មេរៀនទី ១៥០
ក្រុមអ្នកត្រួសត្រាយរទេះអូស ឆ្នាំ ១៨៥៦-១៨៦០
សេចក្តីផ្តើម
ពួកបរិសុទ្ធបានមកដល់ជ្រលងភ្នំ សលត៍ លេក នៅឆ្នាំ ១៨៤៧ បានចេញទៅធ្វើការដាំដំណាំដាំដុះ និងបង្កើតធនធានដទៃទៀត សម្រាប់អន្ដោប្រវេសន៍នាពេលអនាគត ។ នៅខែ កញ្ញា ឆ្នាំ ១៨៥១ ព្រិកហាំ យ៉ង់ និងទីប្រឹក្សារបស់លោក នៅក្នុងគណៈប្រធានទីមួយ បានបញ្ជាក់ឡើងវិញដល់ពួកបរិសុទ្ធទាំងអស់កំពុងរស់នៅក្នុងរដ្ឋ អៃអូវ៉ា និងនៅជុំវិញពិភពលោក មកជួបជុំគ្នានៅជ្រលងភ្នំសលត៍ លេក ។ មានពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនបានឆ្លើយតបចំពោះការអំពាវនាវរបស់ប្រធាន យ៉ង់ ដោយមានការលះបង់ដ៏ធំក្រៃលែង ។ សមាជិកនៃពួកដប់ពីរនាក់ ត្រូវបានបញ្ជូនឲ្យទៅមើលអន្ដោប្រវេសន៍ ហើយនៅក្នុងឆ្នាំ ១៨៥២ មានពួកបរិសុទ្ធកាន់តែច្រើនបានធ្វើដំណើរតាមផ្លូវរទេះទៅកាន់ជ្រលងភ្នំសលត៍ លេក ដែលច្រើនជាងឆ្នាំនានាឯទៀត ។ បន្ថែមពីលើនោះ មានពួកបរិសុទ្ធជាច្រើនធ្វើដំណើរទៅជ្រលងភ្នំ សលត៍ លេក នៅក្នុងក្រុមរទេះរុញ ចន្លោះឆ្នាំ ១៨៥៦ និង ឆ្នាំ ១៨៦០ ។
យោបល់សម្រាប់ការបង្រៀន
ពួកបរិសុទ្ធបានគោរពតាមដំបូន្មានឲ្យប្រមូលផ្ដុំគ្នានៅជ្រលងភ្នំសលត៍ លេក
សូមឲ្យសិស្សនឹកគិតថា ពួកគេត្រូវបានសុំឲ្យធ្វើដំណើរចម្ងាយ ១៣០០ ម៉ែល (ប្រហែលជា ២០៩០ គីឡូម៉ែត្រ ) ថ្មើរជើង ខណៈដែលត្រូវអូសរទេះផងដែរ ហើយពួកគេអនុញ្ញាតឲ្យយក តែ១៧ ផោន (ប្រហែលជា ៧.៧ គីឡូក្រាម ) នូវរបស់របរផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ សូមសួរថាតើមានសិស្សណាខ្លះដែលចង់ស្ម័គ្រចិត្តធ្វើដំណើរ ។
សូមបង្ហាញដល់សិស្សនូវរូបភាពរទេះអូស ឬគូររូប ដែលមានអមមកជាមួយ នៅលើក្ដារខៀន ។ សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៥៦ ប្រធាន ព្រិកហាំ យ៉ង់ បានស្នើសុំឲ្យអ្នកធ្វើអន្ដោប្រវេសន៍ គប្បីធ្វើដំណើរដោយការប្រើរទេះអូសជំនួសឲ្យរទេះសេះ ដោយសារតែមានការខ្វះខាតខាងហិរញ្ញវត្ថុ ។ ក្រុមរទេះអូស ពុំសូវចំណាយច្រើនទេ ហើយអនុញ្ញាតឲ្យមានពួកបរិសុទ្ធកាន់តែច្រើនរូប ធ្វើអន្ដោប្រវេសន៍ ។ នៅចន្លោះឆ្នាំ ១៨៥៦ និង ១៨៦០ មានពួកបរិសុទ្ធស្ទើរតែ ៣០០០ នាក់ បានជ្រើសរើសធ្វើដំណើរទៅទិសខាងលិចកាត់វាលទំនាបនៃសហរដ្ឋអាមេរិកទៅកាន់រដ្ឋយូថាហ៍ ដោយអូសរបស់របរពួកគេនៅក្នុងរទេះអូស ។ ក្រុមរទេះរុញច្រើនបំផុតបានដាក់ស្បៀងអាហារ និងសម្ភារផ្ទាល់ខ្លួន និងអាហារខ្លះៗនៅក្នុងរទេះ ហើយដើរពីទីក្រុង អៃអូវ៉ា រដ្ឋ អៃអូវ៉ា ធ្វើដំណើរទៅកាន់ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ ក្រុមបីចុងក្រោយគេ បានចាប់ផ្ដើមការធ្វើដំណើរនៅទីក្រុងហ្លូរិន រដ្ឋ នេប្រាស្កា ។
សូមដាក់តាំងប្រអប់ ឬធុងមួយដែលមានទម្ងន់ចំនួន ១៧ ផោន ( ប្រហែលជា ៧.៧ គ.ក ) ។ សូមឲ្យសិស្សពីរបីនាក់លើកវត្ថុនោះឡើង ។ សូមពន្យល់ថា មនុស្សពេញវ័យដែលធ្វើដំណើរក្នុងក្រុមរទេះអូស ត្រូវបានអនុញ្ញាតឲ្យយកសម្ភារផ្ទាល់ខ្លួនទម្ងន់ចំនួន ១៧ ផោន ។ កុមារតូចៗអាចយកទម្ងន់ចំនួន ១០ ផោន ( ប្រហែលជា ៤.៥ គ.ក ) ។ សម្ភារផ្ទាល់ខ្លួនរួមមានសម្លៀកបំពាក់ និងវត្ថុផ្សេងទៀត ។ សម្ភារត្រូវបានថ្លឹងទៅតាមបុគ្គលម្នាក់ៗ ហើយអ្វីៗដែលលើសពីកម្រិតនៃទម្ងន់នេះ ត្រូវបោះបង់ចោល ។
-
បើអ្នកជាអ្នកត្រួសត្រាយផ្លូវក្រុមរទេះអូសទាំងអស់នេះ តើសម្ភារផ្ទាល់ខ្លួនអ្វីខ្លះ ដែលអ្នកនឹងជ្រើសរើសយក ? ហេតុអ្វី ?
-
ហេតុអ្វីអ្នកគិតថា ពួកបរិសុទ្ធស្ម័គ្រចិត្តធ្វើពលិកម្មយ៉ាងច្រើនដើម្បីទៅដល់រដ្ឋយូថាហ៍ដូច្នេះ ?
ទោះជាការធ្វើដំណើរមានការលំបាកក្ដី មានក្រុមរទេះអូសចំនួនប្រាំបីក្នុងចំណោមដប់ក្រុម បានធ្វើដំណើរទៅដោយជោគជ័យនៅចន្លោះឆ្នាំ ១៨៥៦ និងឆ្នាំ ១៨៦០ ។ ប៉ុន្តែនៅឆ្នាំ ១៨៥៦ មានក្រុមរទេះអូសទីបួន និងទីប្រាំ បានចេញដំណើរយឺតពេលក្នុងរដូវ ហើយបានជួបនឹងការលំបាកដ៏ធ្ងន់ធ្ងរ ។ ពួកគេគឺជាក្រុមរទេះអូស វីលី ដែលដឹកនាំដោយ ជេម ជី វីលី និង ក្រុមរទេះអូស ម៉ាទីន ដែលដឹកនាំដោយ អែតវើត ម៉ាទីន ។ បន្ទាប់ពីបានធ្វើដំណើរប្រហែលជា ១០០០ ម៉ែល ( ប្រហែលជា ១៦០០ គីឡូម៉ែត្រ ) ខាងលិចរដ្ឋ អៃអូវ៉ា ក្រុមរទេះអូសទាំងឡាយបានខ្វះខាតគ្រឿងសម្ភារ និង អាហារយ៉ាងខ្លាំង ។ នៅខែតុលា ក្រុមទាំងពីរនេះ ត្រូវជាប់នៅក្នុងព្យុះទឹកកករដូវរងារដ៏ធ្ងន់ធ្ងរនៅលើទីវាលទំនាបនៃរដ្ឋ វ៉ាយអូមីង ដែលបានបង្អាក់ការធ្វើដំណើរទៅមុខរបស់ពួកគេ ។ ពួកបរិសុទ្ធទាំងនេះបានរងទុក្ខយ៉ាងលំបាកនៅក្នុងភាពត្រជាក់ និងទឹកកកដ៏ក្រាស់ ។ ( សូមគិតធ្វើការដាក់បង្ហាញរូបភាពនៃពួកអ្នកត្រួសត្រាយផ្លូវរទេះអូស ដូចជា ក្រុមត្រួសត្រាយផ្លូវដែលអូសរទេះនោះបានមកដល់ជ្រលងភ្នំសលត៍ លេក [Gospel Art Book (២០០៩) លេខ ១០២ សូមមើលផងដែរ LDS.org]) ។
បើអាចធ្វើទៅបាន សូមផ្ដល់ដល់សិស្សនូវច្បាប់ចម្លងនៃដំណើររឿងរបស់អើរ៉ុន និង អេលីស្សាប៊ែត ចាកសុន ដូចខាងក្រោម ។ សូមពន្យល់ថា ចាកសុនធ្វើដំណើរជាមួយក្រុមរបស់ ម៉ាទីន ដែលធ្វើដំណើរប្រហែលជា ១០០ ម៉ែល ( ប្រហែលជា ១៦០ គ.ម) ពីក្រោយក្រុមរបស់វីលី ។ សូមអញ្ជើញសិស្សម្នាក់ឲ្យ អានសេចក្ដីថ្លែងការណ៍នេះឲ្យឮៗ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលភស្ដុតាងនៃសេចក្ដីជំនឿរបស់អើរ៉ុន និងអេលីស្សាប៊ែត ។
នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៨៥៦ សមាជិកក្នុងក្រុមរទេះអូសរបស់ ម៉ាទីន ត្រូវឆ្លងកាត់ទន្លេដ៏ធំមួយ អំឡុងពេលព្យុះទឹកកកមួយ ។ សមាជិកក្នុងក្រុមនោះជាច្រើននាក់ រួមមានទាំង អើរ៉ុន ចាកសុន ផងដែរ បានទន់ខ្សោយ ហើយបានធ្លាក់ខ្លួនឈឺ រីឯការធ្វើដំណើរឆ្លងកាត់ទន្លេ គឺមានឥទ្ធិពលកាន់តែអាក្រក់លើពួកគេ ។ អេលីស្សាប៊ែត ចាកសុន បានពិពណ៌នាអំពីអ្វីដែលបានកើតឡើងចំពោះស្វាមីរបស់គាត់នៅពីរបីថ្ងៃក្រោយមក ៖
« ខ្ញុំបានចូលដេក នៅម៉ោងប្រហែលជាប្រាំបួន ។… វាដូចជា ខ្ញុំបានដេករហូតដល់ម៉ោងប្រហែលជាពាក់កណ្ដាលអធ្រាត្រ ។ ខ្ញុំត្រជាក់យ៉ាងខ្លាំង ។ អាកាសធាតុកាន់តែត្រជាក់ខ្លាំង ។ ខ្ញុំបានស្ដាប់ថាតើស្វាមីរបស់ខ្ញុំនៅមានដណ្ដើមឬទេ--ព្រោះគាត់ដេកនឹងថ្កល់ ។ ខ្ញុំស្ដាប់ពុំឮដង្ហើមរបស់គាត់ទេ ។ ខ្ញុំបានដឹងភ្លាម ។ ខ្ញុំបានដាក់ដៃខ្ញុំលើខ្លួនគាត់ នៅពេលនោះបានដឹងដោយរន្ធត់ចិត្តជាខ្លាំង ហើយភាពភ័យខ្លាចបំផុតរបស់ខ្ញុំបានចាប់ផ្ដើម ។ ស្វាមីរបស់ខ្ញុំបាន ស្លាប់ហើយ ។… ខ្ញុំបានស្រែកហៅរកជំនួយពីមនុស្សដែលនៅក្នុងតង់ផ្សេងទៀត ។ ពួកគេពុំអាចជួយខ្ញុំ អ្វីបានទេ ។… នៅពេលព្រឹកឡើង នោះបុរសមួយចំនួនមកពីក្នុងក្រុម បានរៀបចំបញ្ចុះសពរបស់គាត់ ។… ពួកគេបានរុំសពគាត់នៅក្នុងភួយមួយ ហើយបានដាក់គាត់នៅក្នុងគំនរនៃមនុស្សស្លាប់ដប់បីនាក់ទៀត រួចក៏គ្របដណ្ដប់គាត់ដោយពំនូកទឹកកក ។…
« ខ្ញុំពុំចង់ពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំ ពេលឃើញថាខ្លួនត្រូវបានបន្សល់ទុកឲ្យនៅជាស្ត្រីមេម៉ាយជាមួយនឹងកូនបីនាក់ ស្ថិតនៅក្រោមស្ថានភាពដ៏ឈឺចាប់ដូច្នេះទេ ។ ខ្ញុំពុំអាចធ្វើបានទេ ។ ប៉ុន្តែខ្ញុំជឿទៅលើកំណត់ត្រាទេវតា ដែលបានពិពណ៌នានៅក្នុងកំណត់ត្រាខាងលើ ហើយថាការរងទុក្ខរបស់ខ្ញុំដើម្បីជាប្រយោជន៍របស់ដំណឹងល្អ នឹងញែកចេញជាបរិសុទ្ធចំពោះខ្ញុំ សម្រាប់ជាសេចក្ដីល្អរបស់ខ្ញុំ » (Leaves from the Life of Elizabeth Horrocks Jackson Kingsford [ឆ្នាំ ១៩០៨], ទំព័រ ៦–៧; សូមមើលផងដែរhistory.lds.org) ។
-
តើអេលីស្សាប៊ែត បាននិយាយយ៉ាងណាអំពី ការរងទុក្ខរបស់គាត់សម្រាប់ជាប្រយោជន៍នៃដំណឹងល្អ ? តើអ្នកគិតយ៉ាងណា ចំពោះឃ្លា « ញែកខ្ញុំចេញជាបរិសុទ្ធសម្រាប់សេចក្ដីល្អរបស់ខ្ញុំនោះ ? ( ការរងទុក្ខរបស់គាត់ នឹងធ្វើឲ្យទៅជាពិសិដ្ឋ និងបរិសុទ្ធ សម្រាប់ជាប្រយោជន៍របស់គាត់ ) ។
-
តើអ្វីខ្លះអាចកើតមានចំពោះយើង បើយើងចាំបាច់ត្រូវរងទុក្ខដោយអត់ធ្មត់ចំពោះប្រយោជន៍នៃដំណឹងល្អនោះ ? ( សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖បើយើងរងទុក្ខដោយអត់ធ្មត់ដើម្បីប្រយោជន៍នៃដំណឹងល្អ នោះវាអាចញែកខ្លួនយើងចេញជាបរិសុទ្ធសម្រាប់សេចក្ដីល្អ ។ [សូមមើលគ. និង ស. ១២២:៧; នីហ្វៃទី ២ ២: ២]) ។
-
ទោះជាអ្នកពុំរងទុក្ខដូចជា អេលីស្សាប៊ែត ចាកសុន ក្ដី តើអ្នកអាចនឹងត្រូវរងទុក្ខដើម្បីប្រយោជន៍នៃដំណឹងល្អតាមរបៀបណាខ្លះ ? តើអ្នកអាចទទួលពរ តាមរយៈបទពិសោធន៍ទាំងនេះយ៉ាងដូចម្ដេច ?
សូមពន្យល់ថា អំឡុងពេលពីរបីថ្ងៃក្រោយ បន្ទាប់ពី អើរ៉ុន ចាកសុន បានស្លាប់ នោះក្រុមរទេះអូស ម៉ាទីន បានធ្វើដំណើរឆ្ពោះទៅមុខទៀត បានប្រហែលជា ១០ ម៉ែល ( ប្រហែលជា ១៦ គីឡូម៉ែត្រ ) ។ មនុស្សជាច្រើនបានស្លាប់អំឡុងពេលនេះ ។ នាយប់មួយ អំឡុងពេលធ្វើដំណើរនេះ គ្មាននរណាម្នាក់មានកម្លាំងគ្រប់គ្រាន់ដើម្បីបោះតង់នោះទេ ។ អេលីស្សាប៊ែត ចាកសុន បានអង្គុយនៅលើថ្មមួយដុំ ដែលកូនម្នាក់អង្គុយនៅលើភ្លៅ ហើយកូនម្នាក់ទៀតអង្គុយនៅសងខាងគាត់ ។ គាត់បាននៅអង្គុយដូច្នោះរហូតដល់ព្រឹក ។ អេលីស្សាប៊ែតបាក់ទឹកចិត្តខ្លាំងណាស់ ។ រួចហើយនាយប់ថ្ងៃទី ២៧ ខែតុលា គាត់បានទទួលបទពិសោធន៍មួយ ដែលផ្ដល់ក្ដីសង្ឃឹមដល់គាត់ដើម្បីរួចពីគ្រោះថ្នាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោមឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីអ្វីដែលអេលីស្សាប៊ែតបានរៀននៅក្នុងសុបិនមួយនោះ ។
« មនុស្សនឹងអាចយល់ហើយថា នៅក្រោមស្ថានភាពដ៏អាក្រក់ដូច្នេះ ខ្ញុំអស់សង្ឃឹមជាខ្លាំង ។ ខ្ញុំនៅចម្ងាយប្រាំបួនពាន់ប្រាំរយ ឬ មួយម៉ឺនមួយពាន់គីឡូម៉ែតពីដែនដីកំណើតរបស់ខ្ញុំ នៅក្នុងតំបន់ព្រៃភ្នំក្រោមថ្ម នៅក្នុងស្ថានភាពដ៏អស់សង្ឃឹម ដែលផ្ទៃដីគ្របដណ្ដប់ដោយព្រិល ទឹកត្រូវបានគ្របដណ្ដប់ដោយទឹកកក ហើយខ្ញុំនៅជាមួយនឹងកូនបីនាក់ដែលគ្មានឪពុក គ្មានអ្វីជួយការពារពួកគេពីព្យុះដ៏កំណាចឡើយ ។ ពេលខ្ញុំចូលដេកនៅពេលយប់ នៅថ្ងៃទី ២៧ ខែតុលា នោះខ្ញុំមានវិវរណៈយ៉ាងអស្ចារ្យមួយ ។ នៅក្នុងសុបិនរបស់ខ្ញុំ ប្ដីរបស់ខ្ញុំបានឈរនៅជិតខ្ញុំ ហើយបាននិយាយថា-- ‹ សូមរីករាយឡើង អែលីស្សាប៊ែត ការជួយសង្គ្រោះជិតមកដល់ហើយ ›»(Leaves from the Life of Elizabeth Horrocks Jackson Kingsford៨ សូមមើលផងដែរhistory.lds.org ) ។
សូមប្រាប់សិស្សថា សុបិនត្រូវបានបំពេញ នៅពេលដែលពួកជួយសង្គ្រោះមកពីទីក្រុងសលត៍ លេក បានមកដល់ក្រុមម៉ាទីននៅថ្ងៃស្អែកឡើងនោះ ។
សូមពន្យល់ថា នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៨៥៦ អស់ជាច្រើនសប្ដាហ៍មុនពេលមានព្យុះទឹកកក បានវាយប្រហារលើក្រុមរទេះអូស នោះពួកអ្នកធ្វើដំណើរបានរាយការណ៍ទៅប្រធាន ព្រិកហាំ យ៉ង់ថា ក្រុមត្រួសត្រាយផ្លូវ កំពុងស្ថិតនៅលើទីវាលទំនាបនៅឡើយ ហើយនៅសល់រាប់រយម៉ែលទៀត ។ នៅថ្ងៃស្អែកឡើង ក្នុងការប្រជុំថ្ងៃអាទិត្យ ព្រិកហាំ យ៉ង់ បានថ្លែងអំពីការជួយសង្គ្រោះដល់ពួកត្រួសត្រាយផ្លូវរទេះអូសទាំងនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌដូចខាងក្រោមនៅក្នុងប្រសាសន៍របស់លោក ។ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់ ហើយស្វែងរកគោលការណ៍មួយដែលប្រធាន យ៉ង់ កំពុងបង្រៀនដល់ពួកបរិសុទ្ធ ។ ( បើអាចធ្វើទៅបាន សូមផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សម្នាក់មួយច្បាប់ ដើម្បីពួកគេអាចធ្វើតាម ) ។
រូបភាពប្រធាន ព្រិកហាំ យ៉ង់« ពួកបងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់កំពុងស្ថិតនៅតំបន់វាលទំនាបដោយមានរទេះអូសជាច្រើន ហើយប្រហែលជាពួកគេជាច្រើន ឥឡូវនេះស្ថិតនៅចម្ងាយប្រមាណ ១១០០ គីឡូម៉ែត្រពីទីកន្លែងនេះ យើងត្រូវនាំពួកគេមកទីនេះ ដូច្នេះយើងត្រូវតែបញ្ជូនជំនួយដល់ពួកគេ ។…
« នោះជាសាសនារបស់ខ្ញុំ នេះជាការបង្ហាញប្រាប់ដល់ខ្ញុំពីព្រះវិញ្ញាណបរិសុទ្ធ ថាត្រូវសង្គ្រោះដល់មនុស្ស ។… នេះគឺជាសេចក្ដីសង្គ្រោះ ដែលខ្ញុំកំពុងស្វែងរកនាពេលនេះ ដើម្បីសង្គ្រោះបងប្អូនប្រុសរបស់យើង ដែលនឹងត្រូវវិនាស ឬ រងទុក្ខដ៏ធ្ងន់ធ្ងរ បើសិនជាយើងមិនបញ្ជូនជំនួយដល់ពួកគេទេនោះ ។
« ខ្ញុំនឹងពុំរង់ចាំរហូតដល់ថ្ងៃស្អែក ឬ រហូតដល់ថ្ងៃស្អែកឡើយ ខ្ញុំនឹងហៅឲ្យពួកប៊ីស្សពនៅថ្ងៃនេះ រកគោល្អៗចំនួន ៦០ ក្បាល និង រទេះ ១២ ឬ ១៥ រទេះ… [ ព្រមទាំង ] ម្សៅ ១២ តោន និង មនុស្សបររទេះរឹងមាំ ៤០ នាក់ ក្រៅពីអ្នកទាំងឡាយដែលដឹកនាំក្រុម ។…
« ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា សេចក្ដីជំនឿរបស់អ្នក សាសនា និងវិជ្ជាជីវៈសាសនារបស់អ្នក នឹងពុំសង្គ្រោះដល់ព្រលឹងណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នានៅក្នុងនគរសេឡេស្ទាលនៃព្រះរបស់យើងឡើយ លុះត្រាតែអ្នកអនុវត្តនូវគោលការណ៍ទាំងឡាយនេះ ដែលខ្ញុំកំពុងតែបង្រៀនអ្នកនាពេលនេះប៉ុណ្ណោះ ។ សូមចេញទៅ ហើយនាំអស់អ្នកដែលកំពុងតែនៅលើវាលទំនាបនាពេលឥឡូវនេះ » ( « Remarks » Deseret News ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៨៥៦, ទំព័រ ២៥២ ) ។
-
តើប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀនដល់ពួកបរិសុទ្ធអ្វីខ្លះ ? ( សិស្សអាចនឹងប្រាប់អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែសូមប្រាកដថា ពួកគេយល់ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវជួយដល់អ្នកទាំងឡាយដែលខ្វះខាត )។
សូមពន្យល់ថា មានបុរស និងស្ត្រីជាច្រើនបានឆ្លើយតបតាមការសុំ ហើយអំឡុងពេលពីរថ្ងៃបន្ទាប់ពីទេសនកថារបស់ប្រធាន យ៉ង់ នោះមានបុរសៗបានចេញទៅរកពួកអន្ដោប្រវេសន្ដ៍ ដោយបររទេះគោដឹកជញ្ជូនសម្ភារជាច្រើន ។
-
តើកិច្ចខិតខំជួយសង្គ្រោះនេះ អាចជាពលិកម្មមួយចំពោះពួកបរិសុទ្ធនៅជ្រលងភ្នំសលត៍ លេកយ៉ាងដូចម្ដេច ?
-
តើពលិកម្មមួយចំនួនណាខ្លះដែលយើងអាចធ្វើដើម្បីជួយដល់អ្នកទាំងឡាយដែលមានតម្រូវការខាងរូបកាយ ?
-
តើពលិកម្មមួយចំនួនណាខ្លះដែលយើងអាចធ្វើដើម្បីជួយដល់អ្នកទាំងឡាយដែលមានតម្រូវការខាងវិញ្ញាណ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយស្វែងរកវិធីបន្ថែមទៀត ដែលយើងអាចជួយដល់អ្នកទាំងឡាយដែលខ្វះខាត ។
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី« ខ្ញុំមានអំណរគុណដែលថ្ងៃនេះ ពុំមានមនុស្សរបស់យើងណាម្នាក់ ជាប់នៅទីខ្ពស់នៃរដ្ឋ វ៉ាយអូមីង ។ ប៉ុន្តែខ្ញុំដឹងថា ក្រៅពីយើងនោះមានមនុស្សជាច្រើនដែលត្រូវការជំនួយ ហើយដែលគួរត្រូវបានជួយសង្គ្រោះ ។ បេកកម្មនៅក្នុងជីវិតរបស់យើង ក្នុងនាមជាអ្នកដើរតាមព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ គឺត្រូវតែជាបេសកកម្មនៃការជួយសង្គ្រោះ ។ មានមនុស្សឥតជម្រក ស្រេកឃ្លាន និងទាល់ក្រ ។ ស្ថានភាពរបស់ពួកគេមើលឃើញជាក់ស្ដែង ។ យើងបានសម្រេចអ្វីៗជាច្រើន ។ យើងអាចធ្វើបានកាន់តែច្រើនទៀត ដើម្បីជួយដល់អ្នកទាំងឡាយដែលរស់នៅស្ទើរតែមិនរស់ ។
« យើងអាចឈោងទៅជួយពង្រឹងដល់អ្នកទាំងឡាយដែលជាប់នៅក្នុងរូបអាសគ្រាម ភាពអសីលធម៌ដ៏អាក្រក់ និងគ្រឿងញៀន ។ មានមនុស្សជាច្រើនបានក្លាយជាមនុស្សញៀនកាន់តែខ្លាំង ដែលពួកគេបានបាត់បង់អំណាចគ្រប់គ្រងលើជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ។ ពួកគេស្ថិតក្នុងសភាពអាក្រក់ និងខ្ទេចខ្ទាំ ។ ពួកគេអាចត្រូវបានជួយសង្គ្រោះ និងស្រោចស្រង់បាន ។…
« យើងពុំចាំបាច់ខ្វល់ខ្វាយនឹងអ្នកទាំងឡាយដែលស្ថិតនៅទីវាលនៃរដ្ឋ វ៉ាយអូមីង ទៀតទេ ។ យើងខ្វល់ខ្វាយនឹងមនុស្សជាច្រើនដែលនៅជិតៗជុំវិញខ្លួនយើងនេះ នៅក្នុងក្រុមគ្រួសាររបស់យើង នៅក្នុងវួដ និងស្ដេករបស់យើង នៅក្នុងអ្នកជិតខាង និងសហគមន៍របស់យើង » (Our Mission of Saving»Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៥៩ ) ។
-
តើអ្នកធ្លាប់បានឃើញនរណាម្នាក់ ដែលបានជួយដល់អ្នកទាំងឡាយដែលខ្វះខាតខាងរូបកាយ និងខាងវិញ្ញាណ នៅពេលណា ? តើពួកគេជួយបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យពិចារណា និងអធិស្ឋានដើម្បីដឹងរបៀបដែលពួកគេអាចជួយដល់នរណាម្នាក់ទៀត ។ អ្នកអាចនឹងផ្ដល់ពេលឲ្យពួកគេមួយសន្ទុះ សរសេរគំនិតរបស់ពួកគេទុកនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ។
ដើម្បីជួយសិស្សមើលឃើញថា យើងត្រូវបានប្រទានពរនៅពេលយើងស៊ូទ្រាំនឹងការសាកល្បងដោយសេចក្ដីជំនឿ អញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោម ៖
នៅក្នុងឆ្នាំ ១៨៥៦ ហ្វ្រែនស៊ីស និងបេតស៊ី មានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅរដ្ឋ យូថាហ៍ តាមរទេះសេះ ប៉ុន្តែពួកគេបានបរិច្ចាគប្រាក់របស់ពួកគេចូលមូលនិធិ ដែលបានបង្កើតឡើង ដើម្បីជួយដល់ពួកបរិសុទ្ធដែលធ្វើអន្ដប្រវេសន៍ទៅរដ្ឋយូថាហ៍ ( មូលនិធិអន្តោប្រវេសន៍អចិន្ត្រៃយ៍ ) ។ ការបរិច្ចាគរបស់ពួកគេបានអនុញ្ញាតឲ្យមនុស្សប្រាំបួននាក់បន្ថែមទៀតធ្វើដំណើរតាមរទេះអូស ។ ហ្វ្រែនស៊ីស និង បេតស៊ី ដែលកំពុងពពោះ បានធ្វើដំណើរទៅទីក្រុងសលត៍ លេក ជាមួយក្រុមរទេះអូស ម៉ាទីន ហើយបានរងទុក្ខលំបាកនៅតាមផ្លូវជាមួយនឹងអស់អ្នកផ្សេងទៀតក្នុងក្រុម ។
ប៉ុន្មានឆ្នាំក្រោយមក នៅពេលបងប្រុស វិបស្ទើរ អង្គុយនៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ នោះគាត់បានស្ដាប់ឮសមាជិកសាសនាចក្រមួយចំនួន រិះគន់ដល់ពួកអ្នកដឹកនាំសាសនាចក្រ ចំពោះទុក្ខលំបាករបស់ក្រុមរទេះអូស ។ ដោយពុំអាចទប់បាន គាត់បានក្រោកឈរឡើង រួចថ្លែងទីបន្ទាល់អំពីពរជ័យនៃការនៅជាមួយក្រុមរទេះអូស ម៉ាទីន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ទីបន្ទាល់របស់ហ្វ្រែនស៊ីស វិបស្ទើរ ឮៗ ហើយសុំឲ្យសិស្សប្រាប់ពីរបៀបមួយ ដែលអ្នកទាំងឡាយដែលបានរងទុក្ខជាមួយនឹងក្រុមរទេះអូស បានទទួលពរជ័យ ។
« ខ្ញុំសុំឲ្យអ្នកបញ្ឈប់នូវការរិះគន់នេះ ដ្បិតអ្នកកំពុងតែពិភាក្សាអំពីរឿងមួយដែលអ្នកពុំដឹងអ្វីទាល់តែសោះ ។ អង្គហេតុជាប្រវត្តិសាស្ត្រ ពុំមានន័យអ្វីទេនៅទីនេះ ដ្បិតវាពុំបានផ្ដល់នូវការបកស្រាយត្រឹមត្រូវចំពោះសំណួរដែលជាប់ពាក់ព័ន្ធទេ ។ តើវាជាកំហុសឆ្គងដែលបញ្ជូនក្រុមរទេះអូសចេញទៅយឺតពេលនៅក្នុងរដូវនោះ ? មែនហើយ ។ ប៉ុន្តែខ្ញុំបាននៅក្នុងក្រុមនោះ ហើយភរិយារបស់ខ្ញុំក៏នៅទីនោះដែរ ។… យើងបានរងទុក្ខហួសពីអ្វីដែល អ្នកគិតឃើញទៅទៀត ហើយមានមនុស្សជាច្រើនបានស្លាប់ដោយ ហេវហត់ និងសេចក្តីស្រេកឃ្លាន ។ តើអ្នកធ្លាប់ឮមនុស្សដែលនៅមានជីវិតពីក្រុមនោះថ្លែងពាក្យរិះគន់ឬទេ ?…
« ខ្ញុំបានងាកមើលក្រោយជាច្រើនដង ដើម្បីមើលថាតើនរណាដែលបានរុញរទេះរបស់ខ្ញុំ តែខ្ញុំមើលពុំឃើញថាមាននរណាម្នាក់ទេ ។ រួចហើយខ្ញុំដឹងថា ពួកទេវតានៃព្រះគង់នៅទីនោះ ។
« តើខ្ញុំសោកស្ដាយដែលខ្ញុំបានជ្រើសរើសធ្វើដំណើរមកដោយការអូសរទេះមែនទេ ? អត់ទេ ។ គ្មានសោះឡើយនៅក្នុងជីវិតរបស់ខ្ញុំ ទាំងនាពេលនោះ ហើយពេលនេះក៏គ្មានដែរ ។ តម្លៃដែលយើងបានបង់ថ្លៃដើម្បីស្គាល់ព្រះ គឺជាឯកសិទ្ធិដើម្បីបង់ថ្លៃ ហើយខ្ញុំមានអំណរគុណដែលខ្ញុំមានឯកសិទ្ធិដើម្បីមកដល់ស៊ីយ៉ូន នៅក្នុងក្រុមរទេះអូសម៉ាទីន » ( នៅក្នុង William R. Palmer «Pioneers of Southern Utah»The Instructorវ៉ុលទី ៧៩, លេខ ៥ [ខែ ឧសភា ឆ្នាំ ១៩៤៤], ទំព័រ ២១៧–១៨ ) ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនមកពីទីបន្ទាល់របស់ ហ្វ្រែនស៊ីស វិបស្ទើរ ? ( សិស្សគប្បីតែសម្គាល់ឃើញនូវគោលលទ្ធិដូចខាងក្រោម ៖បើយើងស៊ូទ្រាំរងទុក្ខដោយស្មោះត្រង់ នោះយើងអាចបានស្គាល់ព្រះ )។
-
តើអាកប្បកិរិយា ឬឥរិយាបទប្រភេទណាខ្លះ ដែលអ្នកបានមើលឃើញ នៅក្នុងខ្លួនអស់អ្នកទាំងឡាយដែលស៊ូទ្រាំការរងទុក្ខដោយស្មោះត្រង់នោះ ? តើតាមវិធីណាខ្លះ ដែលអ្នកបានស្គាល់ព្រះ តាមរយៈការសាកល្បងដែលអ្នកបានជួបប្រទះ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីគោលការណ៍មួយ ដែលយើងបានរៀននៅក្នុងមេរៀនថ្ងៃនេះ ។ អ្នកអាចចង់ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
តើការសាកល្បង និងការរងទុក្ខអាចនាំទៅកន្លែងណា ?
ពេលសញ្ជឹងគិតអំពីពលិកម្មរបស់ពួកត្រួសត្រាយផ្លូវបរិសុទ្ធថ្ងៃចុងក្រោយពីមុន ប្រធាន ជេម អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ បានសង្កេតឃើញថា ៖
រូបភាពប្រធាន ជែមស៍ អ៊ី ហ្វោស្ត« នៅក្នុងពេលដែលមានការឈឺចាប់ក្នុងជីវិត នោះយើងហាក់ដូចជាស្ដាប់ កាន់តែយកចិត្តទុកដាក់ ចំពោះសំឡេងខ្សឹបប្រាប់ដ៏រហៀងមកពីអ្នកគង្វាលដ៏ទេវភាព ។
« នៅគ្រប់ជីវិត នោះតែងមាននូវថ្ងៃឈឺចាប់ អស់សង្ឃឹមមកពីភាពមិនអនុគ្រោះ និងការប៉ះទង្គិច ។ នៅទីនោះហាក់ដូចជាមានពេញទៅដោយភាពទុក្ខសោក ភាពសោកសៅ និង ភាពខ្ទេចខ្ទាំដួងចិត្តចំពោះមនុស្សគ្រប់រូប រួមទាំងអ្នកទាំងឡាយដែលព្យាយាមដើម្បីធ្វើល្អ និងមានចិត្តស្មោះត្រង់ ។ សាវកប៉ុល បានយោងទៅឧបសគ្គផ្ទាល់ខ្លួនរបស់លោកថា ៖ ‹ ហើយក្រែងខ្ញុំកើតមានចិត្តធំ បានជាមានបន្លាមួយចាក់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំងដែលមកធ្វើទុក្ខខ្ញុំ › [កូរិនថូសទី ២ ១២:៧] ។
« បន្លាទាំងឡាយដែលបានចាក់សាច់ ហើយដោតនៅក្នុងសាច់ ដែលឈឺចាប់នោះ ជាញឹកញាប់បានផ្លាស់ប្ដូរជីវិតរស់នៅដែលហាក់ដូចជាបានគ្មានសារៈសំខាន់ និងអស់សង្ឃឹម ។ ការផ្លាស់ប្ដូរនេះកើតចេញមកពីដំណើរនៃការចម្រាញ់ឲ្យបានស្អាត ដែលជាញឹកញាប់មើលទៅដូចជាមានភាពឃោរឃៅ និងលំបាកពេកក្រៃ ។ តាមវិធីនេះ ព្រលឹងអាចប្រែក្លាយទៅជាដីឥដ្ឋទន់នៅក្នុងព្រះហស្តរបស់លោកចៅហ្វាយក្នុងការស្ថាបនាឲ្យទៅជាជីវិតដែលមានសេចក្ដីជំនឿ មានប្រយោជន៍ ស្រស់ស្អាត និងរឹងមាំ ។ ចំពោះមនុស្សខ្លះ ភ្លើងចម្រាញ់បែបនោះ បណ្ដាលឲ្យពួកគេបាត់បង់សេចក្ដីជំនឿ និងការជឿទៅលើព្រះ ប៉ុន្តែអ្នកទាំងឡាយដែលមានទស្សនៈវិស័យដ៏អស់កល្បជានិច្ច យល់ថា ការចម្រាញ់ដូច្នេះ គឺជាចំណែកនៃដំណើរការដ៏ឥតខ្ចោះទៅវិញ ។…
« … ការសាកល្បង និងភាពមិនអនុគ្រោះ អាចនឹងជាការរៀបចំដើម្បីបានកើតសារជាថ្មី » (Refined in Our Trials»Ensignខែ កុម្ភៈ ឆ្នាំ ២០០៦ ទំព័រ ៤ ) ។
ការបន្ដនៅស្មោះត្រង់នៅក្នុងទីរហោស្ថានខាងវប្បធម៌មួយ
អែលឌើរ នែល អេ ម៉ាក់ស្វែល បានទទួលស្គាល់នូវភាពមិនអនុគ្រោះថា ជាចំណែកនៃដំណើរផ្លូវផ្ទាល់ខ្លួនរបស់យើងនៅក្នុងពិភពលោកសព្វថ្ងៃ ៖
រូបភាពអែលឌើរ ណែល អេ ម៉ាកស្វែល« បើយើងនៅស្មោះត្រង់ នោះថ្ងៃនឹងមកដល់ ពេលដែលពួកអ្នកត្រួសត្រាយផ្លូវ និងជីដូនជីតាទាំងឡាយ ដែលយើងកោតសរសើរយ៉ាងពិតចំពោះការយកឈ្នះលើភាពមិនអនុគ្រោះទាំងឡាយនៅក្នុងការធ្វើដំណើរនៅទីរហោស្ថានរបស់ពួកគាត់ នឹងកោតសរសើរដល់ពួកអ្នកស្មោះត្រង់នៅជំនាន់នេះ ចំពោះការធ្វើដំណើរដោយជោគជ័យរបស់ពួកគេឆ្លងកាត់វាលខ្សាច់នៃភាពអស់សង្ឃឹម និងការឆ្លងកាត់ទីរហោស្ថានខាងវប្បធម៌មួយ ខណៈដែលបន្ដនៅរក្សាសេចក្ដីជំនឿ » ( If Thou Endure It Well [ ឆ្នាំ ១៩៩៦ ] ទំព័រ ២៨ ) ។