ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៤១-៤៤ ( មេរៀន​ទី ១០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៤១–៤៤ ( មេរៀន​ទី ១០ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១-៤៤ ( មេរៀន​ទី ១០ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤១)

ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤១, សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់សព្វ​ព្រះទ័យ​នឹង​ប្រទាន​ពរ​ដល់​ពួក​យើង នៅពេល​យើង​ស្តាប់ និង គោរព​តាម​ទ្រង់ ហើយ​ថា​យើង​នឹង​ក្លាយ​ជាពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ទទួល​ក្រឹត្យវិន័យ​ទ្រង់ ហើយ​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ទាំង​នោះ ។ តាមរយៈការសិក្សាពី​ការហៅបម្រើ​របស់អែតវើត ប៉ាទ្រិច ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ​ នោះ​សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ប៊ីស្សព​ត្រូវបាន​ហៅ​ដោយ​ព្រះ គាំទ្រ​ដោយ​សំឡេង​នៃ​សមាជិក និង ត្រូវបាន​តែងតាំង​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១-២៩)

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ គឺ​ត្រូវបាន​រាប់ទុកជា « ក្រឹត្យវិន័យ​នៃ​សាសនាចក្រ » ។ នៅពេល​សិស្ស​បាន​សិក្សា​ពីផ្នែក​ទីមួយ​នៃ​ក្រឹត្យ​វិន័យ​នៃ​សាសនាចក្រ នោះ​ពួកគេ​បាន​រៀន​ថា ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​សេចក្តីជំនឿ នោះ​យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណ​ជួយ​យើង​បង្រៀន​ដល់អ្នកដទៃ ។ លើស​ពី​នោះ​ទៀត សិស្ស​បាន​រៀន​ថា ព្រះវិញ្ញាណ​បរិសុទ្ធជ្រាប​ដឹង​នូវ​ការណ៍​គ្រប់យ៉ាង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ នៅក្នុង​ចំណោម​ក្រឹត្យវិន័យ និង បទបញ្ញត្តិ​ជាច្រើន​ដែល​បាន​សិក្សា​នៅក្នុង​ផ្នែក​នេះ ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២, សិស្ស​បាន​សិក្សា​អំពី​សេចក្តី​ពិត​ថា ប្រសិនបើ​យើង​មាន​តម្រេក​សម្រើប​ចង់​បាន​បុគ្គល​ណា​មួយ នោះ​យើង​នឹង​បោះបង់​ចោល​សេចក្ដីជំនឿ ហើយ​នឹង​មិន​មាន​ព្រះវិញ្ញាណ​ឡើយ ។

ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០-៩៣)

នៅពេល​ពួកគេ​បាន​សិក្សា ហើយ​បាន​បង្រៀន​ពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​របស់​ព្រះអម្ចាស់ នោះ​សិស្ស​បាន​រៀន​ថា នៅពេល​យើងយកចិត្ត​ទុកដាក់​ចំពោះ​ជន​ទ័លក្រ និង អស់​អ្នក​ដែល​ខ្វះខាត ហើយ​ថា​ប្រសិនបើ​យើង​ធ្វើ​ល្អ​ចំពោះមនុស្ស​ដទៃ នោះ​យើង​ធ្វើ​ការណ៍​នេះ​ដល់​ព្រះអម្ចាស់​ហើយ ។ សិស្ស​ក៏​រកឃើញ​គោលការណ៍​នេះ​ថា ប្រសិនបើ​យើងទូលសួរ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ចំណេះ​ដឹង​ដល់​យើង ដែល​នឹង​នាំ​មក​យើងនូវ​សេចក្ដីសុខសាន្ដ សេចក្ដីអំណរ ។ ពួកគេ​បាន​បញ្ចប់​មេរៀន​នេះ​ដោយ​ការរៀន​ថា ទង្វើខុសដែល​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់ គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សម្ងាត់ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣-៤៤)

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣, សិស្ស​បាន​រៀន​ថា ​មាន​តែ​ព្យាការី​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។ សិស្ស​ក៏យល់​ផងដែរ​ថា គោលបំណង​នៃ​ការប្រជុំរបស់​សាសនាចក្រ​គឺ​ដើម្បីបង្គាប់ និង ស្អាងគ្នា​ទៅវិញ​ទៅមក ហើយ​ថា​យើង​ត្រូវ​ភ្ជាប់​ខ្លួន​យើង ទៅនឹង​ការ​ប្រព្រឹត្ត​តាម​សេចក្ដីពិត ដែល​យើង​រៀន ។ បន្ទាប់​ពី​ការសិក្សា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​កូនចៅ​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ហើយ​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សិស្ស​បាន​រៀន​ផងដែរ​ថា អំឡុង​ពេល​សហស្សវត្សរ៍ សាតាំង​នឹង​ត្រូវបាន​ចង ហើយ​ព្រះយេស៊ូវគ្រីស្ទ នឹង​សោយរាជ្យ​ជាមួយ​រាស្ត្រ​ទ្រង់​នៅ​លើ​ផែនដី ។

សេចក្តីផ្ដើម

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ផ្តោត​លើ​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ទាក់ទង​នឹងសេចក្តីស្លាប់ និង ការ​ជាស្បើយ ដែល​នឹង​ពុំ​មាន​នៅក្នុង​មេរៀន​របស់សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៥២

ព្រះអម្ចាស់​ប្រទាន​ឱវាទទាក់ទង​នឹង​សេចក្ដីស្លាប់ និង ការ​ជាស្បើយ

សូម​យក​ដៃ​ម្ខាង​លើក​ដប​ប្រេង​អូលីវ​តូច​មួយ សម្រាប់​ធ្វើការ​ប្រសិទ្ធិពរដល់អ្នកឈឺ​ ហើយ​យក​ដៃ​ម្ខាង​ទៀត​កាន់ដប​ថ្នាំ ។

  • តើ​វត្ថុ​ទាំងពីរ​នេះ​ប្រើ​សម្រាប់​ធ្វើ​អ្វី ?

  • តើ​វត្ថុ​មួយណា​ដែល​យើង​គួរ​តែ​ពឹង​ផ្អែកទៅលើ ពេល​មានជំងឺ​នោះ ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ដោយ​សង្ខេបនូវ​គំនិត​របស់ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៤៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការណែនាំ​របស់ព្រះអម្ចាស់ ទាក់ទង​នឹង​អ្វី​ដែល​យើង​គួរ​តែ​ពឹង​ផ្អែកលើ​វា​ពេល​មានជំងឺ ។ ដើម្បីជួយសិស្ស​យល់​នូវ​ខគម្ពីរ​ទាំងនេះ វា​អាច​ជា​ប្រយោជន៍​ដើម្បី​ពន្យល់​ថា រុក្ខជាតិ និង​អាហារ​សាប​ៗ​ដែលបាន​ប្រាប់​នៅក្នុង ខ ៤៣ នេះ​សំដៅ​ទៅលើ​ការព្យាបាល​ខាង​វេជ្ជសាស្ត្រ ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ អំឡុង​ពេល​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។

ដើម្បី​ជួយ​សិស្ស​យល់​ថា ការជាស្បើយអាច​ត្រូវបាន​ប្រទាន​មក​ដោយសារ​សេចក្តីជំនឿ និង ថ្នាំ​ពេទ្យ​ព្យាបាល​នោះ សូមឲ្យ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖ នៅពេល​សិស្សអាន សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​អំពី​របៀប​ដែល​ការជាសះស្បើយ អាច​កើត​មាន​មក​តាមរយៈ​ទាំង​សេចក្ដីជំនឿផង និង ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ផង ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ទៅលើ​ការ​អនុវត្តចំណេះ​ដឹង និង​បច្ចេក​វិទ្យា​ខាង​វិទ្យាសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មាន ។ យើង​ប្រើ​អាហាររូបត្ថម្ភ លំហាត់ប្រាណ និង​ការ​អនុវត្ត​ដទៃទៀត ដើម្បី​ថែទាំ​សុខភាព ហើយ​យើង​ចូលរួម​បម្រើ​ ក្នុង​ការ​ព្យាបាលរបស់គ្រូពេទ្យជំនាញ ដូចជា​វេជ្ជបណ្ឌិត និង គ្រូពេទ្យវះកាត់ ដើម្បី​ទទួល​បាន​សុខភាពល្អ​ឡើងវិញផងដែរ ។

« ការ​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ គឺ​ពុំ​មែនជាការជំទាស់​នឹង​ការ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​របស់យើង និង​ការ​ពឹងផ្អែក​របស់​យើង​ទៅ​លើ​ការ​ប្រសិទ្ធពរ​នៃ​បព្វជិតភាព​នោះ​ទេ ។…

« ប្រាកដ​ណាស់​ថា យើង​ពុំ​រង់ចាំ​រហូត​ដល់​វិធីសាស្ត្រ​ដទៃទៀត​ទាំងអស់​ប្រើការ​លែង​បាន ទើប​យើង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ ឬ​ផ្ដល់​ការ​ប្រសិទ្ធពរ​បព្វជិតភាព​សម្រាប់ការ​ជាសះស្បើយ​នោះទេ ។ ក្នុង​ពេលអាសន្ន ការ​អធិស្ឋាន និង​ការ​ប្រសិទ្ធពរ​ត្រូវ​ធ្វើ​ឡើង​ដំបូង​គេបង្អស់ ។ ជាញឹកញាប់​ណាស់ ដែល​យើងខិតខំ​ធ្វើអ្វីៗគ្រប់យ៉ាង​ក្នុង​ពេល​ដំណាល​គ្នា » (​Healing the Sick » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៤៧ ) ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​ប្រើ​ការ​អធិស្ឋាន និង​ពរជ័យ​នៃ​បព្វជិតភាព ក៏​ដូចជា​ការព្យាបាល​ខាងវេជ្ជសាស្ត្រ​សម្រាប់​ធ្វើការ​ព្យាបាល​ក្នុង​ពេល​មាន​ជំងឺយ៉ាង​ដូច្នេះ ?

  • ស្របតាម ខ ៤៤, តើ​មនុស្ស​មាន​ជំងឺ​គ្រប់គ្នា ដែល​បានទទួល​ពរជ័យ​បព្វជិតភាព​នឹង​ត្រូវ​បាន​ជាសះស្បើយ​ដែរ​ឬទេ ?

សូមប្រាប់សិស្ស​ថា ព្រះអម្ចាស់បានពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​មួយចំនួន ដែលបាន​ទទួល​ពរជ័យបព្វជិតភាព អាច​នឹង​ពុំ​បានជាសះស្បើយ​ផងដែរ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​គោលការណ៍​ទាំងឡាយ​ដែល​គ្រប់គ្រង ថា​តើ​នរណា​នឹង​ត្រូវ​បានជាសះស្បើយ ឬ​អត់​ដោយសារ​ការប្រសិទ្ធពរ​ពីបព្វជិតភាព ។

  • យោង​តាម ខ ៤៨ តើ​កត្ដា​ចម្បង​ដែល​កំណត់​ពីលទ្ធផល​នៃ​ការប្រសិទ្ធ​ពរ​ពីបព្វជិតភាព​គឺជា​អ្វី ? ( ប្រសិនបើ​បុគ្គល​ម្នាក់​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពុំ​ត្រូវបាន​កំណត់​ឲ្យ​ស្លាប់ នោះ​បុគ្គល​នោះ​នឹង​ត្រូវបានជាសះស្បើយ ។ អ្នក​អាច​ត្រូវ​ពន្យល់​ឃ្លា « ដែល​ពុំ​បានកំណត់​ឲ្យ​ស្លាប់ » សំដៅទៅ​លើ​កត្ដា​ដែល​សេចក្ដីស្លាប់ ឬ​ការជាសះស្បើយនឹង​កើត​ឡើង ស្របតាម​ពេលវេលា ប្រាជ្ញា និង​ព្រះទ័យ​របស់ព្រះ​អម្ចាស់ ) ។

  • ហេតុអ្វី​ក៏​មនុស្ស​គ្រប់គ្នា​ដែល​មានសេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នឹងពុំបានជាសះស្បើយ​ដូច្នេះ ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះឆន្ទៈរបស់ព្រះ និង​ពេលវេលាសម្រាប់​យើង​ម្នាក់ៗ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើលគោលការណ៍​មួយ​ដែល​យើងអាច​រៀន​ចេញ​មក​ពី​ គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៨ អំពី​ការ​ជាសះស្បើយ​ពី​អស់ទាំងរោគា​របស់​យើង ។ ទោះបី​ជា​សិស្ស​អាច​ប្រើពាក្យ​ផ្សេង​គ្នា​ក្តី ចម្លើយ​របស់ពួកគេគួរតែ​ឆ្លុះបញ្ចាំងអំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​មាន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងអាច​ត្រូវ​បាន​ជាសះស្បើយ​តាមព្រះឆន្ទៈ​របស់ទ្រង់ ។ អ្នក​អាច​ឲ្យ​យោបល់​ដល់​សិស្ស​គូស​ចំណាំពាក្យ ឬ​ឃ្លា​នៅក្នុង​ ខទី ៤៨ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា សេចក្ដីជំនឿ​របស់យើង ត្រូវ​តែ​ផ្ដោត​ទៅ​លើព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ផ្ដោត​ទៅលើ​លទ្ធផល​ជាក់លាក់​នានា ដែ​ល​យើង​ប្រាថ្នា​ចង់​បាន សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មូលហេតុមួយ​ថា ហេតុអ្វី​ក៏​វា​សំខាន់ដើម្បី​ផ្ដោត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះ​ដឹង​ដ៏​គ្មាន​កម្រិត​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់សុខុមាលភាព​ដ៏​អស់កល្ប​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹងពី​ទំនុកចិត្ត​នោះ នៅក្នុង​ការ​និយាយ​ដែល​បងប្អូនជីដូនមួយ​របស់ខ្ញុំ​បាន​ផ្ដល់​នៅ​ពិធីបុណ្យសព​របស់​ក្មេង​ស្រីជំទង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ធ្ងន់ ។ គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ដែល​ដំបូង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​បន្ទាប់មក​វា​បាន​ធ្វើ​ខ្ញុំ​បាន​ស្កប់​ចិត្ត ៖ ‹ ខ្ញុំ​ដឹង​ថា វា​គឺជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​ថា​នាង​ត្រូវ​ស្លាប់ ។ នាង​បាន​ទទួល​នូវ​ការយក​ចិត្ត​ទុក​ដាក់​ពី​វេជ្ជសាស្ដ្រ​ដ៏​ល្អ ។ នាង​បាន​ទទួល​ការ​ប្រសិទ្ធពរ​បព្វជិតភាព ។ ឈ្មោះ​នាង​ត្រូវ​បាន​ដាក់នៅក្នុង​បញ្ជី​អធិស្ឋាន​ក្នុងព្រះវិហារបរិសុទ្ធ ។ នាង​គឺជា​ប្រធានបទ​នៃ​ការអធិស្ឋាន​របស់​មនុស្ស​រាប់រយ​នាក់ ដែល​សុំ​ឲ្យ​នាង​មានសុខភាព​ល្អ​ប្រសើរ​វិញ ។ ហើយ​ខ្ញុំ​ដឹង​ថា គ្រួសារ​នេះ​មាន​ជំនឿ​ល្មម​គ្រប់គ្រាន់​ដើម្បី​ឲ្យ​នាង​នឹង​បាន​ជាសះស្បើយ តែ​វា​គឺ​ជា​ព្រះទ័យ​របស់ព្រះអម្ចាស់ ដើម្បី​នាំ​នាង​ត្រឡប់ទៅ​ផ្ទះ​វិញ​នា​ពេល​នេះ › ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ទំនុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ពាក្យ​របស់​ឪពុក​របស់​ក្មេងស្រី​ជម្រើស​ម្នាក់​ទៀត ដែល​បាន​ស្លាប់​ដោយសារ​មហារីក ក្នុង​វ័យ​ជំទង់​របស់​នាង ។ គាត់​បាន​ប្រកាស​ថា ‹ សេចក្ដី​ជំនឿ​របស់​គ្រួសារ​យើង គឺ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​មិន​ពឹងផ្អែក​ទៅលើ​លទ្ធផល​ណា​មួយ​នោះទេ › ។ ការបង្រៀន​ទាំងនោះ​ស្ដាប់ទៅ​ពិត​ណាស់ចំពោះ​ខ្ញុំ ។ យើងធ្វើនូវអ្វីៗ​ទាំង​អស់ដែល​យើងអាច​ធ្វើ ដើម្បី​ព្យាបាល​ដល់មនុស្ស​ជា​ទីស្រឡាញ់របស់​យើង រួច​ហើយ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​នោះ » (« Healing the Sick » ទំព័រ ៥០ ) ។

  • តើ​បុគ្គល​ម្នាក់ៗ​ដែល​អែលឌើរ អូក មានប្រសាសន៍បានអនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មានសេចក្ដីជំនឿកាន់តែ​ខ្លាំង ដើម្បី​មើល​ឃើញ​មនុស្ស​ជាទីស្រឡាញ់​ត្រូវស្លាប់ ឬ​រងទុក្ខ​នឹង​ជំងឺ​ដ៏​រាំរ៉ៃ ជាជាង​មើល​ឃើញ​ពួកគេ​រស់នៅ ឬ​ត្រូវ​បាន​ជាសះស្បើយ ។ ហេតុអ្វីអ្នក​គិតថា​ការណ៍​នេះ​អាចប្រែក្លាយ​ជាដូច្នេះ ?

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះ​ជា​យើង​ពុំ​ទទួល​បានលទ្ធផល​ដែល​យើង​ចង់​បានក្តី ?

សូម​សួរ​សិស្ស​ប្រសិនបើ​ជា​ពួកគេ​ស្គាល់​នរណា​ដែល​បាន​ទទួល​មរណភាព ទោះជា​គាត់​បានធ្វើតាម​ដំបូន្មាន​ខាង​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ហើយ​ស្វែងរក​ការ​ព្យាបាល​តាមរយៈ​ការ​អធិស្ឋាន និង​ការ​ប្រសិទ្ធពរ​ពីបព្វជិតភាពក៏ដោយ ។ ( សូម​ប្រយ័ត្ន​ជា​ពិសេស​ចំពោះ​អារម្មណ៍​របស់អ្នកដែល​អាច​នឹង​ជួប​ស្ថានភាពដូច​នេះ ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៥-៤៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាចនាំ​មកនូវការ​លួងលោមចិត្ត​ដល់​នរណា​ម្នាក់​ដែល​ធ្លាប់មានមនុស្ស​ជាទីស្រឡាញ់របស់ខ្លួន​ទទួលរមណភាព ។

  • ខ ៤៥ ប្រាប់​យើង​ថា យើង​នឹង​យំ​សោក​ទៅតាម​ធម្មជាតិ ចំពោះការ​បាត់​បង់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ តើ​គោលការណ៍​អ្វីខ្លះ​បាន​បង្រៀន​នៅក្នុង ខ ៤៦ ដែល​អាច​នាំ​មក​នូវ​ការលួងលោម​ចិត្ត​ដល់​អស់​អ្នក​ដែល​ទួញយំ​ចំពោះ​ការបាត់បត់​មនុស្ស​ជា​ទីស្រឡាញ់ ? (សេចក្ដីស្លាប់​គឺ​ផ្អែម​ល្ហែម​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់ ។ អ្នក​អាច​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំពាក្យ ឬ ឃ្លា​នានា​ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ) ។

  • តើ​អ្នក​គិត​ថាសេចក្ដីស្លាប់​នៅក្នុង​ព្រះអម្ចាស់ វា​មាន​ន័យ​ដូចម្តេច ? ( របៀប​មួយ​ដើម្បី​ពន្យល់​ការណ៍​នេះ​ថា​បុគ្គល​នេះ​មានការស៊ូទ្រាំ​យ៉ាង​ស្មោះត្រង់ ហើយ​បាន​រក្សា​សេចក្តីសញ្ញាពិសិដ្ឋ​រហូត​ដល់​ស្លាប់ ) ។

  • តើ​អ្នក​គិត​ថា​វាមានន័យ​យ៉ាង​ណា ដែលថា​សេចក្ដីស្លាប់​នឹង « ផ្អែម​ល្ហែម » ចំពោះ​អ្នកទាំងឡាយ​ដែល​ស្លាប់​នៅក្នុង​ព្រះអម្ចាស់​នោះ ? ( អ្នកចាំបាច់​ត្រូវ​ពន្យល់​ថា សូម្បីតែ​មនុស្ស​ស្មោះត្រង់ម្នាក់​ដែល​ស្លាប់ ក៏​អាច​នឹង​រងនូវ​ការ​ឈឺចាប់​ខាង​រូបកាយដែរ ការ​សន្យា​នេះ​សំដៅ​ទៅលើ​ភាព​សុខសាន្ដ និង​ការ​ឈប់សម្រាក ដែល​បុគ្គល​នោះ នឹង​ទទួល​នៅក្នុងពិភពវិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ថា​តើ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ជីវិត​តាមរបៀប​ដែល​នឹង​ធ្វើ​ឲ្យ​សេចក្ដីស្លាប់ « ផ្អែម​ល្ហែម » ចំពោះ​ពួកគេ ប្រសិនបើ​វា​នឹង​កើត​ឡើង​នៅក្នុង​ថ្ងៃ​នេះ​ឬ​ទេ ។ ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរគំនិត​របស់ពួកគេ​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំ​ការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ) ។

សូម​បញ្ចប់​មេរៀន ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​នានា ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​ថ្ងៃ​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥-៤៨)

​សូមសួរ​សិស្ស​ប្រសិនបើ​ពួកគេ​ធ្លាប់មាន​អារម្មណ៍​ច្របូកច្របល់​ ឬ ខ្វល់ខ្វាយ​ពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​ទីសម្គាល់​នានា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ តើ​មាន​អ្វី​ខ្លះនឹង​កើត​ឡើងនៅពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​មក ? តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ពេល​នោះ ?