ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣១-៣២


មេរៀន​ទី ៣៨

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣១-៣២

បុព្វកថា

នៅ​ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ហៅ ថូម៉ាស ប៊ី ម៉ាស ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​ជួយ​ស្ថាបនា​សាសនាចក្រ ។ ការ​ហៅនេះ មាននៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១ក៏​មាន​រួម​ទាំង​ការសន្យា និង​ការ​ទូន្មាន ដើម្បី​ដឹកនាំ ថូម៉ាស នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់ និង​ជា​អ្នក​ផ្សព្វផ្សាយសាសនាមួយ​រូប ។ នៅក្នុង​ខែ តុលា ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​ឥឡូវ​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២ដែល​ព្រះអម្ចាស់​បាន​ហៅ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ឲ្យ​ចូលរួម​នឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ចំពោះ​បេសកកម្ម​មួយ​ទៅ​ពួកសាសន៍លេមិន នៅ​ប៉ែក​ខាង​លិច​រដ្ឋ​មីសសួរី ។ ព្រះអម្ចាស់ បាន​សន្យា​ថាគង់នៅ​ជាមួយ​នឹង​បុរស​ទាំងនេះ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់ពួកគាត់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-៨

ព្រះអម្ចាស់​បាន​ហៅ ថូម៉ាស ប៊ី ម៉ាស ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​ជួយ​ស្ថាបនា​សាសនាចក្រ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិកគ្រួសារ​របស់ពួកគេ និង​អារម្មណ៍​ដែល​ពួកគេមាន​អំពី​ពួកគាត់ ។ អ្នកអាច​នឹង​ដាក់តាំង​រូបថត​គ្រួសារ​របស់អ្នក ហើយ​រៀបរាប់ដោយ​សង្ខេប​អំពី​ក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ពួកគាត់ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ថា​តើ​មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​ពួកគេ ដែល​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ ឬ​បច្ចុប្បន្ន​នេះ​ពុំ​បាន​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់ពួកគេ ជាមួយ​នឹង​ព្រះអម្ចាស់ដែរ​ឬទេ ។ អ្នក​ក៏អាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ក្ដីសង្ឃឹម​របស់ពួកគេ​ចំពោះ​សមាជិក​គ្រួសារ ។

សូម​ពន្យល់​ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១ព្រះអម្ចាស់ បាន​ថ្លែងប្រាប់​អំពី អ្នក​ផ្លាស់ប្រែចិត្ត​ជឿថ្មីម្នាក់ ឈ្មោះ ថូម៉ាស ប៊ី ម៉ាស ហើយ​បាន​និយាយ​ទៅ​កាន់​គាត់​អំពី​គ្រួសាររបស់​គាត់ ។

ដើម្បី​ជួយ​ឲ្យ​សិស្សក្នុង​ថ្នាក់​យល់​អំពី​ប្រវត្តិ​នៃ​កណ្ឌ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​ការ​ពិពណ៌នា​ដូច​ខាង​ក្រោម​អំពី​របៀប​ដែល​ថូម៉ាស ប៊ី ម៉ាស បាន​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ ។

ខណៈ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង បូស្តុន រដ្ឋ​ម៉ាស្សាឈូសេត ក្នុង​ឆ្នាំ ១៨២៩ ថូម៉ាស ប៊ី ម៉ាស បាន​សន្និដ្ឋាន​ថា គ្មាន​ព្រះវិហារ​ណា ដែល​គាត់​ធ្លាប់​ស្គាល់ មាន​ភាព​ត្រូវ​គ្នា​នឹង​ការ​បង្រៀន​នៃ​ព្រះគម្ពីរ​ប៊ីប​ទេ ។ គាត់​បាន​សរសេរ​ថា « ខ្ញុំ​បាន​ជឿ​ថា ព្រះវិញ្ញាណ​របស់ព្រះ​បានដឹកនាំខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច » ។ គាត់​បាន​ចាក​ចេញពី​ភរិយា​របស់គាត់ អេលីស្សាប៊ែត និង​កូនៗ​របស់​គាត់​ដើម្បី​ស្វែង​រក​សេចក្ដីពិត ។ បន្ទាប់ពី​ការ​ធ្វើដំណើរ​អស់រយៈ​ពេល​បីខែ នោះ​ថូម៉ាស បាន​ធ្វើ​ដំណើរ​ត្រឡប់មក​ផ្ទះវិញ នៅពេល​គាត់ « បាន​ស្ដាប់​ឮ​អំពី​សៀវភៅ​មាស [ មួយ ] ដែល​រក​ឃើញ​ដោយ​យុវជន​ម្នាក់ ឈ្មោះ យ៉ូសែប ស៊្មីធ » ។ គាត់​បាន​ធ្វើដំណើរ​ទៅ​កាន់​ភូមិ បាល់ម៉ៃរា រដ្ឋ​នូវយ៉ោក ជាកន្លែង​ដែលគាត់​បានជួប​នឹង ម៉ាទីន ហារិស ។ អ្នក​បោះពុម្ព​បាន​ឲ្យ​ឯកសារដប់ប្រាំមួយសន្លឹកដំបូង នៃ​ព្រះគម្ពីរមរមន ដែល​ហៀប​នឹង​បោះពុម្ព​ដល់​ថូម៉ាស ។ ក្រោយ​មក ថូម៉ាស បាន​សរសេរ​ថា « បន្ទាប់ពី​មកដល់​ផ្ទះវិញ … ខ្ញុំ​បាន​បង្ហាញ​ដល់​ភរិយា​ខ្ញុំ​នូវ​ឯកសារ​ដប់ប្រាំមួយ​ទំព័រ​នៃ​ព្រះគម្ពីរ​មរមន … ដែល​នាង​សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​ជឿ​ថា​វា​គឺ​ជា​កិច្ចការ​របស់ព្រះ » ។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ដឹង​អំពី​ការ​រៀបចំ​សាសនាចក្រ នោះ​ថូម៉ាស និង​គ្រួសារ​របស់គាត់ បាន​ផ្លាស់ទៅ​កាន់ ប៉ាល់​ម៉ៃរា ។ ខណៈ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​គាត់​ត្រូវ​បាន​ជ្រមុជទឹក ជិត​ភូមិ​ហ្វាយ៉ែត ហើយ​បាន​តែងតាំង​ជា​អែលឌើរ ដោយ អូលីវើរ ខៅឌើរី ក្នុង​ខែ​កញ្ញា ឆ្នាំ ១៨៣០ ( សូមមើល ថូម៉ាស ប៊ី ម៉ាស « History of Thomas Baldwin Marsh » Millennial Star ថ្ងៃ​ទី ១១ ខែ មិថុនា ឆ្នាំ ១៨៦៤, ទំព័រ ៣៧៥ ) ។

  • តើ​អ្នក​មាន​ចំណាប់អារម្មណ៍​យ៉ាង​ណា អំពីការ​ស្វែងរក​សេចក្ដីពិត​របស់ ថូម៉ាស ប៊ី ម៉ាស ?

សូម​ឲ្យ​សិស្ស​ម្នាក់អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:១-២ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ឃ្លាទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​លើក​ទឹកចិត្ត​ដល់ ថូម៉ាស បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក​របស់​គាត់ ។

  • តើ​ការលើក​ទឹកចិត្ត ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ដល់ ថូម៉ាស នៅក្នុង ខទាំងនេះ មានអ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​ប្រទានការ​សន្យា​អ្វីខ្លះ ដល់ ថូម៉ាស ទាក់ទង​នឹង​គ្រួសារ​គាត់ ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀនមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:១-២ ដែល​អាច​ជួយ​យើង បើ​យើង​មាន​សមាជិក​គ្រួសារ ដែលពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ ឬ ដែលពុំ​បាន​រស់នៅ​ដោយ​ស្មោះត្រង់​ស្រប​ទៅតាម​សេចក្ដីសញ្ញា​របស់ពួកគេ​នោះ ? ( ទោះ​ជា សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗក្ដី ក៏ពួកគេ​គប្បី​ប្រាប់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ តាមរយៈ​សេចក្ដីស្មោះត្រង់​របស់​យើង សមាជិក​គ្រួសារ​របស់យើង អាច​នឹង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​ជឿ និង​ស្គាល់​សេចក្ដីពិត ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​បុគ្គល​ម្នាក់ៗ​អាច​ត្រូវ​បានប្រទាន​ពរ​តាមរយៈ​សេចក្ដីស្មោះត្រង់​នៃ​សមាជិក​គ្រួសារ​គេ តាមវិធីណា​ខ្លះ ? តើ​អ្នកបានឃើញ​គំរូណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​នូវ គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៣–៤ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ ថូម៉ាស ប៊ី ម៉ាស ធ្វើ ។ សុំ​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ស្ដីអំពី​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន​ដល់​អ្នកទាំងឡាយ​ណា ដែល​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​ដោយ​ស្មោះត្រង់ ។ ( អ្នកអាច​នឹង​ចង់​ផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការ​នេះ​ដល់​សិស្ស​ម្នាក់​មួយច្បាប់ ដើម្បី​រក្សា​ទុក​ក្នុង​ព្រះគម្ពីរ​របស់ពួកគេ ) ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​មើល​ថា តើនរណា​ត្រូវ​បានប្រទាន​ពរ​តាមរយៈ​ការ​បម្រើ​ផ្សព្វផ្សាយសាសនា ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« អ្នក​នឹង​ប្រទានពរ​ដល់ជីវិត​នៃអ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន និង​កូនចៅ​តំណរ​ក្រោយ​របស់ពួកគេ ។ អ្នក​នឹង​ប្រទាន​ពរ​ដល់ជីវិត​របស់អ្នកផ្ទាល់ ។ អ្នក​នឹង​ប្រទានពរ​ដល់ជីវិត​នៃ​គ្រួសារ​អ្នក ដែល​នឹង​គាំទ្រ​អ្នក ហើយអធិស្ឋាន​សម្រាប់​អ្នក » ( Of Missions, Temples, and Stewardship, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ៥២ ។

  • តើ​នរណា​ត្រូវបាន​ប្រទាន​ពរ​តាមរយៈ​ការបម្រើ​ផ្សព្វផ្សាយសាសនា ?

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី ៣១:៥-៨ ឲ្យឮៗ ។ សូម​ឲ្យ​ក្រុម​មួយ​រក​មើល​ពរជ័យ ដែល​នឹង​កើត​មាន​ដល់​អ្នកទាំងឡាយ​ណា ដែល ថូម៉ាស ប៊ី ម៉ាស នឹង​បង្រៀន ។ សូម​ឲ្យ​ក្រុម​ទីពីរ រកមើល​ពរជ័យ​ដែល​នឹង​កើតមាន​ដល់ ថូម៉ាស ពេលគាត់​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ សូម​ឲ្យ​ក្រុម​ទីបី រកមើល​ពរជ័យ​ដែល​នឹង​កើតមាន​ដល់​គ្រួសារ​របស់​ថូម៉ាស ពេលគាត់ឃ្លាត​ទៅ​ឆ្ងាយ​ពីពួកគេ ។ បន្ទាប់ពីសិស្ស​បាន​អានរួចហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ពរជ័យអ្វីខ្លះដែល​នឹង​កើត​មាន​ដល់​អ្នក​ទាំងឡាយ​ដែល ថូម៉ាស បានបង្រៀន ?

  • តើ​ថូម៉ាស នឹង​ត្រូវ​បាន​ប្រទានពរ​ចំពោះ​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​របស់គាត់​យ៉ាងដូចម្ដេច ?

  • តើ​គ្រួសារ​គាត់​នឹង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​យ៉ាងដូចម្ដេច ?

  • តើ​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​របស់មនុស្ស​ដទៃ បានប្រទានពរ​ដល់​ជីវិត​របស់អ្នក ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ចង់​ចែកចាយ​អំពី​ឧទាហរណ៍​នៃ​របៀប​ដែលអ្នកបានឃើញ​ការ​បម្រើផ្សព្វផ្សាយសាសនា ប្រទានពរ​ដល់ជីវិត​របស់មនុស្ស ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩-១៣

ព្រះយេស៊ូវ​គ្រីស្ទ បានប្រទាន​ការទូន្មាន​ដោយផ្ទាល់​ទៅដល់ ថូម៉ាស ប៊ី ម៉ាស

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:៩-១៣ មាននូវ​ការ​ទូន្មាន​ដែលព្រះអម្ចាស់​ប្រទាន​ឲ្យ ដើម្បីជួយ​ដល់ ថូម៉ាស ប៊ី ម៉ាស នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់គាត់ និង​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ មុន​ថ្នាក់ចាប់ផ្ដើម សូមសរសេរ ការណែនាំ​ដូច​ខាងក្រោម នៅលើ​ក្ដារខៀន ឬ​រៀបចំវា​នៅលើក្រដាស​មួយដើម្បីចែកចាយដល់សិស្ស ៖

សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:៩-១២ហើយ​ប្រាប់​អំពី​ចំនុច​មួយ​នៃ​ការទូន្មាន ដែលអ្នក​មានអារម្មណ៍​ថា​នឹង​សំខាន់​សម្រាប់​យើង​ដើម្បី​ធ្វើតាម​នៅថ្ងៃ​នេះ ។ សូម​រៀបចំខ្លួន​ដើម្បី​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម ៖

  1. តើ​អ្នកបាន​ជ្រើសរើសចំនុច​មួយណា​នៃ​ការ​ទូន្មាននោះ ? ហេតុអ្វី​ក៏អ្នកគិត​ថា ការទូន្មាន​នេះ​សំខាន់​សម្រាប់​យើង​នៅសព្វថ្ងៃនេះ ?

  2. តើ​យើង​អាច​អនុវត្តការ​ទូន្មាន​នេះ​នៅក្នុងជីវិត​របស់​យើង តាម​វិធីមួយ​យ៉ាងដូចម្តេច ?

  3. តើ​យើង​អាច​ទទួល​ប្រយោជន៍​មកពី​ការ​ធ្វើតាម​ដំបូន្មាន​នេះ​យ៉ាង​ដូចម្ដេច ?

សូមចាត់​សិស្ស​ឲ្យ​ធ្វើការ​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៩-១២ រួច​ហើយ​ចែកចាយ​ចម្លើយ​ចំពោះសំណួរ​ទាំងនោះ ម្នាក់មួយជាមួយ​នឹង​ដៃគូ​របស់ពួកគេ ។

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ សូម​អញ្ជើញ​ពួកគេ​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:១៣ ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់ពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ ថូម៉ាស ប៊ី ម៉ាស បើ​គាត់​នឹង​នៅស្មោះត្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយសរសេរ​ការសន្យា​នេះ​នៅក្នុង​ទម្រង់​នៃ​គោលការណ៍​មួយ ដោយ​ប្រើ​ពាក្យ បើសិនជា នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ផ្សេងទៀត​ក្នុង​ថ្នាក់​ឲ្យ​ជួយ​សិស្ស​នោះ បើ​ចាំបាច់ ។ ទោះជា​សិស្ស​អាច​នឹ​ងប្រើ​ពាក្យ​ផ្សេង​ក្ដី ក៏គោលការណ៍​ដូចខាង​ក្រោម​នេះ គួរ​តែ​ប្រាប់​ច្បាស់ថា ៖ បើ​យើង​ស្មោះត្រង់​ដល់ទីបំផុត នោះ​ព្រះអម្ចាស់​នឹង​គង់នៅជាមួយ​យើង ។ សូម​ចង្អុល​បង្ហាញ​ថា សេចក្ដីពិតនេះ អនុវត្ត​ចំពោះ​យើង នៅពេល​យើង​ព្យាយាម​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ក៏ដូចជា​នៅក្នុង​ស្ថានភាព​ដទៃ​ផងដែរ ។

  • តើ​នៅពេលណា ដែល​អ្នក​មានអារម្មណ៍​ថា ព្រះអម្ចាស់ គង់នៅជាមួយអ្នក ពេលអ្នកព្យាយាមស្មោះត្រង់​ចំពោះទ្រង់ ? ( សូម​ឲ្យពេលសិស្ស​ដើម្បីពិចារណា​សំណួរ​នេះ មុនពេលពួកគេ​ឆ្លើយ ។ សូម​គិតពីការចែកចាយនូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២

ព្រះអម្ចាស់ ហៅ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើសុន ឲ្យ​ចូលរួម​ក្នុង​បេសកកម្មផ្សព្វផ្សាយ​ទៅកាន់​សាសនា​លេមិន

សូម​ឲ្យ​សិស្ស​មើល​ទៅផែនទី​ក្នុង​គម្ពីរ​របស់ពួកគេ ដែល​មានចំណងជើង​ថា « ដំណើរ​នៃ​សាសនាចក្រ​ទៅទិស​ខាង​លិច » ( សូមមើល ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ផែនទី​ទី ៦ ) ។ ឬ​អ្នកអាច​នឹង​ដាក់តាំង​ផែនដី​ធំមួយ បង្ហាញ​អំពី​ចម្ងាយផ្លូវ​ចន្លោះ​ពីរដ្ឋ​នូវ យ៉ោក និង​រដ្ឋ​មីសសួរី ស.រ.អា ។

  • តើ​អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវ​បានហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅកន្លែង​ណា ? ( បើ​សិស្ស​ពុំចាំ​ទេ សូមអញ្ជើញ​ពួកគេ​ឲ្យ​យោង​ទៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:៨-៩, ៣០:៥ ។ អ្នក​ផ្សព្វផ្សាយសាសនា​ទាំងនេះ ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ « ទៅកាន់​សាសន៍​លេមិន » នៅភាគ​ខាង​លិច​ត្រង់ព្រំប្រទល់​នៃ​រដ្ឋ​មីសសួរី ។ សូម​ជួយ​សិស្ស​ឲ្យ​រកមើល​ទីតាំងនេះ​នៅផែនទី ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការណែនាំ​ក្បាលកណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​អំពី​សំណួរមួយចំនួន​ដែលពួក​អែលឌើរ​នៃ​សាសនាចក្រ​ មានកង្វល់​អំពី​បេសកកម្ម ដែល អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​នោះ ។

  • តើ​សំណួរ ដែល​អែលឌើរ​មួយចំនួន​នៃ​សាសនាចក្រ មាន​កង្វល់​អំពី​បេសកកម្ម​ទៅកាន់ពួកសាសន៍លេមិន មានអ្វីខ្លះ ? ( ពួកគេ​ចង់​ដឹង បើ​មាន​អ្នកផ្សព្វផ្សាយសាសនា​បន្ថែម​ទៀត អាច​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​ដល់​ពួកសាសន៍លេមិន ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់ផ្ទៀងតាម រក​មើល​នូវអ្វី​ដែល ប៉ាលី ភី ប្រាត្ត និង សេបា ភីតើសុន ត្រូវ​បាន​ហៅ​ឲ្យធ្វើ និងអ្វី​ដែលព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកគេ ។

  • តើ ប៉ាលី និង សេបា ត្រូវ​បាន​ហៅ​ឲ្យធ្វើ​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ជាមួយពួកគាត់ ?

អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ពីភាព​ស្រដៀងគ្នា រវាង​ការ​សន្យា​ដែលត្រូវ​បាន​ប្រទាន​ឲ្យ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២:៣ និង​គោលការណ៍​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀនថា ៖ បើ​យើង​ស្មោះត្រង់​ដល់ទីបំផុត នោះព្រះអម្ចាស់​នឹង​គង់នៅជាមួយ​យើង ។

អ្នក​អាច​នឹង​ចង់ពន្យល់​ថា អំឡុង​សរទរដូវ ឆ្នាំ ១៨៣០ និង​សិសិររដូវ ឆ្នាំ ១៨៣០-៣១ ក្រុម​អ្នក​ផ្សព្វផ្សាយសាសនា​តូច​នេះ ( ក្រោយមក​បាន​ចូលរួម​ដោយ​អ្នកផ្លាស់ប្រែចិត្តជឿ​មកពី អូហៃអូ ឈ្មោះថា ហ្រ្វេដឌើរីក ជី វិល្លាម ) បានធ្វើដំណើរ​ជិត ១៥០០ ម៉ែល ( ប្រហែលជា ២៤០០ គីឡូម៉ែត្រ ) ពីភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ទៅកាន់ អ៊ិនឌីប៉ែន​ដែន្ស រដ្ឋ​មីសសួរី ដែលភាគច្រើនដើរ​ថ្មើជើង ។ អ្នកផ្សព្វផ្សាយសាសនា​ទាំងបួន​នាក់នេះ បាន​ធ្វើដំណើរ​ទៅដល់ អ៊ិនឌីប៉ែន​ដែន្ស នៅ​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ ១៨៣១ ។ ក្នុង​ការ​ធ្វើដំណើរ​របស់ពួកគាត់ នោះ​ពួកគាត់​បាន​ស៊ូទ្រាំ​នឹង​ភាពត្រជាក់​ខ្លាំង ខ្យល់បោកបក់ និង​នឿយហត់ជា​ខ្លាំង ដែល​ការ​រស់នៅ​បរិភោគ​នំប៉័ង​កក​ធ្វើពីពោត និង​សាច់​ជ្រូក​ឆៅជាចម្បង ។ នៅកន្លែង​ខ្លះ ពួកគាត់​បាន​ដើរ​កាត់​ព្រិល​ជម្រៅ បី ហ្វីត ។ ដោយ​ពុំ​គិត​អំពីការ​លំបាក​ទាំងនេះ អ្នក​ផ្សព្វផ្សាយសាសនា​ទាំងនោះទទួល បាន​ជោគជ័យ​ក្នុង​ការ​ណែនាំ​ដំណឹងល្អ​ដល់​ពួក​អាមេរិកកាំង​ស្បែក​ក្រហម ដែលរស់នៅក្នុង​ដែនដីពួកស្បែកក្រហម ជិត​នឹង​ប៉ែក​ខាងលិច​ព្រំប្រទល់​រដ្ឋ​មីសសួរី ។ ពួកគេ​ក៏​បាន​ផ្សាយ​ដំណឹងល្អ​នៅក្នុង មែនទ័រ និង ខឺតឡង់ រដ្ឋ​អូហៃអូ ទៅដល់​ក្រុមជំនុំ​នៃ​មនុស្ស​ដែល​កំពុង​ស្វែងរក​ការស្ដារឡើងវិញ​នៃគ្រីស្ទនិកជន​សញ្ញាថ្មី ។ ( សិស្ស​នឹង​រៀន​ច្រើន​អំពី​ប្រជាជន​ទាំងនេះ និង​អ្នកដឹកនាំ​របស់ពួកគេ ស៊ីឌនី រិកដុន នៅក្នុង​ការ​សិក្សា​របស់ពួកគេ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥ ) ។ ព្រះអម្ចាស់ បានបំពេញ​សេចក្ដីសន្យា​របស់ទ្រង់​ថា ទ្រង់​នឹង​គង់នៅជា​មួយ​អ្នកផ្សព្វផ្សាយ​សាសនាទាំងនេះ ហើយ​ថា​គ្មានអ្វី​នឹង​យកឈ្នះ​លើ​ពួកគាត់បានទេ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [ Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៨៤–៨៥ ) ។

អ្នកអាច​នឹង​ចង់​បញ្ចប់មេរៀន​នេះ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សា ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១​

វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១ គឺ​ជា​វិវរណៈ​មួយ​ក្នុង​ចំណោម​វិវរណៈ​ទាំងឡាយ ( សូមមើល គ និង ស ៣០-៣៦ ) ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយសាសនា ចន្លោះ​ពេល​ដែលទ្រង់​បាន​បើក​សម្ដែង​ដំបូង​នូវ​គោលការណ៍​នៃ​ការ​ប្រមូល​រាស្ត្រ​របស់ទ្រង់ ( សូមមើល គ និង ស ២៩:១-៨ ) ហើយ​នៅពេល​ទ្រង់​បាន​ថ្លែង​ជាលើក​ដំបូង​អំពី​កន្លែង​នៃ​ការ​ប្រមូល​ផ្ដុំ​ពួកគេ ( សូមមើល គ និង ស ៣៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:២, ៥-៨ ។ តាមរយៈ​ភាព​ស្មោះត្រង់​របស់​យើង សមាជិក​គ្រួសារ​របស់យើង​អាច​បាន​ស្គាល់​អំពី​សេចក្ដីពិត

បុគ្គល​ម្នាក់ៗ​ដែល​រៀន​អំពី​ដំណឹងល្អ​នៃព្រះយេស៊ូវ គ្រីស្ទ ត្រូវតែ​ជ្រើសរើស​ដោយ​ផ្ទាល់​ខ្លួន​ថា​តើ​ត្រូវ​ទទួលយក​ឬ​អត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គំរូ​នៃ​ភាព​ស្មោះត្រង់​របស់យើង អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​សម្រាប់​សេចក្ដីល្អ ។ របៀប និង ពេលវេលា​របស់ព្រះអម្ចាស់ សម្រាប់​ការ​បំពេញ​នូវ​ការ​សន្យា​ទាំឡាយ ដូចជា​អ្វី​ដែលទ្រង់បាន​ធ្វើ​ចំពោះ ថូម៉ាស ប៊ី ម៉ាស នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:២, ៥-៨ អាច​នឹង​ពុំ​បាន​បំពេញ​តាមគោលបំណង ឬ​ការ​រំពឹងទុក​របស់យើង​ទាំងស្រុង​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណើររឿង​បន្ទាប់​ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន អំពី​បទពិសោធន៍​មួយ ដែល​លោក​មាន កាល​ជា​ប្រធានបេសកកម្ម​នៅ​ប្រទេស​កាណាដា បានបង្ហាញ​ថា ព្រះអម្ចាស់ បាន​បំពេញ​តាម​ការ​សន្យា​របស់ទ្រង់​ចំពោះ​ពួកអ្នកស្មោះត្រង់ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ថ្ងៃមួយមានអ្នក​ផ្សព្វផ្សាយសាសនា​ទើប​ចូល​បេសកកម្ម​ថ្មី​ម្នាក់ អង្គុយ​នៅក្នុងការិយាល័យ​របស់ខ្ញុំ ។​ គាត់​ជា​យុវជនឈ្លាសវៃ រឹងមាំ ពេញ​ដោយ​ភាពអង់អាច និង​មានបំណង​ប្រាថ្នា​ចង់​បម្រើដោយក្តីរីករាយ និងមានអំណរគុណក្នុងការ​ធ្វើជា​អ្នកផ្សព្វផ្សាយសាសនា ។ នៅពេល​ខ្ញុំបាន​និយាយ​ជាមួយគាត់ ខ្ញុំ​បាន​និយាយ​ថា ‹ អែលឌើរ ខ្ញុំ​នឹកគិត​អំពី​ដួងចិត្ត​ស្មោះ​របស់ឪពុកម្ដាយ​របស់អ្នក ដើម្បីគាំទ្រអ្នក​ក្នុង​ការ​ហៅបម្រើ​បេសកកម្ម​របស់អ្នកនេះ › ។ គាត់​បាន​ឱនក្បាលចុះ ហើយ​តបថា ‹ មិនប្រាកដ​ដែរ ។ ប្រធាន ឪពុក​របស់ខ្ញុំ​ពុំ​មែនជា​សមាជិក​នៃសាសនាចក្រ​នោះទេ ។ គាត់​មិនជឿដូចជា​យើងជឿ​ទេ ដូច្នេះ គាត់​ពុំ​អាច​មានអំណរគុណ​ពេញលេញ​អំពីសារៈសំខាន់​នៃ​កិច្ចការ​របស់ខ្ញុំ​ទេ › ។ ដោយគ្មានស្ទាក់ស្ទើរ ហើយ​ដោយបាន​បំផុស​មកពីប្រភព​មួយ​ដែលពុំ​មែន​ជា​ខ្លួន​ខ្ញុំ នោះ​ខ្ញុំបាននិយាយ​ទៅគាត់ថា ‹ អែលឌើរ បើ​អ្នក​នឹង​បម្រើ​ព្រះ​ដោយ​ស្មោះត្រង់ និង​ឧស្សាហ៍ព្យាយាម ក្នុង​ការ​ប្រកាស​សារលិខិត​របស់ទ្រង់ នោះ​ឪពុក​របស់អ្នក​នឹង​ចូលរួម​ក្នុង​សា​សនាចក្រ មុន​ពេល​បេសកកម្ម​របស់អ្នក​បញ្ចប់​ទៅទៀត › ។ គាត់​បាន​ចាប់​ដៃខ្ញុំ​យ៉ាងណែន ទឹកភ្នែក​បាន​ស្រក់​ចុះ​មក មកលើផែន​ថ្ពាល់របស់គាត់ រួច​គាត់​បាន​ប្រកាស​ថា ‹ ដើម្បី​មើល​ឃើញ​ឪពុក​របស់ខ្ញុំ​ទទួល​យក​ដំណឹងល្អ នោះគឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យបំផុត ដែល​អាច​កើតមាន​នៅក្នុង​ជីវិត​របស់ខ្ញុំ › ។

« យុវជន​រូបនេះ ពុំ​បាន​អង្គុយដោយឥតប្រយោជន៍ ហើយ​សង្ឃឹម និងប្រាថ្នា​សុំ​ឲ្យ​ការ​សន្យា​នោះ​ត្រូវបានបំពេញ​នោះទេ ប៉ុន្តែ​គាត់បាន​ធ្វើ​តាម​គំរូ​របស់ អ័ប្រាហាំ លីនខុន ដែល​បាន​និយាយ​ថា ‹ ពេល​គាត់​អធិស្ឋាន គាត់​អធិស្ឋាន​ដូចជា​អ្វីៗ​ទាំងអស់​ពឹង​ទៅលើ​ព្រះ រួច​ហើយ​គាត់​បាន​ធ្វើ​ការ​ដូចជា​អ្វីៗ​ទាំងអស់​ពឹង​លើ​ខ្លួន​គាត់ › ។ នោះជា​ការ​បម្រើ​បេសកកម្ម​របស់​យុវជន​រូបនេះ ។

« នៅ​គ្រប់​សន្និសីទ​អ្នក​ផ្សព្វផ្សាយសាសនា ខ្ញុំ​នឹង​ទៅ​រក​គាត់ មុន​ពេល​ការ​ប្រជុំ ហើយ​ចាប់​ផ្ដើម​សួរ​ថា ‹ អែលឌើរ តើ​ឪពុក​អ្នក​រីកចម្រើ​ន​យ៉ាង​ម៉េច​ហើយ ? ›

« ចម្លើយ​របស់គាត់​នឹង​ដដែល​ថា ‹ គ្មាន​រីកចម្រើន​ទេ ប្រធាន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់ នឹង​បំពេញ​ការ​សន្យា​ដែល​ប្រទាន​ដល់ខ្ញុំ តាមរយៈ​លោក ដែល​ជា​ប្រធាន​បេសកកម្ម​របស់ខ្ញុំ › ។ ពីមួយថ្ងៃទៅមួយថ្ងៃពី​មួយ​សប្ដាហ៍ទៅមួយ​សប្ដាហ៍ក្លាយជា​ខែ ហើយ​ទីបំផុត ពីរសប្ដាហ៍មុន​យើង​បាន​ចាក​ចេញពី​បេសកកម្ម​ត្រឡប់ទៅផ្ទះវិញ ខ្ញុំ​បាន​ទទួលសំបុត្រ​មួយច្បាប់​មកពី​ឪពុក​របស់​អ្នក​ផ្សព្វផ្សាយសាសនា​រូប​នេះ ។ ខ្ញុំ​ចង់ចែកចាយ​វា​ជាមួយ​នឹង​អ្នក​នា​ថ្ងៃនេះ ។

« ‹ បងប្រុស ម៉នសុន ជាទីស្រឡាញ់ ៖

« ‹ ខ្ញុំ​ចង់​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ការ​មើល​ថែ​ដល់កូនប្រុស​ខ្ញុំ​យ៉ាង​ល្អ ដែល​បាន​បញ្ចប់​បេសកកម្ម​ពីប្រទេស​កាណាដាថ្មីៗនេះ ។

« ‹ គាត់​គឺជា​ការបំផុសគំនិត​មួយ​ដល់​ពួក​យើង ។

« ‹ កូន​ប្រុស​ខ្ញុំ​ត្រូវ​បានសន្យាថា នៅពេល​គាត់​ចាកចេញ​ទៅ​បេសកកម្ម នោះខ្ញុំ​នឹង​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​មុន​ពេល​គាត់ត្រឡប់មកផ្ទះវិញ ។ ខ្ញុំ​ជឿ​ថា ការសន្យានេះ ធ្វើ​ឡើង​ដោយ​អ្នក​ទៅដល់គាត់ ដែល​ខ្ញុំ​ពុំ​ដឹង ។

« ‹ ខ្ញុំ​រីករាយ​ដើម្បី​ប្រាប់​ថា ខ្ញុំ​បាន​ទទួលបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ នៅមួយ​សប្ដាហ៍​មុន​ពេល​គាត់​បាន​បញ្ចប់​បេសកកម្ម​របស់គាត់ ។…

« ‹ … ប្អូនប្រុស​របស់គាត់ ក៏​ទើបបាន​ទទួលបុណ្យជ្រមុជទឹក និង​បានបញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​ផងដែរ​ថ្មីៗ​នេះ ។

« ‹ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់លោក​ម្ដងទៀត ចំពោះ​រាល់សណ្ដានចិត្ត​ល្អ និង​ក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​កូន​ប្រុស​ខ្ញុំ តាមរយៈ​បងប្អូនប្រុសទាំងឡាយ​របស់​គាត់ នៅក្នុង​បេសកកម្ម អំឡុង​ពេល​ពីរឆ្នាំ​កន្លង​ទៅនេះ ។

« ‹ ដោយ​សេចក្ដីស្មោះស្ម័គ្រ​ពី

« ‹ ឪពុក​ដ៏ប្រកប​ដោយការ​ថ្លែងអំណរគុណ › ។

« ការអធិស្ឋាន​ដោយរាបសារ​នៃ​សេចក្ដីជំនឿ ត្រូវ​បាន​ឆ្លើយ​តប​ជាថ្មី​ម្ដង​ទៀត » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ១៣១–៣២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:១០ ។ តើ ថូម៉ាស ប៊ី ម៉ាស ជា « គ្រូពេទ្យ​ចំពោះ​សាសនាចក្រ » យ៉ាងដូចម្ដេច ?

ថូម៉ាស ប៊ី ម៉ាស បាន​មាន​ជំនាញ​មួយចំនួនខាង​ពេទ្យ ប្រើ​ថ្នាំប្ញសឈើ ហើយ​អាច​ជួយ​មនុស្ស​ដោយចំណេះ​របស់គាត់នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ហៅ​ដ៏ធំជាង​នេះ​របស់គាត់ គឺការ​ព្យាបាល​ព្រលឹងទាំងឡាយ ។ មាន​ឧទាហរណ៍​បានកត់ត្រា​ជាច្រើន​អំពី ថូម៉ាស ប៊ី ម៉ាស ផ្ដល់ពេលវេលា​របស់គាត់ ដើម្បីជួយ​សមាជិក​នៃ​សាសនាចក្រ ដោះស្រាយ​បញ្ហា​របស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២ ។ តើ​បេសកកម្ម​ទៅកាន់​ពួកសាសន៍​លេមិន​ជោគជ័យដែរឬទេ ?

ទោះជា​បេសកកម្ម​លើក​ទីមួយ​ទៅ​កាន់ពួកសាសន៍​លេមិន ពុំ​សូវ​ទទួលបាន​ជោគជ័យ ក្នុង​ការ​ផ្សាយ​ទៅកាន់​ពួកអាមេរិក​កាំង​ស្បែក​ក្រហម​ក្ដី ក៏​វា​មាន​ឥទ្ធិពល​ដ៏សំខាន់​មួយ​ចំពោះ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ជំនាន់​ដើម​ផងដែរ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ការធ្វើ​ដំណើរ​មាន​ចម្ងាយជិត ១៥០០ ម៉ែល ឆ្លងកាត់​វាលរហោស្ថាន​ភាគ​ច្រើន និង​ស្ថិត​ក្រោម​អាកាស​ធាតុ​ដ៏អាក្រក់​ភាគច្រើន នោះ​វា​តម្រូវ​ឲ្យ​ចំណាយ​ពេល​ប្រហែលជា​បួន​ខែ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ វា​គឺ​ជា​ការ​ធ្វើដំណើរ​ដ៏​មាន​ប្រយោជន៍​ណាស់ ព្រោះ​មានមនុស្ស​ជាច្រើន​បាន​ទទួល​យកដំណឹងល្អ​នៅតាម​ផ្លូវ ហើយ​មាន​សាខាជាច្រើន​គួរសម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ខឺតឡង់ និង​ផ្នែក​ផ្សេងៗ​ទៀត ហើយ​មាន​បុរស​រឹងមាំ​ជាច្រើន​រូប​បាន​មក​ចូលរួម​ក្នុង​សាសនាចក្រ ។ នេះ​គឺ​ជា​ការ​ធ្វើដំណើរ​ផ្សព្វផ្សាយសាសនា​លើ​កដំបូង​ទៅកាន់​ទិស​ខាង​លិច​នៃ​រដ្ឋ​នូវយ៉ោក ហើយ​លទ្ធផល​របស់​វា គឺ​ដើម្បី​បង្ហាញ​ថា​វាមាន​អត្ថប្រយោជន៍​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​ចំពោះ​សាសនាចក្រ » ( Church History and Modern Revelation វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:១៥០ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២:១-៣ ។ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើរសុន

វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២ ត្រូវ​បាន​ថ្លែង​ទៅកាន់ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើរសុន ។ សូម​ពិចារណា​ធ្វើ​ការ​អាន​ឲ្យ​ឭៗ​អំពី​ព័ត៌មាន​ជាប្រវត្តិសាស្ត្រ​ដូចខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​រៀន​ច្រើន​អំពី​បុរស​ពីរនាក់នេះ ៖

នៅក្នុង​រដូវក្ដៅ​ឆ្នាំ ១៨៣០ ប៉ាលី ភី ប្រាត្ត និងភរិយា​របស់គាត់ ដោយ​អំណរ បាន​ធ្វើ​ដំណើរ​មកពី​ផ្ទះរបស់ពួកគេ​នៅ អាមហ៊ើស្ទ រដ្ឋ​អូហៃអូ ដើម្បី​ទៅ​សួរសុខទុក្ខ​សាច់ញាតិ​នៅរដ្ឋ​នូវយ៉ោក ។ ព្រះវិញ្ញាណ​បរិសុទ្ធ បាន​បំផុស​ឲ្យ ប៉ាលី ឈប់​នៅ​ក្នុង​ភូមិ នូវ​វ៉ក រដ្ឋ​នូវយ៉ោក ជិត​ភូមិ ប៉ាលម៉ៃរ៉ា ជាកន្លែង​ដែល​គាត់​រៀន​អំពី​ព្រះគម្ពីរមរមន ។ ក្រោយ​មក​គាត់​បាន​សរសេរ​អំពី​ចម្លើយ​របស់គាត់​ចំពោះ​គម្ពីរ​នេះ​ថា ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« ខ្ញុំ​បាន​អាន​ពេញ​មួយថ្ងៃ ការ​ទទួលទាន​អាហារ​គឺ​ជា​បន្ទុក​មួយ ខ្ញុំ​ពុំ​ចង់​បរិភោគ​អាហារ​ទេ ការដេក​គឺ​ជា​បន្ទុក​មួយ នៅ​ពេល​រាត្រី​ចូលមកដល់ ដ្បិត​ខ្ញុំ​ចង់អាន​ជាង​ការដេក ។

« ពេលខ្ញុំអាន ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​សណ្ឋិត​នៅលើ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង ហើយ​បាន​យល់​ដឹងថា ព្រះគម្ពីរ​នេះ​គឺជាការ​ពិត » ( Autobiography of Parley P. Pratt,បានបោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ១៩៣៨ ], ទំព័រ ២០ ) ។

ប៉ាលី បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ ប៉ាលម៉ៃរ៉ា ជាកន្លែង​ដែលគាត់​បានជួប ហើយ​ត្រូវ​បាន​បង្រៀន​ដោយ ហៃរាំ ស្ម៊ីធ ។ មិន​យូរ​ប៉ុន្មាន ហៃរាំ និង ប៉ាលី បានធ្វើដំណើរ​ទៅ ហ្វាយ៉ែត្ត រដ្ឋ នូវ យ៉ោក ដើម្បីជួប​នឹង​សមាជិក​ក្នុង​សាខា​ព្រះវិហារ​ដែលកំពុង​តែ​រីកចម្រើន ។ ប៉ាលី បានទទួលបុណ្យជ្រមុជទឹក ហើយ​បាន​តែងតាំ​ង​ជា​អែលឌើរ​ម្នាក់ ដោយ​អូលីវើរ ខៅឌើរី នៅ​ខែ​កញ្ញា ឆ្នាំ ១៨៣០ ។

បានដឹង​បន្ដិចបន្តួច​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ​របស់ សេបា ភីតើរសុន ។ យើង​បានដឹងថា គាត់ត្រូវ​បាន​ជ្រមុជទឹក​ដោយ អូលីវើរ ខៅឌើរី នៅ​ខែ​មេសា ឆ្នាំ ១៨៣០ និង​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ​ម្នាក់​នៅខែ​មិថុនា ក្នុង​ឆ្នាំ​ដដែល​នោះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣២:៣ ។ « គ្មានអ្វី​នឹង​អាច​ឈ្នះ​លើ​ពួកគេ​បានឡើយ »

ដំណើរ​រឿង​ខាង​ក្រោម គឺ​ជា​គំរូ​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់ ប៉ាលី ភី ប្រាត្ត ពេល​គាត់​បាន​បំពេញ​បេសកកម្ម​របស់គាត់ ៖

នៅចម្ងាយ​ហាសិប​ម៉ែល ខាងលិច​ក្រុង​ខឺតឡង់ ប៉ាលី ត្រូវ​បាន​គេ​ចាប់​ខ្លួនដោយ​​ចោទ​ប្រកាន់នូវ « កំហុស​តូច​មួយ » ហើយ « បានបញ្ជា​ឲ្យ​ដាក់គុគ » ឬ​ត្រូវ​បង់​ពិន័យ ( Autobiography of Parley P. Pratt បាន​បោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ១៩៣៨], ទំព័រ៣៦ ) ។ ដោយ​សារ​តែ​គាត់​ពុំ​អាច​បង់​ការ​ផាកពិន័យបាន នោះ​ប៉ាលី បាន​ត្រូវឃុំ​ក្នុងផ្ទះសំណាក់​សាធារណៈ​មួយ​អស់មួយយប់ ។​ ព្រឹកឡើង ដៃគូទាំងឡាយរបស់គាត់​មក​ជួប​មួយភ្លែត ហើយ​គាត់​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដការ​ធ្វើដំណើរ​របស់ពួកគេទៅ​មុខ​ទៀត ហើយ​សន្យា​ថា​នឹង​ជួប​ពួកគេ​ក្នុង​ពេល​ឆាប់ៗ ។ ប៉ាលី បាន​ប្រាប់ថា ៖ « បន្ទាប់ពី​អង្គុយ​បាន​មួយសន្ទុះ​ជិត​ភ្នក់ភ្លើង ក្នុង​ការ​ឃ្លាំមើល​ពី​នាយ​ទាហាន នោះ​ខ្ញុំ​បាន​ស្នើ​សុំដើរ​ចេញពី​ទីនោះ ។ ខ្ញុំ​បាន​ដើរ​ចេញទៅ​ទីលាន​សាធារណៈ អម​ដំណើរដោយ​គាត់ ។ ខ្ញុំ​បាន​និយាយ​ថា ‹ លោក ភែបូឌី តើ​អ្នក​ពូកែរត់ប្រណាំ​ង​ឬទេ ? › គាត់​តបថា ‹ ទេ ប៉ុន្តែ​ឆ្កែដ៏ធំ​របស់ខ្ញុំ​ពូកែ​រត់ ហើយ​វាត្រូវ​បាន​បង្វឹក​ឲ្យ​ជួយ​ខ្ញុំ​ក្នុងការងារ​ខ្ញុំ​អស់ជាច្រើន​ឆ្នាំ​មក​ហើយ វា​នឹង​ផ្ដួល​មនុស្ស​តាម​បង្គាប់ខ្ញុំ › ។ ‹ ល្អ លោក ភែបូឌី អ្នក​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ទៅ​មួយ​ម៉ែល នោះ​ខ្ញុំ​បាន​ទៅជាមួយ​អ្នក​ពីរ​ម៉ែល ។ អ្នក​បានផ្តល់​ឲ្យ​ឱកាស​មួយ​ដល់ខ្ញុំដើម្បី​ផ្សព្វផ្សាយ ច្រៀង ហើយ​បាន​កំដរខ្ញុំ​ក្នុង​ការ​ស្នាក់​នៅ និង​ស្រស់ស្រូបអាហារ​ពេលព្រឹកផងដែរ ។ ខ្ញុំ​ត្រូវ​ចេញ​ដំណើរ​ខ្ញុំទៅ​ហើយ បើ​អ្នក​ពូកែ​រត់ប្រណាំង អ្នកអាចដេញខ្ញុំទាន់ ។ ខ្ញុំ​អរគុណ​ច្រើន​ណាស់​សម្រាប់​សន្តានចិត្តល្អ​របស់អ្នកគ្រប់យ៉ាង--​សូមសំណាងល្អ › ។

« រួច​ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​ទៅ ខណៈ​ដែល​គាត់ឈភ្លឹក ហើយ​ពុំ​អាច​កម្រើកសោះ ។… គាត់​ពុំ​បានដឹងខ្លួន​ពីការភ្ញាក់ផ្អើល​ដ៏ខ្លាំង ដើម្បីដេញ​តាម​ខ្ញុំ​ទេ រហូត​ដល់ខ្ញុំ​បាន​ទៅ​ឆ្ងាយ ប្រហែល​ជា ១៨២.៨៨ ម៉ែត្រ ។… ឥឡូវ​គាត់​បាន​ហៅ​ខ្ញុំ ហើយ​ស្រែក​ឲ្យ​ឆ្កែ​របស់គាត់​ដេញ​ខ្ញុំ ។ ឆ្កែ​នោះ​មាន​មាឌធំ​ដែល​ខ្ញុំ​ពុំធ្លាប់ឃើញ​ទេ វា​បាន​ដេញ​គៀកៗ​ខ្ញុំដោយ​កម្រោល ឯនាយ​ទាហាន​បានរត់​ដេញ​តាម​ពីក្រោយ ទះដៃគាត់ ហើយស្រែក​ថា ‹ ស្ដូ ប៊យ ស្ដូ ប៊យ --​ចាប់​វា--នោះ--ចាប់​វា​ឲ្យជាប់ យើង​និយាយថា-- ដេញ​តាម​វា › ហើយ​បាន​ចង្អុល​ដៃ​គាត់​មក​ខ្ញុំដែល​កំពុង​រត់ទៅ ។ ឆ្កែ​នោះ​រត់​យ៉ាង​លឿន​មក​ទាន់ខ្ញុំ ហើយ​លោត​សង្គ្រប់​មក​លើ​ខ្ញុំ លឿន​ដូច​ផ្លេក​បន្ទោររំពេចនោះខ្ញុំមានគំនិតមួយគឺ​ធ្វើ​ដំរាប​តាមនាយទាហាននោះ ក្នុង​ការបញ្ជាឆ្កែ​ឲ្យ​បោលទៅ​ចូល​ក្នុង​ព្រៃ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីមុខ​ខ្ញុំ ។ ខ្ញុំ​បាន​ចង្អុលទៅ​ទិស​នោះ រួច​ទះដៃ ហើយ​បាន​ស្រែក​ត្រាប់​តាម​នាយទាហាននោះ ។ ឆ្កែ​បាន​រត់យ៉ាង​លឿន​ហួស​ខ្ញុំ​ឆ្ពោះទៅ​ព្រៃ ដោយ​មាន​ការ​បញ្ជា​ពី​នាយទាហាន និងខ្ញុំ ហើយ​យើង​ទាំងពីរ​នាក់​កំពុង​រត់​តាមទិស​ដូចគ្នា » ។

ដោយ​បាន​គេច​ចេញ​ពី​ឆ្កែ និង​នាយទាហាន​នោះ អែលឌើរ ប្រាត្ត បាន​មក​ជួប​នឹង​ដៃគូ​របស់គាត់តាម​ផ្លូវផ្សេង​មួយទៀត ។ ក្រោយ​មក ប៉ាលី បាន​ដឹង​ថា ស៊ីម៉ូន ខាតធើរ ដែលគាត់​បាន​ទុក​ព្រះគម្ពីរ​មរមន​ឲ្យ ព្រមជាមួយ​នឹង​អ្នកដទៃទៀតចំនួន​ហុកសិបនាក់​ក្នុង​តំបន់​នោះ បាន​ចូលរួម​ក្នុង​សាសនាចក្រ ( សូមមើល Autobiography of Parley P. Pratt, ៣៨–៣៩ ) ។