មេរៀនទី ១១៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៨០
បុព្វកថា
នៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសការអធិស្ឋានពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ជាការអធិស្ឋានដែលព្រះអម្ចាស់បានបើកសម្តែងដល់លោកពីលើកមុន ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។ នេះគឺជាផ្នែកទីពីរនៃមេរៀនទីពីរអំពីការអធិស្ឋាន ។ វាមានការទូលអង្វររបស់ព្យាការីសូមឲ្យព្រះអម្ចាស់ប្រទានពរដល់ពួកបរិសុទ្ធ ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងភូមិ ចាកសុន រដ្ឋ មិសសួរី និងសូមឲ្យព្រះអម្ចាស់ប្រទានពរដល់អ្នកដែលសង្កត់សង្កិនលើពួកគេដែរផងដែរ ។ វាក៏មាននូវសំណើរបស់ព្យាការីថា មនុស្សទូទាំងពិភពលោក ជាពិសេសសាសន៍អ៊ីស្រាអែលដែលបែកខ្ញែក អាចត្រូវបានប្រែចិត្តជឿចំពោះដំណឹងល្អដ៏ពេញលេញ ហើយថាព្រះវរបិតាសួគ៌នឹងទទួលយកការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ និងប្រទានពរដល់ក្រុមគ្រួសារនៃសាសនាចក្រទាំងនោះ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៥៣
យ៉ូសែប ស៊្មីធ បានសូមឲ្យព្រះវរបិតាសួគ៌ជួយពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា មិត្តភក្ដិម្នាក់ ឬសមាជិកគ្រួសារម្នាក់កំពុងតស៊ូ ឬរងទុក្ខដោយរបៀបណាមួយ ។ ហើយ សូមឲ្យពួកគេស្រមៃថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯង ដើម្បីជួយមិត្តភក្ដិ ឬសមាជិកគ្រួសារម្នាក់នេះឡើយ។ ក្រោយពីសិស្សមានពេលគិតហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចជួយសម្រាលការរងទុក្ខរបស់នរណាម្នាក់ ទោះជាអ្នកមិនអាចធ្វើអ្វីបានដោយខ្លួនអ្នក តាមវិធីណា ?
បន្ទាប់ពីសិស្សបានចែកចាយគំនិតមួយចំនួនហើយ សូមរំឮកពួកគេថា ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានរងទុក្ខយ៉ាងខ្លាំងដោយសារអំពើហឹង្សាពីសំណាក់ពួកមនុស្សកំណាចនៅ ឃុំ ចាកសុន ។ នៅខែ មេសា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ ទោះជាពេលនោះលោកមិនអាចធ្វើអ្វីបានដោយខ្លួនលោក ដើម្បីជួយសម្រាលការរងទុក្ខនៃពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ក្ដី ក៏ លោកបានធ្វើអ្វីមួយនៅពេលឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ដើម្បីជួយពង្រឹងពួកគេដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៤៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរឿងមួយដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកដទៃក្នុងគ្រាលំបាក ។
-
នៅការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ តើព្យាការីធ្វើអ្វីសម្រាប់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ? ( លោកបានអធិស្ឋានសម្រាប់ពួកគេ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរនៅលើក្ដារខៀន ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ដល់យោបល់ពីសេចក្ដីពិត ដែលយើងអាចរៀនពីពាក្យអធិស្ឋានរបស់ព្យាការីនៅក្នុងខគម្ពីរទាំងនេះ ។ នៅពេលដែលសិស្សឆ្លើយតប ស្មៀនអាចសរសេរសេចក្ដីពិតដូចខាងក្រោម ៖ ការអធិស្ឋានរបស់យើង អាចនាំមកនូវជំនួយ និងកម្លាំងដល់អ្នកដែលកំពុងត្រូវការជំនួយ ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ ឬបានឃើញអំណាចនៃការអធិស្ឋានជួយនរណាម្នាក់ដែលត្រូវការជំនួយ ? ( អ្នកអាចចង្អុលបង្ហាញថា ពេលខ្លះការអធិស្ឋានដូចនោះត្រូវបានឆ្លើយតបតាមរយៈការបំផុសគំនិតដែលយើងទទួល ដើម្បីជួយអ្នកដទៃ )។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមនុស្សដទៃទៀតដែលព្យាការីបានអធិស្ឋានសម្រាប់ពួកគេ ។
-
តើមានរណាខ្លះទៀតដែលព្យាការីបានអធិស្ឋានសម្រាប់ពួកគេនោះ ?
-
តើហេតុអ្វីបានជាអ្នកគិតថាយើងគួរតែអធិស្ឋាន សម្រាប់សត្រូវរបស់យើង ? ( ដើម្បីជួយសិស្សឆ្លើយសំណួរនេះ អ្នកអាចឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៣ និង នីហ្វៃទី៣ ១២:៤៣–៤៥ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥០ អំពីរបៀបដែលការអធិស្ឋានរបស់យើងអាចជះឥទ្ធិពលលើមនុស្សដទៃ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមឲ្យអ្នកសរសេរសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្តារខៀន ៖ ការអធិស្ឋានរបស់យើងអាចជះឥទ្ធិពលដល់មនុស្សឲ្យប្រែចិត្ត ។ បន្ទាប់មកសូមអញ្ជើញអ្នកសរសេរឲ្យអង្គុយចុះវិញ ) ។
សូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោម ៖
-
តើវាប្រែជាយ៉ាងដូចម្តេចដែរ ប្រសិនបើមនុស្សដែលយើងអធិស្ឋានឲ្យពុំព្រមជ្រើសប្រែចិត្តនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥១-៥៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលទទួលស្គាល់ព្រះឆន្ទៈរបស់ព្រះអម្ចាស់ និង សិទ្ធិជ្រើសរើសរបស់មនុស្សដទៃ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( មុនពេលដែលសិស្សអានខគម្ពីរទាំងនេះ អ្នកអាចពន្យល់ថា ពេលខគម្ពីរដែលរួមបញ្ចូលសេចក្ដីថ្លែងការណ៍អំពីព្រះអម្ចាស់លាតព្រះពាហុរបស់ទ្រង់ ខគម្ពីរនោះមានន័យថា ទ្រង់សម្ដែងព្រះចេស្ដារបស់ទ្រង់ ។)
សូមអញ្ចើញសិស្សឲ្យអានម្ដងទៀតនូវ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥៣ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះវរបិតាសួគ៌នឹងធ្វើសម្រាប់ពួកអ្នកដែលប្រែចិត្ត ។ ( អ្នកអាចត្រូវពន្យល់ថា សេចក្ដីក្រោធរបស់ព្រះអម្ចាស់ បញ្ចេញតាមការដាក់ទោស ឬការរងទុក្ខដែលយើងជួបប្រទះស្របតាមសេចក្ដីយុត្តិធម៌របស់ទ្រង់ ដោយសារតែអំពើបាបរបស់យើង ។ ឃ្លា « នៅពេលព្រះអង្គទតទៅលើព្រះភក្ត្រនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំង » សំដៅលើព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ប្រទានសេចក្តីមេត្តាករុណាដោយសារតែពលិកម្មដ៏ធួននៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌បង្វែរសេចក្តីក្រោធរបស់ទ្រង់ចេញពីអស់អ្នកដែលប្រែចិត្តដូច្នេះ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្ដែសូមជួយពួកគេរកឃើញគោលការណ៍ខាងក្រោមនេះ ៖ ដោយសារតែពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះសេចក្តីក្រោធរបស់ព្រះវរបិតាសួគ៌នឹងត្រូវបែរចេញពីអស់អ្នកដែលប្រែចិត្ត សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្ស ឲ្យនឹកគិតក្នុងចិត្ត ពីការរៀបរាប់នៅក្នុង ខ ៥៣ សូមអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោម ៖
សូមស្រមៃថា អតីតសមាជិកក្រុមមនុស្សកំណាចប្រឆាំងនឹងពួកមរមន កំពុងឈរនៅចំពោះព្រះភ័ក្រ្តព្រះដើម្បីជំនុំជំរះ ។ ឥឡូវសូមស្រមៃពីប៉ុន្មានឆ្នាំមុន ពីមុនបុគ្គលនេះស្លាប់ គាត់ពិតជាបានប្រែចិត្ត ហើយបានសុំការអភ័យទោស ហើយបានប្រោសលោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ សម្រាប់អំពើបាបរបស់បុគ្គលនេះ ព្រះវរបិតាសួគ៌នឹងបង្វែរការដាក់ទោស ហើយប្រទានសេចក្ដីមេត្តាដល់មនុស្សមានបាបដែលបានប្រែចិត្ត ។
សូមលើកទឹកចិត្តសិស្សឲ្យអភិវឌ្ឍអត្តចរិតនេះ ចំពោះអ្នកដែលបានធ្វើឲ្យពួកគេអាក់អន់ចិត្ត ឬបានធ្វើឲ្យពួកគេរងទុក្ខ ។ សូមឲ្យសិស្សស្រមៃពីមនុស្សដែលប្រែចិត្តបែបនេះ កំពុងឈរនៅពីមុខព្រះភក្ត្រព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន ដូចជា យ៉ូសែប ស៊្មីធ បានធ្វើសម្រាប់មនុស្សដែលបានធ្វើឲ្យពួកគេអាក់អន់ចិត្ត ឬធ្វើបាបទាស់នឹងពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩: ៥៤ -៦៧
ព្យាការីអធិស្ឋានឲ្យមនុស្សទូទាំងពិភពលោក ឲ្យប្រែចិត្តជឿចំពោះភាពពេញលេញនៃដំណឹងល្អ
សូមឲ្យសិស្សលើកដៃ បើពួកគេបានធ្វើអ្វីមួយដូចខាងក្រោម ៖
-
បានអធិស្ឋានសម្រាប់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទំាងឡាយ
-
បានអធិស្ឋានសម្រាប់សាសនាគន់ការីដែលរៀនអំពីសាសនាចក្រ
-
បានអធិស្ឋានសម្រាប់មនុស្សដែលមិនទាន់បានឮដំណឹងល្អ
-
តើអ្នកគិតថាការអធិស្ឋានរបស់អ្នកជួយដល់មនុស្សទាំងនេះ ដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥៤ - ៥៨ ឲ្យឮៗ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ រកមើលមនុស្សដែល យ៉ូសែប ស៊្មីធ បានអធិស្ឋានឲ្យ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀត រកមើលអ្វីដែលព្យាការីបានទូលសូមដល់ព្រះអម្ចាស់ធ្វើ សម្រាប់មនុស្សទាំងនោះ ។ រួចហើយសូមឲ្យក្រុមនិមួយៗរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើព្យាការីបានអធិស្ឋានថា នឹងមានអ្វីកើតឡើងចំពោះអ្នកដែលឮទីបន្ទាល់អ្នកបម្រើរបស់ព្រះអម្ចាស់ ?
-
តើគោលការណ៍អ្វី ដែលអ្នកបានឃើញនៅក្នុងខគម្ពីរទាំងនេះ ? ( សិស្សអាចរកឃើញសេចក្ដីពិតមួយចំនួន រួមទាំងសេចក្ដីពិតដូចខាងក្រោម ៖ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ រៀបចំយើងឲ្យថ្លែងទីបន្ទាល់ដល់អ្នកដទៃ ។ បើយើងអធិស្ឋានសម្រាប់អ្នកដទៃ នោះដួងចិត្តពួកគេអាចត្រូវបានបន្ទន់ ដើម្បីទទួលអ្នកបម្រើរបស់ព្រះអម្ចាស់ ។ នៅពេលសិស្សប្រាប់ពីគោលការណ៏ទាំងនោះ អ្នកអាចសរសេរនៅលើក្ដារខៀន ) ។
សូមផ្ដល់ឱកាសឲ្យសិស្សថ្លែងទីបន្ទាល់ នៃគោលការណ៍ទាំងឡាយដែលពួកគេបានស្គាល់ ។ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នក និងបទពិសោធន៍ដែលទាក់ទងនឹងមេរៀននេះ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥៩-៦៧ ដោយការពន្យល់ថា យ៉ូសែប ស៊្មីធ បានអធិស្ឋានថា ព្រះអម្ចាស់នឹងបង្កើតស្តេកនៃស៊ីយ៉ូនថែមទៀត ម្លោះហើយមនុស្សនៅទូទាំងពិភពលោកអាចប្រមូលគ្នាទៅស្តេកទាំងនោះ ។ លោកបានអធិស្ឋានជាពិសេសសម្រាប់ពូជពង្សរបស់ព្យាការី យ៉ាកុប ( អ៊ីស្រាអែល ) ឲ្យដឹងពីសេចក្ដីពិត និងការប្រែចិត្ត ទៅរកភាពពេញលេញនៃដំណឹងល្អ ។ នេះគឺជាវិធីមួយដ៏សំខាន់ ដែលសាសន៍អ៊ីស្រាអែល ត្រូវបានប្រមូលផ្តុំគ្នានៅថ្ងៃចុងក្រោយ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩: ៦៨ -៨០
ព្យាការីអធិស្ឋានសម្រាប់សាសនាចក្រ និងទូលសូមឲ្យព្រះអម្ចាស់ទទួលយកការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវឡើងវិញនូវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៦៨-៦៩, ៧១-៧៣ ,៧៨-៨០ ដោយស្ងាត់ស្ងៀម ។ អ្នកអាចសរសេរលេខនៅខគម្ពីរទាំងនេះ នៅលើក្ដារខៀន ដូច្នេះសិស្សអាចយោងទៅក្នុងនោះ។ សូមសូមឲ្យសិស្សរកមើលសំណើរបន្ថែម ដែលព្យាការីបានសុំនៅក្នុងការអធិស្ឋានឧទ្ទិសឆ្លង ។ សូមផ្ដល់យោបល់ ឲ្យពួកគេគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានសម្រាប់នរណា ហើយបានអធិស្ឋានធ្វើអ្វី?
-
តើផលប្រយោជន៍អ្វីដែលបានមកពីការរួមបញ្ចូលសំណូមពរដូច្នោះនៅក្នុងការអធិស្ឋានរបស់យើង ?
សូមអញ្ជើញសិស្សឲ្យច្រៀងបទ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង ទំព័រ ២ ) ។ សូមបង្វែរចំណាប់អារម្មណ៍របស់សិស្ស ទៅរកការពន្យល់ក្នុងអត្ថបទទំនុកតម្កើងខាងក្រោម ដែលនិយាយថាទំនុកតម្កើតនេះត្រូវបានច្រៀងនៅការឧទ្ទិសឆ្លង ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ( ក្រុមចម្រៀងច្រៀងបទនោះភ្លាមបន្ទាប់ពីការអធិស្ឋានឧទ្ទិសឆ្លង ) ។ វាត្រូវបានបន្តច្រៀងនៅការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនៅសព្វថ្ងៃនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីសង្ខេបដូចខាងក្រោម ពីអ្វីដែលបានកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធនៅល្ងាចថ្ងៃទី ២៧ ខែមិនា ឆ្នាំ ១៨៣៦ បន្ទាប់ពីការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ៖
នៅល្ងាចនោះ កូរ៉ុមបព្វជិតភាពបានជួបប្រជុំនៅក្នុងព្រះវិហារបរិសុទ្ធ ។ យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា លោក « បានប្រទានដល់ពួកគាត់នូវសេចក្ដីណែនាំអំពីវិញ្ញាណនៃការព្យាករណ៍ ហើយលោកបានចាត់ឲ្យអ្នកចូលរួមឡើងថ្លែង ។… ចច អេ ស្ម៊ីធ បានក្រោកឈរឡើង ហើយបានចាប់ផ្ដើមព្យាករ នោះមានសំឡេងមួយបានឮឡើងដូចជាសំឡេងខ្យល់ដ៏ខ្លាំង ដែលឮខ្ទរពេញព្រះវិហារបរិសុទ្ធ ហើយក្រុមជំនុំបានក្រោកឈរឡើងព្រមគ្នា ត្រូវបានសណ្ឋិតដោយព្រះចេស្ដាអរូបី មនុស្សជាច្រើនចាប់ផ្ដើមនិយាយភាសាផ្សេងៗ ហើយចាប់ផ្ដើមព្យាករ អ្នកផ្សេងទៀតបានឃើញការនិមិត្តដ៏រុងរឿង ហើយមើលចុះ ខ្ញុំបានប្រកាសដល់ក្រុមជំនុំថា ព្រះវិហារបរិសុទ្ធបានពោរពេញទៅដោយទេវតា ។ មនុស្សម្នាក់ដែលនៅជិតខាង បានរត់មកមើល ( ពួកគេឮសំឡេងដែលមិនប្រក្រតីពីក្នុងនោះ ហើយបានឃើញពន្លឺដ៏ភ្លឺដូចជាសរសរភ្លើង សណ្ឋិតនៅលើព្រះវិហារបរិសុទ្ធ ) ហើយមានការភ្ញាក់ផ្អើលអំពីអ្វីដែលកំពុងកើតឡើង » ( នៅក្នុង History of the Church ២:៤២៨ ) ។ មនុស្សមួយចំនួន បានឃើញទេវតានៅលើព្រះវិហារបរិសុទ្ធ ហើយបានឮពួកទេវតាច្រៀង ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ]ទំព័រ ១៦៧ ) ។
សូមបញ្ចប់ដោយថ្លែងទីបន្ទាល់ពីពរជ័យ ដែលយើងអាចទទួលបាននៅពេលដែលយើងចូលក្នុងព្រះវិហារបរិសុទ្ធដោយភាពសក្ដិសម ។