ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១–២, ៣៤–៦៦


មេរៀនទី ១៤០

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១–២, ៣៤–៦៦

បុព្វកថា

ខណៈដែលព្យាការី យ៉ូសែប ស៊្មីធ កំពុង​ធ្វើ​កំណែ​ថ្មី​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប​នៅឆ្នាំ ១៨៣១ នោះលោក​បាន​សុំ​ព្រះអម្ចាស់​ប្រទាន​ការយល់ដឹង​អំពី​លោកអយ្យកោ​ជំនាន់​បុរាណ​ដែល​មាន​ភរិយា​ច្រើន​ជាងម្នាក់ ។ នៅពេល​នោះ​ព្យាការី​បាន​ចាប់ផ្តើម​ទទួល​វិវរណៈ​នេះ​ជា​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ព្យាការី និង ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្សេង​ទៀត​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ នៅក្នុង ​ខែ កក្កដា ឆ្នាំ ១៨៤៣ ខណៈ​ដែល​សាសនាចក្រ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយ នោះ​ព្យាការី​បាន​កត់ត្រា​វិវរណៈ​ដែល​លោក​បាន​ទទួល ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២មាន​កត់ត្រា​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព រួម​ទាំង​ពាក្យ​ទូន្មាន​ដល់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១–២, ៣៤–៤៨

ព្រះអម្ចាស់​បើកសម្តែង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ចាប់ផ្តើម​ដោយ​ពន្យល់​ថា ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ កំពុង​ធ្វើការ​បកប្រែ​ដ៏បំផុសគំនិតនៃព្រះគម្ពីរ​សញ្ញា​ចាស់ នៅក្នុង​ឆ្នាំ ១៨៣១ នោះ​លោក​បាន​អាន​អំពី​ទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពរបស់ព្យាការី​សម័យ​បុរាណ ( ក៏​ត្រូវបាន​ហៅពហុពន្ធភាពផងដែរ ) ។ ក្នុងទំនៀមទម្លាប់​នេះ បុរស​ម្នាក់​ត្រូវបាន​រៀបការ​ជាមួយ​ភរិយា​ដែល​កំពុង​នៅមានជីវិតជាច្រើននាក់ ។ ព្យាការី​បាន​សិក្សា​ព្រះគម្ពីរ ពិចារណា​ពី​អ្វី​ដែល​បាន​រៀន ហើយ​ទីបំផុត​បាន​យក​សំណួរ​អំពី​អាពាហ៍​ពិពាហ៍​ពហុពន្ធភាព​សួរ​ដល់​ព្រះវរបិតា​ដោយការ​អធិស្ឋាន ។

សូម​សរសេរ លោកុប្បត្តិ ១៦:១–៣ នៅលើ​ក្តារខៀន ។ សូម​ពន្យល់​ថា​ខគម្ពីរ​ទាំង​នេះ ពិពណ៌នា​អំពី​សកម្មភាព​របស់​សារ៉ាយ និង អាប់រ៉ាម​ដែល​ក្រោយ​មក​ហៅថា សារ៉ា និង អ័ប្រាហាំ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់ផ្ទៀងតាម ហើយគិតអំពីសំណួរនានា​ដែល​ពួកគេ​អាច​មាន​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិតរបស់អាប់រ៉ាម និង សារ៉ាយ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សួរ​នៅពេល​លោក​បាន​សិក្សា​វគ្គ​បទគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទាក់ទង​នឹង​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យ ប្រពន្ធចុង គឺ​ជា​ពាក្យ​មួយ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ប្រាប់​ពី​ស្ត្រី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​នៅ​សម័យ និង វប្បធម៌​ដែល​ពួកគេ​បាន​រស់នៅ ដែល​ជា​ស្ត្រី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​នឹង​បុរស​ម្នាក់ ប៉ុន្តែ​មាន​ឋានៈ​ក្នុង​សង្គម​ទាបជាង​ប្រពន្ធដើម ។ ប្រពន្ធចុង​មិនមែន​ជា​ផ្នែក​នៃ​ទំនៀមទម្លាប់​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​ឡើយ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បញ្ជា​បុរស និង ស្ត្រី​សុចរិត​ទាំង​នោះ ឲ្យ​ធ្វើតាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ជំនាន់​នោះ ?

សូម​ពន្យល់​ថា​នៅក្នុង​ការសិក្សារ​របស់​ពួកគេ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២, សិស្ស​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរទាំងនោះនៅ​លើ​ក្តារខៀន និង សំណួរ​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​មាន​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​គោលលទ្ធិ និង គោលការណ៍​ដែល ពួកគេ​រកឃើញ​អំឡុងពេល​ការសិក្សារ​របស់​ពួកគេ​ថ្ងៃនេះ ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤-៣៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល​អ័ប្រាហាំ និង​សារ៉ា​បាន​ចាប់ផ្ដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

  • យោង​តាម ខ ៣៤, ហេតុអ្វី​ក៏​សារ៉ា​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​យក​ភរិយា​មួយ​ទៀត ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​គោលការណ៍​នៃអាពាហ៍ពិពាហ៍​ពហុពន្ធភាព ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​អនុមតិ​ពី​ព្រះអម្ចាស់ តែ​នៅពេល​ដែល​ទ្រង់​បញ្ជា​ឲ្យ​ធ្វើ​តែប៉ុណ្ណោះ) ។

  • តើ​ការគោរព​ប្រតិបត្តិ​តាម​របស់​សារ៉ា និង អ័ប្រាហាំ​បាន​ជួយ​បំពេញ​អ្វី​ខ្លះ ? ( ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​អ័ប្រាហាំ រួមមាន​ការសន្យា​ថា​អ័ប្រាហាំ​នឹង​មាន​ពូជពង្ស​ច្រើន​រាប់​មិន​អស់​ដូច​ជា​ផ្កាយ [ សូមមើល លោកុប្បត្តិ ១៥:៥] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្តារខៀន សូម​ស្នើ​ឲ្យ​ពួកគេ​សរសេរ យ៉ាកុប ២:២៧, ៣០ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។ សូម​ចង្អុលបង្ហាញ​ថា​អាពាហ៍ពិពាហ​ប្តី​មួយ​ប្រពន្ធ​មួយ ( អាពាហ៍ពិពា៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ) គឺ​ជា​បទដ្ឋាន​របស់​ព្រះ​ចំពោះ​អាពាហ៍ពិពាហ៍ លុះត្រា​តែ​ទ្រង់​បញ្ជា​ឲ្យ​ធ្វើ​ប៉ុណ្ណោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៧-៣៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ឧទាហរណ៍​នានា​ពេល​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៩, ៤១–៤៣ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជាក់​ថា​នៅពេល​មនុស្ស​អនុវត្ត​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​អាស្រ័យ​លើ​បទបញ្ជា​របស់​ទ្រង់ នោះពួកគេ​ពុំមានកំហុស​នឹង​អំពើ​បាប​នៃ​អំពើ​កំផិត​ឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិន​បើនរណា​ម្នាក់​ដែល​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​ព្រះអម្ចាស់​ពុំ​បាន​បញ្ជា នោះ​ពួកគេ​ធ្វើខុស​នឹង​អំពើ​កំផិត​ហើយ ។ ( សូម​កត់ចំណាំ​ថា​ពាក្យ ត្រូវ​បំផ្លាញ​ចោល នៅក្នុង ខ ៤១ បង្ហាញ​ថា អស់​អ្នក​ដែល​រំលង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​ខ្លួន នោះ​នឹង​ត្រូវ​បំបែកចេញ​ពីព្រះ និង​ពី​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ [ សូម​ប្រៀបធៀប កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤០ ដោយ​ស្ងៀមស្ងាត់ ហើយរក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ទ្រង់​នឹង​ធ្វើ​វា ។

  • យោង​តាម ខ ៤០តើ​ព្រះអម្ចាស់​នឹង​ធ្វើអ្វី ? (សាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។ សូម​ពន្យល់​ថា​ពាក្យ « ការណ៍​គ្រប់យ៉ាង » សំដៅលើ​ច្បាប់ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​នានា​ដែល​ត្រូវបាន​បើក​សម្តែង​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​មុនៗ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ បទបញ្ញត្តិ​ដើម្បី​រស់នៅ​តាម​ច្បាប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​ថ្ងៃ​ចុងក្រោយ គឺជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​នៃ​ការណ៍​ទាំងឡាយ ។ [ សូមមើល​ផងដែរ កិច្ចការ ៣:២០–២១] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤៥, ៤៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ដល់​យ៉ូសែប ស្ម៊ីធ ឲ្យ​នាំ​មក​នូវ​ការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។

  • តើ​ព្រះអម្ចាស់​បាន​ប្រគល់​អ្វី​ដល់​យ៉ូសែប ស្ម៊ីធ ដើម្បី​នាំ​មក​នូវ​ការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង​ ? ( កូនសោ និង អំណាចនៃ​បព្វជិតភាព ) ។

  • តើ​យើង​រៀន​អ្វីខ្លះ​ពី ខ ៤៥ និង ៤៨ អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​លើ​ក្តារខៀន ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន តែ​តាមរយៈ​កូនសោ​នៃ​បព្វជិតភាព​ដែល​ត្រូវ​បាន​ប្រទាន​ដល់​ប្រធាន​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ) ។

សូម​ពន្យល់​ថា​នៅ​ដើមដំបូង​នៃ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ក្នុង​ផ្នែក​មួយ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ការណ៍​ទាំងឡាយ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់ដើម មួយ​ចំនួន​ឲ្យអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព តាមរយៈ​កូនសោ​បព្វជិតភាព​ដែល​បាន​កាន់​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ប្រធាន​សាសនាចក្រ​បន្តបន្ទាប់​ទៀត​—ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ។ នៅ​ឆ្នាំ ១៨៩០ ប្រធាន វូឌដ្រុព្វ ដោយ​ប្រើ​កូនសោ​បព្វជិតភាព​ដដែល​នោះ បាន​ទទួល​វិវរណៈ​ថា​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គួរតែ​បញ្ចប់ ( សូមមើល សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៦៦

ព្រះអម្ចាស់ប្រទាន​ព្រះឱវាទ​ដល់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ពន្យល់​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ការស្ទាក់ស្ទើរ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ លោក​បាន​ថ្លែង​ថា​លោក​មិន​បាន​ចាប់ផ្តើម​អនុវត្ត​វា​ឡើយ រហូត​ដល់​លោក​ត្រូវបាន​ព្រមាន​ថា​លោក​នឹង​ត្រូវ​បំផ្លាញ​ចោល​បើសិន​លោក​មិន​គោរព​ធ្វើ​តាម​ទេ​នោះ ( សូមមើល « Plural Marriage » Historical Record, ខែ ឧសភា ឆ្នាំ ១៨៨៧ ទំព័រ ២២២ ) ។ ដោយសារ​ការខ្វះ​ឯកសារ​ប្រវត្តិសាស្ត្រ នោះ​យើង​ពុំ​ដឹង​អំពី​ការព្យាយាម​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ដើម្បី​ធ្វើ​តាម​បទបញ្ញាត្តិ​នេះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅឆ្នាំ ១៨៤១ ព្យាការី​បាន​ចាប់ផ្តើម​គោរព​តាម​ព្រះបញ្ញាត្តិ​នេះ ហើយ​បង្រៀន​វា​ដល់​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ហើយ​បីឆ្នាំ​ជាង​ក្រោយ​មក លោក​បាន​រៀបការ​ប្រពន្ធ​បន្ថែម​ទៀត ស្រប​ទៅ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ។ ការគោរពប្រតិបត្តិ​តាម​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺ​ជា​ការសាកល្បង​មួយ​នៃ​សេចក្តី​ជំនឿ​សម្រាប់​លោក និង អិមម៉ា​ដែល​ជា​ភរិយា​លោក ដែល​លោក​ស្រឡាញ់​យ៉ាង​ខ្លាំង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤៩-៥០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​យ៉ូសែប ស្ម៊ីធ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​យ៉ូសែប ស្ម៊ីធ ?

  • យោងតាម ខ ៥០, ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​សន្យា​ពរជ័យ​ទាំង​នោះ​ចំពោះ​យ៉ូសែប ស្ម៊ីធ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អិមម៉ា ស្ម៊ីធ ។

  • យោង​តាម ខ ៥២, តើ​អិមម៉ា​បាន​ទទួល​ព្រះឱវាទ​អ្វី​ខ្លះ ? ( « អស់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ​ជា​អ្នក​បម្រើ​យើង » សំដៅ​លើ​អស់​អ្នក​ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​យ៉ូសែប ស្ម៊ីធ ) ។

សូម​ពន្យល់​ថា​ក្រៅពី​ការ​បញ្ជា​ដល់​អិមម៉ា ឲ្យ​ទទួល​អស់​អ្នក​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្វាមី​ខ្លួន​ហើយ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​គាត់​នៅជាប់​នឹង​ក្រឹត្យវិន័យ​របស់​ទ្រង់ ហើយ​អភ័យទោស​ដល់​យ៉ូសែប​ចំពោះ​ការប្រព្រឹត្តិ​របស់​លោក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥៦ ដោយ​ស្ងៀមស្ងាត់ ដើម្បី​រៀន​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អិមម៉ា ស្ម៊ីធ ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ជាមួយ​អិមម៉ា បើសិន​គាត់​នឹង​គោរព​តាម​បទបញ្ជា​របស់​ទ្រង់​នោះ ?

សូម​ពន្យល់​ថា​នៅក្នុង​ឆ្នាំ ១៨៤១ យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្តើម​បង្រៀន​ដល់​បុរស និង ស្ត្រី​ស្មោះត្រង់​ផ្សេង​ទៀត​អំពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នេះ ។ នៅពេល​ដំបូង​ពួកគេ​ក៏​មាន​ការលំបាក​ដើម្បី​យល់ និង ទទួល​យក​គោលការណ៍​នេះ​ដែរ ។ ឧទាហរណ៍ នៅពេល​ដំបូង​ដែល​ព្រិកហាំ យ៉ង់​បាន​រៀន​ពី​បទបញ្ញាត្តិ​នេះ​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មាន​អារម្មណ៍​ថា​លោក​ចង់​ស្លាប់​ជា​ជាង​យក​ប្រពន្ធ​ច្រើន ( សូមមើល ស៊ូសា យ៉ង់ ហ្គេត និង លៀ ឌី វីតសូ, [ ឆ្នាំ ១៩៣០ ] ទំព័រ ៣២១ ) ។ ទោះបីជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ទាំង​នេះ​មាន​ការស្ទាក់ស្ទើរ និង លំបាក​ចំពោះ​បទបញ្ញត្តិ​នេះ​នៅពេល​ដំបូង​ក៏​ដោយ ក៏ពួកគេ​បាន​ទទួល​ការបញ្ជាក់​រៀងៗខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​យក​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នេះ ។ វីលេត គិមបុល​ ភរិយា​ទីមួយ​របស់​អែលឌើរ ហ៊ើបើរ ស៊ី គិមបុល​បាន​ទទួល ហើយ​ធ្វើតាម​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ហើយ « ពុំ​ឆ្ងល់​ឡើយ​ថា​ការបញ្ជា​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នោះ​គឺ​មក​ពី​ព្រះ ដ្បិត​ព្រះអម្ចាស់​បាន​បើកសម្តែង​វា​ដល់​គាត់​នៅក្នុង​ចម្លើយ​ចំពោះ​ការអធិស្ឋាន » ( Helen Mar Kimball, នៅក្នុង Orson F. Whitney, Life of Heber C. Kimball [ ឆ្នាំ ១៩៦៧ ] ទំព័រ ៣២៥ សូមមើល​ផងដែរ ទំព័រ ៣២៦–២៨ ) ។

ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បាន​នាំ​ឲ្យ​មាន​ឧបសគ្គ​បន្ថែម​ទៀត ។ ដ្បិត​ដំបូង​ការអនុវត្ត​នេះ​ធ្វើ​ឡើង​ដោយ​លាក់លាម នោះ​ពាក្យ​ចចាមអារ៉ាម​បាន​ចាប់ផ្តើម​រាលដាល​អំពី​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​រៀបការ​ប្រពន្ធ​ថែម​ទៀត ។ ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​បង្ខូចបង្កាច់សេចក្តីពិត បាន​បង្ខូច​ឈ្មោះ​របស់​ព្យាការី និង អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត ហើយ​បាន​បង្ក​ឲ្យ​មាន​ការបៀតបៀន​កើនឡើង​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦៣ ឲ្យ​ឮៗ ​ដោយ​ចាប់ផ្តើម​ជាមួយ​ឃ្លា « ដ្បិត​ពួកគេ​ត្រូវបាន​ប្រគល់​ដល់​គាត់ » ។ ពីមុន​អ្នក​អាន សូម​ពន្យល់​ថា​ខគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ពី ហេតុផល​មួយ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប ស្ម៊ីធ និង មនុស្ស​ដទៃ​ផ្សេង​ទៀត​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​គោលបំណង​ពិសេស​នោះ ។

  • តើ​បទបញ្ញត្តិ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទួល​នៅក្នុង ខ ៦៣ ? ( ព្រះបញ្ញត្តិ​ឲ្យ​បង្កើត​កូនឲ្យចម្រើន​ជា​ច្រើន​ឡើង ហើយ​មាន​ពេសពេញ​លើ​ផែនដី) ។ តើការ​បង្កើត​កូនឲ្យចម្រើនជា​ច្រើន​ឡើង ហើយ​មាន​ពេសពេញ​លើ​ផែនដី​មានន័យយ៉ាងណា ? ( បង្កើត​កូនចៅ ) ។

សូម​ចង្អុល​បង្ហាញ​ឃ្លា​ខាង​ក្រោម​នៅក្នុង ខ ៦៣: « ដ្បិត​ការណ៍​នេះ​ហើយ​ទើប​កិច្ចការ​នៃ​ព្រះវរបិតា​របស់​យើង​បាន​បន្ត​ទៅ » ។

  • តើ​ការមាន​កូនចៅ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការបន្ត​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្តេច ?

ជា​ចំណែក​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« នៅពេល​កូន​ម្នាក់​បាន​កើត​មក​ដោយ​ឪពុក និង​ម្តាយ នោះពួកគេ​កំពុង​បំពេញ​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដើម្បី នាំកូនចៅ​មក​លើ​ផែនដី​នេះ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា ‹ នេះហើយ​ជា​កិច្ចការ​របស់​យើងនិង សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស › [ម៉ូសេ ១:៣៩] ។ ពីមុន​ពួកគេ​មាន​អមតភាព នោះពួកគេ​ត្រូវតែ​មាន​ជីវិត​រមែង​ស្លាប់​សិន » (Children » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ) ។

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី ខ ៦៣, តើ​អ្វី​ទៅ​ជា​មូលហេតុ​មួយ​ដែល​ព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដើម្បី​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​ចិញ្ចឹម​កូនចៅ​សុចរិត​ថ្វាយ​ទ្រង់ ។ អ្នក​អាច​អាន យ៉ាកុប ២:៣០) ។

សូម​មើល​សំណួរ​ដែល​អ្នក​បាន​សរសេរ​លើ​ក្ដារខៀន​នៅពេល​ជិត​ចាប់ផ្តើម​ថ្នាក់​រៀន ៖ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បញ្ជា​ឲ្យ​បុរស និង ស្ត្រី​សុចរិត​ទាំង​នោះ ឲ្យ​ធ្វើតាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ជំនាន់​នោះ ? អ្នក​អាច​អញ្ជើញ​សិស្សម្នាក់​ឲ្យ​សង្ខេប​ដស់​សិស្ស​នៅក្នុង​ថ្នាក់ អំពីអ្វីដែលពួកគេ​បាន​រៀនពីការសិក្សារបស់ខ្លួនដកស្រង់ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង យ៉ាកុប ២:២៧, ៣០ ដែល​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​នេះ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​ថា​លោក​បាន​ទទួល ព្រមទាំង​គោរព​តាម​វិវរណៈ​ពី​ព្រះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ១៣២ ។ របៀប​ដើម្បី​រៀន​ពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

មាន​ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​ជាច្រើន​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ដែល​មាន​នៅលើ​អ៊ិនធើរណែត និង​នៅក្នុង​សៀវភៅ​ជាច្រើន ។ សូម​ប្រយ័ត្ន ហើយ​មាន​ភាពឆ្លាតវៃ​ចំពោះ​ព័ត៌មាន​ទាំង​នោះ ។ អ្នក​និពន្ធ​ខ្លះ​ដែល​បាន​សរសេរ​អំពី​សាសនាចក្រ និង​ប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ​បាន​សរសេរ​ព័ត៌មាន​ក្លែងបន្លំ ឬ​រួមបញ្ចូល​នូវ​សេចក្ដី​ពិត​ខ្លះៗ ដែល​អាច​នាំ​ឲ្យ​មាន​ការយល់ខុស ។ បំណង​នៃ​ការសរសេរ​ទាំង​នេះ​គឺ​ដើម្បី​បំផ្លាញ​សេចក្ដីជំនឿ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ព្រមាន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« វា​តែងតែ​មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​ចង់​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​សាសនាចក្រ និង ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ ។ សព្វថ្ងៃ​ពួកគេ​ប្រើ​អ៊ិនធើណែត ។

« ព័ត៌មាន​មួយ​ចំនួន​អំពី​សាសនាចក្រ មិន​ថា​វា​មាន​ការបញ្ចុះបញ្ចូល​យ៉ាង​ណា​ទេ វា​មិន​ពិត​ឡើយ » (ការសាកល្បង​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា », EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ) ។

ក្នុងការសិក្សា​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព វា​ជា​ការសំខាន់​ដើម្បី​ចាំ​អំពី​គំរូ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​បាន​ធ្វើតាម​ការរៀន​ដំណឹងល្អ​របស់​លោក ។ លោក​បាន​សិក្សា​បាន​សញ្ជឹងគិត និង​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ចំណេះដឹង ។

មាន​ការស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ទាក់ទង​នឹង​ការអនុវត្ត​អាពាហ៍ពិពាហ៍ពហុពន្ធភាព ​អាច​រកបាននៅ​គេហ​ទំព័រ josephsmithpapers.org និង byustudies.byu.edu ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ ។ « គោលការណ៍ និង គោលលទ្ធិ »​ នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

ដំណើររឿង​ខាង​ក្រោម​នេះ​ជួយ​ឲ្យ​យើង​យល់​ច្បាស់​ពី​អារម្មណ៍​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង សមាជិក​សាសនាចក្រ​ដទៃ​ទៀត នៅពេល​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​ប្រាប់​ជា​លើកដំបូង ។

អេលីស្សា អ័រ ស្នូ ដែលបានផ្សារភ្ជាប់​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​កត់ត្រា​ការបង្រៀន​លម្អិត​របស់​ព្យាការី​យ៉ូសែប​អំពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដល់​បងប្រុស​របស់​គាត់​គឺ ឡូរែនសូ ស្នូ ។ នាង​បាន​កត់ត្រា​ពី​ការតានតឹង​ចិត្ត និង ការឈឺចាប់​ដែល​យ៉ូសែប ស្ម៊ីធ មានព្រោះតែ​គោលការណ៍​ទាំងនេះ ហើយ​ថា​លោក​គ្រាន់តែ​ឈាន​ទៅមុខ​ក្នុងការ​បង្កើត​គោលការណ៍​នេះ​ ដោយសារ​តែ​វិវរណៈ​ដ៏​ទេវភាព​ប៉ុណ្ណោះ ៖

រូបភាព
អេលីស្សា អ័រ ស្នូ

« ព្យាការី យ៉ូសែប បាន​បើក​ដួងចិត្ត​របស់​លោក [ ឲ្យ ឡូរែនសូ ស្នូ ] ​ដឹង ហើយ​បាន​រៀបរាប់​ពី​ការសាកល្បង​នៃបទពិសោធន៍​ដ៏​អាក្រក់​ខាងផ្នែក​សតិអារម្មណ៏ ដែល​លោក​បាន​ជួប​ដើម្បី​យក​ឈ្នះ​លើ​អារម្មណ៍​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​លោក ដែល​ជា​លទ្ធផល​ធម្មជាតិ​នៃ​កម្លាំង​នៃ​ការអប់រំ និង​ទម្លាប់​ខាង​សង្គម ដែល​វា​ទាក់ទង​ទៅនឹង​ការណែនាំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព ។ លោក​បាន​ស្គាល់​សំឡេង​របស់​ព្រះ — លោក​បាន​ដឹង​ពី​ព្រះបញ្ញត្តិ​របស់​ព្រះដ៏​មាន​ព្រះចេស្ដា​ប្រាប់​ដល់​លោក​ឲ្យ​ទៅ​មុខ — ដើម្បី​ធ្វើ​ជា​គំរូ ហើយ​ស្ថាបនា​នូវ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ខាង​សេឡេស្ទាល ។ លោក​បាន​ដឹង​ថា លោក​មិន​ត្រឹមតែ​ត្រូវ​ប្រឆាំង និង​យកឈ្នះ​លើ​ការវិនិច្ឆ័យ និង​ឥទ្ធិពលរបស់ខ្លួន​លោក​ផ្ទាល់​នោះទេ ប៉ុន្ដែ​ថែម​ទាំង​ពី​សំណាក់​នៃ​អស់​ទាំង​ពិភព​គ្រីស្ទាន​ទាំងមូល​ដែល​នឹង​សម្លឹង​មក​កាន់​លោក ប៉ុន្ដែ​ព្រះ​ដែល​ជា​ព្រះ​លើស​អស់​ទាំង​មនុស្ស​ បាន​ប្រទាន​ព្រះបញ្ញត្តិ​នេះ ហើយ​លោក​ត្រូវតែ​គោរព​តាម​ការណ៍​នេះ ។ ប៉ុន្ដែ​ព្យាការី​នៅ​តែ​ស្ទាក់ស្ទើរ ហើយ​បាន​ពន្យាពេល​ម្ដង​ហើយ​ម្ដង​ទៀត រហូតដល់​មាន​ទេវតា​នៃ​ព្រះ​មួយ​អង្គ​បាន​ឈរ​នៅក្បែរ​លោក​ប្រដាប់​ដោយ​ដាវ ហើយ​បាន​ប្រាប់​លោក​ថា លើកលែង​តែ​លោក​បាន​បោះជំហាន​ទៅមុខ និង​ស្ថាបនា​នូវ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នេះ​ឡើង បើពុំដូច្នោះ​ទេ ​បព្វជិតភាព​របស់​លោក​នឹង​ត្រូវបាន​ដកចេញ​ពី​លោក ហើយ​លោក​នឹង​ត្រូវបាន​បំផ្លាញ​ចោល ! ទីបន្ទាល់​នេះ​ដែល​លោក​បាន​ថ្លែង មិន​ត្រឹមតែ​ចំពោះ​បងប្រុស​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ទៅដល់​អ្នកដទៃ​ផ្សេង​ទៀត — ជា​ទីបន្ទាល់​មួយ​ដែល​មិន​អាច​ប្រកែក​បាន [ មិន​អាចប្រឆាំង​បាន ] » ( Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ៦៩–៧០ ) ។

ប្រធាន​ព្រិកហាំ យ៉ង់ បាន​ពន្យល់ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« បើសិន​នរណា​ម្នាក់​បាន​សួរខ្ញុំពីជម្រើស​របស់ខ្ញុំ នៅពេល​យ៉ូសែប បាន​បើក​សម្តែង​គោលលទ្ធិ​នេះ នោះ​ខ្ញុំ​នឹង​និយាយ​ថា ‹ សូម​ឲ្យ​ខ្ញុំ​មាន​ភរិយា​តែ​ម្នាក់​ទៅ​បាន​ហើយ › ដរាប​ណា​ជម្រើ​សនោះ ​មិន​បន្ថយ​សិរីល្អ​របស់​ខ្ញុំ ។…

« …ខ្ញុំ​ពុំ​ចង់​គេចវេស​ពី​កាតព្វកិច្ច​ណា​មួយ ឬ ក៏​មិន​ធ្វើ​តាម​ការបញ្ជា​ណា​មួយ​ឡើយ ប៉ុន្តែ​វា​គឺ​ជា​លើក​ទីមួយ​នៅក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​មាន​បំណង​ចង់​ស្លាប់ ហើយ​ខ្ញុំ​ពុំ​អាច​យក​ឈ្នះ​លើ​អារម្មណ៍​នោះ​អស់​ពេល​យ៉ាង​យូរ ។ ហើយ​នៅពេលខ្ញុំឃើញពិធីបុណ្យសព ខ្ញុំ​មានអារម្មណ៍ច្រណែននឹង​សព​ដែល​បាន​នៅ​ក្នុង​ស្ថានភាព​នោះ ហើយ​សោកស្តាយ​ដែល​ខ្ញុំ​ពុំ​មែន​ជា​អ្នក​នៅក្នុង​មឈូសនោះ ។…

« …ប៉ុន្តែ​ពួកបរិសុទ្ធ​ដែល​បាន​រស់នៅ​តាម​ជំនឿ​របស់​ខ្លួន​នឹង​ត្រូវ​បាន​តម្កើង​ឡើង ដ្បិត​ពួកគេ​ពុំ​ដែល​បដិសេធ​វិវរណៈ​ណា​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ឬ​អាច​ប្រទាន ទោះបី​ជា​នៅពេល​ដែល​មាន​គោលលទ្ធិ​មួយ​ដែល​បាន​ប្រទាន​ដល់​ពួកគេ ដែល​ពួកគេ​ពុំ​អាច​យល់​ដឹង​ពេញលេញ​ក៏​ដោយ ក៏​ពួកគេ​នឹង​និយាយ​ថា ‹ ព្រះអម្ចាស់​បាន​បញ្ចូន​វិវរណៈ​នេះ​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​សង្គ្រោះខ្ញុំ ព្រមទាំង​រក្សា​ខ្ញុំ​កុំឲ្យបដិសេធអ្វី​គ្រប់​យ៉ាង​ដែល​ចេញ​មក​ពី​ទ្រង់ឡើយ ហើយ​ប្រទាន​ដល់​ខ្ញុំ​នូវ​ភាពអត់ធ្មត់ ដើម្បី​រង់ចាំ​រហូត​ដល់​ខ្ញុំ​អាច​យល់​ពី​វិវរណៈ​នោះ​ដោយ​ខ្លួន​ឯង › » ( នៅក្នុង « Provo Conference » Deseret News, ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ១៨៥៥ ទំព័រ ២៨២ ) ។

វីលេត គិមបុល ភរិយា​ទីមួយ​របស់​ប្រធាន ហ៊ើបើរ ស៊ី គិមបុល បាន​ទទួល​ទីបន្ទាល់​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ កូនស្រី​របស់​គាត់​ឈ្មោះ ហេឡែន បាន​អធិប្បាយ ៖

« ‹ ជា​ញឹកញាប់ ម្តាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពុំ​ឆ្ងល់​ពី​ការបញ្ជា​របស់​ព្រះ អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នោះ​ឡើយ ដ្បិត​ព្រះអម្ចាស់​បាន​បើក​សម្តែង​វា​ដល់​គាត់​នៅក្នុង​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​គាត់ ។

« ‹ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ការត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​វិញ ឪពុក​របស់​ខ្ញុំ​ដែល​នៅក្នុង​ចំណោម​ពួក​បងប្អូន​ប្រុស​ផ្សេង​ទៀត​របស់​លោក​នៅ​ទីក្រុង​ណៅវូ ត្រូវបាន​បង្រៀន​អំពី​គោលលទ្ធិនៃការមាន​ភរិយា​ច្រើន ។…

« ‹ ឪពុក​របស់​ខ្ញុំ​បាន​យល់​ពី​ស្ថានភាព​យ៉ាង​ច្បាស់ ហើយ​សេចក្តី​ស្រឡាញ់ និង គារវភាព​ដែល​លោក​មាន​ចំពោះ​ព្យាការី​គឺ​ធំធេង​ណាស់ ដែល​លោក​នឹង​លះបង់​ជីវិត​របស់​ខ្លួន​ជាជាង​ក្បត់​នឹង​លោក ។ នេះ​គឺ​ជា​ការសាកល្បង​មួយ​ដ៏ធំ​ចំពោះ​សេចក្តី​ជំនឿ​របស់​លោក​ដែល​លោក​ធ្លាប់​បាន​ជួប ។…

« ‹ ម្តាយ​របស់​ខ្ញុំ [ វីលេត គិមបុល ] បាន​កត់សម្គាល់​ឃើញ​ការផ្លាស់ប្តូរ​អត្តចរិត និង អាការៈ​របស់​គាត់ ហើយ​នៅពេល​ម្តាយ​ខ្ញុំ​បាន​សួរ​ពី​មូលហេតុ នោះ​គាត់​បាន​ព្យាយាម​គេច​មិន​ឆ្លើយ​សំណួរ​ឡើយ ។ ទីបំផុត​គាត់​បាន​សន្យា​ថា គាត់​នឹង​ប្រាប់​ម្តាយ​ខ្ញុំ​នៅពេល​ក្រោយ បើសិន​ម្តាយ​ខ្ញុំ​គ្រាន់តែ​រង់ចាំ​សិន​នោះ ។ ការរំខាន​នេះ​មាន​ក្នុង​ចិត្តលោក​ជា​ខ្លាំង ​ភាព​អន្ទះសា និង ភាពតានតឹង​របស់​លោក​ បាន​បង្ហាញ​ជា​រៀងរាល់​ថ្ងៃ និង គ្រប់ពេល ហើយ​ទីបំផុត​ការកើតទុក្ខ​របស់លោក បានមានកាន់តែខ្លាំងមិនអាចទ្រាំបាន ដែលវាធ្វើ​ឲ្យ​លោក​មិន​អាច​គ្រប់គ្រង​អារម្មណ៍​នេះបាន ។ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ប៉ុន្តែ​ការកើតទុក្ខ​ក្នុង​ចិត្ត​របស់​លោក​មាន​ទំហំ​ធំធេង​ណាស់​ដែល​ធ្វើ​ឲ្យ​គាត់​ដេកមិន​លក់ ហើយ​គាត់​បាន​ដើរ​ជុំវិញ​ផ្ទះ​រហូត​ជិត​ទល់​ភ្លឺ ហើយ​ពេលខ្លះ​ការឈឺ​ចាប់ក្នុងចិត្តលោក​មាន​សភាពកាន់តែ​ខ្លាំងក្លាឡើង ដែល​ធ្វើ​ឲ្យ​លោក​បាន​ក្តាប់ ហើយ​ត្រដុស​ដៃ​ខ្លួន ព្រមទាំង​យំ​ដូច​ជា​កូនក្មេង ព្រមទាំង​ទូល​អង្វរ​ព្រះអម្ចាស់​ឲ្យ​មាន​សេចក្តី​មេត្តាករុណា ហើយ​បើកសម្តែង​គោលការណ៍​នេះ​ដល់​ម្តាយ​ខ្ញុំ ។…

« ‹ ភាព​តានតឹង​នៃ​ចិត្ត​របស់​ពួកគាត់ធំធេង​ណាស់ ហើយ​នៅពេល​ម្តាយ​ខ្ញុំ​បាន​ឃើញ​ថា ​វា​គ្មាន​ប្រយោជន៍​ដើម្បី​សួរ​ឪពុក​ខ្ញុំ​យូរតទៅ​ទៀត នោះគាត់​បាន​ចូល​ទៅក្នុង​បន្ទប់​ខ្លួន ហើយ​ឱន​ក្បាល​នៅចំពោះ​ព្រះអម្ចាស់ ហើយ​បាន​ថ្វាយ​ព្រលឹង​គាត់​ទាំងមូល​ទៅ​កាន់​ទ្រង់ ដោយ​បាន​និយាយ​ថា ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង » ។…

« ‹ លំដាប់លំដោយ​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល​បាន​បង្ហាញ​ដល់​ម្តាយ​ខ្ញុំ ទាំង​ភាពស្រស់ស្អាត និង ពេញដោយសិរីល្អ ព្រម​ជាមួយ​នឹង​ការតម្កើង​ឡើង និង កិត្តិយស​ដ៏​អស្ចារ្យ ដែល​វា​នឹង​ត្រូវបាន​ប្រទាន​ដល់​គាត់​នៅក្នុង​ជីវិតអមត និង ឋាន​សេឡេស្ទាល បើសិន​គាត់​ទទួល​វា ហើយ​គាំទ្រ​ស្វាមី​របស់​គាត់ ។ គាត់​ក៏​បាន​ឃើញ​ស្ត្រី​ផ្សេង​ទៀត​ដែល​ឪពុក​ខ្ញុំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឃើញ​ដោយ​សេចក្តី​អំណរ​នូវ​សេចក្តី​ស្រឡាញ់​ដ៏ធំ និង គ្មានដែនកំណត់ និងការជួបជុំដែល​ការបញ្ជា​នេះ​នឹង​ប្រទាន​មក ព្រមទាំង​ការកើនឡើង​នៃ​នគរ​របស់​ស្វាមី​គាត់ រួម​ទាំង​អំណាច និង សិរីល្អ​ដែល​លាតសន្ធឹង​ពេញ​ទាំង​ភាពអស់កល្ប​ជានិច្ច ជា​ពិភព​ទាំងឡាយ​ដ៏​គ្មាន​ទីបញ្ចប់ ។

« ‹ ជាមួយ​នឹង​ទឹកមុខ​ដែល​ពេញ​ដោយ​សេចក្តី​អំណរ ដ្បិត​គាត់​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះនោះ ម្តាយ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​វិញ​ហើយ​និយាយ​ថា ៖ « ហ៊ើប៊ើរ អ្វី​ដែល​បង​បាន​លាក់បាំង​ពី​អូន​នោះ ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​អូន​ហើយ »។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មិន​ធ្លាប់​បាន​ឃើញ​បុរស​ណា​ដែល​មាន​ភាពរីករាយ​ដូច​ជា​ឪពុក​ខ្ញុំ​ឡើយ នៅពេល​គាត់​បាន​រៀបរាប់​ពី​ការនិមិត្ត ហើយ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា​គាត់​ពេញចិត្ត ហើយ​ដឹង​ថាបញ្ជា​នោះ​គឺ​មក​ពី​ព្រះ ។

« ‹ គាត់​ចុះ​សេចក្តី​សញ្ញា​ថា​នឹង​គាំទ្រ​ឪពុក​ខ្ញុំ ហើយ​គោរព​គោលការណ៍​នោះ ដែល​ជា​សេចក្តីសញ្ញា​ដែល​គាត់​បាន​រក្សា​យ៉ាង​ស្មោះត្រង់ ហើយ​ទោះជា​មាន​ការសាកល្បង​ខ្លាំងក្លា និង សេចក្តី​ទុក្ខព្រួយ​ញឹកញាប់​ប៉ុន្មាន​ក៏​ដោយ ក៏​គាត់​បាន​ដឹង​ថា​ឪពុក​ខ្ញុំ​ក៏​កំពុង​ព្យាយាម ហើយ​សេចក្តី​ថ្លៃថ្នូរ​របស់​ម្តាយ​ខ្ញុំ បាន​បន្ត​នៅ​ជាប់​ជានិច្ច​រហូត​ទីបញ្ចប់ ។ គាត់​បានអនុញ្ញាតឲ្យ​ឪពុក​ខ្ញុំ​រៀបការ​ប្រពន្ធ​ជាច្រើន ហើយ​ពួកគេ​បាន​ឃើញ​ថា​ម្តាយ​របស់​ខ្ញុំ​គឺ​ជា​មិត្ត​ដ៏​ស្មោះត្រង់​ម្នាក់ › » ( នៅក្នុង Orson F. Whitney, Life of Heber C. Kimball [ ឆ្នាំ ១៩៧៦ ] ទំព័រ ៣២៥–២៨ ) ។

ប្រធាន យ៉ូហាន ថេលើរ បាន​មាន​ប្រសាសន៍អំ​ពី​ពេល​ដែល​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​ប្រាប់ ៖

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« ខ្ញុំ​ចេញចិត្ត​ជានិច្ច​នឹង​គំនិត​យ៉ាង​ម៉ឹងម៉ាត់​ស្តីពី​គុណធម៌ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ក្នុង​នាម​ជា​អ្នក​រៀបការ​ហើយ​ម្នាក់​ថា ចំពោះ​ខ្ញុំ​អំពើ​ពី​ក្រៅ​ពី​គោលការណ៍​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នឹង​ធ្វើ​ណាស់ ។ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ញ៉ុះញ៉ុង​អារម្មណ៍​មក​ពី​ជម្រៅ​ខាង​ក្នុង​ចិត្ត​នៃ​ព្រលឹង​មនុស្ស ។ ខ្ញុំ​រីករាយ​នឹង​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ជានិច្ច ។… ហេតុដូច្នេះ​ហើយ​ជាមួយ​នឹង​អារម្មណ៍​ដែល​ខ្ញុំ​មាន នោះគ្មាន​អ្វី​ក្រៅពី​ចំណេះដឹង​នៃ​ព្រះ និង វិវរណៈ​នៃ​ព្រះ ព្រម​ទាំង​សេចក្តី​ពិត​នៃ​ការណ៍​ទាំង​នេះ ដែល​អាច​ជម្រុញ​ចិត្ត​ខ្ញុំ​ឲ្យ​ទទួល​យក​គោលការណ៍​បែប​នេះ​ឡើយ » ( នៅក្នុង B. H. Roberts, The Life of John Taylor, ប្រធាន​ទី​បី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ [ ឆ្នាំ ១៩៦៣ ] ទំព័រ ១០០ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៨-២០ ។ លក្ខណៈ​ដ៏​នៅ​អស់​កល្បជានិច្ច​នៃ​អាពាហ៍ពិពាហ៍

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​រៀបការ​ម្តង​ទៀត​បន្ទាប់​ពី​ភរិយា​ទីមួយ​របស់​លោក​បាន​ស្លាប់ បាន​ពន្យល់​នៅក្នុង​សម្ភាសន៍​មួយ​ស្តីអំពី​ប្រធាន​បទ​លក្ខណៈ​ដ៏​នៅ​អស់​កល្បជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​យើង​ដឹង​រឿង​មួយ​ចំនួន ព្រមទាំង​មិន​បាន​ដឹង​រឿង​មួយ​ចំនួន​ផ្សេង​ទៀត ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« មាន​មនុស្ស​ជា​ច្រើន​រស់នៅ​លើ​ផែនដី​នេះ​ដែល​បាន​រៀបការ​ជាមួយ​ដៃគូ​ច្រើន​ជាង​ម្នាក់ ។ ពេលខ្លះ​អាពាហ៍ពិពាហ៍​ទាំង​នោះ​បាន​បញ្ចប់​ជាមួយ​នឹង​សេចក្តី​ស្លាប់ ពេល​ខ្លះ​វា​បាន​ចប់​នៅពេល​លែងលះ​គ្នា ។ តើ​ជីវិត​បន្ទាប់​ទៀត​មាន​ន័យ​ដូចម្តេច​ចំពោះ​ពួកគេ​ទាក់ទង​នឹង​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ និង អ្វីៗ​ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​នោះ ? ខ្ញុំ​គិត​ថា​មនុស្ស​ទាំងនោះ​គ្មាន​ចម្លើយ​ច្រើន​ចំពោះ​សំណួរ​នោះ​ទេ ។ វា​មិន​រំខាន​ដល់​ពួកគេ​ឡើយ ដោយសារ​ពួកគេ​ពុំ​ជឿថា​មនុស្ស​នឹង​រស់នៅ​ដូច​ជា​គូស្វាមី​ភរិយា​រៀបការ​ទៀត​ឡើយ​នៅក្នុង​ជីវិត​បន្ទាប់ ។ ហើយ​បើសិន​ពួកគេ​ពុំ​បាន​ធ្វើ​សេចក្តី​សញ្ញា ហើយ​ពុំ​រស់នៅ​តាម​សេចក្តីសញ្ញា​ [ ទាក់ទង​នឹង​ខ្លួន​ពួកគេ ] នោះ​ពួកគេ​យល់​ត្រូវ​ហើយ ! ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​រស់​តាម​ជំនឿ​នេះ ដូច​ជា​ខ្ញុំ​រស់នៅផ្ទាល់ នោះ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​អាច​នៅ​អស់កល្ប​ជានិច្ច នោះ​អ្នក​ត្រូវតែ​និយាយ​ថា ‹ តើ​ជីវិត​នឹង ក្លាយជា យ៉ាង​ម៉េច​ទៅ​នៅក្នុង​ជីវិត​បន្ទាប់ នៅពេល​អ្នក​បាន​រៀបការ​ជាមួយ​ភរិយា​ច្រើន​ជាង​ម្នាក់​សម្រាប់​ពេល​អស់កល្ប​ជានិច្ច​នោះ ? › ខ្ញុំ​ត្រូវតែ​និយាយ​ថា​ខ្ញុំ​ពុំ​ដឹង​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​សេចក្តី​សញ្ញា​ទាំង​នោះ ហើយ​ខ្ញុំ​ជឿ​ថា​បើសិន​ខ្ញុំ​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា នោះ​ពរជ័យ​ដែល​ខ្ញុំ​ស្វែងរក​ក្នុង​ជីវិត​នេះ​នឹង​ត្រូវបាន​ដឹង​នៅ​ក្នុង​ជីវិត​បន្ទាប់ » ( នៅក្នុង « Elder Oaks Interview Transcript from PBS Documentary » ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ mormonnewsroom.org) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៨-៣៩ ។ ដាវីឌ និង អ៊ូរី

ព្រះអម្ចាស់បានប្រកាសថាដាវីឌ មានបាបដោយ​បាន​យក នាង​បាតសេបា​ដែលជា​ភរិយា​របស់​អ៊ូរី ។ ក្រោយមក​ដាវីឌ​បាន​រៀបចំ​ផែនការ​សម្លាប់ ​អ៊ូរី​ដើម្បី​លាក់​បាំង​កំហុស​ទ្រង់ ។ ជា​លទ្ធផល ដាវីឌ បាន​ធ្លាក់​ពី​ភាពតម្កើង​ឡើង​របស់​ទ្រង់ ។ ការបញ្ចូល​គំរូ​របស់​ដាវីឌ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៨-៣៩ បាន​សង្កត់​ធ្ងន់​លើ​ច្បាប់​ដ៏​តឹងរឹង​ដែល​គ្រប់គ្រង​លើ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ ទោះជាពេល​ខ្លះ​ព្រះអម្ចាស់​បាន​បង្កើត​ការអនុវត្ត និង បទបញ្ជា​នេះ​ឲ្យ​ប្រជារាស្ត្រ​ទ្រង់​រស់នៅ​តាម​ក្តី ក៏​ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ ស្របតាម​បទបញ្ញត្តិ​របស់​ទ្រង់ និង ការណែនាំ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក​បម្រើ​ទ្រង់ ដែល​កាន់កូនសោ​បព្វជិតភាព​ដ៏​សំខាន់ផងដែរ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥១-៥៦ ។ តើ​អិមម៉ា ស្ម៊ីធ​ត្រូវបាន​បញ្ជា​មិន​ឲ្យ​បរិភោគ​អ្វី​ខ្លះ ?

« គ្មាន​ការប្រាប់ឲ្យដឹងត្រូវបានផ្តល់ឲ្យនៅក្នុងខគម្ពីរ​នេះ​ ឬ ខគម្ពីរ​ណា​ទៀត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ព្យាការី​យ៉ូសែប ផ្តល់​ដល់​ភរិយា​របស់​លោក​ឡើយ ប៉ុន្តែ​បរិបទ​នេះ​ហាក់​ដូចជា​ប្រាប់​ថា​វា​គឺ​ការសាកល្បង​ពិសេស​មួយ​នៃ​សេចក្តី​ជំនឿ ដែល​ស្រដៀង​គ្នា​ទៅនឹង​ការសាកល្បង​នៃ​ជំនឿ​របស់​អ័ប្រាហាំ នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​លោក​ឲ្យ​បូជា អ៊ីសាក ។ ក្រៅពីនោះ​វា​គ្មាន​ប្រយោជន៍​អ្វី​ដើម្បី​ពិចារណា​នោះ​ឡើយ » (Doctrine and Covenants Student Manual, ការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣៣៤ ) ។