មេរៀនទី ១២៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤-៤៦
បុព្វកថា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ គឺជាផ្នែកមួយនៃសំបុត្រដ៏បំផុសគំនិតរបស់យ៉ូសែប ស្ម៊ីធពីគុកលីប៊ើធី ។ នៅក្នុងផ្នែកនៃសំបុត្រនេះ ព្យាការីបង្រៀនគោលការណ៍នានាអំពីព្រះចេស្តា និង សិទ្ធិអំណាចនៃបព្វជិតភាព ។ លោកពន្យល់ពីមូលហេតុដែលថាមានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានតែបន្តិចប៉ុណ្ណោះដែលត្រូវបានរើស និង របៀបដែលអ្នកកាន់បព្វជិតភាពអាចទទួលអំណាចនានានៃឋានសួគ៌ដើម្បីបម្រើមនុស្សដទៃ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤-៤០
យ៉ូសែប ស៊្មីធ បង្រៀនថា សិទ្ធិនៃបព្វជិតភាពត្រូវបានភ្ជាប់ទៅនឹងអំណាចសួគ៌ា
សូមបង្ហាញអំពូលភ្លើងមួយដែលពុំដោតនឹងព្រីភ្លើង ។ សូមប្រាកដថា កុងតាក់អំពូលភ្លើងនោះត្រូវបាន « បិទ » ដើម្បីនៅពេលដោតនឹងព្រីភ្លើង អំពូលនោះពុំភ្លឺឡើយ ។ ប្រសិនបើអ្នកពុំអាចយកអំពូលភ្លើងមកបាន សូមគូសរូប អំពូលភ្លើងដែលមានដូចរៀបរាប់មកនេះ ( ដោយពុំដាក់ពាក្យឡើយ ) នៅលើក្តារខៀន ។
សូមពន្យល់ថាមេរៀនថ្ងៃនេះ អំពូលភ្លើងតំណាងឲ្យអ្នកកាន់បព្វជិតភាព ។ ពន្លឺពីអំពូលភ្លើងតំណាងឲ្យពរជ័យដែលមនុស្សអាចទទួលបានពីព្រះតាមរយៈការបម្រើនៃអ្នកកាន់បព្វជិតភាព ។ បើសិនអ្នកមានអំពូលភ្លើងមកជាមួយអ្នក សូមបិទលើអំពូលភ្លើងនោះថា អ្នកកាន់បព្វជិតភាព ។ បើសិនពុំមានអំពូលភ្លើងទេ សូមសរសេរឃ្លានេះនៅលើកន្លែងណាមួយដែលសមរម្យលើរូប ។
នៅពេលសិស្សចាប់ផ្តើមការសិក្សារបស់ពួកគេអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ ថ្ងៃនេះ សូមឲ្យពួកគេពិចារណាពីរបៀបនៃសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកកាន់បព្វជិតភាព ជះឥទ្ធិពលលើសមត្ថភាពខ្លួន ដើម្បីជួយមនុស្សដទៃឲ្យទទួលពរជ័យនានាពីបព្វជិតភាព ។ សូមចង្អុលបង្ហាញថា ទោះបីជាខគម្ពីរទាំងនេះនិយាយផ្ទាល់ចំពោះអ្នកកាន់បព្វជិតភាពក្តី ក៏ខគម្ពីរទាំងនេះមាននូវគោលការណ៍ដែលអនុវត្តចំពោះសមាជិកសាសនាចក្រគ្រប់រូប ។
សូមរំឭកសិស្សថា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១ មានផ្នែកនានានៃសំបុត្រដ៏បំផុសគំនិតដែលយ៉ូសែប ស្ម៊ីធ បានសរសេរនៅពេលលោកជាប់នៅក្នុងគុកលីប៊ើធី ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សកត់ចំណាំសំណួរនៅក្នុងខគម្ពីរនេះ ។
ដើម្បីជួយសិស្សឲ្យពិចារណា និង ពិភាក្សាពីអត្ថន័យដែលថា អ្នកកាន់បព្វជិតភាពត្រូវបាន « ហៅ » និង « ជ្រើសរើស » សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ គណៈប្រធានទីមួយដែលបានថ្លែងទៅកាន់អ្នកកាន់បព្វជិតភាពឲ្យឮៗ ៖
រូបភាពប្រធាន ជែមស៍ អ៊ី ហ្វោស្ត« យើងត្រូវបានហៅនៅពេលគេដាក់ដៃលើក្បាលរបស់យើង ហើយយើងត្រូវបានប្រទាននូវបព្វជិតភាព ប៉ុន្តែយើងមិនត្រូវបានជ្រើសរើសនៅឡើយទេ រហូតដល់យើងបានបង្ហាញដល់ព្រះពីសេចក្តីសុចរិត ភាពស្មោះត្រង់ និង ការតាំងចិត្តរបស់យើងជាមុនសិន » (Called and Chosen » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៥ ) ។
-
ស្របតាមប្រធាន ហ្វោស្ត តើវាមានន័យដូចម្តេចនៅពេលក្មេងប្រុសម្នាក់ត្រូវបាន « ហៅ » នោះ ?
សូមចង្អុលបង្ហាញថាការត្រូវបាន « ហៅ » គឺមិនដូចគ្នានឹងការត្រូវបាន « ជ្រើសរើស » ឡើយ ។ ដើម្បីក្លាយជា « មនុស្សជម្រើស » របស់ព្រះ អ្នកកាន់បព្វជិតភាពត្រូវតែរស់នៅតាមរបៀបមួយដែលអាចឲ្យគាត់ទទួលយកអំណាចនៃឋានសួគ៌ ដើម្បីជួយមនុស្សដទៃឲ្យទទួលពរជ័យនៃបព្វជិតភាព ។
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៥-៣៩, យើងរៀនពីមូលហេតុដែលអ្នកកាន់បព្វជិតភាពមួយចំនួនមិនត្រូវបានជ្រើសរើសឡើយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៥-៣៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមេរៀនមួយដែលអ្នកកាន់បព្វជិតភាពគ្រប់រូបគួរតែរៀន ។
-
យោងតាម ខ ៣៦, តើមេរៀនអ្វីដែលអ្នកកាន់បព្វជិតភាពគ្រប់រូបគួរតែរៀន ?
ដើម្បីជួយសិស្សឲ្យយល់អំពីមេរៀននៅក្នុង ខ ៣៦,សូមមើលទៅប្រភពនៃចរន្តអគ្គីសនីនៅក្នុងថ្នាក់រៀន ឬ នៅក្នុងរូបលើក្តារខៀន ។
-
តាមឃ្លានៅក្នុង ខ ៣៦ តើចរន្តអគ្គីសនីអាចតំណាងឲ្យអ្វី ? ( « អំណាចទាំងឡាយនៃស្ថានសួគ៌ » ។ សូមសរសេរ អំណាចទាំងឡាយនៃស្ថានសួគ៌ នៅលើក្តារខៀនជាប់នឹងរូបព្រីភ្លើង ឬ បិទស្លាកនេះនៅជាប់នឹងប្រភពថាមពលភ្លើងពិត ) ។
-
នៅក្នុង ខ ៣៦, តើអ្នកគិតថាឃ្លា « សិទ្ធិទាំងឡាយនៃបព្វជិតភាព » សំដៅទៅលើអ្វី ? ( ចម្លើយរបស់សិស្សគួរតែបញ្ជាក់ថា បុរសម្នាក់ទទួលសិទ្ធិដើម្បីអនុវត្តបព្វជិតភាព នៅពេលសិទ្ធិអំណាចនៃបព្វជិតភាពត្រូវបាន ប្រគល់ឲ្យគាត់ដោយការដាក់ដៃលើ ) ។
សូមបិទស្លាកលើខ្សែភ្លើងថា សិទ្ធិអំណាចបព្វជិតភាព ។ បើសិនអ្នកបង្ហាញពីអំពូលភ្លើងមួយ សូមអញ្ជើញសិស្សម្នាក់ឲ្យដោតខ្សែឌុយទៅក្នុងព្រីភ្លើង ។
-
ហេតុអ្វីក៏អំពូលភ្លើងអត់ភ្លឺ ? ( ដោយសារកុងតាក់បិទ ) ។
-
តាមឃ្លានៅក្នុង ខ ៣៦ តើកុងតាក់អាចប្រដូចទៅនឹងអ្វី ? ( « គោលការណ៍នៃសេចក្តីសុចរិត » ។ សូមពន្យល់ថាឃ្លានេះសំដៅលើទំនួលខុសត្រូវរបស់អ្នកកាន់បព្វជិតភាពឲ្យរស់នៅដោយសុចរិត ) ។
សូមបិទស្លាកលើកុងតាក់ថា គោលការណ៍នៃសេចក្ដីសុចរិត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យបើកកុងតាក់ភ្លើង ។
-
ក្នុងការប្រៀបធៀបនេះ តើការរស់នៅដោយសុចរិតប្រដូចទៅនឹងការបើកកុងតាក់ភ្លើងនេះយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សឲ្យថ្លែងជាសម្តីខ្លួនផ្ទាល់ពីគោលការណ៍ដែលដកស្រង់ពី ខ ៣៦ ។ សូមសង្ខេបចម្លើយរបស់ពួកគេ ដោយសរសេរគោលការណ៍ខាងក្រោមនេះ—ឬ សរសេរអ្វីដូចនេះ—លើក្តារខៀន ៖ អ្នកកាន់បព្វជិតភាពអាចទទួលអំណាចទាំងឡាយនៃឋានសួគ៌បាន បើសិនពួកគេរស់នៅដោយសេចក្តីសុចរិតតែប៉ុណ្ណោះ ។ អ្នកអាចប្រាប់សិស្សឲ្យសរសេរគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៧-៣៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលកើតឡើងចំពោះសមត្ថភាពរបស់អ្នកកាន់បព្វជិតភាពម្នាក់ ដើម្បីទទួលបានអំណាចនានានៃឋានសួគ៌ បើសិនគាត់មិនបានរស់នៅដោយសុចរិតទេនោះ ។
-
តើមានអ្វី កើតឡើងនៅពេលដែលអ្នកកាន់បព្វជិតភាពមិនរស់នៅដោយសុចរិតនោះ ? ( អំណាចទាំងឡាយនៃឋានសួគ៌ដកខ្លួនចេញ ហើយសិទ្ធិអំណាចរបស់គាត់ត្រូវបានបញ្ចប់ ។ អ្នកអាចពន្យល់ថា ឃ្លា « ធាក់ជល់នឹងជន្លួញ » សំដៅលើសត្វពាហនៈមួយដែលតតាំងនឹងឈឺស្រួចមួយដែលប្រើដើម្បី នាំផ្លូវវាទៅកាន់គោលដៅដែលចង់ទៅ ។ សម្រាប់ពួកយើង ឃ្លានេះសំដៅលើការតតាំងនឹងការណែនាំពីព្រះអម្ចាស់ ឬ អ្នកបម្រើទ្រង់ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នៅលើក្តារខៀន សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺសិទ្ធិអំណាចនៅក្នុងបព្វជិតភាពបានមកដោយការតែងតំាង អំណាចនៅក្នុងបព្វជិតភាពបានមកតាមរយៈសេចក្តីស្មោះត្រង់ និង ការប្រតិបត្តិតាម ការរស់នៅក្នុងការគោរពសេចក្តីសញ្ញាទាំងឡាយ ។ វានឹងកើនឡើងតាមរយៈការអនុវត្ត និង ប្រើបព្វជិតភាពនៅក្នុងសេចក្តីសុចរិត » ( The Power of the Priesthood » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩ ) ។
សូមសរសេរប្រយោគ ខាងក្រោម នៅលើក្តាខៀន ៖
ធ្វើឲ្យទំនាក់ទំនងចុះខ្សោយ ពង្រឹងទំនាក់ទំនង
សូមអញ្ជើញសិស្សឲ្យអាន ខ ៣៥ និង ៣៧ ដោយស្ងៀមស្ងាត់ រកមើលចរិតលក្ខណៈ និង សកម្មភាពដែលមិនសុចរិត ដែលបណ្តាលឲ្យទំនាក់ទំនងនៃអ្នកកាន់បព្វជិតភាពជាមួយអំណាចទាំងឡាយនៃឋានសួគ៌ចុះខ្សោយ ។ អ្នកអាចចង់ឲ្យ ពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ដោយសរសេរចម្លើយនៅក្រោមឃ្លា « ធ្វើឲ្យទំនាក់ទំនងចុះខ្សោយ » ។ បន្ទាប់ពីសរសេរចម្លើយសិស្សហើយ សូមអានឧទាហរណ៍ខាងក្រោមនេះ ។ សម្រាប់ឧទាហរណ៍និមួយៗ សូមឲ្យសិស្សស្វែងរកឥរិយាបទ ឬ សកម្មភាពដែលពួកគេបានសរសេរលើក្តារខៀន ។
-
ដើម្បីត្រូវគ្នានឹងមនុស្សដ៏មានប្រជាប្រិយរបស់ខ្លួន អ្នកកាន់បព្វជិតភាពចូលរួមជាមួយពួកគេ ហើយសើចចំអកដល់មិត្តរួមថ្នាក់នៅឯសាលា ។
-
ប្រធានកូរ៉ុមគ្រូម្នាក់ចូលចិត្តកីឡា ហើយគាត់បានបដិសេធមិនចូលរួមការដាក់ផែនការនៃសកម្មភាពកូរ៉ុម ដែលមិនទាក់ទងនឹងការលេងបាល់ទាត់ ឬ បាល់បោះឡើយ ។ នៅពេលកូរ៉ុមចូលរួមក្នុងសកម្មភាពមួយ ឬ បម្រើ គាត់បញ្ជាឲ្យយុវជនផ្សេងទៀតធ្វើតាមអ្វីដែលខ្លួននិយាយ ដោយសារគាត់ជាប្រធានកូរ៉ុម ។
-
តើមានគំរូអ្វីខ្លះនៃមនុស្សដែលព្យាយាមលាក់បាំងអំពើបាបរបស់ពួកគេ ?
-
តើមានគំរូអ្វីខ្លះនៃមនុស្សដែលដាក់ដួងចិត្តរបស់ពួកគេភ្ជាប់ទៅលើអ្វីៗទាំងឡាយនៃលោកនេះ ហើយប្រាថ្នាចង់បានកិត្តិយសនៃមនុស្សលោក ?
-
តើអ្នកគិតថា ហេតុអ្វីបានជាឥរិយាបទ និង សកម្មភាពនានារារាំងអ្នកកាន់បព្វជិតភាពពីការទទួលអំណាចទាំងឡាយនៃឋានសួគ៌ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៩-៤០ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើល ហេតុផលដែលមនុស្សមួយចំនួនអនុវត្តការគ្រប់គ្រងដែលមិនសុចរិត ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
ដោយផ្អែកទៅលើអ្វីដែលអ្នកបានរៀនពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤០, តើអ្នកនឹងសង្ខេបពីមូលហេតុដែលមនុស្សជាច្រើនត្រូវបានហៅ ប៉ុន្តែមានតែមួយចំនួនតូចដែលត្រូវបានរើសយ៉ាងដូចម្តេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១-៤៦
យ៉ូសែប ស៊្មីធបង្រៀនពីរបៀបដែលពួកអ្នកកាន់បព្វជិតភាពគួរប្រព្រឹត្ត
សូមពន្យល់ថា បន្ទាប់ពីការបង្រៀនអំពីឥរិយាបថ និង សកម្មភាពដែលធ្វើឲ្យទំនាក់ទំនងរវាងអ្នកកាន់បព្វជិតភាព និង អំណាចទាំងឡាយនៃឋានសួគ៌ចុះខ្សោយ យ៉ូសែប ស៊្មីធ បានបង្រៀនអំពីឥរិយាបថ និង សកម្មភាពដែលពង្រឹងទំនាក់ទំនងនោះ ។ សូមចែកសិស្សជាគូៗ ហើយសូមឲ្យពួកគេ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ ជាមួយគ្នា ។ សូមឲ្យពួកគេរកមើលឥរិយាបទ និង សកម្មភាពនានាដែលជួយអ្នកកាន់បព្វជិតភាពឲ្យទទួលអំណាចទាំងឡាយនៃឋានសួគ៌ដើម្បីជួយមនុស្សដទៃទៀត ។ ( ពីមុនពួកគេអាន អ្នកអាចចង្អុលបង្ហាញថានៅក្នុង ខ ៤១, ពាក្យថា លើកលែង មានន័យថា « លើកលែងតែ » ) ។
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ដោយសរសេរចម្លើយនៅក្រោមពាក្យ « ពង្រឹងទំនាក់ទំនង » ។ សូមឲ្យសិស្សសរសេរគោលការណ៍នានានៃសេចក្តីសុចរិត អ្នកអាចឲ្យពួកគេពន្យល់ ឬ ផ្តល់ឧទាហរណ៍ពីគោលការណ៍និមួយៗ ។ បើចាំបាច់ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថាធ្វើដោយការស្រឡាញ់ស្មោះត្រង់ និង ដោយឥតលាក់ពុត ឬ ដោយឥតមានឧបាយកលឡើយមានន័យដូចម្ដេច ? ( ចម្លើយអាចរួមមានដូចជា វាមានន័យថា ស្រឡាញ់មនុស្សដោយស្ម័គ្រស្មោះ និង ពិតប្រាកដ ហើយមានការជម្រុញចិត្តដ៏សុចរិត ) ។ ហេតុអ្វីបានជាអាកប្បកិរិយាទាំងនេះសំខាន់ចំពោះអ្នកកាន់បព្វជិតភាព ?
-
នៅក្នុង ខ ៤៣, ពាក្យ ស្តីបន្ទោស សំដៅទៅលើទង្វើនៃការប្រាប់នរណម្នាក់ថាគាត់កំពុងធ្វើខុសហើយជាទូទៅប្រាប់បែបសុភាព ឬ សន្តានចិត្តល្អ ។ ពាក្យ សមពេលសមហេតុ មានន័យថា « មុនពេល » ឬ « ក្នុងលក្ខណៈទាន់ពេលវេលា » ។ ពាក្យ ការតឹងរឹង អាចសំដៅទៅលើសេចក្ដីត្រូវការដើម្បីបង្ហាញខ្លួនយើងឲ្យច្បាស់លាស់ ។ តើអ្នកគិតថា ហេតុអ្វីវាជាការសំខាន់សម្រាប់ថ្នាក់ដឹកនាំបព្វជិតភាពម្នាក់ដើម្បីស្ដីបន្ទោសឲ្យច្បាស់លាស់ ចំពេល ហើយស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីបង្ហាញការបង្កើនសេចក្តីស្រឡាញ់ បន្ទាប់ពីស្តីបន្ទោសនរណាម្នាក់ហើយនោះ ? តើអ្នកធ្លាប់ទទួលអត្ថប្រយោជន៍ពីការកែប្រែបែបនោះដែរឬទេ ?
-
តើអ្នកគិតថា សូមឲ្យចិត្តអ្នកពេញទៅដោយសេចក្តីសប្បុរសដល់មនុស្សទាំងអស់ មានន័យដូចម្តេច ? ( សូមមើល ខ ៤៥ ) ។ ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់អ្នកកាន់បព្វជិតភាព ដើម្បីមានភាពស្លូតបូត និង មានសន្តានចិត្តល្អក្នុងទំនាក់ទំនងជាមួយមនុស្សដទៃ ?
-
តើអ្នកគិតថា សូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ មានន័យដូចម្តេច ? ( សូមមើល ខ ៤៥ ) ។ តើមានអ្វីខ្លះដែលយើងអាចធ្វើបានដើម្បីរក្សាគំនិតរបស់យើងឲ្យមានគុណធម៌ ?
-
តើអ្នកគិតថាហេតុអ្វីបានជា អ្នកកាន់បព្វជិតភាពត្រូវតែធ្វើតាមគោលការណ៍នៃសេចក្តីសុចរិត ដើម្បីទទួលបានអំណាចទាំងឡាយនៃឋានសួគ៌ ?
សូមចង្អុលបង្ហាញពាក្យ ខណៈនោះ នៅក្នុង ខ ៤៥ ។ សូមពន្យល់ថា ពាក្យនេះចង្អុលបង្ហាញទៅលទ្ធផលនៃការរស់នៅស្របតាមគោលការណ៍នៃសេចក្តីសុចរិតដែលមាននៅក្នុង ខ ៤១–៤៥ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥-៤៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលបានប្រទានមកដល់អ្នកកាន់បព្វជិតភាព ដែលបានទទួលអំណាចនានានៃឋានសួគ៌តាមរយៈការរស់នៅដោយសុចរិត ។ ( មុនពេលសិស្សអាន អ្នកអាចពន្យល់ថា ដំបងពេជ្រគឺជាដំបងដែលកាន់ដោយព្រះមហាក្សត្រ ឬ ម្ចាស់ក្សត្រី ។ វាគឺជានិមិត្តរូបនៃសិទ្ធិអំណាច និង ព្រះចេស្តា ) ។
-
តើមានពរជ័យអ្វីខ្លះនៃការរស់នៅតាមគោលការណ៍នៃសេចក្តីសុចរិត ?
-
សូមគិតពីអ្នកកាន់បព្វជិតភាពម្នាក់ដែលអ្នកស្គាល់ ដែលរស់នៅក្នុងរបៀបមួយដែលជួយគាត់ទទួលបានអំណាចទាំងឡាយនៃឋានសួគ៌ ។ តើអ្នកបានទទួលពរជ័យតាមរយៈការបម្រើរបស់គាត់យ៉ាងដូចម្តេច ?
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យដែលអ្នកបានទទួលតាមរយៈសិទ្ធិអំណាចបព្វជិតភាព និង អំណាចបព្វជិតភាព ។ សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេផងដែរ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសគោលការណ៍មួយនៃសេចក្តីសុចរិតដែលបានរៀបរាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១–៤៥ ហើយដាក់គោលដៅដើម្បីរស់នៅតាមគោលការណ៍នោះឲ្យបានកាន់តែប្រសើរ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦-៣៧ ។ « សិទ្ធិទាំងឡាយនៃបព្វជិតភាព » និង « អំណាចទាំងឡាយនៃឋានសួគ៌ »
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបានគូសបញ្ជាក់ពីតម្រូវការសម្រាប់អ្នកកាន់បព្វជិតភាពតាមបែបនោះ ដូច្នេះពួកគេអាចទទួលបានទាំងសិទ្ធិអំណាច និង អំណាចទាំងឡាយនៃបព្វជិតភាព ៖
រូបភាពអែលឌើរ ដាវីឌ អេ បែដណា« អំណាចបព្វជិតភាពជាអំណាចនៃព្រះ ដែលធ្វើការតាមរយៈបុរស និង យុវជនទាំងឡាយដូចជាយើង ហើយតម្រូវឲ្យមានសេចក្តីសុចរិតផ្ទាល់ខ្លួន សេចក្តីស្មោះត្រង់ ការប្រតិបត្តិ និង ភាពឧស្សាហ៍ ។ យុវជន ឬ បុរសម្នាក់អាចទទួលសិទ្ធិអំណាចបព្វជិតភាព ដោយការដាក់ដៃលើ ប៉ុន្តែនឹងពុំមានអំណាចបព្វជិតភាពទេ បើសិនគាត់មិនគោរពប្រតិបត្តិ មិនសក្តិសម ឬ គ្មានឆន្ទៈបម្រើនោះ ។…
« … អ្នកកាន់បព្វជិតភាពទាំងក្មេងទាំងចាស់ ត្រូវការទាំងសិទ្ធិអំណាច និង អំណាច---ជាការអនុញ្ញាតដ៏ចាំបាច់ និង សមត្ថភាពខាងវិញ្ញាណដើម្បីធ្វើជាតំណាងនៃព្រះក្នុងកិច្ចការនៃក្ដីសង្គ្រោះ » (The Powers of Heaven » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤, ៤០ ។ « មានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស »
អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រូបភាពអែលឌើរ ដាវីឌ អេ. បែដណា« ដើម្បីត្រូវបានជ្រើសរើស ឬ ត្រូវរើស ពុំមែនជាស្ថានភាពពិសេសមួយដែលបានប្រទានដល់យើងឡើយ ។ ផ្ទុយទៅវិញ អ្នកហើយនឹងខ្ញុំគឺជាសម្រេចថាតើយើងត្រូវបានជ្រើសរើសឬទេ ។…
« ខ្ញុំជឿថាអត្ថន័យនៃខគម្ពីរទាំងនេះ [គ. និង ស. ១២១:៣៤–៣៥] គឺមានន័យត្រង់ ។ ព្រះគ្មានបញ្ជីចំណង់ចំណូលចិត្តដែលយើងត្រូវតែសង្ឃឹមថាឈ្មោះរបស់យើងនឹងត្រូវបានបន្ថែមនៅថ្ងៃណាមួយ ។ ទ្រង់ពុំបានកំណត់ ‹ មនុស្សជម្រើស › តែពីរបីនាក់នោះទេ ។ ផ្ទុយទៅវិញ វាគឺជាដួងចិត្ត និង ការបំផុសគំនិត របស់យើង និង ការគោរពប្រតិបត្តិ របស់យើងដែលកំណត់យ៉ាងច្បាស់ថាតើយើងត្រូវបានរាប់ថាជាមនុស្សជម្រើសរបស់ព្រះ » (« The Tender Mercies of the Lord » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១០១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៣ ។ « ការស្តីបន្ទោសសមហេតុសមផលដោយការតឹងរឹង »
អែលឌើរ អេច ប៉ាគី ភីថើសិន នៃពួកចិតសិបនាក់បានបង្រៀន ៖
រូបភាពអែលឌើរ អេច ប៉ាគី ភីធើរសុន« ប្រហែលយើងគួរតែពិចារណាពីអត្ថន័យនៃឃ្លាការស្តីបន្ទោសដោយការតឹងរឹង ។ ការស្តីបន្ទោសដោយការតឹងរឹងមានន័យថា ស្តីបន្ទោសដោយសេចក្តីសប្បុរស ដោយសេចក្តីស្រឡាញ់ដ៏រឹងមាំ ដោយចេតនាពិត ។ វាពុំមានន័យថា ជាការស្តីបន្ទោសដោយចំអកបញ្ឈឺ ឬ ដោយភាពល្វីងជូរចត់ ឬ ដោយការសង្គៀតធ្មេញ និង តម្លើងសំឡេងឡើយ ។ បុគ្គលម្នាក់ដែលស្តីបន្ទោស ដូចជាអ្វីដែលព្រះអម្ចាស់បានដឹកនាំគឺទាក់ទងក្នុងគោលការណ៍ មិនមែនលើបុគ្គលលក្ខណៈផ្ទាល់ខ្លួនឡើយ ។ គាត់មិនវាយប្រហារលើអត្តចរិត ឬ បន្ទាបបន្ទោកបុគ្គលណាម្នាក់ឡើយ ។
« នៅគ្រប់ស្ថានភាពទាំងអស់ដែលតម្រូវឲ្យមានការកែប្រែ នោះការស្តីបន្ទោសដោយសម្ងាត់វាប្រសើរជាងការស្តីបន្ទោសជាសាធារណៈ ។ លើកលែងតែវួដទាំងមូលត្រូវការការព្រមានមួយ នោះវាប្រសើរជាងសម្រាប់ប៊ីស្សពនិយាយទៅកាន់បុគ្គលម្នាក់ៗដោយផ្ទាល់ជាជាងប្រើវិធីសាស្ត្រនិយាយរួម ។ ស្រដៀងនេះផងដែរ កូន ឬ ស្វាមី ឬ ភរិយាមានសិទ្ធិដើម្បីប្រាប់ពីកំហុសខ្លួនដោយសម្ងាត់ ។ ជាញឹកញាប់ការកែប្រែជាសាធារណៈគឺឃោរឃៅ ហើយនាំឲ្យខុស » (Unrighteous Dominion » Ensign, ខែ កក្កដា ឆ្នាំ ១៩៨៩ ទំព័រ ១០ ) ។