មេរៀនទី ១៥១
សង្គ្រាមនៅយូថាហ៍ និង ការសម្លាប់រង្គាលនៅភ្នំម៉េដូ
បុព្វកថា
អំឡុងទសវត្សរ៍ឆ្នាំ ១៨៥០ ភាពតានតឹង និង ទំនាក់ទំនងយល់ច្រឡំរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកមន្ដ្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននាំឲ្យមានសង្គ្រាមនៅរដ្ឋយូថាហ៍នាឆ្នាំ ១៨៥៧–៥៨ ។ ក្នុងខែ កញ្ញា ឆ្នាំ ១៨៥៧ មានជម្លោះមួយកើតឡើងផងដែររវាងពួកបរិសុទ្ធមួយចំនួន និង សមាជិកក្រុមរទេះសេះ ដែលបានធ្វើអន្ដោប្រវេសន៍ឆ្លងកាត់រដ្ឋ យូថាហ៍ ។ ដោយសារតែបានជំរុញដោយកំហឹង និង ភាពភ័យខ្លាច នោះពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួននៅខាងត្បូងរដ្ឋ យូថាហ៍ បានរៀបផែនការ ហើយអនុវត្តការសម្លាប់រង្គាលពួកអន្ដោប្រវេសន៍ប្រមាណជា ១២០ នាក់ ដែលធ្វើដំណើរទៅរដ្ឋ កាលីហ្វូញ៉ា ។ ភាពសាហាវយ៉ង់ឃ្នងនេះត្រូវបានគេហៅពេលនេះ ថាជាការសម្លាប់រង្គាលនៅភ្នំម៉េដូ ។
យោបល់សម្រាប់ការបង្រៀន
ភាពតានតឹងដែលបានកើតឡើងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក
សូមពន្យល់ថានៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៥៧ ប្រធាន ព្រិកហាំ យ៉ង់ បាននៅជាមួយនឹងក្រុមពួកបរិសុទ្ធមួយដែលកំពុងប្រារព្ធខួបរំឭកលើកទី ១០ នៃការមកដល់របស់ពួកគេនៅក្នុងជ្រលងភ្នំសលត៍ លេកនេះ នៅពេលលោកបានទទួលការបញ្ជាក់អំពីដំណឹងពីមុននោះថា កងទព័មួយក្រុមកំពុងមកកាន់ទីក្រុង សលត៍ លេក ។ កាលពីប៉ុន្មានឆ្នាំមុន មានការមិនយល់ព្រម និងការខ្វែងគំនិតគ្នាដែលបន្សល់ទុកនូវការកើនឡើងនូវភាពតានតឹងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និងពួកមន្ដ្រីរាជការនៃរដ្ឋាភិបាលសហរដ្ឋ ។ ពួកបរិសុទ្ធចង់បានអ្នកដឹកនាំដែលពួកគេបានជ្រើសរើស ហើយបានបដិសេធនូវការចាត់តាំងរបស់សហពន្ធ័ ដែលមិនបានឲ្យតម្លៃដល់ពួកគេ ។ នោះនាំឲ្យមន្ត្រីសហព័ន្ធមួយចំនួនបានគិតថា ពួកគេបានបះបោរទាស់នឹងរដ្ឋាភិបាលអាមេរិក ។ ដោយគ្មានការអនុមតិមកពីរដ្ឋសភា នោះប្រធានាធិបតី ជេម ប៊ូឃែន្និន បានបញ្ជូនកងទ័ពប្រហែលជា ១៥០០ ទៅកាន់ទីក្រុងសលត៍លេក បង្ខំឲ្យពួកយូថាហ៍ទទួលយកជាផ្លូវការថ្មី ។
-
ប្រសិនបើអ្នកជាពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់នៅឆ្នាំ ១៨៥៧ ហើយបានឮថា កងទ័ពដ៏ធំមួយក្រុមកំពុងតែចូលមកដល់ទីក្រុងរបស់អ្នក តើអ្នកអាចនឹងមានការបារម្ភអ្វីខ្លះ ? ( សិស្សប្រហែលជាលើកឡើងថា ពួកបរិសុទ្ធត្រូវបានបណ្ដេញយ៉ាងព្រៃផ្សៃចេញពីរដ្ឋអូហៃអូ មិសសួរី និងអិលលីណយ ហើយមនុស្សជាច្រើនបានបាត់បង់របស់ និងដីធ្លី ដ៏មានតម្លៃ ហើយអ្នកខ្លះត្រូវបានគេសម្លាប់ ឬបានស្លាប់ក្នុងអំឡុងពេលបៀតបៀនទាំងនេះ ។ ដំណឹងនៃការមកដល់របស់កងទ័ពបានបណ្ដាលឲ្យពួកបរិសុទ្ធខ្លះបារម្ភថា ព្រឹត្តិការណ៍បែបនោះក៏អាចនឹងកើតឡើងនៅក្នុងរដ្ឋយូដាហ៍ដែរ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ៖
នៅក្នុងទេសនកថាដល់ពួកបរិសុទ្ធ ប្រធាន យ៉ង់ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតបានចាត់ទុកកងទ័ពដែលនឹងមកនោះថាជាសត្រូវ ។ ប្រធាន យ៉ង់ ដែលបានសុំឲ្យពួកបរិសុទ្ធសន្សំទុកគ្រាប់ធញ្ញជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានផ្ដល់ការណែនាំជាថ្មីរបស់លោក ដើម្បីឲ្យពួកគេនឹងមានអាហារបរិភោគ ក្នុងករណីពួកគេត្រូវរត់គេចពីកងទ័ពនេះ ។ ក្នុងនាមជាអភិបាលរដ្ឋយូថាហ៍ លោកក៏បានដឹកនាំឲ្យក្រុមជីវពលដែនដីរៀបចំការពារដល់បូរណភាពទឹកដីដែរ ។
ជម្លោះបានកើតឡើងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន និងសមាជិកនៃពួកអន្ដោប្រវេសន៍ក្រុមរទេះសេះ
សូមបង្ហាញផែនទី ១ដែលស្រដៀងគ្នានឹងការដាក់បញ្ចូលនៅទីនេះមួយ ឬគូរវានៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮនូវកថាកណ្ឌពីរខាងក្រោម ៖
ក្រុមរទេះសេះ ដែលធ្វើអន្តោប្រវេសន៍ បានធ្វើដំណើរមកភាគខាងលិចពីរដ្ឋអាកាន់សាស ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា បានចូលមករដ្ឋ យូថាហ៍ ចំពេលដែលពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងរៀបចំការពារដែនដី ប្រឆាំងនឹងការមកដល់នៃកងទ័ពរបស់សហរដ្ឋ ។ សមាជិកនៃក្រុមរទេះខ្លះបានមានចិត្តរសាប់រសល់ ដោយសារតែពួកគេពិបាកនឹងទិញគ្រាប់ធុញ្ញជាតិដែលត្រូវការជាខ្លាំងពីពួកបរិសុទ្ធ ដែលត្រូវបានណែនាំឲ្យរក្សាគ្រាប់ធុញ្ញាជាតិនោះទុក ។ ពួកជនអន្ដោប្រវេសន៍នោះក៏បានមានជម្លោះជាមួយនឹងពួកបរិសុទ្ធ ដែលមិនចង់ឲ្យសេះ និងសត្វគោរបស់ក្រុមរទេះនេះស៊ីអាហារនិង ផឹកទឹកដែលពួកបរិសុទ្ធត្រូវការសម្រាប់សត្វរបស់ពួកគេផ្ទាល់ដែរ ។
ទំនាស់បានផ្ទុះឡើងនៅទីក្រុងសេដា ជាទីតាំងចុងក្រោយគេនៅក្នុងរដ្ឋ យូថាហ៍តាមដងផ្លូវទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ។ ការប្រឈមមុខជាច្រើនបានកើតឡើង រវាងសមាជិកនៃក្រុមរទេះសេះខ្លះ និង ពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះ ។ សមាជិកក្រុមរទេះសេះខ្លះបានគំរាមកំហែងថា នឹងចូលរួមក្នុងកងទ័ពរដ្ឋាភិបាលដែលកំពុងតែចេញដំណើរមកប្រឆាំងនឹងពួកបរិសុទ្ធនោះ ។ ទោះបីជាមេបញ្ជាការនៃក្រុមរទេះសេះនេះបានស្ដីបន្ទោសដល់ដៃគូរបស់លោកដោយសារបានធ្វើការគម្រាមកំហែងទាំងនេះក្ដី ក៏អ្នកដឹកនាំទីក្រុងសេដាខ្លះ និងអ្នករស់នៅទីនោះបានចាត់ទុកថាជនអន្ដោប្រវេសន៍នេះជាសត្រូវដែរ ។ ក្រុមរទេះសេះនេះបានចាកចេញពីទីក្រុងក្រោយពីបានមកដល់តែត្រឹមប្រហែលមួយម៉ោងប៉ុណ្ណោះ ប៉ុន្ដែប្រជាជន និងអ្នកដឹកនាំខ្លះនៅទីក្រុងសេដា បានចង់ដេញតាម និងដាក់ទោសដល់មនុស្សទាំងឡាយដែលបានមើលងាយដល់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីពេល ដែលពួកគេបានជួបនឹងជម្លោះជាមួយនឹងមនុស្សផ្សេងទៀត ឬមនុស្សមួយក្រុម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី ៣ ១២:២៥ ឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលគោលការណ៍មួយដែលព្រះយេស៊ូវបានបង្រៀន ដែលអាចដឹកនាំយើង នៅពេលយើងជួបនឹងភាពតានតឹងជាមួយនឹងអ្នកដទៃ ។
-
តើអ្នកគិតថា វាមានន័យដូចម្តេចក្នុងឃ្លា « ព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ » ?
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃឃ្លានេះ អ្នកអាចសុំឲ្យសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖
អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់ បានបង្រៀនថា ឃ្លា « ព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ » មានន័យថា « ដោះស្រាយនូវភាពខុសគ្នារបស់យើងឲ្យបានរហ័ស បើមិនដូច្នោះទេ កំហឹងមួយគ្រានោះនឹងកើនឡើងទៅជាហិង្សាខាងរាងកាយ ឬសតិអារម្មណ៍ ហើយយើងបានជាប់ក្នុងកំហឹងរបស់យើង » Forgiveness Will Change Bitterness to Love »Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣, ទំព័រ ១១) ។
-
តើអ្នកគប្បីសង្ខេបការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី ៣ ១២:២៥ តាមពាក្យរបស់អ្នក ដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរគោលការណ៍ស្រដៀងគ្នាទៅនឹងអ្វីដូចតទៅនៅលើក្ដារខៀន ៖ បើយើងដោះស្រាយជម្លោះជាមួយនឹងអ្នកដទៃតាមរបៀបរបស់ព្រះអម្ចាស់ នោះយើងអាចចៀសវាងពីឥទ្ធិពលដែលនាំឲ្យមហន្ដរាយដោយការទាស់ទែងគ្នា ) ។
-
តើការគោរពតាមគោលការណ៍នៅក្នុងនីហ្វៃទី ៣ ១២:២៥បានជួយពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានអាក់អន់ចិត្តនឹងសមាជិកនៃក្រុមរទេះសេះយ៉ាងដូចម្តេច ?
សូមពន្យល់ថា ដោយសារពួកបរិសុទ្ធទាំងនេះមិនបានដោះស្រាយនូវជម្លោះរបស់ពួកគេជាមួយនឹងពួកជនអន្ដោប្រវេសន៍តាមរបៀបរបស់ព្រះអម្ចាស់ នោះស្ថានការណ៍នេះបានក្លាយទៅជាកាន់តែធ្ងន់ទៅៗ ។ អ៊ីសាក ហេត ជាអភិបាលក្រុងសេដា ជាវរសេនីយត្រីជីវពល និងជាប្រធានស្ដេក បានស្នើសុំការអនុញ្ញាតពីមេបញ្ជាការជីវពល ដែលបានរស់នៅក្បែរទីក្រុងផារ៉ូវាន់ ឲ្យកោះហៅជីវពលឲ្យជួយបង្ក្រាបពួកអ្នកមើលងាយពីក្រុមរទេះ ។ មេបញ្ជាការជីវពលឈ្មោះ វិល្លាម ដេម បានប្រឹក្សានឹងអ៊ីសាក ហេត កុំឲ្យខ្វល់នឹងការគម្រាមរបស់ពួកអន្ដោប្រវេសន៍នោះ ។ ជាជាងស្ដាប់តាមការប្រឹក្សានេះ អ៊ីសាក ហេត និងអ្នកដឹកនាំទីក្រុងសេដាផ្សេងទៀតបានសម្រេចចិត្តទៅបញ្ចុះបញ្ចូលពួកសាសន៍អាមេរិកាំងដើមក្នុងស្រុកខ្លះឲ្យវាយប្រហារក្រុមរទេះសេះ និងទៅលួចគោរបស់ពួកគេ ដើម្បីជារបៀបមួយក្នុងការដាក់ទោសដល់ពួកជនអន្ដោប្រវេសន៍នោះ ។ អ៊ីសាក ហេត បានសុំឲ្យចន ឌី លី ជាសមាជិកព្រះវិហារក្នុងមូលដ្ឋានម្នាក់ និងជាវរសេនីយត្រី ដឹកនាំការវាយប្រហារនេះ ហើយបុរសទាំងពីររូបនេះបានគ្រោងដើម្បីទម្លាក់កំហុសលើពួកសាសន៍អាមេរិកាំងដើមចំពោះទង្វើនេះ ។
-
តើអ្នកដឹកនាំទីក្រុងសេដា គួរតែបានធ្វើអ្វីខ្លះ នៅពេលវិល្លាម ដេម បានប្រឹក្សាដល់ពួកគេកុំឲ្យប្រើក្រុមជីវពល ? តើការមិនធ្វើយោបល់នាពេលនោះ បាននាំពួកគេឲ្យធ្វើអ្វីខ្លះ ? ( បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងមិនព្រមស្ដាប់តាមការប្រឹក្សាឲ្យធ្វើអ្វីដែលត្រូវទេ នោះយើងនឹងកាន់តែមានចិត្តលំអៀងទៅកាន់ការជ្រើសរើសអ្វីដែលមិនល្អ ) ។
សូមចង្អុលបង្ហាញថា បុរសទាំងនេះ បានធ្វើផ្ទុយទៅនឹងការទទួលខុសត្រូវបព្វជិតភាពរបស់ពួកគេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦-៣៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមានរបស់ព្រះអម្ចាស់ចំពោះអ្នកកាន់បព្វជិតភាព ដែលធ្វើទង្វើមិនសុចរិត ។
-
តើ ព្រះអម្ចាស់បានប្រទានការព្រមានអ្វីខ្លះ ដល់អ្នកកាន់បព្វជិតភាព ដែលព្យាយាមដើម្បីគ្របបាំងអំពើបាបរបស់ពួកគេ ឬធ្វើទង្វើមិនសុចរិតនោះ ?
សូមអាន ឬសង្ខេបកថាកណ្ឌដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យស្ដាប់មើលរបៀបអ្នកដឹកនាំនៅទីក្រុង សេដា បានបន្ដធ្វើការជ្រើសរើសពុំល្អ បន្ទាប់ពីពុំស្ដាប់តាមការទូន្មានដែលពួកគេបានទទួលនោះ ។
អ៊ីសាក ហេត បានបង្ហាញគម្រោងវាយប្រហារក្រុមរទេះនេះដល់ក្រុមប្រឹក្សាអ្នកដឹកនាំសាសនាចក្រ សហគមន៍ និងជីវពលក្នុងមូលដ្ឋាន ។ សមាជិកក្រុមប្រឹក្សាខ្លះមិនយល់ព្រមសោះឡើយ ចំពោះគម្រោងនេះ ហើយបានសួរ ហេត ថាតើលោកបានប្រឹក្សាជាមួយនឹងប្រធាន ព្រិកហាំ យ៉ង់ អំពីបញ្ហានេះហើយឬនៅ ។ ដោយបាននិយាយថា លោកមិនទាន់បានសួរនៅឡើយ លោកហេត បានយល់ព្រមបញ្ជូនសារទូតម្នាក់ គឺលោកជេម ហេសឡេម ទៅកាន់ទីក្រុងសលត៍ លេក អមដោយសំបុត្រមួយច្បាប់ពន្យល់ពីស្ថានការណ៍ និងសួរថាត្រូវតែធ្វើអ្វី ។ ទោះជាយ៉ាងណាក្ដី ដោយសារទីក្រុងសលត៍ លេក មានរយៈចម្ងាយប្រហែល ២៥០ ម៉ាយល៍ ( ៤០០ គីឡូម៉ែត្រ ) ពីទីក្រុងសេដា វាត្រូវការប្រហែលជាមួយសប្ដាហ៍ក្នុងការជិះសេះយ៉ាងលឿនដើម្បីទៅដល់ទីក្រុងសលត៍ លេក និងត្រឡប់មកទីក្រុងសេដាវិញដោយមានដំបូន្មានពីប្រធាន យ៉ង់ ជាមួយនឹងសារទូតនោះ ។
អំឡុងពេលយ៉ាងខ្លី មុនពេលអ៊ីសាក ហេត បានបញ្ជូនសាររបស់លោកជាមួយនឹងសារទូត ថន ឌី លី និងពួកអាមេរិកកាំងស្បែកក្រហមមួយក្រុមបានវាយប្រហារជំរុំក្រុមជនអន្ដោប្រវេសន៍នៅកន្លែងមួយដែលហៅថា ភ្នំម៉េដូ ។ លី បានដឹកនាំការវាយប្រហារនេះ ប៉ុន្ដែបានលាក់អត្តសញ្ញាណរបស់លោក ដើម្បីឲ្យវាមើលទៅមានតែពួកអាមេរិកកាំងស្បែកក្រហមប៉ុណ្ណោះដែលបានពាក់ព័ន្ធក្នុងរឿងនេះ ។ ជនអន្ដោប្រវេសន៍ខ្លះត្រូវបានគេសម្លាប់ ឬរងរបួស ហើយអ្នកនៅសេសសល់បានបណ្ដេញពួកអ្នកវាយប្រហារពួកគេ ដោយបង្ខំ ដោយលោកលី និងពួកអាមេរិកកាំងស្បែកក្រហមឲ្យដកថយ ។ ជនអន្ដោប្រវេសន៍បានទាញរទេះសេះរបស់ខ្លួនជារង្វង់ ឬក្រោលមួយយ៉ាងមាំភ្លាមៗដើម្បីការពារខ្លួន ។ ការវាយប្រហារពីរដងទៀតបានកើតឡើង អំឡុងពេលការឡោមព័ទ្ធប្រាំថ្ងៃដល់ក្រុមរទេះ ។
នៅពេលមួយនោះ ពួកជីវពលទីក្រុងសេដាបានដឹងថាមានជនអន្ដោប្រវេសន៍ពីរនាក់បានចេញពីក្រោលរទេះនោះ ។ ពួកជីវពលបានបាញ់ពួកគេ ដោយបានសម្លាប់គេម្នាក់ ។ បុរសម្នាក់ទៀតបានរត់គេចផុត ហើយបាននាំដំណឹងនេះទៅដល់ជុំរំរទេះសេះថា មានបុរសស្បែកសពាក់ព័ន្ធនឹងការវាយលុកប្រឆាំងនឹងពួកគេ ។ ឥឡូវនេះ អស់អ្នកដែលបានគ្រោងការវាយប្រហារនេះត្រូវបានគេដឹងពីល្បិចកលខ្លួន ។ ប្រសិនបើជនអន្ដោប្រវេសន៍ត្រូវបានអនុញ្ញាតឲ្យបន្ដធ្វើដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា នោះដំណឹងនេះនឹងលេចឮថា ពួកបរិសុទ្ធថ្ងៃចុងក្រោយបានទាក់ទងនឹងការវាយប្រហារលើពួកក្រុមរទេះសេះនេះ ។ ពួកអ្នករួមគំនិតក្បត់ បានខ្លាចថាដំណឹងនេះនឹងនាំឲ្យមានលទ្ធផលអវិជ្ជមាន មកដល់ខ្លួនគេ និងប្រជាជនរបស់ពួកគេ ។
-
តើមានលទ្ធផលអ្វីខ្លះ កើតមកពីការសម្រេចចិត្តមិនគោរពតាមការប្រឹក្សារបស់មេបញ្ជាការជីវពល ?
-
នៅចំណុចនេះ តើជម្រើសណាខ្លះ ដែលជាទំនួលខុសត្រូវរបស់អស់អ្នកដែលបានធ្វើការវាយប្រហារទាំងនោះ ? ( ពួកគេអាចសារភាពពីអ្វីដែលពួកគេបានធ្វើ និងបានទទួលលទ្ធផលនានា ឬពួកគេអាចព្យាយាមលាក់កំបាំងនូវបទឧក្រិដ្ឋ និងអំពើបាបទាំងឡាយ ។ សូមមើល គ. និង ស. ១២១:៣៧) ។
-
តើពួកគេបានធ្វើអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្វើអ្វីខ្លះ នៅពេលអ្នកធ្វើអ្វីមួយខុស ? តើអ្នកសារភាពពីអ្វីដែលអ្នកបានធ្វើខុស និងបានទទួលលទ្ធផលនានា ឬតើអ្នកព្យាយាមលាក់បាំងនូវអំពើបាបទាំងនោះតាមរយៈការបោកបញ្ឆោត ?
ពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះបានគ្រោងសម្លាប់រង្គាលនៅភ្នំម៉េដូ
សូមពន្យល់ថា សមាជិកសាសនាចក្រដែលបានពាក់ពន័្ធនៅក្នុងការវាយប្រហារពួកអន្ដោប្រវេសន៍នេះ បានជ្រើសរើសយកការព្យាយាមលាក់បាំងអំពើបាបរបស់ពួកគេ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់នូវអ្វីដែលបានកើតឡើង ជាលទ្ធផលមកពីការសម្រេចចិត្តនេះ នៅពេលអ្នកអាន ឬសង្ខេបកថាកណ្ឌដូចខាងក្រោម ៖
នៅក្នុងបំណងដើម្បីរារាំងព័ត៌មាននេះកុំឲ្យរាលដាលថា ពួកបរិសុទ្ធថ្ងៃចុងក្រោយបានចូលរួមនៅក្នុងការវាយប្រហារលើក្រុមរទេះសេះនេះ នោះអ៊ីសាក ហេត, ចន ឌី លី និងអ្នកដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន និងក្រុមជីវពលបានបង្កើតគម្រោងមួយដើម្បីសម្លាប់អ្នកនៅរស់ទាំងអស់ លើកលែងតែកូនក្មេងតូចៗប៉ុណ្ណោះ ។ ក្នុងការអនុម័តគម្រោងការនេះ ចន ឌី លី បានទៅដល់ពួកអន្ដោប្រវេសន៍ ហើយបាននិយាយថា ពួកជីវពលនឹងការពារពួកគេកុំឲ្យរងការវាយប្រហារផ្សេងទៀត ដោយនឹងជួយនាំពួកគេត្រឡប់ទៅកាន់ទីក្រុងសេដាវិញដោយសុវត្ថិភាព ។ នៅពេលពួកអន្ដោប្រវេសន៍បានដើរទៅកាន់ទីក្រុងសេដា ពួកជីវពលបានត្រឡប់ក្រោយ និងបានបាញ់ពួកគេ ។ ពួកអាមេរិកកាំងស្បែកក្រហមខ្លះដែលបានចូលរួមនឹងពួកប្រជាជននោះបានរត់ចេញពីកន្លែងពួនមកដើម្បីជួយបាញ់បន្ថែម ។ មានជនអន្ដោប្រវេសន៍ប្រហែល ១៤០ នាក់ដែលបានចូលរួមនៅក្នុងក្រុមរទេះសេះនេះ មានតែកូនក្មេង ១៧ នាក់ប៉ុណ្ណោះដែលនៅរស់ ។
ពីរថ្ងៃបន្ទាប់ពីការសម្លាប់រង្គាលនោះ ជេម ហេលឡេម បានមកដល់ទីក្រុងសេដាដោយមានសារឆ្លើយតបរបស់ប្រធាន យ៉ង់ មកផង ដែលបានណែនាំឲ្យពួកអ្នកដឹកនាំក្នុងតំបន់ឲ្យអនុញ្ញាតឲ្យក្រុមរទេះសេះនោះធ្វើដំណើរបន្ដទៀតដោយមានសន្ដិភាព ។ « នៅពេលហេត បានអានពាក្យរបស់ប្រធាន យ៉ង់ លោកបានយំដូចជាកូនក្មេងម្នាក់ ហើយអាចនិយាយចេញតែពាក្យ ‹ យឺតពេលហើយ យឺតពេលហើយ › » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។
សូមពន្យល់ថា ជម្រើសរបស់ពួកអ្នកដឹកនាំ និងអ្នករស់នៅដែលជាបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួននៅក្នុងដែនដីរដ្ឋ យូថាហ៍ភាគខាងត្បូង បានដឹកនាំឲ្យមានសោកនាដកម្មនោះការសម្លាប់រង្គាលនៅភ្នំម៉េដូ ។ ផ្ទុយទៅវិញ អ្នកដឹកនាំសាសនាចក្រ និងអ្នកដឹកនាំដែនដីនៅក្នុងទីក្រុងសលត៍ លេក បានដោះស្រាយជម្លោះជាមួយនឹងរដ្ឋាភិបាលសហរដ្ឋតាមរយៈការនិយាយ និងការចរចារដោយសន្ដិភាពនៅក្នុងឆ្នាំ ១៨៥៨ ។ អំឡុងពេលនៃជម្លោះនេះ —ដែលក្រោយមកត្រូវបានហៅថា សង្គ្រាមរដ្ឋយូថាហ៍ — ពួកទាហានសហរដ្ឋ និងពួកជីវពលរដ្ឋយូថាហ៍បានប្រឡូកនឹងសកម្មភាពនៃការឈ្លានពាន ប៉ុន្ដែមិនដែលចូលរួមក្នុងចម្បាំងឡើយ ។
-
តើអ្នកនឹងសង្ខេបនូវជម្រើសដែលបាននាំទៅរកការសម្លាប់រង្គាលនៅភ្នំម៉េដូដោយរបៀបណា ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីសោកនាដកម្មនេះ ? ( សិស្សអាចស្គាល់គោលការណ៍ផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេអាចរួមមានដូចជា ៖ ការជ្រើសរើសលាក់បាំងអំពើបាបរបស់យើង អាចនាំយើងឲ្យប្រព្រឹត្តអំពើបាបកាន់តែធ្ងន់ ។ ការជ្រើសរើសដើម្បីលាក់បាំងអំពើបាបរបស់យើងអាចនាំមកនូវការសោកស្ដាយ និងការរងទុក្ខ ) ។
សូមពន្យល់ថា ការសម្លាប់រង្គាលនៅភ្នំម៉េដូ មិនត្រឹមតែធ្វើឲ្យមាននូវការស្លាប់របស់ជនរងគ្រោះប្រហែល ១២០ នាក់ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបណ្ដាលឲ្យមានការរងទុក្ខជាខ្លាំងផងដែរចំពោះកូនក្មេងដែលនៅរស់ និងសាច់ញាតិផ្សេងទៀតរបស់ជនរងគ្រោះទាំងនោះ ។ ពួកអាមេរិកកាំងស្បែកក្រហមឈ្មោះផៃយូតក៏បានរងនូវការស្ដីបន្ទោសដ៏អយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មនេះ ។ បន្ថែមទៀតនោះ អស់អ្នក « ដែលបានធ្វើការសម្លាប់រង្គាលនេះ បានរស់នៅក្នុងជីវិតមួយស្ថិតនៅក្រោមអារម្មណ៍ជាប់ទោសដ៏អាប់អួរ និងបានមានបទពិសោធន៍យ៉ាងអាក្រក់ចំពោះអ្វីដែលពួកគេធ្វើ និងបានឃើញ » ( Richard E. Turley Jr., « The Mountain Meadows Massacre »ទំព័រ ២០) ។
សូមបញ្ជាក់ប្រាប់ដល់សិស្សថា ប្រសិនបើពួកគេបានចាប់ផ្ដើមដើរលើផ្លូវនៃអំពើខុស និងផ្លូវនៃអំពើបាបហើយ នោះពួកគេអាចការពារមិនឲ្យមាននូវការឈឺចិត្ត និងការសោកស្ដាយនាពេលអនាគតបាន ដោយការបែរទៅរកព្រះអម្ចាស់ និងការប្រែចិត្តពីអំពើបាបរបស់ពួកគេ ។
សូមពន្យល់ថា ដោយសារពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងមូលដ្ឋានមួយចំនួន បានទទួលខុសត្រូវលើការគ្រោង និងការអនុវត្តក្នុងការសម្លាប់រង្គាលនៅលើភ្នំម៉េដូ នោះប្រជាជនខ្លះបានអនុញ្ញាតឲ្យហេតុការណ៍នេះជះឥទ្ធិពលអវិជ្ជមានលើការគិតអំពីសាសនាចក្រទាំងមូលរបស់ពួកគេ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ការធ្វើខុសរបស់សមាជិកសាសនាចក្រខ្លះ មិនបានសម្រេចដល់សេចក្ដីពិតពេញលេញទាំងមូលនៃដំណឹងល្អ ?
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលយើងឱបក្រសោប ស្អប់ខ្ពើមការសម្លាប់ដ៏ឃោរឃៅដល់បុរស ស្ដ្រី និងកូនក្មេង ។ ពិតណាស់ វាបានគាំទ្រដល់សេចក្ដីសុខសាន្ត និង ការអភ័យទោស ។ អ្វីដែលបានធ្វើដោយសមាជិកនៃសាសនាចក្ររបស់ [នៅភ្នំម៉េដូ] ជាយូរលង់មកនោះ តំណាងឲ្យការឃ្លាតចេញពីការបង្រៀន និងទង្វើជាពួកគ្រីស្ទានដ៏អាក្រក់ និងពុំអាចដោះសារបានឡើយ » (« 150th Anniversary of Mountain Meadows Massacre,» ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៧,mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ហេលេមិន ៥:១២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលយើងអាចធ្វើបានដើម្បីអភិវឌ្ឍ និងរក្សាទីបន្ទាល់របស់យើង ដើម្បីពេលណាយើងជួបនឹងគ្រាលំបាកនានា នោះសេចក្ដីជំនឿរបស់យើងនឹងមិនដែលរង្គោះរង្គើឡើយ ព្រោះយើងរៀនពីបទពិសោធន៍ ដែលសមាជិកសាសនាចក្រមិនបានរស់នៅស្របតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនោះ ។
-
ស្របតាម ហេលេមិន ៥:១២ តើយើងអាចធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍ និងរក្សានូវទីបន្ទាល់របស់យើងឲ្យបានគង់វង្ស ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ យើងអាចអភិវឌ្ឍទីបន្ទាល់ដ៏រឹងមាំទាំងឡាយ ដោយការសាងសង់សេចក្ដីជំនឿរបស់យើងនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
ដើម្បីបង្ហាញនូវគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌដូចខាងក្រោម ៖
« ជេម សេនឌើរ គឺជាចៅទួតប្រុសរបស់… ដែលជាក្មេងម្នាក់ដែលបាននៅរស់ពីការសម្លាប់រង្គាល [ ហើយក៏ជាសមាជិកម្នាក់នៃ សាសនាចក្រផងដែរ ] ។… បងប្រុស សេនឌើរ… បានមានប្រសាសន៍ថា ការដឹងពីដូនតារបស់លោកថាត្រូវបានគេសម្លាប់នៅក្នុងការសម្លាប់រង្គាល ‹ មិនបានប៉ះពាល់ដល់សេចក្ដីជំនឿរបស់ខ្ញុំនោះទេ ដោយសារវាផ្អែកលើព្រះយេស៊ូវគ្រីស្ទ មិនមែនលើមនុស្សនៅក្នុងសាសនាចក្រនោះទេ › » ( Richard E. Turley Jr.,The Mountain Meadows Massacre »ទំព័រ ២១) ។
-
តើសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ អាចពង្រឹងដល់យើងយ៉ាងណា នៅពេលយើងរៀនអំពីបទពិសោធន៍នានា ដែលសមាជិកសាសនាចក្រខ្លះ មិនបានរស់នៅស្របតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនោះ ?
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីជួយដល់ខ្លួនអ្នកឲ្យសាងសេចក្ដីជំនឿរបស់អ្នកនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមថ្លែងទីបន្ទាល់អំពីសារសំខាន់នៃការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងការផ្អែកសេចក្ដីជំនឿរបស់យើងទៅលើទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីរបៀបដែលពួកគេអាចសាងសេចក្ដីជំនឿរបស់ពួកគេឲ្យបានកាន់តែប្រសើរឡើង នៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ និងដើម្បីអាចដាក់គោលដៅមួយដើម្បីធ្វើដូច្នោះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ទំនួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅភ្នំម៉េដូ
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានធ្វើសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ស្ដីអំពីទំនួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅភ្នំម៉េដូ ៖
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ទំនួលខុសត្រូវចំពោះការសម្លាប់រង្គាលមានដល់អ្នកដឹកនាំក្នុងតំបន់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងតំបន់ក្បែរភ្នំម៉េដូ ដែលបានកាន់តំណែងស៊ីវិល និងទាហាន និងពួកសមាជិកនៃសាសនាចក្រដែលធ្វើការនៅក្នុងការដឹកនាំរបស់ពួកគេ ។…
« … ដោយឥតសង្ស៍យបន្តិចសោះឡើយថា សេចក្ដីយុត្តិធម៌របស់ព្រះ នឹងដាក់ទណ្ឌកម្មដោយត្រឹមត្រូវមកលើអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះ » (« 150th Anniversary of Mountain Meadows Massacre,» ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៧mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre) ។
រីឆាដ អ៊ី ធើរលី ជុញ្ញ័រ ជាជំនួយការអ្នកប្រវត្តិសាស្ត្រ និងជាអ្នកកត់ត្រាសាសនាចក្របានពន្យល់អំពីរបៀបដែលថ្នាក់ដឹកនាំសាសនាចក្រទូទៅ បានដឹងអំពីការសម្លាប់រង្គាលនេះនៅទីបំផុត ។ គាត់ក៏បានសង្ខេបអំពីផលវិបាកទាំងឡាយដែលមានមកលើមនុស្សមួយចំនួនដែលបានប្រព្រឹត្តអំពើនោះផងដែរថា ៖
រូបភាពរីឆាត អ៊ី ធើរលី ជុញ្ញ័រ« ទោះបីជាព្រិកហាំ យ៉ង់ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតនៅក្នុងទីក្រុងសលត៍ លេក បានដឹងពីការសម្លាប់រង្គាលនេះភ្លាមៗ បន្ទាប់ពីវាបានកើតឡើងក្ដី ក៏ការយល់ដឹងរបស់ពួកលោកអំពីទំហំនៃការពាក់ព័ន្ធរបស់ប្រជាជន និងព័ត៌មានលម្អិតដ៏អាក្រក់នៃបទឧក្រិដ្ឋនេះបានមកបន្តិចម្តងៗក្នុងអំឡុងពេលយូរ ។ នៅក្នុងឆ្នាំ ១៨៥៩ ពួកលោកបានដោះលែងការហៅរបស់ពួកគេដែលមាន ប្រធាន អ៊ីសាក ហេត និងអ្នកដឹកនាំសាសនាចក្រដែលមានតំណែងខ្ពស់ផ្សេងទៀតនៅក្នុងទីក្រុងសេដា ដែលបានរួមដៃនៅក្នុងការសម្លាប់រង្គាលនោះ ។ នៅក្នុងឆ្នាំ ១៨៧០ ពួកលោកបានកាត់កាលអ៊ីសាក ហេត និងចន ឌី លី ចេញពីសាសនាចក្រ ។
« នៅក្នុងឆ្នាំ ១៨៧៤ ក្រុមចៅក្រមដ៏ធំនៃដែនដី បានដាក់ទោសបុរសចំនួនប្រាំបួនរូបចំពោះការរួមដៃរបស់ពួកគេនៅក្នុងការសម្លាប់រង្គាលនោះ ។ នៅទីបញ្ចប់ ពួកគេភាគច្រើនត្រូវបានគេចាប់ខ្លួន ទោះបីជាមានតែលី ដែលត្រូវបានគេចោទប្រកាន់ កាត់ទោស និងផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋនេះក្ដី ។ បុរសដែលត្រូវបានតុលាការដាក់ទោសផ្សេងទៀតបានដាក់ជូននូវភស្ដុតាងរបស់រដ្ឋ [ បានសារភាពដោយស្ម័គ្រចិត្ត និងបានដាក់ជូននូវភស្ដុតាងប្រឆាំងនឹងកូនក្ដីផ្សេងទៀត ] ហើយអ្នកផ្សេងទៀតបានចំណាយពេលជាច្រើនឆ្នាំរត់គេចពីប្រព័ន្ធច្បាប់ ។ ពួកជីវពលផ្សេងទៀតដែលសម្លាប់យ៉ាងរង្គាលនេះ បានរស់នៅក្នុងជីវិតមួយនៅក្រោមអារម្មណ៍ជាប់ទោសដ៏អាប់អួរ និងបានមានបទពិសោធន៍យ៉ាងអាក្រក់ចំពោះអ្វីដែលពួកគេធ្វើ និងបានឃើញ » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។
កាលវេលានៃព្រឹត្តការណ៍នានា នៅជុំវិញនៃការសម្លាប់រង្គាលនៅភ្នំម៉េដូ
នៅថ្ងៃអង្គារ ទី ៣ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ក្រុមរទេះសេះមួយក្រុមដែលមានមនុស្សប្រហែលជា ១៤០ នាក់ ដែលភាគច្រើនមកពី អាកាន់សាស ដើរឆ្លងកាត់ទីក្រុងសេដា រដ្ឋយូថាហ៍ ។ សមាជិកមួយចំនួននៃក្រុមរទេះសេះនេះ បានមានជម្លោះនឹងពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនក្នុងតំបន់ ។ បន្ទាប់ពីសមាជិកខ្លះៗនៃក្រុមរទេះសេះនេះបានបដិសេធពុំឲ្យចាប់ខ្លួន នោះអ្នកដឹកនាំសាសនាចក្រក្នុងតំបន់ និងអ្នកដឹកនាំស៊ីវិល នៅទីក្រុងសេដា បានស្វែងរកការអនុញ្ញាតមកពី វិល្លាម ដេម ដែលជាមេបញ្ជាការក្នុងក្រុមជីវពលនៅជិត ទីក្រុងផារ៉ូវាន់ ឲ្យកោះហៅជីវពលឲ្យជួយបង្ក្រាបពួកអន្ដោប្រវេសន៍ ។
នៅថ្ងៃសុក្រ ទី ៤ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖វិល្លាម ដេម បានផ្ញើរសាលិខិតមួយជាការឆ្លើយតបណែនាំដល់ពួកអ្នកដឹកនាំនៅទីក្រុង សេដា កុំឲ្យធ្វើសកម្មភាពអ្វីទាស់នឹងពួកអន្ដោប្រវេសន៍ឡើយ ។ អ៊ីសាក ស៊ី ហេត និង អ្នកដឹកនាំដទៃទៀតនៅទីក្រុងសេដា បានរៀបគម្រោងមួយ ដើម្បីបញ្ចុះបញ្ចូលពួកអាមេរិកកាំងស្បែកក្រហមក្នុងមូលដ្ឋានឲ្យវាយប្រហារលើក្រុមរទេះសេះដែលធ្វើអន្ដោប្រវេសន៍នោះ ។ ហេត បានជ្រើសរើស ចន ឌី លី មកពី ហ្វស ហាម៉ូនីដែលនៅជិតនោះ ឲ្យដឹកនាំការវាយប្រហារ ។
នៅថ្ងៃអាទិត្យ ទី ៦ ខែ កញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បានធ្វើជាអធិបតីនៅក្នុងការប្រជុំប្រឹក្សាមួយនៅទីក្រុងសេដា ហើយបានជូនដំណឹងបន្ថែមដល់ពួកអ្នកដឹកនាំក្នុងមូលដ្ឋានអំពីគម្រោងវាយប្រហារលើពួកអន្ដោប្រវេសន៍ ។ អ្នកដឹកនាំមួយចំនួនបានបដិសេធចំពោះផែនការនេះ ហើយបានបញ្ចុះបញ្ចូល ហេត ឲ្យផ្ញើសារលិខិតមួយឲ្យ ជេម ហេលឡេម យកទៅសុំការប្រឹក្សាមកពីប្រធាន ព្រិកហាំ យ៉ង់ ចំពោះរឿងនេះ ។
នៅថ្ងៃចន្ទ ទី ៧ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ ចន ឌី លី និងពួកអាមេរិកកាំងស្បែកក្រហម បានវាយប្រហារលើក្រុមរទេះសេះដែលធ្វើអន្ដោប្រវេសន៍នៅត្រង់ភ្នំម៉េដូ ។ ជេម ហេលឡេម បាននាំសំបុត្រស្នើសុំការណែនាំពីប្រធាន ព្រិកហាំ យ៉ង់ ចាកចេញពីទីក្រុងសេដា ទៅកាន់ទីក្រុងសលត៍ លេក ។ កងជីវពលទីក្រុងសេដាពីរក្រុម បានវាយប្រហារលើពួកអន្ដោប្រវេសន៍ពីរនាក់ដែលនៅខាងក្រៅជំរុំក្រុមរទេះសេះ ។ ជនអន្ដោប្រវេសន៍ម្នាក់នៅរស់ ហើយបានត្រឡប់ទៅជំរុំ នាំដំណឹងថាពួកអ្នកតាំងលំនៅដ្ឋានក្នុងស្រុកកំពុងវាយប្រហារលើពួកអន្ដោប្រវេសន៍ ។
នៅថ្ងៃអង្គារ ទី ៨ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន និងពួកអាមេរិកកាំងដើម បានធ្វើការវាយប្រហារពីរដងទៀតទាស់នឹងក្រុមរទេះសេះ ។ ពួកអន្ដោប្រវេសន៍បានការពារទីតាំងរបស់ពួកគេដោយជោគជ័យ ប៉ុន្តែមនុស្សមកពីទីក្រុងសេដា បានសម្លាប់មនុស្សពីរនាក់ទៀត ដែលព្យាយាមរត់គេចទៅរកជំនួយ ។
ថ្ងៃពុធ ទី ៩ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បានធ្វើដំណើរមកពីទីក្រុងសេដាទៅទីក្រុង ផារ៉ូវាន់ ដើម្បីជួបនឹង វីល្លាម ដេម ។ ក្រុមប្រឹក្សាផារ៉ូវាន់ បានសម្រេចថា ក្រុមអន្ដោប្រវេសន៍ គប្បីអនុញ្ញាតឲ្យចេញទៅដោយសុខសាន្ដចុះ ប៉ុន្តែហេត ដែលព្យាយាមបញ្ចុះបញ្ចូលដោយសម្ងាត់ ដើម្បីទទួលការអនុញ្ញាតរបស់ដេម ដើម្បីកោះហៅកងជីវពលទៅវាយប្រហារលើពួកអន្ដោប្រវេសន៍ដែលត្រូវឡោមព័ទ្ធនោះ ។
ថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បានត្រឡប់ទៅទីក្រុងសេដាវិញ ហើយបានពិភាក្សាជាមួយអ្នកដឹកនាំក្នុងមូលដ្ឋាន ។ ពួកគេបានបញ្ជូនការបញ្ជាឲ្យសម្លាប់រាល់ពួកអន្ដោប្រវេសន៍ទាំងអស់ លើកលែងតែកុមារតូចៗ ។ ជេម ហេលឡេម បានទៅដល់ទីក្រុងសលត៍ លេក ប្រគល់សាររបស់ហេត ហើយបានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងសេដាវិញទាំងមាននូវការឆ្លើយតបរបស់ប្រធាន យ៉ង់ ។
ថ្ងៃសុក្រ ទី ១១ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ក្រុមជីវពលក្នុងមូលដ្ឋាន បានប្រើកលល្បិចទាក់ទាញឲ្យពួកអន្ដោប្រវេសន៍ដែលនៅសល់ទាំងប៉ុន្មានឲ្យចេញពីជំរុំរបស់ពួកគេ ។ កងជីវពល និងពួកអាមេរិកកាំងស្បែកក្រហម បានវាយប្រហារ និងសម្លាប់ពួកអន្ដោប្រវេសន៍ទាំងអស់ លើកលែងតែកុមារតូចៗ ១៧ នាក់ប៉ុណ្ណោះ ។
នៅថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ជេម ហេលឡេម បានត្រឡប់មកពីទីក្រុងសលត៍ លេកដោយមានការណែនាំជាលាយលក្ខណ៍អក្សររបស់ ព្រិកហាំ យ៉ង់ មកជាមួយ ដើម្បីប្រាប់ពួកគេទុកឲ្យពួកអន្ដោប្រវេសន៍ធ្វើដំណើរទៅដោយសុខសាន្ដចុះ ។
ឆ្នាំ ១៨៥៩ ៖មន្ត្រីសហព័ន្ធ បានចូលទៅយកកុមារតូចៗដែលនៅរស់ បញ្ជូនពួកគេឲ្យត្រឡប់ទៅ អាកាន់សាស រស់នៅជាមួយនឹងសាច់ញាតិពួកគេវិញ ។
ឆ្នាំ ១៨៧០ ៖ប្រធាន ព្រិកហាំ យ៉ង់ បានដឹងព័ត៌មានលម្អិតបន្ថែមទៀត អំពីការសម្លាប់រង្គាល ហើយបានកាត់កាល អ៊ីសាក ស៊ី ហេត និង ចន ឌី លី ពីសាសនាចក្រ ។
ឆ្នាំ ១៨៧៤ ៖បុរសប្រាំបួននាក់ ត្រូវបានជាប់ទោសដោយក្រុមចៅក្រមដ៏ធំនៃដែនដី ចំពោះតួនាទីរបស់ពួកគេនៅក្នុងការសម្លាប់រង្គាល ។
ឆ្នាំ ១៨៧៥ ៖ ចន ឌី លី គឺជាអ្នកប្រព្រឹត្តតែម្នាក់គត់ ដែលបានកាត់ទោស ប៉ុន្តែលទ្ធផលនៃការកាត់ក្ដីព្យួរចោលមិនអាចសម្រេចក្នុងក្រុមចៅក្រម ។
ឆ្នាំ ១៨៧៦ ៖ចន ឌី លី បានកាត់ទោសឡើងវិញ ហើយបានដាក់ទោសជាឧក្រិដ្ឋជន នៅក្នុងការសម្លាប់រង្គាល ។
ថ្ងៃ សុក្រ ទី ២៣ ខែ មិនា ឆ្នាំ ១៨៧៧ ៖ ចន ឌី លី ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់ពីក្រុមទាហាននៅភ្នំម៉េដូ ។
សង្គ្រាមនៅរដ្ឋ យូថាហ៍
នៅពាក់កណ្ដាលឆ្នាំ ១៨៥៧ ថ្នាក់ដឹកនាំពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនបានឮពីពាក្យចចាមអារាមថា រដ្ឋាភិបាលសហពន្ធ័អាចដកព្រិកហាំ យ៉ង់ចេញ ដោយដាក់ជំនួសអភិបាលដែនដីរដ្ឋ យូថាហ៍ថ្មី ដែលមានខ្នងបង្អែកដោយទាហានសហពន្ធ័ជាច្រើននាក់ ។ ពាក្យចចាមអារាមទាំងនេះ ត្រូវបានបញ្ជាក់នៅថ្ងៃទី ២៤ ខែកក្កដា ដោយបុរសពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានមកកាន់ទីក្រុងសលត៍ លេក ពីទិសខាងកើត ( សូមមើល Ronald W. Walker, Richard E. Turley Jr., and Glen M. Leonard, Massacre at Mountain Meadows: An American Tragedy[ឆ្នាំ ២០០៨ ],ទំព័រ ៣០) ។ អ័ប្រាហាំ ស្មូត, ចាត់សុន ស្ដូដាត និង អូរីន ផតទើរ រ៉កស្វែល បានមកដល់ទីក្រុងសលត៍ លេក នៅថ្ងៃទី ២៣ ខែ កក្កដា ជាមួយនឹងដំណឹងអំពីការមកដល់របស់កងទ័ព ។ នៅថ្ងៃស្អែកឡើង ពួកគេបាននាំដំណឹងឡើងទៅ ប៊ីក ខតតុនវូឌ ខេញៀន ជាកន្លែងដែល ព្រិកហាំ យ៉ង់ និងពួកបរិសុទ្ធជាច្រើន កំពុងតែប្រារព្ធខួបលើកទី ១០ នៃការចូលមកដល់ជ្រលងភ្នំសលត៍ លេករបស់ពួកអ្នកត្រួសត្រាយផ្លូវ ( សូមមើលChurch History in the Fulness of Times Student Manual,បោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៣៦៩–៧០) ។
ប្រធាន ព្រិកហាំ យ៉ង់ និងអ្នកដឹកនាំសាសនាចក្រដទៃទៀត បានជឿថា ការមកដល់របស់កងទ័ពសហព័ន្ធ មាននូវបំណងដ៏ឃោរឃៅមកលើពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅដើមខែសីហា ឆ្នាំ ១៨៥៧ អ្នកដឹកនាំសាសនាចក្រ បានប្រកាសអំពីផែនការដើម្បីការពារ ឬទប់ទល់ក្រុមទាហានកុំឲ្យចូលមកដែនដីរដ្ឋ យូថាហ៍ ។ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៨៥៧ ព្រិកហាំ យ៉ង់ បានប្រកាសច្បាប់ទាហាននៅក្នុងដែនដី ។ លោកក៏ « បានបញ្ជាឲ្យកងទ័ពណៅវូ ត្រៀមខ្លួនសម្រាប់ការបោសសម្អាត ។ ស្ទើរតែគ្រប់សហគមន៍ក្នុងរដ្ឋយូថាហ៍ ការត្រៀមខ្លួនដើម្បីការពារគឺត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ។ លោកក៏បានណែនាំក្រុមប៊ីស្សពក្នុងភូមិឲ្យត្រៀមដុតអ្វីៗទាំងអស់ ប្រសិនបើ ការវាយប្រយុទ្ធពិតជាបានផ្ទុះឡើង » Church History in the Fulness of Times Student Manualទំព័រ ៣៧១ ) ។
សមាជិកក្នុងទ័ពណៅវូ [ជាឈ្មោះដែលបានដាក់ដោយទ័ពខាងដែនដីរដ្ឋយូថាហ៍ ] ត្រូវបានបញ្ជូនឲ្យទៅរំខានដល់ទ័ពសហព័ន្ធ នៅពេលពួកគេកំពុងធ្វើដំណើរមកកាន់ដែនដីយូថាហ៍ ។ « [សមាជិកទ័ព] បានត្រៀមរទេះសេះសរុបចំនួនចិតសិបបួន ដែលមានសម្ភារគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ក្រុមទាហានដ៏ធំសម្រាប់រយៈពេលបីខែ ។ ពួកគេក៏បានចាប់គោចំនួនមួយពាន់បួនរយក្បាលនៃគោពីរពាន់ក្បាល រួមដំណើរជាមួយនឹងក្បួនទ័ព » (Church History in the Fulness of Times Student Manual,ទំព័រ ៣៧៤ ) ។ ការណ៍នេះ បានពន្យឺតដល់ដំណើររបស់ទ័ព ហើយបានរារាំងកុំឲ្យពួកគេចូលទៅក្នុងជ្រលងភ្នំសលត៍ លេក រហូតដល់និទារឃរដូវ ឆ្នាំ ១៨៥៨ ។
នៅខែមិនា ឆ្នាំ ១៨៥៨ ប្រធាន យ៉ង់ បានណែនាំដល់ពួកបរិសុទ្ធឲ្យជម្លៀសអ្នកដែលតាំងលំនៅទាំងអស់ នៅក្នុងភាគខាងជើងរដ្ឋយូថាហ៍ ។ ពួកបរិសុទ្ធ « បានលាក់ទុកដុំថ្មទាំងអស់ដែលបានកាត់ សម្រាប់ព្រះវិហារបរិសុទ្ធសលត៍ លេក ហើយបានដាក់ដីគ្របពីលើគ្រឹះដើម្បីធ្វើដូចជាដីភ្ជួរដាំដំណាំ ហើយនៅដោយសុវត្ថិភាព » (Church History in the Fulness of Times Student Manualទំព័រ ៣៧៦ ) ។ គេហដ្ឋាន និងអគារដទៃទៀតនៅក្នុងទីក្រុងសលត៍ លេក ត្រូវបានដាក់បំពេញទៅដោយចំប៉ើង ដូច្នេះពួកគេអាចដុតវា ប្រសើរជាងឲ្យពួកកងទ័ពប្រើ ។ ពួកបរិសុទ្ធច្រើនជាង ៣០០០០ នាក់ បានធ្វើដំណើរទៅទីក្រុងប្រូវ៉ូ ហើយនឹងទីក្រុងផ្សេងទៀត នៅផ្នែកកណ្ដាល និង នៅប៉ែកខាងត្បូងរដ្ឋយូថាហ៍ ជាកន្លែងដែលសមាជិកសាសនាចក្រដទៃទៀត បានជួយផ្ដល់ជាផ្ទះស្នាក់នៅ និងមើលថែពួកគេ ។
ពួកអ្នកដឹកនាំសាសនាចក្រ និងអ្នកដឹកនាំដែនដីនៅក្នុងទីក្រុងសលត៍ លេក បានដោះស្រាយជម្លោះជាមួយនឹងរដ្ឋាភិបាលសហរដ្ឋតាមរយៈការនិយាយចរចារដោយសន្ដិភាព ។ នៅខែមេសា ឆ្នាំ ១៨៥៨ ពួកអ្នកដឹកនាំសាសនាចក្រ បានស្វាគមន៍ដល់អភិបាលដែនដីថ្មី ឈ្មោះ អាល់ហ្វ្រេដ គូមីង នៅទីក្រុងសលត៍ លេក ។ ព្រិកហាំ យ៉ង់ បាននាំយកកំណត់ត្រាដែនដី ហើយបិទភ្ជាប់ទៅកាន់អភិបាលថ្មី និងបានស្ថាបនាទំនាក់ទំនងល្អជាមួយគាត់ ។ នៅដើមខែមិថុនា អ្នកនាំសារដែលបានបញ្ជូនដោយ ប្រធាន ជេម ប៊ូឃែន្និន បានមកដល់ទីក្រុងសលត៍ លេក នាំយកមកនូវសំណើរនៃការសូមទោសចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកអ្នកដឹកនាំសាសនាចក្របានទទួលយកសំណើរនេះ ដែលបានជម្រះនូវការធ្វើខុសរបស់កងទ័ពណៅវូ នៅក្នុងសកម្មភាពវាយលុករបស់ពួកគេទាស់នឹងរទេះភ្លើងដឹកសម្ភាររបស់កងទ័ព ។ នៅថ្ងៃទី ២៦ ខែមិថុនា កងទ័ពបានចូលមកដោយសុខសាន្ត និងបានមកដល់រដ្ឋធានីដ៏ស្ងប់ស្ងាត់និងស្ទើរតែគ្មានអ្នកស្រុកទាល់តែសោះ ។ ដោយសារតែពួកកងទ័ពពុំបានរំខានដល់ទ្រព្យសម្បត្តិរបស់ពួកបរិសុទ្ធ នោះពួកបរិសុទ្ធបានបន្ដនៅក្នុងទីក្រុង ហើយពុំបានដុតអគាររបស់ពួកគេដើម្បីគម្រាមគំហែងនោះទេ ។ បន្ទាប់ពីបានស្នាក់នៅក្នុងទីក្រុងពីរបីថ្ងៃ នោះកងទ័ពបានចាកចេញ ហើយបានបង្កើតប៉ុស្ដ៍ថ្មីមួយ មានទំហំប្រហែលជា ៤៨ ម៉ែល (៧៧ គ.ម) នៅប៉ែកនិរតីនៃទីក្រុងសលត៍ លេក ដែលពួកគេបានដាក់ឈ្មោះថា ជំរំ ហ្ល័ឌ ។ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៨៥៨ ព្រិកហាំ យ៉ង់ បានដឹកនាំពួកបរិសុទ្ធឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេនៅប៉ែកខាងជើងរដ្ឋយូថាហ៍ ( សូមមើលChurch History in the Fulness of Times Student Manualទំព័រ ៣៧៥-៧៧ ) ។
តើមានអ្វីកើតឡើងខ្លះចំពោះកូនតូចៗរបស់ពួកអន្ដោប្រវេសន៍ ដែលបាននៅរស់ពីការសម្លាប់រង្គាលនោះ ?
ពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះបានទទួលយក កូនក្មេងនៃជនអន្ដោប្រវេសន៍ដែលបាននៅរស់ពីការសម្លាប់រង្គាលនោះ មកចញ្ចឹម ។ នៅក្នុងឆ្នាំ ១៨៥៩ ពួកមន្ដ្រីសហព័ន្ធបានទទួលសិទ្ធិជាអាណាព្យាបាលលើកូនក្មេងទាំងនេះ ហើយបានបញ្ជូនពួកគេត្រឡប់ទៅរកសាច់ញាតិរបស់គេនៅក្នុងរដ្ឋអាកាន់សាសវិញ ។
តើសមាជិកនៃជនអន្ដោប្រវេសន៍រទេះសេះបានដាក់ថ្នាំបំពុលដល់ពួកអាមេរិកកាំងស្បែកក្រហមឬទេ ?
រីឆាត អ៊ី ធើរលី ជុញ្ញ័រ ដែលជាជំនួយការអ្នកប្រវត្តិសាស្ត្រសាសនាចក្រ និងជាអ្នកកត់ត្រាបានពន្យល់ថា ៖
រូបភាពរីឆាត អ៊ី ធើរលី ជុញ្ញ័រ« តាមប្រវត្តិរដ្ឋយូថាហ៍មួយចំនួននៃអ្វីដែលបានកើតឡើងនៅភ្នំម៉េដូ បានទទួលយកនូវការអះអាងថា ការបំពុលនោះក៏ជាមូលហេតុមួយបាននាំឲ្យមានជម្លោះផងដែរ-- ថាពួកអន្ដោប្រវេសន៍អាកាន់សាស បានបំពុលដោយចេតនាដល់ទឹក និងសាកសពគោ នៅជិតនឹងទីក្រុងកណ្ដាលរដ្ឋយូថា ឈ្មោះថា ហ្វីលម័រ ដែលបណ្ដាលឲ្យមានជម្ងឺ និងការស្លាប់នៅក្នុងចំណោមពួកអាមេរិកកាំងស្បែកក្រហមក្នុងស្រុកនោះ ។ យោងតាមរឿងនេះ ពួកអាមេរិកកាំងស្បែកក្រហមបានប្រែទៅជាមានកំហឹង ហើយបានដេញតាមពួកអន្តោប្រវេសន៍ទៅភ្នំម៉េដូ ជាកន្លែងដែលពួកគេអាចនឹងប្រព្រឹត្តអំពើឃោរឃៅដោយខ្លួនគេ ឬក៏បានបង្ខំឲ្យពួកតាំងលំនៅដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយដែលភ័យខ្លាចនោះ ឲ្យចូលរួមនឹងពួកគេក្នុងការវាយប្រហារនោះ ។ តាមការស្រាវជ្រាវខាងប្រវត្តិសាស្ត្រ បង្ហាញថារឿងទាំងនេះពុំត្រឹមត្រូវទេ ។
« ខណៈដែលវាជាការពិតដែលថា គោរបស់ពួកអន្ដោប្រវេសន៍មួយចំនួន បានងាប់នៅតាមផ្លូវ នៅជិត ហ្វីលម័រ ដែលមានការស្លាប់មកពីជំងឺ ដែលឆ្លងដល់ហ្វូងគោក្នុងឆ្នាំ ១៨៥០ នៅតាមផ្លូវគោក ។ មនុស្សបានកើតជំងឺឆ្លងមកពីសត្វមានរោគនោះ ដោយសារការកាត់សាច់ ឬដំបៅ ឬការទទួលទានសាច់សត្វដែលមានមេរោគនោះ ។ ដោយសារតែពុំមាននូវការយល់ដឹងស្របតាមសម័យថ្មីនេះ នោះមនុស្សបានសង្ស័យថា បញ្ហានោះបណ្ដាលមកពីការបំពុល » (The Mountain Meadows Massacre»Ensignខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៦ ) ។
ទង្វើអកុសលដោយសមាជិកនៃសាសនាចក្រ
សេចក្ដីថ្លែងការណ៍ដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយដូចខាងក្រោមនេះ អាចជួយយើងឲ្យដឹងពីរបៀបដើម្បីឆ្លើយតប បើយើងបានដឹងថាអ្នកដឹកនាំសាសនាចក្របានធ្វើខុសនោះ ៖
រូបភាពប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ« ប្រសិនបើនិយាយដោយស្មោះត្រង់ទៅ វាមានពេលដែលសមាជិក ឬ អ្នកដឹកនាំសាសនាចក្រជាធម្មតាធ្វើនូវកំហុសឆ្គង ។ ធ្លាប់មានរឿងដែលត្រូវបានពោល និងធ្វើ ដែលពុំចុះសម្រុងនឹងគុណតម្លៃ គោលកាណ៍ ឬគោលលទ្ធិយើង ។
« ខ្ញុំគិតថាសាសនាចក្រនឹងបានគ្រប់លក្ខណ៍ បើសាសនាចក្រដឹកនាំដោយមនុស្សដែលគ្រប់លក្ខណ៍ ។ ព្រះល្អគ្រប់លក្ខណ៍ ហើយគោលលទ្ធិទ្រង់បរិសុទ្ធ ។ តែទ្រង់ធ្វើការតាមរយៈយើង — ដែលជាកូនចៅពុំគ្រប់លក្ខណ៍ — ហើយមានកំហុស ។…
« នេះជារបៀបដែលធ្លាប់មាន ហើយនឹងនៅតែមានដរាបដល់ថ្ងៃដ៏ល្អឥតខ្ចោះ ដែលព្រះគ្រីស្ទទ្រង់ផ្ទាល់សោយរាជ្យលើផែនដី ។
« ជាអកុសលដែលមនុស្សខ្លះ ជំពប់ដួលដោយសារកំហុសធ្វើឡើងដោយមនុស្ស ។ ប៉ុន្តែទោះជាមានរឿងនេះក្ដី ក៏សេចក្ដីពិតដ៏អស់កល្បជានិច្ចអំពីការស្ដារឡើងវិញនៃដំណឹងល្អ ដែលមាននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺពុំមានប្រឡាក់ កាត់បន្ថយ ឬបំផ្លាញចោលឡើយ » («Come, Join with Us»Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២២-២៣ ) ។
ការសម្លាប់រង្គាលនៅភ្នំម៉េដូ
សម្រាប់ព័ត៌មានបន្ថែមអំពីការសម្លាប់រង្គាលនៅភ្នំមេដូ សូមចូលទៅកាន់Gospel Topics នៅLDS.orgហើយស្រាវជ្រាវរកពាក្យ «Mountain Meadows Massacre» ។