មេរៀនទី ៦៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-១៩
បុព្វកថា
នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ និងពួកអែលឌើរមួយចំនួនបានត្រឡប់ទៅរដ្ឋ អូហៃអូ ថ្មីៗ ពីការធ្វើដំណើររបស់ពួកគាត់ដើម្បីឧទ្ទិសឆ្លងទឹកដី និងទីតាំងព្រះវិហារបរិសុទ្ធនៅស៊ីយ៉ូន ឬ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ។ អំឡុងពេលការធ្វើដំណើរទៅមករដ្ឋ មីសសួរី នោះមានពួកអែលឌើរមួយចំនួនបានទាស់គ្នា ហើយបានមានអារម្មណ៍នៃការទាស់ទែងគ្នា ប៉ុន្តែភាគច្រើនអាចផ្សះផ្សារគ្នាវិញបាន ។ នៅថ្ងៃទី ១១ ខែកញ្ញា ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ ។ មេរៀននេះ គ្របដណ្ដប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-១៩ដែលព្រះអម្ចាស់មានបន្ទូលអំពី ព្រះទ័យរបស់ទ្រង់ដើម្បីអភ័យទោសដល់ពួកអ្នកបម្រើរបស់ទ្រង់ ។ ទ្រង់ក៏បានបញ្ជាដល់សមាជិកសាសនាចក្រឲ្យអភ័យទោសដល់គ្នាទៅវិញទៅមកផងដែរ ។
កំណត់ចំណាំមេរៀនទី ៧០ ផ្ដល់នូវឱកាសមួយសម្រាប់សិស្សពីរនាក់ឡើងមកបង្រៀន ។ បើអ្នកពុំទាន់បានធ្វើដូច្នោះទេ អ្នកអាចនឹងជ្រើសរើសសិស្សពីរនាក់ក្នុងពេលឥឡូវនេះ ហើយផ្ដល់ច្បាប់ចម្លងផ្នែកនៃមេរៀនទី ៧០ ចាត់តាំងដល់ពួកគេ ដើម្បីពួកគេអាចត្រៀមខ្លួន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៧
ព្រះអម្ចាស់អះអាងនឹងពួកអែលឌើរអំពីព្រះទ័យរបស់ទ្រង់ដើម្បីអភ័យទោស
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
តើពេលណា ដែលអ្នកទទួលអារម្មណ៍ឈឺចាប់ដោយសារតែពាក្យសម្ដី ឬ ទង្វើនៃមនុស្សម្នាក់ទៀត ?
តើអ្នកឆ្លើយតបនឹងស្ថានភាពនោះយ៉ាងដូចម្ដេច ?
សូមចាប់ផ្ដើមដោយការអញ្ជើញសិស្សឲ្យពិចារណាចំពោះសំណួរទាំងឡាយនៅលើក្ដារខៀន ។
សូមពន្យល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ព្រះអម្ចាស់បង្រៀនយើងអំពីរបៀបដើម្បីឆ្លើយតបនៅពេលអ្នកដទៃធ្វើឲ្យយើងឈឺចាប់ ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៨៣១ ប្រហែលជាពីរសប្ដាហ៍បន្ទាប់ពីគាត់ និងក្រុមនៃពួកអែលឌើរ បានត្រឡប់ទៅរដ្ឋ អូហៃអូ ពីអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី វិញ។ ពួកអែលឌើរទាំងនេះ និងសមាជិកសាសនាចក្រដទៃទៀត បានជួបនឹងការលំបាកដោយសារតែការមិនយល់ស្រប និងអារម្មណ៍ទាស់ទែងនៅក្នុងចំណោមសមាជិកក្រុមមួយចំនួន ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានមានបន្ទូលថា « មានពួកអ្នកនៅក្នុងចំណោមអ្នករាល់គ្នាដែលបានធ្វើបាន » (គ និង ស ៦៤:៣) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១–៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់ នឹងឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានធ្វើបាប ។ អ្នកអាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំឃ្លាដែលពួកគេបានប្រាប់ ។
-
តើព្រះអម្ចាស់មានបន្ទូលថាទ្រង់នឹងឆ្លើយតបចំពោះសមាជិកនៃសាសនាចក្រដែលបានធ្វើបាបយ៉ាងដូចម្ដេច ?
-
តើការឆ្លើយតបទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះអម្ចាស់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់មានក្ដីមេត្តាករុណា ការអភ័យទោស ហើយប្រកបដោយព្រះគុណ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
ហេតុអ្វីក៏សេចក្ដីពិតនេះ សំខាន់ចំពោះសមាជិកនៃសាសនាចក្រដែលបានជួបនឹងការលំបាក ដោយសារតែការមិនយល់ស្រប និងអារម្មណ៍តានតឹងនោះ ? ហេតុអ្វីសេចក្ដីពិតអំពីព្រះអង្គសង្គ្រោះសំខាន់ចំពោះអ្នកដូច្នេះ ?
សូមពន្យល់ថា នៅគ្រានេះ សមាជិកសាសនាចក្រមួយចំនួន រួមទាំងពួកអែលឌើរមួយចំនួនដែលបានធ្វើដំណើរជាមួយនឹង យ៉ូសែប ស៊្មីធ បានរិះគន់ដល់ យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៥-៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានមានបន្ទូលអំពី យ៉ូសែបស៊្មីធ ។ ពីមុនសិស្សអាន សូមពន្យល់ថា ការស្វែងរកឱកាសដើម្បីទាស់នឹងនរណាម្នាក់ បានបង្ហាញនៅក្នុងខ ៦គឺជាការរកកំហុសចំពោះនរណាម្នាក់ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះអំពីយ៉ូសែប ស្ម៊ីធ? ( យ៉ូសែប ស៊្មីធ បានកាន់កូនសោទាំងឡាយនៃនគររបស់ព្រះអម្ចាស់ ហើយជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ មនុស្សខ្លះចាំចាប់កំហុសយ៉ូសែប ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧ ដោយស្ងាត់ស្ងៀម រកមើលអ្វីផ្សេងទៀតដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីយ៉ូសែប ស្ម៊ីធ ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខនេះអំពីយ៉ូសែប ស្ម៊ីធ ? ( យ៉ូសែប ស៊្មីធ បានធ្វើបាប ប៉ុន្តែព្រះអម្ចាស់មានឆន្ទៈដើម្បីអភ័យទោសដល់លោក ។ ដើម្បីជួយសិស្សយល់វគ្គគម្ពីរនេះ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ក៏ដូចជាមនុស្សទាំងអស់ដែរ យ៉ូសែប ស៊្មីធ មានភាពទន់ខ្សោយ ហើយចាំបាច់ត្រូវស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោកពីព្រះអម្ចាស់ ។ ទោះជាយ៉ាងណាក៏ដោយ លោកពុំបានប្រព្រឹត្តកំហុស ធ្វើអំពើបាបធ្ងន់ធ្ងរនោះទេ ) ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខគម្ពីរនេះ អំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩
ព្រះអម្ចាស់ បញ្ជាពួកអ្នកបម្រើទ្រង់ឲ្យអភ័យទោសដល់គ្នាទៅវិញទៅមក
បើអាចធ្វើទៅបាន សូមបង្ហាញរូបពស់ពិសមួយ ដែលរស់នៅក្នុងតំបន់របស់អ្នក ឬរូបភាពនៃដំបៅមួយដែលបណ្ដាលមកពីពស់ចឹក ។
-
បន្ថែមពីលើអារម្មណ៍ឈឺចាប់ខាងរាងកាយ តើអារម្មណ៍អ្វីខ្លះដែលអ្នកគិតថា នឹងកើតមានចំពោះអ្នក បើអ្នកត្រូវបានពស់ពិសចឹកនោះ ?
សូមពន្យល់ថា មានអ្នកខ្លះនៅក្នុងស្ថានភាពនេះ អាច (១) ដេញតាមពស់ ហើយសម្លាប់វាដោយកំហឹង ឬភ័យខ្លាច ឬ (២) រកវិធីបន្សាបពិសចេញពីរូបកាយរបស់គាត់ភ្លាមៗ ។
-
ទង្វើរទាំងពីរនេះ តើទង្វើមួយណាដែលអ្នកគិតថាមានភាពឆ្លាតវៃជាង ? ហេតុអ្វី ?
សូមពន្យល់ថា ជម្រើសរបស់មនុស្សម្នាក់ បន្ទាប់ពីពស់ពិសចឹក អាចប្រៀបធៀបនឹងជម្រើសរបស់យើង នៅពេលយើងមានអារម្មណ៍ឈឺចាប់ដោយសារពាក្យសម្ដី ឬទង្វើរបស់អ្នកដទៃ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលផលវិបាកនានាដែលសិស្សរបស់ព្រះអម្ចាស់មួយចំនួនបានជួប ដោយសារតែពួកគេបដិសេធពុំអភ័យទោសដល់គ្នាទៅវិញទៅមក ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើគោលការណ៍អ្វីដែលយើងរៀនមកពី ខ ៨នេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងបដិសេធពុំអភ័យទោសដល់អ្នកដទៃ នោះគឺយើងនាំទុក្ខដាក់ខ្លួនឯង ។ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យសរសេរគោលការណ៍នេះជាពាក្យរបស់គេផ្ទាល់នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើមនុស្សម្នាក់អាចត្រូវរងទុក្ខ (ឬឈឺចាប់) ដោយការមិនអភ័យទោសដល់អ្នកដទៃយ៉ាងដូចម្ដេច ? តើការណ៍នេះ ដូចគ្នានឹងលទ្ធផលនៃមនុស្សម្នាក់ដែលរត់ដេញតាមពស់ដែលទើបចឹកគាត់យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់អំពីលទ្ធផលមួយទៀតនៃការមិនអភ័យទោសដល់ អ្នកដទៃ ។
-
ស្របតាមខ ៩តើលទ្ធផលនៃការបដិសេធពុំអភ័យទោសដល់អ្នកដទៃមានអ្វីខ្លះ ? (បើយើងពុំអភ័យទោសដល់អ្នកដទៃ នោះយើងឈរទទួលទោសនៅចំពោះព្រះអម្ចាស់ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចនឹងចង់សុំឲ្យសិស្សអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់ ៖
« វាអាចនឹងមានការលំបាកណាស់ដើម្បីអភ័យទោសដល់នរណាម្នាក់ចំពោះការអាក្រក់ដែលពួកគេបានធ្វើមកលើយើង ប៉ុន្តែនៅពេលយើងអភ័យទោស នោះយើងនឹងបើកផ្លូវឲ្យខ្លួនយើងឈានទៅរកអនាគតកាន់តែល្អប្រសើរមួយ ។ នោះទង្វើនៃការធ្វើខុសឆ្គងរបស់អ្នកដទៃនឹងឈប់ មានឥទ្ធិពលគ្រប់គ្រងលើផ្លូវនៃជីវិតរបស់យើងហើយ ។ នៅពេលយើងអភ័យទោសដល់អ្នកដទៃ វារំដោះយើងឲ្យមានសេរីភាព ដើម្បីជ្រើសរើសថាតើយើងនឹងរស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ។ ការអភ័យទោសមានន័យថា បញ្ហាកាលពីអតីតកាល ឈប់សម្រេចជោគវាសនារបស់យើងទៀតហើយ ហើយយើងអាចផ្ដោតទៅលើអនាគតកាលដោយក្ដីស្រឡាញ់របស់ព្រះនៅក្នុងដួងចិត្តរបស់យើង » (« Forgiveness Will Change Bitterness to Love » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។
ដើម្បីជួយសិស្សប្រាប់ ឬអនុវត្តបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីអភ័យទោសដល់មនុស្សទាំងអស់ សូមអាននូវឧទាហរណ៍ដូចខាងក្រោម ហើយសួរសំណួរដូចតទៅ ៖
-
យុវនារីម្នាក់ត្រូវបានឈឺចាប់ ហើយមានការខ្មាស់អៀនពេលដែលបានដឹងថាមិត្តរបស់នាងបាននិយាយដើមនាងតៗគ្នា ។ ក្រោយមក មិត្តមួយចំនួនបានមកសុំទោស ប៉ុន្តែអ្នកដទៃទៀតពុំបានមកទេ ។ យុវនារីនោះបានអភ័យទោសដល់អ្នកដែលមកសុំទោស ប៉ុន្តែបានគុំគួននឹងអ្នកផ្សេងទៀត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០-១១ ឲ្យឮៗ ។ សូមឲ្យពួកគេគិតអំពីរបៀបដែលខគម្ពីរទាំងនេះទាក់ទងនឹងឧទាហរណ៍ដែលអ្នកបានអាន ។
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងខ ១០ ? ( សូមជួយសិស្សស្គាល់បទបញ្ញត្តិដូចខាងក្រោម ៖ព្រះអម្ចាស់បញ្ជាយើងឲ្យអភ័យទោសដល់មនុស្សទាំងអស់ )។
-
តើបទបញ្ញត្តិនេះទាក់ទងនឹងយុវនារីនៅក្នុងឧទាហរណ៍យ៉ាងដូចម្ដេច ? ហេតុអ្វីក៏អ្នកគិតថាវាសំខាន់ដើម្បីអភ័យទោសមនុស្សទាំងអស់ មិនថាពួកគេមកសុំទោសចំពោះកំហុសរបស់ពួកគេឬអត់នោះ ?
-
-
យុវជនម្នាក់ ពុំគោរពបទបញ្ញតិមួយ ។ គាត់បានអធិស្ឋានសូមការអភ័យទោស ហើយពិភាក្សាបញ្ហាជាមួយនឹងប៊ីស្សពរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប៊ីស្សពបានអះអាងនឹងយុវជននោះថា គាត់បានប្រែចិត្តពេញលេញ ក៏យុវជននោះនៅបន្ដមានអារម្មណ៍មិនសក្ដិសមដោយសារតែអំពើបាបពីអតីតកាលរបស់គាត់ ។
-
តើបទបញ្ញត្តិនៃការអភ័យទោសដល់មនុស្សទាំងអស់ទាក់ទងនឹងយុវជនក្នុងឧទាហរណ៍នេះយ៉ាងដូចម្ដេច? ហេតុអ្វីក៏យើងត្រូវអភ័យទោសឲ្យខ្លួនឯង ?
-
-
យុវនារីម្នាក់ មានអារម្មណ៍សោកសៅ ហើយមានការច្របូកច្របល់ ដោយសារតែទង្វើរបស់ឪពុកនាង ។ គាត់បានបោះបង់គ្រួសារចោល ។ ពីមុនគាត់ចាកចេញ គាត់កម្របង្ហាញសេចក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ ឬមានចរិកឃោរឃៅជាញឹកញាប់ ។ នាងពុំយល់ថា ហេតុអ្វីក៏ឪពុកនាងមានទង្វើរបែបនេះ ហើយនាងមានអារម្មណ៍ខឹងដល់គាត់ ។ នាងបានដឹងថា នាងគួរស្វែងរកការអភ័យទោសឲ្យឪពុក នាង ប៉ុន្តែនាងគិតថា នាងមិនអាចធ្វើបានទេ ។
-
តើការទូន្មានរបស់ព្រះអម្ចាស់នៅក្នុងខ ១១អាចជួយយុវនារីនេះឲ្យអភ័យទោសដល់ឪពុករបស់នាងយ៉ាងដូចម្ដេច ? តើវាជួយយើងឲ្យទុកការជំនុំជម្រះដល់អ្នកទាំងឡាយដែលធ្វើឲ្យយើងឈឺចាប់ទៅលើព្រះយ៉ាងដូចម្ដេច ?
-
សូមឲ្យសិស្សពិចារណាថាតើមាននរណាម្នាក់ដែលពួកគេចាំបាច់ត្រូវអភ័យទោសឲ្យ ។ ដោយទទួលស្គាល់ថា ជួនកាលវាមានការលំបាកណាស់ដើម្បីអភ័យទោសដល់នរណាម្នាក់ ។ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលពួកគេអាចធ្វើ បើពួកគេកំពុងមានការលំបាកក្នុងអភ័យទោសដល់នរណាម្នាក់ ។
« ខ្ញុំសូមអង្វរអ្នកឲ្យទូលសុំកម្លាំងមកពីព្រះអម្ចាស់ដើម្បីអភ័យទោស ។… វាប្រហែជាពុំងាយស្រួលទេ ហើយវាអាចនឹងប្រហែលជាពុំកើតមានយ៉ាងឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើអ្នកនឹងស្វែងរកវាដោយចិត្តស្មោះសរ ហើយបណ្ដុះវាឡើង នោះវានឹងកើតមានឡើង » (« Of You It Is Required to Forgive »Ensignខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។
-
តើប្រធាន ហ៊ិងគ្លី បានប្រឹក្សាដល់យើងឲ្យធ្វើអ្វីខ្លះ បើយើងកំពុងពុះពារក្នុងការអភ័យទោសដល់នរណាម្នាក់នោះ ? តើអ្នកគិតថាការអធិស្ឋានសុំកម្លាំងអាចជួយយើងឲ្យអភ័យទោសបានយ៉ាងដូចម្ដេច ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១២-១៤ដោយការពន្យល់ថា ព្រះអម្ចាស់បានបង្រៀនថា ជម្រើសរបស់យើងដើម្បីអភ័យទោសដល់អ្នកដទៃ ពុំរំដោះពួកគេពីការទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេនោះទេ ។ ពួកគេនៅតែទទួលខុសត្រូវចំពោះព្រះអម្ចាស់ចំពោះកំហុសដែលពួកគេបានធ្វើ ។ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១៥-១៧យើងមើលឃើញថា ព្រះអម្ចាស់បានអភ័យទោសដល់ពួកអ្នកបម្រើរបស់ទ្រង់ពីរនាក់យ៉ាងជាក់ គឺ អ៊ីសាក មួលី និង អែតវឹត ប៉ាទ្រិច ដោយសារពួកគេបានប្រែចិត្តពីបាបរបស់ពួកគេ ។
សូមដាក់តាំងរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ។ សូមចង្អុលបង្ហាញទៅសេចក្ដីពិតទីមួយដែលអ្នកបានសរសេរនៅលើក្ដារខៀន នៅពីមុនមេរៀនថា ៖ព្រះអម្ចាស់មានក្ដីមេត្តាករុណា ការអភ័យទោស និងប្រកបដោយព្រះគុណ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងអភ័យទោស នោះយើងកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចអនុវត្តតាមគោលការណ៍នៃការអភ័យទោសដែលពួកគេបានរៀននៅថ្ងៃនេះ ។ សូមផ្ដល់ពេលដល់ពួកគេឲ្យសរសេរអ្វីដែលពួកគេនឹងធ្វើដើម្បីអនុវត្តសេចក្ដីពិតទាំងនេះ ហើយកត់ត្រាចំណាប់អារម្មណ៍នានា ដែលពួកគេបានទទួល ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨។ យើងនាំទុក្ខដាក់ខ្លួន នៅពេលយើងពុំអភ័យទោសឲ្យអ្នកដទៃ
អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់ បានប្រាប់អំពីបុរសពីរនាក់ដែលបំផ្លាញខ្លួនពួកគេ និងអ្នកដទៃទៀតជាច្រើន ដោយសារតែការពុំព្រមអភ័យទោសរបស់ពួកគេ ៖
« ខ្ញុំបានធំឡើងនៅក្នុងទីជនបទតូចមួយ ដែលទឹកគឺជាវត្ថុទ្រទ្រង់ជីវិតសហគមន៍ដ៏ខ្លាំងបំផុត ។ ខ្ញុំចាំថា មនុស្សក្នុងសង្គមរបស់យើងតែងតែទន្ទឹងចាំ បារម្ភ និងអធិស្ឋានសុំទឹកភ្លៀង ទទួលសិទ្ធិបញ្ចូលទឹក និងទឹកប្រើប្រាស់ទូទៅជាប្រចាំ ។
« នៅក្រោមអាកាសធាតុអាប់អួរ និងតានតឹង ពេលខ្លះមនុស្សពុំធ្វើខ្លួនល្អជានិច្ចនោះទេ ។ ជួនកាល អ្នកជិតខាងនឹងឈ្លោះគ្នាដោយសារកសិករម្នាក់ចំណាយពេលយូរពេកក្នុងការបើកប្រឡាយធារាសាស្រ្ត ។ នោះជារបៀបដែលវាបានចាប់ផ្ដើមជាមួយនឹងបុរសពីរនាក់ ដែលរស់នៅជិតនឹងភូមិមួយលើភ្នំរបស់យើង ដែលខ្ញុំនឹងហៅគាត់ថា ឆិត និង វ៉ល ។ អ្នកជិតខាងពីរនាក់នេះ បានចាប់ផ្ដើមឈ្លោះគ្នាដោយសារទឹកហូរមកពីប្រឡាយធារាសាស្រ្ត ដែលពួកគេបានចែកគ្នា ។ ដំបូងឡើយវាជារឿងដែលអចេតនាទេ ប៉ុន្តែយូរឆ្នាំទៅ បុរសទាំងពីរនាក់នេះ អនុញ្ញាតឲ្យភាពមិនចុះសម្រុងនេះក្លាយទៅជារឿងអាក់អន់ចិត្ត រួចហើយទាស់ទែងគ្នា--រហូតឈានដល់ការគំរាមគំហែងចំពោះគ្នា ។
« នៅព្រឹកខែកក្កដាមួយ បុរសទាំងពីរនាក់ បានដឹងថា ពួកគេខ្វះទឹកទៀតហើយ ។ ម្នាក់ៗបានទៅប្រឡាយទឹកដើម្បីមើលថាមានអ្វីកើតឡើង ដោយម្នាក់ៗគិតក្នុងគំនិតផ្ទាល់ខ្លួនថា ម្នាក់ទៀតបានលួចទឹករបស់ខ្លួន ។ ពួកគេបានទៅដល់ប្រភពទឹកដំណាលគ្នា ។ បានប្រើពាក្យខឹងសំបាដាក់គ្នា រួចហើយបានវាយតប់គ្នា ។ វ៉ល ជាមនុស្សមានមានឌធំខ្លាំង ។ ឆិត មានមាឌតូច ស្គម ហើយមានៈ ។ នៅក្នុងការវាយតប់គ្នានោះ បុរសទាំងពីរនោះបានប្រើប៉ែលដែលពួកគេកាន់មកជាមួយធ្វើជាអាវុធ ។ វ៉លបានវៃត្រូវភ្នែករបស់ ឆិត ម្ខាងនឹងប៉ែលនោះ ដោយធ្វើឲ្យគាត់ខ្វាក់ភ្នែក ។
« អស់រយៈពេលជាច្រើនខែ ច្រើនឆ្នាំបានកន្លងផុតទៅ តែ ឆិត នៅតែពុំអាចបំភ្លេច និងពុំអាចអភ័យទោសឲ្យបាន ។ កំហឹងដែលគាត់មានដោយសារតែការបាត់បង់កែវភ្នែករបស់គាត់ បានដុតរោលក្នុងខ្លួនគាត់ ហើយការស្អប់របស់គាត់បានកើនឡើងយ៉ាងខ្លាំង ។ នៅថ្ងៃមួយ ឆិត បានទៅជង្រុករបស់គាត់ ដកយកកាំភ្លើងចេញមក ហើយបានឡើងជិះសេះគាត់ចេញទៅ ហើយបានទៅដល់ប្រភពទឹកនៅប្រឡាយនោះ ។ គាត់បានធ្វើទំនប់ទឹក ហើយបានបង្វែរទឹកឲ្យហូរចេញពីស្រែរបស់វ៉ល ដោយដឹងថា វ៉ល នឹងមកមើលថាមានអ្វីកើតឡើងជាមិនខាន ។ បន្ទាប់មក ឆិត បានរំអិលខ្លួនទៅពួនចាំនៅគុម្ពោធព្រៃ ។ នៅពេល វ៉ល បានលេចខ្លួនចេញមក ឆិត បានបាញ់សម្លាប់គាត់តែម្តង ។ រួចគាត់ឡើងជិះលើសេះរបស់គាត់ត្រឡប់ទៅផ្ទះវិញ ហើយបានទូរសព្ទហៅមន្ត្រីក្នុងមូលដ្ឋានប្រាប់ថា គាត់ទើបតែបាញ់សម្លាប់ វ៉ល ។
« ឪពុករបស់ខ្ញុំត្រូវបានសុំឲ្យធ្វើជាក្រុមប្រឹក្សាតុលាការ កាត់ទោស ឆិត ជាឃាតករ ។ ឪពុកខ្ញុំពុំធ្វើទេ ព្រោះគាត់គឺជាមិត្តជិតស្និតរបស់បុរសទាំងពីរនាក់នេះ និងក្រុមគ្រួសាររបស់ពួកគេ ។ ឆិត ត្រូវបានកាត់ទោស ហើយផ្ដន្ទាទោសថាជាឃាតករ ហើយកាត់ទោសឲ្យជាប់គុគអស់មួយជីវិត ។
« អស់ជាច្រើនឆ្នាំក្រោយមក ភរិយារបស់ ឆិត បានមកជួបឪពុករបស់ខ្ញុំ ហើយបានសុំបើសិនជាគាត់អាចចុះហត្ថលេខាលើញត្តិសំណើរមួយទៅកាន់អភិបាល ដោយសុំក្ដីមេត្តាដល់ប្ដីរបស់នាង ដែលឥឡូវមានជំងឺ បន្ទាប់ពីជាប់ក្នុងពន្ធធនាគារអស់ជាច្រើនឆ្នាំ ។ ឪពុកខ្ញុំបានចុះហត្ថលេខាលើញត្តិសំណើរ ។ ប៉ុន្មានយប់ក្រោយមក កូនប្រុសពីរនាក់របស់ វ៉លបានមកដល់ផ្ទះរបស់យើង ។ ពួកគេបានខឹង និងអន់ចិត្តនឹងឪពុកខ្ញុំយ៉ាងខ្លាំង ។ ពួកគេបាននិយាយថា ដោយសារតែឪពុករបស់ខ្ញុំបានចុះហត្ថលេខាលើញត្តិសំណើរនោះ ទើបមានអ្នកដទៃទៀតជាច្រើនបានចុះហត្ថលេខាដែរ ។ ពួកគេបានសុំឲ្យឪពុករបស់ខ្ញុំដកឈ្មោះគាត់ចេញពីញាតិសំណើរនោះ ។ គាត់បាននិយាយបដិសេធ ។ គាត់បានដឹងថា ឆិត បានខូចចិត្ត និង ធ្លាក់ខ្លួនឈឺ ។ គាត់បានរងទុក្ខ អស់ជាច្រើនឆ្នាំនៅក្នុងគុកចំពោះបទឧក្រិដ្ឋនោះ ។ គាត់ចង់មើលឃើញ ឆិត មានពិធីបុណ្យសពល្អមួយ ហើយបានបញ្ចុះនៅជិតនឹងគ្រួសារគាត់ ។
« កូនប្រុសរបស់ វ៉ល បានខ្មួលខ្មាញ់នៅក្នុងកំហឹង ហើយនិយាយថា ‹ បើគាត់ត្រូវគេដោះលែងចេញពីគុក នោះយើងនឹងមើលឃើញនូវអន្ដរាយកើតមានដល់គាត់ និងគ្រួសារគាត់ហើយ › ។
« ទីបំផុត ឆិត ត្រូវបានដោះលែង ហើយអនុញ្ញាតឲ្យមកផ្ទះវិញដើម្បីស្លាប់ជាមួយគ្រួសារគាត់ ។ ជាសំណាងល្អ វាពុំកើតមាននូវអំពើហឹង្សាអ្វីទៀតទេរវាងគ្រួសារទាំងពីរឡើយ ។ ជារឿយៗ ឪពុកខ្ញុំសោកសៅចំពោះសោនាដកម្មដែល ឆិត និង វ៉ល បានមាន ដែលជាអ្នកជិតខាងទាំងពីរនេះ និងជាមិត្តកាលពីក្មេងៗ បានធ្លាក់ខ្លួនជាប់ជាឈ្លើយនៃកំហឹងរបស់ពួកគេ ហើយទុកឲ្យវាបំផ្លាញជីវិតរបស់ពួកគេ ។ តើវាជាសោកនាដកម្មប៉ុណ្ណា ពេលដែលកំហឹងក្នុងគ្រានោះ បានធ្វើឲ្យមានការជ្រុលជ្រួសបាន--ទីបំផុតបានយកជីវិតរបស់បុរសទាំងពីរ-- ជាការសាមញ្ញ ដោយសារតែបុរសទាំងពីរពុំអាចអភ័យទោសដល់គ្នាទៅវិញទៅមកដោយសារតែការចែកទឹកគ្នាចេញពីធារាសាស្រ្ត ។…
« …នៅពេលនរណាម្នាក់បានធ្វើឲ្យយើងឈឺចាប់ ឬធ្វើឲ្យអ្នកទាំងឡាយដែលយើងស្រឡាញ់ឈឺចាប់ នោះការឈឺចាប់នោះអាចនឹងគ្របដណ្ដប់លើយើងយ៉ាងធ្ងន់ធ្ងរ ។ វាអាចមានអារម្មណ៍ដូចជា ការឈឺចាប់ ឬសេចក្តីអយុត្តិធម៌នោះ វាសំខាន់បំផុតនៅក្នុងពិភពលោកនេះ ហើយថាយើងគ្មានជម្រើស ក្រៅពីការសងសឹក ។ ប៉ុន្ដែព្រះគ្រីស្ទ ដែលជាស្ដេចនៃមេត្រីភាព បង្រៀនយើងនូវរបៀបមួយដែលល្អប្រសើរជាង ។ វាអាចជារឿងដ៏លំបាកមួយដើម្បីអភ័យទោសដល់នរណាម្នាក់ ចំពោះការបំផ្លាញដែលពួកគេបានធ្វើមកលើយើង ប៉ុន្តែនៅពេលយើងអភ័យទោស នោះយើងផ្តល់ឱកាសឲ្យខ្លួនយើងឈានទៅរកអនាគតកាលកាន់តែល្អប្រសើរមួយ ។ ទង្វើនៃការធ្វើខុសឆ្គងរបស់អ្នកដទៃនោះ នឹងឈប់មកគ្រប់គ្រងលើផ្លូវជីវិតយើងទៀតឡើយ ។ នៅពេលយើងអភ័យទោសដល់អ្នកដទៃ វារំដោះយើងឲ្យមានសេរីភាព ដើម្បីជ្រើសរើសថាតើយើងនឹងរស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ។ ការអភ័យទោសមានន័យថា បញ្ហាកាលពីអតីតកាល ឈប់សម្រេចជោគវាសនារបស់យើងទៀតហើយ ហើយយើងអាចផ្ដោតទៅលើអនាគតដោយក្ដីស្រឡាញ់របស់ព្រះនៅក្នុងដួងចិត្តរបស់យើង » (Forgiveness Will Change Bitterness to Love, »Ensignខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១០-១១, ១២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១២-១៤។ « នោះអ្នករាល់គ្នាត្រូវយក [ គាត់ ] មកចំពោះសាសនាចក្រចុះ »
ការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១២-១៤បង្ហាញថា ការអភ័យទោសឲ្យអ្នកដទៃរបស់យើង ពុំរំដោះពួកគេពីលទ្ធផលនៃទង្វើររបស់ពួកគេ ។ អែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« បើអ្នកជាជនរងគ្រោះស្លូតត្រង់ ដែលត្រូវគេធ្វើខុសមកលើយ៉ាងធ្ងន់ធ្ងរនោះ សូមកុំទុកអារម្មណ៍ស្អប់ក្នុងខ្លួន ខឹងនឹងអ្វីដែលបានធ្វើមកដោយអយុត្តិធម៌នោះឡើយ ។ សូមអភ័យទោសដល់អ្នកដែលធ្វើខុសនោះ ទោះជាអ្នកមិនបានធ្វើអ្វីខុសក្តី ។ ដើម្បីធ្វើដូច្នោះបាន អាចនឹងតម្រូវឲ្យមានការខិតខំយ៉ាងខ្លាំងនៅផ្នែករបស់អ្នក ។ ការអភ័យទោសដូច្នោះគឺពិបាកបំផុត ប៉ុន្តែវាជាផ្លូវពិតទៅរកភាពសុខសាន្ដ និងការព្យាបាល ។ បើមានការណ៏ណាមួយទាស់នឹងអ្នកចំពោះការរំលងដ៏ធ្ងន់ធ្ងរមួយ សូមទុកឲ្យសាសនាចក្រ និងអជ្ញាធរស៊ីវិលជាអ្នកធ្វើការចុះ ។ សូមកុំដាក់បន្ទុកជីវិតរបស់អ្នកដោយគំនិតសងសឹកឡើយ ។ ដំណើរការនៃសេចក្ដីយុត្តិធម៌របស់ព្រះអម្ចាស់មានជាសន្សឹមៗ តែវាមានប្រសិទ្ធភាពណាស់ ។ នៅក្នុងផែនការរបស់ព្រះអម្ចាស់ គ្មាននរណាម្នាក់នឹងចៀសផុតពីលទ្ធផលនៃការល្មើសច្បាប់របស់ទ្រង់ដោយពុំបានដោះស្រាយនោះឡើយ ។ តាមពេលវេលា និងរបៀបបង់ថ្លៃពេញលេញរបស់ទ្រង់ នឹងតម្រូវឲ្យមានចំពោះទង្វើអាក្រក់ដែលពុំប្រែចិត្តនោះ » (« Peace of Conscience and Peace of Mind, »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១៦-១៧ ។
អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់បានពន្យល់ដោយសាមញ្ញថា ៖
« ខ្ញុំចង់ប្រាប់ឲ្យច្បាស់ថា ការអភ័យទោសពីអំពើបាប ពុំគួរត្រូវច្រឡំជាមួយនឹងការអត់ទ្រាំនឹងសេចក្ដីអាក្រក់នោះទេ ។ តាមពិត នៅក្នុងការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានមានបន្ទូលថា ‹ ជំនុំជម្រះតាមសេចក្តីសុចរិត › ។ [ ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១ ( នៅក្នុងម៉ាថាយ ៧:១, footnoteក] ។ព្រះអង្គសង្គ្រោះបានសុំឲ្យយើងលះបង់ ហើយតយុទ្ធនឹងសេចក្ដីអាក្រក់គ្រប់ទម្រង់ ហើយទោះជាយើងត្រូវអភ័យទោសនឹងអ្នកជិតខាងដែលធ្វើឲ្យយើងរងគ្រោះក្ដី ក៏យើងគួរតែធ្វើការការពារជាប្រយោជន៍កុំឲ្យការរងគ្រោះនោះកើតមានសារជាថ្មីទៀត ។ ស្រ្តីម្នាក់ដែលត្រូវបានគេរំលោភបំពាន ពុំគួរព្យាយាមសងសឹកវិញឡើយ ទាំងពុំគួរមានអារម្មណ៍ថា គាត់ពុំអាចធ្វើការការពារកុំឲ្យមានការរំលោភបំពាននោះដែរ ។ អ្នកជំនួញ ដែលបានប្រព្រឹត្តដោយពុំយុត្តិធម៌នៅក្នុងដំណើរការអាជីវកម្ម ពុំគួរស្អប់មនុស្សដែលពុំស្មោះត្រង់ទេ ប៉ុន្តែអាចនឹងប្រើនូវជំហានត្រឹមត្រូវ ដើម្បីកែកំហុសវិញ ។ ការអភ័យទោសពុំតម្រូវឲ្យយើងទទួលយក ឬអត់ឱនឲ្យសេចក្ដីអាក្រក់ឡើយ ។ វាពុំតម្រូវឲ្យយើងពុំអើពើដឹងនូវភាពខុសឆ្គងដែលយើងមើលឃើញនៅក្នុងពិភពលោកជុំវិញយើង ឬនៅក្នុងជីវិតផ្ទាល់ខ្លួនយើងឡើយ ។ ប៉ុន្តែនៅពេលយើងតយុទ្ធទាស់នឹងអំពើបាប យើងមិនត្រូវអនុញ្ញាតឲ្យការស្អប់ ឬកំហឹងគ្រប់គ្រងលើគំនិត ឬសកម្មភាពរបស់យើងឡើយ » (Forgiveness Will Change Bitterness to Love» Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។