ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ផែនការ​នៃ​សេចក្តីសង្គ្រោះ–ការសិក្សា​ព្រះគម្ពីរ ( មេរៀន​ទី ១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ផែនការ​នៃ​សេចក្តីសង្គ្រោះ–ការសិក្សា​ព្រះគម្ពីរ ( មេរៀន​ទី ១ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បញ្ចប់​មេរៀន​ទី ១​នៃ​មេរៀន​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ដែល​មាន​បួន​មេរៀន​នោះ ។ ការដឹង​ពី​អ្វី​ដែល​សិស្ស​កំពុង​សិក្សា​នឹង​ជួយ​អ្នក​រៀបចំ​មេរៀន​សម្រាប់​បង្រៀន ។ សេចក្តី​សង្ខេប​មិនមែន​ជាផ្នែកមួយ​នៃ​មេរៀន​ទេ ហើយ​ក៏​ពុំមែន​ដើម្បី​ចែកចាយ​ជាមួយ​សិស្ស​ដែរ ។ ដោយសារ​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​សម្រាប់​មេរៀន​ទី​១ ផ្តោតលើ​គោលលទ្ធិ និង គោលការណ៍​តែ​ពីរបី​ប៉ុណ្ណោះ មាន​ពេលខ្លះ​អ្នក​អាច​មាន​អារម្មណ៍បំផុសឡើងដើម្បី​រំឭក ឬ ពិភាក្សា​គោលលទ្ធិ និង គោលការណ៍​ផ្សេង​ទៀត​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ និង ទៅតាម​តម្រូវការ​នៃ​សិស្ស​របស់​អ្នក ។

ថ្ងៃទី ១ ( ផែនការ​នៃ​សេចក្ដី​សង្គ្រោះ )

ការសិក្សា​ពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ បាន​ជួយ​សិស្ស​ឲ្យស្គាល់ថា​គោល​បំណង​នៃ​ផែនការ​នេះ​ គឺ​ដើម្បី​ផ្តល់​ផ្លូវ​មួយ​ដល់​យើង​ទទួល​បាន​ជីវិត​អមតៈ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សិស្ស​បាន​រៀន​ថា​ព្រះវរបិតាសួគ៌ បាន​បញ្ជូន​យើង​មក​កាន់​ផែនដី​ដើម្បី​ទទួល​រូបរាងកាយ និង​ដើម្បី​ទទួលបទពិសោធន៍ ហើយ​រីកចម្រើន​ឡើង ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ឲ្យ​យើង​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប និង សេចក្តី​ស្លាប់ ។

ថ្ងៃ​ទី ២ ( ការក្បត់​សាសនា​ដ៏ធំ )

អំឡុង​ពេល​រៀន​អំពី​ការក្បត់​សាសនា​ដ៏​ធំ សិស្ស​បាន​ឃើញ​ថា​ព្យាការី និង សាវក​បង្កើត​ជា​គ្រឹះ​នៃ​សាសានា​ចក្រ​របស់​ព្រះគ្រីស្ទ ហើយ​ជួយ​រក្សា​ឲ្យ​ព្រះវិហារ​បាន​បរិសុទ្ធ ដោយ​ការបង្រៀន​នូវ​គោល​លទ្ធិ​ត្រឹមត្រូវ ។ លើ​ពីនេះ សិទ្ធិ​អំណាច និង កូនសោ​បព្វជិតភាព​គឺ​ចាំបាច់ដើម្បីទទួល​សេចក្តីសញ្ញា និង ពិធី​បរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ដែល​ទាំងអស់នេះ​ត្រូវបាន​ទទួល​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការក្បត់សាសនា​កើតឡើង​នៅ​ពេល​មនុស្ស​បែរ​ចេញ​ឆ្ងាយ​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​បដិសេធ​ចោល​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិអំណាចរបស់​ព្រះអម្ចាស់ ។ ការស្តារឡើងវិញ​នៃ​សេចក្តីពិត និង សិទ្ធិអំណាច និង កូនសោ​បព្វជិតភាព​គឺ​ចាំបាច់​ដើម្បី​យក​ឈ្នះ​ឥទ្ធិពល​នៃ​ការក្បត់​សាសនា​ដ៏​ធំ ។

ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១)

នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​បុព្វកថា​របស់​ព្រះអម្ចាស់​អំពី​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា នោះ​សិស្ស​បាន​រៀន​ថា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ពី​ការប្រមាន​របស់​ទ្រង់ ​ទៅ​កាន់​មនុស្ស​ទាំងអស់ តាមរយៈ​កូនសិស្ស​ជម្រើស​របស់​ទ្រង់ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផែនដី​នេះ ។ សិស្ស​បាន​ឃើញ​ថា ពួកគេ​ត្រូវ​ស្រាវជ្រាវ​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​មក ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​សម្រេច​ទាំងអស់ ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​គឺ​ពិត​ទោះបី​ជា​វា​ត្រូវបាន​មាន​ព្រះបន្ទូល​ពី​ទ្រង់​ផ្ទាល់ ឬ ពី​អ្នក​បម្រើ​របស់​ទ្រង់​ក្តី ។

ថ្ងៃទី ៤ ( ការសិក្សា​ព្រះគម្ពីរ )

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា​ព្រះគម្ពីរ​ត្រូវបាន​សរសេរ​ឡើង​ដើម្បី​រក្សាទុក​នូវ​សេចក្តី​ពិត​ដ៏​អស់​កល្ប​ ដែល​បាន​ស្គាល់​ថា​ជា​គោលលទ្ធិ និង គោលការណ៍ ។ ពួកគេ​បាន​រៀន​ថា ដើម្បី​រកឲ្យឃើញ​សេចក្តីពិត​ដ៏​អស់កល្ប​ទាំងនេះ នោះ​វា​សំខាន់​ថា​យើង​ត្រូវ​យល់​នូវ​បរិបទ និង មាតិកា​នៃ​អត្ថបទ​ព្រះគម្ពីរ​ជា​មុន​សិន ។ សិស្ស​បាន​រៀន​ថា នៅពេល​ណា​ដែល​ពួកគេ​យល់​បរិបទ និង មាតិកា​វា​ហើយ​នោះ​វា​សំខាន់ណាស់​ដើម្បី​បង្ហាញ​គោលលទ្ធិ និង គោលការណ៍ ដែល​ពួកគេ​រកឃើញ​ជា​សេចក្តីថ្លែងការណ៍​ដ៏​ច្បាស់ សាមញ្ញអំពី​សេចក្តីពិត ។ ជាចុងក្រោយ សិស្ស​បាន​រៀន​ថា​តម្លៃ​នៃ​សេចក្តីពិត​នៃការសិក្សា​ព្រះគម្ពីរ​បាន​មកពី ការអនុវត្ត​នូវ​គោលលទ្ធិ និង គោលការណ៍​ទាំង​នោះ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ដែល​ពួកគេ​ឃើញ​នៅក្នុង​ព្រះគម្ពីរ ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ណែនាំ​សិស្ស​ឲ្យ​ស្គាល់​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដោយ​ប្រើ​បុព្វកថា​នៃ​ព្រះ​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា និង កណ្ឌ​ទី ១ ។ សិស្ស​នឹង​រៀន​ថា គោលលទ្ធិ និង សេចក្ដីសញ្ញា​មាន​នូវ « វិវរណៈ និង ការប្រកាស​ដ៏​បំផុស​គំនិត​របស់​ព្រះ ដែល​បាន​ប្រទាន​ឲ្យ​សម្រាប់​ការស្ថាបនា និង​ប្រតិបត្តិច្បាប់​នៃ​នគរ​ព្រះ​នៅលើ​ផែនដី​ក្នុង​ថ្ងៃ​ចុង​ក្រោយ » ( បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ) ។ ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាស្ត្រ​សាសនាចក្រ​អាច​ពង្រឹង​ទីបន្ទាល់​របស់​សិស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

កំណត់ចំណាំ ៖ ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​សំណួរ ដែល​ពួកគេ​មាន​អំពី​កម្មវិធី​សិក្សា​នៅផ្ទះ និង របៀប​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង​ឲ្យ​មាន​ប្រសិទ្ធិភាព ។

យោបល់​សម្រាប់​ការបង្រៀន

បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ

គោលលទ្ធិ និង សេចក្ដី​សញ្ញា មាន​នូវ​វិរណៈ​ដែល​បាន​ទទួលដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នក​ស្នងតំណែងទាំងឡាយ​របស់​លោក ។

អ្នក​អាចចាប់ផ្តើម​មេរៀន​ដោយ​សួរ​សិស្ស​ថា ពួកគេ​គិតថា​សៀវភៅ​អ្វី​ខ្លះ​នៅ​ក្នុង​ពិភពលោក​ទាំងមូល​នេះ ដែល​មាន​ប្រយោជន៍​ប្រសិន​បើ​យើង​អាន​វា​នោះ ហើយ​ប្រាប់​ពីមូលហេតុ​នោះ ។ ( សូម​គិត​យក​សៀវភៅ​ពីរបីក្បាល ដែល​អ្នក​ចង់ផ្តល់​យោបល់ឲ្យ​គេ​អាន ) ។ បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្តាប់​រក​មើល​អ្វី​ដែល​ព្យាការី​បាន​បង្រៀន​អំពីព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ វិវរណៈ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញាគឺជា ] គ្រឹះ​នៃ​សាសនាចក្រ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ នេះ ហើយ​ជា​ប្រយោជន៍​ដល់​ពិភពលោក ដែល​បង្ហាញ​ថាកូន​សោ​អាថ៌កំបាំង​នៃនគរ​របស់ព្រះអង្គ​សង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ដល់​ដល់​មនុស្ស​ម្ដងទៀត » (ការ​បង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ]ទំព័រ ១៩៤) ។

ក្នុង​ពេល​រៀន​មេរៀន​ថ្ងៃ​នេះ សូម​លើក​ទឹកចិត្ត​សិស្សឲ្យ​ស្វែងរកវិធី​នានា ដែល​ការ​សិក្សា​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា អាចផ្តល់​ប្រយោជន៍​ដល់​ពិភពលោក និង អាច​មានប្រយោជន៍​ដល់ជីវិត​របស់ពួកគេផ្ទាល់ ។

សូម​សិស្ស​ឲ្យ​បើក​ទៅ​ទំព័រ​ចំណង​ជើង​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ សូម​ពន្យល់​ថា​ដើម្បី​ធ្វើ​ឲ្យ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​មាន​ប្រយោជន៍ ដំបូង​យើង​ត្រូវ​តែ​យល់​ពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ថា​ជា​អ្វី​សិន ។ សូម​ប្រាប់​សិស្ស​ម្នាក់ឲ្យ​អាន​ទំព័រ​ចំណងជើង​នោះ​ឮៗ ។ បន្ទាប់មក សូម​សួរសិស្ស​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​នឹងឲ្យ​និយម​ន័យ​ពាក្យ គោលលទ្ធិយ៉ាង​ដូចម្ដេច?

  • តើ​សេចក្ដីសញ្ញាគឺជា​អ្វី ?

  • តើ​វិវរណៈ​គឺ​ជា​អ្វី ?

បើ​ចាំបាច់ សូម​ពន្យល់​ថា គោលលទ្ធិ គឺ​ជា​គ្រឹះ​នៃសេចក្ដី​ពិត​ដ៏​អស់កល្បនៃ​ដំណឹងល្អរបស់​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ពុំ​អាច​ផ្លាស់ប្តូរ​បាន ឯ ​ សេចក្ដី​សញ្ញា គឺ​ជា​កិច្ចព្រមព្រៀង​ដ៏ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​កូនចៅ​របស់​ទ្រង់ ដែល​ព្រះទ្រង់​ដាក់​នូវ​គ្រប់​លក្ខខណ្ឌ​នៃ​ការសន្យា ហើយ វិវរណៈ គឺ​ជា​ទំនាក់ទំនង​មក​ពី​ព្រះ​ទៅកាន់​កូន​ចៅ​របស់​ទ្រង់ ។ អ្នក​អាចស្នើ​ថា សិស្ស​គួរតែ​សរសេរ​និយមន័យ​ទាំងនេះ​នៅលើ​ទំព័រ​ចំណងជើង​នោះ ។

សូម​ឲ្យ​សិស្ស​បើក​ទៅ​កថាខណ្ឌ​ទីប្រាំបី នៃ​បុព្វកថា​នៃ​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង « នៅក្នុង​វិវរណៈ…» ) ។ សូម​ពន្យល់​ថា កថាខណ្ឌ​នេះ មាន​រៀបរាប់​ឧទាហរណ៍​អំពី​ប្រធាន​បទ​នៃ​គោលលទ្ធិ​មួយចំនួន​ដែល​មាន​នៅក្នុង​គម្ពីរគោលលទ្ធិ និង​សេចក្ដីសញ្ញា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ប្រយោគ​ទីមួយ​ដោយ​ស្ងាត់ៗ ហើយ​ប្រាប់​អំពី​គោលលទ្ធិមួយ​ ឬ​ច្រើន ដែល​ពួកគេ​ចាប់​អារម្មណ៍​រៀន​បន្ថែម​ទៀត ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ប្រធានបទ​នៃគោលលទ្ធិ​ណា​មួយ ដែល​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ដើម្បី​រៀន​បន្ថែម​ទៀត ?

  • តើ​ការចេះ និង​ការ​យល់​ដឹង​ពី​សេចក្ដី​ពិត​ទាំង​នោះកាន់តែ​ប្រសើរ​ឡើង​អាច​ផ្តល់​ប្រយោជន៍ ដល់​អ្នក​យ៉ាង​ដូចម្តេច​ខ្លះ ?

សូម​ឲ្យ​សិស្ស​អាន​ប្រយោជន៍​ចុងក្រោយ​នៃ​កថាខណ្ឌ​ទី​ប្រាំបី​ឲ្យ​ឮ ( វា​ចាប់ផ្តើម​ដោយ « នៅទីបញ្ចប់ ទីបន្ទាល់​ដែល​បាន​ថ្លែង… » ) ហើយ​អញ្ជើញ​សិស្ស ឲ្យ​រកមើល​អ្វី ដែល​ធ្វើ​ឲ្យ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​មាន​តម្លៃ​ខ្លាំង​ម្ល៉េះ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា « មាន​តម្លៃ​ធំ » ?

  • ហេតុអ្វី​ក៏​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ដូច្នេះ ?

  • តើ​អ្នក​គិត​ថានឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ទីបន្ទាល់ របស់​អ្នក អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​សិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា​នោះ ?

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន​ថា ៖ តាមរយៈ​ការសិក្សា​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​យើង​អាច​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី ព្រះអង្គសង្គ្រោះ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។ សូម​គិត​ពី​ការចែកចាយ​អំពី​របៀប​ដែល​ការ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទីមួយ នៃ​បុព្វកថា​នៃ​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់​ផ្ទៀងតាម ។ បន្ទាប់មក​សូម​សួរ ៖ នៅពេល​យើង​សិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា តើ​យើង​នឹងឮ​សំឡេង​របស់​នរណា ?

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ នៅពេល​យើង​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​យើង​អាច​ស្ដាប់​ឮ​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:-៣៤–៣៦ ឲ្យ​សិស្ស​ស្តាប់ ។

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទីបី នៃ​បុព្វកថា​នៃ​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ស្វែងរក​ពាក្យ​ដែល​ពិពណ៌នា​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។ ( អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ) ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ពាក្យណាខ្លះ​ដែល​ត្រូវ​បាន​ប្រើដើម្បីពិពណ៌នា​អំពី​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​ ?

  • តើ​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​នៅក្នុង​ជីវិត​អ្នក នៅពេល​អ្នក​ស្ដាប់ ហើយ​ស្គាល់​សំឡេង​របស់​ទ្រង់ ?

សូម​ដាក់​តាំង​រូបភាព​មនុស្ស​មួយ​ចំនួន ដែល​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​សរសេរ​សម្រាប់​ពួកគេ និង សរសេរ​អំពី ពួកគេ ( សូមមើល សៀវភៅ​សិល្បៈដំណឹង​ល្អ [ ឆ្នាំ ២០០៩ ], លេខ. ៨៧, ៨៨, ៩៣, ៩៤,៩៥; សូមមើល​ផងដែរ​គេហទំព័រ LDS.org) ។ នៅពេល​អ្នក​បង្ហាញ​រូបភាព​ទាំង​នេះ សូម​ពន្យល់​ថា​សិស្ស​នឹង​រៀន​អំពី​មនុស្ស​ទាំងនេះ​ពេល​កំពុង​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​ឲ្យ​សិស្ស​អាន​ប្រយោគ​ពីរ​ដំបូង​នៃ​កថា​ខណ្ឌ​ទីប្រាំ​មួយ​នៃ​បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ឲ្យ​ឮៗ ( វា​ចាប់ផ្ដើម​ពី « វិវរណៈ​ពិសិដ្ឋ​ទាំង​នេះ…» ) ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម និង រកមើល​ស្ថានភាព​នានា​ដែល​វិវរណៈ​នេះ ត្រូវបាន​ទទួល ។ ( អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ) ។

  • តើ​ឃ្លា​អ្វីខ្លះ​ក្នុង​ប្រយោគ​ទាំង​នេះដែល ពិពណ៌នា​អំពី​ស្ថានភាព​ដែល​វិវរណៈ​ទាំងនេះ ត្រូវ​បាន​ទទួល ?

សូម​បង្ហាញ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ពាក្យ អ្នក នៅលើ​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា ដូចជា​បុគ្គលម្នាក់ៗដែល​ដកស្រង់ចេញពី​ប្រវត្តិសាសនាចក្រ នោះ​យើង​ក៏​ឆ្លងកាត់​ស្ថានភាព​ជាច្រើន​ផងដែរ ដែល​យើង​ត្រូវការ​ការណែនាំ​ដ៏ទេវភាព ។

  • ប្រសិនបើ​យើង​ត្រូវ​ធ្វើតាម​គំរូ​របស់​ពួកបរិសុទ្ធ​ជំនាន់ដើម​ទាំង​នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ដ៏ទេវភាព ? ( អធិស្ឋាន និង ស្វែងរក​វា ) ។

សូម​ពន្យល់​ថា​របៀប​មួយ​ដើម្បី​ស្វែងរក​ការណែនាំ​ដ៏​ទេវភាព​គឺ​ត្រូវ​សិក្សា​ព្រះគម្ពីរ ។ សូម​ឲ្យ​សិស្ស​បើក​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨, ដែល​ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​រំឭក​ពួកគេ​ថា ព្រះអម្ចាស់បាន​ប្រទាន​វិវរណៈ​ទុក​ជា​អារម្ភកថា​របស់​ទ្រង់​ចំពោះ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:-៣៧–៣៨ ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​យើង​ដែលទាក់ទង​នឹង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​ធ្វើ​អ្វី​ជាមួយ​នឹង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ យើង​ត្រូវពិចារណា​មើលព្រះបញ្ញត្តិដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។)

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​ទទួល​បាន​ប្រយោជន៍​ ពី​ការស្រាវជ្រាវ​ព្រះគម្ពីរ​អំឡុង​ពេល​សិក្សា​នៃ​សប្តាហ៍​របស់​ពួកគេ ។ សូម​តាមដាន​សិស្ស ​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ជា​រៀង​រាល់ថ្ងៃ​អំឡុង​ពេល​ឆ្នាំ​សិក្សា​នេះ ។ សូម​សួរ​ពួកគេ​អំពី​ផែនការ​របស់​ខ្លួន ដើម្បី​ធ្វើ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ដើម្បី « សូមពិចារណា​មើល​ព្រះព្រះបញ្ញត្តិទាំង​នេះចុះ » (គ. និង ស. ១:៣៧) ។ អ្នក​អាច​បញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការស្តាប់​តាម​សំឡេង​របស់​ព្រះអម្ចាស់ និង ការទទួល​ការណែនាំ​ពី​ទ្រង់ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ។

មេរៀន​បន្ទាប់ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១; គោលលទ្ធិ និង សេចក្តីសញ្ញា ២)

ព្រះ​ស្ដាប់ ហើយ​ឆ្លើយតប​ការ​អធិស្ឋាន ។ ការនិមិត្ត​ដំបូង​គឺ​ជា​លទ្ធផល​មួយ​នៃ​ការអធិស្ឋាន​ដ៏​រាបទាប​របស់​យ៉ូសែប ស្ម៊ីធ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទេវតា​បាន​ណែនាំ​ព្យាការី យ៉ូសែប ស្ម៊ីធ​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព ។ បន្ទាប់​ពី​យ៉ូហាន​បាទីស្ទ បាន​បង្ហាញ​ខ្លួន​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នោះ​អូលីវើរ បាន​សរសេរ​ថា « គិត​មួយ​សន្ទុះ​មក ដួងចិត្ត​យើង​ពោរពេញ​ដោយ​ក្តីអំណរ​អ្វី​ម្ល៉េះ… នៅពេល​យើង​ទទួល​បព្វជិតភាព​ដ៏​បរិសុទ្ធ​ក្រោម​ព្រះហស្ត​របស់​លោក » (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៧១, កំណត់ចំណាំ ) ។