មេរៀនទី ១០៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣
បុព្វកថា
ក្នុងការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ក្នុងទីក្រុងខឺតឡង់ នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ប៉ាលី ភី ប្រាត្ត និង ឡៃម៉ាន វ៉ៃត បានស្វែងរកការដឹកនាំពីរបៀបដែលពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចទទួលបានជំនួយខាងសាច់ឈាម និងទទួលបានកម្មសិទ្ធិដីធ្លីរបស់ពួកគេនៅឃុំ ចាកសុន ។ នៅថ្ងៃដដែលនោះ យ៉ូសែប ស៊្មីធ ទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣ដែល ព្រះអម្ចាស់បានសន្យាថាដែនដីស៊ីយ៉ូននឹងត្រូវបានប្រោសលោះ ។ ព្រះអម្ចាស់បានណែនាំពួកអ្នកដឹកនាំសាសនាចក្រឲ្យប្រមូលធនធាន និងកេណ្ឌអ្នកស្ម័គ្រចិត្តទៅជួយពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។ ក្រុមនេះ ត្រូវបានស្គាល់ថា ជាជំរុំស៊ីយ៉ូន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១-២០
ព្រះអម្ចាស់សន្យាថា ទីក្រុងស៊ីយ៉ូននឹងត្រូវបានប្រោសលោះ
សូមចាប់ផ្ដើមថ្នាក់ដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើសត្រូវអ្វីដែលពួកសុចរិតមាននៅថ្ងៃនេះ ?
សូមឲ្យសិស្សគិតអំពីរបៀបដែលសត្រូវរបស់ព្រះអម្ចាស់ ព្យាយាមបង្អាក់ការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។
-
តើហេតុអ្វីបានជាអ្នកគិតថា សត្រូវរបស់ព្រះអម្ចាស់អាចបង្អាក់ការរីកចម្រើនខាងវិញ្ញាណរបស់កូនចៅព្រះអម្ចាស់មួយចំនួនបាន ?
នៅពេលសិស្សចាប់ផ្ដើមការសិក្សា និងការពិភាក្សានៅថ្ងៃនេះក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៣សូមលើកទឹកចិត្តដល់ពួកគេឲ្យរកមើលគោលការណ៍ដែលនឹងជួយពួកគេឲ្យយកឈ្នះសត្រូវបែបនោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែល ប៉ាលី ភី ប្រាត្ត និង ឡៃម៉ាន វ៉ៃត បានមកទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ពីរដ្ឋ មិសសួរី ។
-
តើហេតុអ្វីបានជាបងប្រុស ប្រាត្ត និង បងប្រុស វ៉ៃត មកទីក្រុងខឺតឡង់ ?
សូមពន្យល់ថា យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣ នៅថ្ងៃជាមួយគ្នាដែលអ្នកដឹកនាំទាំងពីរបានជួបជាមួយលោក និងក្រុមប្រឹក្សាជាន់ខ្ពស់នៅទីក្រុង ខឺតឡង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០៣:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលព្រះអម្ចាស់ អនុញ្ញាតឲ្យមានការបៀតបៀនដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។
-
យោងទៅតាម ខ ៣-៤, តើហេតុផលពីរយ៉ាងដែលព្រះអម្ចាស់អនុញ្ញាតឲ្យសត្រូវរបស់ទ្រង់ បៀតបៀនពួកបរិសុទ្ធជាអ្វី ? ( ហេតុផលទីមួយ គឺអនុញ្ញាត្តឲ្យអ្នកបៀតបៀន « អាចបំពេញកម្រិតនៃសេចក្ដីទុច្ចរិតទាំងឡាយរបស់ពួកគេ ប្រយោជន៍ឲ្យពែងរបស់ពួកគេអាចបានពេញ »—តាមពាក្យម្យ៉ាងទៀតគឺ ដើម្បីធ្វើការជំនុំជំរះរបស់ទ្រង់ចំពោះពួកទុច្ចរិតដោយត្រឹមត្រូវ ។ ហេតុផលមួយទៀត គឺដើម្បីវាយផ្ចាលពួកបរិសុទ្ធដែលមិនស្ដាប់បង្គាប់ ) ។
-
ស្របតាម ខ ៤តើហេតុអ្វីបានជាពួកបរិសុទ្ធត្រូវការការវាយផ្ចាលយ៉ាងដូច្នេះ ? តើអ្នកគិតថាឃ្លា « ពុំបានស្ដាប់តាម » មានន័យយ៉ាងណា ? ( ពួកគេមិនបានស្ដាប់បង្គាប់ព្រះអម្ចាស់ទាំងស្រុងទេ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:៥-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ ពីអ្វីដែលពួកគេត្រូវធ្វើដើម្បីយកឈ្នះលើសត្រូវរបស់ទ្រង់ ។ ( អ្នកអាចពន្យល់ថា ពាក្យ ឈ្នះ មានន័យថា ខ្លាំងជាងគូបដិបក្ខ ឬមានជ័យជំនះ ) ។
-
បើពួកបរិសុទ្ធធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់ « ចាប់ពីម៉ោង[នោះ]តទៅ » តើពួកគេនឹងទទួលពរជ័យអ្វី ? ( ពួកគេនឹងបានឈ្នះសត្រូវរបស់ព្រះអម្ចាស់ « ចាប់ពីម៉ោង[នោះ]តទៅ » ) ។
-
តើខគម្ពីរទាំងនេះ បង្រៀនអំពីរបៀបដែលយើងអាចឈ្នះឥទ្ធិពលលោកិយដោយរបៀបណា ? ( សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងចាប់ផ្ដើមស្ដាប់តាមការទូន្មានរបស់ព្រះអម្ចាស់ នោះយើងទទួលបានកម្លាំងដើម្បីយកឈ្នះលោកិយ ) ។
សូមអញើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:៨-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយ រកមើល អ្វីដែលព្រះអម្ចាស់បានព្រមានថានឹងកើតឡើង បើយើងជ្រើសរើសមិនគោរពតាមព្រះបន្ទូលរបស់ទ្រង់ ។
-
តើការជ្រើរើសមិនស្ដាប់តាមព្រះបន្ទូលព្រះអម្ចាស់ នាំមកនូវលទ្ធផលអ្វីខ្លះ ? ( សិស្សអាចប្រាប់គោលការណ៍ផ្សេងគ្នា រួមទាំងគោលការណ៍ដូចខាងក្រោម ៖ បើយើងមិនស្ដាប់តាមព្រះបញ្ញត្តរបស់ព្រះអម្ចាស់ នោះលោកិយនិងយកឈ្នះយើង ។ បើយើងមិនរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់ទេ នោះយើងបាត់បង់សមត្ថភាពដើម្បីធ្វើជាពន្លឺដល់អ្នកដទៃ ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា នរណាម្នាក់ដែលមិនស្ដាប់បង្គាប់ ឬស្ដាប់បង្គាប់ព្រះអម្ចាស់តែបន្ដិចបន្តួច មិនអាចយកឈ្នះលើសត្រូវនៃព្រះអម្ចាស់បាន ?
-
តើឧទាហរណ៍ពីរបៀបដែលប្រជាជនអាចទទួលបានជ័យជំនះ លើសត្រូវរបស់ព្រះដោយការព្យាយាមគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មានអ្វីខ្លះ ? ( ឧទាហរណ៍អាចរួមមានមនុស្សដែលបានទទួលកម្លាំងពីព្រះអម្ចាស់ឲ្យយកឈ្នះលើការញៀនតាមរយៈការស្ដាប់បង្គាប់ ឬ រស់នៅតាមដំណឹងល្អបន្ទាប់ពីបានរស់នៅតាមរបៀបលោកិយ ) ។
អ្នកអាចនឹងចង់ពន្យល់ថា នៅពេលយើងមិនអាចគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឲ្យបានឥតខ្ចោះ តែបើយើងព្យាយាមស្ដាប់តាមទ្រង់ ហើយប្រែចិត្តដោយស្មោះនៅពេលដែលយើងទន់ខ្សោយ នោះព្រះអម្ចាស់នឹងជួយយើងឲ្យយកឈ្នះលើសត្រូវរបស់ទ្រង់ ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីគោលការណ៍មួយដែលពួកគេអាចចាប់ផ្ដើមធ្វើតាម « ចាប់ពីម៉ោងនេះទៅ » ដើម្បីឲ្យបានស្ដាប់ឮការទូន្មានរបស់ព្រះអម្ចាស់កាន់តែប្រសើរ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១១-២០ ដោយពន្យល់ថា ព្រះអម្ចាស់បានសន្យានឹងពួកបរិសុទ្ធថា បន្ទាប់ពីការរងទុក្ខរបស់ពួកគេ ទីក្រុងស៊ីយ៉ូននឹងត្រូវបានប្រោសលោះ ដោយព្រះចេស្ដារបស់ទ្រង់ ។ ប៉ុន្តែ បើពួកបរិសុទ្ធបំពុលមរតករបស់ខ្លួន នោះមរតកទាំងឡាយនឹងត្រូវដកចេញពីពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២១-៤០
ព្រះអម្ចាស់បានបើកសម្ដែងពីរបៀបដែលទីក្រុងស៊ីយ៉ូនត្រូវបានប្រោសលោះ
មុនពេលចាប់ផ្ដើមថ្នាក់ សូមធ្វើស្លាកមួយដែលសរសេរថា ត្រូវការអ្នកស្ម័គ្រចិត្ត ! សូមបង្ហាញវានៅកន្លែងដែលសិស្សអាចមើលឃើញ ។ បន្ថែមពីលើនោះ សូមរៀបចំ ការប្រកាស ដូចខាងក្រោមនៅលើក្រដាសមួយផ្ទាំង ៖
ត្រូវការអ្នកស្ម័គ្រចិត្ត ! ពួកបរិសុទ្ធនៅឃុំ ចាកសុន រដ្ឋ មិសសួរី ត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លីរបស់ខ្លួន ដោយពួកមនុស្សកំណាចដែលគ្មានមេត្តា ។ សូមចូលរួមក្នុងការសង្គ្រោះដល់ពួកបរិសុទ្ធទាំងនេះ ហើយជួយការពារពួកគេខណៈដែលពួកគេទទួលបាន និងរក្សាដីរបស់ពួកគេនៅក្នុងទីក្រុងស៊ីយ៉ូនវិញ ។ ចាកចេញពីទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ១៨៣៤ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២១-២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានណែនាំពួកអ្នកដឹកនាំសាសនាចក្រឲ្យធ្វើដើម្បីប្រោសលោះដីនៃទីក្រុងស៊ីយ៉ូន ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សឈរនៅជិតស្លាកដែលសរសេរថា ត្រូវការអ្នកស្ម័គ្រចិត្ត ! សូមផ្ដល់ឲ្យសិស្សនូវសេចក្ដីប្រកាសដែលអ្នកបានរៀបចំមុនចាប់ផ្តើមថ្នាក់ ហើយសូមឲ្យគេអានវាឮៗ ។ បន្ទាប់មក សូមសួរសិស្សក្នុងថ្នាក់នូវសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា អ្នកនឹងស្ម័គ្រចិត្តទៅឃុំ ចាកសុន ដើម្បីជួយពួកបរិសុទ្ធឬទេ ? តើហេតុអ្វីបានជាអ្នកស្ម័គ្រចិត្តទៅ ឬ មិនទៅ ?
សូមពន្យល់ថា បុរសមួយក្រុមដែល យ៉ូសែប ស៊្មីធបានដឹកនាំទៅរដ្ឋ មិសសួរី ត្រូវបានស្គាល់ថាជាជំរុំស៊ីយ៉ូន ។ ( អ្នកអាចពន្យល់ថា ជំរុំ ជាពាក្យម្យ៉ាងទៀតសម្រាប់កងទ័ព [ សូមមើល Noah Webster, វចនានុក្រមអាមេរិក នៃភាសាអង់គ្លេស, ច្បាប់ចម្លងនៃការបោះពុម្ពលើកទីមួយ (ឆ្នាំ ១៨២៨; repr.,ឆ្នាំ ១៩៦៧ ), ពាក្យ « ជំរុំ » ] ) ។ សមាជិកភាពជំរុំស៊ីយ៉ូន មានគោលបំណងសំខាន់ពីរ ។ ទីមួយ ពួកគេត្រូវនាំយកធនធានទៅឲ្យពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដើម្បីផ្ដល់ការជួយសង្គ្រោះ និងជួយឲ្យពួកគេត្រឡប់ទៅផ្ទះសម្បែងគេវិញ ហើយទិញដីបន្ថែមទៀត ។ ទីពីរ ដូចដែលបានអនុញ្ញាតដោយ ដានីយ៉ែល ដាក់គ្លីន ជាអភិបាលរដ្ឋ មិសសួរី ថាឲ្យសមាជិកជំរុំស៊ីយ៉ូននៅជួយរក្សាសណ្ដាប់ធ្នាប់ និងភាពសុខសាន្តនៅទីនោះ បន្ទាប់ពីកងជីវពលរដ្ឋ មិសសួរី បានអមដំណើរពួកបរិសុទ្ធទៅឃុំ ចាកសុន វិញ ។
-
បើអ្នកជាសមាជិកនៃសាសនាចក្រនៅពេលនោះ តើអ្នកមានការព្រួយបារម្ភអ្វីខ្លះ អំពីការស្ម័គ្រចិត្តចូលរួមជំរុំស៊ីយ៉ូន ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៣:២០ ដោយស្ងាត់ស្ងៀម ។
-
តើការសន្យានៅក្នុងខគម្ពីរនេះ មានឥទ្ធិពលលើការសម្រេចចិត្ត ក្នុងការស្ម័គ្រចិត្តរបស់អ្នក យ៉ាងដូចម្ដេច ?
សូមពន្យល់ថា ការចូលរួមក្នុងជំរុំស៊ីយ៉ូន តម្រូវឲ្យចាកចោលក្រុមគ្រួសារ និងទំនួលខុសត្រូវការងារ ត្រូវដើរជាក្បួនចម្ងាយប្រហែល ១៤៥០ គីឡូម៉ែត្រ ក្នុងស្ថានភាពនឿយហត់ជាខ្លាំងទៅក្នុងបរិស្ថានដែលពេញដោយសត្រូវ និងគ្រោះថ្នាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២៧-២៨ ឲ្យឮៗ ។ សូមសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកអ្នកដែលនឹងចូលរួមក្នុងជំរុំស៊ីយ៉ូន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថាឃ្លា « ប្ដូរជីវិតរបស់ខ្លួនដោយយល់ដល់ព្រះនាមរបស់យើង » មានន័យយ៉ាងណា ?
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់ហៅនរណាដែលព្រមប្ដូរជីវិតរបស់ខ្លួនដោយយល់ដល់ព្រះនាមព្រះអម្ចាស់ដូចម្ដេច ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមប្ដូរជីវិតរបស់ខ្លួនដោយយល់ដល់ព្រះនាមរបស់ទ្រង់) ។
សូមចង្អុលបង្ហាញថា សម្រាប់ពួកបរិសុទ្ធទៅក្នុងជំរុំស៊ីយ៉ូន ឱកាសនៃការស្លាប់គឺពិតប្រាកដ ។ ខណៈដែលយើងមិនជួបប្រទះនឹងគ្រោះថ្នាក់ដូចគ្នានោះ សេចក្ដីពិតនេះនៅតែអនុវត្តចំពោះយើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន សេចក្ដីថ្លែងការណ៍ខាងក្រោម,ដែលបានថ្លែងដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកវិធីមួយដែលយើងអាច ប្ដូរជីវិតរបស់យើងដោយយល់ដល់ព្រះនាមរបស់ទ្រង់ ។
« សម្រាប់យើងភាគច្រើន … អ្វីដែលតម្រូវឲ្យយើងធ្វើមិនមែនជា ការស្លាប់ដើម្បីសាសនាចក្រនោះទេ ប៉ុន្តែត្រូវ រស់នៅដើម្បីសាសនាចក្រវិញ ។ សម្រាប់មនុស្សជាច្រើន ការរស់នៅដូចជាព្រះយេស៊ូវជារៀងរាល់ថ្ងៃ អាចមានការលំបាក ជាងការប្ដូរជីវិតខ្លួនទៅទៀត » (Discipleship » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២២ ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា វាមានការលំបាកក្នុងការរស់នៅដើម្បីព្រះអម្ចាស់ ជាងការស្លាប់ដើម្បីទ្រង់ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:៣០-៣៤ ដោយស្ងាត់ស្ងៀម រកមើលថាព្រះអម្ចាស់មានព្រះទ័យចង់បានអ្នកស្ម័គ្រចិត្តចូលក្នុងជំរុំស៊ីយ៉ូនប៉ុន្មាននាក់ ។
-
តើព្រះអម្ចាស់មានព្រះទ័យចង់បានអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់ ? (៥០០ នាក់)។ តើចំនួនអប្បបរមាដែលព្រះអម្ចាស់ចង់បានមានប៉ុន្មាន ? (១០០ នាក់ ) ។
សូមពន្យល់ថា នៅទីបញ្ចប់នៃការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ ដែលពួកអ្នកដឹកនាំសាសនាចក្របានពិភាក្សាពីស្ថានភាពរបស់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា លោកនឹងធ្វើដំណើរទៅទីក្រុងស៊ីយ៉ូន ហើយជួយប្រោសលោះវា ។ មានបុរសប្រហែល ៣០ ឬ៤០នាក់ដែលមានវត្តមានក្នុងការប្រជុំនោះ ក៏បានស្ម័គ្រចិត្តដែរ ។ បន្ទាប់មកព្រះអម្ចាស់បានចាត់បុរស ៨ នាក់ឲ្យទៅតាមក្រុមជំនុំរបស់សាសនាចក្រទាំងមូល ដើម្បីប្រមូលផ្ដុំអ្នកស្ម័គ្រចិត្តសម្រាប់ជំរុំស៊ីយ៉ូន ហើយដើម្បីស្វែងរកការបរិច្ចាកជាគ្រឿងបរិភោគ និងថវិការសម្រាប់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ( សូមមើល គ. និង ស. ១០៣:៣៧–៤០ ) ។ មនុស្សប្រហែល ២០០ នាក់ បានទៅជាមួយជំរុំស៊ីយ៉ូន រួមទាំងស្រ្តី និងកុមារមួយចំនួនផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:៣៥-៣៦ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់ពីអ្វីដែលពួកបរិសុទ្ធត្រូវធ្វើ ដើម្បីទទួលបានជោគជ័យក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រោសលោះទីក្រុងស៊ីយ៉ូន ។
-
ស្របតាមការសន្យារបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ តើគោលការណ៍អ្វីដែលយើងអាចរៀនអំពីរបៀបដែលយើងអាចទទួលបានអស់ទាំងជ័យជំនះ និងសិរីល្អ ? ( សិស្សគួរតែប្រាប់គោលការណ៏ដូចខាងក្រោម ៖ អស់ទាំងជ័យជំនះ និងសិរីល្អត្រូវបានធ្វើឲ្យសម្រេចដល់យើង តាមរយៈការឧស្សាហ៍ ការស្មោះត្រង់ និងការអធិស្ឋានដោយសេចក្ដីជំនឿរបស់យើង ) ។
សូមថ្លែងទីបន្ទាល់ថា យើងនឹងទទួលបានជ័យជំនះលើសត្រូវរបស់ព្រះអម្ចាស់ បើយើងព្យាយាមដោយឧស្សាហ៍ ហើយគោរពតាមព្រះបន្ទូលរបស់ព្រះដោយស្មោះត្រង់ ។ សូមលើកទឹកចិត្តឲ្យសិស្សអនុវត្តអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ របស់ពួកគេ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ « ពីម៉ោងនេះទៅ » ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣ ។ ដានីយ៉ែល ដាក់គ្លីន ជាអភិបាលរដ្ឋ មិសសួរី
កាលពួកបរិសុទ្ធស៊ូទ្រាំនឹងពួកសត្រូវដែលប្រឆាំងនឹងពួកមរមននៅរដ្ឋ មិសសួរី ក្នុងឆ្នាំ ១៨៣៣ និង១៨៣៤ អ្នកដឹកនាំសាសនាចក្របានស្វែងរកជំនួយពីរដ្ឋ និងអ្នកដឹកនាំរដ្ឋាភិបាលម្ដងហើយម្ដងទៀត រួមទាំងពីសំណាក់លោក ដានីយ៉ែល ដាក់គ្លីន ជាអភិបាលរដ្ឋ មិសសួរី ផងដែរ ។ អភិបាល ដាក់គ្លីន បានផ្ដល់ជំនួយតិចតួចដើម្បីឆ្លើយតបទៅនឹងសំណើរបស់ពួកបរិសុទ្ធ ។ នៅខែ តុលា ឆ្នាំ ១៨៣៣ លោកបានណែនាំឲ្យអ្នកដឹកនាំសាសនាចក្រស្វែងរកការកែសាទុក្ខ និងការការពារតាមរយៈតុលាការ នៅឃុំ ចាកសុន ។ លោកបានសន្យាថា បើការប្រឹងប្រែងទាំងនេះបរាជ័យ លោកនឹងប្រើវិធីផ្សេងទៀតដើម្បីជម្រុញការអនុវត្តច្បាប់ ។ ប៉ុន្តែ ការណែនាំរបស់អភិបាល ដាក់គ្លីន បានបង្ហាញថាគ្មានប្រសិទ្ធិភាព និងពិបាកអនុវត្តន៏ ដោយសារមន្ត្រីមួយចំនួនក្នុងសាលាក្ដីនៅឃុំ ចាកសុន ជាមនុស្សនៅក្នុងចំណោមក្រុមដែលព្យាយាមបង្ខំឲ្យពួកបរិសុទ្ធចាកចេញ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៣៤-៣៥ ) ។
នៅចុងរដូវស្លឹងឈើជ្រុះក្នុងឆ្នាំ ១៨៣៣ ពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីឃុំ ចាកសុន ដោយបង្ខំ ។ ពួកគេភាគច្រើន បានរកឃើញជម្រកជាបណ្ដោះអាសន្ននៅឃុំ ក្លេ ជាឃុំជិតខាង ខណៈដែលពួកបរិសុទ្ធផ្សេងទៀតស្វែងរកកន្លែងស្នាក់នៅក្នុងឃុំជិតៗផ្សេងទៀត ។ នៅរដូវផ្ការីកបន្ទាប់ កាលដែលជំរុំស៊ីយ៉ូនត្រូវបានបង្កើតឡើង ហើយចាប់ផ្ដើមការដើរជាក្បួនឆ្ពោះទៅរដ្ឋ មិសសួរី អ្នកដឹកនាំសាសនាចក្របានបន្តស្នើទៅអភិបាល ដាក់គ្លីន សម្រាប់ការធានាថាលោកនឹងផ្ដល់ការគាំទ្រដើម្បីជួយដល់ពួកបរិសុទ្ធឲ្យទទួលបានផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួនវិញ ហើយរស់នៅដោយសុខសាន្តនៅឃុំ ចាកសុន ។ លោកអភិបានបានទទួលស្គាល់ថា ពួកបរិសុទ្ធត្រូវបានចោទប្រកាន់ ហើយលោកក៏ទទួលស្គាល់ថា ក្រុមប្រដាប់អាវុធដែលបញ្ជូនទៅដោយរដ្ឋនោះ ត្រូវជួយពួកមរមនឲ្យទទួលបានដីធ្លីពួកគេដូចដើមវិញ ហើយត្រូវការពារពួកគេ ខណៈពេលដែលតុលាការបានសម្រេច បញ្ចូលបញ្ហានានាតាមច្បាប់ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៣៥–៣៧ ១៤៦ ) ។
ប៉ុន្តែនៅខែ មិថុនា ឆ្នាំ ១៨៣៤ លោកអភិបាល ដាក់គ្លីន បានផ្លាស់ប្ដូរគំនិត ។ លោកបានលើកឡើងថា ការបញ្ជាកងជីវពលនឹងបង្កឲ្យរដ្ឋធ្លាក់ចូលក្នុងសង្គ្រាម ។ ជំនួសឲ្យការផ្ដល់ការគាំទ្រ លោកបានណែនាំពួកបរិសុទ្ធថា ដើម្បីចៀសវាងការបង្ហូរឈាម ពួកគេគួរតែបោះបង់សិទ្ធិរបស់ខ្លួន លក់ដីធ្លី នឹងរើទៅកន្លែងផ្សេងទៀត ។ លោកក៏បានណែនាំពួកគេឲ្យធ្វើសំណើទៅតុលាការម្ដងទៀតដែរ ។ សំណើទាំងនេះ មិនអាចទទួលយកបានសម្រាប់អ្នកដឹកនាំសាសនាចក្រទេ ហើយក្ដីសង្ឃឹមរបស់ពួកគេដែលថា ពួកបរិសុទ្ធអាចត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនដោយសុខសាន្តវិញនោះ បានរលាយសាបសូន្យ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៤៦-៤៧) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១, ១៣ ។ ការប្រោសលោះទីក្រុងស៊ីយ៉ូន
នៅទីបំផុត ការប្រោសលោះទីក្រុងស៊ីយ៉ូន គឺមិនត្រឹមតែដើម្បីទទួលបានកម្មសិទ្ធិដីធ្លីប៉ុណ្ណោះទេ ។ មនុស្សខ្លះបានចាត់ទុកទីក្រុងស៊ីយ៉ូនជាទីកន្លែងដ៏ស្ងប់ស្ងាត់ ដែលទាំងខាងសាច់ឈាម និងខាងសង្គម មុនពេលដែលដែនដីស៊ីយ៉ូនត្រូវបានប្រកាសឡើង ហើយទីក្រុងស៊ីយ៉ូនត្រូវបានសាងសង់ ប្រជាជនរបស់ទ្រង់ត្រូវបានញែកចេញជាបរិសុទ្ធ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ៖
« ស៊ីយ៉ូន គឺជាក្រុងស៊ីយ៉ូនដោយសារតែចរិត លក្ខណៈ និង ភាពស្មោះត្រង់របស់ពលរដ្ឋនៃក្រុងនោះ ។ សូមចងចាំថា ‹ ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិនបើយើងនឹងស្ថាបនាស៊ីយ៉ូននៅក្នុងគេហដ្ឋានសាខា វួដ និង ស្ដេករបស់យើង នោះយើងត្រូវតែចាប់យកបទដ្ឋាននេះ ។ វានឹងចាំបាច់ (១) ដើម្បីមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធទាំងជាបុគ្គល និង ជារួមព្រមទាំង (៣) ដើម្បីមើលថែដល់អ្នកទ័លក្រ និង ទុគ៌ត ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ទើបហេតុការណ៏ទាំងនេះកើតឡើងនោះទេ--ស៊ីយ៉ូន នឹងមកដល់តែពេលដែលការណ៏ទាំងនេះកើតឡើងហើយប៉ុណ្ណោះ » ( Come to Zion » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១៥-១៨ ។ « ការប្រោសលោះនៃទីក្រុងស៊ីយ៉ូន ត្រូវតែកើតឡើងដោយព្រះចេស្ដា »
គោលបំណងរបស់ជំរុំស៊ីយ៉ូន គឺមិនមែនដើម្បីទទួលបានកម្មសិទ្ធិដីធ្លីរបស់ពួកបរិសុទ្ធនៅឃុំ ចាកសុន ដោយអំណាចយោធានោះទេ ទោះបីជាសមាជិកមួយចំនួនជឿថាដូច្នោះក្ដី ។ ពួកគេបានត្រៀមខ្លួនប្រយុទ្ធ បើជីវិតរបស់ពួកគេត្រូវបានគំរាមកំហែង ប៉ុន្តែព្រះអម្ចាស់មិនត្រូវការពឹងផ្អែកលើអំណាចមនុស្ស ដើម្បីប្រោសលោះទីក្រុងស៊ីយ៉ូនឡើយ ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានសរសេរពីព្រះចេស្ដាដែលទីក្រុងស៊ីយ៉ូនត្រូវការដើម្បីឲ្យបានប្រោសលោះ ៖
« ការប្រោសលោះទីក្រុងស៊ីយ៉ូន ត្រូវតែកើតឡើងដោយព្រះចេស្ដា ។ មិនមែនដោយអំណាចអាវុធ និងការបង្ហូរឈាមទេ ប៉ុន្តែដោយព្រះចេស្ដារបស់ព្រះអម្ចាស់ » (Church History and Modern Revelation, វ៉ុលទី ២ [ឆ្នាំ ១៩៥៣], ១:៤៨៤ ) ។
ព្រះអម្ចាស់បានរំឮកពីតួនាទីនៃព្រះចេស្ដារបស់ទ្រង់ ក្នុងការប្រោសលោះទីក្រុងស៊ីយ៉ូន ពេលទ្រង់មានបន្ទូលថាពួកបរិសុទ្ធត្រូវតែ « បាននាំចេញឲ្យរួចពីសេវកភាព ដោយអំណាច និងដោយដៃសណ្ធឹង » ( គ. និង ស. ១០៣:១៧ ) ។ « ដោយដៃសណ្ធឹង » គឺជាពាក្យនិមិត្តសញ្ញាដែល សំដៅទៅព្រះប្រើព្រះចេស្ដារបស់ទ្រង់ ( និមិត្តសញ្ញានៃព្រះហស្តរបស់ទ្រង់ ) ក្នុងនាមនៃរាស្ត្ររបស់ទ្រង់ ។ ពួកបរិសុទ្ធនឹងទទួលបានជ័យជំនះ ក្នុងការប្រោសលោះទីក្រុងស៊ីយ៉ូន មានតែតាមរយៈព្រះចេស្ដារបស់ព្រះ ហើយពួកគេអាចទទួលបានព្រះចេស្ដារបស់ទ្រង់ ដោយការគោរពតាមព្រះបន្ទូលទាំងអស់របស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២៧ ។ « អ្នកណាដែលប្ដូរជីវិតរបស់ខ្លួន ដោយយល់ដល់ព្រះនាមរបស់យើង នោះនឹងបានវិញ »
អែលឌើរ ហ្វែ្រងឃ្លីន ឌី រីឆាដ នៃក្រុមចិតសិបនាក់បានពន្យល់ពីអ្វីដែលនឹងកើតឡើង បើយើងប្ដូរជីវិតរបស់យើងដើម្បីព្រះអង្គសង្រ្គោះនោះ ៖
« វាបានបង្ហាញយ៉ាងជាក់ច្បាស់ថា ពរជ័យអស្ចារ្យជាច្រើនគឺផ្អែកលើការគោរពតាមក្រឹត្យវិន័យដ៏អស់កល្បនៃការលះបង់ ។
« ព្រះសង្គ្រោះបានមានបន្ទូលថា ‹ សូមកុំឲ្យមនុស្សណាខ្លាចនឹងប្ដូរជីវិតរបស់ខ្លួន ដោយយល់ដល់ព្រះនាមរបស់យើងឡើយ អ្នកណាដែលប្ដូរជីវិតរបស់ខ្លួនដោយយល់ ដល់ព្រះនាមរបស់យើង នោះនឹងបានវិញ › ។ ( គ. និង ស. ១០៣:២៧ ) ។
« ដូច្នេះ ការលះបង់ដ៏អស្ចារ្យនៃជីវិតមនុស្សម្នាក់ ត្រូវបានផ្ដល់រង្វាន់ដោយមនុស្សម្នាក់នោះ បានជីវិតមកវិញ ‹ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច › ( គ. និង ស. ៩៨:១៣ ) ។ ( ក្នុង Conference Report ខែមេសា ឆ្នាំ ១៩៦៧ ទំព័រ ៧៥ ) ។