មេរៀនទី ៤០
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥
បុព្វកថា
អំឡុងប្រាំមួយខែនៃការរៀបចំសាសនាចក្រឡើង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវបានហៅឲ្យផ្សាយដំណឹងល្អទៅដល់ពួកអាមេរិកកាំងស្បែកក្រហម ( សូមមើល គ. និង ស. ២៨:៨, ៣០:៥) ។ សេបា ភីតើសុន និង ប៉ាលី ភី ប្រាត្ត ត្រូវបានហៅបន្ទាប់មកនោះ ដើម្បីរូមដំណើរជាមួយពួកគាត់ ( សូមមើល គ. និង ស. ៣២) ។ នៅតាមផ្លូវរបស់ពួកគាត់ទៅកាន់ព្រំប្រទល់រដ្ឋមីសសួរីភាគខាងលិច ពួកគាត់បានឈប់នៅ មែនទ័រ អូហៃអូ និង ខឺតឡង់ អូហៃអូ ជាកន្លែងដែលពួកគេបានចែកចាយសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ជាមួយនឹងមិត្តរបស់ អែលឌើរ ប្រាត្ត និងគ្រូគង្វាលចាស់របស់ ស៊ីឌនី រិកដុន ។ ក្នុងរយៈពេលដ៏ខ្លី មានមនុស្សច្រើនជាង ១០០ នាក់ រួមទាំង ស៊ីឌនី រិកដុន និងសមាជិកជាច្រើនទៀតនៃក្រុមជំនុំរបស់គាត់ បានទទួលបុណ្យជ្រមុជទឹក ។ នេះគឺមានចំនួនទ្វេដងច្រើនជាងចំនួនសមាជិកភាពសរុបរបស់សាសនាចក្រទៅទៀត ។
បន្ទាប់ពីពួកអែលឌើរ បានចាកចេញពីតំបន់ទីក្រុង ខឺតឡង់ ដើម្បីបន្ដដំណើររបស់ពួកគាត់ នោះស៊ីឌនី រិកដុន និងមិត្តម្នាក់ ឈ្មោះ អែតវឺត ប៉ាទ្រិច បានធ្វើដំណើរទៅ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ដើម្បីជួបនឹងព្យាការី យ៉ូសែប ស៊្មីធ ។ មិនយូរប៉ុន្មានបន្ទាប់ពីពួកគាត់ទៅដល់ យ៉ូសែប បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥។ ក្នុងវិវរណៈនោះ ព្រះអម្ចាស់ បានប្រទានទំនួលខុសត្រូវជាក់លាក់ដល់ ស៊ីឌនី ក្នុងអំឡុងសាសនាចក្រដែលបានស្ដារឡើងវិញថ្មីៗ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១-១២
ព្រះអម្ចាស់ បានមានបន្ទូលថា ទ្រង់បានរៀបចំ ស៊ីឌនី រិកដុន សម្រាប់កិច្ចការងារ ដ៏មហិមា
មុនពេលចាប់ផ្ដើមថ្នាក់ ចូរសរសេរនូវសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលជួយអ្នកដឹងថា ព្រះស្គាល់អ្នក ហើយមានផែនការមួយសម្រាប់ជីវិតអ្នក ?
ដើម្បីចាប់ផ្ដើមមេរៀន សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយចំពោះសំណួរនេះ បើពួកគេមានអារម្មណ៍ល្អក្នុងការធ្វើដូច្នោះបាន ។
សូមពន្យល់ថា នៅក្នុងវិវរណៈដែលឥឡូវត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥ព្រះអម្ចាស់ បានថ្លែងអំពីបុរសម្នាក់ឈ្មោះ ស៊ីឌនី រិកដុន ដែលទើបតែបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ថ្មីៗ ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ ស៊ីឌនី អំពីតួនាទីរបស់គាត់ក្នុងការជួយដល់ ព្យាការីយ៉ូសែប ស្ម៊ីធ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្ដគិតអំពីសំណួរនៅលើក្ដារខៀន នៅពេលពួកគេសិក្សាអំពីការណែនាំរបស់ព្រះអម្ចាស់ទៅដល់ ស៊ីឌនី ។
ដើម្បីជួយឲ្យសិស្សយល់អំពីប្រវត្តិរូបរបស់ ស៊ីឌនី រិកដុន មួយចំនួន សូមឲ្យសិស្សម្នាក់អានឮៗ នូវបុព្វកថានៃមេរៀននេះ ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១- ៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលភស្ដុតាងដែលព្រះអម្ចាស់ បានដឹងជាមុនអំពី ស៊ីឌនី រិកដុន និងកិច្ចការងាររបស់គាត់ ។
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានរកឃើញថា ព្រះអម្ចាស់ បានដឹងជាមុនអំពី ស៊ីឌនី រិកដុន ?
-
តើខគម្ពីរទាំងនេះ ផ្ដល់យោបល់អ្វីខ្លះអំពីទំនាក់ទំនងរបស់ព្រះអម្ចាស់ជាមួយយើង ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ ស្គាល់យើង ហើយមានកិច្ចការមួយសម្រាប់ឲ្យយើងម្នាក់ៗធ្វើ ) ។
-
ហេតុអ្វីសេចក្ដីពិតនេះសំខាន់ចំពោះអ្នក ?
ដើម្បីបញ្ជាក់ថា ព្រះអម្ចាស់ស្គាល់យើងម្នាក់ៗ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំសូមថ្លែងទីបន្ទាល់ទៅអ្នកថា ព្រះស្គាល់អ្នកម្នាក់ៗ … តាំងពីយូរលង់មកហើយ ( សូមមើល គ. និង ស. ៩៣:២៣) ។ ទ្រង់ស្រឡាញ់អ្នកជាយូរលង់មកហើយ ។… ទ្រង់ស្គាល់ឈ្មោះរបស់អ្នក និងការឈឺចាប់ទាំងអស់របស់អ្នក និងក្ដីអំណររបស់អ្នក ! » (« Remember How Merciful the Lord Hath Been, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ៤៦ ) ។
សូមដាក់តាំងរូបភាពរបស់ យ៉ូហាន បាទីស្ទ កំពុងផ្សាយ ឬរូបភាព យ៉ូហាន កំពុងជ្រមុជទឹកឲ្យព្រះអង្គសង្គ្រោះ ( សូមមើល យ៉ូហាន បាទីស្ទ កំពុងជ្រមុជទឹកព្រះយេស៊ូវ, សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ ៣៥; សូមមើលផងដែរ LDS.org ) ។ សូមឲ្យសិស្សប្រាប់ថា យ៉ូហាន បាទីស្ទ ជានរណា ហើយតើគាត់រៀបចំអ្នកដទៃសម្រាប់ការយាងមកនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៤-៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែល ស៊ីឌនី រិកដុន គឺដូចជា យ៉ូហាន បាទីស្ទ ។
-
យោងតាម ខ ៤ តើស៊ីឌនី ដូចជា យ៉ូហាន បាទីស្ទ យ៉ាងដូចម្ដេច ? ( គាត់បានរៀបចំអ្នកដទៃដើម្បីទទួលភាពពេញលេញនៃដំណឹងល្អ ) ។
-
ព្រះអម្ចាស់ បានមានបន្ទូលថា ស៊ីឌនី នឹងធ្វើ « កិច្ចការដ៏ធំ » ជាងកិច្ចការដែលគាត់បានធ្វើរួចទៅហើយនោះ ( គ. និង ស. ៣៥:៣) ។ យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៦តើអ្វីដែលជាចំណែកនៃ « កិច្ចការដ៏ធំ » នេះ ? ( គាត់នឹងជួយអ្នកដទៃទទួលបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសិទ្ធិអំណាចត្រឹមត្រូវ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលបទពិសោធន៍ និងស្ថានភាពនានានៅក្នុងជីវិតរបស់ពួកគេឥឡូវនេះ កំពុងរៀបចំពួកគេសម្រាប់ « កិច្ចការដ៏ធំ » នាពេលអនាគត ។ អ្នកអាចនឹងចង់ផ្ដល់ពេលឲ្យពួកគេពីរបីនាទី ដើម្បីសរសេរការណ៍នេះទុកនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ។
សូមចង្អុលបង្ហាញពីឃ្លា « អ្នកពុំបានដឹងសោះឡើយ » នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៤ ។ សូមពន្យល់ថា មុនពេល ស៊ីឌនី បានរៀនអំពីសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ គាត់បានរៀបចំខ្លួនឯង និងអ្នកដទៃដើម្បីទទួលយក ។ គាត់បានធ្វើដូច្នេះ តាមរយៈការប្រើព្រះគម្ពីរប៊ីប ដើម្បីបង្រៀនដល់មនុស្សនៅក្នុងព្រះវិហាររបស់គាត់នៅរដ្ឋ អូហៃអូ ។ សូមថ្លែងទីបន្ទាល់ថា ទោះជាយើងពុំស្គាល់កិច្ចការជាក់លាក់ ដែលព្រះអម្ចាស់បានរៀបទុកសម្រាប់យើងក្ដី ក៏យើងអាចមានទំនុកចិត្តថា ទ្រង់បានដឹងជាមុនអំពីយើង ។ នៅពេលយើងព្យាយាមដើម្បីធ្វើតាមទ្រង់ នោះទ្រង់នឹងជួយយើងសម្រេចកិច្ចការ ដែលទ្រង់ចង់ឲ្យយើងធ្វើ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៧-១១ ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលនូវអ្វីដែលនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នកទាំងឡាយ ដែលជឿ ហើយអនុវត្តសេចក្ដីជំនឿទៅលើព្រះ នៅក្នុងថ្ងៃចុងក្រោយ ។
-
យោងតាមខទាំងនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អ្នកទាំងឡាយ ដែលធ្វើតាមទ្រង់នៅក្នុងសេចក្ដីជំនឿ ? ( ទោះជាសិស្សអាចនឹងប្រើពាក្យសម្ដីផ្សេងក្ដី ពួកគេគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងបង្កើតអព្ភូតហេតុ ផ្ដល់ទីសម្គាល់ និងភាពអស្ចារ្យ ស្របតាមសេចក្ដីជំនឿនៃអ្នកទាំងឡាយដែលជឿលើព្រះនាមទ្រង់ ) ។
-
ហេតុអ្វីក៏អ្នកគិតថា អព្ភូតហេតុ ទីសម្គាល់ និងភាពអស្ចារ្យ ត្រូវបានភ្ជាប់យ៉ាងជិតស្និតបំផុតទៅនឹងសេចក្ដីជំនឿដូច្នេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣-១៩
ព្រះអម្ចាស់សន្យានឹងជួយដល់អ្នកទាំងឡាយណា ដែលទ្រង់ហៅឲ្យធ្វើកិច្ចការរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យស្រម៉ៃថា ពួកគេកំពុងប្រមូលផ្ដុំក្រុមកីឡាមួយក្រុម ។ សូមឲ្យពួកគេពិពណ៌នាអំពីភាពខ្លាំង និងជំនាញដែលពួកគេប្រាថ្នាចង់បានពីកីឡាករក្នុងក្រុមរបស់ពួកគេ ។
សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានពិពណ៌នាអំពីអ្នកទាំងឡាយដែលទ្រង់បានហៅឲ្យជួយនៅក្នុងកិច្ចការថ្ងៃចុងក្រោយនៃការកសាងនគររបស់ទ្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ប្រាប់អំពីចរិតលក្ខណៈនៃអ្នកទាំងឡាយដែលព្រះអម្ចាស់បានជ្រើសរើសឲ្យជួយនៅក្នុងកិច្ចការរបស់ទ្រង់ ។
-
តើឃ្លាណាមួយនៅក្នុងខគម្ពីរនេះ ពិពណ៌នាអំពីអ្នកទាំងឡាយដែលព្រះអម្ចាស់ហៅឲ្យជួយនៅក្នុងកិច្ចការរបស់ទ្រង់ ?
-
តើអ្នកទាំងឡាយដែលព្រះអម្ចាស់ហៅឲ្យជួយនៅក្នុងកិច្ចការរបស់ទ្រង់ ត្រូវបានគិតថាជា « ពួកកំសោយនៅលោកីយ៍នេះ » តាមរបៀបណា ?
-
ហេតុអ្វីក៏អ្នកទាំងឡាយដែលពិភពលោក គិតថាជាពួកកំសោយ គឺជាបេក្ខជនដ៏ល្អក្នុងការជួយដល់ព្រះអម្ចាស់សម្រេចកិច្ចការរបស់ទ្រង់ដូច្នេះ ?
សូមពន្យល់ថា ពាក្យថា លាន ( ឬ លានស្រូវ) នៅក្នុងខគម្ពីរនេះសំដៅទៅលើការអនុវត្តនៃលានស្រូវ ។ លានស្រូវ គឺជាដំណើរការដែលធុញ្ញជាតិ ដូចជាស្រូវសាឡី ត្រូវបានញែកចេញពីដើម និងសំបក ។ ស្រូវត្រូវបានរក្សាទុក ហើយដើម និងសំបកវាត្រូវបានបោះចោល ។
-
តើអ្នកគិតថាឃ្លា « បញ្ជាន់សាសន៍ទាំងឡាយដោយសារព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង » មានន័យយ៉ាងណា ? ( អ្នកអាចនឹងចាំបាច់ត្រូវជួយសិស្សឲ្យយល់ថា ការណ៍នេះសំដៅទៅលើកិច្ចខិតខំរបស់ព្រះអម្ចាស់ ដើម្បីញែក ហើយប្រមូលអ្នកទាំងឡាយដែលត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងល្អ ចេញពីអ្នកទាំងឡាយដែលមិនទទួល ) ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះនៅក្នុង ខទី ១៣ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ព្រះហៅពួកកំសោយនៅលោកិយ៍ដើម្បីឲ្យសម្រេចកិច្ចការរបស់ទ្រង់តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ អាចជួយនរណាម្នាក់ដែលមានអារម្មណ៍ភិតភ័យអំពីការបម្រើបេសកកម្មយ៉ាងដូចម្ដេច ? តើវាអាចជួយនរណាម្នាក់ដែលត្រូវបានសុំឲ្យបង្រៀននៅព្រះវិហារ ប៉ុន្តែមានអារម្មណ៍ថាខ្លួនពុំល្អគ្រប់គ្រាន់យ៉ាងដូចម្ដេច ? តើវាអាចជួយនរណាម្នាក់ដែលមានអារម្មណ៍បំផុសគំនិតឲ្យចែកចាយដំណឹងល្អ ប៉ុន្តែពុំដឹងថាត្រូវនិយាយអ្វីឲ្យប្រាកដដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៤-១៥ ដោយស្ងាត់ស្ងៀម ហើយរកមើលវិធីដែលព្រះអម្ចាស់បានសន្យាដើម្បីពង្រឹងដល់អ្នកទាំងឡាយ ដែលជួយនៅក្នុងកិច្ចការរបស់ទ្រង់ ។
-
តើឃ្លាមួយចំនួននៅក្នុងខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់នឹងប្រទានពរយើង នៅពេលយើងជួយនៅក្នុងកិច្ចការរបស់ទ្រង់ មានអ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៧-១៩, ២២ ឲ្យឮៗ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវការទូន្មានរបស់ព្រះអម្ចាស់ទៅកាន់ស៊ីឌនី រិកដុន ស្ដីអំពីព្យាការី យ៉ូសែប ស៊្មីធ ។
-
តើការទូន្មានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ស៊ីឌនី រិកដុន ស្ដីអំពីព្យាការី យ៉ូសែប ស៊្មីធ នោះ ? ( « សូមមើលលោក ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់លោកវិនាសបាត់ឡើយ » « សូមនៅជាមួយនឹងលោកចុះ » ហើយ « សូមកុំបោះបង់លោកចោលឡើយ » ) ។
-
តើយើងអាចអនុវត្តការទូន្មាននេះ ទាក់ទងទៅនឹងអ្នកដឹកនាំសព្វថ្ងៃរបស់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៧
ព្រះអម្ចាស់បានបញ្ជា ស៊ីឌនី រិកដុន ឲ្យធ្វើជាស្មៀន យ៉ូសែប ស៊្មីធ ឲ្យ ផ្សាយដំណឹងល្អ ហើយរក្សាសេចក្ដីសញ្ញាដែលគាត់បានធ្វើ ។
សូមឲ្យសិស្សពិពណ៌នាអំពីការហៅបម្រើ ឬកាតព្វកិច្ចរបស់ពួកគេនៅក្នុងសាសនាចក្រ ។ បន្ទាប់មក សូមឲ្យសិស្សមើលត្រួសៗ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៣ ដោយស្ងាត់ស្ងៀម រកមើលកាតព្វកិច្ចជាក់លាក់ ដែលព្រះអម្ចាស់បានហៅឲ្យ ស៊ីឌនី រិកដុន ធ្វើ ។
-
តើកាតព្វកិច្ចមួយចំនួន ដែលព្រះអម្ចាស់បានហៅ ស៊ីឌនី រិកដុន ធ្វើមានអ្វីខ្លះ ?
សូមចង្អុលបង្ហាញថា កាតព្វកិច្ចមួយរបស់ស៊ីឌនី គឺត្រូវធ្វើជាស្មៀនរបស់ យ៉ូសែប ស៊្មីធ ។ ស្មៀនពីមុនរបស់ យ៉ូសែប គឺ អូលីវើរ ខៅឌើរី និង យ៉ូសែប វិតមើរ ត្រូវបានហៅឲ្យបម្រើបេសកកម្ម ។ ការបកប្រែព្រះគម្ពីរមរមន គឺត្រូវបានបញ្ចប់នៅត្រឹមពេលនេះ ប៉ុន្ដែព្រះអម្ចាស់បានបញ្ជាយ៉ូសែបឲ្យ ស្ដារ ឬធ្វើកំណែថ្មីនូវផ្នែកជាច្រើននៃកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ដែលត្រូវបានបាត់បង់ ឬផ្លាស់ប្ដូរនោះ ។ យ៉ូសែប ត្រូវការស្មៀនម្នាក់ដើម្បីជួយក្នុងកិច្ចការនេះ ។ ( សូមមើល Bible Dictionary « Joseph Smith Translation » ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៤-២៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាដល់ ស៊ីឌនី បើគាត់នឹងរក្សាសេចក្ដីសញ្ញាទាំងឡាយ ដែលគាត់បានធ្វើជាមួយព្រះអម្ចាស់ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលថា ព្រះអម្ចាស់នឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រដើម្បីសេចក្ដីល្អដល់អ្នកនោះ ? ( អត្ថន័យដែលអាចមានមួយ គឺថា ព្រះអម្ចាស់ នឹងបញ្ជូនពរជ័យ និងអំណាចនៃស្ថានសួគ៌ ដើម្បីជួយអ្នកសម្រេចកិច្ចការរបស់ទ្រង់ ហើយយកឈ្នះលើអារក្ស ) ។ សូមមើលផងដរ គ. និង ស. ២១:៦ ) ។
សូមអញ្ជើញសិស្សឲ្យសង្ខេបខគម្ពីរទាំងនេះ ដោយប្រាប់គោលការណ៍មួយ អំពីរបៀបដែលយើងអាចទទួលបានជោគជ័យនៅក្នុងការសម្រេចកិច្ចការរបស់ព្រះដែលមានសម្រាប់យើង ។ ទោះជាសិស្សអាចនឹងថ្លែងវាតាមរបៀបផ្សេង ក៏ចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងរក្សាបទបញ្ញត្តិទាំងឡាយ ហើយគោរពសេចក្ដីសញ្ញារបស់យើង នោះព្រះអម្ចាស់នឹងជួយយើងសម្រេចកិច្ចការរបស់ទ្រង់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមទាញយកចំណាប់អារម្មណ៍របស់សិស្សលើសេចក្ដីពិតទាំងបីដែលបានសរសេរនៅលើក្ដារខៀន ។
ព្រះអម្ចាស់ស្គាល់យើង ហើយមានកិច្ចការមួយសម្រាប់យើងម្នាក់ៗធ្វើ ។
ព្រះហៅអ្នកទាំងឡាយដែលទន់ខ្សោយដើម្បីសម្រេចកិច្ចការរបស់ទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ ។
នៅពេលយើងរក្សាបទបញ្ញត្តិ ហើយគោរពសេចក្ដីសញ្ញារបស់យើង នោះព្រះអម្ចាស់នឹងជួយយើងសម្រេចកិច្ចការរបស់ទ្រង់ ។
-
តើសេចក្ដីពិតទាំងបីនៅលើក្ដារខៀនទាក់ទងនឹងគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ?
-
តើអ្នក ( ឬនរណាម្នាក់ដែលអ្នកស្គាល់ ) បានទទួលជំនួយរបស់ព្រះអម្ចាស់ ខណៈដែលកំពុងព្យាយាមដើម្បីសម្រេចកិច្ចការរបស់ទ្រង់ នៅពេលណា ?
ដើម្បីបញ្ចប់ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៦-២៧ ឲ្យ ឮៗ ។
-
ផ្ដោតទៅលើអ្វីដែលអ្នកបានរៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥តើមានមូលហេតុអ្វីខ្លះដែលអ្នកគិតថា ស៊ីឌនី រិកដុន និង យ៉ូសែប ស៊្មីធ ត្រូវតែលើកដួងចិត្តឡើង ហើយអរសប្បាយនោះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយមូលហេតុដែលពួកគេត្រូវលើកដួងចិត្តគេឡើង ហើយអសប្បាយនោះ ។ អ្នកអាចនឹងចង់បន្ថែមទីបន្ទាល់របស់អ្នកអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ដើម្បីជួយដល់យើង ក្នុងកិច្ចខិតខំរបស់យើង ដើម្បីជួយក្នុងកិច្ចការរបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៣-៤។ « យើងបានរៀបចំអ្នក… សម្រាប់កិច្ចការដ៏លើលលែងទៅទៀត »
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងអំពីសារៈសំខាន់នៃការទទួលយកផែនការរបស់ព្រះអម្ចាស់សម្រាប់ជីវិតរបស់យើងថា ៖
« សេចក្ដីជំនឿ និងការទុកចិត្តទៅលើព្រះអម្ចាស់ផ្ដល់នូវកម្លាំងដល់យើង ដើម្បីទទួលយក និងតស៊ូជំនះនូវរាល់អ្វីៗដែលបានកើតឡើងក្នុងជីវិតរបស់យើង ។…
« … សូមកុំពឹងលើការរៀបចំផែនការព្រឹត្តិការណ៍ទាំងអស់នៃជីវិតរបស់អ្នក-- ទោះជាព្រឹត្តិការណ៍សំខាន់បំផុតក្ដី ។ សូមឈត្រៀមខ្លួនជានិច្ចដើម្បីទទួលយកផែនការរបស់ព្រះអម្ចាស់ និងសិទ្ធិសេរីភាពរបស់អ្នកដទៃនៅក្នុងរឿងទាំងឡាយ ដែលជះឥទ្ធិពលលើអ្នកដោយចៀសមិនរួចនោះ ។ ប្រាកដណាស់ថា ដាក់ផែនការ ប៉ុន្តែត្រូវផ្ដោតផែនការរបស់អ្នកឲ្យនៅជាប់នឹងការតាំងចិត្តផ្ទាល់ខ្លួនដែលនឹងនាំអ្នកឆ្លងកាត់អ្វីៗគ្រប់យ៉ាង មិនថាមានអ្វីកើតឡើងនោះទេ ។ បោះយុថ្កាជីវិតរបស់អ្នកទៅនឹងគោលការណ៍ដ៏អស់កល្បជានិច្ច ហើយអនុវត្តគោលការណ៍ទាំងនោះ មិនថាមានស្ថានភាពយ៉ាងណា និងសកម្មភាពរបស់អ្នកដទៃយ៉ាងណានោះទេ ។ បន្ទាប់មក អ្នកអាចរង់ចាំពេលវេលារបស់ព្រះអម្ចាស់ ហើយដឹងប្រាកដអំពីលទ្ធផលនៅក្នុងភាពអស់កល្បជានិច្ច » ( Timing »Ensignខែ តុលា ឆ្នាំ ២០០៣, ទំព័រ ១៧ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៣-១៤ ។ « ពួកកំសោយនៅលោកិយ៍ »
ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀនថា ៖
« សាសនាចក្រពុំមានបព្វជិតដែលទទួលប្រាក់កម្រៃទេ ។ ការហៅក្នុងតំណែងជាថ្នាក់ដឹកនាំនៅទូទាំងពិភពលោក គឺបានមកពីក្រុមជំនុំ ។
« អ្វីៗដែលត្រូវធ្វើឡើងនៅក្នុងសាសនាចក្ររួមមាន--ការដឹកនាំ ការបង្រៀន ការហៅបម្រើ ការតែងតាំង ការអធិស្ឋាន ការច្រៀង ការរៀបចំពិធីសាក្រាម៉ង់ ការប្រឹក្សា និងអ្វីៗផ្សេងទៀត-- គឺត្រូវធ្វើឡើងដោយសមាជិកធម្មតា « ពួកកំសោយនៅលោកិយ៍ › » ( The Weak and the Simple of the Church » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧, ទំព័រ ៦-៧ ) ។
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការលើកទឹកចិត្តដូចខាងក្រោម ដល់អ្នកទាំងឡាយដែលមានអារម្មណ៍ពុំល្អគ្រប់គ្រាន់ខ្លាំង ឬដែលទន់ខ្សោយដើម្បីជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ថា ៖
« សម្រាប់អ្នកដែលជាសមាជិកនៃសាសនាចក្រ ដែលឈប់ទ្រឹង ដោយសារតែមានអារម្មណ៍ពុំល្អគ្រប់គ្រាន់ ខ្ញុំសូមអង្វរឲ្យអ្នកបោះជំហានទៅមុខ ដាក់ស្មារបស់អ្នកចូលនឹម ហើយរុញទៅមុខ ។ ទោះបីជាពេលដែលអ្នកមានអារម្មណ៍ថា កម្លាំងរបស់អ្នកអាចជួយបន្ថែមតែបន្ដិចបន្តួចក្ដី ក៏សាសនាចក្រនៅតែត្រូវការអ្នកដែរ ។ ព្រះអម្ចាស់ត្រូវការអ្នក ។ សូមចងចាំថា ជាញឹកញាប់ ព្រះអម្ចាស់ ជ្រើសរើស ‹ ពួកកំសោយនៅលោកិយ៍ › ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ។ [គ. និង ស. ១:១៩] ។
« ចំពោះអស់អ្នកដែលនឿយព្រួយ សូមឲ្យពាក្យលួងលោមរបស់ព្រះអង្គសង្គ្រោះ កំសាន្ដដល់អ្នក ៖ ‹ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ សូមមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក › ។ [ម៉ាថាយ ១១:២៨ ] ។ សូមយើងពឹងផ្អែកទៅលើការសន្យានោះ ។ ព្រះចេស្ដារបស់ព្រះ អាចបំពេញក្នុងវិញ្ញាណ និងរូបកាយរបស់យើងនូវថាមពល និងកម្លាំង ។ ខ្ញុំសូមជម្រុញទឹកចិត្តអ្នកឲ្យស្វែងរកពរជ័យនេះមកពីព្រះអម្ចាស់ ។
« ចូរខិតទៅជិតទ្រង់ ហើយទ្រង់នឹងខិតមកជិតអ្នក ដ្បិតទ្រង់បានសន្យាថា ‹ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ › ។ [អេសាយ ៤០:៣១] …
« សូមចាំថា ពេលខ្លះអ្នកទាំងឡាយណាដែលចាប់ផ្ដើមយឺតបំផុត នោះនឹងបានលឿនបំផុតវិញ » (Concern for the One » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ទំព័រ ១៩ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៣-១៤។ « យើងនឹងក្រវាត់ចង្កេះរបស់ពួកគេ »
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា ព្រះអម្ចាស់នឹងជួយយើងសម្រេចកិច្ចការរបស់ទ្រង់ ៖
« អ្នកមួយចំនួនអាចមានការខ្មាសអៀនពីធម្មជាតិ ឬគិតថាខ្លួនឯងមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការហៅបម្រើដែលវិជ្ជមាន ។ សូមចាំថា កិច្ចការនេះមិនមែនជារបស់អ្នក ឬខ្ញុំតែឯងនោះទេ ។ វាជាកិច្ចការរបស់ព្រះអម្ចាស់ ហើយពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះយើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ សូមចាំថា ព្រះអម្ចាស់ នឹងដុសខាត់ខ្នងដើម្បីរែកបន្ទុកដែលនឹងដាក់មកលើ » ( «To Learn, to Do, to Be» Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៦២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៩, ២២ ។ « ចូរមើលលោក… ចូរនៅជាមួយនឹងលោកចុះ …ចូរកុំបោះបង់លោកចោលឡើយ »
ព្រះអម្ចាស់ បានបញ្ជាឲ្យស៊ីឌនី រិកដុន « មើល [ យ៉ូសែប ស៊្មីធ ] » ឲ្យ « នៅជាមួយនឹងលោក » និង « កុំបោះបង់លោកចោលឡើយ » (គ. និង ស. ៣៥:១៩, ២២ ) ។ ទោះជា ស៊ីឌនី បានខ្វែងគំនិតទាស់នឹងសាសនាចក្របន្ទាប់ពីទុក្ករកម្មរបស់ យ៉ូសែប ស៊្មីធ ក្ដី ក៏គាត់តែងតែស្មោះត្រង់នឹងព្យាការីកាលលោកនៅរស់ដែរ ។ គាត់ឧស្សាហ៍ព្យាយាម ហើយមានភក្ដីចំពោះអ្នកដឹកនាំសាសនាចក្រ ដែលគាត់ជាទីប្រឹក្សាតែម្នាក់គត់ នៅក្នុងគណៈប្រធានទីមួយ ដែលបានបម្រើអំឡុងការបម្រើរបស់ យ៉ូសែប ស៊្មីធ ទាំងមូល ក្នុងនាមជាប្រធានសាសនាចក្រ ។ ស៊ីឌនី បានរងទុក្ខនឹងសោកនាដកម្មដ៏អាក្រក់នៅក្បែរព្យាការី ហើយគាត់បានរីករាយនឹងការបើកសម្ដែងខាងវិញ្ញាណដ៏អស្ចារ្យជាមួយព្យាការី ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០។ យ៉ូសែប ស៊្មីធ បកប្រែព្រះគម្ពីរប៊ីប
« បទគម្ពីរទាំងឡាយនឹងត្រូវបានប្រទានឲ្យ សូម្បីតែនៅក្នុងឱរារបស់យើងផ្ទាល់ » ( គ. និង ស. ៣៥:២០ ) ។ វគ្គនេះបង្កប់ន័យថា កិច្ចការរបស់យ៉ូសែប ស្ម៊ីធ នៅក្នុងការបកប្រែដ៏បំផុសគំនិតអំពីព្រះគម្ពីរប៊ីប គឺត្រូវបានធ្វើឡើងហួសពីការគ្រាន់តែស្ដារឡើងវិញនូវអត្ថបទដើមនៃព្រះគម្ពីរប៊ីបតាមធម្មតាទៅទៀត ។ តែអត្ថបទខាងព្រះគម្ពីរប៊ីប គឺត្រូវមានទំនាក់ទំនងនឹងសារលិខិតដែលព្រះអម្ចាស់ផ្ទាល់ មានព្រះទ័យចង់បង្ហាញឲ្យឃើញ ។ ជាលទ្ធផល យ៉ូសែប ពុំគ្រាន់តែកែ ឬធ្វើកំណែថ្មីលើអត្ថបទព្រះគម្ពីរប៊ីបទេ ប៉ុន្តែលោកក៏ត្រូវបានបំផុសគំនិតឲ្យបន្ថែមនូវអ្វីដែលមានតាំងពីដើមមកវិញ ដែលផ្ដល់ដល់យើងនូវការយល់ដឹងកាន់តែពេញលេញអំពីសេចក្ដីពិត ដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងយល់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៣ ។ « ហៅរកពួកព្យាការីបរិសុទ្ធ ដើម្បីបញ្ជាក់ពាក្យពេចន៍របស់លោក »
ស៊ីឌនី រិកដុន គឺជាអ្នកផ្សាយដំណឹងល្អដ៏មានបទពិសោធន៍ ដែលមានចំណេះដឹងល្អអំពីព្រះគម្ពីរប៊ីប ។ ព្រះអម្ចាស់ បានបញ្ជាឲ្យគាត់ប្រើអំណោយទានទាំងនេះដើម្បីផ្សាយអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ហើយឲ្យប្រើការបង្រៀនរបស់ពួកព្យាការីក្នុងព្រះគម្ពីរប៊ីបដើម្បីគាំទ្រដល់ពាក្យសម្ដីរបស់ យ៉ូសែប ។