ម៉ូសេ 7

ជំពូក​ទី ៧

(ធ្នូ ១៨៣០)

ហេណុក​បង្រៀន ដឹកនាំ​ប្រជាជន ហើយ​រើ​ភ្នំ​ទាំង​ឡាយ — ទី​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​តាំង​ឡើង — ហេណុក​មើល​ឃើញ​ជាមុន​អំពី​ការ​យាង​មក​នៃ​កូន​មនុស្ស ការ​បូជា​ដ៏​ធួន​របស់​ទ្រង់ និង​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​បរិសុទ្ធ — គាត់​មើល​ឃើញ​ជាមុន​អំពី​ការ​សាង​ឡើង​វិញ ការ​ប្រមូល ការ​យាង​មក​ជា​លើក​ទី​ពីរ និង​ការ​វិល​មក​វិញ​នៃ​ក្រុង​ស៊ីយ៉ូន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​វាចា​ត​ទៅ​ទៀត​ថា ៖ មើល​ចុះ អ័ដាម ជា​ឪពុក​របស់​យើង គាត់​បាន​បង្រៀន​ពី​ការណ៍​ទាំង​នេះ ហើយ​មនុស្ស​ជា​ច្រើន​បាន​ជឿ ហើយ​បាន​ក្លាយ​ជា​កូន​នៃ​ព្រះ ហើយ​មនុស្ស​ជា​ច្រើន​ពុំ​បាន​ជឿ​ទេ ហើយ​បាន​វិនាស​ទៅ​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​កំពុងតែ​រង់ចាំ​ដោយ​ភ័យខ្លាច​ក្នុង​ការ​វេទនា ចំពោះ​សេចក្ដី​គ្នាន់​ក្នាញ់​ដ៏​ឆួល​ឆាប​នៃ​ការ​ពិរោធ​របស់​ព្រះ ដែល​នឹង​ចាក់​មក​លើ​ពួក​គេ។

ហើយ​ចាប់​ពី​ពេល​នោះ​មក ហេណុក​បាន​ចាប់​ផ្ដើម​ព្យាករ ដោយ​ប្រាប់​ទៅ​ប្រជាជន​ថា ៖ កាល​ខ្ញុំ​កំពុងតែ​ធ្វើ​ដំណើរ ហើយ​បាន​ឈរ​នៅ​លើ​កន្លែង​ម៉ាហ៊ូយ៉ា ហើយ​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់ នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​ចេញ​មក​ពី​ស្ថាន​សួគ៌​ថា — ចូរ​អ្នក​បែរ ហើយ​ចូរ​អ្នក​ទៅ​លើ​ភ្នំ​ស៊ីម្មាន​ចុះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ក៏​បែរ ហើយ​ទៅ​លើ​ភ្នំ ហើយ​កាល​ខ្ញុំ​កំពុងតែ​នៅ​លើ​ភ្នំ នោះ​ស្រាប់​តែ​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ត្រូវ​បាន​បំពាក់​ដោយ​សិរី​ល្អ

ហើយ​ខ្ញុំ​មើល​ឃើញ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បាន​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​ខ្ញុំ ដូច​ជា​មនុស្ស​និយាយ​ប្រទល់​មុខ​គ្នា ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មើល ហើយ​យើង​នឹង​បង្ហាញ​ដល់​អ្នក នូវ​លោកិយ​អស់​រយៈ​តំណ​ដ៏​ច្រើន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ច្រក​ភ្នំ​ស៊ុម ហើយ​មើល​ន៏ មាន​ប្រជាជន​ដ៏​ច្រើន​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​ទាំង​ឡាយ ដែល​ជា​ប្រជាជន​ស៊ុម។

ហើយ​ជា​ថ្មី​ទៀត ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មើល ហើយ​ខ្ញុំ​ក៏​មើល​ទៅ​ទិស​ខាង​ជើង ហើយ​ខ្ញុំ​បាន​ឃើញ​ប្រជាជន​កាណាន ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​ទាំង​ឡាយ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ព្យាករ ហើយ​ខ្ញុំ​ក៏​ព្យាករ​ថា ៖ មើល​ចុះ ប្រជាជន​កាណាន ដែល​មាន​ចំនួន​ដ៏​ច្រើន​ឥត​គណនា គេ​នឹង​ចេញ​ទៅ​ដោយ​ប្រុង​ចូល​ច្បាំង​នឹង​ប្រជាជន​ស៊ុម ហើយ​នឹង​ប្រហារ​ពួក​គេ​បង់ ប្រយោជន៍​ឲ្យ​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​សូន្យ​បង់ ហើយ​ប្រជាជន​កាណាន​នឹង​បំបែក​គ្នា​នៅ​លើ​ដែនដី ហើយ​ដែនដី​នឹង​ទៅ​ជា​ស្ងួត​ហួតហែង ហើយ​នឹង​មិន​ឲ្យ​ផល​ឡើយ ហើយ​គ្មាន​មនុស្ស​ផ្សេង​ទៀត​អាច​អាស្រ័យ​នៅ​ទី​នោះ ក្រៅ​ពី​ប្រជាជន​កាណាន​ឡើយ

ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹង​ដាក់​បណ្ដាសា​ដល់​ដែនដី​ដោយ​កម្ដៅ​ដ៏​ខ្លាំង ហើយ​ការ​ស្ងួត​ហួតហែង​នៃ​ទី​នោះ​នឹង​មាន​ជា​រៀង​ដរាប​ត​ទៅ ហើយ​សម្បុរ​ក្រ​ម៉ៅ​បាន​មាន​មក​លើ​អស់​ទាំង​កូន​ចៅ​កាណាន ប្រយោជន៍​ឲ្យ​ពួក​គេ​ត្រូវ​មនុស្ស​ស្អប់​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មើល ហើយ​ខ្ញុំ​ក៏​មើល ហើយ​ខ្ញុំ​បាន​ឃើញ​ដែនដី​សារ៉ុន និង​ដែនដី​ហេណុក និង​ដែនដី​អោមណើរ និង​ដែនដី​ហេណៃ និង​ដែនដី​សិម និង​ដែនដី​ហាណើរ និង​ដែនដី​ហាណាណៃហា និង​អស់​ទាំង​បណ្ដាជន​នៅ​ទី​នោះ​ផង

១០ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ទៅ​រក​ប្រជាជន​នេះ​ចុះ ហើយ​ប្រាប់​ទៅ​គេ​ថា — ចូរ​ប្រែ​ចិត្ត​ចុះ ក្រែង​យើង​ចេញ​មក ហើយ​វាយ​ពួក​គេ​ដោយ​សេចក្ដី​បណ្ដាសា ហើយ​ពួក​គេ​ស្លាប់​ទៅ។

១១ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជ​បុត្រា ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​ចេះតែ​ហៅ​អស់​ទាំង​ប្រជាជន​ត​ទៅ​ទៀត ឲ្យ​ប្រែ​ចិត្ត លើក​លែងតែ​ប្រជាជន​កាណាន​ប៉ុណ្ណោះ។

១៣ហើយ​សេចក្ដី​ជំនឿ​របស់​ហេណុក​គឺ​ធំ​ណាស់​ហ្ន៎ ដែល​គាត់​បាន​ដឹកនាំ​ប្រជាជន​នៃ​ព្រះ ហើយ​ពួក​ខ្មាំងសត្រូវ​របស់​គេ​បាន​មក​ធ្វើ​ចម្បាំង​ប្រឆាំង​នឹង​ពួក​គេ ហើយ​គាត់​បាន​ពោល​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ហើយ​ផែនដី​ក៏​កក្រើក ហើយ​ភ្នំ​ទាំង​ឡាយ​រត់​ចេញ គឺ​ស្រប​តាម​បញ្ជា របស់​គាត់ ហើយ​ទន្លេ​ដែល​មាន​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បែរ​ចេញ​ពី​ដំណើរ​វា ហើយ​សូរ​សិង្ហ​គ្រហឹម​បាន​ឮ​ចេញ​ពី​ទី​រហោស្ថាន ហើយ​សាសន៍​ទាំង​អស់​បាន​ភ័យខ្លាច​ជា​ខ្លាំង ព្រោះ​ពាក្យ​សំដី​របស់​ហេណុក​មាន​អានុភាព​ណាស់ ហើយ​អំណាច​ខាង​ភាសា​ដែល​ព្រះ​ទ្រង់​បាន ប្រទាន​ដល់​គាត់ នោះ​ធំ​ដ៏​ក្រៃលែង។

១៤ក៏​មាន​ដី​ផុស​ឡើង​ចេញ​ពី​ជម្រៅ​សមុទ្រ​មក ហើយ​ការ​ភ័យខ្លាច​របស់​ពួក​ខ្មាំងសត្រូវ​នៃ​ប្រជាជន​នៃ​ព្រះ នោះ​ធំ​ដ៏​ក្រៃលែង ដែល​ពួក​គេ​បាន​រត់ ហើយ​ឈរ​ពី​ចម្ងាយ ហើយ​បាន​ឡើង​ទៅ​លើ​ដែនដី ដែល​បាន​ផុស​ឡើង​មក​ពី​ជម្រៅ​សមុទ្រ។

១៥ហើយ​ពួក​មនុស្ស​រូប​ធំ​សម្បើម​នៃ​ដែនដី គេ​ក៏​ឈរ​ពី​ចម្ងាយ ហើយ​មាន​សេចក្ដី​បណ្ដាសា​មួយ​បាន​ចេញ​ទៅ​លើ​ប្រជាជន​ទាំង​អស់ ដែល​បាន​ប្រឆាំង​នឹង​ព្រះ

១៦ហើយ​ចាប់​ពី​ពេល​នោះ​មក ក៏​មាន​សង្គ្រាម និង​ការ​កំចាយ​ឈាម​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​គេ ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក ហើយ​គង់នៅ​ជាមួយ​នឹង​រាស្ត្រ​ទ្រង់ ហើយ​ពួក​គេ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត។

១៧ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ពី​ព្រះ​អម្ចាស់​នោះ​មាន​មក​លើ​អស់​ទាំង​សាសន៍ សិរី​ល្អ​របស់​ព្រះ​អម្ចាស់​គឺ​ធំ​ដ៏​អស្ចារ្យ ដែល​មាន​មក​លើ​រាស្ត្រ​ទ្រង់។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ដែនដី ហើយ​ពួក​គេ​បាន​ពរ​នៅ​លើ​ភ្នំ​ទាំង​ឡាយ និង​នៅ​លើ​ទី​ខ្ពស់​ទាំង​ឡាយ ហើយ​បាន​លូតលាស់។

១៨ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា « ស៊ីយ៉ូន » ពី​ព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ ហើយ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ។

១៩ហើយ​ហេណុក​បាន​បន្ត​ការ​ផ្សាយ​របស់​គាត់​ដល់​រាស្ត្រ​នៃ​ព្រះ ក្នុង​សេចក្ដី​សុចរិត។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ជំនាន់​គាត់ នោះ​គាត់​បាន​សង់​ទី​ក្រុង​មួយ ដែល​បាន​ហៅថា ទី​ក្រុង​នៃ​បរិសុទ្ធ​ភាព គឺ​ក្រុង​ស៊ីយ៉ូន។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​ទូល​ជាមួយ​ព្រះ​អម្ចាស់ ហើយ​គាត់​បាន​ទូល​ទៅ​ព្រះ​អម្ចាស់​ថា ៖ ស៊ីយ៉ូន ច្បាស់​ជា​នឹង​បាន​រស់នៅ​ដោយ​សុខ​ជា​រៀង​ដរាប​ត​ទៅ។ ប៉ុន្តែ​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ យើង​នឹង​ប្រទាន​ពរ​ដល់​ស៊ីយ៉ូន ប៉ុន្តែ​យើង​បាន​ដាក់​បណ្ដាសា​ដល់​មនុស្ស​ដែល​សល់​ទាំង​ប៉ុន្មាន​វិញ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ហេណុក​នូវ​អស់​ទាំង​បណ្ដាជន​នៃ​ផែនដី ហើយ​គាត់​បាន​ឃើញ ហើយ​មើល​ន៏ ក្រោយ​មក ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​យក​ទៅ​លើ​ស្ថាន​សួគ៌។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក ថា ៖ មើល​ចុះ គឺជា​ទីលំនៅ​របស់​យើង​ជានិច្ច។

២២ហើយ​ហេណុក​ក៏​បាន​ឃើញ​មនុស្ស ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​ជា​ពួក​កូន​ប្រុស​នៃ​អ័ដាម ហើយ​ពួក​គេ​គឺជា​ពូជ​លាយឡំ​គ្នា ពី​ពូជ​អ័ដាម​ទាំង​អស់ ក្រៅ​ពី​ពូជ​កាអ៊ីន ត្បិត​ពូជ​កាអ៊ីន​មាន​សម្បុរ​ខ្មៅ ហើយ​គ្មាន​កន្លែង​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ។

២៣ហើយ​បន្ទាប់​ពី​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​យក​ទៅ​លើ​ស្ថាន​សួគ៌ នោះ​ហេណុក​បាន​ឃើញ ហើយ​មើល​ន៏ គ្រប់​អស់​ទាំង​សាសន៍​នៅ​លើ​ផែនដី​ក៏​នៅ​ចំពោះ​គាត់

២៤ហើយ​ក៏​មាន​តំណ​មនុស្ស​តាម​តំណ​មនុស្ស ហើយ​ហេណុក​នៅ​ទី​ខ្ពស់ ហើយ​បាន​លើក​ឡើង គឺ​ទៅ​ក្នុង​ព្រះ​ឱរា​នៃ​ព្រះ​វរបិតា និង​កូន​មនុស្ស ហើយ​មើល​ចុះ អំណាច​នៃ​អារក្ស​សាតាំង​មាន​នៅ​ពាស​ពេញ​លើ​ផ្ទៃ​ផែនដី។

២៥ហើយ​គាត់​បាន​ឃើញ​ពួក​ទេវតា​កំពុងតែ​ចុះ​ពី​ស្ថាន​សួគ៌​មក ហើយ​គាត់​បាន​ឮ​សំឡេង​ដ៏​ខ្លាំង​ពោល​ថា ៖ វេទនា វេទនា​ដល់​បណ្ដាជន​នៅ​លើ​ផែនដី។

២៦ហើយ​គាត់​ក៏​បាន​ឃើញ​អារក្ស​សាតាំង ហើយ​វា​មាន​ច្រវាក់​ដ៏​ធំ​នៅ​ដៃ​វា ហើយ​វា​គ្រប​ដណ្ដប់​ផ្ទៃ​ផែនដី​ទាំង​មូល​ដោយ​សេចក្ដី​ងងឹត ហើយ​វា​បាន​ងើបមុខ​ឡើង ហើយ​សើច ហើយ​ពួក​ទេវតា​របស់​វា​ក៏​អរ​សប្បាយ។

២៧ហើយ​ហេណុក​បាន​ឃើញ​ពួក​ទេវតា​កំពុងតែ​ចុះ​ពី​ស្ថាន​សួគ៌​មក ដោយ​ធ្វើ​ទី​បន្ទាល់​ពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​មនុស្ស​ជា​ច្រើន ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ក្រុង​ស៊ីយ៉ូន ដោយ​ព្រះ​ចេស្ដា​ទាំង​ឡាយ​នៃ​ស្ថាន​សួគ៌។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​នៃ​ស្ថាន​សួគ៌ ទ្រង់​បាន​ទត​មើល​មក​លើ​មនុស្ស ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ព្រះ​កន្សែង ហើយ​ហេណុក​បាន​ធ្វើ​ទី​បន្ទាល់​អំពី​ការណ៍​នោះ ដោយ​ពោល​ថា ៖ ម្ដេច​ឡើយ​ក៏​ស្ថាន​សួគ៌​យំ ហើយ​ស្រក់​ទឹកភ្នែក​ដូច​ជា​ទឹក​ភ្លៀង​ស្រក់​លើ​ភ្នំ​ទាំង​ឡាយ​ដូច្នោះ?

២៩ហើយ​ហេណុក​បាន​ទូល​ទៅ​ព្រះ​អម្ចាស់​ថា ៖ ម្ដេច​ឡើយ​ក៏​ទ្រង់​ព្រះ​កន្សែង ដោយ​ឃើញ​ថា​ព្រះ​អង្គ​បរិសុទ្ធ ហើយ​ពី​អស់​ទាំង​ភាព​អស់​កល្ប​ទៅ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ដូច្នោះ?

៣០ហើយ​ទោះ​បី​ជា​មនុស្ស​អាច​រាប់​ចុណ្ណភាព​ទាំង​ឡាយ​នៃ​ផែនដី មែន​ហើយ គឺ​ផែនដី​រាប់​លាន​ដូច​ផែនដី​នេះ គង់តែ​ពុំ​មែន​ជា​ការ​ចាប់​ផ្ដើម​នូវ​ចំនួន​នៃ​ការ​បង្ក​បង្កើត​របស់​ទ្រង់​ដែរ ហើយ​វាំងនន​របស់​ទ្រង់​នៅ​តែ​លាត​ទៅ​ទៀត ហើយ​ទោះ​ជា​យ៉ាង​នោះ​ក្ដី គង់តែ​ទ្រង់ គង់នៅ​ទី​នោះ ហើយ​ឧរា​ព្រះ​អង្គ​ក៏​គង់នៅ​ទី​នោះ​ដែរ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​យុត្តិធម៌ ព្រះ​អង្គ​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា ហើយ​សប្បុរស​ជានិច្ច

៣១ហើយ​ព្រះ​អង្គ​ទ្រង់​បាន​យក​ក្រុង​ស៊ីយ៉ូន​ទៅ​ឯ​ឧរា​របស់​ទ្រង់​ផ្ទាល់ ចេញ​ពី​អស់​ទាំង​ការ​បង្ក​បង្កើត​របស់​ទ្រង់ ចេញ​ពី​អស់​ទាំង​ភាព​អស់​កល្ប​ទៅ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ហើយ​គ្មាន​អ្វី​ឡើយ ក្រៅ​ពី​សេចក្ដី​សុខសាន្ត សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​ពិត​ដែល​ជា​ទី​លំ​នៅ​នៃ​បល្ល័ង្ក​ទ្រង់ ហើយ​សេចក្ដី​មេត្តាករុណា​នឹង​ចេញ​ទៅ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ទ្រង់ ហើយ​គ្មាន​ចុង​បំផុត​ឡើយ ម្ដេច​ឡើយ​ក៏​ទ្រង់​ព្រះ​កន្សែង​ដូច្នោះ?

៣២ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ មើល​ចុះ នេះ​គឺជា​ពួក​បង​ប្អូន​របស់​អ្នក ពួក​គេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​ចំណេះវិជ្ជា​ដែល​គេ​មាន នៅ​ថ្ងៃ​ដែល​យើង​បាន​បង្កើត​គេ​មក ហើយ​នៅ​ក្នុង​សួនច្បារ​អេដែន នោះ​យើង​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​មនុស្ស

៣៣ហើយ​ដល់​ពួក​បង​ប្អូន​របស់​អ្នក នោះ​យើង​បាន​មាន​បន្ទូល ហើយ​ទាំង​ប្រទាន​បញ្ញត្តិ​មួយ​ថា ពួក​គេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា​ពួក​គេ​ត្រូវ​រើស​យើង​ជា​ព្រះ​វរបិតា​របស់​គេ ប៉ុន្តែ​មើល​ចុះ ពួក​គេ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ហើយ​ពួក​គេ​ស្អប់​ឈាម​ខ្លួន​ឯង​ទៅ​វិញ

៣៤ហើយ​ភ្លើង​នៃ​សេចក្ដី​គ្នាន់​ក្នាញ់​របស់​យើង​ក៏​ឆួល​ឆាប​ឡើង​ទាស់​នឹង​ពួក​គេ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រា​ហាយ​របស់​យើង នោះ​យើង​នឹង​ចាត់​ឲ្យ​ទឹក​ជន់​មក​លើ​គេ ត្បិត​សេចក្ដី​ខ្ញាល់​ដ៏​ក្ដៅ​របស់​យើង​បាន​ឆេះ​ឡើង​ទាស់​នឹង​ពួក​គេ​ហើយ។

៣៥មើល​ចុះ យើង​ជា​ព្រះ មនុស្ស​នៃ​បរិសុទ្ធ​ភាព គឺជា​ព្រះ​នាម​របស់​យើង មនុស្ស​នៃ​ដំបូន្មាន គឺជា​ព្រះ​នាម​របស់​យើង ហើយ​គ្មាន​ទី​បញ្ចប់ និង​អស់​កល្ប​ជានិច្ច គឺជា​ព្រះ​នាម​របស់​យើង​ដែរ។

៣៦ហេតុ​ដូច្នោះ​ហើយ យើង​អាច​លាត​ព្រះ​ហស្ត​យើង ហើយ​កាន់​អស់​ទាំង​ការ​បង្ក​បង្កើត​ដែល​យើង​បាន​ធ្វើ​មក ហើយ​ព្រះ​នេត្រ​របស់​យើង​ក៏​អាច​ទំ​លុះ​របស់​ទាំង​នោះ​បាន​ដែរ ហើយ​នៅ​ក្នុង​ចំណោម​អស់​ទាំង​ផល​នៃ​ដៃ​របស់​យើង នោះ​ពុំ​ដែល​មាន​អំពើ​ទុច្ចរិត​ដ៏​ធំ​ម្ល៉េះ ឡើយ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​អ្នក។

៣៧ប៉ុន្តែ​មើល​ចុះ អំពើ​បាប​ទាំង​ឡាយ​របស់​គេ​នឹង​ត្រូវ​មក​លើ​ក្បាល​នៃ​ពួក​ឪពុក​គេ អារក្ស​សាតាំង​នឹង​ទៅ​ជា​ឪពុក​របស់​គេ ហើយ​សេចក្ដី​ទុក្ខ​វេទនា​នឹង​ទៅ​ជា​ទោស​របស់​គេ ហើយ​ស្ថាន​សួគ៌​ទាំង​មូល​នឹង​យំ​ដោយ​ព្រោះ​ពួក​គេ គឺ​ចំពោះ​អស់​ទាំង​ផល​នៃ​ដៃ​របស់​យើង​ផង ហេតុ​ដូច្នោះ​ហើយ តើ​មិន​ឲ្យ​ស្ថាន​សួគ៌​យំ​ទេ​ឬ​អី ដោយ​ឃើញ​ថា​មនុស្ស​ទាំង​នេះ​នឹង​រង​ទុក្ខ?

៣៨ប៉ុន្តែ​មើល​ចុះ មនុស្ស​ទាំង​នេះ​ដែល​ព្រះ​នេត្រ​យើង​ទត​មក​លើ នោះ​នឹង​វិនាស​បង់​នៅ​ក្នុង​ទឹកជំនន់ ហើយ​មើល​ចុះ យើង​នឹង​បិទ​គេ​ចេញ ហើយ​មាន​គុក​មួយ​ដែល​យើង​បាន​រៀបចំ​សម្រាប់​ពួក​គេ។

៣៩ហើយ​រីឯ​អ្នក​ដែល​យើង​បាន​រើស នោះ​បាន​អង្វរ​ចំពោះ​ព្រះ​ភក្ត្រ​យើង។ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​នឹង​រង​ទុក្ខ​ជំនួស​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ ដរាបណា​ពួក​គេ​ប្រែ​ចិត្ត នៅ​ថ្ងៃ​ដែល​អ្នក​ជម្រើស​របស់​យើង​នឹង​វិល​មក​យើង​វិញ ហើយ​រហូត​ដល់​ថ្ងៃ​នោះ នោះ​ពួក​គេ​នឹង​រង​ទោស

៤០ហេតុ​ដូច្នោះ​ហើយ ដោយ​ព្រោះ​ហេតុ​នេះ​ហើយ បាន​ជា​ស្ថាន​សួគ៌​យំ មែន​ហើយ និង​ចំពោះ​អស់​ទាំង​ផល​នៃ​ដៃ​របស់​យើង​ផង។

៤១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក ហើយ​ប្រាប់​ហេណុក​ពី​កិច្ចការ​ទាំង​អស់​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ ទើប​ហេណុក​បាន​ដឹង ហើយ​សម្លឹង​មើល​អំពើ​ទុច្ចរិត​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​យំ ហើយ​លាតសន្ធឹង​ដៃ​គាត់ ហើយ​ដួង​ចិត្ត​គាត់​រីក​ទូលំទូលាយ​ដូច​ជា​ភាព​ដ៏​អស់​កល្ប​ជានិច្ច ហើយ​គាត់​មាន​ចិត្ត​ក្ដួល​អាណិត ហើយ​គ្រប់​ភាព​អស់​កល្ប​ជានិច្ច​បាន​កក្រើក។

៤២ហើយ​ហេណុក​ក៏​បាន​ឃើញ​ណូអេ និង​គ្រួសារ​របស់​គាត់​ផង ថា​ពូជ​ពង្ស​នៃ​កូន​ប្រុស​ណូអេ​ទាំង​អស់​នឹង​ត្រូវ​បាន​សង្គ្រោះ ដោយ​សេចក្ដី​សង្គ្រោះ​ខាង​សាច់​ឈាម។

៤៣ហេតុ​ដូច្នោះ​ហើយ ហេណុក​បាន​ឃើញ​ថា​ណូអេ​សង់​ទូក​ធំ​មួយ ហើយ​ថា​ព្រះ​អម្ចាស់​ទ្រង់​បាន​ញញឹម​ចំពោះ​ទូក​ធំ​នោះ ហើយ​បាន​កាន់​ដោយ​ព្រះ​ហស្ត​របស់​ទ្រង់​ផ្ទាល់ ប៉ុន្តែ​ចំពោះ​មនុស្ស​ទុច្ចរិត​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ទឹក​ជន់​មក ហើយ​លេប​ពួក​គេ​បាត់​ទៅ។

៤៤ហើយ​កាល​ហេណុក​បាន​ឃើញ​ការណ៍​នេះ នោះ​គាត់​មាន​សេចក្ដី​ល្វីង​ជូរចត់​នៅ​ក្នុង​ព្រលឹង ហើយ​យំ​ដោយ​ព្រោះ​បង​ប្អូន​របស់​គាត់ ហើយ​ទូល​ទៅ​ស្ថាន​សួគ៌​ថា ៖ ទូលបង្គំ​នឹង​មិន​ព្រម​ល្ហើយ​ចិត្ត​ឡើយ ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​លើក ចិត្ត​អ្នក​ឡើង ហើយ​រីករាយ​ចុះ ហើយ​ចូរ​មើល។

៤៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​មើល ហើយ​ចាប់​តាំង​ពី​ណូអេ​មក នោះ​គាត់​បាន​ឃើញ​អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី ហើយ​គាត់​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ថា ៖ តើ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​នៅ​ពេល​ណា? តើ​លោហិត​នៃ​អ្នក​សុចរិត​នឹង​បាន​ច្រូច​នៅ​ពេល​ណា ប្រយោជន៍​ឲ្យ​អស់​អ្នក​ណា​ដែល​ទួញ​សោក អាច​បាន​ញែក​ជា​បរិសុទ្ធ ហើយ​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច?

៤៦ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ គឺ​នឹង​កើត​ឡើង​នៅ​ពេល​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​នៅ​ថ្ងៃ​នៃ​អំពើ​ទុច្ចរិត និង​ការ​សងសឹក។

៤៧ហើយ​មើល​ចុះ ហេណុក​បាន​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស គឺ​នៅ​ក្នុង​សាច់​ឈាម ហើយ​ព្រលឹង​គាត់​បាន​អរ​សប្បាយ​ដោយ​ពោល​ថា ៖ អ្នក​សុចរិត​ត្រូវ​បាន​លើក​ឡើង ហើយ​កូន​ចៀម​ត្រូវ​បាន​ប្រហារ តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​តាម​រយៈ​សេចក្ដី ជំនឿ នោះ​ខ្ញុំ​នៅ​ក្នុង​ឧរា​នៃ​ព្រះ​វរបិតា ហើយ​មើល​ចុះ ស៊ីយ៉ូន​នៅ​ជាមួយ​ខ្ញុំ។

៤៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​មើល​មក​លើ​ផែនដី ហើយ​គាត់​បាន​ឮ​សំឡេង​ចេញ​ពី​ពោះ​ផែនដី​ថា ៖ វេទនា វេទនា​ដល់​ខ្ញុំ ជា​មាតា​មនុស្ស​លោក ខ្ញុំ​ឈឺ​ចាប់ ខ្ញុំ​អស់​កម្លាំង ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​នៃ​កូន​ចៅ​របស់​ខ្ញុំ។ តើ​ដល់​ពេល​ណា​ខ្ញុំ​នឹង​បាន​សម្រាក ហើយ​បាន​សំអាត​ឲ្យ​ជ្រះ​ពី​អំពើ​ស្មោក​គ្រោក ដែល​បាន​ចេញ​ពី​ខ្ញុំ​ទៅ? តើ​ពេល​ណា​ព្រះ​ដ៏​បង្ក​បង្កើត​ខ្ញុំ​នឹង​មក​ញែក​ខ្ញុំ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បាន​សម្រាក ហើយ​ឲ្យ​សេចក្ដី​សុចរិត​នៅ​លើ​មុខ​ខ្ញុំ​បាន​មួយ​រដូវ?

៤៩ហើយ​កាល​ហេណុក​បាន​ឮ​ផែនដី​ថ្ងូរ នោះ​គាត់​ក៏​យំ ហើយ​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ម្ដេច​ក៏​ទ្រង់​មិន​មាន​សេចក្ដី​មេត្តាករុណា​ដល់​ផែនដី​ផង? តើ​ទ្រង់​នឹង​មិន​ប្រទាន​ពរ​ដល់​កូន​ចៅ​ណូអេ​ទេ​ឬ​អី?

៥០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​នៅ​តែ​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ថា ៖ ទូលបង្គំ​សូម​ដល់​ព្រះ​អង្គ ឱ​ព្រះ​អម្ចាស់​អើយ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​ដល់​ណូអេ និង​ពូជ​គាត់​ផង សូម​កុំ​ឲ្យ​ផែនដី​ត្រូវ​ទឹក​លិច​លើ​ទៀត​ឡើយ។

៥១ហើយ​ព្រះ​អម្ចាស់​ទ្រង់​ពុំ​អាច​ទប់​បាន​ឡើយ ហើយ​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ហេណុក ហើយ​បាន​ស្បថ​ដល់​គាត់ ដោយ​ពាក្យ​សំបថ​មួយ​ថា ទ្រង់​នឹង​ទប់​ទឹកជំនន់​ទុក ថា​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​កូន​ចៅ​ណូអេ

៥២ហើយ​ទ្រង់​បាន​ចេញ​បញ្ញត្តិ​មួយ​ដ៏​ឥត​ប្រែប្រួល​បាន​ថា សំណល់​នៃ​ពូជ​របស់​គាត់​នោះ​នឹង​ឃើញ​មាន​នៅ​ក្នុង​អស់​ទាំង​សាសន៍ កាលណា​ផែនដី​នៅ​គង់​វង់

៥៣ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ មាន​ពរ​ហើយ​ដល់​អ្នក​ណា ដែល​ព្រះ​មែស៊ី​នឹង​ចេញ​ពី​ពូជ​គេ​មក ត្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា — យើង​ជា​ព្រះ​មែស៊ី ជា​ស្ដេច​នៃ​ស៊ីយ៉ូន គឺជា​ថ្មដា​នៃ​ស្ថាន​សួគ៌ ដែល​ធំ​អង្វែង​ដូច​ជា​ភាព​អស់​កល្ប​ជានិច្ច អស់​អ្នក​ណា ដែល​ចូល​តាម​ទ្វារ ហើយ​លើក​ដោយ​សារ​យើង នោះ​នឹង​មិនដែល​ធ្លាក់​ឡើយ ហេតុ​ដូច្នោះ​ហើយ មាន​ពរ​ហើយ​ដល់​អស់​អ្នក​ណា​ដែល​យើង​បាន​ពោល​ដល់ ត្បិត​ពួក​គេ​នឹង​ចេញ​មក​ដោយ​ចម្រៀង​នៃ​សេចក្ដី​អំណរ​ដ៏​អស់​កាល​អស់​កល្ប​ជានិច្ច។

៥៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ថា ៖ កាល​កូន​មនុស្ស​យាង​មក​ក្នុង​សាច់​ឈាម នោះ​តើ​ផែនដី​នឹង​បាន​សម្រាក​ឬ? ទូលបង្គំ​សូម​ដល់​ព្រះ​អង្គ សូម​បង្ហាញ​ការណ៍​ទាំង​នេះ​ដល់​ទូលបង្គំ​ផង។

៥៥ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​មើល ហើយ​គាត់​ក៏​មើល ហើយ​បាន​ឃើញ​កូន​មនុស្ស​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង តាម​របៀប​មនុស្ស​លោក។

៥៦ហើយ​គាត់​បាន​ឮ​សំឡេង​ដ៏​ខ្លាំង ហើយ​ស្ថាន​សួគ៌​បិទមុខ ហើយ​របស់​ទាំង​អស់​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ក៏​ទួញ​សោក ហើយ​ផែនដី​ថ្ងូរ ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​បែក ហើយ​ពួក​បរិសុទ្ធ​បាន​ក្រោក​ឡើង ហើយ​ត្រូវ​បាន​បំពាក់​សិរី​ល្អ​ជា​មកុដ នៅ​ខាង​ស្ដាំ​ដៃ​នៃ​កូន​មនុស្ស

៥៧ហើយ​វិញ្ញាណ​ជា​ច្រើន​ដែល​នៅ​ក្នុង​គុក​ក៏​ចេញ​មក​ដែរ ហើយ​ឈរ​នៅ​ខាង​ស្ដាំ​ដៃ​នៃ​ព្រះ ហើយ​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ជាប់​ច្រវាក់​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត រហូត​ដល់​សេចក្ដី​ជំនុំ​ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ។

៥៨ហើយ​ជា​ថ្មី​ទៀត ហេណុក​បាន​យំ ហើយ​អំពាវនាវ​ទៅ​ព្រះ​អម្ចាស់​ថា ៖ តើ​ដល់​ពេល​ណា​ទៅ​ផែនដី​នឹង​បាន​សម្រាក?

៥៩ហើយ​ហេណុក​បាន​ឃើញ​កូន​មនុស្ស​យាង​ឡើង​ទៅ​ឯ​ព្រះ​វរបិតា ហើយ​គាត់​បាន​ទូល​ទៅ​ព្រះ​អម្ចាស់​ថា ៖ តើ​ព្រះ​អង្គ​នឹង​មិន​យាង​មក​ផែនដី​ទៀត​ទេ​ឬ​អី? ដរាបណា​ព្រះ​អង្គ​ទ្រង់​ជា​ព្រះ ហើយ​ទូលបង្គំ​ស្គាល់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​បាន​ស្បថ​នឹង​ទូលបង្គំ ហើយ​បាន​បញ្ជា​ដល់​ទូលបង្គំ​ថា ទូលបង្គំ​ត្រូវ​សូម​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ព្រះ​អង្គ​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក ហើយ​បាន​ប្រទាន​ដល់​ទូលបង្គំ​ឲ្យ​មាន​សិទ្ធិ​ចំពោះ​បល្ល័ង្ក​ទ្រង់ ហើយ​ពុំ​មែន​ដោយ​សារ​ខ្លួន​ទូលបង្គំ​ទេ ប៉ុន្តែ​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​អង្គ​វិញ ហេតុ​ដូច្នោះ​ហើយ ទូលបង្គំ​សូម​សួរ​ដល់​ព្រះ​អង្គ​ថា តើ​ទ្រង់​នឹង​មិន​យាង​មក​ផែនដី​ទៀត​ទេ​ឬ​អី។

៦០ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ដរាបណា​យើង​មាន​ព្រះ​ជន្ម​រស់នៅ នោះ​យើង​ក៏​នឹង​យាង​មក នៅ​គ្រា​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ថ្ងៃ​នៃ​អំពើ​ទុច្ចរិត និង​ការ​សងសឹក ដើម្បី​បំពេញ​សម្បថ​ដែល​យើង​បាន​ធ្វើ​ដល់​អ្នក​អំពី​កូន​ចៅ​ណូអេ

៦១ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​ផែនដី​នឹង​បាន​សម្រាក ប៉ុន្តែ​មុន​ថ្ងៃ​នោះ​មក​ដល់ នោះ​ផ្ទៃ​មេឃ​នឹង​ទៅ​ជា​ងងឹត ហើយ​វាំងនន​នៃ​សេចក្ដី​ងងឹត​នឹង​គ្រប​ដណ្ដប់​លើ​ផែនដី ហើយ​ផ្ទៃ​មេឃ​នឹង​ញាប់​ញ័រ ហើយ​ព្រម​ទាំង​ផែនដី​ផង​ដែរ ហើយ​នឹង​មាន​សេចក្ដី​វេទនា​ដ៏​ធំ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ប៉ុន្តែ​រីឯ​រាស្ត្រ​យើង​វិញ នោះ​យើង​នឹង​រក្សាទុក

៦២ហើយ​រីឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ឯ​សេចក្ដី​ពិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ ដើម្បី​ទៅ​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ពី​ដំណើរ​ដែល​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ មែន​ហើយ គឺ​ពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​លោក​ទាំង​អស់ ហើយ​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោស​ផែនដី ដូច​ជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់​យើង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ឲ្យ​មក​ឯ​កន្លែង​ដែល​យើង​នឹង​រៀបចំ​ទុក គឺជា​ទី​ក្រុង​បរិសុទ្ធ ប្រយោជន៍​ឲ្យ​រាស្ត្រ​យើង អាច​ក្រវាត់​ចង្កេះ​គេ ហើយ​រង់ចាំ​ពេល​នៃ​ការ​យាង​មក​របស់​យើង ត្បិត​ទី​ក្រុង​នោះ នឹង​ទៅ​ជា​រោង ឧបោសថ​របស់​យើង ហើយ​នឹង​ត្រូវ​បាន​ហៅថា « ស៊ីយ៉ូន » ជា​ក្រុង​យេរូសាឡិម​ថ្មី។

៦៣ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ខណៈ​នោះ អ្នក​ហើយ​នឹង​ទី​ក្រុង​របស់​អ្នក​នឹង​ទៅ​ជួប​ពួក​គេ​នៅ​ទី​នោះ ហើយ​យើង​នឹង​ទទួល​យក​ពួក​គេ​មក​ឯ​ឱរា​របស់​យើង ហើយ​ពួក​គេ​នឹង​បាន​ឃើញ​យើង ហើយ​យើង​នឹង​ដួល​ទៅ​លើក​គេ ហើយ​ពួក​គេ​នឹង​ដួល​មក​លើក​យើង ហើយ​យើង​នឹង​ថើប​គ្នា​ទៅ​វិញ​ទៅ​មក

៦៤ហើយ​នោះ​នឹង​ទៅ​ជា​ទីលំនៅ​របស់​យើង ហើយ​នឹង​ត្រូវ​បាន​ហៅថា « ស៊ីយ៉ូន » ដែល​នឹង​ចេញ​មក​ពី​ការ​បង្ក​បង្កើត​ទាំង​អស់ ដែល​យើង​បាន​ធ្វើ​មក ហើយ​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ នោះ​ផែនដី​នឹង​បាន​សម្រាក

៦៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដើម្បី​មក​គង់​នៅ​លើ​ផែនដី​ក្នុង​សេចក្ដី​សុចរិត អស់​រយៈ​ពេល​១​ពាន់​ឆ្នាំ

៦៦ប៉ុន្តែ​មុន​ថ្ងៃ​នោះ​មក​ដល់ នោះ​គាត់​បាន​ឃើញ​មាន​សេចក្ដី​វេទនា​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ពួក​ទុច្ចរិត ហើយ​គាត់​ក៏​បាន​ឃើញ​សមុទ្រ ហើយ​សមុទ្រ​មាន​ចលាចល ហើយ​មនុស្ស​ស្រយុត​ចិត្ត ដោយ​សម្លឹង​មើល​ទាំង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ដែល​នឹង​មាន​មក​លើ​ពួក​ទុច្ចរិត។

៦៧ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ហេណុក​នូវ​គ្រប់​ការណ៍​ទាំង​អស់ សូម្បីតែ​ចុង​បំផុត​នៃ​ផែនដី​ផង​ដែរ ហើយ​គាត់​បាន​ឃើញ ថ្ងៃ​នៃ​ពួក​សុចរិត គឺជា​ម៉ោង​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ពួក​គេ ហើយ​ក៏​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ

៦៨ហើយ​អាយុ​ស៊ីយ៉ូន​ទាំង​អស់ គឺ​ជីវិត​របស់​ហេណុក នោះ​បាន​៣៦៥​ឆ្នាំ។

៦៩ហើយ​ហេណុក និង​ប្រជាជន​គាត់​បាន​ដើរ​ជាមួយ​នឹង​ព្រះ ហើយ​ទ្រង់​បាន​គង់នៅ​ក្នុង​កណ្ដាល​ក្រុង​ស៊ីយ៉ូន ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក្រុង​ស៊ីយ៉ូន​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​ទៅ​ឯ​ព្រះ​ឱរា​របស់​ទ្រង់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ឮ​ពាក្យ​ពោល​ថា ក្រុង​ស៊ីយ៉ូន​បាន​ទៅ​បាត់​ហើយ ៕