ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤-២៨ ( មេរៀន​ទី ២៧ )​


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤-១២៨ ( មេរៀន​ទី ២៧ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោមនេះគឺ​ជា​សេចក្ដី​សង្ខេប​នៃព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤-១២៨ ( មេរៀន​ទី ២៧ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិតពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-៨៣)

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ គឺ​ជា​វិវរណៈ​ដំបូង​នៅក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ដែល​ត្រូវបាន​បោះពុម្ព​នៅក្នុ​ង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ នៅពេល​សិស្ស​បាន​សិក្សា​ការបញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​ណៅវូ នោះ​ពួកគេ​បាន​រៀន​ថា​ព្រះវិហារបរិសុទ្ធ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​ភាពពោរពេញ នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​សម្រាប់​សេចក្តី​ប្រោសលោះ​ដល់​អ្នក​នៅ​រស់ និង អ្នក​ស្លាប់ ។ ពួកគេ​បាន​ឃើញ​ថា តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​យើង ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥; ១២៥–១២៦)

នៅពេល​សិស្ស​បញ្ចប់​ការសិក្សា​របស់​ខ្លួន​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤, នោះពួកគេ​បាន​រៀន​ថា ប្រសិន​បើ​ពួកគេ​ស្តាប់​តាមការទូន្មាន​របស់​ព្យាការី នោះ​វា​ជា​ការណ៍​ល្អ​ជាមួយ​នឹង​យើង ហើយ​ថាព្រះអម្ចាស់​ហៅ​ពួក​អ្នក​ដឹកនាំ​បព្វជិតភាព​ដើម្បី​គ្រប់គ្រង​កិច្ចការ​នៃ​ការបម្រើ ហើយ​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​បាន​គ្រប់លក្ខណ៍ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ និង ១២៦, សិស្សបានរៀនថា ប្រសិនបើយើង​ធ្វើការដោយ​ព្យាយាម​សម្រាប់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ទទួល​យក​ការថ្វាយ​ដ៏​សុចរិត​របស់​យើង ។

ថ្ងៃទី ៣ ៖(គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១-១១)

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ និង ១២៨ ត្រូវបាន​ដកស្រង់​ចេញ​ពី​លិខិត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ ខណៈ​ដែល​លោក​កំពុង​ប្តូរ​ទីលំនៅ​ដើម្បី​ចៀសវាង​ពី​ការចាប់​ខ្លួន​ខុស​ច្បាប់​ដោយ​មន្ត្រី​រដ្ឋ​មិសសួរី ។ នៅក្នុង​កណ្ឌ​នេះ​សិស្ស​បាន​ឃើញ​ថា​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​ អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​សេចក្តីទុក្ខលំបាក ហើយ​ថា​នៅពេលត្រូវបាន​កត់​ត្រា​ត្រឹមត្រូវ​នូវ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ដែល​យើង​ធ្វើ​នៅលើ​ផែនដី​នេះ​ នោះ​វាកំពុង​តែ​ចង​ភ្ជាប់​នៅ​ក្នុង​ឋាន​សួគ៌ផងដែរ ។

ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១២-២៥)

អំឡុងពេល​សិក្សា​របស់​ពួកគេ​នៃ​ខគម្ពីរ​ដែល​នៅសល់​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨, នោះ​សិស្ស​បាន​រកឃើញ​គោលការណ៍​ខាង​ក្រោម​ទាក់ទង​នឹង​កិច្ចការ​ព្រះវិហារ ៖ សេចក្តី​សង្គ្រោះ​ដល់​មរណជន​របស់​យើង​គឺ​ចាំបាច់ ហើយ​សំខាន់​ចំពោះ​សេចក្តីស​ង្គ្រោះ​របស់​យើង ។ បុណ្យជ្រមុជទឹក​សម្រាប់​មរណជន ជួយ​តភ្ជាប់​យើង​ជា​និរន្តរ៍​ជាមួយ​នឹង​ជីដូនជីតា​របស់​យើង ។ កូនសោ អំណាច និង សិទ្ធិអំណាច​នៃគ្រាកាន់កាប់ត្រួតត្រា​ពីមុនៗ​ ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃពេល​ពេញកំណត់នេះ ។ នៅពេល​យើង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ហើយ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​យើង នោះ​យើង​ធ្វើ​ការថ្វាយ​ដង្វាយ​ដោយ​សុច្ចរិត​ដល់​ព្រះអម្ចាស់​ហើយ ។

សេចក្តីផ្ដើម

មេរៀននេះ​ផ្តោតលើ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:១-២១។ នៅពេល​សិស្ស​សិក្សាខគម្ពីរ​ទាំង​នេះ នោះពួកគេ​នឹង​រៀន​អំពី​យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ព្រមទាំង​តួនាទី​របស់​ពួកគេ​នៅក្នុង​ការស្តារឡើងវិញ​នៃ​សាសចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១-១៤

ព្រះអម្ចាស់​ពន្យល់​ពីមូលហេតុ​ដែល​ទ្រង់​បានហៅ​យ៉ូសែប ស៊្មីធ ឲ្យ​ស្ដារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើងវិញ

សូម​សរសេរ​ពាក្យ ខ្លាំងក្លា នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា តើ​លក្ខណៈ​អ្វី​ខ្លះ​ដែល​ស្របតាម​បទដ្ឋាន​របស់​លោកិយ ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ការពិពណ៌នា​អំពីមនុស្ស​ដែល​ខ្លាំងក្លា​ម្នាក់ ។ នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ចម្លើយ​ពួកគេ​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ខ្លាំងក្លា ។ បន្ទាប់​មក​សូម​សរសេរ​ពាក្យ ខ្សោយ នៅលើ​ក្ដារ​ខៀន ។ សូម​សួរ​សិស្ស​ថា តើ​លក្ខណៈ​អ្វី​ខ្លះ​ដែល​ស្របតាម​បទដ្ឋាន​របស់​លោកិយ ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ការពិពណ៌នា​អំពីមនុស្ស​ដែល​ខ្សោយម្នាក់​ ។

  • តើ​ពិភពលោក​ព្យាយាម​ធ្វើ​ឲ្យ​យុវជន ឬ យុវនារី​មាន​អារម្មណ៍​ថា​ទន់ខ្សោយ​តាមរយៈ​បទដ្ឋាន​របស់​លោកិយ​តាមរបៀប​ណា​ខ្លះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៣ ឲ្យឮៗ ។ បន្ទាប់មក​សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១ ដោយ​ស្ងាត់ស្ងៀម រកមើល​ថា​នរណា​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ថា​ជា​អ្នក​ទន់ខ្សោយ ។

  • តើ​យ៉ូសែប ស្ម៊ីធ អាច​មានភាព​ទន់​ខ្សោយ​តាម​របៀប​ណា​ខ្លះ នៅពេល​លោក​ត្រូវបា​នហៅ​ដើម្បី​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ​នោះ ?

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១, ហេតុអ្វី​ព្រះអម្ចាស់​ហៅ​មនុស្ស​ទន់ខ្សោយ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ( នៅពេល​សិស្ស​ឆ្លើយ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ​ដោយ​សរសេរ​សេចក្តីពិត​ស្រដៀង​​គ្នា​ទៅនឹង​គោលការណ៍ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បើក​បង្ហាញ​ព្រះប្រាជ្ញា​របស់​ទ្រង់​តាមរយៈ​អ្វីៗ​ដែល​ទន់ខ្សោយ​នៃ​ផែនដី​នេះ) ។

  • តើ​ព្រះអម្ចាស់​បាន​បើកបង្ហាញ​ព្រះប្រាជ្ញា​របស់​ទ្រង់​តាមរយៈ​ព្យាការី​យ៉ូសែប ស៊្មីធ តាមរបៀប​ណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ការហៅបម្រើ និង ការចាត់​តាំង​មួយ​ចំនួន​ដែល​ពួកគេ​អាច​ទទួល អំឡុងពេល​ពួកគេ​នៅក្នុង​ភាព​ជា​យុវវ័យ ។ ( ចម្លើយ​អាច​រួមមាន គ្រូបង្រៀន​តាម​ផ្ទះ សមាជិក​នៃ​ថ្នាក់ ឬ គណៈប្រធាន​កូរ៉ុម អ្នកផ្សព្វផ្សាយ​សាសនា និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ឬ ស្វាគមន៍​នរណា​ម្នាក់​នៅក្នុង​វួដ ឬ សាខា​របស់​ពួកគេ ) ។

  • តើការចងចាំ​ពីគោលការណ៍​ដែល​បាន​សរសេរ​លើ​ក្តារខៀន​នេះ អាច​ជួយ​យើង​ដូចម្តេច​ខ្លះ នៅពេល​យើង​ទទួល​ការហៅ និង ការចាត់តាំង​ផ្សេងៗ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២-១៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ូសែប ស្ម៊ីធ​សរសេរ​សេចក្តី​ប្រកាស​នៃ​ដំណឹង​ល្អ​ដល់អ្នក​ដឹកនាំ​នានា​នៃ​ផែនដី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥-២១

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​ណៅវូ

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ​ដែល​មាន​នរណា​ម្នាក់​បាន​សរសើរ​ពួកគេ​ដោយ​ស្មោះសរ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ពីរបី​នាក់​ចែកចាយ​បទពិសោធន៍ និង មូលហេតុ​នៃ​ការសរសើរ​ទាំង​នេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សូម​ពន្យល់​ថា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ពី​បុគ្គល​មួយ​ចំនួន​នៅក្នុង​វិវរណៈ​នេះ ហើយ​បាន​បញ្ជា​ពួកគេ​ដោយ​ចង្អុលបង្ហាញ​ពី​កម្លាំង និង ការរួមចំណែក​របស់​ពួកគេ ។ សូមអញ្ជើញ​សិស្ស​ឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥-២០ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​អំពី​បុគ្គល​ទាំង​នេះ ។ អ្នកអាចស្នើ​ឲ្យ​ពួកគេ​គូស​ចំណាំ​ឃ្លា​ណា​ដែល​លេច​ធ្លោ​ចំពោះ​ពួកគេ ។ ក្រោយ​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បែរ​ទៅ​រកដៃគូ​របស់​ខ្លួន ហើយ​ចែកចាយ​ចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ដោយ​បញ្ចូល​ឃ្លា​ដែល​លេចធ្លោ​ចំពោះ​ពួកគេ និង ហេតុផល​របស់​វា ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៩ ព្រះអម្ចាស់​បាន​ប្រកាស​ថា​បុរស​ស្មោះត្រង់​បី​រូប​ដែល​ទើប​នឹង​ស្លាប់ ( ដាវីឌ ដ័បុលយូ ប៉ាទិន អែតវិត ប៉ាទ្រិច និង យ៉ូសែប ស៊្មីធ ស៊ីញ័រ ឪពុក​របស់​ព្យាការី ) ត្រូវ​បាន​ទទួល​ឲ្យ​ចូលទៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​ហើយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១៥, ២០, រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពីហៃរ៉ុម ស្ម៊ីធ និង ចច មីលលើ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អ្វីខ្លះអំពី​ហៃរ៉ុម ស្ម៊ីធ និង ចច មីលលើ ?

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ដូចម្តេច ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀងត្រង់​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​សេចក្តីពិត​ខាង​ក្រោម ៖ ព្រះអម្ចាស់​សព្វ​ព្រះទ័យ ហើយ​ទុក​ព្រះទ័យ​លើ​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀងត្រង់​នៃ​ចិត្ត) ។

  • តើ​អ្នក​ឲ្យ​និយមន័យ​នៃ​ពាក្យ​សេចក្តី​ទៀងត្រង់​នៃ​ចិត្ត​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ចំពោះ​ខ្ញុំ​សេចក្តី​ទៀង​ត្រង់​មានន័យ​ថា ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង ​ល្អ​ជា​និច្ច​មិនថា​កើតមាន​លទ្ធផល​ភ្លាមៗ​យ៉ាងណា​នោះ​ទេ ។ វា​មាន​ន័យ​ថា​ត្រូវ​មាន​សេចក្តី​សុចរិត​ចេញ​ពីជម្រៅនៃដួងព្រលឹងរបស់​យើង មិន​មែន​គ្រាន់​តែ​ការ​ប្រព្រឹត្ត​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ក្នុង​គំនិត និង ក្នុង​ដួង​ចិត្ត​របស់​យើង ។ សេចក្តីទៀងត្រង់​ផ្ទាល់​ខ្លួន​បញ្ជាក់​ពី​ការទុកចិត្ត និង បរិសុទ្ធភាព​នោះ ដែល​យើង​មិន​អាច​ត្រូវបាន​បោកបញ្ឆោត​ឲ្យ​ទុកចិត្ត ឬ ធ្វើ​សេចក្តីសញ្ញា​ឡើយ » (« Personal Integrity » Ensign, ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។

  • ដោយ​ផ្អែកលើ​និយមន័យ​របស់​អែលឌើរ វ៉ឺតលីន ហេតុអ្វី​អ្នក​គិត​ថា​ព្រះអម្ចាស់​សព្វ​ព្រះ​ទ័យ​ដល់​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀង​ត្រង់​នៃ​ចិត្ត ?

ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ពី​របៀប​ដែល​ហៃរ៉ុម ស្ម៊ីធ បាន​ធ្វើជា​គំរូ​នៃ​សេចក្តីទៀងត្រង់​នៃចិត្ត សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ អិម រ័សុល បាឡឺដ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ហៃរ៉ុម ស្ម៊ីធ ជា​បងប្រុស ជាមិត្ត និង ជា​អ្នក​ផ្តល់​យោបល់​ដល់​ព្យាការី បាន​បង្ហាញ​ភាព​ពិត​ទាំង​ស្រុង សេចក្តីស្រឡាញ់​ ភាព​ស្មោះត្រង់ និង ភក្តីភាព​ចំពោះ​ព្រះអម្ចាស់ដែល​ពុំ​អាច​ថ្លែង​បាន និង ចំពោះ​ប្អូន​ប្រុស​របស់​ខ្លួន​គឺ យ៉ូសែប ។ ភាពជាបងប្អូន​របស់ពួកគេ​ពុំ​មាន​នរណា​ល្អជាង​នរណា​ឡើយ ។…

« យ៉ូសែប បាន​មាន​ប្រសាសន៍​ពី ហៃរ៉ុម ថា ‹ ខ្ញុំ​ចង់​អធិស្ឋាន​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ​ថា​បងប្អូន​ប្រុស​របស់​ខ្ញុំ​ទាំងអស់ ​ដូច​ជា​បងប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ​ហៃរ៉ុម ដែល​មាននូវ​ភាពទន់ភ្លន់​នៃ​កូនចៀម និង សេចក្តីទៀងត្រង់​នៃ​យ៉ូប និង និយាយ​ជារួម មាន​ភាពស្លូតបូត​ និង ភាពរាបទាប​នៃ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​ស្រឡាញ់គាត់​ ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​នោះ​គឺ​ខ្លាំង​ជាង​សេចក្តី​ស្លាប់​ទៅទៀត ដ្បិត​ខ្ញុំពុំ​ដែល​ធ្លាប់​មាន​ពេល​ស្តីបន្ទោស​គាត់ ហើយ​គាត់​ក៏​ពុំ​ដែល​ស្តីបន្ទោស​ខ្ញុំ​ផងដែរ › ។ History of the Church,២:៣៣៨ ) ។…

« ហៃរ៉ុម​ពុំ​ដែលរារែក​ឡើយ សូម្បីតែ​ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់ ។ បន្ទាប់ពីការបង្អត់​អាហារ និង ការបៀតបៀន​មួយ​រយៈ​ពេល​ដ៏​យូរ​មក គាត់​បាន​សរសេរ ៖

« ‹ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ព្រះ​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​សម្រេចចិត្ត​ដើម្បី​ស្លាប់ ជាជាង​បដិសេធ​នូវ​អ្វីៗ​ដែល​ភ្នែក​របស់​ខ្ញុំ​បាន​ឃើញ ដែល​ដៃ​របស់​ខ្ញុំ​បាន​កាន់ [ ផ្ទាំង​ដែល​ត្រូវបាន​បកប្រែ​ទៅ​ជា​ព្រះគម្ពីរ​មរមន ] និង អ្វី​ដែល​ខ្ញុំបាន​ថ្លែង​ទីបន្ទាល់ ទោះបី​ជាខ្ញុំ​ត្រូវចាត់ទៅ​ទីណា​ក៏​ដោយ ហើយ​ខ្ញុំ​អាច​អះអាង​ជាមួយ​បងប្អូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ថា ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ដែល​វា​ជា​ទីបន្ទាល់​ដ៏​រឹងមាំ​ដែល​ខ្ញុំ​ធ្លាប់​ថ្លែង​នៅក្នុង​ជីវិត​ខ្ញុំ › ។ (Times and Seasons, ខែ ធ្នូ ឆ្នាំ ១៨៣៩ ទំព័រ ២៣ ) » ។ (« The Family of the Prophet Joseph Smith » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧ ) ។

  • តើ​ហៃរ៉ុម ស្ម៊ីធ​បាន​បង្ហាញ​សេចក្តីទៀតត្រង់​របស់​ខ្លួន​តាម​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្លួន ដែល​ពួកគេ​អាច​មាន​សេចក្តី​ទៀងត្រង់​កាន់តែ​ច្រើន​ឡើង ។ សូម​លើកទឹកចិត្ត​ពួកគេឲ្យ​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​មួយ ដើម្បី​បង្កើន​សេចក្តី​ទៀងត្រង់​នៅក្នុង​ចំណុច​នោះ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​គោលការណ៍​នានា​ដែល​បាន​បង្រៀននៅថ្ងៃ​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩-១៣២)

សូម​សួរ​សិស្ស​ ប្រសិនបើ​ពួកគេ​ស្គាល់​ពី​កម្រិត​នានា​ដែល​មា​ននៅក្នុង​នគរ​សេឡេស្ទាល ។ សូម​ពន្យល់ថានៅក្នុង​ការសិក្សា​នៅ​សប្តាហ៍​បន្ទាប់ ពួកគេ​នឹង​ឃើញ​ពី​គោលការណ៍​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​នគរ​សេឡេស្ទាល និង ផែនការ​នៃ​សេចក្តីសង្គ្រោះ ។