មេរៀនទី ១៤៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥ ភាគ ១
បុព្វថា
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤ ព្យាការីយ៉ូសែប ស្ម៊ីធ និង បងប្រុសរបស់លោក ហៃរ៉ុម ដែលជាជំនួយការប្រធាន និងជាលោកអយ្យកោរបស់សាសនាចក្រ ត្រូវបានធ្វើទុក្ករកម្មនៅក្នុងគុគកាតធេច រដ្ឋ អិលលីណោយ ។ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអនុមតិការប្រកាសអំពីទុក្ករកម្មមួយ ឲ្យដាក់បញ្ចូលនៅក្នុងការបោះពុម្ពនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា នៅចុងឆ្នាំ ១៨៤៤ ដែលហៀបនឹងត្រូវបានបោះពុម្ព ។ សេចក្ដីប្រកាសនោះសរសេរតាមដំណើររឿងដែលអែលឌើរ យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ ជាសមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ បានឃើញដោយផ្ទាល់ភ្នែក ។ វិវរណៈនេះ ឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ។
កំណត់ចំណាំ ៖មេរៀននេះ រួមមាននូវដំណើររឿងជាប្រវត្តិសាស្ត្រមួយចំនួនដែលអាចត្រូវបានអានដោយសិស្ស ។ អ្នកអាចនឹងគិតធ្វើការថតចម្លងដំណើររឿងទាំងនេះ ហើយចែកវាទៅឲ្យសិស្សនៅពេលចាប់ផ្ដើមថ្នាក់រៀន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១-៧
ទុក្ករកម្មរបស់ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវបានប្រកាស
សូមចាប់ផ្ដើមថ្នាក់ដោយការសួរដល់សិស្ស បើមានពួកគេណាម្នាក់ចាំថា ពួកគេនៅកន្លែងណា នៅពេលពួកគេបានដឹងអំពីការស្លាប់របស់ប្រធាននៃសាសនាចក្រ ឬមនុស្សជាទីស្រឡាញ់ ។
សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេជាសមាជិកនៃសាសនាចក្រដែលរស់នៅក្នុងទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ក្នុងឆ្នាំ ១៨៤៤ ហើយពួកគេបានទទួលដំណឹង ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរនេះឲ្យឮៗ ។
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច បន្ទាប់ពីបានស្ដាប់ឮអំពីសោកនាដកម្មនេះ ?
សូមពន្យល់ថា ពួកបរិសុទ្ធជាច្រើន បានរញ្ជួយចិត្តជាខ្លាំងជាមួយនិងភាពសោកសៅ នៅពេលពួកគេបានដឹងអំពីការស្លាប់របស់ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យនឹកគិតអំពីអារម្មណ៍ផ្ទាល់ខ្លួន និងទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស៊្មីធ នៅពេលពួកគេដឹងអំពីថ្ងៃចុងក្រោយនៃជីវិតរបស់លោក ។
សូមប្រាប់សិស្សថា យ៉ូសែប ស៊្មីធ និង ពួកបរិសុទ្ធ បានរស់នៅដោយភាពសុខសាន្ដក្នុងរដ្ឋ អិលលីណោយ ប្រហែលរយៈពេលបីឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមឆ្នាំ ១៨៤២ ពួកគេបានចាប់ផ្ដើមជួបនឹងការជំទាស់ប្រឆាំងម្ដងទៀត ។ អ្នកប្រឆាំងនៅក្នុងសាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅសាសនាចក្រ បានរួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងព្យាការី ព្រមទាំងសាសនាចក្រ ។ ពលរដ្ឋមួយចំនួននៅរដ្ឋ អិលលីណោយ បានចាប់ផ្ដើមមានភាពភ័យខ្លាច ហើយស្អប់ឥទ្ធិពលខាងនយោបាយរបស់ពួកបរិសុទ្ធ ។ អ្នកដទៃរឹតកាន់តែច្រណែននឹងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់សាសនាចក្រនៅទីក្រុងណៅវូ ហើយបានរិះគន់នឹងអំណាចរបស់អភិបាលក្រុងណៅវូ និងក្រុមជីវពលរបស់ក្រុង ។ មនុស្សមួយចំនួនទៀតបានចាប់ផ្ដើមមិនចូលចិត្តពួកបរិសុទ្ធ ដោយសារតែការយល់ច្រឡំអំពីគោលលទ្ធិ និងការអនុវត្តរបស់ពួកមរមនដ៏ចម្លែក ដូចជាអាពាហ៍ពិពាហ៍ពហុពន្ធភាព ហើយមួយចំនួនទៀតបានយល់ខុស ដោយសារតែសមាជិកនៃសាសនាចក្រដែលក្បត់សាសនា ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ២៦៣-៦៦, ២៧០-៧១ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កថាកណ្ឌដូចខាងក្រោម ៖
សិស្សទី ១
ត្រឹមខែ មិថុនា ឆ្នាំ ១៨៤៤ ភាពអនាមិកប្រឆាំងនឹងសាសនាចក្រកាន់តែតានតឹងខ្លាំងឡើងៗ ។ ប្រជាជនខ្លះនៅក្នុងរដ្ឋអិលលីណោយ បានពិភាក្សាពីការបណ្ដេញពួកបរិសុទ្ធចេញពីរដ្ឋ ខណៈអ្នកផ្សេងទៀតបានគ្រោងសម្លាប់ព្យាការី ។ អ្នកខ្លះដែលបានរួមគំនិតក្បត់នឹងព្យាការី និង សាសនាចក្រ ជាអតីតសមាជិកនៃសាសនាចក្រ ដែលបានក្បត់សាសនា ។ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡរ ដែលបានបម្រើជាទីប្រឹក្សាទីពីរនៃគណៈប្រធានទីមួយ និងអ្នកក្បត់សាសនាផ្សេងទៀត បានបោះពុម្ពកាសែតលេខទីមួយដែលហៅថាNauvoo Expositor ។ ដោយមានបំណងចង់ញុះញុងដល់សាធារណជន ឲ្យប្រឆាំងនឹងព្យាការី និងសាសនាចក្រ បុរសទាំងនេះបានប្រើកាសែតដើម្បីនិយាយបង្ខូចដល់ យ៉ូសែប ស្ម៊ីធ និងពួកអ្នកដឹកនាំសាសនាចក្រផ្សេងទៀត ។ យ៉ូសែប ស្ម៊ីធ និងក្រុមប្រឹក្សាក្រុងណៅវូភាគច្រើនបានដឹងថា កាសែតអុជអាលនេះ នឹងនាំទៅរកអំពើហិង្សាឥតសណ្ដាប់ធ្នាប់ប្រឆាំងក្នុងក្រុងនេះ ។ ពួកគេបានប្រកាសដល់សាធារណៈជនថាជាសារព័ត៌មានរំខាន និងបានបញ្ជាឲ្យបំផ្លាញកាសែត Nauvoo Expositor ។
សូមពន្យល់ថា មាតិកាអំពីNauvoo Expositorព្រមជាមួយនឹងការបំផ្លាញការបោះពុម្ព បានបណ្ដាលឲ្យមានកំហឹងទំនាស់ប្រឆាំងនឹងពួកមរមន កើនឡើងរឹតតែខ្លាំង ។ ម្ចាស់រោងពុម្ពបានដាក់បណ្ដឹងស្របច្បាប់ទាស់នឹង យ៉ូសែប ស៊្មីធ និង អ្នកដឹកនាំក្នុងក្រុងដទៃទៀត ដោយចោទប្រកាន់ពួកគេអំពីការបង្កឲ្យមានកុប្បកម្មឡើង ។ យ៉ូសែប ស៊្មីធ ត្រូវបានរួចពីការចោទប្រកាន់ ប៉ុន្តែការដោះលែងលោក កាន់តែធ្វើឲ្យមារសត្រូវ របស់លោកខឹងខ្លាំងឡើងៗប៉ុណ្ណោះ ។ នៅពេលការរាយការណ៍បានចាប់ផ្ដើមសាយភាយ ដែលពួកមនុស្សកំណាចបានប្រមូលផ្ដុំគ្នាវាយប្រហារលើទីក្រុង ណៅវូ នោះ យ៉ូសែប ស៊្មីធ ក្នុងនាមជាអភិបាលខេត្ត បានប្រកាសថាទីក្រុង ណៅវូ ត្រូវស្ថិតនៅក្រោមច្បាប់ទ័ព ( ច្បាប់ទ័ពបណ្ដោះអាសន្ន ) ។ ដោយមានការដឹកនាំពីអភិបាល ថូម៉ាស ហ្វត នៃរដ្ឋ អិលលីណោយ យ៉ូសែប បានបញ្ជាទ័ពផ្លូវការនៅណៅវូ ការពារដល់ទីក្រុង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌពីរដូចខាងក្រោម ៖
សិស្សទី ២
ការរំជើបរំជួលនៅក្នុងតំបន់បានរីកធំឡើងៗ ដែលធ្វើឲ្យអភិបាល ហ្វត ចេញទៅ កាតធេច ជាទីស្នាក់ការកណ្ដាលនៃរដ្ឋាភិបាល សុំកងទ័ព ដើម្បីបង្រ្កាបស្ថានភាពហឹង្សាដ៏ខ្លាំងនោះ ។ គាត់បានសរសេរសំបុត្រទៅកាន់ យ៉ូសែប ស្ម៊ីធ ថា មានតែតាមរយៈការសម្រេចក្ដីរបស់ព្យាការី និង ថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រត្រូវបានធ្វើឡើងដោយក្រុមចៅក្រមមិនមែនជាពួកមរមន នៅក្រុងកាតធេច ទេ ទើបអាចធ្វើឲ្យប្រជាពលរដ្ឋស្កប់ចិត្តបាន ។ អភិបាល ហ្វត ក៏បានសន្យានឹងពួកគេថា នឹងការពារ ហើយកាត់ទោសដោយយុត្តិធម៌ទាំងស្រុង បើពួកគេចូលមកដោយស្ម័គ្រចិត្ត ។ យ៉ូសែប បានតបថា ជីវិតរបស់លោកនឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៅតាមផ្លូវ ហើយថាលោកនឹងពុំចូលខ្លួនទេ ។
នៅពេល យ៉ូសែប ស៊្មីធ បានប្រឹក្សាជាមួយនឹងបងប្អូនប្រុសរបស់លោកអំពីអ្វីត្រូវធ្វើបន្ទាប់ទៀត នោះលោកមានអារម្មណ៍ថា បើលោក និងហៃរ៉ុម ចាកចេញពី ណៅរូ ហើយធ្វើដំណើរទៅទិសខាងលិច នោះពួកគេបរិសុទ្ធនៅរដ្ឋ ណៅវូ នឹងពុំមានគ្រោះថ្នាក់ទេ ។ យ៉ូសែប និង ហៃរ៉ុមបានធ្វើដំណើរឆ្លងកាត់ទន្លេម៊ីស៊ីស៊ីពី ទៅ អៃអូវ៉ា តាមការប្រឹក្សានេះ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសាសនាចក្រមួយចំនួននៅណាវូ បានសង្ស័យចំពោះផែនការរបស់ព្យាការី ។ មានមនុស្សមួយចំនួនបានមកជួបលោក បានចោទលោកថា កំសាក ដោយនិយាយថា លោកបានបោះបង់ចោលពួកបរិសុទ្ធ ហើយទុកឲ្យពួកគេនៅប្រឈមមុខនឹងការបៀតបៀនតែឯង ។ ព្យាការីបានតបថា « បើសិនជាជីវិតមិត្តរបស់ខ្ញុំពុំមានតម្លៃចំពោះជីវិតខ្ញុំ នោះខ្ញុំគ្មានតម្លៃអ្វីទេ » ( នៅក្នុងHistory of the Church ៦:៥៤៩) ។ បន្ទាប់ពីបានប្រឹក្សាជាមួយគ្នាហើយ យ៉ូសែប និង ហៃរុម បានត្រឡប់មកទីក្រុង ណៅវូ វិញ ។ នៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៨៤៤ ពួកលោកបានចាកចេញទៅកាតធេច ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្យាករដែលយ៉ូសែប ស្ម៊ីធ បានធ្វើ នៅពេលលោកជិតទៅដល់ទីក្រុងកាតធេច ។
-
តើយ៉ូសែបបានប្រាប់ថា មានអ្វីនឹងកើតឡើងដល់លោក ?
-
តើអ្នកគិតថា ព្យាការីនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលលោកចាកចេញពីគ្រួសារលោក ដោយដឹងថា លោកនឹងពុំត្រឡប់មកជួបពួកគេវិញនោះ ?
-
ហេតុអ្វីក៏អ្នកគិតថា យ៉ូសែប « មានចិត្តស្ងប់ស្ងាត់ដូចជាព្រឹកព្រលឹមនៅរដូវក្ដៅ » នៅពេលលោកបានដឹងថា លោកនឹង « ដូចជាកូនចៀមដែលនឹងត្រូវសម្លាប់ » យ៉ាងដូច្នោះ ?
សូមពន្យល់ថា ព្យាការីបានដឹងថាការស្លាប់របស់លោក នឹងការពារដល់ជីវិតរបស់ពួកបរិសុទ្ធ ។
នៅពេលហៃរ៉ុម ស្ម៊ីធ បានរៀបចំធ្វើដំណើរទៅគុកកាតធេច នោះលោកបានអាន អេធើរ ១២:៣៦–៣៨ ហើយបន្ទាប់មក បានបត់ទំព័រនោះទុក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៥ ឲ្យឮៗ ។ សូមឲ្យសិស្សត្រៀមខ្លួន ហើយកត់សម្គាល់នូវអ្វីដែលហៃរ៉ុមបានអាន និងបានគូសចំណាំពីមុនចាកចេញទៅគុកកាតធេច ។
-
ហេតុអ្វីអ្នកគិតថា ខគម្ពីរមកពីគម្ពីរអេធើរទាំងនេះ អាចមានអត្ថន័យយ៉ាងខ្លាំងចំពោះហៃរ៉ុមដើម្បីអាននៅគ្រានោះ ?
-
តើអ្នកគិតថាឃ្លា « មនុស្សទាំងអស់នឹងដឹងថា អាវរបស់ខ្ញុំគ្មានប្រឡាក់ដោយឈាមរបស់អ្នកឡើយ » (គ. និង ស. ១៣៥:៥) មានន័យដូចម្ដេច ?
សូមឲ្យសិស្សពិចារណាពីរបៀបដែល យ៉ូសែប និងហៃរ៉ុម អាចមានអារម្មណ៍បែបណា នៅពេលដឹងថាពួកលោកបានបំពេញតាមការហៅបម្រើ និងកាតព្វកិច្ចរបស់ពួកលោកមកពី ព្រះដោយអស់ពីលទ្ធភាពខ្លួនហើយនោះ ។
-
តើយើងអាចរៀនអ្វីខ្លះ ពីគំរូរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ដែលអាចជួយយើងឲ្យបំពេញការហៅនានាដែលយើងទទួលបានមកពីព្រះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីសង្ខេបដូចខាងក្រោមអំពីព្រឹត្តការណ៍ទាំងឡាយដែលកើតឡើងនៅថ្ងៃទី ២៥-២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ៖
សិស្សទី ៣
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរ៉ុម ស៊្មីធ និងអ្នកដឹកនាំដទៃទៀត បានបង់ប្រាក់ធានាអនុញ្ញាតឲ្យនៅក្រៅឃុំ នៅកាតធេច ហើយបាននៅក្រៅឃុំរហូតដល់ថ្ងៃការកាត់ក្ដីជាផ្លូវការ នឹងធ្វើឡើង ដែលចោទប្រកាន់អំពីការបង្ករឲ្យមានកុប្បកម្មនោះ ( សំដៅទៅលើការបំផ្លាញកាសែតNauvoo Expositor) ។ ទោះជាយ៉ាងណាក៏ដោយ នៅល្ងាចនោះ យ៉ូសែប និង ហៃរ៉ុម ត្រូវបានបង្ខាំងឲ្យនៅក្នុងគុគកាតធេច ទាក់ទងនឹងការចោទមួយថាក្បត់ជាតិ ដែលថា យ៉ូសែប និង មេធាវីរបស់លោក បានតវ៉ាថាពុំស្របច្បាប់ឡើយ ដោយថា ការចោទនោះពុំបានបរិយាយអំពី ប្រាក់ធានាអនុញ្ញាតឲ្យនៅក្រៅឃុំ សម្រាប់សវនាការពីដំបូងរបស់ពួកលោក ។ គ្មានប្រាក់ធានាអនុញ្ញាតឲ្យនៅក្រៅឃុំចំពោះករណីក្បត់ជាតិទេ ដូច្នេះពួកលោកត្រូវតែស្ថិតនៅក្នុងគុគកាតធេច-- ហើយស្ថិតនៅក្នុងគ្រោះថ្នាក់ដដែល ។
នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បានជួបនឹងអភិបាល ហ្វត នៅក្នុងគុគ ។ លោកអភិបាល ហ្វដ បានគិតអំពីការធ្វើដំណើរទៅទីក្រុង ណៅវូ ហើយ យ៉ូសែប បានសុំទៅជាមួយ ដោយមានអារម្មណ៍ថាលោកពុំមានសុវត្ថិភាពនៅក្នុងគុក កាតធេច នេះឡើយ ។ អភិបាល ហ្វត បានសន្យាថា បើលោកចាកចេញពី កាតធេច នោះលោកនឹងនាំ យ៉ូសែប និង ហៃរ៉ុមទៅជាមួយ ។ នាល្ងាចនោះ ព្យាការីបានថ្លែងទីបន្ទាល់ទៅដល់ពួកអ្នកយាមអំពីភាពពិតនៃព្រះគម្ពីរមរមន និងការស្ដារឡើងវិញនៃដំណឹងល្អ ។
នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បានសរសេរនៅក្នុងសំបុត្រមួយទៅ អិមម៉ា ថា ៖ « បងទទួលយកស្ថានភាពរបស់បង ដោយដឹងថាបងត្រឹមត្រូវ ហើយបានធ្វើល្អបំផុតតាមដែលបងអាចធ្វើបានហើយ ។ សូមផ្ដល់ក្ដីស្រឡាញ់របស់បងដល់កូនៗ និងមិត្តភក្ដិទាំងអស់របស់បងផង » ( នៅក្នុងHistory of the Church,៦:៦០៥ ) ។ ក្រោយមកនៅថ្ងៃដដែលនោះ ដោយដឹងថាប្រជាពលរដ្ឋក្នុងមូលដ្ឋានមានផែនការនឹងសម្រុកចូលទៅក្នុងគុគដើម្បីសម្លាប់អ្នកទោសទាំងឡាយ នោះ អភិបាល ហ្វត បានចាកចេញពីទីក្រុងកាតធេច ដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋនៅណៅវូ ។ លោកបានក្បត់សន្យារបស់លោក ហើយពុំបាននាំ យ៉ូសែប និង ហៃរ៉ុមទៅជាមួយឡើយ ។ មុនពេលចាកចេញ អភិបាល ហ្វត បានដាក់កាតធេថនៅក្នុងភាពក្រៀមក្រំ--ដែលទាហានឃោរឃៅជាច្រើនបានប្រមូលផ្ដុំគ្នានៅទីក្រុងកាតធេច-- ទទួលបញ្ជាយាមគុគ ហើយបានបណ្តេញទាហានផ្សេងទៀតឲ្យត្រឡប់ទៅផ្ទះវិញ ។
សូមប្រាប់សិស្សថា នៅក្នុងពេលល្ងាចដ៏ក្ដៅ និង សើមនៅថ្ងៃទី ២៧ ខែមិថុនា នោះសាវក យ៉ូហាន ថេលើរ និង វិលឡឺឌ រីឆាដ នៅជាមួយនឹង យ៉ូសែប និង ហៃរ៉ុម នៅក្នុងគុគកាតធេច ។ អារម្មណ៍នៃភាពអស់សង្ឃឹមបានមកគ្របដណ្ដប់លើព្យាការី និងអ្នកទាំងឡាយដែលនៅជាមួយលោក នៅពេលពួកគេបានអង្គុយនៅក្នុងបន្ទប់ក្នុងគុគនៅជាន់ទីពីរ ។ ហៃរុម ស្ម៊ីធ បានសុំឲ្យ យ៉ូហាន ថេលើរ ច្រៀងបទ « អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក » ( សូមមើលទំនុកតម្កើងទំព័រ ១៧ ) ។ បើទំនុកតម្កើងនេះមានក្នុងសៀវភៅទំនុកតម្កើងរបស់អ្នក សូមអញ្ជើញសិស្សឲ្យច្រៀងពីរបីវគ្គ ។ នៅពេលពួកគេច្រៀង សូមអញ្ជើញពួកគេឲ្យគិតអំពីទំនុកតម្កើងនេះ អាចមានន័យយ៉ាងណាចំពោះ យ៉ូសែប និង ហៃរុម ស៊្មីធ នៅក្នុងគ្រានេះ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យឆ្លាស់វេនគ្នាអានសេចក្ដីសង្ខេបដូចខាងក្រោមអំពីទុក្ករកម្ម ។ សូមឲ្យសិស្សក្នុងថ្នាក់ព្យាយាមបង្កើតជាចក្ខុវិស័យអំពីព្រឹត្តការណ៍ទាំងនេះដូចជាពួកគេនៅជាមួយនឹងព្យាការីក្នុងគុកកាតធេច ។
សិស្សទី ៤
មិនយូរប៉ុន្មានបន្ទាប់ពីម៉ោង ៥:០០ ល្ងាច នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤ មានពួកមនុស្សកំណាចមួយក្រុម ដែលមានចំនួនប្រហែលជា ១៥០-២០០ នាក់ ដោយមានលាបមុខដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ បានមកព័ទ្ធគុគ ។ អ្នកយាមពុំបានឃាត់ពួកគេទេ ពេលពួកមនុស្សកំណាចមួយចំនួនបានសម្រុករត់ឡើងមកជាន់លើ ត្រង់កន្លែងដែលព្យាការី និងមិត្តភក្តិរបស់លោកស្ថិតនៅនោះ ។
យ៉ូសែប និងអ្នកដទៃទៀតបានរុញទប់ទ្វារការពារកុំឲ្យពួកមនុស្សកំណាចសម្រុកបើកបាន ។ មានម្នាក់ក្នុងក្រុមមនុស្សកំណាចបានបាញ់កាំភ្លើងទៅផ្នែកខាងលើនៃទ្វារ ដោយបានទម្លុះច្រមុះរបស់ហៃរុមផ្នែកខាងឆ្វេង ។ គាត់បានដួលផ្ងារក្រោយ ដោយបានស្រែកថា « ខ្ញុំស្លាប់ហើយ ! » ( នៅក្នុង History of the Church ៦:៦១៧ ) ។ យ៉ូហាន ថេលើរ បានមានប្រសាសន៍ថា « ខ្ញុំពុំអាចបំភ្លេចបានទេ នូវអារម្មណ៍ដ៏សោរសៅ និងគោរពដ៏ជ្រាលជ្រៅ ដែលបានបង្ហាញនៅលើទឹកមុខ យ៉ូសែប នៅពេលដែលលោកបានទៅជិតហៃរុម ហើយទ្រោបខ្លួនលើលោក ដោយស្រែកថា ‹ ឱ! បងប្រុសកំសត់ជាទីស្រឡាញ់របស់ប្អូនអើយ ! ›» ( នៅក្នុង History of the Church ៧:១០២ ) ។
សិស្សទី ៥
នាព្រឹកថ្ងៃនោះ មានអ្នកមកសួរសុខទុក្ខម្នាក់បានឲ្យកាំភ្លើងមួយដើមទៅ យ៉ូសែប ។ ដោយការពារដល់មនុស្សគ្រប់រូបនៅក្នុងបន្ទប់ យ៉ូសែប បានរត់ទៅមាត់ទ្វា ហើយបានបាញ់ចេញទៅក្រៅមាត់ទ្វា ។ មានតែបីគ្រាប់ចំណោមប្រាំមួយគ្រាប់ប៉ុណ្ណោះដែលបាញ់ចេញ ដែលធ្វើឲ្យសមាជិកមួយចំនួននាក់នៃពួកមនុស្សកំណាចរងរបួសខ្លះ ។ ពេលនោះពួកមនុស្សកំណាចបានប្រើកាំភ្លើងរបស់គេរុញចូលតាមប្រហោងទ្វារដែលពាក់កណ្តាលបើក ហើយយ៉ូហាន ថេលើរ បានព្យាយាមវាយកាណុងកាំភ្លើងរបស់ពួកគេឲ្យដកថយវិញដោយដងឈើច្រត់មួយ ។
នៅពេលភាពចលាចលនៅទ្វារនោះមានកាន់តែខ្លាំងឡើង នោះយ៉ូហាន ថេលើរ បានព្យាយាមរត់គេចដោយផ្លោះតាមបង្អួច ។ នៅពេលលោកចង់លោតចេញពីបង្អួច លោកត្រូវបានគេបាញ់ចំភ្លៅ ដែលបាញ់ពីមាត់ទ្វារ ហើយក៏ត្រូវគេបាញ់ចំពីខាងក្រៅផងដែរ ។ លោកបានដួលទៅលើកម្រាលឥដ្ឋ ហើយខណៈដែលខំវារទៅក្រោមគ្រែក្បែរបង្អួចនោះ លោកត្រូវបានគេបាញ់បីគ្រាប់ទៀត ធ្វើឲ្យរបួសយ៉ាងធ្ងន់ ។ ទន្ទឹមនឹងគ្នានោះ នៅពេលកាំភ្លើងជាច្រើនបានបាញ់ចូលមកតាមមាត់ទ្វារ នោះវិលឡឺឌ រីឆាដ បានចាប់ផ្ដើមតតាំងនឹងពួកគេដោយឈើច្រត់មួយ ។
សិស្សទី ៦
បន្ទាប់មក យ៉ូសែប ស៊្មីធ បានព្យាយាមគេចតាមបង្អួចដដែលនោះ ដែលទំនងជានឹងរក្សាជីវិតលោក តែមនុស្សខ្លះបានជឿថា គឺដើម្បីជួយជីវិតរបស់ វិលឡឺឌ រីឆាដ និង យ៉ូហាន ថេលើរ ។ នៅពេលវិលឡឺឌ រីឆាដ បានបន្ដវាយរុញត្រឡប់ពួកមនុស្សកំណាចនៅឯមាត់ទ្វារ នោះព្យាការីបានលោតទៅបង្អួចដែលបើករួចនោះ ។ នៅពេលលោកបានធ្វើដូច្នោះ មានគ្រាប់កាំភ្លើងជាច្រើនទាំងក្នុង និងក្រៅគុកបានបាញ់សំដៅទៅលោក ។ លោកបានធ្លាក់ចេញពីបង្អួចដោយស្រែកថា « ឱ ព្រះអម្ចាស់ ជាព្រះខ្ញុំអើយ » ហើយក៏បានធ្លាក់មកដី ។ សមាជិកពួកមនុស្សកំណាចខ្លះដែលនៅក្នុងគុក បានរត់ចេញទៅក្រៅដើម្បីបញ្ជាក់ថា យ៉ូសែប បានស្លាប់មែន ។ ទោះបីជាគ្មានសមាជិកសាសនាចក្រណាម្នាក់នៅតាមផ្លូវទៅទីក្រុងកាតធេច ក៏មានមនុស្សម្នាក់បានស្រែកថា « ពួកមរមនមកហើយ » ហើយហ្វូងមនុស្សកំណាចទាំងមូលក៏រត់គេចចេញអស់ទៅ ។ ( សូមមើលHistory of the Church,៦:៦១៨, ៦២០–២១; សូមមើលផងដែរ History in the Fulness of Times Student Manual,ទំព័រ ២៨៣ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយកត់ចំណាំការពិពណ៌នាអំពីជោគវាសនារបស់ យ៉ូហាន ថេលើរ និង វិលឡឺឌ រីឆាដ ។ សូមប្រាប់សិស្សថា វិលឡឺឌ រីឆាដ គ្រាន់តែត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ហោះប្រផិតៗនឹងត្រចៀកខាងឆ្វេងរបស់គាត់តែប៉ុណ្ណោះ ដែលបានបំពេញតាមការព្យាករណ៍ ដែលយ៉ូសែប បានព្យាករអស់ជាងមួយឆ្នាំមុនថា « ពេលវេលានឹងមកដល់ ដែលគ្រាប់កាំភ្លើងនឹងហោះនៅជុំវិញគាត់ដូចជាគ្រាប់ព្រិលធ្លាក់ ហើយគាត់នឹងមើលឃើញមិត្តរបស់គាត់ដួលស្លាប់នៅខាងឆ្វេង និងខាងស្ដាំ ប៉ុន្តែនឹងគ្មានគ្រាប់កាំភ្លើងមួយគ្រាប់ណាមកប៉ះនឹងអាវរបស់គាត់ឡើយ » (នៅក្នុង History of the Church៦:៦១៩ ) ។
សូមនាំសិស្សទៅកាន់គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១ ហើយសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថាឃ្លា « ដើម្បីបិទទីបន្ទាល់នៃព្រះគម្ពីរនេះ និងព្រះគម្ពីរមរមន » មានន័យដូចម្ដេច ? ( វាអាចនឹងជួយពន្យល់ថា នៅក្នុងបរិបទនេះ ដើម្បីបិទគឺបង្កើតអ្វីមួយដ៏និរន្ដន៍ ដូចជាទីបន្ទាល់ជាដើម ) ។
សូមចង្អុលបង្ហាញថាពាក្យទុក្ករកម្មនៅក្នុងខ ១ ហើយសួរថា ៖
-
តើទុក្ករជនជាអ្វី ? ( មនុស្សម្នាក់ដែលរងទុក្ខដល់ស្លាប់ ក្នុងការធ្វើជាសាក្សីចំពោះសេចក្ដីពិតអំពីជំនឿ ឬបុព្វហេតុរបស់គាត់ ឬនាង ។ សូមពន្យល់ថា ពាក្យទុក្ករជនចេញមកពីពាក្យភាសាក្រិចថាសាក្សី[សូមមើល Bible Dictionary, « Martyr » ។
សូមឲ្យសិស្សមើលត្រួសៗនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៧រកមើលនូវអ្វីថាតើទុក្ករកម្មរបស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ធ្វើជាសាក្សីចំពោះអ្វីខ្លះ ។
-
តាមរយៈការស្លាប់របស់ពួកលោកជាទុក្ករជន តើ យ៉ូសែប និង ហៃរុម ស្ម៊ីធ បានបិទទីបន្ទាល់របស់ពួកលោកអំពីអ្វីខ្លះ ? (សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគប្បីប្រាប់នូវសេចក្ដីពិតដូចខាងក្រោម ៖យ៉ូសែប និង ហៃរុម ស្ម៊ីធ បានបិទសាក្សីរបស់ពួកលោកអំពីសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញដោយជីវិតរបស់ពួកលោក ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសំណួរដូចខាងក្រោម រួចហើយសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើចំណេះដឹងរបស់អ្នកអំពីទីបន្ទាល់របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ និងការស្ម័គ្រចិត្តស្លាប់របស់ពួកលោកដើម្បីសេចក្ដីពិត មានឥទ្ធិពលមកលើទីបន្ទាល់របស់អ្នកយ៉ាងដូចម្ដេច ?
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលមានឆន្ទៈចែកចាយទីបន្ទាល់របស់ពួកគេឲ្យឡើងចែកចាយ ។ សូមបញ្ចប់មេរៀន ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការធ្វើដំណើរទៅកាន់កាតធេច
អិមម៉ា ស៊្មីធ បាននឹកចាំពីអារម្មណ៍របស់គាត់ នៅពេលប្ដីរបស់គាត់ យ៉ូសែប បានឆ្លងទន្លេម៊ីស៊ីស៊ីពី ត្រឡប់ទៅកាន់រដ្ឋ ណៅវូ ថា ៖ « ខ្ញុំមានអារម្មណ៍ដ៏អាក្រក់ដែលខ្ញុំពុំធ្លាប់មានក្នុងជីវិតរបស់ខ្ញុំ » គាត់បាននិយាយថា « ហើយចាប់តាំងពីពេលនោះមក ខ្ញុំដឹងថាគាត់នឹងត្រូវគេសម្លាប់ » ( នៅក្នុង Edmund C. Briggs, «A Visit to Nauvoo in ១៨៥៦,»Journal of History, ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៤៥៤ ) ។ នៅពេល យ៉ូសែប ចាកចេញពីផ្ទះរបស់លោក ធ្វើដំណើរទៅ កាតធេច នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី ២៤ ខែមិថុនា ឆ្នាំ ១៨៤៤ នោះលោកបានត្រឡប់មករក អិមម៉ា ហើយបានថ្លែងថា « អិមម៉ា តើអូនអាចបង្រៀនកូនៗរបស់បងឲ្យដើរតាមគំរូរបស់ឪពុកពួកគេបានឬទេ ?» អិមម៉ា បានឆ្លើយថា « អូ៎ យ៉ូសែប បងនឹងត្រឡប់មកវិញ » ។ យ៉ូសែប បានសួរសំណួរដដែលៗពីរដងទៀត ហើយអិមម៉ា បានផ្ដល់ចម្លើយដូចគ្នារាល់លើក ។ ( នៅក្នុង « Edwin Rushton, Related by his Son » នៅក្នុង Hyrum L. Andrus និង Helen Mae Andrus,They Knew the Prophet [ ឆ្នាំ ១៩៧៤ ], ទំព័រ ១៧១ ) ។ នៅគ្រានៃការធ្វើទុក្ករកម្មនោះ អិមម៉ាបានដឹងថាខ្លួនមានផ្ទៃពោះបួនខែ ។ គាត់ និង យ៉ូសែប ក៏មានកូនបួននាក់ផ្សេងទៀតដែលនៅរស់ផងដែរ ៖ ជូលៀ (១៣ ឆ្នាំ ) ដែលជាកូនចិញ្ចឹម យ៉ូសែប III (១១ ឆ្នាំ ) ហ្រ្វែឌើរិក ( ៨ ឆ្នាំ ) និង អ័លេក្សានត្រុស ( ៦ ឆ្នាំ ) ។
នៅខាងក្រៅផ្ទះ នោះយ៉ូសែបបានថ្លែងទៅកាន់ហ្វូងមនុស្សដែលបានមកជួបជុំនៅព្រឹកព្រលឹមនោះ ។ ខណៈដែលកំពុងតែនិយាយនោះ កូនប្រុសរបស់យ៉ូសែបបានទាញអាវរបស់លោក ហើយយំថា « ប៉ាកុំទៅកាតធេចអី ។ ពួកគេនឹងសម្លាប់ប៉ាជាមិនខានទេ » ។ ម្ដាយរបស់លោកបានសួរថា តើលោកអាចសន្យាថាលោកនឹងត្រឡប់មកវិញឬទេ ។ ( Dan Jones, « The Martyrdom of Joseph and Hyrum Smith, » manuscript, ថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៨៥៥, Church History Library, Salt Lake City) ។ ដោយពុំបានតបនឹងម្ដាយដោយផ្ទាល់ យ៉ូសែប បានថ្លែងទៅកាន់ពួកបរិសុទ្ធដែលនៅជួបជុំគ្នានោះថា « បើខ្ញុំពុំទៅទីនោះទេ [កាតធេច] នោះនឹងនាំមកនូវការបំផ្លាញដល់ទីក្រុងនេះ និងប្រជាជនទាំងឡាយ ហើយខ្ញុំពុំអាចមើលឃើញបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ និងកូនៗរបស់ពួកគេរងទុក្ខដូចនៅរដ្ឋ មិសសួរី ម្ដងទៀត នៅក្នុងរដ្ឋ ណៅវូ នេះបានទេ ទេ វាជាការល្អជាងដើម្បីឲ្យប្អូនប្រុសរបស់អ្នក យ៉ូសែប ស្លាប់ជំនួសបងប្អូនប្រុសស្រីវិញ ដ្បិតខ្ញុំស្ម័គ្រស្លាប់ជំនួសពួកគេ ។ កិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ » ( នៅក្នុង Dan Jones, « The Martyrdom of Joseph Smith and His Brother, Hyrum! » trans., Ronald D. Dennis, in Ronald D. Dennis, « The Martyrdom of Joseph Smith and His Brother Hyrum, »BYU Studiesវ៉ុល ២៤ លេខ ១ [រដូវរងារ ឆ្នាំ ១៩៨៤], ទំព័រ ៨៥; សូមមើលផងដែរChurch History in the Fulness of Times Student Manualបានបោះពុម្ពលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ២៧៧) ។
« បន្ទាប់ពីឱបកូនតូចៗរបស់លោកដែលនៅឈរតោងអាវលោក និងបន្ទាប់ពីការលាគ្នាដោយផ្អែមល្ហែមទៅកាន់ភរិយាលោក ដែលលោកស្រឡាញ់ជាទីបំផុត ទាំងទឹកភ្នែក និងបន្ទាប់ពីផ្ដល់ការលួងលោមចិត្តចុងក្រោយដល់ម្ដាយចាស់ជរាដ៏បរិសុទ្ធរបស់លោករួចហើយ នោះលោកបានថ្លែងទៅកាន់ហ្វូងមនុស្សប្រកបដោយឥទ្ធិពលបំផុត ទាំងដាស់តឿនពួកគេឲ្យស្មោះត្រង់ក្នុងផ្លូវរបស់ពួកគេ និងស្មោះត្រង់នៅក្នុងសាសនាដែលលោកបានបង្រៀនពួកគេនោះ » ( នៅក្នុង ដាន ចូនស៍ « ទុក្ករកម្មរបស់យ៉ូសែប ស្ម៊ីធ និង បងប្រុសរបស់លោក ហៃរុម ! »
នៅពេល យ៉ូសែប បានធ្វើដំណើរចេញពី ទីក្រុងណៅវូ ជាមួយនឹងអ្នកដែលទៅអមលោក នោះលោកបានឈប់មួយសន្ទុះនៅត្រង់កន្លែងត្រូវសាងសង់ព្រះវិហារបរិសុទ្ធ « មើលទៅទីស្អាងដ៏ពិសិដ្ឋ រួចមើលទៅទីក្រុង ហើយបានមានប្រសាសន៍ថា ‹ នេះគឺជាទីកន្លែងដ៏ជាទីស្រឡាញ់បំផុត និងប្រជាជនដ៏ល្អបំផុត នៅក្រោមមេឃ ដែលពួកគេដឹងតិចតួចបំផុតអំពីការសាកល្បងទាំងឡាយដែលកំពុងរង់ចាំពួកគេ ›» (History of the Church៦:៥៥៤ សូមមើលផងដែរChurch History in the Fulness of Times Student Manual ទំព័រ ២៧៧ ) ។