាត់​ផែនដី » គឺ​ជា​សេចក្ដីយោងមួយ​ទៅ​រឿង​ប្រៀបធៀប​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី អំពី​ស្រូវ​សាឡី និង​ស្រងែ [សូមមើល ម៉ាថាយ ១៣:២៤-៣០, គ. និង ស. ៨៦:១-៧] ដែល​ស្រូវសាឡី [ ជា​អ្នកទាំងឡាយ​ដែល​សុចរិត ] គឺ​ត្រូវ​បាន​ប្រមូល​ផ្ដុំ មុន​ពេល​ដុត​ស្រងែ [ អ្នកទាំងឡាយ​ដែល​ទុច្ចរិត ] ) ។

  • តើមាន​ភស្ដុតាង​អ្វីខ្លះ ដែលអ្នក​មើល​ឃើញ​ថា​ស្ថានភាព​ទាំងឡាយ បានពិពណ៌នា​នៅក្នុង ខ ១១ មាន​នៅសព្វថ្ងៃ​នេះ ?

  • តើ​យើងអាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បន្ដ​មានភាពបរិសុទ្ធ​នៅក្នុង​កណ្ដាល​ស្ថានភាព​ទាំង​ឡាយនោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៣-១៦

ព្រះអម្ចាស់ ព្រមាន​ពួកបរិសុទ្ធ​អំពី​គ្រោះថ្នាក់ ហើយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់ពួកគេ

សូម​ពន្យល់​ថា បន្ថែម​ពី​លើ​ការ​មានបន្ទូល​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ នោះព្រះអម្ចាស់​បាន​ផ្ដល់​ការ​ព្រមាន​មួយ ស្ដីអំពីគ្រោះថ្នាក់​ដែលពួកបរិសុទ្ធ​ជួប​ប្រទះ ។ សូម​នាំ​សិស្ស​ទៅ​កាន់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១២ ហើយ​សួរ​សំណួរ​ដូចខាង​ក្រោម ៖

  • នៅចុង ខ ១២តើ​ព្រះអម្ចាស់​បានបង្រៀនអ្វីខ្លះ អំពី​ខ្មាំង​សត្រូវ​របស់ពួកបរិសុទ្ធ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ឃ្លា « ខ្មាំង​សត្រូវ កំពុង​រួមគ្នា » ជាទូទៅ អាចនឹង​សំដៅទៅលើ​ភាព​ពិត ដែល​សាតាំង និង​ពល​បរិវា​រ​របស់​វា​បាន​ប្រមូល​ផ្ដុំ​ដើម្បី​ទាស់​នឹង​ពួកបរិសុទ្ធ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។ វា​ក៏​អាច​សំដៅ​ទៅលើ​មនុស្ស​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួកបរិសុទ្ធ នៅ​គ្រា​ដែល​វិវរណៈ​នេះ​ត្រូវបាន​ប្រទានឲ្យ​ផងដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១៣ ឲ្យឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ជា​បំណង​របស់ខ្មាំង​សត្រូវ​បានប្រមូល​ផ្ដុំគ្នា​នេះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ព្រះអម្ចាស់​អាច​ធ្វើអ្វីខ្លះ នៅពេល​យើង​ស្ថិត​នៅក្នុងគ្រោះថ្នាក់ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ។ សូម​ប្រាកដ​ថា គូសបញ្ជាក់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ហើយ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់ អាច​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ )

សូមទុក​ពេល​ឲ្យសិស្ស​មួយសន្ទុះ​ពិចារណា​អំពី​សារលិខិត​ដែលពួក​ព្យាការីរបស់ព្រះអម្ចាស់ បានប្រទាន​ដល់​យើង​នៅក្នុង​សន្និសីទ​ទូទៅ ហើយ​នឹង​តាមរយៈ​ឯកសារ​បោះពុម្ព​របស់​សាសនាចក្រ ។

  • តើ​សារលិខិត​ទាំងនេះ ជា​ការ​ព្រមាន​មកពី​ព្រះអម្ចាស់ អំពី​គ្រោះថ្នាក់ខាង​វិញ្ញាណ ឬ​ខាង​សាច់ឈាម ដែល​យើង​ជួប​ប្រទះ​តាមរបៀបណាខ្លះ ?

  • តើ​អ្នក​ត្រូវបាន​ព្រមាន​អំពី​គ្រោះថ្នាក់ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម តាម​វិធីណា​ខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១៤-១៥ ដោយស្ងាត់ស្ងៀម ហើយរកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​ដល់ពួកបរិសុទ្ធ​អំឡុង​គ្រា​នៃ​គ្រោះថ្នាក់ និង​ភាពពុំ​ពិតប្រាកដ​នេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកបរិសុទ្ធ​សម្រាប់​សេចក្ដីសង្គ្រោះ​របស់ពួកគេ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បទបញ្ញត្តិ​ដែលសំដៅទៅលើ​នោះ គឺ​ជា​បទបញ្ញត្តិ​ឲ្យ​ផ្លាស់ទី​ពី​ទីក្រុង នូវ យ៉ោក ទៅកាន់ រដ្ឋ អូហៃអូ ។

  • តើ​បទបញ្ញត្តិ​ឲ្យផ្លាស់ទី​ពីទីក្រុង នូវ យ៉ោក អាច​ជា​សេចក្ដីសង្គ្រោះ​ខាង​សាច់ឈាម​របស់ពួកបរិសុទ្ធ​តាមរបៀប​ណា ?

  • តើ​បទបញ្ញត្តិ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯរដ្ឋ អូហៃអូ អាច​ជា​សេចក្ដីសង្គ្រោះ​ខាង​វិញ្ញាណ​តាម​របៀប​ណា ?

សូម​បន្ថែម​ទៅលើ​គោលការណ៍​ដែល​មាននៅលើ​ក្ដារខៀន ដូច្នេះ​វា​អាន​ដូច​តទៅនេះ ៖ ព្រះអម្ចាស់ អាច​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ ហើយ​ប្រទាន​បញ្ញត្តិ​ដល់យើង​ដើម្បី​ការពារ​យើង ។

  • តើ​ការ​រក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់អាច​ការ​ពារ​យើង​យ៉ាងដូចម្ដេច ?

  • តើ​អ្នក​មានអារម្មណ៍​ដឹង​ថា អ្នកត្រូវបានការពារ តាមរយៈ​ការ​រក្សា​បទបញ្ញត្តិ​នៅពេល​ណា ? ( អ្នក​អាច​ទុក​ពេល ដល់​សិស្ស​ឲ្យពិចារណា អំពី​សំណួរ​នេះ មុនពេលឲ្យ​ពួកគេ​ឆ្លើយ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​នឹកគិត​អំពី​សកម្មភាព​នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់រៀន ដែលពួកគេ​បានគិត​អំពី​បទបញ្ញត្តិ​ដែល​លំបាក​ចំពោះ​ពួកគេ​គោរព​តាម ។ សូម​ឲ្យពួកគេ​គិតពិចារណា​អំពី​របៀប​ដែល​បទបញ្ញត្តិ​ទាំងនេះ អាច​ជា​ពរជ័យមកពី​ព្រះអម្ចាស់ ដើម្បីការពារ​ពួកគេ​ពី​គ្រោះថ្នាក់ខាងវិញ្ញាណ ឬ​ខាង​សាច់ឈាម ។

  • តើ​ការយល់ដឹង​អំពី​សេចក្ដីពិត ដែលបានសរសេរ​នៅលើ​ក្ដារខៀន លើក​ទឹកចិត្ត​អ្នក​ឲ្យ​គោរពតាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ជា​ពិសេស​នៅពេល​ការ​គោរព​តាមបទបញ្ញត្តិ​ទាំងនេះ មើល​ទៅ​ហាក់ដូចជា​លំបាកនោះ ?

សូមបញ្ចប់​មេរៀន​ដោយ​ការ​អញ្ជើញ​សិស្ស​ចែកចាយទីបន្ទាល់​របស់ពួកគេ​អំពី​លទ្ធភាព​របស់ព្រះអម្ចាស់ ដើម្បីព្រមាន​យើង​អំពីគ្រោះថ្នាក់ ហើយ​ប្រទាន​បទបញ្ញត្តិ ដែល​នឹង​ជួយ​ការ​ពារ​ដល់​យើង បើ​យើង​គោរពតាម​នោះ ។ អ្នក​ក៏អាចថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​នេះ​ផងដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៦។ « សម្រាប់​សេចក្ដីសង្គ្រោះ​ដល់អ្នក នោះ​យើង​ប្រទានដល់​អ្នក​នូវ​បញ្ញត្តិ​មួយ »

ប្រធាន ចច អ័លប៊ើត ស្ម៊ីធ បានបង្រៀនថា ៖

រូបភាព
ប្រធាន ចច អ័លប៊ើត ស៊្មីធ

« ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​បានដឹង ឬ​បានគិត​ថា​ខ្ញុំ​ស្គាល់​ថា បទបញ្ញត្តិ​របស់ព្រះអម្ចាស់ គឺ​ជា​ក្រឹត្យវិន័យ ឬ​ច្បាប់​របស់ទ្រង់ ដើម្បីណែនាំ​ខ្ញុំ ។ ខ្ញុំ​បានគិត​ថា ខ្ញុំ​បានដឹងថា ការ​មិនគោរពតាមប្រតិបត្តិ​ចំពោះ​ច្បាប់ទាំងឡាយ នឹង​មាន​ទណ្ឌកម្ម​មក​តាម​ក្រោយ ។… ប៉ុន្តែ​ពេលខ្ញុំ​ធំឡើង ខ្ញុំ​បាន​រៀន​មេរៀន​មកពី​ទស្សនវិស័យ​ផ្សេងទៀត ហើយ​ឥឡូវ​ចំពោះ​ខ្ញុំ ក្រឹត្យវិន័យ​របស់ព្រះអម្ចាស់ … គឺ​ជា​តន្ត្រី​ដ៏ផ្អែម​ល្ហែម​នៃ​សំឡេង​របស់ព្រះវរបិតាសួគ៌​យើង ដោយ​ក្ដីមេត្តាករុណា​របស់ទ្រង់​មក​កាន់យើង ។ ក្រឹត្យវិន័យ​គឺ​ជា​ដំបូន្មាន និង​ជា​ពាក្យទូន្មាន​មកពី​មាតាបិតា​ជា​ទី​ស្រឡាញ់ ដែល​ខ្វល់ខ្វាយ​នឹង​សុខុមាលភាព​របស់យើង ជាង​ឪពុក​ម្ដាយ​នៅលើ​ផែនដី​យើង​មាន ដូច្នេះ​ចំពោះ​ខ្ញុំ​នៅគ្រា​មួយ​ដែលវា​មើល​ទៅហាក់ដូចជា​ពិបាក​ដើម្បី​កាន់តាម​ក្រឹត្យវិន័យ​នោះ ឥឡូវ​នេះវា​គឺ​ជា​ដំបូន្មានដ៏​ជាទីស្រឡាញ់ និង​ទន់ភ្លន់​របស់​ព្រះវរបិតាសួគ៌​ ដែល​មានប្រាជ្ញាគ្រប់ទាំងអស់វិញ ។ ហើយ​ដូច្នេះ ខ្ញុំ​និយាយថា វា​ពុំ​លំបាក​សម្រាប់ខ្ញុំ​ដើម្បីជឿ​ថា វា​គឺ​ជា​រឿង​ល្អបំផុត​ចំពោះ​ខ្ញុំ ដើម្បី​រក្សា​បទបញ្ញត្តិ​របស់ព្រះនោះ​ទេ » (Teachings of Presidents of the Church: George Albert Smith [ឆ្នាំ ២០១១] ១៩៣–៩៤) ។