ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២១ ៖ សាសនាចក្រប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាងជើង


មេរៀនទី ១២១

សាសនាចក្រប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាងជើង

បុព្វកថា

ក្នុង ១៨៣៧ និង ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ និង ពួកអ្នក​ដឹកនាំ​ដទៃ​ទៀតនៃសាសនាចក្រ​បាន​ដឹកនាំ​សាសនាចក្រ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​មួយ ។ ជា​លទ្ធផល​នៃ​វិបត្តិ​សេដ្ឋកិច្ច សេចក្តីលោភលន់ ការស្វែងរក​កំហុស និង ការបៀតបៀន នោះ​ពួកបរិសុទ្ធ ១០ ទៅ ១៥ ភាគរយ​នៅ​ក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ និង រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង​បាន​ក្បត់​សាសនា រួម​មាន​ទាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​លេច​ធ្លោ​មួយ​ចំនួន​ផងដែរ ។ ពួកបរិសុទ្ធ​ស្មោះត្រង់​នៅក្នុងរដ្ឋ​អូហៃអូ បាន​ចាប់​ផ្តើម​ប្តូរ​ទីលំនៅ​ទៅ​ចូលរួម​ជាមួយពួក​អ្នកដែល​នៅក្នុង​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ និង រៀន​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នានា ហើយ​ផ្តល់​ការយល់ដឹង​ដល់​ពួកគេអំពីវិវរណៈ​ដែលបានទទួល​អំឡុង​ពេល​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

ការក្បត់សាសនា និង ទីក្រុង​នៃ​ភូមិ ហ្វា វែស្ទ

អំឡុង​ពេល​នៃ​ការក្បត់​សាសនា និង ការបៀតបៀន ពួកបរិសុទ្ធ​ស្មោះត្រង់​បាន​ប្តូរ​ទីលំនៅ​ទៅ​រដ្ឋ មិសសួរី​ភាគ​ខាង​ជើង

ពីមុន​ចាប់ផ្ដើម​បង្រៀន សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ការលំបាក និង ការសាកល្បង​ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង ឬ​ក៍បណ្តាល​ឲ្យ​យើង​បាត់បង់​សេចក្តីជំនឿ ? អ្នក​ក៍អាច គូរ​ផែនទី​មួយ នៅលើ​ក្តារខៀន​បង្ហាញ​ពី​ទីតាំង​នៃ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ និង ការតាំងទីលំនៅ​ផ្សេង​ទៀត​នៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើងផងដែរ ។

រូបភាព
ផែនទី រដ្ឋ​អូហៃអូ​ទៅ​រដ្ឋ​មិសសួរី

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយអញ្ជើញ​សិស្សឲ្យ​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។ បន្ទាប់​ពី សិស្ស​បាន​ចែកចាយ​ការយល់​ដឹង​របស់​ខ្លួន​រួច​ហើយ សូម​ពន្យល់​ថា​នៅ​ក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ ជា​រយៈពេល​មួយ​នៃ​ការសាកល្បង​ដែល​បាន​នាំ​ឲ្យ​ពួកបរិសុទ្ធ​ជា​ច្រើន​ប្រឈម​មុខ​នឹង​សំណួរ​ដូច​គ្នា​នេះ​ផងដែរ ។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​នេះ​សិស្ស​នឹង​រៀន​អំពី​ព្រឹត្តិការណ៍​លំបាកៗ​ទាំង​នេះ និង របៀប​ដែល​ពួកបរិសុទ្ធ​ឆ្លើយតប​ទៅនឹង​ការលំបាក​ទាំង​នោះ ។ សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិត​អំពី របៀប​ដែល​យើង​មានប្រតិកម្ម​ចំពោះ​ការសាកល្បង​អាច​ពង្រឹង​ជំនឿ ឬ ក៏​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ទន់​ខ្សោយ ។

អ្នក​អាច​ពន្យល់​ដល់សិស្ស​ផងដែរ​ថា មេរៀន​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ទិដ្ឋភាពប្រវត្តិ​នៃ​វិវរណៈ​នានា​ដែល​ពួកគេ​នឹង​សិក្សា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣ -១២៣ ។

សូម​ចង្អុល​ទៅ​រដ្ឋ​មិសសួរី​នៅ​លើ​ផែនទី ។ សូម​ពន្យល់​ថា នៅពេល​ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ឃុំ ចាកសុន រដ្ឋ មិសសួរី នៅ​ក្នុង​ឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋ​នៃ​ឃុំ ក្លេ ដែល​ជា​អ្នក​ភូមិជិត​ខាងផង​របង​ក្បែរ បាន​ស្វាគមន៍​ពួកគេ​ជា​ច្រើន​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​ធូរស្បើយ ដោយ​គិត​ថា​ពួក​បរិសុទ្ធ​នឹង​ស្នាក់នៅ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកបរិសុទ្ធ​បាន​រស់នៅ​ទីនោះ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ទាំង​នេះ​បាន​ចាប់ផ្តើម​គាបសង្កត់​ពួកគេ​ឲ្យ​ចាកចេញ​ពី​ឃុំ​នោះ ។

សូម​ចង្អុល​ទៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ​នៅ​លើ​ផែនទី ។ សូម​ពន្យល់​ថា​នៅ​ក្នុង ១៨៣៧ ជា​ឆ្នាំ​បន្ទាប់​ពី​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ត្រូវបាន​ឧទ្ទិស​ឆ្លង នោះ​ពួកបរិសុទ្ធ​បាន​ជួប​ការសាកល្បង​ដែល​ពិសោធន៍​ពី​សេចក្តី​ជំនឿ​របស់​ពួកគេ ។ ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​ក្បត់​សាសនា ហើយ​បាន​ចាកចេញ​ពី​សាសនាចក្រ រួម​មាន​ថ្នាក់​ដឹកនាំ​សាសនាចក្រដែល​លេចធ្លោ​មួយ​ចំនួនផងដែរ ។

សូម​ចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូមផ្តល់​ឲ្យ​នូវច្បាប់​ចម្លង​នៃ សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ខាង​ក្រោម មួយ​ច្បាប់​ដល់​ក្រុម​និមួយៗ ។ ( បើសិន​អ្នក​មាន​សិស្ស​ច្រើន អ្នក​អាច​ចង់​ចែក​សិស្ស​ជា​បួន ឬ ប្រាំមួយ​ក្រុម ហើយ​ឲ្យ​សេចក្តី​សង្ខេប​មួយ​ច្បាប់​ដល់​ក្រុម​និមួយៗ ។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​សិស្ស​ច្រើន​ទៀត​ចូលរួម​នៅ​ក្នុង​ការពិភាក្សា​នេះ ) ។ សូម​ឲ្យ​ក្រុម​និមួយៗ​អាន​សេចក្តី​សង្ខេប​នោះ​ជាមួយ​គ្នា ហើយ​ពិភាក្សា​សំណួរ​នៅពេល​អាន​សេចក្តី​សង្ខេប​នោះ​ចប់ ។ សូម​ចាត់សិស្សម្នាក់​នៅ​ក្នុង​ក្រុម​និមួយៗ​ឲ្យ​ដឹកនាំ​ការពិភាក្សា ហើយ​ជួយ​ក្រុម​ឲ្យ​សរសេរ​គោលការណ៍​មួយ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នៅពេល​ក្រោយ ។

សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ទី ១—ការក្បត់សាសនា​នៅ​ទីក្រុង ខឺតឡង់

ក្នុងឆ្នាំ ១៨៣៧ ពួក​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​បាន​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ខ្លះៗ ។ ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​កាន់តែ​មាន​ភាព​ពឹងផ្អែក​ខ្លួន​ឯង​លើ​ផ្នែក​ហិរញ្ញវត្ថុ នោះ​យ៉ូសែប ស្ម៊ីធ និង​ពួក​អ្នក​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​បាន​ស្ថាបនា​ក្រុមហ៊ុន​មួយ ដែល​ស្រដៀង​ទៅនឹង​ធនាគារ ហើយត្រូវបាន​ហៅ​ថា ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ។ ដោយសារតែ​ការរីករាលដាល​នៃ​ការធ្លាក់ចុះ​ខាង​សេដ្ឋកិច្ច​អំឡុងពេល​នោះ ធនាគារ​ជាច្រើន​បាន​ដួលរលំ​ទូទាំង​ប្រទេស ។ សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ក៏​បាន​ដួលរលំ​នៅ​រដូវ​ស្លឹក​ឈើជ្រុះ​ក្នុង​ឆ្នាំ ១៨៣៧ ដែរ ។ អ្នក​វិនិយោគ​ពីរ​រយ​នាក់​នៅក្នុង​ធនាគារ​បាន​បាត់បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់ ដោយ​មាន​ យ៉ូសែប ស្ម៊ីធ ទទួលរងការ​ការខូចខាតខ្លាំងជាងគេ ។ ទោះបីជា​ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់​មិន​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ក្ដី ក៏​ពួក​បរិសុទ្ធ​ខ្លះ​បាន​គិត​ថា​វា​ជា​ធនាគារ​របស់​សាសនាចក្រ​មួយ ឬ​ធនាគារ​របស់​ព្យាការី​មួយ ហើយ​បាន​បន្ទោស​ ដល់យ៉ូសែប ស្ម៊ីធ ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ ។ អ្នកខ្លះ​ថែមទាំង​ចាប់ផ្ដើម​ហៅ​លោក​ថា​ជា​ព្យាការី​បរាជ័យ​ម្នាក់ ។ ប៉ុន្ដែ ថ្វីបើ​ធនាគារបានបរាជ័យក៏​អ្នកដទៃ​ផ្សេងទៀត​ជាច្រើន ដែល​បាន​ខាតបង់ប្រាក់កាក់​នោះ បាន​បន្ដ​នៅ​ក្នុង​សេចក្ដី​ជំនឿ និង​បាន​បន្ដ​ស្មោះត្រង់​លើ​ព្យាការី​ដដែល ។ ( សូមមើល Church History in the Fulness of Times Student Manual, [Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧១-៧៣ ) ។

វិញ្ញាណ​នៃ​ការក្បត់​សាសនា និង​ការស្វែងរក​កំហុស​បាន​ចាប់ផ្ដើម​រីករាលដាល​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជាច្រើន ។ ព្រិកហាំ យ៉ង់ បាន​ពិពណ៌នា​ពី​គ្រា​មួយ​នៅពេល​ដែល​អ្នក​ដឹកនាំ​សាសនាចក្រ និង សមាជិក​មួយ​ចំនួន បាន​ជួប​ដើម្បី​បដិសេធ​ព្យាការី​យ៉ូសែប ស៊្មីធ ហើយ​បាន​តែងតាំង​ព្យាការី​ថ្មីម្នាក់ទៀត ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ពួក​ដប់ពីរ​នាក់​មួយ​ចំនួនដែល​ជា​សាក្សី​នៃ​ព្រះគម្ពីរ​មរមន និង អ្នក​ផ្សេង​ទៀត​ដែល​មាន​សិទ្ធិ​អំណាច​នៃ​សាសនាចក្រ បាន​ប្រជុំ​ក្រុមប្រឹក្សា​នៅ​បន្ទប់​ខាង​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សំណួរ​ដែល​ចោទសួរ​នោះ គឺ​ថា​តើ​ព្យាការី យ៉ូសែប អាច​ត្រូវ​ទម្លាក់ ហើយ​តែងតាំង ដាវីឌ វិតមើរ ជា​ប្រធាន​សាសនាចក្រ​ជំនួស​វិញ​ដោយ​របៀបណា ។… ខ្ញុំ​បាន​ក្រោក​ឈរ​ឡើង ដោយ​ច្រឡោត ហើយ​បាន​ប្រាប់​ទៅ​ពួកគេ​ថា ខ្ញុំ​ដឹងថា យ៉ូសែប គឺជា​ព្យាការី​ម្នាក់ ហើយ​ពួកគេ​អាច​តិះដៀល និង​និយាយ​បង្ខូច​លោក​បាន​តាម​ពួកគេ​ត្រូវការ ប៉ុន្ដែ​ពួកគេ​មិន​អាច​បំផ្លាញ​ការជ្រើសតាំង​របស់​ព្យាការី​នៃ​ព្រះ​បាន​ទេ ពួកគេ​អាច​ត្រឹមតែ​បំផ្លាញ​សិទ្ធិ​អំណាច​របស់​ខ្លួន​ឯង និង​កាត់​ចំណង​ដែល​ចង​ពួកគេ​ទៅនឹង​ព្យាការី និង​ព្រះ ហើយ​ពន្លិច​ខ្លួន​ទៅក្នុង​នរក​ប៉ុណ្ណោះ » ( Manuscript History of Brigham Young, ១៨០១–១៨៤៤,ed. Elden Jay Watson [១៩៦៨], ទំព័រ ១៥-១៦ ) ។

នៅ​ត្រឹម​ខែ មិថុនា ឆ្នាំ ១៨៣៨ មាន​អ្នក​ក្បត់​សាសនា​ប្រហែល​ជា ២០០ ឬ ៣០០ នាក់​បាន​ចាកចេញ​ពី​សាសនាចក្រ រួមមាន​ទាំង​ពួកសាវក​បួន​រូប​ ដែលជា​សាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន និង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយផងដែរ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៧៧ ) ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​បរិសុទ្ធ​ភាគច្រើន​បាន​ឆ្លើយតប​ទៅនឹង​រយៈពេល​នៃ​ការសាកល្បង​នេះ​ដោយ​សេចក្ដី​ជំនឿ គឺដូចជា​ព្រិកហាំ យ៉ង់ បាន​ធ្វើ​ដែរ ។ ពួកគេ​ត្រូវបាន​ពង្រឹង​ដោយ​ព្រះអម្ចាស់ ហើយ​ពួកគេ​នៅតែ​ស្មោះ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ ។ មាន​មនុស្ស​បួនប្រាំ​នាក់​នៃ​អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​អំឡុងពេល​នៃ​ការក្បត់​សាសនា​នេះ ក្រោយ​មក​បាន​ត្រឡប់​មក​វិញ និង​បាន​ស្នើ​សុំ​រួបរួម​គ្នា​ជាថ្មី​ម្ដង​ទៀត​ជាមួយ​នឹងសាសនាចក្ររបស់ព្រះអម្ចាស់ ។ នៅក្នុងចំណោមពួកគេនោះគឺមាន អូលីវើរ ខៅឌើរី ម៉ាទីន ហារីស លូកា ចនសុន និង​ហ្វ្រែឌើរិក ជី វិលលាម្ស ។

នៅ​អំឡុងពេល​នៃ​ការលំបាក​ទាំងនេះ​នៅក្នុង​ទីក្រុង​ខឺតឡង់ នោះពួក​អ្នក​ក្បត់​សាសនា​ពីរ​បី​នាក់​បាន​ចង់​សម្លាប់ យ៉ូសែប ស្ម៊ីធ ។ ដោយ​ត្រូវបាន​ព្រមាន​ពី​ព្រះវិញ្ញាណ នោះ​លោក និង ស៊ីឌនី រិកដុន បាន​ចាកចេញ​នាយប់​ថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៨៣៨ ។ សត្រូវបាន​ដេញ​តាម​ពួកលោក​ជាច្រើន​ថ្ងៃ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ការពារ​ពួកលោក ។ ពួកលោក​បាន​មក​ជួប​ជុំ​គ្រួសារ​របស់​ខ្លួន​នៅក្នុង ហ្វា វែស្ទ រដ្ឋ​មិសសូរី នៅ​ថ្ងៃ​ទី ១៤ ខែ មិនា ឆ្នាំ ១៨៣៨ ។

សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជា​ក្រុម ៖

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងនេះ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្យាការី​អំឡុង​ពេល​នៃ​ការស្វែងរក​កំហុស ?

  • តើ​ពេលណា​ដែល​ការស៊ូទ្រាំ​ចំពោះ​ការសាកល្បង​ដោយ​សេចក្តី​ជំនឿ​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ ?

  • តើការធ្វើតាម​ព្យាការី​បាន​ក្លាយ​ជា​ការការពារ​ខាង​វិញ្ញាណ​មួយ​សម្រាប់​អ្នក​ដោយ​របៀប​ណា ?

សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ទី ២—ថ្នាក់​ដឹកនាំ​រដ្ឋ មិសសួរី​ភាគ​ខាង​ជើង

នៅ​ក្នុង​រដូវ​ក្តៅ ឆ្នាំ ១៨៣៦ នៅពេល​ប្រជាពលរដ្ឋនៃឃុំ ក្លេ រដ្ឋ មិសសួរី កំពុង​គាបសង្កត់​ពួកបរិសុទ្ធឲ្យស្វែងរកផ្ទះ​សម្បែង​ដែល​កាន់តែ​អចិន្ត្រៃយ៍ នោះ​យ៉ូហាន វិតមើរ និង វិលលាម ដ័បបុលយូ ហ្វែប្សដែល​ជា​ទីប្រឹក្សា​ទាំង​ពីរ​នៅ​ក្នុង​គណៈប្រធាន​ស្តេក មិសសួរី បាន​ចំណាយ​លុយ​របស់​សាសនាចក្រ​ដើម្បី​ទិញ​ដី​នៅ​ទីតាំង​មួយ​ដែល​បាន​ស្គាល់​ថា ហ្វា វេស រដ្ឋ មិសសួរី ភាគ​ខាង​ជើង ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលពួកគេបានផ្តល់ឲ្យនូវដី​មួយ​ផ្នែក​ដល់​ពួកបរិសុទ្ធ​ដែល​នឹង​ចូល​មក នោះពួកគេ​បាន​លក់​ដី​នោះ​សម្រាប់​តែ​ប្រយោជន៍​តូច​មួយ ដែល​ពួកគេ​បាន​ទុក​សម្រាប់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ ។ ការអាក់អន់​ចិត្ត​ដោយ​ការណ៍​នេះ និង ការទាស់ចិត្ត​ផ្សេងៗ​ទៀត នោះ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​នៅ ក្នុង​រដ្ឋ មិសសួរី​បាន​ទម្លាក់​គណៈប្រធាន​ស្តេក​ចេញ​ពី​តំណែង ។

យ៉ូសែប ស៊្មីធ បាន​គាំទ្រ​វិធានការ​របស់​ក្រុមប្រឹក្សា​នោះ ហើយ វិលលាម ដ័បបុលយូ ហ្វែប្សបាន​អាក់អន់​ចិត្ត ។ នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣៨ បងប្រុស ហ្វែប្ស បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ថ្លែង​សច្ចា​មួយ​ប្រឆាំង​នឹង​ព្យាការី ។ លិខិត​ថ្លែង​សច្ចា​នេះ​ បានបណ្តាលឲ្យព្យាការី យ៉ូសែប ស៊្មីធ និង មនុស្ស​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន ហើយបញ្ជូលចូល​ទៅ​ក្នុង​គុក​លីប៊ើធី​អស់​រយៈពេល​មួយ​រដូវ​រងា ។ បងប្រុស ហ្វែប្ស ត្រូវបាន​កាត់កាលចេញ​ពី​សាសនាចក្រ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការណ៍​នោះ ។

នៅ​ក្នុង​គុក យ៉ូសែប ស៊្មីធ និង អស់​អ្នក​ដែល​នៅ​ជាមួយ​លោក​បាន​រងទុក្ខ​វេទនា​យ៉ាង​អនេក មិន​គ្រាន់តែ​បណ្តាល​មក​ពី​ស្ថានភាព​ដ៏​ឃោរឃៅ​នៃ​ការឃុំឃាំង​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មក​ពី​របាយការណ៍​មក​ថា ពួក​បរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង និង ត្រូវ​បាន​ធ្វើ​បាប​តាមរូបភាព​គ្រប់​យ៉ាង ។ ពួក​មនុស្ស​កំណាច​នៅ​ក្នុង​រដ្ឋ មិសសួរី ដែល​មិន​អាច​គ្រប់គ្រង់​បាន​ដោយ​អភិបាលខេត្ត បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង អាយុ​ជីវិត រួម​ទាំង​សម្លាប់​រង្គាលមនុស្សចំនួន ​១៧ នាក់ ​នៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ដែលម្ចាស់វា មានឈ្មោះ​យ៉ាកុប ហន ។

មួយ​ឆ្នាំ ក្រោយ​មក​វិលលាម ដ័បបុលយូ ហ្វែប្ស បាន​រងការឈឺ​ចាប់​ខាង​វិញ្ញាណ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ឲ្យ យ៉ូសែប ស៊្មីធ​សុំ​ការអភ័យ​ទោស ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​តប​វិញ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ពិត​ណាស់ យើង​បាន​រងការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដោយ​សារតែ​លទ្ធផល​នៃ​ទង្វើ​របស់​អ្នក ។…

« ប៉ុន្តែ ពែង​នោះ​ត្រូវ​បាន​ផឹក​ហើយ ព្រះទ័យ​របស់​ព្រះវរបិតា​ត្រូវ​បាន​សម្រេច ហើយ​ពួកយើង​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ហើយ​ជា​ហេតុផល​ដែល​យើង​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ។…

« ដោយ​ជឿថា​ការ​សារភាព​របស់​អ្នក​ពិត ហើយ​អ្នក​ប្រាកដ​ជា​ប្រែចិត្ត​មែន ខ្ញុំ​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ធ្វើ​ជា​សមាជិក​ម្ដង​ទៀត ហើយ​រីករាយ​ចំពោះ​ការ​ត្រឡប់​មក​វិញ​របស់​កូនប្រុស​ខ្ជះខ្ជាយ ។…

« ‹ សូម​មក​ចុះ​បងប្រុស​ជាទី​ស្រឡាញ់ ដោយសារ​សង្គ្រាម​បាន​ចប់​ហើយ

« ដ្បិត​ដំបូង​យើង​គឺ​ជា​មិត្តភក្តិ​នឹង​គ្នា ហើយ​ចុង​ក្រោយ​យើង​ក៏​នៅតែជា​មិត្តភក្តិ​នឹង​គ្នា​ម្តង​ទៀត › » ( នៅ​ក្នុង History of the Church ៤:១៦៣ ១៦៤ ) ។

សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជា​ក្រុម ៖

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ដើម្បី​អភ័យទោស​ដល់​មិត្តភក្ត​ដែល​បាន​ក្បត់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ការឈឺចាប់​នោះ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់​យ៉ូសែប ស្ម៊ីធ ?

  • តើ​មេរៀន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​នេះ ?

ក្រោយពី​ក្រុម​ទាំងនោះ​មាន​ពេល​អាន និង ពិភាក្សា​ពីប្រវត្តិសាស្រ្តដែល​បានសង្ខេប​ហើយ សូម​ឲ្យ​ពួកគេ​និយាយ​ប្រវត្តិ​ដែល​ពួកគេ​បាន​រៀន និង​គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ នៅពេល​ពួកគេ​បង្រៀន សូម​ឲ្យ​ពួកគេ​សរសេរ​គោលការណ៍​នោះ​នៅលើ​ក្ដារខៀន ។ គោលការណ៍​ទាំងនោះ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​ជ្រើស​ដើម្បី​ឆ្លើយតប​ចំពោះ​ការសាកល្បង​នានា​ដោយ​មាន​ជំនឿ​ជាជាង​ចម្ងល់ នោះ​ទីបន្ទាល់​របស់​យើង​អាច​ត្រូវបាន​ពង្រឹង នៅពេល​យើង​គាំទ្រ​ព្យាការី ហើយ​ធ្វើ​តាម​ការទូន្មាន​របស់​លោក នោះ​យើង​ទទួល​បាន​សុវត្ថិភាព​ខាង​វិញ្ញាណ ដែល​ចងយើង​ជាប់​នឹង​ព្រះ ( សូម​មើលសេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ទី ​១ ) ។ នៅពេល​យើង​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​អាច​ព្យាបាល​ទំនាក់ទំនង​របស់​យើង ( សូមមើល​សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រទី ២ ) ។

នៅពេល​សិស្ស​ស្វែងរក​គោលការណ៍​នោះ សូម​សួរ​សំណួរ​តាមដាន​នានា ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ​ទទួល​អារម្មណ៍​អំពី​សារៈសំខាន់​នៃ​សេចក្តីពិត​ទាំង​នេះ ។ សំណួរ​ទាំង​នោះ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ឲ្យ​យើង​ចងចាំ​ពី​គោលការណ៍​នេះ ?

  • តើ​អ្នក​នឹង​ពន្យល់​សេចក្តី ពិត​នេះ​ដល់​មិត្តភក្តិ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​បាន​មាន​បទពិសោធន៍ ឬ បាន​ឃើញ​គំរូ​មួយ​អំពី​គោលការណ៍​នេះ​នៅ​ពេល​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្តី​ពិត​ដែល​ពួកគេ​បាន​រៀន សូម​ឲ្យ​ពួកគេ​ជ្រើសរើស​គោលការណ៍​មួយ ឬ​ពីរ​ដែល​ក្រុម​នោះ​បាន​រក​ឃើញ ។ រួច​សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • ដោយ​ព្រោះ​គោលការណ៍​នេះ ឬ គោលការណ៍​នានា​ដែល​ខ្ញុំ​បាន​រៀន​នា​ថ្ងៃ​នេះ តើ​ខ្ញ្ញុំ​នឹង​ធ្វើ​អ្វី​ផ្សេង​ពី​នេះ​ខ្លះ ?

ព្រឹត្តិការណ៍នានាដែលនាំឲ្យមានការបណ្តេញ​ពួក​បរិសុទ្ធ​ចេញ​ពី​រដ្ឋ មិសសួរី​ភាគ​ខាង​ជើង

សូម​ឲ្យ​សិស្ស​លើក​ដៃឡើង បើ​ពួកគេ​បាន​ឃើញ​សមាជិក​សាសនាចក្រ​ណា​ម្នាក់​បាន​សម្រេច​ចិត្ត ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បង្ហាញ​អារម្មណ៍​អវិជ្ជមាន​ចំពោះ​សាសនាចក្រ ។ ( សូម​កុំ​ឲ្យ​ពួកគេ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ឡើយ ) ។ អ្នក​ក៏​អាច​សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ទង្វើ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​បាន​ជះឥទ្ធិពល​ដល់​ការបង្ហាញ​អារម្មណ៍​របស់​មនុស្ស​ដទៃ​ចំពោះ​សាសនាចក្រ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​គិត​អំពី​របៀប​ដែល​ទង្វើ ឬ ពាក្យ​សម្តី​របស់​យើង ជះឥទ្ធិពល​លើ​សាសនាចក្រ ?

សូម​ពន្យល់​ថា​នៅ​ក្នុង​ឆ្នាំ ១៨៣៨ ទង្វើ និង ពាក្យ​សម្តី​របស់​សមាជិក​មួយ​ចំនួន​បាន​បន្ថែម​អារម្មណ៍​អវិជ្ជមាន​លើ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋ មិសសួរី ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ឲ្យ​ច្បាប់​ចម្លង សេចក្តី​សង្ខេប​ប្រវត្តិសាស្ត្រ​ខាង​ក្រោម, ហើយអញ្ជើញសិស្សម្នាក់​អាន​វា​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ពួក​បរិសុទ្ធ​មួយ​ចំនួន​បាន​និយាយ និង បាន​ធ្វើ​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ និង សមាជិក​មាន​ការឈឺចាប់ ។ សូម​គិត​ពីការអញ្ជើញ​សិស្ស​ឈប់​មួយ​សន្ទុះ​បន្ទាប់​ពីអាន​ចប់​កថាខណ្ឌ​និមួយៗ ។ នៅពេល​ឈប់​ម្តងៗ សូម​សួរ​សំណួរ​ខាង​ក្រោមដល់សិស្ស ៖

  • តើ​ពួក​បរិសុទ្ធមួយចំនួន​បាន​និយាយ ឬ ធ្វើ​អ្វី​ខ្លះ ដែល​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជាមាន​ចំពោះ​សាសនាចក្រ ?

នៅក្នុង​ឆ្នាំ ១៨៣៧ និង ១៨៣៨ សមាជិក​នៃ​សាសនាចក្រ​ដែល​ខូច​មិត្តភាព និង​ត្រូវ​កាត់កាល​ចេញ​ពី​សាសនាចក្រ​ខ្លះ​ដែល​បាន​រស់នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅក្នុង​ហ្វា វេស បាន​ចាប់ផ្ដើម​ប្ដឹងផ្ដល់​សាសនាចក្រ និង​អ្នកដឹកនាំ ហើយ​ដើម្បី​រំខាន​ដល់​សាសនាចក្រ ។ ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​ចាប់ផ្តើម​បង្កើន​ភាព​គ្មាន​អំណត់​ជាមួយ​ការបះបោរ​ទាំង​នេះ ។ នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៨ ស៊ីឌនី រិកដុន បាន​ថ្លែង​ដោយ​ខឹងសម្បារ ដែល​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា « ទេសនកថា​អំបិល » ។ លោក​បាន​និយាយ​ពី ម៉ាថាយ ៥:១៣ ហើយ​បាន​ថ្លែង​ថា ប្រសិនបើ​អំបិល​បាត់​បង់​រសជាតិ​របស់​វា នោះ​វា​គ្មាន​ប្រយោជន៍​សោះ ហើយ​គួរ​តែ​កាត់ចេញ​ទៅ ដោយ​បង្កប់​ន័យ​ថា អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​គួរតែ​ត្រូវបាន​កាត់ចេញ​ពី​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទៅ ។ បន្ថែមពីលើនោះ សមាជិក​សាសនាចក្រ ៨៤ នាក់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ដែល​បញ្ជា​ឲ្យ​ពួក​ក្បត់​សាសនា​ចាកចេញ​ពី​ឃុំ​នោះ ។ ពីរ​សប្ដាហ៍​ក្រោយ​មក​នៅ​ថ្ងៃទី ៤ ខែ កក្កដា ស៊ីឌនី រិកដុន បាន​ថ្លែង​សុន្ទកថា​មួយ ដែល​លោក​បាន​សន្យា​ថា ពួក​បរិសុទ្ធ​នឹង​ការពារ​ខ្លួន​គេថ្វីបើមាន « សង្គ្រាម​នៃ​ការបំផ្លាញចោល » កើត​ឡើង​ក្តី ។ ទោះបីជា​សុន្ទរកថា​ទាំងពីរ​នេះ​ហាក់​ដូចជា​ប្រឆាំង​នឹង​ការណែនាំ​របស់​ព្រះអម្ចាស់​ដើម្បី « តវ៉ា​សូម​សេចក្ដី​សុខសាន្ដ » ( គ. និង ស. ១០៥:៣៨ ) ក្ដី ក៏​សុន្ទរកថា​ទាំងពីរ​នេះ​ត្រូវបាន​បោះពុម្ព និង​បាន​បណ្ដាល​ឲ្យ​មាន​ការបង្អើល​ដល់​ពួក​អ្នក​មិនមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែរ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩១–៩២ ) ។

នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៨ នៅពេល​ពួក​បរិសុទ្ធ​មួយ​ក្រុម​បាន​ព្យាយាម​បោះឆ្នោត​នៅ ក្នុង ទីក្រុង ហ្គាឡាទីន រដ្ឋ មិសសួរី នោះពួកគេ​ត្រូវ​បាន​រុញ​ទៅ​ម្ខាង ​ដោយ​មនុស្សមួយក្រុម នៅ​រដ្ឋ មិសសួរី​ ហើយ​បុរស​ម្នាក់​ក្នុង​មូលដ្ឋាន​នោះ​បាន​វាយ​ពួកបរិសុទ្ធ​ម្នាក់ ។ ពួកបរិសុទ្ធ​បាន​វាយ​ត្រឡប់​ទៅ​វិញ ហើយ​មនុស្ស​មួយ​ចំនួន​បាន​រងរបួស​ទាំងសង​ខាង ។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ជម្លោះ និង ការគំរាមកំហែង​បន្ថែម​ទៀត ព្រមទាំង​បង្កើន​ការយល់ច្រឡំ​រវាង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង អ្នក​ជិតខាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ មិសសួរី ។

អំឡុងពេល​នេះ អ្នក​ប្រែចិត្ត​ជឿ​ម្នាក់​ឈ្មោះ សេមសិន អាវើត បាន​ធ្វើ​សម្បថ​សម្ងាត់​ចំពោះ​អស់​អ្នកដែល​នឹង​ចូលរួម​ជាមួយ​នឹង​គាត់​ក្នុង​ការបង្កើត​ក្រុម​មួយ​នៃ​ពួក​ចោរប្លន់ ដែល​ហៅ​ថា ពួក​ឌែណៃ ។ អាវើត បាន​ណែនាំ​ពួកគេ​ឲ្យ​លួច និង​ប្លន់​ពួក​អ្នក​នៅ​រដ្ឋ​មិសសួរី ដោយ​និយាយ​ថា ការណ៍​នេះ​នឹង​ជួយ​កសាង​ដល់​នគរ​របស់​ព្រះ ។ អាវើត បាន​បញ្ចុះបញ្ចូល​ដល់​អ្នក​ដើរតាម​ខ្លួន​ថា ការដឹកនាំ​របស់​គាត់​បាន​មកពី​គណៈប្រធាន​ទីមួយ ។ ក្រោយមក ការពិត​ត្រូវ​បាន​លាតត្រដាង ហើយ​អាវើត​ត្រូវបាន​កាត់កាល់​ចេញ ។ សកម្មភាព​របស់​អាវើត បាន​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ដ៏​ខ្លាំង​ដល់​កិត្ដិនាម​របស់​សាសនាចក្រ និង​បាន​ធ្វើ​ឲ្យព្យាការីត្រូវគេចាប់ដាក់​គុក​លីប៊ើរធី ។

នៅក្នុង​ខែ តុលា ឆ្នាំ ១៨៣៨ សង្គ្រាម​មួយ​រវាង​សមាជិក​សាសនាចក្រ​មួយ​ចំនួន និង​ពួកទាហាន​មិសសួរី​បាន​ធ្វើឲ្យ​មនុស្ស​ពីរ​បី​នាក់​ស្លាប់​ពី​ភាគី​ម្ខាងៗ ។ របាយការណ៍​បំផ្លើសពន្លើស​នៃ​សង្គ្រាម​នេះ​បាន​ឮ​ទៅដល់​លោក​អភិបាល លីលប៊ើន ដបុលយូ ប័ហ្គស៍ ជា​អភិបាល​រដ្ឋ​មិសសួរី ដែល​ពេលនោះ​បាន​ចេញ​ដីកា​ដែល​ហៅ​ថា​ជា ដីកា​បំផ្លាញ​ចោល ៖ « ត្រូវតែ​ចាត់ទុក​ពួក​មរមន​ថា​ជា​សត្រូវ និង ត្រូវតែ​បំផ្លាញ​ចោល ឬ​បណ្ដេញ​ចេញពី​រដ្ឋ​នេះ ប្រសិនបើ​ចាំបាច់​ដើម្បី​ប្រយោជន៍​សាធារណៈ » ( បាន​ដកស្រង់​នៅក្នុង History of the Church ៣:១៧៥ ) ។ ភ្លាមៗ​នោះ ទីក្រុង​ហ្វា វេស ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ទាហាន​មួយ​ក្រុម ដែល​មាន​ចំនួន​ច្រើន​លើស​លុប​លើ​កម្លាំង​របស់​ពួក​បរិសុទ្ធ​ប្រាំ​ដង ។ យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំដទៃ​ទៀត​នៃ​សាសនាចក្រ​ត្រូវបាន​ចាប់ដាក់​គុក​លីប៊ើរធី ជា​កន្លែងដែលពួកលោកជាប់នៅទីនោះពេញមួយរដូវរងានោះ ។ ពួក​បរិសុទ្ធ​ទាំងឡាយ​ផ្សេងទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នេះ ។

  • ហេតុអ្វី​បាន​ជា​វា​អាច​ជា​ការសំខាន់សម្រាប់យើងដើម្បី​ទទួល​ស្គាល់​ថា ការបៀតបៀន​មួយ​ចំនួន​ដែល​ពួក​បរិសុទ្ធ​បាន​រងទុក្ខគឺ​ជា​លទ្ធផល​មក​ពី​ទង្វើ​របស់​សមាជិក​សាសនាចក្រ ?

  • តើ​យើង​អាច​រៀន​ពី​ព្រឹត្តិការណ៍​ទាំង​នេះ អំពី​របៀប​ដែល​ទង្វើ​ផ្ទាល់​ខ្លួន និង ពាក្យ​សម្តី​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​គូស​បញ្ជាក់​គោលការណ៍​ខាង​ក្រោម ៖ ទង្វើ និង ពាក្យ​សម្តី​របស់​យើង​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​មនុស្ស​ដទៃ​គិត​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​សូម​សិស្សឲ្យ​អាន អាលម៉ា ៣៩:១១) ។

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន នៅពេល​ដែល​អ្នក​បាន​ឃើញ​ពាក្យសម្ដី ឬ​សកម្មភាព​របស់​មនុស្ស​ផ្សេង​ទៀត​ជះ​ឥទ្ធិពល​លើ​នរណា​ម្នាក់​ទៀត​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន​មួយ​អំពី​សាសនាចក្រ ។

សូម​បញ្ចប់​ដោយ​យោង​ទៅ​សំណួរ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ម្តង​ទៀត​ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​ថ្ងៃ​នេះ អំពី​របៀប​ដែល​ចម្លើយ​របស់​យើង​ចំពោះ​ឧបសគ្គ និង ការសាកល្បង​អាច​ពង្រឹង​ជំនឿ ឬ ក៏​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ទន់​ខ្សោយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី អំណាច​នៃ​កាបន្ត​នៅ​ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ​អំឡុង​គ្រា​លំបាក​នានា ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការពិពណ៌នា​អំពី​រយៈពេល​នៃ​ការក្បត់​សាសនា​នៅ​ទីក្រុង ខឺតឡង់

អំឡុង​ឆ្នាំ ១៨៣៧ វិញ្ញាណ​ទុច្ចរិត​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ រងទុក្ខ ៖

« នៅពេល​នេះ​ស្មារតី​នៃ​ការរកស៊ី​ដ៏​ប្រថុយប្រថាន​នៃ​ដីធ្លី និង អចលទ្រព្យ​គ្រប់​ប្រភេទ ដែល​មាន​ពេសពេញ​ទូទាំង​ប្រទេស​ទាំងមូល ត្រូវ​បាន​ចាក់ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សាសនាចក្រ ។ ជាផលផ្លែ​នៃ​ស្មារតី​នេះ នោះ​ការសន្និដ្ឋាន ការស្វែងរក​កំហុស ភាពគ្មានឯកភាព ការប្រឆាំងគ្នា និង ការក្បត់សាសនា​ដ៏​អាក្រក់​កើត​ឡើង​យ៉ាង​លឿន ហើយ​វា​ហាក់​បីដូច​ជា អំណាច នៃ​ផែនដី និង ឋាន​នរកទាំងអស់​បាន​វេញ​ត្របាញ់​ចូល​គ្នា​ក្នុង​របៀប​ពិសេស​មួយ​ដើម្បី​រំលាយ​សាសនាចក្រ​នៅ​ក្នុង​ពេល​នោះ និង ផុត​រលត់​ជារៀង​រហូត »​(History of the Church ២:៤៨៧ ) ។

អេលីស្សា អ័រ ស្នូ ដែល​បាន​រស់នៅ​ទីក្រុង ខឺតឡង់​នៅ​ជំនាន់​នោះ ហើយ​ក្រោយ​មក​បាន​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​នៃ​ប្រធាន​សមាគម​សង្គ្រោះ បាន​ពិពណ៌នា​អំពី​រយៈពេល​នេះ​នៅ ក្នុង​ទីក្រុង ខឺតឡង់ ៖

រូបភាព
អេលីស្សា អ័រ ស្នូ

« មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បាន​បន្ទាបខ្លួន និង ស្មោះត្រង់ ដើម្បី​ធ្វើ​កាតព្វកិច្ច​រៀងរាល់​ថ្ងៃ—ដែល​ត្រៀម​ខ្លួន​ដើម្បី​ទៅទី​ណា​ក៏​បាន​ដែល​គ្រប់​ការហៅ​បម្រើ​នៃ​បព្វជិតភាព​ឲ្យ​ទៅ នោះ​បាន​ប្រែជា​ក្រអឺតក្រទម ហើយ​លើក​ចិត្ត​ខ្លួន​ឡើង​ក្នុង​ការឆ្មើងឆ្មៃ​របស់​គេ ។ នៅពេល​ពួកបរិសុទ្ធ​ស្រវឹង​ក្នុង​សេចក្តី​ស្រឡាញ់ និង ស្មារតី​នៃ​លោកិយ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ដក​ព្រះកាយ​ចេញ​ពី​ដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​បាន​ពោរពេញ​ទៅ​ដោយ​ការឆ្មើងឆ្មៃ ហើយ​ការស្អប់ខ្ពើម​ចំពោះ​អស់​អ្នក​ដែល​បាន​រក្សា​សេចក្តី​ថ្លៃថ្លូរ​របស់​ពួកគេ » (Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ២០ ) ។

ព្រិកហាំ យ៉ង់ បាន​ពិពណ៌នា​ពី​ស្ថានភាព​នៅ​ក្នុង​សាសនាចក្រអំឡុង​ឆ្នាំ ១៨៣៧ និង កិច្ចខិតខំ​របស់​លោក​ដើម្បី​ការពារ​ព្យាការី​យ៉ូសែប ស្ម៊ីធ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« នៅពេល​នេះ​ស្មារតី​នៃ​ការរកស៊ី​ដ៏​ប្រថុយប្រថាន បាត់បង់សេចក្តីស្រឡាញ់ និង ការក្បត់​សាសនា​ត្រូវ​បាន​ចាប់​យក​ដោយ​ពួក​ដប់​ពីរ​នាក់ ហើយ​ដែល​មាន​នៅ​ក្នុង​កូរ៉ុម​នានា​នៃ​សាសនាចក្រ បាន​មាន​ជោគជ័យ​ជា​ខ្លាំង ដែល​វា​ពិបាក​ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​យល់​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

«…នេះ​គឺ​ជា​វិបត្តិ​មួយ​នៅពេល​ដែល​ផែនដី និង ឋាន​នរក​ហាក់បី​ដូចជា​រួបរួម​គ្នា​ដើម្បី​ទម្លាក់​ព្យាការី និង សាសនាចក្រ​របស់​ព្រះ ។ មនុស្ស​រឹងមាំ​ជាច្រើន​នៅ​ក្នុង​សាសនចក្រ​នេះ​ប្រែ​ជា​ទន់ខ្សោយ ។

« អំឡុង​ពេល​នៃ​ការវាយប្រហារ​ដោយ​អំណាច​ដ៏​ខ្មៅ​ងងឹត​នេះ ខ្ញុំ​បាន​ឈរ​នៅ​ជិត យ៉ូសែប និង​ជាមួយ​ប្រាជ្ញា និង ព្រះចេស្តា​នៃ​ព្រះ​ដែល​បាន​ប្រទាន​ដល់​ខ្ញុំ ដោយ​ប្រឹងប្រែង​ស្ទើរតែ​អស់​ពី​កម្លាំង​ខ្ញុំ ដើម្បី​គាំទ្រ​អ្នក​បម្រើ​របស់​ព្រះ ហើយ​រួបរួម​កូរ៉ុម​នានា​នៃ​សាសចក្រ » (Manuscript History of Brigham Young ១៨០១–១៨៤៤, បោះពុម្ព​ដោយ អេដិន ជេ វ៉ាត់សុន [ ឆ្នាំ ១៩៦៨ ] ទំព័រ ១៥ ១៦–១៧ ) ។

កត្តា​នានា​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ទីក្រុង ខឺតឡង់

នៅ ក្នុង​ឆ្នាំ ១៨៣៧ សេចក្តី​លោភលន់​បាន​ឆក់​យក​ដួងចិត្តរបស់សមាជិកសាសនាចក្រ​មួយ​ចំនួន និង សូម្បី​តែ​អ្នក​ដឹកនាំ​ដែល​លេច​ធ្លោ​នៃ​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ ។ មាស និង ប្រាក់​ក៏​មាន​តិចតួច​ស្ដួច​ស្ដើង ។ ប្រជាជន​បាន​ប្រើ​ក្រដាស​ប្រាក់​មក​ពី​ធនាគារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ។ ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​មានភាព​ពឹងផ្អែកខ្លួន​ឯង​កាន់តែច្រើន​លើ​ហិរញ្ញវត្ថុ នោះ​យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំ​ដទៃ​ទៀត​នៃសាសនាចក្រ​បាន​ស្ថាបនា​ក្រុមហ៊ុន​មួយ ដែល​ស្រដៀង​ទៅនឹង​ធនាគារ ដែល​ត្រូវបាន​ហៅ​ថា ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ។ ពួកបរិសុទ្ធ​ជា​ច្រើននាក់​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ​ថ្មី​នោះ ។ ក្នុង​រយៈពេល​ពីរបី​ខែ​បន្ទាប់​ពី​ក្រុមហ៊ុន​នោះ​បើក​ទ្វារ វិបត្តិ​ហិរញ្ញវត្ថុ ដែល​ក្រោយ​មក​ហៅ​ថា​ជាការធ្លាក់ចុះយ៉ាង​គំហុក​នៃ​ឆ្នាំ ១៨៣៧ បាន​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង នូវ យ៉ោក ហើយ​បាន​រាលដាល​ទៅ​ភាគ​ខាង​លិច នាំឲ្យមានធនាគាររាប់រយត្រូវបានបរាជ័យ រួមមាន​ទាំង​ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ផងដែរ ។

មាន​កត្តា​ផ្សេង​ៗទៀត ដែល​បណ្តាល​ឲ្យ​គ្មាន​ស្ថេរភាព​នៅ​ក្នុង​ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ។ ធនគារ​ជា​ច្រើន​បាន​បដិសេធ​មិនទទួល​យក ក្រដាស​ប្រាក់​របស់​ក្រុមហ៊ុន​សុវត្ថិភាព​ឡើយដោយថា ជា​ក្រដាស​ប្រាក់មិនត្រឹមត្រូវតាមច្បាប់ ហើយ​កាសែត​ដែល​ប្រឆាំងនឹង​ពួក​មរមន​បាន​ប្រកាស​ថា​ក្រដាស​ប្រាក់​នោះ​គ្មាន​តម្លៃ​ឡើយ ។ លើស​ពីនេះ​ទៅទៀត ដើម​ទុន​របស់​ក្រុមហ៊ុន​នេះ​ជាចម្បង​គឺ​ជា​ដីធ្លី វា​ពុំ​មែន​ជា​សាច់​ប្រាក់​សុទ្ធ​នោះ​ទេ ដូច​ជា​មាស និង ប្រាក់ ដែល​អាច​ប្តូរ​ទៅ​ជា​សាច់​ប្រាក់​សុទ្ធភ្លាមៗ បើសិន​ជា​មាន​តម្រូវការ​ច្រើន​នោះ ។ មារសត្រូវ​របស់​សាសនាចក្រ​បាន​ទទួល​ក្រដាស​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទៅប្តូរមុនគេនៅធនាគារ ដែលជាកត្តាជំរុញឲ្យ​ក្រុមហ៊ុនសុវត្ថិភាពពុំ​អាចបង់​ជាសាច់​មាស និង ប្រាក់​ដល់​អតិថិជន​ខ្លួន​គ្រាន់តែ​ពីរបី​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រដាស​ប្រាក់​ដំបូង​ត្រូវ​បាន​បោះពុម្ព ។ ជា​លទ្ធផល​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ត្រូវបាន​ចោទប្រកាន់​ថា បាន​រំលោភ​បំពាន​ច្បាប់​ធនាគារនៃរដ្ឋ អូហៃអូ ហើយបាននាំមកនូវទុក្ខ​លំបាក ។ យ៉ូសែប និង ស៊ីឌនី ត្រូវ​បាន​ផាក​ពិន័យ​ម្នាក់ ១០០០ ដុល្លារ ។

យ៉ូសែប ស៊្មីធ បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​វិនិយោគ​ទន់​ដើម្បី​ផ្តល់​មូនិធិ​បន្ថែម​ទៀត​គាំទ្រ​ដល់​ធនាគារ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​បង្វែរ​ដំណើរការនេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​គ្រប់​គ្រងវា​វិញ ។ ទោះ​ជា​យ៉ាង​ណាក្តី ការណ៍នោះ​ពុំបានដោះស្រាយ​បញ្ហា​នេះ​ឡើយ ។ អ្នក​គ្រប់គ្រង​ដែល​គ្មាន​បទពិសោធន៍ និង មិន​ស្មោះត្រង់​បាន​បន្ត​បំផ្លាញ​ធនាគារ ។ វ៉ារេន ផារីស បេឡាករ​របស់​ធនាគារ និង​ជា​ស្មៀន​ផ្ទាល់​របស់​យ៉ូសែប បាន​លួច​លុយ​អស់​ជាង ២០០០០ ដុល្លារ ។

ការរីកចម្រើន​នៃ​ស្មារតី​នៃ​ការរកស៊ី​ដ៏​ប្រថុយប្រថាន​នៅ​ក្នុង​ទីក្រុង ខឺតឡង់ ក៏​បាន​បន្ថែម​បញ្ហា​ទៅ​លើ​សេដ្ឋកិច្ច​របស់​សាសនាចក្រផងដែរ ។ ជាមួយ​នឹង​សាច់ប្រាក់ ដែល​ពួកគេ​បាន​ខ្ចី​ពី​ធនាគារ នោះ​មនុស្ស​ជា​ច្រើន​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល ក្នុង​ការទិញ​ដីទុក​ដើម្បីលក់​វិញពេលបានចំណេញ ។

នា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ១៨៣៧ ក្រុមហ៊ុន​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ត្រូវ​បាន​បិទ​ទ្វារ ។ មនុស្ស​រាប់រយ​នាក់​បាន​បាត់បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់​ដែល​ពួកគេ​បាន​វិនិយោគ ដោយ​មាន យ៉ូសែប ស្ម៊ីធ ទទួលរងការ​ការខូចខាតខ្លាំងជាងគេ ។ ដោយសារ​ក្រុមហ៊ុនសុវត្ថិភាព​ត្រូវបាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ធនាគារ​សាសនាចក្រ ឬ ធនាគារ​របស់​ព្យាការី នោះ​ពួក​បរិសុទ្ធ​មួយ​ចំនួន​បាន​ស្តី​បន្ទោស​យ៉ូសែប ស្ម៊ីធ ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ ហើយ​បាន​ចាប់​ផ្តើម​ហៅ​លោក​ថា​ជា​ព្យាការី​ដែល​បរាជ័យ​មួយ​រូប ។ ដោយឡែកមនុស្ស​មួយចំនួនដែលបាន​បាត់បង់​លុយ​កាក់​ផងដែរ​នោះ នៅតែ​បន្ត​ដោយ​សេចក្តី​ជំនឿ និង​ស្មោះត្រង់​ចំពោះ​ព្យាការី ។ ( សូមមើល Church History in the Fulness of Times Student Manual, [Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧១-៧៣ ) ។