ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩-១២ ( មេរៀន​ទី ២៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩-១១២ ( មេរៀន​ទី ២៤ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោមនេះ​គឺ​ជា​សេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន​នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩-១១២ ( មេរៀន​ទី ២៤ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩)

នៅពេល​សិស្ស​បាន​សិក្សា​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ នោះពួកគេ​បាន​ឃើញ​ហេតុផល​មួយ​ចំនួន​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​បាន​រៀន​ថា ប្រសិន​បើ​យើង​ថ្វាយបង្គំ​ដោយ​ភាពសក្តិសម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះ​អម្ចាស់​នឹង​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​យើង បំពាក់យើង​ដោយ​ព្រះចេស្តា និង ជំនួយ​របស់​ទ្រង់ ព្រមទាំង​ប្រទានពរដល់យើងដូច្នេះអំពើទុច្ចរិតនឹង​ពុំ​អាចឈ្នះ​លើ​យើង​បាន​ឡើយ ។ បទពិសោធន៍របស់ពួកបរិសុទ្ធនៅឯការឧទ្ទិសនៃព្រះវិហារបរិសុទ្ធខឺតឡង់ គឺវាស្រដៀង​គ្នា​យ៉ាង​ខ្លាំងទៅនឹងអ្វី​ ដែល​បាន​កើត​ឡើង​ចំពោះ​សាវក​ពី​បុរាណនៅ​បុណ្យថ្ងៃទីហាសិប ( សូមមើល កិច្ចការ ២) ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១០)

ផ្នែកនៃ​ពរជ័យ​ដែល​បាន​ទទួល​ដោយ​ពួក​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធខឺតឡង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ សិស្ស​បាន​រៀន​ថាប្រសិន​បើ​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​រក្សា​ព្រះ​ដំណាក់​របស់​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ នោះ​ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា​ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បាន​បង្ហាញ​ខ្លួននៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ហើយ​បាន​ប្រគល់​កូនសោ​នៃ​បព្វជិតភាព​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ​សិស្ស​បាន​រៀន​ថា កូនសោ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុម​គ្រួសារ​ដ៏​អស់កល្ប និង កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ រៀបចំ​ខ្លួនយើង​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​អម្ចាស់ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១១)

ចេញ​ពី​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ​នៅក្នុងក្រុងសាលិម រដ្ឋម៉ាស្សាឈូសេត នោះ​សិស្សបាន​រៀន​ថា​ព្រះអម្ចាស់​អាច​នាំ​មក​នូវសេចក្តី​ល្អ​សម្រាប់​កិច្ច​ខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា យើង​អាច​ទទួល​បាន​ការណែនាំ​របស់​ព្រះអម្ចាស់​តាមរយៈ​សេចក្តីសុខសាន្ត និង ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១២)

តាមរយៈ​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ថូម៉ាស ប៊ី ម៉ាស្ស នោះ​សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​បន្ទាបខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង និង​ប្រទាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ព្រះអម្ចាស់​បាន​ប្រាប់​ប្រធាន​ម៉ាស្ស​ថា ក្នុង​នាម​ជា​ប្រធាននៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​លោក​បាន​កាន់​កូនសោ​ដើម្បី​ដឹកនាំកិច្ចការ​នៃ​ពួក​ដប់ពីរ​នាក់ នៅក្នុង​ការប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅក្នុង​គ្រប់អស់​ទាំងសាសន៍ ។ កូនសោ​ទាំងនេះ​ត្រូវបាន​ស្តារ​ឡើង​វិញ​ជាលើក​ចុងក្រោយ​បង្អស់ នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា​ពួកគេ​ត្រូវតែ​ស្មោះត្រង់ ​ដើម្បី​ទទួល​បាន​ការសន្យានៃពរជ័យ​របស់​ព្រះ​អម្ចាស់ ។

សេចក្តីផ្ដើម

នៅក្នុង​ផ្នែក​នៃ​ពាក្យអធិស្ឋាន​ឧទ្ទិស​ឆ្លង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​សម្រាប់សុខុមាលភាព​របស់​មនុស្ស​ដទៃ ។ បន្ទាប់​ពី​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិស​ឆ្លង នោះ​ព្យាការី​ពី​គ្រាកាន់កាប់ត្រួតត្រា​ជំនាន់​ដើម​បាន​ប្រគល់​កូនសោ​បព្វជិតភាព​ទៅលើព្យាការី​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី រួម​ទាំង​កូនសោ​នៃ​ការផ្សារភ្ជាប់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៥៣

យ៉ូសែប ស្ម៊ីធ​បាន​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពីនរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ ដែលកំពុង​ប្រឈមមុខនឹងឧបសគ្គ ឬ រងទុក្ខ​តាមរបៀប​មួយ​ចំនួន ។ ក្រោយពី​ពួកគេ​មានពេលអានគ្រប់គ្រាន់​ដើម្បី​គិត​ហើយ សូម​សួរ​សំណួ​ខាងក្រោម​នេះ ៖

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​ជួយសម្រាល​ការរងទុក្ខ​របស់​នរណា​ម្នាក់ ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​យោបល់​មួយ​ចំនួន សូម​រំឭក​ពួកគេ​ថា​ពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​អំពើដ៏​សាហាវ​ព្រៃផ្សៃ​នៃ​ពួក​ជន​កំណាច​នៅក្នុង​ឃុំ​ចាកសុន ។ ពួក​បរិសុទ្ធ​ដ៏​ល្អ​ទាំង​នោះ​ត្រូវបាន​ចងចាំ​នៅក្នុង​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធខឺតឡង់ ។ សូមអញ្ជើញ​សិស្សឲ្យ​អាន​ផ្នែក​នៃការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៤៧-៤៩ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ដទៃ​អំឡុង​ពេល​លំបាក ។

  • នៅ​ឯការឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ តើ​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ធ្វើជា​អ្នក​សរសេរ ។ សូម​ឲ្យ​សិស្ស​ផ្តល់​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ពី​ការអធិស្ឋាន​របស់​ព្យាការី​នៅក្នុង​ខគម្ពីរ​ទាំង​នោះ ។ នៅពេល​សិស្ស​ឆ្លើយ អ្នក​សរសេរ​អាច​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ការអធិស្ឋាន​របស់​យើង​អាច​នាំ​ជំនួយ និង ផ្តល់​កម្លាំង​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។

  • តើនៅ​ពេល​ណាដែរ ដែលអ្នកបាន​ទទួល​អារម្មណ៍ ឬ បាន​ឃើញ​អំណាច​នៃការអធិស្ឋាន​ជួយ​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ជំនួយ​ ? ( អ្នក​អាច​បង្ហាញ​ថា​ការអធិស្ឋាន​បែប​នោះ​ភាគច្រើន​បាន​ទទួល​ចម្លើយ​តាមរយៈ​ការបំផុស​គំនិត ​ដែល​យើង ឬ មនុស្ស​ដទៃ​ទៀត​បាន​ទទួល​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍ពី​របៀប ដែល​អ្នក​បាន​ឃើញ​គោលការណ៍​នេះ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មនុស្ស​ដទៃ​ទៀត​ដែល​ព្យាការី​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ។

  • តើ​មាន​រណា​ខ្លះ​ទៀតដែល​ព្យាការី​បាន​អធិស្ឋាន​សម្រាប់​ពួកគេ​នោះ ?

  • តើ​អ្នកគិត​ថា​ហេតុអ្វី​បាន​ជាយើង​គួរតែ​អធិស្ឋាន​សម្រាប់​មារសត្រូវ​របស់​យើង ?

  • តើ​យើង​អាច​រៀនអ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥០ ​ អំពី​របៀប​ដែល​ការអធិស្ឋាន​របស់​យើង​អាច​ជះឥទ្ធិពល​លើ​មនុស្ស​ដទៃ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូម​ឲ្យ​អ្នក​សរសេរ​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្តារខៀន ៖ ការអធិស្ឋាន​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ឲ្យ​ប្រែចិត្ត ។ ប​ន្ទាប់មក​សូមអញ្ជើញ​អ្នក​សរសេរឲ្យ​អង្គុយ​ចុះ​វិញ ) ។

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ៖

  • តើ​វា​ប្រែ​ជា​យ៉ាង​ដូចម្តេច​ដែរ ប្រសិន​បើ​មនុស្ស​ដែល​យើង​អធិស្ឋាន​ឲ្យ​ពុំ​ព្រម​ជ្រើស​ប្រែចិត្ត​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥១-៥៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​ទទួល​ស្គាល់​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ និង សិទ្ធិ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ពីមុន​សិស្ស​អាន​ខគម្ពីរ​ទាំង​នេះ អ្នក​អាច​ពន្យល់​ថា នៅពេល​ព្រះគម្ពីរ​លើក​ឡើងនូវ​ឃ្លា​ដែល​ថា​ព្រះអម្ចាស់​ត្រដាង​ព្រះហស្ដ​របស់​ទ្រង់ នោះ​វា​សំដៅ​លើ​ការ​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥៣ ឲ្យឮៗ​ម្តងទៀត ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះវរបិតាសួគ៌​នឹង​ធ្វើ​ចំពោះ​អស់​អ្នក​ដែល​ប្រែចិត្ត ។ ( អ្នក​ត្រូវតែ​ពន្យល់​ថា សេចក្តី​ក្រោធ​របស់​ព្រះ​ជាញឹកញាប់​ត្រូវបាន​បង្ហាញ​នៅក្នុង​ការដាក់ទោស ឬ រកទុក្ខ​នូវ​បទពិសោធន៍​ដែល​យើង​ជួបប្រទះ ដោយសារ​តែ​អំពើ​បាប​របស់​យើង ស្របតាម​សេចក្តី​យុត្តិធម៌​របស់​ទ្រង់ ។ ឃ្លា « នៅពេល​ព្រះអង្គ​ទត​ទៅលើ​ព្រះភក្ត្រ​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង » សំដៅ​លើ​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ប្រទាន​សេចក្តី​មេត្តា​ករុណា​ដោយសារ​តែ​ពលិកម្មដ៏ធួន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ) ។​

  • ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​បង្វែរសេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​អស់​អ្នក​ដែល​ប្រែចិត្ត​ដូច្នេះ ? ( សិស្ស​អាច​ប្រើ​ពាក្យផ្សេងៗគ្នា ​ប៉ុន្ដែ​សូមជួយពួកគេ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដោយសារ​តែ​ពលិកម្មដ៏ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្តីក្រោធ​របស់​ព្រះវរបិតា​សួគ៌​នឹង​ត្រូវបែរ​ចេញ​ពី​អស់​អ្នក​ដែល​ប្រែចិត្ត​) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ការពិពណ៌នា​នៅក្នុង ខ ៥៣សូម​អញ្ជើញ​ពួកគេ​ឲ្យធ្វើ​ចំណុច​ខាង​ក្រោមនេះ ៖

សូមស្រមៃ​ពី​សមាជិក​ពី​មុន​ម្នាក់​របស់​ពួកជនកំណាច ដែល​ប្រឆាំង​នឹង​ពួក​មរមន​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ត្រូវបាន​ជំនំជម្រះ ។ ឥឡូវ​សូម​ស្រមៃ​ពីប៉ុន្មាន​ឆ្នាំ​មុន ពីមុន​បុគ្គល​នេះ​ស្លាប់ គាត់​ពិតជា​បាន​ប្រែចិត្ត ហើយ​បាន​សុំ​ការអភ័យ​ទោស ហើយបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។​ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​បុគ្គល​នេះ នោះ​ព្រះវរបិតាសួគ៌នឹង​បង្វែរការដាក់ទោសចេញ ហើយ​ប្រទាន​នូវ​សេចក្តី​មេត្តា​ករុណា​ដល់​អ្នក​មាន​បាប​ដែល​ប្រែចិត្ត ។

  • តើឥរិយាបថ​អ្វី​ខ្លះ​ដែល​ចាំបាច់​សម្រាប់​មនុស្ស​ឲ្យ​អធិស្ឋាន​ដោយ​ស្មោះសរ​ ដើម្បីឲ្យ​មារសត្រូវ​របស់​ពួកគេ​អាច​ត្រូវបាន​បែរ​ចេញ​ពី​សេចក្តី​ក្រោធ​របស់​ព្រះវរបិតាសួគ៌​ពី​ពួកគេ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អភិវឌ្ឈន៍​ឥរិយាបថ​នេះ ចំពោះ​អស់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​អន់ចិត្ត ឬ បាន​បណ្តាល​ឲ្យ​ពួកគេ​ឈឺចាប់ ។ សូម​ឲ្យ​សិស្ស​ស្រមៃពី​មនុស្ស​ដែល​ប្រែចិត្ត​បែប​នេះ កំពុង​ឈរ​នៅ​ពីមុខ​ព្រះភក្ត្រ​ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​ដូច​ជា​យ៉ូសែប ស្ម៊ីធ​បាន​អធិស្ឋាន សម្រាប់​មនុស្ស​ដែលធ្វើ​ឲ្យ​ពួកគេ​អន់​ចិត្ត ឬ ធ្វើ​អំពើ​បាប​ទាស់នឹង​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣-១៦

អេលីយ៉ាប្រគល់​កូនសោ​នៃ​ការផ្សារភ្ជាប់​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ​ ខៅឌើរី

សូម​រំឭក​សិស្ស​ថា​នៅ​ចុង​សប្តាហ៍នៃ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធខឺតឡង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​នៅក្នុង​សេចក្តីណែនាំ​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ហើយ​រកមើល​កាលបរិច្ឆេទ​នៃ​ការនិមិត្ត​នោះ ។ បន្ទាប់​ពី​ពួកគេរកឃើញ​ហើយ សូម​ពន្យល់​ថា​នៅ​ចុង​សប្តាហ៍​នៃ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺ​ជា​បុណ្យ​រំលង​សម្រាប់​ជនជាតិ​យូដា​នៅទូទាំង​ពិភពលោក ។ អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ពួកគ្រួសារ​នៃ​សាសន៍​យូដា​បាន​ទុក​កៅ​អី​ទំនេរ នៅ​ឯពិធីជប់​លៀង​នៃ​បុណ្យ​រំលង​របស់​ពួកគេ ដោយ​ផ្អែក​លើ​ការព្យាករ​មួយ​ដោយ​ម៉ាឡាគី​ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ ដោយ​មាន​ការចូលរួម​របស់​អេលីយ៉ា​ដើម្បី « បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯកូន និង ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » (ម៉ាឡាគី ៤:៦) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣-១៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែលការព្យាករ​របស់ម៉ាឡាគី​ត្រូវបាន​បំពេញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

ប្រធាន​យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​បង្រៀន​ថា​អេលីយ៉ា​បាន​ប្រគល់​ដល់​យ៉ូសែប​ ស្ម៊ីធ​នូវ « អំណាច​នៃ​ការផ្សារភ្ជាប់​នៃ​បព្វជិតភាព ដែល​គ្រប់​អ្វីៗ​ទាំងអស់​នឹង​ត្រូវបាន​ចង​ភ្ជាប់​នៅលើ​ឋានសួគ៌ ព្រមទាំង​នៅលើ​ផែន​ដី​ផងដែរ ។ វា​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​យ៉ូសែប ស្ម៊ីធ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងអស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ដែល​ចាំបាច់​សម្រាប់​សេចក្តី​សង្គ្រោះ​ទាំង​អ្នក​នៅរស់ និង មរណជន » (Doctrines of Salvation, បាន​បោះពុម្ព ប្រ៊ូស អរ ម៉ាក់ខនឃី ភាគ​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ២:១១៨ ) ។

  • តើ​យើង​កំពុង​ផ្តល់​អ្វី​ខ្លះ​ដល់​បុព្វការីជន​ដែល​បានចែកឋាន​របស់​យើង នៅពេល​យើង​ជួយ​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងនេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគាត់​នោះ ? ( សូម​គិត​ពី​ការ​សរសេរ​គោលការណ៍​ខាង​ក្រោមនេះ​នៅលើ​ក្ដារខៀន ៖ យើង​ផ្តល់​សេចក្តី​សង្គ្រោះ​ដល់​បុព្វការីជន​របស់​យើង នៅពេល​យើង​ធ្វើ​កិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ​សម្រាប់​ពួកគេ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ អ្នក​អាច​នឹងផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​នេះដល់​សិស្ស​ ។ សូម​ឲ្យ​ពួកគេ​ស្តាប់​រក​មើល​ពរជ័យ ដែល​អាច​ប្រទាន​មក​ដល់​អស់​អ្នក​ដែលជួយ​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ គឺជា​ពេល​ដែល​ចំណាយបានល្អ ប៉ុន្ដែ​ការទទួល​ពិធីបរិសុទ្ធ​ជំនួស​ជីដូនជីតា​ផ្ទាល់ខ្លួន​របស់​អ្នក នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធកាន់តែ​ពិសិដ្ឋ ហើយ​ថែមទាំង​ទទួល​បាន​ពរជ័យ​កាន់តែ​អស្ចារ្យ​ទៀត​ផង ។…

« តើ​មនុស្ស​វ័យ​ក្មេងដូច​ជា​អ្នក​ចង់​បាន​វិធី​ដ៏​ប្រាកដ​មួយ ដើម្បី​លុបបំបាត់​ឥទ្ធិពល​របស់​មារសត្រូវ​មាន​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ ? សូម​ជ្រមុជ​ខ្លួន​អ្នក​ទៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជីដូនជីតា​អ្នក រៀបចំ​ឈ្មោះ​របស់ពួកគាត់​សម្រាប់​ពិធី​បរិសុទ្ធ​ជំនួស​ដ៏ពិសិដ្ឋ​ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួច​ហើយ​ទៅព្រះវិហារបរិសុទ្ធ ដើម្បី​ឈរជា​អ្នក​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធជំនួស​ពួកគាត់ ។ នៅពេល​អ្នក​ធំ​ឡើង​ អ្នក​នឹង​អាច​ចូលរួម​ក្នុង​ការទទួល​ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ផង​ដែរ ។ ខ្ញុំគិត​មិន​ឃើញ​នូវកិច្ចការពារដ៏មហិមាពី​ឥទ្ធិពល​របស់​មារសត្រូវ​ក្នុង​ជីវិត​របស់អ្នក​នោះ​ឡើយ » ( « The Joy of Redeeming the Dead » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣–៩៤ ) ។

  • តើ​ពរជ័យអ្វីខ្លះដែល​នឹង​ប្រទាន​ឲ្យ​ដល់អស់​អ្នក​ដែល​ធ្វើកិច្ចការ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ?

  • តើ​ពេលណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់បានជួប​បទពិសោធន៍​នៃ​ពរជ័យ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្កើន​កិច្ចខិតខំ​របស់​ពួកគេ​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ។

មេរៀន​បន្ទាប់ ( សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣–១២០)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​អំឡុងពេល​នៃ​សប្តាហ៍​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ទទួល​ឈ្មោះ​របស់​ខ្លួន​ដោយ​របៀប​ណា ? តើ​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ណែនាំ​ប្រាប់​នៅពេល​ណា ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​បាន​រៀន​ពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ និង អំពី​របៀប​ដែល​យើងអាច​អំពាវនាវ​ដល់​ព្រះ​សុំ​ជំនួយ​ឲ្យ​បន្ត​នៅ​ពិតស្មោះត្រង់​ចំពោះ​សេចក្តីជំនឿ និង សេចក្តីសញ្ញា​របស់​យើង ។