ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩៧ ( មេរៀន​ទី ២០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩៧ ( មេរៀន​ទី ២០ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃគោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០-៩៧ ( មេរៀន​ទី ២០ ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩២)

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​រៀន​ថា ប្រសិនបើយើង​រាប់​វិវរណៈ​ទាំងឡាយ​ដែលព្រះប្រទាន​ឲ្យ​តាមរយៈ​ពួក​ព្យាការីរបស់​ទ្រង់​ជាឥត​ការ នោះ​យើង​នឹង​ជំពប់​ជើង ហើយដួល ។ ពួកគេ​ក៏​បាន​រកឃើញ​ថា ប្រសិន​បើ​យើ​ង​ស្រាវជ្រាវ​ដោយ​ឧស្សាហ៍​ព្យាយាម អធិស្ឋាន​ជានិច្ច ជឿ និង រក្សាសេចក្ដីសញ្ញាទាំងឡាយ​របស់យើង នោះគ្រប់​អ្វីៗ​ទាំងអស់​នឹង​ធ្វើ​ការ​រួមគ្នា​សម្រាប់​សេចក្ដីល្អ​របស់​យើង ។ ចេញពីការសិក្សា​វិវរណៈ​មួយ​អំពីអាប៉ូគ្រីផា សិស្ស​បាន​រៀន​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​យើង​ដឹង​ប្រសិនបើអ្វី​ដែលយើង​បានអាន​ជា​ការ​ពិត ។ ក្រៅពី​នោះទៀត សិស្ស​បាន​រកឃើញ​គោលការណ៍​ដែល​ថា ប្រសិនបើយើង​ស្មោះត្រង់នៅក្នុង​ការ​រក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ជារៀងរហូត ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣)

នៅក្នុង​ការសិក្សា​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣, សិស្ស​បាន​រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​កូន​ច្បង​នៃ​កូន​វិញ្ញាណ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ហើយ​ថា​តាមរយៈ​ការទទួល​ពន្លឺ និង សេចក្តពិត នោះ​យើង​អាច​ប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថាយើង​ទទួល​សេចក្តីពិត និង ពន្លឺ​នៅពេល​យើង​គោរព​ព្រះបញ្ញត្តិ ហើយ​ថា​ការ​មិនគោរពប្រតិបត្តិ និង ទំនៀមទម្លាប់​ខុសឆ្គងដែល​បណ្ដាល​ឲ្យ​យើង​បាត់បង់​ពន្លឺ និង​សេចក្ដីពិត ។ ចេញ​ពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​ដឹកនាំ​មួយ​ចំនួន​របស់​សាសនាចក្រ នោះ​សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា​យើង​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ហើយ​ឧស្សាហ៍ព្យាយាម និង ខ្វល់​ខ្វាយ​អំពី​គេហដ្ឋាន​ជានិច្ច ក្រែងលោសាតាំង​នឹង​មានអំណាច​លើ​យើង ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦)

ចេញពី​ការស្តីបន្ទោស​របស់​ព្រះអម្ចាស់​ចំពោះពួកបរិសុទ្ធ​សម្រាប់​ភាព​ធ្វេសប្រហែស​របស់​ពួកគេ​ក្នុង ការ​សាងសង់​ព្រះវិហារបរិសុទ្ធខឺត​ឡង់ នោះ​សិស្ស​បាន​រៀន​ថា​ព្រះ​វាយផ្ចាល​ដល់​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា នៅក្នុង​ព្រះវិហារបរិសុទ្ធ​ព្រះអម្ចាស់​បាន​រៀបចំ​ពួកអ្នកបម្រើ​របស់​ទ្រង់​ឲ្យធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ប្រទានអំណាច​ដល់ពួកគេ ។ ក្រៅពីនេះ​ទៀត សិស្ស​បានរកឃើញ​ថា ប្រសិនបើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​មាន​អំណាច​ដើម្បីធ្វើ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧)

ចេញពី​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ​នៅ​ក្នុង​រដ្ឋ​មិសសួរី នោះ​សិស្ស​បាន​រៀន​ថាប្រសិន​បើ​យើង​បន្ទាប​ខ្លួន​យើង ហើយ​ស្វែងរក​ការ​រៀនសូត្រ​ដោយឧស្សាហ៍ព្យាយាម នោះ​យើង​នឹង​ទទួល​បាន​ប្រាជ្ញា និង សេចក្ដីពិត ។ សិស្ស​ក៏​រកឃើញ​ផងដែរ​នូវ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ត្រូវបានទទួល​យក​ដោយ​ព្រះអម្ចាស់ ហើយ​បានរៀន​ថា​នៅក្នុង​ព្រះវិហារបរិសុទ្ធ ព្រះ​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់អ្នកទាំងឡាយ​ដែល​មាន​ដួង​ចិត្ត​បរិសុទ្ធ ។ ក្រៅពីនេះ​ទៀត សិស្ស​បានរៀន​ថា​ទីក្រុង​ស៊ីយ៉ូន​គឺជា​អ្នក​ដែល​មាន​ដួងចិត្ត​បរិសុទ្ធ ហើយ​ប្រសិន​បើ​យើង​គោរពប្រតិបត្តិ នោះយើង​នឹង​គេចចេញ​ពី​សេចក្ដីក្រោធ​របស់ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​របស់ទ្រង់​យ៉ាងច្រើន​អនេក ។

សេចក្តីផ្ដើម

ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ នៅថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ ។ មេរៀន​នេះ​ផ្តោត​ទៅលើ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១–២០, ដែលរៀបរាប់​ខ្លីៗ​តែ​ប៉ុណ្ណោះ​នៅក្នុង​មេរៀន​សិស្ស​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣។ នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ស្គាល់​ទ្រង់ និង របៀប​ដែល​យើង​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ និង ព្រះវរបិតាសួគ៌​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​មើល​ឃើញ​ព្រះភក្ត្រ​របស់ទ្រង់ ហើយ​ដឹង​ថាពិតជា​មាន​ទ្រង់​មែន

សូម​បង្ហាញ​រូបភាព​មនុស្ស​ល្បី​ម្នាក់ ដែល​សិស្ស​របស់អ្នក​នឹង​ស្គាល់ ហើយ​សួរ​ដល់ពួកគេ​បើ​ពួកគេ​ស្គាល់​ឈ្មោះ​របស់​បុគ្គល​ម្នាក់​នោះ ។ ( ប្រសិន​បើអ្នក​ពុំ​មាន​រូបភាព​ដាក់បង្ហាញទេ សូមសរសេរ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់ថា​អ្នកនោះជា​នរណា ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ល្បី ) ។

  • ហេតុអ្វី​មនុស្ស​ជាច្រើន​ស្គាល់​មនុស្ស​ម្នាក់នេះ ?

  • តើ​អ្នក​គិត​ថា​វា​សំខាន់​ឬ​ទេ​ដើម្បី​ស្គាល់​មនុស្ស​ម្នាក់​នេះ ? ហេតុអ្វី ?

សូម​ដាក់តាំង​រូបភាព​របស់ព្រះយេស៊ូវ​គ្រីស្ទ ( អ្នក​អាច​ប្រើ​រូប​ព្រះយេស៊ូវគ្រីស្ទ [សៀវភៅ​រូបភាព​សិល្បៈដំណឹងល្អ ( ឆ្នាំ ២០០៩ ) លេខ ១ ] សូមមើល​ផងដែរ LDS.org) ហើយ​ពន្យល់​ថា មនុស្ស​ជាច្រើន​សព្វថ្ងៃ​នេះ ពុំស្គាល់​ថា​ទ្រង់​ជា​នរណា​ទេ ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដើម្បីស្គាល់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​នរណា ?

សូម​ពន្យល់​ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ ព្រះអម្ចាស់​បានបង្រៀនអំពី​របៀប​ដែល​យើងអាច​បង្កើន​ចំណេះ​ដឹង​របស់​យើង​អំពីទ្រង់ និង អំពីព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ប្រទានពរ​ដល់​យើង​នៅពេល​ឥឡូវ​នេះ និង រហូតដល់​ភាព​អស់កល្បជានិច្ច ។ សូម​សរសេរ​សំណួរ​ពីរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ដោយទុក​ចន្លោះ​ឲ្យ​សិស្ស​សរសេរ​ចម្លើយរបស់​ពួកគេ​នៅក្រោម​សំណួរទាំងនោះ ៖

តើ​យើងត្រូវធ្វើ​អ្វីខ្លះ​ដើម្បីទទួល​បាន​ទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

តើ​យើង​អាច​ដឹង​អ្វីខ្លះ​ពី​ទ្រង់​ប្រសិន​បើ​យើង​ធ្វើ​តាមចំណុច​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១-៥ ឲ្យឮៗ ។ មុនពេល​សិស្ស​ចាប់​ផ្ដើម​អាន សូមឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ទីមួយ ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ទៀត​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទីពីរ ។ បន្ទាប់ពី​ខគម្ពីរ​ត្រូវ​បាន​អាន សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឡើង​មក​មុខក្ដារខៀន ហើយសរសេរ​ចម្លើយ​របស់ពួកគេ​តបនឹងសំណួរ​ទាំងនោះ ។ បន្ទាប់មកសូម​សួរសិស្ស​នូវសំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ថ្លែងអំពីសេចក្ដី​សន្យា​នៅក្នុង ខ ១ ជា​គោលការណ៍ « ប្រសិន​បើ-នោះ » យ៉ា​ងដូចម្ដេច ? ( ការ​ឆ្លើយ​តប​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​បោះបង់ចោល​អំពើបាប​របស់​យើង មករក​ព្រះគ្រីស្ទ អំពាវនាវ​រកព្រះនាម​របស់​ទ្រង់ គោរព​តាម​សំឡេង​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ បន្ទាប់មក​យើង​នឹង​មើល​ឃើញ​ព្រះភក្ត្រ​ទ្រង់ ហើយ​ស្គាល់​ទ្រង់ថា​ជា​នរណា )

អ្នក​អាច​គូស​បញ្ជាក់​ថា​ពរជ័យ​នេះ​នឹង​កើត​មានតាម​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ តាម​មាគ៌ា​របស់ទ្រង់ ហើយ​ស្របតាម​ព្រះទ័យ​ទ្រង់ ( សូមមើល គ. និង ស. ៨៨:៦៨; សូមមើល​ផងដែរ អេណុស ១:២៧) ។

  • តើ​សកម្មភាព​និមួយៗ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១ ជួយ​យើងឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

  • ចេញមកពី​អ្វី​ដែលអ្នក​បាន​រៀន​នៅក្នុង ខ ៣តើ​គោលលទ្ធិអ្វី​ដែល​សំខាន់​ដើម្បី​យល់​ដឹង​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ? ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម ៖ ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​តែ​មួយ )

  • តើ​ឃ្លា​ថា​ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​តែមួយ​មាន​ន័យ​ដូចម្តេច ?

សូមជួយ​សិស្ស​យល់​ថា​ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​មាន​តួអង្គ​ពី​ផ្សេង​គ្នា ហើយ​ដាច់​ដោយ​ឡែក​ពី​គ្នា មួយ​អង្គៗ​មានព្រះកាយ​ជា​សាច់ និង ឆ្អឹង​ដែល​មាន​សិរីរុងរឿង ( សូមមើល គ. និង ស. ១៣០:២២) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​ព្រះរាជបំណង និង គោលលទ្ធិរួមគ្នាតែ​មួយ ។ ពួកទ្រង់​រួម​សាមគ្គី​គ្នា​ដ៏​ឥត​ខ្ចោះ​ក្នុង​ការ​នាំ​មក​នូវ​ផែនការនៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​វរបិតា ។

សូម​ចង្អុល​បង្ហាញ​នូវ​ឃ្លា​ដូច​ខាង​ក្រោម​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤៖ « ជាព្រះ​វរបិតា​ពីព្រោះ​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង​នូវ​ភាព​ពោរពេញ​របស់ទ្រង់ » ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៧-២៦ឲ្យឮៗ ។ សូម​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើ​ការ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួលនូវ​ភាព​ពោរពេញ​របស់​ព្រះវរបិតា​មាន​ន័យ​ដូចម្ដេច ? ( សូម​មើល គ. និង ស. ៩៣:១៦-១៧, ២៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៦-២០

កំណត់ត្រា​របស់​យ៉ូហាន ត្រូវ​បាន​ប្រើ​ដើម្បីជួយ​យើង​យល់​ដឹង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ទទួល​នូវ​ភាពពេញលេញ​នៃ​សិរីល្អ​របស់ព្រះវរបិតាសួគ៌ 

សូម​គិត​ពីការរៀបចំ​ជាមុន​នូវ​ការបង្ហាញ​ខាងក្រោម ដើម្បី​រៀបចំ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​នូវ​ភាពពេញលេញ​របស់ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សិស្ស​ដែល​បាន​បង្កើន​នូវ​ជំនាញ​ពិសេស​មួយ ដូចជា​លេង​កីឡា​ពិសេស​ណា​មួយ ឬ លេង​ឧបករណ៍​តន្ត្រីមួយ ឬ បង្កើតសិល្បៈផ្សេងៗ ដើម្បី​ធ្វើ​បទ​បង្ហាញ​ខ្លីៗ ឬ ពិពណ៌នា​ពី​ជំនាញ​នោះ ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​ទាំង​នោះ​ប្រាប់​សិស្ស​ក្នុង​ថ្នាក់ អំពី​ឱកាស​មួយ​ដែល​គាត់​បានអភិវឌ្ឍជំនាញ​នោះ ។ ( ចម្លើយ​របស់​សិស្ស​គួរតែ​ជួយ​សិស្ស​ក្នុង​ថ្នាក់​យល់​ថា ដើម្បី​ប្រែក្លាយ​ជា​កីឡាករ តន្ត្រីករ ឬ ជាង​គំនូរ​ដ៏​ជំនាញ​ម្នាក់ វា​គឺ​ជា​ដំណើរការ​ដែល​តម្រូវ​ឲ្យ​មាន​ការខ្នះខ្នែង​ជាប់​ជានិច្ច ហើយ​វា​ពុំ​អាច​កើត​មានឡើង​ភ្លាមៗក្នុង​មួយ​ពព្រិច​ភ្នែក​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១២-១៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធំ​ឡើង​ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​ទ្រង់​ទទួល​បាន​នូវភាព​ពេញលេញ​នៃ​សិរីល្អ​របស់​ព្រះវរបិតា ។ អ្នក​អាច​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំ​គោលការណ៍​នេះ​នៅក្នុង ខ ១៣) ។

  • តើ​អ្នកគិត​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បានបន្ដ​ពី​ព្រះគុណថែម​លើ​ព្រះគុណ​រហូត​ដល់​ទ្រង់​បាន​ទទួលបាន​នូវ​ភាព​ពេញលេញ​យ៉ាង​ដូចម្ដេច ?

សូម​ជួយ​សិស្ស​យល់​ថា ព្រះគុណ​គឺ​ជា​កម្លាំង និង ជា​ព្រះចេស្ដា​មកពីព្រះ​ដែល​អនុញ្ញាត​ឲ្យយើង​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច និង ភាពតម្កើងឡើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩-២០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​ពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ឲ្យ សម្រាប់​ការ​បើក​សម្ដែង អំពី​របៀប​ដែល​ទ្រង់​ទទួល​បាន​ភាពពេញលេញ​នៃ​ព្រះវរបិតា ។

  • យោងតាម ខ ១៩, ហេតុអ្វីព្រះអង្គសង្គ្រោះ​បើក​សម្ដែង​ពី​របៀប​ដែល​ទ្រង់​ទទួលបាន​ភាពពេញលេញ​នៃ​ព្រះវរបិតា​ដូច្នេះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអង្គ​សង្គ្រោះ​បានបើក​សម្ដែង​អំពី​របៀប​ដែល​ទ្រង់​បាន​ទទួល​ភាព​ពេញលេញ​មួយ គឺ​ដើម្បីឲ្យ​យើង​អាច « យល់ និង ស្គាល់ » ទ្រង់ និង ព្រះវរបិតាសួគ៌ ហើយ​ស្គាល់​របៀប​ដើម្បី​ថ្វាយបង្គំ​ព្រះរវបិតា និង ទទួល​នូវភាពពេញ​លេញ​របស់ទ្រង់ ។ សូមសរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​នៅលើក្តាខៀន ៖ ( សេចក្តីថ្លែង​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង The Promised Messiah :The First Coming of Christ ( ឆ្នាំ ១៩៧៨ ) ទំព័រ ៥៦៨ ) ។

« ការ​ថ្វាយបង្គំ​ដ៏​ឥតខ្ចោះ​គឺជា​ការ​ត្រាប់តាម ។ យើង​គោរព​ដល់​អ្នក​ទាំងឡាយ​ដែល​យើង​ត្រាប់​តាម » ( អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ) ។

  • តើ​អ្នក​គិត​ថា​ការ​ថ្វាយបង្គំ​មាន​ន័យ​ដូចម្ដេច ?

  • តើ​យើង​ថ្វាយបង្គំ​ដល់ព្រះវរបិតាសួគ៌​របស់​យើង​យ៉ា​ងដូចម្ដេច ? ( សិស្ស​អាច​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​ត្រូវ​ថ្វាយបង្គំ​ដល់ព្រះវរបិតាសួគ៌ ដោយការ​ធ្វើតាម​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ស្នើ​ឲ្យសិស្ស​សរសេរ​គោលការណ៍​នេះ នៅក្បែរ​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់ពួកគេ ) ។

  • តើ​ការ​រីកចម្រើន​របស់ព្រះអង្គសង្គ្រោះ​ពី​ព្រះគុណថែម​លើ​ព្រះគុណ ស្រដៀងគ្នា​ទៅនឹង​ដំណើរ​ការ​នៃ​ការ​រៀនសូត្រ និង ការ​រីកចម្រើន​ដែល​យើងអាច​ទទួល​បទពិសោធន៍របៀបណា ?

  • តើ​សេចក្ដីសន្យា​អ្វីខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២០ ដល់អ្នកទាំងឡាយ​ណា​ដែល​ធ្វើ​តាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ? ( សិស្ស​គួរ​បង្ហាញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​អាច​ទទួលបាន​ភាពពេញលេញ​នៃ​ព្រះវរបិតា ដូចដែលព្រះយេស៊ូវ​គ្រីស្ទ​ទទួលបានផងដែរ )

សូមលើករូបភាពរបស់ព្រះអង្គសង្គ្រោះឡើង ដែលអ្នកបានដាក់​តាំង​នៅពេលចាប់ផ្តើមថ្នាក់ ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បីមាន​ទីបន្ទាល់​មួយ​អំពី​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ការ​បង្រៀន និង​ដង្វាយធួន​របស់ទ្រង់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ដ « ព្រះគុណថែម​លើ​ព្រះគុណ » (គ. និង ស. ៩៣:១៣) ហើយ​កាន់តែ​ក្លាយដូចជា​ទ្រង់ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ជាក់លាក់​មួយ​ដែលពួកគេ​នឹង​ស្វែងរក ដើម្បីរីក​ចម្រើន និង កែលម្អ​តាម​រយៈ​ការ​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់ចំណុច​នោះ​ជា​គោលដៅ​ហើយ​ព្យាយាម​សម្រេច​វា​ឲ្យ​បាន ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​បាប ហើយ​តើ​អ្នក​ធ្លាប់ឆ្ងល់​ពី​របៀប​ដែល​អ្នក​គួរតែ​មាន​ប្រតិកម្ម​តបត​នឹង​ការធ្វើ​បាប​នោះ​ដោយ​របៀប​ណា ? នៅក្នុង​មេរៀន​បន្ទាប់ អ្នក​នឹង​រៀន​អំពី​ការបៀតបៀន និង រងទុក្ខ​របស់​ពួក​បរិសុទ្ធ​ដែល​បាន​ជួបប្រទះ​នៅក្នុង​រដ្ឋ​មិសសួរី ។ អ្នក​នឹង​រៀន​ផងដែរអំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពីការឆ្លើយតប​ចំពោះ​ការបៀតបៀន រួម​ទាំង​ព្រះទ័យ​របស់​ទ្រង់​អំពីការចេញ​ទៅ​ធ្វើ​សង្គ្រាម ។