មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧-៨៣ ( មេរៀនទី ១៧ )
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យរកឃើញគោលការណ៍នានា ចេញពីគំរូដែលបានធ្វើឡើងដោយព្យាការីយ៉ូសែប ស្ម៊ីធ នៅពេលលោកបានសួរសំណួរដល់ព្រះអម្ចាស់អំពីគម្ពីរវិវរណៈ ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ ៖ សិស្សបានរៀនអំពីវគ្គចំណេះចំណានខគម្ពីរពីរនៅសប្តាហ៍នេះ ។ ពួកគេបានប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩ ដើម្បីសរសេរការនិយាយរយៈពេលពីរនាទី ។ អ្នកអាចអញ្ជើញឲ្យសិស្សពីរបីនាក់ធ្វើបទបង្ហាញការនិយាយរបស់ពួកគេក្នុងថ្នាក់ ។ ពួកគេក៏ទន្ទេញ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១០ផងដែរ ។ សូមគិតពីការអញ្ជើញសិស្សក្នុងថ្នាក់ឲ្យសូត្រខគម្ពីនេះជាមួយគ្នា ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧
ព្រះអម្ចាស់ឆ្លើយតបចំពោះសំណួររបស់យ៉ូសែប ស៊្មីធ អំពីគម្ពីរវិវរណៈ
សូមឲ្យសិស្សពិចារណាដោយស្ងៀមស្ងាត់អំពីអ្វី ដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមឲ្យពួកគេពីរបីនាក់ចែកចាយគំនិតដែលពួកគេបានទទួល ។ បន្ទាប់មក សូមឲ្យសិស្សមួយចំនួនចែកចាយចម្ងល់ដែលពួកគេមាន អំឡុងពេលសិក្សាផ្ទាល់ខ្លួនរបស់ពួកគេនោះ ។ ទាំងនេះអាចរួមមានចម្ងល់អំពីអត្ថន័យនៃពាក្យ ឬឃ្លាណាមួយ ជីវប្រវត្តិខាងប្រវត្តិសាស្ត្រ អំពីអ្វីដែលពួកគេអាន ឬសារៈសំខាន់នៃខគម្ពីរជាក់លាក់មួយ ។ ( គោលបំណងនៃការអនុវត្តនេះ គឺពុំមែនឆ្លើយដល់សំណួររបស់សិស្សអំពីបទគម្ពីរនោះទេ ប៉ុន្តែដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការសួរសំណួរនៅពេលយើងសិក្សា ) ។ បន្ទាប់ពីសិស្សពីរបីនាក់បានចែកចាយរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើមានអ្វីខ្លះដែលជួយអ្នកឲ្យយល់ព្រះគម្ពីរបានកាន់តែប្រសើរឡើង ហើយរកឃើញចម្លើយចំពោះសំណួរទាំងឡាយដែលអ្នកមាន ?
ដើម្បីជួយសិស្សយល់បរិបទនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧, សូមអញ្ជើញពួកគេឲ្យអានសេចក្ដីណែនាំកណ្ឌ ហើយរកមើលអ្វីដែលព្យាការីយ៉ូសែប ស៊្មីធបានកំពុងធ្វើនៅពេលលោកបានទទួលវិវរណៈនេះ ។ បន្ទាប់ពីសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញហើយ នោះអ្នកអាចចង្អុលបង្ហាញថាឃ្លា « ទាក់ទងទៅនឹងការបកប្រែព្រះគម្ពីរ » គឺសំដៅទៅលើបញ្ជារបស់ព្រះអម្ចាស់ថា យ៉ូសែប ស៊្មីធត្រូវធ្វើកំណែថ្មីដែលបានបំផុសគំនិតចំពោះព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ។ កំណែថ្មីទាំងនេះ ឥឡូវត្រូវបានស្គាល់ថាជាការបកប្រែរបស់យ៉ូសែប ស៊្មីធ ។ សូមពន្យល់ថាអំឡុងពេលដែលយ៉ូសែប ស៊្មីធកំពុងធ្វើការបកប្រែគម្ពីរវិវរណៈ នោះលោកបានទូលសួរព្រះអម្ចាស់អំពីអត្ថន័យនៃខគម្ពីរមួយចំនួន ។ សំណួរដែលលោកបានសួរ និង ចម្លើយដែលព្រះអម្ចាស់បានបើកសម្ដែងគឺត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលការយល់ដឹងនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ ដែលអាចជួយពួកគេឲ្យយល់ដឹងអំពីព្រះគម្ពីរកាន់តែជ្រៅជ្រះ ។
សូមអញ្ជើញសិស្សឲ្យសម្គាល់ពីរបៀបដែលទម្រង់នៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៧ មានភាពខុសគ្នាពីកណ្ឌផ្សេងទៀតនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ។ ពួកគេគួរតែកត់ចំណាំអក្សរ ស និង ច នៅជិតនឹងខគម្ពីរ ឬ ឃ្លា និមួយៗពេញទាំងកណ្ឌនោះ ។ សូមពន្យល់ថាអក្សរ ស និមួយៗ តំណាងឲ្យសំណួរមួយមកពីយ៉ូសែប ស៊្មីធ ហើយអក្សរ ច និមួយៗតំណាងឲ្យចម្លើយរបស់ព្រះអម្ចាស់ ។
សូមសួរសិស្សប្រសិនបើមាននរណាបានអានគម្ពីរវិវរណៈខ្លះៗ ឬ អានទាំងអស់រួចហើយ ។
-
តើការអានគម្ពីរវិវរណៈអាចមានឧបសគ្គអ្វីខ្លះ ? ( ប្រសិនបើសិស្សពុំប្រាប់ទេ អ្នកអាចពន្យល់ថាគម្ពីរវិវរណៈអាចនឹងពិបាកយល់ ដោយសារតែនិមិត្តរូបដែលមាននៅក្នុងគម្ពីរនោះ ) ។
ដើម្បីផ្ដល់នូវឧទាហរណ៍អំពីរូបភាពនៃនិមិត្តរូបនៅក្នុងគម្ពីរវវិរណៈ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗចេញមកពី វិវរណៈ ៤:២-៨។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនិមិត្តរូបនៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់ពីនិមិត្តរូបទាំងនេះ ហើយសុំឲ្យសិស្សម្នាក់សរសេរវានៅលើក្ដារខៀន ។ ( ចម្លើយអាចរួមមាន ឥន្ទធនូព័ទ្ធជុំវិញបល្ល័ង្គ បល្ល័ង្កម្ភៃបួន មកុដមាស ចង្កៀងប្រាំពីរឆេះ សមុទ្រកែវ និង តួមានជីវិតបួន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសំណួររបស់យ៉ូសែប ស៊្មីធនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១ឲ្យឮៗ ។ សូមឲ្យសិស្សម្នាក់គូសរង្វង់លើនិមិត្តសញ្ញានៅលើក្ដារខៀនដែលយ៉ូសែប ស៊្មីធបានទូលសួរព្រះអម្ចាស់ដើម្បីជួយលោកឲ្យយល់ ( សមុទ្រកែវ ) ។ បន្ទាប់មកឲ្យសិស្សម្នាក់ទៀតអានការពន្យល់របស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១។
-
តើចម្លើយនេះជួយយើងយល់កាន់តែប្រសើរឡើងពី វិវរណៈ ៤:៦យ៉ាងដូចម្ដេច ?
សូមចែកសិស្សជាគូៗ ។ សូមឲ្យដៃគូនិមួយៗអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:២-៥ ជាមួយគ្នា រកមើលសំណួរបន្ថែមដែល យ៉ូសែប ស៊្មីធ បានសួរអំពីនិមិត្តរូបនៅក្នុង វិវរណៈ ៤ និងចម្លើយដែលព្រះអម្ចាស់បានប្រទានឲ្យចំពោះសំណួរទាំងនោះ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលចម្លើយរបស់ព្រះអម្ចាស់ឆ្លើយចំពោះសំណួររបស់យ៉ូសែប ស៊្មីធ ជួយពួកគេឲ្យយល់អំពីរូបភាពនិមិត្តរូបមួយចំនួននៅក្នុង វិវរណៈ ៤:២-៨។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងប្រើអ្វីដែលពួកគេបានរៀនពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ ដើម្បីសង្ខេបអ្វីដែលយ៉ូហានបានពិពណ៌នានៅក្នុង វិវរណៈ ៤:២-៨។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយការសង្ខេបរបស់ពួកគេ ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើយើងអាចរៀនអ្វីខ្លះពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ អំពីតួនាទីរបស់ព្យាការីក្នុងការជួយយើងឲ្យយល់អំពីអត្ថន័យនៃបទគម្ពីរ ? ( ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នាក្តី ក៏ពួកគេគួរបង្ហាញគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់បើកសម្ដែងការបកស្រាយត្រឹមត្រូវអំពីបទគម្ពីរតាមរយៈពួកព្យាការីរបស់ទ្រង់ ។ អ្នកអាចផ្តល់យោបល់ឲ្យសិស្សសរសេរគោលលទ្ធិនេះនៅក្នុងគម្ពីររបស់ពួកគេជិតការចាប់ផ្តើមនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីរៀនពីអ្វីដែលពួកព្យាការីបានបង្រៀនទាក់ទងនឹងអ្វីដែលយើងសិក្សានៅក្នុងបទគម្ពីរដូច្នេះ ?
-
តើយើងអាចរកការបង្រៀនរបស់ពួកព្យាការីអំពីអត្ថន័យនៃអ្វីដែលយើងអាននៅក្នុងព្រះគម្ពីរនៅកន្លែងណា ?
នៅពេលសិស្សឆ្លើយសំណួរនេះ សូមចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ បង្ហាញថាពាក្យសម្ដីរបស់ពួកព្យាការីដែលបានកត់ត្រានៅក្នុងព្រះគម្ពីរអាចជួយពន្យល់បទគម្ពីរនានាផ្សេងទៀត ។ ជាច្រើនលើកច្រើនគ្រា វគ្គបទគម្ពីរមួយនឹងពន្យល់ ឬ បកស្រាយនូវអ្វីដែលបានបើកសម្ដែងនៅក្នុងវគ្គបទគម្ពីរមួយទៀត ។ សូមពន្យល់ថាជាញឹកញាប់លេខយោងមាននូវក្នុងបទគម្ពីរផ្ដល់ជាសេចក្ដីយោងចំពោះវគ្គបទគម្ពីរដ៏មានប្រយោជន៍ទាំងនេះ ។
ដើម្បីបង្ហាញអំពីចំណុចនេះ សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ៥:១ ដោយស្ងៀមស្ងាត់ រកមើលអ្វីដែលយ៉ូហានបានឃើញនៅក្នុងដៃរបស់មនុស្សម្នាក់ដែលអង្គុយនៅលើបល្ល័ង្គ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើសិស្សកំពុងប្រើការបោះពុម្ពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ សូមអញ្ជើញពួកគេឲ្យបើកទៅសេចក្តីយោងខគម្ពីរដែលនៅក្នុង លេខយោងខ នៅក្នុង វិវរណៈ ៥:១ (គ. និង ស. ៧៧:៦) ។ ( ប្រសិនបើសិស្សពុំមានព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយទេ សូមអញ្ជើញពួកគេឲ្យបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៦ ដោយផ្ទាល់បន្ទាប់ពីពួកគេបានពិពណ៌នាពីអ្វីដែលពួកគេបានរកឃើញនៅក្នុង វិវរណៈ ៥:១) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសំណួររបស់យ៉ូសែបស៊្មីធអំពី វិវរណៈ ៥:១ ក៏ដូចជាចម្លើយរបស់ព្រះអម្ចាស់ផងដែរ ។ វាអាចនឹងមានប្រយោជន៍ ដើម្បីពន្យល់ថា ៧០០០ឆ្នាំសំដៅទៅលើពេលវេលា ចាប់តាំងពីការធ្លាក់នៃអ័ដាម និង អេវ៉ាមកម្ល៉េះ ។ វាពុំសំដៅទៅលើអាយុកាលពិតប្រាកដនៃផែនដី រួមទាំងអាយុកាលនៃការបង្កបង្កើតនោះទេ ។
សូមឲ្យសិស្សប្រើពាក្យសម្ដីផ្ទាល់របស់ពួកគេដើម្បីសង្ខេបសំណួរ និងចម្លើយទាំងឡាយ ។ បន្ទាប់ពីបញ្ចប់សកម្មភាពនេះ សូមចង្អុលបង្ហាញពីរបៀបដែលការប្រើប្រាស់លេខយោង នៅពេលយើងសិក្សាបទគម្ពីរ អាចជួយយើងឲ្យរកឃើញអ្វីដែលព្រះអម្ចាស់បានមានបន្ទូល អំពីបទគម្ពីរដែលយើងកំពុងអាន ។
សូមចង្អុលបង្ហាញថា ទោះបីជាមានតែព្យាការីម្នាក់គត់ដែលមានសិទ្ធិអំណាចដើម្បីបកប្រែព្រះគម្ពីរសម្រាប់ពិភពលោកក្ដី ក៏យើងម្នាក់ៗគួរតែស្រាវជ្រាវដើម្បីមានការយល់ដឹង និង អនុវត្តផ្ទាល់ខ្លួននៅពេលសិក្សាព្រះគម្ពីរដោយខ្លួនឯង ។
-
តើយើងអាចប្រៀបប្រដូចអ្វីដែលយ៉ូសែប ស៊្មីធបានធ្វើនៅពេលលោកបានសិក្សា និង ពិចារណាអំពីគម្ពីរវិវរណៈទៅនឹងការសិក្សាគម្ពីរផ្ទាល់ខ្លួនរបស់យើងយ៉ាងដូចម្តេច ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយដូចខាងក្រោមនេះ ៖ ប្រសិនបើយើងទូលសុំដល់ព្រះអម្ចាស់ នោះទ្រង់អាចជួយយើងឲ្យយល់បទគម្ពីរទាំងឡាយ )។
-
ហេតុអ្វីវាសំខាន់ដើម្បីស្រាវជ្រាវរកអត្ថន័យត្រឹមត្រូវនៃបទគម្ពីរ រួចហើយព្យាយាមអនុវត្តដោយផ្ទាល់ខ្លួនដូច្នេះ ?
សូមឲ្យសិស្សពិចារណាអំពីគ្រាមួយ នៅពេលដែលពួកគេបានសុំព្រះអម្ចាស់ឲ្យជួយពួកគេយល់នូវបទគម្ពីរ និង របៀបដើម្បីអនុវត្តការបង្រៀននៅក្នុងបទគម្ពីរចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ខ្លួន ។
សូមពន្យល់ថាខគម្គីរដែលនៅសល់ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ មានសំណួរជាច្រើនទៀតដែលយ៉ូសែប ស៊្មីធបានសួរអំពីគម្ពីរវិវរណៈ និងចម្លើយរបស់ព្រះអម្ចាស់ចំពោះសំណួរទាំងនេះ ។ សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៨-១៥ ដោយប្រាប់សិស្សថាវិវរណៈនេះបានអនុញ្ញាតឲ្យយ៉ូសែប ស៊្មីធរៀនអំពីព្រឹត្តការណ៍មួយចំនួនដែលនឹងកើតឡើង មុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សូមប្រាប់សិស្សថានៅពេលពួកគេសិក្សាគម្ពីរវិវរណៈនាពេលខាងមុខ នោះចម្លើយរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ អាចជួយពួកគេយល់អំពីអត្ថន័យនៃរូបភាពជានិមិត្តរូបនៅក្នុងគម្ពីរ ។
សូមបញ្ចប់មេរៀននេះដោយចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ និង គោលការណ៍នានាដែលបានពិភាក្សានៅក្នុងមេរៀននេះ ឬ ដោយចែកចាយបទពិសោធន៍មួយ ដែលអ្នកមាន ជាលទ្ធផលមកពី ការងាកទៅរកព្រះអម្ចាស់សុំជំនួយដើម្បីយល់បទគម្ពីរ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤-៨៧)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួននៅអំឡុងពេលនៃសប្តាហ៍នេះ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ តើអ្នកធ្លាប់គិតពីអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មានដែរឬទេ ? តើអ្នកបានដឹងទេថាទ្រង់បានសន្យាចែករំលែក នូវអ្វីៗទាំងអស់ដែលទ្រង់មានជាមួយពួកយើងដែរឬទេ ? ការសិក្សារបស់អ្នកនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤–៨៧ នឹងជួយអ្នកឲ្យយល់កាន់តែប្រសើរឡើងនូវអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីស្គាល់ព្រះ និង ទទួលនូវគ្រប់ពរជ័យទាំងអស់ដែលទ្រង់មាននៅក្នុងឃ្លាំងសម្រាប់អ្នក ។