ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥៦ ៖ កម្មវិធី និង អង្គការ​សាសនាចក្រ


មេរៀនទី ១៥៦

កម្មវិធី និង​អង្គការ​សាសនាចក្រ

បុព្វកថា

នៅពេល​សាសនាចក្រ​បន្ដ​រីកចម្រើន ព្រះអម្ចាស់​បាន​បំផុសគំនិត​ដល់​អ្នកដឹកនាំ​សាសនាចក្រ និង​សមាជិក​ឲ្យ​អនុវត្ត​នូវអង្គការ និងកម្មវីធ​នៅក្នុងសាសនាចក្រ​ដើម្បី​ប្រទានពរ​ដល់ពួកបរិសុទ្ធ ។ នៅពេល​អង្គការ និង​កម្មវិធី​មួយចំនួន​ទាំង​នេះ ត្រូវ​បាន​ស្ថាបនា​ជាលើក​ដំបូង នោះ​វា​ពុំ​មែន​ជាតម្រូវ​ការ​ចាំបាច់​ទេ ប៉ុន្តែ​ខណៈពេលសាសនាចក្រ​លូតលាស់ នោះ​វា​ក្លាយទៅជា​ផ្នែក​ដ៏សំខាន់​នៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ដើម្បីសេចក្ដីសង្គ្រោះ​នៃ​កូនចៅ​របស់ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

អង្គការ និង​កម្មវិធី​សាសនាចក្រ ជួយយើង​រៀបចំខ្លួន និង​លូតលាស់​ឆ្ពោះទៅរក​ជីវិត​ដ៏អស់កល្បជានិច្ច

សូមចាប់​ផ្ដើម​ថ្នាក់រៀន​ដោយ​សុំ​ឲ្យសិស្ស​ស្រមៃគិត​អំពី​មិត្ត​ម្នាក់​ដែលពុំចង់​ទៅ​ក្នុង​ការ​ប្រជុំ ឬ​សកម្មភាព​ថ្នាក់យុវនារី​របស់​នាង ។ នាង​បាន​និយាយ​ថា សប្បាយគួរសមដែរ តែពុំសូវមានប្រយោជន៍ចំពោះនាងទេ ។

បន្ទាប់ពីអ្នក​បង្ហាញ​ឧទាហរណ៍នេះ សូម​អញ្ជើញឲ្យសិស្ស​គិត​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពីអ្វី​ដែលពួកគេ​អាច​និយាយ ដើម្បីជួយ​ដល់មិត្ត​ម្នាក់​នេះ ឲ្យ​យល់​ពីគោលបំណង​នៃការ​ប្រជុំ និង​សកម្មភាព​ថ្នាក់​យុវនារី​របស់នាង ។

  • តើ​អ្នកនឹង​និយាយអ្វីខ្លះ អំពី​គោលបំណង​នៃ​ក្រុម​យុវនារី និង​អង្គការ​យុវនារី ?

  • តើ​ការ​ដឹង​អំពី​គោលបំណង​នៃ​អង្គការ​មួយ អាចជួយដល់អស់អ្នក​ដែល​ចូលរួម​ចំណែក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យអានម៉ូសេ ១:៣៩ដោយស្ងាត់ស្ងៀម រកមើល​គោលបំណង​របស់ព្រះវរបិតាសួគ៌​ចំពោះអ្វីៗទាំងអស់​ដែល​ទ្រង់ធ្វើ ។ សូម​អញ្ជើញ​សិស្ស​ឲ្យរៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នកអាច​នឹង​ចាំបាច់​រំឭក​ដល់សិស្ស​ថាអមតភាពសំដៅទៅលើ​ស្ថានភាព​នៃការ​រស់នៅ​ជា​រៀងរហូត​ នៅក្នុងស្ថានភាព​រស់ឡើងវិញ​មួយ ។ តាមរយៈ​ដង្វាយធួនរបស់ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ដោយមិនគិត​អំពី​អំពើ​ទុច្ចរិត ឬ​សុចរិត​របស់ពួកគេ​នៅក្នុងជីវិត​នេះ​ទេ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សំដៅទៅលើ ការរស់នៅ​ជា​និរន្តរ៍​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​វត្តមាន​របស់​ព្រះ និង ការប្រែក្លាយ​ដូចជា​ទ្រង់ ។ ក៏​ដូចជា​ជីវិត​អមតផងដែរ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​កើត​មានឡើង តាមរយៈដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា ក៏​តម្រូវ​ឲ្យមាននូវ « ការ​គោរព​តាម​ក្រឹត្យវិន័យ និង​ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » របស់​យើង​ផងដែរ (មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣) ។

  • បើគោលបំណង​របស់ព្រះវរបិតាសួគ៌ គឺ​ដើម្បីនាំ​មកនូវ​អមតភាព និងជីវិត​ដ៏នៅអស់កល្បជានិច្ច​ដល់​កូនចៅ​របស់ទ្រង់ ចុះតើ​គោលបំណង​នៃ​សាសនាចក្រ​នេះ​គឺជា​អ្វី ?

បន្ទាប់ពីសិស្ស​បាន​ឆ្លើយតប សូម​សរសេរ​នូវ​សេចក្ដីពិត​ដូចខាង​ក្រោម​ នៅលើ​ក្ដារខៀន ៖សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជួយ​ព្រះវរបិតាសួគ៌​នាំ​មកនូវ​ជីវិត​ដ៏អស់កល្បជានិច្ច​ដល់​កូនចៅ​របស់ទ្រង់ ។ បន្ទាប់មកសូម​សួរ ៖

  • តើ​វិធីមួយចំនួន​ណា​ខ្លះ ដែលសាសនាចក្រ​ជួយនាំ​មកនូវ​អមតភាព និងជីវិត​ដ៏អស់កល្បជានិច្ច​មក​ដល់កូនចៅ​របស់ព្រះវរបិតាសួគ៌ ?

សូម​ពន្យល់​ថា សាសនាចក្រ​មាន​អង្គការ​ជាច្រើន--ដែល​ហៅ​ថា អង្គការ​ជំនួយ​ចំពោះប​ព្វជិតភាព​--ហើយនិង​កម្មវិធី​ផ្សេងៗ ដែលជួយ​យើង​ឲ្យរីកចម្រើន​ឆ្ពោះទៅរក​ជីវិត​អស់កល្ប​ជានិច្ច ។ សូម​អញ្ជើញសិស្ស​ឲ្យរៀបរាប់​ឈ្មោះ​អង្គការ​មួយចំនួន​នោះ ។ ( ចម្លើយ​អាច​រួមមាន សមាគមសង្គ្រោះ យុវជន យុវនារី អង្គការ​បឋមសិក្សា និង​ថ្នាក់​សាលាថ្ងៃ​អាទិត្យ ព្រមទាំង​កម្មវិធី​ទាំងឡាយ ដូចជា រាត្រីជួបជុំក្រុមគ្រួសារ និង​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថានសាសនា ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​របៀប​ដែល​អង្គការ​សាសនាចក្រ និង​កម្មវិធី​ទាំងឡាយ​ជួយ​យើង​ឲ្យរៀន​ និង​រីកចម្រើន​នៅក្នុងដំណឹងល្អ ដើម្បី​យើង​អាច​ទទួលបានជីវិត​អស់កល្បជានិច្ច សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ពន្យល់​ថា សេចក្ដីថ្លែងការណ៍នេះ គឺ​អំពី​កម្មវិធីថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ប៉ុន្តែ​គោលការណ៍​ដែលវា​បង្រៀន​ក៏អាច​យកមកអនុវត្ត​ចំពោះ​អង្គការ​ជំនួយ​សាសនាចក្រ​ដទៃទៀត និង​កម្មវិធី​ទាំងឡាយ​ផងដែរ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« កម្មវិធី​ទាំងនេះ ត្រូវ​បាន​ចាប់​ផ្ដើម វា​ល្អ ប៉ុន្តែ​វា​ពុំ​ត្រូវការ​ជាចាំបាច់​នោះទេ ។ វា​ផ្ដល់នូវ​រដូវកាល​មួយ​ដើម្បី​ចម្រើន​ និង​លូតលាស់​ទៅជា​បន្ទាយ​ការ​ពារ​សម្រាប់​សាសនាចក្រ ។ ឥឡូវ​នេះ អង្គការទាំងនេះក្លាយទៅជាការ​បញ្ជូន​មកពីព្រះ​ សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​សម័យ​ទំនើប នៅក្នុង​ម៉ោង​ពេល​ដ៏​លំបាក​បំផុត​មួយ » (« Teach the Scriptures» [address to CES religious educators, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧], ទំព័រ ៣, LDS.org) ។

  • តើថ្នាក់សិក្ខាសាលា​បានជួយអ្នក​ត្រៀម​ខ្លួន​សម្រាប់​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ជីវិត​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បំផុសគំនិតអំពីកម្មវិធី និង​អង្គការ​ជាច្រើន​នៅក្នុង​សាសនាចក្រ ដើម្បី​រៀបចំ​យើង​សម្រាប់​ឧបសគ្គ​នៃជីវិត និង​ដើម្បីជួយ​យើង​រីកចម្រើន​ឆ្ពោះទៅ​រក​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច ។ ដើម្បីជួយសិស្ស​ឲ្យពិភាក្សា​អំពីជំនួយ ដែលពួកគេ​ទទួលបានមក​ពី​អង្គការ​ និង​កម្មវិធី​សាសនាចក្រ​មួយចំនួន សូម​បំបែក​ថ្នាក់ទៅជា​ប្រាំ​មួយក្រុម ។ សូម​ផ្ដល់ដល់ក្រុមនិមួយៗ​នូវច្បាប់​ចម្លង​នៃ​សំណួរ​ដូច​ខាង​ក្រោម(ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ) និង​ឲ្យសេចក្ដីសង្ខេប​ខាង​ប្រវត្តិ​សាស្ត្រ​ដូច​ខាង​ក្រោមមួយ​ច្បាប់​ផងដែរ ។ សូម​ឲ្យសិស្ស​សិក្សា​សេចក្ដីសង្ខេប​នៅក្នុង​ក្រុម​របស់​ពួកគេ ហើយ​រៀបចំ​ឆ្លើយនឹង​សំណួរ ។

តើ​អង្គការ ឬ​កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​មានឡើង​យ៉ាង​ដូចម្ដេច ?

តើអ្នកគិត​ថា វា​រៀបចំ​យើង​ដើម្បី​ប្រឈមមុខ​នឹង​ការ​សាកល្បង និង​ឧបសគ្គ​នានា​ក្នុងជំនាន់​របស់​យើង​យ៉ាងដូចម្ដេច ?

តើអ្នកគិត​ថា វា​ជួយ​យើង​រីកចម្រើន​ឆ្ពោះទៅរក​ជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

នៅឆ្នាំ ១៨៤៩ សមាជិក​សាសនាចក្រ​ម្នាក់ ឈ្មោះ រីឆាដ បាឡាទីន មានអារម្មណ៍​ថា កុមារ​តូចៗ​ត្រូវការ​កន្លែង​មួយ​ដើម្បី​រៀនអំពី​ដំណឹងល្អ​នៅ​ថ្ងៃ​បរិសុទ្ធ ។ ពួកបរិសុទ្ធ​នៅចក្រភព​អង់គ្លេស មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​រួច​ទៅហើយ ហើយ​បងប្រុស បាឡាទីន បានចាប់​ផ្ដើម​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​ដំបូង​គេ​នៅ​រដ្ឋ យូថាហ៍ នៅក្នុង​វួដ​ទីក្រុង​សលត៍ លេក​របស់​គាត់ នៅ​ខែ​ធ្នូ ឆ្នាំ ១៨៤៩ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក វួដ​ផ្សេងទៀត បាន​ចាប់​ផ្ដើម​ទទួលយក​ការ​អនុវត្ត​ដូចគ្នា​នេះ ដោយ​វួដ​និមួយៗ​ប្រើ​កម្មវិធី​សិក្សា​រៀងៗ​ខ្លួន ។ ក្នុង​ឆ្នាំ ១៨៦៧ ថ្នាក់​អ្នកដឹកនាំ​សាសនាចក្រ​បាន​បង្កើត​សហព័ន្ធ​សាលាថ្ងៃអាទិត្យ​ដេសេរ៉ែត ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​រួបរួមគ្នាក្នុង​កម្មវិធីសិក្សា​តែមួយ ។ ត្រឹមឆ្នាំ ១៨៧០ នោះមាន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​ច្រើនជាង ២០០ ថ្នាក់ ត្រូវ​បាន​បង្កើត​ឡើង ។ សព្វ​ថ្ងៃ​នេះ វួដ និង​សាខា​ទាំងឡាយ មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យចម្រុះ ។​

យុវនារី

ប្រធាន ព្រិកហាំ យ៉ង់ បានជួប​នឹង​កូនស្រីទាំងឡាយ​របស់​លោក​នៅក្នុង​ផ្ទះ​របស់លោក​នៅថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ១៨៦៩ ហើយ​បាន​សុំ​ពួកគេ​ឲ្យធ្វើជា​អ្នកដឹកនាំ ដើម្បីជួយ​ដល់​មិត្តភក្ដិ​ដែលមានអាយុ​ប្រហាក់ប្រហែលនឹងពួកគេ​ទទួលបាន​ទីបន្ទាល់​នៃ​ដំណឹងល្អ ដើម្បីមានភាពរមទម្យ​នៅក្នុង ការ​ស្លៀកពាក់ និង​ទង្វើ​របស់ពួកគេ ហើយចៀសវាង​ពី​ទំនោរ និង​អាកប្បកិរិយា​ខាង​លោកិយ ។ នៅឆ្នាំ ១៨៧០ អង្គការ​យុវនារី​ជាផ្លូវការ​មួយ​ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​លើក​ស្ទួយដល់​គោលបំណង​ទាំងនេះ ។ អង្គការ​នេះ នៅទីបំផុត​បាន​ត្រូវ​គេ​ស្គាល់ថា​ជា សមាគម​កែលម្អគ្នាទៅវិញ​ទៅមក​របស់​ក្រុម​យុវនារី (វ៉ាយ.ដបុលយូ.អិម.អាយ.អេ ) ដែល​ក្រោយមក​បាន​ផ្លាស់​ប្ដូរ​ទៅជា​អង្គការ​យុវនារី ។ នៅ​ដើម​ឆ្នាំ ១៩៧០ ពួកអ្នកដឹកនាំ​បាន​ណែនាំ​អំពី​កម្មវិធី​អភិវឌ្ឍ​ខ្លួន ។ នៅ​ឆ្នាំ ១៩៨៥ ពួកគាត់​បាន​ណែនាំ​អំពី​គុណសម្បត្តិ និ​ងបាវចនា​យុវនារី ។

យុវជន

សមាគម​កែលម្អគ្នាទៅវិញ​ទៅមក​របស់​ក្រុម​យុវជន (វ៉ាយ.អិម.អិម.អាយ.អេ ) ត្រូ​វបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១០ ខែ​មិថុនា ឆ្នាំ ១៨៧៥ នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ អង្គការ​នេះ គឺ​មានបំណង​ដើម្បី​ជួយ​ដល់ក្រុមយុវជន​អភិវឌ្ឍ​ខាង​វិញ្ញាណ និ​ងខាង​បញ្ញា​ស្មារតី ក៏ដូចជា​ផ្ដល់​ដល់ពួកគេ​នូវ​សកម្មភាព​ឆ្នៃប្រឌិត​ផងដែរ ។ នៅ​ឆ្នាំ ១៩១៣ សាសនាចក្រ​បានចូលសហការជាមួយ​នឹង​ក្រុមកាយឬទ្ធិ​អាមេរិកកាំង​នៅ​ក្នុងសហរដ្ឋ​អាមេរិក ។ ភាពជាដៃគូ​ជាមួយ​នឹង​កម្មវិធី​ក្រុមកាយឬទ្ធិ​ផ្សេងទៀត ត្រូវ​បាន​បង្កើត​ឡើង​ជាអន្ដរជាតិ នៅកន្លែង​ណា​ដែល​អាច​ធ្វើទៅបាន ។ ឈ្មោះ​របស់​អង្គការ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ផងដែរ ដែលដំបូង​ឡើង​បានផ្លាស់ប្ដូរ​ទៅជា បព្វជិតភាពអើរ៉ុន​--អិម.អាយ.អេ បន្ទាប់មកក្លាយទៅជា​បព្វជិតភាព​អើរ៉ុន ហើយ​បន្ទាប់មកទៀត​ទៅ​ជា​ក្រុម​យុវជន ។ នៅ​ឆ្នាំ ២០០១ ពួកអ្នកដឹកនាំ​សាសនាចក្រ បាន​ណែនាំ​កម្មវិធី​កាតព្វកិច្ច​ចំពោះព្រះ ។

អង្គការ​បឋម​សិក្សា

នៅ​ឆ្នាំ ១៨៧៧ អូរេលៀ ស្ពែនស៊ើរ រ៉ូជើរ « ទទួលអារម្មណ៍យ៉ាងខ្លាំងថា មានអ្វី​មួយត្រូវ​ធ្វើ​ឡើង អំពី​ឥរិយាបទ​របស់ក្មេងប្រុស​នៅជិត​ខាង​ដែល​រត់លេង​ដោយ​សេរី​ពេញ​ទីក្រុង​ទាំង​ថ្ងៃ​ទាំង​យប់ ។ នាង​មានអារម្មណ៍​ថា កុមារ​ទាំងនេះ ពុំត្រូវ​បាន​បង្រៀន​នូវ​គោលការណ៍ និង​គុណតម្លៃ​ជាមូលដ្ឋាន [ដើម្បីរៀបចំ​ពួកគេ] ទាំង​ខាង​ចំណេះដឹង ឬ​ឥរិយាបទ ដើម្បី​នាំ​យក​ដំណឹងល្អ​ឆ្ពោះទៅមុខ ឬ​ដើម្បី​ក្លាយជា​ឪពុក​ម្ដាយ ឬ​ពលរដ្ឋ​ល្អ » («History of Primary»lds.org/callings/primary/getting-started/history-of-primary) ។ នាងបានជួបនឹង អេលីស្សា អ ស្នូ ដែល​ពេល​នោះ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ហើយ​ពួកគេ​បាន​ទទួល​ការ​អនុញ្ញាត​មកពី​ប្រធាន យ៉ូហាន ថេលើរ ដើម្បី​រៀបចំ​អង្គការ​បឋមសិក្សា​នៅក្នុង​ក្រុង ហ្វាមីងតុន រដ្ឋ​យូថាហ៍ នៅក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព យ៉ូហាន ហេស្ស ។ ការ​ប្រជុំ​អង្គការ​បឋមសិក្សា​ដំបូង​ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ ១៨៧៨ ដែល​មាន​កុមារ និង​កុមារី​ចំនួន ២២៤ នាក់ ។ នៅឆ្នាំ ១៨៨០ ប្រធាន​អង្គការ​បឋមសិក្សាទូទៅ​ត្រូវ​បាន​ហៅ ហើយ​ថ្នាក់​អង្គការ​បឋមសិក្សា​បានចាប់ផ្ដើម​រៀបចំឡើង​នៅក្នុង​វួដ​ជាច្រើន ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា

នៅ​ឆ្នាំ ១៨៨៨ សាសនាចក្រ​បាន​បង្កើត​គណៈ​កម្មការ​អប់រំ និង​វិទ្យាស្ថាន​សាសនាចក្រ ហើយ​បាន​បង្កើត​ថ្នាក់​ខាងសាសនា​ ដើម្បី​ផ្ដល់​គ្រឹះ​ខាង​វិញ្ញាណ​សម្រាប់​ការ​រៀនសូត្រ ដែល​មិនទាក់ទង​នឹង​សាសនា​សម្រាប់​អ្នកទាំងឡាយ ដែល​ពុំ​បាន​ចូល​រួម​ក្នុង​វិទ្យាស្ថាន​សាសនាចក្រ ។ នៅ​ឆ្នាំ ១៩១២ យ៉ូសែប អែហ្វ មើរីល សាស្ត្រាចារ្យ​ម្នាក់ និង​សមាជិក​សាសនាចក្រ បាន​ដាក់ស្នើ​សុំ​ផែនការ​មួយ​ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​នៅក្នុង​សាលា​រដ្ឋ​មក​ចូល​រួម​ថ្នាក់​សាសនា​ជា​ផ្នែក​មួយ​នៃ​ ការ​សិក្សា​រាល់ថ្ងៃ​របស់ពួកគេ ។ វា​ហៅ​ថា​ថ្នាក់​សិក្ខា​សាលា ហើយ​ថ្នាក់​ដំបូង​ត្រូវ​បាន​បង្រៀន​នៅជិតវិទ្យាល័យហ្គ្រែនិត នៅទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ហើយ​មានសិស្ស​ចុះ​ឈ្មោះ​ចំនួន ៧០ នាក់ ។ នៅពេល​កម្មវិធី​ថ្នាក់សិក្ខាសាលា​បានរីកសុះសាយ នោះ​កម្មវិធី​ស្រដៀងគ្នា​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​យុវវ័យ​ដែល​ស្ថិត​ក្នុង​វ័យ​រៀននៅសាកលវិទ្យាល័យ ។ វា​ត្រូវ​បាន​ដាក់ឈ្មោះ​ថា វិទ្យាស្ថាន​សាសនា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ថ្នាក់​វិទ្យាស្ថាន​បាន​ចាប់​ផ្ដើម​នៅក្នុង​ឆ្នាំ ១៩២៦ នៅ​ក្នុង​ទីក្រុង ម៉ូស្កូ រដ្ឋ អៃដាហូ ។ នៅ​ដើម​ឆ្នាំ ១៩៥០ កម្មវិធី​ថ្នាក់សិក្ខាសាលានៅពេល​ព្រឹក​ព្រលឹម បាន​ចាប់​ផ្ដើមនៅក្នុង​រដ្ឋ កាលីហ្វូញ៉ា កម្មវិធី​ថ្នាក់សិក្ខាសាលា​សិក្សានៅ​ផ្ទះ បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦០ ហើយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា បានចាប់​ផ្ដើម​នៅក្នុង​អំឡុងបណ្តាឆ្នាំ ១៩៦០ ហើយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា បាន​បន្ដ​ពង្រីក​នៅទូទាំងពិភពលោក ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​បង្រៀន​ថា​កម្មវិធីសាសនាចក្រ គប្បី « បន្ថែម​ទៅក្នុងការ​បង្រៀន និងការ​បំពាក់បំប៉ន​របស់​យើង​នៅក្នុង​គេហដ្ឋាន ។ បើ​បរិដ្ឋាន គំរូ និង ការ​បំពាក់បំប៉ន​នៅក្នុង​គេហដ្ឋាន មានភាព​ចុះសម្រុង​នឹង​សេចក្ដីពិត​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ នោះ​គឺ​គ្មាន​កុមារ​ណា​ម្នាក់​ក្នុង​ចំនួន​មួយរយ​នាក់​នឹងត្រូវ​វង្វេង​ឡើយ » («​Worship in the Home,»Improvement Eraខែ ធ្នូ ឆ្នាំ ១៩០៣ ទំព័រ ១៣៨ ) ។ នៅក្នុង​ឆ្នាំ ១៩០៩ ស្ដេកហ្គ្រែនិត​នៅក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ បានចាប់​ផ្ដើម​កម្មវិធី​រាត្រីជួបជុំ​ក្រុម​គ្រួសារ​ប្រចាំ​សប្ដាហ៍ ដែល​ប្រសាសន៍​របស់​ប្រធាន ស្ម៊ីធ ត្រូវ​បាន​បំផុសគំនិត ។ នៅក្នុង​ឆ្នាំ ១៩១៥ គណៈ​ប្រធាន​ទី​មួយ បាន​ចេញអនុសាសន៍​ថា រាត្រី​ជួបជុំក្រុមគ្រួសារ​ប្រចាំ​ខែ ត្រូវ​បាន​អនុវត្តទូទាំង​សាសនាចក្រ ។ គណៈ​ប្រធាន​ទី​មួយ​បានសន្យា ៖ « បើ​ពួកបរិសុទ្ធ​គោរព​តាម​ដំបូន្មាន​នេះ [ ដើម្បី​រក្សា​រាត្រីជួបជុំ​ក្រុមគ្រួសារ ] នោះ​យើង​សន្យា​ថា ពរជ័យ​ដ៏​មហិមា នឹង​កើត​មាន​ឡើង ។ សេចក្ដី​ស្រឡាញ់​ក្នុង​ផ្ទះ និង​ការ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​មា្ដយ​នឹង​កើន​ឡើង ។ សេចក្ដី​ជំនឿ នឹង​បង្កើត​ឡើង​នៅក្នុង​ដួងចិត្ត​របស់​យុវវ័យ​នៃ​អ៊ីស្រាអែល ហើយ​ពួកគេនឹង​ទទួល​បាន​អំណាច​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ និង​ការ​ល្បួង​របស់អារក្ស​ឡោមព័ទ្ធ​ពួកគេ » ( នៅក្នុង James R. Clark, comp.,Messages of the First Presidency of The Church of Jesus Christ of Latter-day Saints,វ៉ុលទី ៦ [១៩៦៥–៧៥], ៤:៣៣៩) ។ ហាសិប​ឆ្នាំ​ក្រោយមក សាសនាចក្រ​បាន​បោះពុម្ព​សៀវភៅ​សិក្សា​សម្រាប់​ក្រុមគ្រួសារ​ឲ្យ​ប្រើ​ប្រាស់​នៅក្នុង​ការបង្រៀន​ដំណឹងល្អ​ប្រចាំ​សប្ដាហ៍ ។ នៅក្នុង​ឆ្នាំ ១៩៧០ អ្នកដឹកនាំ​សាសនាចក្រ បាន​ជ្រើសរើសល្ងាច​ថ្ងៃ​ចន្ទ​សម្រាប់​រាត្រីជួបជុំ​ក្រុម​គ្រួសារ ហើយ​បានប្រកាស​ថា សកម្មភាព​សាសនាចក្រ​ដទៃទៀត ពុំ​ត្រូវ​ធ្វើឡើងនៅល្ងាចនោះទេ ។

បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូម​ឲ្យ​សិស្ស​នៅក្នុង​ក្រុម​និមួយៗ​សង្ខេប​ប្រវត្តិ​នៃ​អង្គការ ឬ​កម្មវិធី​ដែល​បាន​ចាត់​ទៅ​ឲ្យពួកគេ ហើយពន្យល់​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដែល​ពួកគេ​បានពិភាក្សា ។

សូម​ពន្យល់​ថា អង្គការ និងកម្មវិធី​សាសនាចក្រ​នីមួយៗ បាន​ប្រតិបត្តិ​ឡើង​ជាឯករាជ្យ​ពី​ដំបូងឡើយ ។ នៅពេល​សាសនាចក្រ​ពង្រីកកាន់តែ​ធំ​នៅក្នុង​ឆ្នាំ ១៩៥០ នោះ​ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ឃើញ​ពី​តម្រូវការ​ដើម្បីធ្វើការ​វាយ​តម្លៃ​ទៅលើ​របៀប​ដែល​អង្គការ​សាសនាចក្រ​បំពេញ​តាមគោលបំណង​របស់​សាសនាចក្រ​ ។ ពួកគាត់​បាន​សម្រេចចិត្ត​ដើម្បី​រួបរួម ហើយ​សម្របសម្រួល​គ្រប់អង្គការ និងកម្មវិធី​សាសនាចក្រ​ទាំងអស់ ទាំង​នៅក្នុង​ការ​គ្រប់គ្រង និង​នៅក្នុង​ការ​ជ្រើសរើស​កម្មវិធី​សិក្សា ។ ការ​ផ្លាស់ប្ដូរ​ទាំងនេះ បានជួយ​អង្គការ និងកម្មវិធីនានា ឲ្យបំពេញ​តាម​តម្រូវការ​នៃ​ការលូតលាស់​របស់សាសនាចក្រ និងដើម្បី​ពង្រឹង​ក្រុមគ្រួសារ​កាន់តែ​ល្អ​ប្រសើរ ។ នៅក្រោម​កិច្ចខិតខំ​សហសម្ព័ន្ធ​នេះ​អង្គការ​សាសនាចក្រ​ទាំងអស់ បាន​ប្រតិបត្តិ​នៅក្រោម​ការ​ដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព ដែល​កាន់​កូនសោ​ជា​អធិបតី ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« សហសម្ព័ន្ធ គឺ​ជា​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​របស់សាសនាចក្រ ដែលនៅក្នុងនោះ យើង​យក​កម្មវិធី​ទាំងអស់​របស់សាសនាចក្រ​មក ដាក់​វា​នៅក្នុង​ចំណុចរួម​មួយ រូចដាក់វា​បញ្ចូលក្នុងប្រព័ន្ធតែមួយ ប្រតិបត្តិ​វា​ជា​កម្មវិធីមួយ ដែល​សមាជិក​សាសនាចក្រ​ទាំងអស់​មានជាប់​ទាក់ទង​នៅក្នុង​កិច្ចប្រតិបត្តិការ-- ហើយ​ធ្វើ​វា​ទាំងអស់​នៅ​ក្រោម​ការ​ដឹកនាំ​បព្វជិតភាព » (Let Every Man Learn His Duty [ កូនសៀវភៅ, ឆ្នាំ ១៩៧៦ ], ទំព័រ ២ ) ។

សូម​សរសេរ​គោលការណ៍​ដូចខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖នៅពេល​យើង​ចូលរួម​នៅក្នុង​អង្គការ និង​កម្មវិធី​នានា​របស់​សាសនាចក្រ នោះ​យើង​ទទួលបាន​ពរជ័យ​ដែលមាន​នៅក្នុង​កម្មវិធី និងអង្គការទាំងនោះ ។ បន្ទាប់​មក​សូមសរសេរ​សំណួរ​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ។

តើ​អង្គការ និងកម្មវិធី​នានា​របស់​សាសនាចក្រ បាន​ប្រទានពរ​ដល់​ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ? តើ​កម្មវិធី​កាតព្វកិច្ច​ចំពោះព្រះ ឬ​កម្មវិធី​អភិវឌ្ឍ​ខ្លួន បាន​ប្រទានពរ​ដល់ជីវិត​របស់​អ្នក​យ៉ា​ងដូចម្ដេច ?

តើ​អ្នក​នឹង​ចូលរួម​កាន់តែ​ពេញលេញ​នៅក្នុង​កម្មវិធី​យុវជន ឬ​យុវនារី​យ៉ាង​ដូចម្ដេច ? នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ? ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ? នៅក្នុង​ថ្នាក់​សិក្ខាសាលា ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។ អ្នក​ក៏​អាច​ចែកចាយ​គំនិត​យោបល់​របស់អ្នក​អំពី​របៀប​ដែល​អង្គការ​នានា​របស់​សាសនាចក្រ​ប្រទានពរ​ដល់​ជីវិត​របស់អ្នក ហើយ​ជួយ​អ្នក និង​គ្រួសារ​អ្នក​រីកចម្រើន​ឆ្ពោះទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

សារៈសំខាន់​នៃ​ថ្នាក់សិក្ខាសាលា

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពិពណ៌នា​អំពី​សារៈសំខាន់​នៃ​ថ្នាក់​សិក្ខាសាលា ថា៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ក្រៅ​ពី​ការ​ចូលរួម​ក្នុង​ការ​ប្រជុំ​ថ្ងៃអាទិត្យ​របស់​អ្នក និង​សកម្មភាព​ក្នុងសប្ដាហ៍​នា​ពេល​យប់​របស់អ្នក នៅពេល​អ្នក​មាន​ឱកាស​ចូលរួម​នៅក្នុង​ថ្នាក់សិក្ខាសាលា ទោះជា​នៅពេល​ព្រឹក​ព្រលឹម ឬ​នៅ​ម៉ោង​សម្រាក សូម​ឆ្លៀត​យក​ប្រយោជន៍​ពី​ឱកាស​នោះ ។ អ្នករាល់គ្នា​ជាច្រើន កំពុង​ចូលរួម​ថ្នាក់សិក្ខាសាលា​ឥឡូវ​នេះ ។ ដូចគ្នា​នឹង​អ្វីៗ​ផ្សេងៗ​ក្នុងជីវិត អ្វីៗ​ជាច្រើន​ដែល​អ្នកទាញចេញមកពី​បទពិសោធន៍​ថ្នាក់សិក្ខាសាលារបស់អ្នក គឺអាស្រ័យទៅលើឥរិយាបទរបស់អ្នក និងការស្ម័គ្រចិត្តរបស់អ្នកដើម្បីទទួលការបង្រៀនប៉ុណ្ណោះ ។ សូមឲ្យ​ឥរិយាបទ​របស់អ្នក​មាន​នូវ​ភាព​រាបសា ហើយ​មានបំណងប្រាថ្នា​ដើម្បី​រៀនសូត្រ ។ ឱ!​ ខ្ញុំ​មានអំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​ឱកាស​ដែល​ខ្ញុំ​មាន ក្នុង​ពេល​ខ្ញុំនៅ​ជាយុវវ័យម្នាក់ បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​នៅពេល​ព្រឹកព្រលឹម ដ្បិត​វាបានផ្តល់ជាអត្ថប្រយោជន៍​យ៉ាង​សំខាន់​មួយ​នៅក្នុង​ការ​អភិវឌ្ឍខ្លួន​ខ្ញុំ និង​ការអភិវឌ្ឍ​ទីបន្ទាល់របស់ខ្ញុំ​ផងដែរ ។ ថ្នាក់​សិក្ខាសាលា​បាន​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ » («Believe, Obey, and Endure,»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៨ ) ។